លំហូរហិរញ្ញប្បទាននៅកម្ពុជាព្យាករថានឹងនឹងកើនឡើងដល់ជាង២៣ពាន់លានដុល្លារនៅឆ្នាំ២០២៥

ដោយៈ ប៊ី

ភ្នំពេញៈ លំហូរហិរញ្ញប្បទាននៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់២៣.៤ពាន់លានដុល្លារឬ៦៩.៨% នៃផលិតផលក្នុងស្រុកសរុប(ផសស)នៅឆ្នាំ២០២៥ ខណៈជម្ងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់លំហូរហិរញ្ញប្បទាន ចំនួន៣.៦ពាន់លានដុល្លារ ដែលស្មើនឹង១៩.៨% នៃលំហូរហិរញ្ញប្បទានសរុបរបស់ប្រទេសក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ថ្មី របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ។

យោងតាមសារព័ត៌មានចិន Xinhua ដែលចេញផ្សាយពីរបាយការណ៍នេះ បានឱ្យដឹងថា ប្រភពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍជាតិ រួមមានចំណូលក្នុងស្រុក ការវិនិយោគផ្ទាល់ពីបរទេស (FDI) ការវិនិយោគឯកជនក្នុងស្រុក ការផ្ទេរប្រាក់កម្ចីជំនួយ និងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។

របាយការណ៍បានឱ្យថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេព្យាករថានឹងរកចំណូលបានចំនួន១៨.២ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍជាតិក្នុងឆ្នាំ២០២០ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ កម្ពុជារកបានតែ១៤.៦ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ៣.៦ពាន់លានដុល្លារ ឬ១៩.៨%។

របាយការណ៍ដដែលបាននិយាយថា “ក្នុងចំណោមលំហូរហិរញ្ញប្បទានទាំងអស់ ការវិនិយោគផ្ទាល់ពីបរទេស អាចនឹងធ្លាក់ចុះយ៉ាងខ្លាំង (៣១%) បន្ទាប់មកមានប្រាក់ចំណូលក្នុងស្រុក (ធ្លាក់ចុះ ២៣.៦%) ប្រាក់បញ្ញើ (ធ្លាក់ចុះ ២០.២%) និងការវិនិយោគឯកជនក្នុងស្រុក (ធ្លាក់ចុះ១៦.៣%)”។

របាយការណ៍ដែលមានចំណងជើងថា ការវាយតម្លៃការអភិវឌ្ឍន៍ហិរញ្ញវត្ថុកម្ពុជា (DFA) ក៏បានប៉ាន់ប្រមាណ ហិរញ្ញប្បទាន ដែលមានសម្រាប់ការអភិវឌ្ឍប្រទេសរហូតដល់ឆ្នាំ២០២៥ ដោយព្យាករណ៍ថា លំហូរហិរញ្ញប្បទានសរុប នឹងងើបឡើងបន្តិចម្តងៗពីជម្ងឺរាតត្បាត និងកើនឡើងដល់២៣.៤ពាន់លានដុល្លារ ឬ៦៩.៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) នៅឆ្នាំ២០២៥។

របាយការណ៍បាននិយាយថា ប្រាក់ចំណូលក្នុងស្រុក គឺជាប្រភពហិរញ្ញប្បទានដ៏សំខាន់កាន់តែខ្លាំងឡើង សម្រាប់ការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រ ដែលតំណាងឱ្យ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២០ និងបន្តកើនឡើងដល់២២.៥% នៅឆ្នាំ២០២៥។

លោក Nick Beresford តំណាងនិវេសនដ្ឋាន យូអិនឌីភី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា “នេះជាលើកដំបូងនៃរូបភាពលំហូរចូលហិរញ្ញវត្ថុ ដែលការរំពឹងទុករបស់កម្ពុជាទាំងអស់ត្រូវបានយកគំរូតាមភាពជាក់លាក់”។លោកបន្ថែមថា“នៅពេលណាដែលយើងអាចបន្ធូរបន្ថយការរឹតត្បិត វិធានការបង្ការជម្ងឺកូវីដ-១៩បាន យើងអាចរំពឹងថា នឹងមានកំណើនដ៏ខ្លាំងក្លា នៅក្នុងលំហូរហិរញ្ញប្បទានអភិវឌ្ឍន៍។ នៅក្នុងលំហូរទាំងនោះ ប្រភពធនធានក្នុងស្រុក កំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង”។

ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការគោលនយោបាយ ស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ឆ្នាំ២០២១-២០២៣ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈលើគន្លង នៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបង្កើនសមត្ថភាពនាំចេញទាំងក្នុងតំបន់ និងពិភពលោក។

មូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣ ដែលកម្ពុជាកំពុងរៀបចំមានដូចជា ការស្តារឡើងវិញ តាមរយៈការកសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ា នៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងជំរុញឱ្យងើបឡើងវិ ញនៃធុរកិច្ចដែលមានសក្តានុពល ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមច្រើន និងឆាប់រហ័ស។

ការកែទម្រង់ដោយបន្តដាក់នូវវិធានការកែទម្រង់សំខាន់ៗ ដូចជារចនាសម្ព័ន្ធដែលមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងវិស័យសាធារណៈ និងឯកជន។

ការកសាងភាពធន់ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

វិភាគ: ក្រុងព្រះសីហនុជាបេះដូងសេដ្ឋកិច្ច និងគោលដៅវិនិយោគយ៉ាងសំខាន់នាពេលបច្ចុប្បន្ននិងអនាគត

ដោយ: ហ៊ុយ ក្រេង

ព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុងក្រុងព្រះសីហនុ​កាលពី​ដើមខែ​មិថុនា​ឆ្នាំមុន​ថា “រដ្ឋាភិបាលនឹងធ្វើ​ការអភិវឌ្ឍក្រុង​នេះ ​ជា​ទីក្រុង​ទំនើប​ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​នឹង​ទាក់ទាញ​ទេសចរ“។

ក្រុងព្រះសីហនុ គឺជាតំបន់ឆ្នេរតែមួយ ​ដែលមាន​ការអភិវឌ្ឍ​លើ​គ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែក្លាយមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី នឹងជាទីក្រុង

ដែលមានការរីកចម្រើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អគារ​ពាណិជ្ជកម្មទាបខ្ពស់ ដូចជា​ តាម​តំបន់​ទេសចរណ៍​នានាបង្ហាញពីសម្រស់ នឹងសក្តានុពលសេដ្ឋកិច្ច។

ទីក្រុងនេះត្រូវបានគេដាក់ឈ្មោះថា នូវព្រះរាជនាមរបស់អតីតព្រះមហាក្សត្រ នរោ​ត្តមសីហនុ ដែលមានប្រជាជនប្រហែល៨៩.៨០០នាក់ និងប្រហែល៦៦.៧០០នាក់រស់នៅនៅកណ្តាលទីក្រុងក្នុងឆ្នាំ២០០៨។

ក្រុងព្រះសីហនុគ្របដណ្ដប់ផ្នែកធំនៃសង្កាត់ចំនួន៦ នៃក្រុងព្រសីហនុ។ ទីក្រុងតូចមួយវាបានវិវឌ្ឍនស្របគ្នា នឹងការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពោល: កំពង់ផែស្វយ័តក្រុងព្រះសីហនុមានរដ្ឋបាលឯករាជ្យ។ គួបផ្សំនឹងវិស័យដឹកជញ្ចូន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ទីក្រុង។ បច្ចុប្បន្នផ្ទៃដី ប្រតិបត្តិការសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំហំប្រមាណ១២៤.៧៦ ហិកតា។ កំពង់ផែចំណាស់នេះ ត្រូវបានសាងសង់នៅឆ្នាំ១៩៥៦ និងបានចាប់ផ្តើម ប្រតិបត្តិការនៅឆ្នាំ១៩៦០។

យុទ្ធសាស្ត្រអភិវឌ្ឍទីក្រុង ផ្តោតលើទេសចរណ៍ការពង្រីកកំពង់ផែ និងកំណើន ឧស្សាហកម្ម។ ការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ច ដែលនាំទៅដល់ការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មជាតិ និងកំពុងផលិតនូវមូលដ្ឋានសេដ្ឋកិច្ច ជាមួយកំណើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជុំវិញនោះ។

