អ្នកជំនាញអន្តរជាតិបង្ហាញសុទិដ្ឋិនិយមថាវិស័យអចលនទ្រព្យនៅកម្ពុជានឹងអាចងើបឡើងវិញនៅដើមឆ្នាំក្រោយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជារំពឹងថា នឹងងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសកម្ពុជា បាននិងកំពុងចាប់ផ្តើមមានកំណើនឡើងវិញ ហើយនឹងជំរុញឱ្យវិស័យសេដ្ឋកិច្ចជាច្រើន ពិសេសអចលនទ្រព្យនឹងទទួលបានវិនិយោគិនជាច្រើនឡើងវិញ។

លោក Crispian Knowles ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោក កំពុងតែទទួលផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ១៩ ហើយវិស័យសេដ្ឋកិច្ចជាច្រើន ក្នុងនោះវិស័យអចលនទ្រព្យក៏មានផលប៉ះពាល់ផងដែរ។
លោកបានបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិសកលមួយនេះ ប៉ុន្តែវិស័យមួយនេះនៅតែមានភាពលេចធ្លោ ដោយសារតែនៅតែមានការវិនិយោគជាបន្តបន្ទាប់ ពីសំណាក់អ្នកវិនិយោគជនជាតិ និងអន្តរជាតិ។

លោកបានថ្លែងថា ជាមួយនេះដែរ បើមើលទៅលើស្ថានភាពបច្ចុប្បន្ន ទាក់ទងនឹងការដាក់ចេញនូវវ៉ាក់សាំង គម្រោងរបស់រដ្ឋាភិបាល និងគ្រោងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំនេះ វាជាពន្លឺមួយក្នុងការបង្ហាញថា វិស័យទេសចរ ពិសេសការធ្វើដំណើររបស់អ្នកទេសចរ ដែលក្នុងក៏នឹងអាចជួយដឹកនាំមកនូវអ្នកវិនិយោគបរទេសមកកម្ពុជា។

លោក Crispian Knowles បានថ្លែងដូច្នេះថា “វិស័យអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២២ ដោយសារតែយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក ដែលកំពុងតែមានការរីកចម្រើនឡើងវិញ”។លោកបន្តថា “ការរស់នៅតាមបែបគន្លងថ្មី ដែលនឹងធ្វើឲ្យវិនិយោគិនអាចសម្របខ្លួន ទៅតាមគន្លងថ្មីនៃការវិនិយោគ ដែលជំរុញឲ្យការធ្វើដំណើរ និងការវិនិយោគមានកាន់តែច្រើនឡើងវិញ”។

បើទោះជាយ៉ាងណា លោករំពឹងទុកថា វិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញក្នុងល្បឿនមួយយឺត ដោយសារតែវិបត្តិកូវីដ១៩ មិនទាន់អាចដឹងថាវានឹងអាចផុតរលត់នៅពេលណានោះទេ។

ជាមួយគ្នានេះ លោក Phillip Tan គ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន Propnex Cambodia ដែលបទពិសោធន៍ច្រើនឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍ និងកម្ពុជា បានថ្លែងផងដែរថា កម្ពុជាគឺជាទឹកដីនៃឱកាសវិនិយោគ លើវិស័យអចលនទ្រព្យសម្រាប់វិនិយោគិ​នជាតិ និងអចលនទ្រព្យ ពិសេសទីក្រុងភ្នំពេញ ហើយទោះបីជាវិបត្តិ វិនិយោគគួរមកទុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងបន្តថា “កម្ពុជានៅតែមានសក្តានុពល ក្នុងការទាញយកផលចំណេ​ញពីវិស័យអចលនទ្រព្យ ដោយសារតម្លៃអចលនទ្រព្យនៅកម្ពុជា នៅតម្លៃទាបនៅឡើយ បើប្រៀបធៀបតម្លៃអចលនទ្រព្យនៅក្នុងតំបន់”។
លោកបានឱ្យដឹងទៀតថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងរីកចម្រើនកាន់តែខ្លាំងថែមទៀតនាពេលអនាគត បន្ទាប់វិបត្តិកូវីដ១៩ ព្រោះវិស័យមួយនេះនៅកម្ពុជា នៅតែទាមទារឱ្យការអភិវឌ្ឍជាច្រើនទៀត៕

មជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Rong នៅក្រុងកំពតនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៤២ជាន់ របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រុមវិស្វករប្រចាំក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៣ កក្កដាកន្លងមកថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានបញ្ចប់ការសាងសង់គ្រឹះហើយ និងកំពុងឡើងដល់ជាន់ទី៤ហើយ ដែលក្នុងដំណា​ក់កាលនេះ គឺនឹងធ្វើឲ្យការសាងសង់លឿន ដែលយើងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃរាប់រយលានដុល្លារនេះ នឹងរួមបញ្ចូលជាមួយសណ្ឋាគារ ការិយាល័យ អាផាតម៉ិន មជ្ឈមណ្ឌលកំសាន្ត និងសេវាកម្មជាច្រើនទៀត”។ លោកបន្តថា “វានឹងផ្លាស់ប្តូរមុខមាត់ក្រុងកំពតមួយកម្រិតទៀត នៅពេលអាគារនេះសាងសង់ចប់”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា ដំណើរការសាងសង់គំរោងនេះ កំពុងឆ្ពោះទៅមុខយ៉ាងរលូន ដោយមិនមានឧបសគ្គអ្វីនោះទេ ហេតុនេះយើងរំពឹងថាអ្វីៗនឹងបញ្ច​ប់តាមការគ្រោងទុក។

អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ក្រៅពីវត្តមានអាគារកប់ពពកថៃ ប៊ុនរ៉ុង ក្រុងកំពតនឹងមានអាគារខ្ពស់ៗជាង១០ជាន់ ២០ជាន់ជាច្រើនទៀត ដែលនឹងលេចរូបរាងនាពេលខាងមុខ ខណៈបច្ចុប្បន្នគំរោងទាំងនោះបាននិងកំពុងសាងសង់ និងខ្លះទៀតកំពុងសុំច្បាប់សាងសង់។

លោកបន្តថា “ទោះបីជាមានវិបត្តិកូវីដ១៩ ប៉ុន្តែគម្រោងវិនិយោគទាំងតូច និងធំនៅក្រុងកំពត ពិសេសទូទាំងខេត្តមិនបានបញ្ឈប់ឬផ្អាកការសាងសង់នោះទេ”៕

ខេត្តព្រះសីហនុមានកោះសរុបចំនូន៣២ តើកោះទាំងនោះមានឈ្មោះអ្វីខ្លះ?

ដោយៈគង់ សូរិយា

ព្រះសីហនុៈ ប្រជុំកោះតូចធំដែលមាន​ចំនួន ៣២ នៅខេត្តព្រះសីហនុ បាន​ក្លាយជាគោលដៅ ទេសចរណ៍ធម្មជាតិដ៏ពេញនិយម​សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅកំសាន្តនិងលំហែកាយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បាន​រៀបរាប់ពី​ឈ្មោះ​កោះ​ទាំង៣២ ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ​ ក្នុង​នោះរួមមានទី១ កោះព្រាប ទី២ កោះពស់ ទី៣ កោះថាស (កោងកាង) ទី៤ កោះដែកគោល ទី៥ កោះត្រេះ (កោះខ្ទះ) ទី៦ កោះរុង ទី៧ កោះបង ទី៨ កោះប្អូន ទី៩ កោះកូន (កុក/កណ្តាល) ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល ទី១២ កោះតូច ទី១៣ កោះប្រើស ទី១៤ កោះថ្មី ទី១៥ កោះច្រឡុះ (ក្របី) ទី១៦ កោះតាគៀវ ទី១៧ កោះឬស្សី ទី១៨ កោះស្រមោច ទី១៩ កោះសំពោច ទី២០ កោះដូង  ទី២១ កោះព្រីង ទី ២២ កោះខ្មោច ទី២៣ កោះត្រងោល ទី២៤ កោះវាល ទី២៥ កោះតាង ទី២៦ កោះមួយ ទី២៧ កោះដំឡូង (ក្តាម) ទី២៨ កោះពីរលិច ទី២៩ កោះពីរកើត ទី៣០ កោះតា ទី៣១ កោះយាយទី៣២ កោះចៅ។ កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូលូវៃ។

ខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែស្វ័យយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកេងកង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតស្ថិតនៅប៉ែកនិរតីនៅប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរមានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ និងចម្ងាយ២៦០ គីឡូម៉ែត្រតាមបណ្តោ​យផ្លូវជាតិលេខ ៣ និង​មានផ្លូវដែកឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត។

ខេត្តព្រះសីហនុ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ។

ខេត្តព្រះសីហនុមានផ្ទៃដីសរុប២៦៥៨.៩០ គីឡូម៉ែត្រការ៉េផ្ទៃដី២/៣ជាដីព្រៃភ្នំ និងខ្ពង់រាបមានឆ្នេរសមុទ្រប្រវែង ១៧៥.៨១គីឡូម៉ែត្រ និងមានកោះតូចធំចំនួន៣២ប្រជុំកោះឆ្នេរខ្សាច់ឆ្នេរថ្មឆ្នេរភក់ និងជីវចម្រុះបាតសមុទ្រ បានក្លាយជាគោលដៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិអន្តរជាតិដ៏ពេញនិយម សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ៕

កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌមេគង្គ-ឡានឆាងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសមាជិក

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌមេគង្គ-ឡានឆាង មានគោលបំណងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិក រួមមានចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម។

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទបានឱ្យដឹងកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១ថា កិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌមេគង្គ-ឡានឆាង មានគោលបំណងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិក រួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម។

លោកបានបន្តថា “កិច្ចសហប្រតិបត្តិការនេះ គាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេសធ្វើសមាហរណកម្មនិងបំពេញ បន្ថែម ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន និងជាយន្តការអនុតំបន់មេគង្គដើម្បីកសាង “សហគមន៍នៃអនាគតសន្តិភាព និងវិបុលភាពរួមគ្នា” ក្នុងចំណោមប្រទេសជាសមាជិក”។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៥ ដែលនៅក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាននៃវិស័យអាទិភាពទី៥ ស្តីពី កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ បានរៀបចំបង្កើតក្រុមការងារបច្ចេកទេស ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើវិស័យកសិកម្ម។ កិច្ចប្រជុំក្រុមការងារបានរៀបចំឡើងចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីក្រុមការងារ នៃសមាជិកតាមប្រទេសនីមួយៗ។

-កិច្ចប្រជុំក្រុមការងារចម្រុះលើកទី១ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្ត ទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាន នីង ខេត្តក្វាងស៊ី ប្រទេសចិន រៀបចំដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារ ណរដ្ឋប្រជាមានិតចិន។

– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា។

– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣ នៃកិច្ចសហប្រតិ បត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងកសិកម្ម និងព្រៃឈើនៃប្រទេសឡាវ។

លោកវេង សាខុនបានបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្កើតជាមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាងកម្ពុជាទទួលបានគម្រោងអនុវត្តចំនួន៥៥គម្រោង មានថវិកាសរុប ២១ លានដុល្លារអាមេរិក ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលអនុវត្តគម្រោងចំនួន៦មានថវិកាអនុវត្តសរុបចំនួនជាង២,៦លានដុល្លារអាមេរិក៕

ដំណឹងរីករាយៈសម្តេចតេជោប្រកាសរើសយកថ្ងៃទី៦ សីហាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់កុមារចាប់ពីអាយុ១២ដល់១៧ឆ្នាំ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh Newsជូនជនរួមជាតិឲ្យបានជ្រាបថា សម្តេចតេជោអនុ​ញ្ញាតឲ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខ។

មានប្រសាសន៍ប្រាប់លោកលឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃសុក្រទី២៣ កក្កដានេះ សម្តេចតេជោបានឲ្យដឹងទៀតថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។

នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានប្រកា​សដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេ​សការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។

បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន “៣ការពារ និង៣កុំ”៕

 

ហេតុអ្វីគំរោងអភិវឌ្ឍផ្សេងៗនៅខេត្តសៀមរាប ជាភាពចាំបាច់លើវិស័យអចលនទ្រព្យ?

ដោយ: ហ៊ុយ ក្រេង- July 23, 2021

សៀមរាបៈ កម្ពុជាមានខេត្តសៀមរាប ដែលជាតំបន់ពិសេស ដើរដោយវិស័យទេសចរណ៍ឈានមុខ ប៉ុន្តែភាពចាំបាច់លើវិស័យអចលនទ្រព្យ ជាជម្រើសដ៏ល្អខ្លាំងមួយដើម្បីអភិវឌ្ឍន៍ ហើយទាញសក្តានុពលលើវិស័យនេះឲ្យខ្លាំងបំផុតនៅទីនោះ។

កាលពីពេលថ្មីៗនេះ បើយើងមើលឲ្យជ្រៅដើរឲ្យលឿន ជាមួយនឹងការរីកចម្រើន អចលនទ្រព្យកាន់តែបន្តទៅមុខច្រើនឡើងហើយ។