គោលដៅរបស់រដ្ឋាភិបាលបានបង្ហាញថា កំពង់ផែនេះជាមជ្ឈមណ្ឌល សម្រាប់ការពង្រីកការដឹកជញ្ជូនតាមសមុទ្រ នឹងទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មនៅតំបន់ជុំវិញ​កំពង់ផែ និងដីនដីរបស់ខេត្តមួយនេះ ។ តំបន់ឧស្សាហកម្មមួយត្រូវបានបង្កើតឡើងដែលរួមមានផលិតកម្មគីមីឥន្ធនៈ និងការកែច្នៃម្ហូបអាហារ ដោយផ្អែកលើជលផលក្នុងស្រុកនិងធាតុផ្សេងទៀត។ ជាមួយនឹង ការវិនិយោគថ្មីៗនៅក្នុងតំបន់ទាំងនេះ នឹងយុទ្ធសាស្ត្រអភិវឌ្ឍ ដែលពាក់ព័ន្ធអ្នករៀបចំផែនការបានគិតរួចទៅហើយថា នឹងមានការកើនឡើងនូវនគរូបនីយកម្មក្រុង ព្រះសីហនុរួមជាមួយឱកាសសេដ្ឋកិច្ចដែលកំពុងកើនឡើង។

អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ ក្រោយឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុងក្រុងព្រះសីហនុ។

លោកឧកញ៉ាមានប្រសាសន៍ថា “​ក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍សេដ្ឋកិច្ចសំខាន់ ព្រមទាំងកំពង់ផែទេសចរណ៍ដែលជាគោលដៅ​សេដ្ឋកិច្ច” ។

ជាមួយគ្នានេះដែរ ការហក់ឡើងខ្លាំងនូវការវិនិយោគលើវិស័យអចលនទ្រព្យបានកំពុងលេចចេញនូវការវិនិយោគខ្លាំងលើ ដីធ្លី ខុនដូ វីឡា ខ្ពស់ៗជាច្រើន ដែលធ្វើឲ្យប    ណ្តាអ្នកវិនិយោគនៅក្រៅប្រទេស​ និងមហាសេដ្ឋីក្នុងប្រទេស បង្ហាញពីចំណាប់អារម្មណ៍ទាក់ទងនឹងតំបន់សេដ្ឋកិច្ច ដែលជាគោលដៅសំខាន់នៅក្នុងក្រុងព្រះសីហនុ។

លោកបណ្ឌិត ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនក្នុងសប្តាហ៍នេះ ដោយ បានលើកឡើងពីសមិទ្ឋផល ហេដ្ឋារចនាសម្ព័ន្ឋដ៏លេចធ្លោ នៅក្រុងព្រះសីហនុថា         “ខ្មែរ​ធ្វើបាន”  ព្រោះគម្រោងធ្វើផ្លូវ ៣៤ ខ្សែនេះ គឺទី១) ប្រើប្រាស់ថវិកាជាតិសុទ្ធសាធ      ទី២) ដឹកនាំសិក្សានិងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ទី៣) សិក្សាដោយស្ថាបត្យករនិងវិស្វករខ្មែរសុទ្ធសាធ ទី៤) សាងសង់ដោយអង្គភាពនិងក្រុមហ៊ុនសញ្ជាតិខ្មែរ ១០០% និងទី៥) គ្មានទីប្រឹក្សាបរទេស។

បើសម្លឹងមុខមើលពីលើស្នូលសេដ្ឋកិច្ច ចំកណ្តាលទីក្រុងនឹងដៃសមុទ្រ ពិតជាបានលើកកម្ពស់យ៉ាងសំខាន់ ចំពោះមហាជំនួញសេដ្ឋកិច្ចនឹងអចលនទ្រព្យ។ បន្ថែមពីនេះពិតជាអាចយល់ឃើញថា ដើម្បីប្រែក្លាយតំបន់មួយទៅជាសេដ្ឋកិច្ច ដែលអាចរក្សាស្ថេរភាពសហការយ៉ាងរឹងមាំគ្រប់វិស័យ រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ដើម្បីប្រទេសជាតិយើង។

ក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សា​ហកម្ម ឆ្នាំ២០១៥~២០២៥ ដោយសារខេត្តមានសក្តានុពលលើ វិស័យទេសចរ​ណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕

 

 

 

រដ្ឋាភិបាលថៃគ្រោងបង្កើតក្របខណ្ឌចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប

ដោយៈឧត្តម

បាងកក: ក្រសួងពាណិជ្ជកម្មថៃ គ្រោងស្នើក្របខណ្ឌចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប (Thai-EU FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (Asean-Canada FTA) ដើម្បីដាក់ទៅខុទ្ទកាល័យសម្រាប់ការអនុម័តក្នុងត្រីមាសទី៣ នេះ។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ កក្កដា នេះឱ្យដឹងថា គម្រោងនេះគឺដើម្បីជំរុញការនាំចេញរបស់ប្រទេសថៃ។

ក្រោយកិច្ចប្រជុំរបស់គណៈកម្មការពិគ្រោះពាណិជ្ជកម្ម រវាងវិស័យរដ្ឋ និងឯកជនកាលពីម្សិលមិញ លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្របខណ្ឌចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប នឹងត្រូវបង្ហាញ នៅចំពោះមុខខុទ្ទកាល័យត្រឹមចុងខែកញ្ញា។ ចំណែកឯកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា គ្រោងដាក់ជូនទៅខុទ្ទកាល័យនៅខែសីហា។

លោកបន្ថែមថា“រដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពន្លឿនកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដើម្បីជំរុញការនាំចេញដែលជាក្បាលម៉ាស៊ីនតែមួយគត់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងឆ្នាំនេះ”។

នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប ចូលជាធរមាន ប្រទេសថៃ រំពឹងថានឹងទទួលបានកំណើនពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ពី​ព្រោះសហភាពអឺរ៉ុប ដែលមាន២៧ប្រទេសជាសមាជិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសថៃ បន្ទាប់ពីអាស៊ាន មហាយក្សចិន ជប៉ុន និងសហរដ្ឋអាមេរិក។

ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានជាប់គាំង បន្ទាប់ពីរដ្ឋប្រហារដោយយោធាក្នុងឆ្នាំ២០១៤  ដែលនៅពេលនោះសហភាពអឺរ៉ុប បានធ្វើការតវ៉ាប្រឆាំងនឹងការផ្អាកដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។

នៅឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងសហភាពអឺរ៉ុប មានទំហំសរុប៣៣,១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៧,៥៦%នៃពាណិជ្ជកម្មពិភពលោករបស់ប្រទេសថៃ។

ការនាំចេញរបស់ប្រទេសថៃ ទៅកាន់សហភាពអឺរ៉ុប មានទំហំសរុប១៧,៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយមុខទំនិញកំពូលៗរួមមានដូចជាកុំព្យូទ័រ ត្បូង & គ្រឿងអលង្ការ ផលិតផលកៅស៊ូ ម៉ាស៊ីនត្រជាក់ & គ្រឿងបង្គុំ ឧបករណ៍ជួសជុលយានយន្ត & គ្រឿងបង្គុំ គ្រឿងចក្រ & គ្រឿងបង្គុំ ម៉ូតូ & គ្រឿងបង្គុំ សម្ភារៈអគ្គិសនី & គ្រឿងបង្គុំ និងកញ្ចក់ឡែន។

យោងតាមលោក Jurin Laksanawisit ឱ្យដឹងថា ប្រទេសថៃ និងបណ្ដាសមភាគីអាស៊ាន ក៏កំពុងចរចាជាមួយប្រទេសកាណាដាផងដែរ ដើម្បីបង្កើតវិសាលភាពនៃការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

លោក Auramon Supthaweethum អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានតែងតាំងលោក Duangarthit Nidhi-u-tai អគ្គនាយករងនៃអគ្គនាយកដ្ឋាននេះ ដើម្បីឱ្យចូលរួមកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន (ASEAN Senior Economic Officials (SEOM)) លើកទី១៣ តាមរយៈ Video Call ចន្លោះពីថ្ងៃទី១៤-១៥ ខែមិថុនា ដើម្បីពិភាក្សាអំពីផែនការក្របខណ្ឌ សម្រាប់កិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

កិច្ចប្រជុំនោះ ទទួលបានលទ្ធផលវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ទាក់ទិននឹងវិសាលភាព នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលដែលក្រុមអ្នកចូលរួមបានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតសំណើសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន -កាណាដា ដែលគ្រោងធ្វើនៅខែកញ្ញា។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកាណាដា មានទំហំសរុប២,៣១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយកើនឡើង០,៥៣%។ ក្នុងទំហំសរុបនោះ ការនាំចេញពីប្រទេសថៃ មានទំហំ១,៥៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង០,៦៧% ចំណែកឯការនាំចូលមានទំហំ៧៦៧លានដុល្លារអាមេរិក៕