អ្នកវិភាគទីផ្សារនិងជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រី អាន សុធីតាបានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១នេះថា កន្លងមកសៀមរាបជា តំបន់ទេសចរណ៍ វប្បធម៌ អរិយធម៌ ហើយបន្ទាប់ពីឆ្លងកាត់មួយរយះពេលចុងក្រោយយើងឃើញថា ខេត្តតែមួយមិនអាចផ្តោត ទៅលើវិស័យតែមួយមុខបានទេ នោះទេ វាជាឱកាសសម្រាប់អ្នកអភិវឌ្ឍផ្សេងៗ គាត់មើលឃើញថាសៀមរាបថា ជាតំបន់​មានសក្តានុពលច្រើន។

លោកស្រីបន្តថា “ខេត្តនេះមានសក្តានុពលច្រើន ទាំងផ្នែកតំបន់អាគារពាណិជ្ជកម្មផ្សេងៗ ឬផ្នែកលំនៅដ្ឋាន ហើយម្យ៉ាងហេដ្ឋារចនាសម្ព័ន្ធទីរួមខេត្តសៀមរាប កំពុងសម្រុកខ្លាំងទោះបីជាមានវិបត្តិកូវីត ១៩ក៏ដោយ”។

លោកស្រីបន្តទៀតថា កត្តាហេដ្ឋារចនាសម្ព័ន្ធមួយ តម្លៃដីនៅខេត្តសៀមរាបមានតម្លៃសមរម្យ ប្រជាជនក៏ច្រើនគួរសមនៅម្តុំសៀមរាប ក៏មានភាពងាយស្រួលក្នុងការបង្កើននូវធនធានមនុស្សមកប្រើប្រាស់បាន ទាំងនេះជាហេតុផល ដែលជម្រុញឲ្យអ្នកអភិវឌ្ឍន៍ មើលឃើញនូវសក្តានុពលនៅក្នុងទីរួមខេត្តសៀមរាប។

លោកស្រីអាន សុធីតាបានបន្តដោយសុទិដ្ឋិនិយមថា ក្នុងរយះពេលបីទៅប្រាំឆ្នាំខាងមុខសៀមរាប នឹងប្រែមុខមាត់ថ្មីគឺជាទីក្រុង ដែលមានការអភិវឌ្ឍចម្រុះ ដែលមានការទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក បានច្រើនដោយសារតែយើងមានអ្វីដែលលើសពីអ្វីដែលមាននៅសព្វថ្ងៃ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិដែលកកើតគម្រោងធំៗនៅទីនោះ។

លោកស្រីជឿជាក់ថា ប្រាកដជាមានការដាក់បន្ថែម តួយ៉ាងគម្រោងដែលមានស្រាប់ ដូចជា ទេសចរណ៍ធម្មតា ឬហូតែលអាចនឹងពង្រីកខ្លួន ទៅជាអេកូរីស៊តឬក៏ជាការអភិវឌ្ឍធំៗដែលស្ថិតនៅក្រៅពីក្រុង។ បន្ថែមពីនោះទៀតសៀរាប ត្រូវការអភិវឌ្ឍច្រើនដូចជា មន្ទីរពេទ្យ សាលារៀន  អាគារពាណិជ្ជកម្ម អាគារលំនៅដ្ឋាន សៀមរាបជាកន្លែងសាកសមសម្រាប់យើង ចូលនិវត្តន៍នៅពេលយើងចាស់ទៅ។

ទោះជាយ៉ាងណាសៀមរាបដាក់កំហិតច្រើន បើប្រៀបធៀបជាមួយរាជធានីភ្នំពេញនឹងបណ្តាខេត្តផ្សេងៗ ព្រោះខេត្តនឹងជាខេត្តផ្តោតសំខាន់ លើវប្បធម៌នឹងអរិយធម៌ ហើយការអភិវឌ្ឍមួយចំនួនត្រូវបានហាមឃាត់។

រដ្ឋាភិបាលក៏បាននិងកំពុងត្រៀមផ្សព្វផ្សាយពីសក្តានុពលទីក្រុងថ្មី គឺGrand Siem Reap City ដែលមានទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុសូទ្រនិគម មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីក្រុងសៀមរាបនាពេលបច្ចុប្បន្ននេះផងដែរ៕

ហេតុអ្វីគំរោងអភិវឌ្ឍផ្សេងៗនៅខេត្តសៀមរាប ជាភាពចាំបាច់លើវិស័យអចលនទ្រព្យ?