ក្រុមហ៊ុនផ្សារទំនើបAEONគ្រោងពង្រីកអគារពាណិជ្ជកម្មទី១របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ

ដោយៈ ប៊ី

ភ្នំពេញៈ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON) សម្រេចកែលម្អអគារពាណិជ្ជកម្មរបស់ខ្លួន (AEON Mall 1) ដែលមានទីតាំងនៅវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ ដោយពង្រីក និងសាងសង់ជាន់បន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុនផ្សារទំនើប AEON បានឱ្យដឹងកាលពីម្សិលមិញថា ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ គឺជាផ្សារទំនើបដំបូងគេបង្អស់នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី (ហៅកាត់តទៅនេះថា «ក្រុមហ៊ុនយើង») នៅក្នុងប្រទេសកម្ពុជា។

ផ្សារទំនើបនេះបានបើកដំណើរការជាផ្លូវការក្នុងខែមិថុនា ឆ្នាំ ២០១៤ ដែលជាកន្លែងមួយនាំមកនូវបែបផែននៃការរស់នៅចុងក្រោយគេបង្អស់ ក៏ដូចជាសេវាកម្មផ្សេងៗ ដើម្បីឆ្លើយតបឱ្យសមស្របនឹងតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុនបានឱ្យដឹងដូច្នេះថា ដោយសារតែតម្រូវការទីផ្សារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនយើងបានសម្រេចចិត្តកែលម្អអគារពាណិជ្ជកម្មនេះ ដោយពង្រីក និងបន្ថែមគ្រឿងបរិក្ខារទំនើបៗ ដែលនេះជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនយើងទៅមួយកម្រិតទៀត ដើម្បីក្លាយជាផ្សារទំនើបយ៉ាងប្រណីតនៅកណ្ដាលទីក្រុងភ្នំពេញ។

ទោះបីជាយ៉ាងក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញពីចំនួនជាន់ និងទំហំដែលត្រូវបានពង្រីកនោះទេ ដោយគ្រាន់បង្ហាញរូបភាពប្លង់មួយចំនួនប៉ុណ្ណោះ។

នៅក្នុងផ្សារទំនើប AEON MALL នេះមានហាងទំនិញជាច្រើន រួមទាំង មានរោងភាពយន្ដ ភោជនីយដ្ឋាន និងស្ថានីយ ទូរទស្សន៍មួយផងដែរ ដែលមានទីតាំងនៅវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្បែរសណ្ឋាគារ សូហ្វ៊ីតែល។

ផ្សារនេះ គឺជាផ្សារទំនើបខ្នាតធំអន្ដរជាតិមួយដែលលាតសន្ធឹងនៅលើផ្ទៃដីទំហំ៦ ម៉ឺន៨ពាន់ម៉ែត្រការ៉េ និងមានទំហំអគារ១សែន ៨ពាន់ម៉ែត្រការ៉េ និងមានកម្ពស់៤ជាន់ ដែលអាចផ្ទុករថយន្ដបាន១៤០០គ្រឿង និងម៉ូតូ ១៦០០គ្រឿងដែលជាកន្លែងដ៏ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

បុរីមួយ​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ 114 (ផ្លូវថៃហ្គ័រ) ប្រកាសផ្តល់ប្រាក់ចំណេញខ្ទង់ម៉ឺនដុល្លារដល់អតិថិជនរបស់ខ្លួន…

បច្ចុប្បន្នកំណើនប្រជាជនមករស់នៅទីក្រុងភ្នំពេញ កំពុងកើនឡើងជាលំដាប់ ជាហេតុធ្វើឲ្យមានការកកស្ទះចររាចរណ៍ និងធ្វើឲ្យការរស់នៅមិនសូវល្អចំពោះអ្នកមានលំនៅដ្ឋានកណ្តាលក្រុង។

ដោយសារមូលហេតុនេះ មានអ្នកអភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋានជាច្រើនបានបង្វែរទិសដៅមកអភិវឌ្ឍគម្រោងលំនៅដ្ឋានរបស់ខ្លួននៅតំបន់ជាយក្រុងវិញ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន។ យ៉ាងណាមិញ អ្នកអភិវឌ្ឍន៍គម្រោង ដឹ ឡេគឃេន របស់បុរី គីមស័ង បាននឹងកំពុងមមាញឹកសាងសង់ផ្ទះ ប្រមាណ ៣៥០ខ្នង នៅតំបន់ច្បារអំពៅ ដែលមានទីតាំងស្ថិតនៅលើផ្លូវធំ ផ្លូវសេដ្ឋកិច្ច ផ្លូវជាតិលេខ 114 (ផ្លូវថៃហ្គ័រ) សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព័ទ្ធជុំវិញដោយតំបន់មាន   សក្តានុពល សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និងក្លឹបវាយកូនហ្គោល ងាយស្រួលក្នុងការប្រកបអាជីវកម្ម និងរស់នៅប្រកបដោយឯកជនភាព។ មិនត្រឹមតែប៉ុណ្ណោះ បុរី គីមស័ងក៏មានសួនច្បារធំទូលាយ កន្លែងក្មេងលេង ដែលផ្តល់នូវភាពងាយស្រួលដល់អ្នករស់នៅក្នុងបុរី ។​

បុរី គីមស័ងមានផ្ទះ ៣ប្រភេទ ផ្ទះអាជីវកម្ម (Shop-House) វីឡាកូនកាត់ (Link-House) វីឡាភ្លោះ(Twin-Villa)។

ក្នុងឱកាសគម្រប់ខួប ២ឆ្នាំ បុរី គីមស័ង ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ $22,222 និងបូកបន្ថែមរហូតដល់ 8% ជាមួយនឹងការបង់ប្រាក់ងាយស្រួលផ្តាច់គេ។​ រួសរាន់ឡើង កុំឲ្យឱកាសពិសេសនេះកន្លងផុតទៅអោយសោះ ការផ្តល់ជូននេះមានចំនួនកំណត់ ។

តើលោកអ្នក កំពុងស្វែងរកទិញផ្ទះ ដែលមានគុណភាពសំណង់រឹងមាំ? ការរស់នៅបែបប្រណិតភាព? ការរស់នៅបែបសុខសុវត្ថិភាព 24h/7 និងឯកជនភាពមែនទេ? ទាំងអស់នេះមាននៅ បុរី គីមស័ង គម្រោង ដឹ ឡេគឃេន តែមួយគត់។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកលេខ៖ 078/086/066 915 999

(Link Video: https://youtu.be/VxG0IJOaDJo   )

និយ័តករមូលបត្រកម្ពុជាកំពុងពន្លឿនការដោះស្រាយជូនទៅម្ចាស់បណ្តឹងទាំងអស់ទាក់ទងនឹងក្រុមហ៊ុន GoldFX

ដោយៈ ប៊ី

ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ក្រុមហ៊ុន GoldFX ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពី ន.ម.ក. ដែលតាមបទប្បញ្ញត្តិ ក្រុមហ៊ុនត្រូវបានអនុញ្ញាត ឱ្យធ្វើការជួញដូរឧបករណ៍និស្សន្ទក្នុងនាមជាភ្នាក់ងាររបស់អតិថិជនខ្លួន (ធ្វើតាមការបញ្ជាទិញ-លក់របស់អតិថិជន) និងផ្តល់ប្រឹក្សាអំពីការវិនិយោគលើឧបករណ៍និស្សន្ទ។

ក្រុមហ៊ុន GoldFX ត្រូវបានអនុញ្ញាតឱ្យភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទ (MT4) តែជាមួយក្រុមហ៊ុនសមភាគីកណ្តាល គឺក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក (Cambodian Derivatives Exchange Co., Ltd.-CDX) ដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ប៉ុណ្ណោះ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន GoldFX ត្រូវបានសម្រេចឱ្យព្យួរប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ តាមសំណើសុំរបស់ក្រុមហ៊ុន ប៉ុន្តែន.ម.ក. ពិនិត្យឃើញថា មានអតិថិជនរបស់ក្រុមហ៊ុន GoldFXតវ៉ាតាមបណ្តាញសង្គម និងបានចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅស្ថាប័នផ្សេងៗ ដូចនេះ ជាវិធានការបន្ទាន់ ន.ម.ក. ក៏បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីឱ្យអតិថិជនរបស់ក្រុមហ៊ុន GoldFX អាចដាក់ពាក្យបណ្តឹងនៅ ន.ម.ក. តាមនីតិវិធីច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះផងដែរ ន.ម.ក ក៏បានអញ្ជើញតំណាងក្រុមហ៊ុន GoldFX ឱ្យចូលខ្លួនមកដោះស្រាយ ដែលជាលទ្ធផលមានដូចជា ទី១.តម្រូវឱ្យក្រុមហ៊ុន GoldFX ដោះស្រាយជាបន្ទាន់ជាមួយអតិថិជនដែលបានបើកគណនីជួញដូរឧបករណ៍និស្សន្ទតាមរយៈវេទិកាជួញដូររបស់ក្រុមហ៊ុនសមភាគីកណ្តាលស្របច្បាប់ ដែលករណីនេះ ក្រុមហ៊ុន GoldFX បានទូទាត់ប្រាក់វិនិយោគទៅឱ្យអតិថិជនទាំងនេះ តាមគណនីជួញដូរនីមួយៗចប់រួចរាល់ហើយ។