ដោយ: ហ៊ុយ ក្រេង- July 23, 2021

សៀមរាបៈ កម្ពុជាមានខេត្តសៀមរាប ដែលជាតំបន់ពិសេស ដើរដោយវិស័យទេសចរណ៍ឈានមុខ ប៉ុន្តែភាពចាំបាច់លើវិស័យអចលនទ្រព្យ ជាជម្រើសដ៏ល្អខ្លាំងមួយដើម្បីអភិវឌ្ឍន៍ ហើយទាញសក្តានុពលលើវិស័យនេះឲ្យខ្លាំងបំផុតនៅទីនោះ។

កាលពីពេលថ្មីៗនេះ បើយើងមើលឲ្យជ្រៅដើរឲ្យលឿន ជាមួយនឹងការរីកចម្រើន អចលនទ្រព្យកាន់តែបន្តទៅមុខច្រើនឡើងហើយ។

អ្នកវិភាគទីផ្សារនិងជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រី អាន សុធីតាបានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១នេះថា កន្លងមកសៀមរាបជា តំបន់ទេសចរណ៍ វប្បធម៌ អរិយធម៌ ហើយបន្ទាប់ពីឆ្លងកាត់មួយរយះពេលចុងក្រោយយើងឃើញថា ខេត្តតែមួយមិនអាចផ្តោត ទៅលើវិស័យតែមួយមុខបានទេ នោះទេ វាជាឱកាសសម្រាប់អ្នកអភិវឌ្ឍផ្សេងៗ គាត់មើលឃើញថាសៀមរាបថា ជាតំបន់​មានសក្តានុពលច្រើន។

លោកស្រីបន្តថា “ខេត្តនេះមានសក្តានុពលច្រើន ទាំងផ្នែកតំបន់អាគារពាណិជ្ជកម្មផ្សេងៗ ឬផ្នែកលំនៅដ្ឋាន ហើយម្យ៉ាងហេដ្ឋារចនាសម្ព័ន្ធទីរួមខេត្តសៀមរាប កំពុងសម្រុកខ្លាំងទោះបីជាមានវិបត្តិកូវីត ១៩ក៏ដោយ”។

លោកស្រីបន្តទៀតថា កត្តាហេដ្ឋារចនាសម្ព័ន្ធមួយ តម្លៃដីនៅខេត្តសៀមរាបមានតម្លៃសមរម្យ ប្រជាជនក៏ច្រើនគួរសមនៅម្តុំសៀមរាប ក៏មានភាពងាយស្រួលក្នុងការបង្កើននូវធនធានមនុស្សមកប្រើប្រាស់បាន ទាំងនេះជាហេតុផល ដែលជម្រុញឲ្យអ្នកអភិវឌ្ឍន៍ មើលឃើញនូវសក្តានុពលនៅក្នុងទីរួមខេត្តសៀមរាប។

លោកស្រីអាន សុធីតាបានបន្តដោយសុទិដ្ឋិនិយមថា ក្នុងរយះពេលបីទៅប្រាំឆ្នាំខាងមុខសៀមរាប នឹងប្រែមុខមាត់ថ្មីគឺជាទីក្រុង ដែលមានការអភិវឌ្ឍចម្រុះ ដែលមានការទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក បានច្រើនដោយសារតែយើងមានអ្វីដែលលើសពីអ្វីដែលមាននៅសព្វថ្ងៃ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិដែលកកើតគម្រោងធំៗនៅទីនោះ។

លោកស្រីជឿជាក់ថា ប្រាកដជាមានការដាក់បន្ថែម តួយ៉ាងគម្រោងដែលមានស្រាប់ ដូចជា ទេសចរណ៍ធម្មតា ឬហូតែលអាចនឹងពង្រីកខ្លួន ទៅជាអេកូរីស៊តឬក៏ជាការអភិវឌ្ឍធំៗដែលស្ថិតនៅក្រៅពីក្រុង។ បន្ថែមពីនោះទៀតសៀរាប ត្រូវការអភិវឌ្ឍច្រើនដូចជា មន្ទីរពេទ្យ សាលារៀន  អាគារពាណិជ្ជកម្ម អាគារលំនៅដ្ឋាន សៀមរាបជាកន្លែងសាកសមសម្រាប់យើង ចូលនិវត្តន៍នៅពេលយើងចាស់ទៅ។

ទោះជាយ៉ាងណាសៀមរាបដាក់កំហិតច្រើន បើប្រៀបធៀបជាមួយរាជធានីភ្នំពេញនឹងបណ្តាខេត្តផ្សេងៗ ព្រោះខេត្តនឹងជាខេត្តផ្តោតសំខាន់ លើវប្បធម៌នឹងអរិយធម៌ ហើយការអភិវឌ្ឍមួយចំនួនត្រូវបានហាមឃាត់។

រដ្ឋាភិបាលក៏បាននិងកំពុងត្រៀមផ្សព្វផ្សាយពីសក្តានុពលទីក្រុងថ្មី គឺGrand Siem Reap City ដែលមានទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុសូទ្រនិគម មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីក្រុងសៀមរាបនាពេលបច្ចុប្បន្ននេះផងដែរ៕

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបរបស់ក្រុមហ៊ុនOCICតម្លៃ៣៥លានដុល្លារសម្រេចបាន៥០ភាគរយហើយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន៥០% គិតត្រឹមថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ ហើយតាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

មន្ទីរសាធារណការរាជធានីភ្នំពេញបានឱ្យដឹងទៀតថា គម្រោងស្ពាននេះនឹងបង្កើ​ត​លំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោ​យចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរ ក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ។

ស្ពានបេតុង ដែលស្ថាបនានៅអម ជាមួយស្ពានបាឡេ នៅមុខឃ្លាំងសាំងនេះមានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀប នឹងកម្រាលស្ពានប្រវែង៣៤ម៉ែត្រ។

សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤ គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ២ខ្សែទៅ ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។

ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនOCIC ដោយប្រើរយៈពេល២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន៣៥លានដុល្លារអាមេរិក។ ស្ពាននេះមានតួនាទីសំខាន់ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញនិងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ​៕

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ

ដោយៈគង់ សូរិយា

ព្រះសីហនុៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) បានចុះពិនិត្យដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ និងការពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅជាប់ស្ពានពយអូរឈើទាល ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅខេត្តព្រះសីហនុ។

ក្នុងពិធីចុះត្រួតពិនិត្យនាថ្ងៃទី២៣ កក្កដានេះ មានការចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក., លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក, លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ រួមទាំងមន្រ្តីជំនាញជារូបផងដែរ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានបន្តពិនិត្យការស្ថាបនាផ្លូវពយតាមូង និងទីតាំងស្ថាបនាបដិមាព្រះស្កន្ទទ្រង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វត្រីកោណ។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់៥,២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់៧,២០០ម៉ែត្រគូបក្នុង១ថ្ងៃ។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងពីរ នៅក្នុងខេត្តព្រះសីហនុនេះ ដើម្បីដោះស្រាយការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងសមុទ្រ ដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុត៕

គម្រោងNaga3តម្លៃ៣៥០០លានដុល្លារនៅតែបន្តសកម្មភាពយ៉ាងមមាញឹក ទោះស្ថិតវិបត្តិកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងមជ្ឈមណ្ឌលណាហ្គា៣ (Naga3) ដែលជាមជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំ និងល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ខណៈនេះគម្រោងនេះ នឹងអាចក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា បន្ទាប់ពីការសាងសង់បញ្ចប់។

យោងតាមទិដ្ឋភាពជាក់ស្តែង រហូតខែកក្កដា ឆ្នាំ២០២១ ក្រុមការងារគេហទំព័រ Propertyarea.asia បានសង្កេតឃើញថា សកម្មភាពនៅការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលណាហ្គា៣ មានភាពមមាញឹក ដោយមានគ្រឿងម៉ាស៊ីនធំៗ រាប់ចាប់ពីម៉ាស៊ីនដងស្ទួច រហូតម៉ាស៊ីនបុកគ្រឹះធំ បាននិងកំពុងដំណើរការក្នុងការសាងសង់។

នេះបញ្ជាក់ថា ទោះស្ថិតកូវីដ១៩ក៏ដោយ ក្រុមហ៊ុនណាហ្គា នៅតែបន្តការសាងសង់គម្រោងមជ្ឈមណ្ឌលណាហ្គា៣ ទៅតាមគម្រោងរបស់ខ្លួន។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា កាលពីខែមករា ក្រុមកម្មករ បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។

ក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ បានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

គម្រោង ដែលមានទំហំគិតជាទឹកប្រាក់ ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈ​មណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ​។

Naga3 នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០ ទៅលើមជ្ឈម ណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោងមានចំនួន៥០០ ០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ៕