ទី២ ដោយពិនិត្យឃើញថា ក្រុមហ៊ុន GoldFX មានអតិថិជនផ្សេងទៀតក្រៅពីក្រុមអតិថិជនខាងលើនេះ ក្នុងគោលដៅបន្ទាន់ នៃកិច្ចការពារផលប្រយោជន៍របស់វិនិយោគិន ន.ម.ក. បានជំរុញ និងណែនាំឱ្យក្រុមហ៊ុន GoldFX ព្យួរប្រតិបត្តិការ តែមិនឱ្យបិទក្រុមហ៊ុន និងត្រូវដោះស្រាយទូទាត់ប្រាក់ វិនិយោគឱ្យអតិថិជនទាំងនោះវិញជាបន្ទាន់ផងដែរ។

ទី៣ មកដល់ពេលបច្ចុប្បន្ននេះ ន.ម.ក. បានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ចំនួនជិត ៨០០ បណ្តឹងរួចហើយ ដែលបណ្តឹងខ្លះបានដាក់ដោយផ្ទាល់នៅទីស្តីការ ន.ម.ក. ខ្លះដាក់តាមរយៈអ៊ីម៉ែល និងខ្លះទៀតដាក់តាមរយៈអ្នកតំណាងរបស់ខ្លួន។ ជាចំណាត់ការលើពាក្យបណ្តឹងទាំងអស់នេះ ន.ម.ក. បានអញ្ជើញតំណាងក្រុមហ៊ុន GoldFX មកបំភ្លឺ ព្រមទាំងអ្នកតំណាងម្ចាស់បណ្តឹង និងម្ចាស់បណ្តឹងជាបន្តបន្ទាប់ ដើម្បីឱ្យចូលមកផ្តល់ព័ត៌មានបន្ថែម និងផ្តល់ឯកសារពាក់ព័ន្ធដែលចាំបាច់ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ន.ម.ក. ក៏បាន និងកំពុងបន្តនីតិវិធីច្បាប់លើការងារនេះ ជាមួយស្ថាប័នតុលាការផងដែរ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែម លើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX នេះ ព្រមទាំងបញ្ចូលការដោះស្រាយពាក្យបណ្តឹងទាំងអស់ ដែលប្តឹងក្រុមហ៊ុន GoldFX ជាមួយសំណុំរឿងព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធគ្នានេះ និងដែលបាន និងកំពុងស្ថិតក្រោមចំណាត់ការរបស់ស្ថាប័នអយ្យការ ដើម្បីពន្លឿនការដោះស្រាយជូនទៅម្ចាស់បណ្តឹងទាំងអស់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។

ដូចនេះ ចំពោះអតិថិជនរបស់ក្រុមហ៊ុន GoldFX ទាំងឡាយណាដែលមានបំណងដាក់ពាក្យបណ្តឹងមក ន.ម.ក. នៅតែអាចដាក់ពាក្យបណ្តឹងតាមរយៈអ៊ីម៉ែល [email protected] ឬដោយផ្ទាល់នៅទីស្តីការ ន.ម.ក. ដោយត្រូវអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសប្រកាន់យកការអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

លោកឧកញ៉ាលឹម ហេងៈវិស័យនាំចេញបានជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងវិបត្តិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ពាណិជ្ជកម្មនាំចេញកម្ពុជាបាន និងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំនើនសេដ្ឋកិច្ចជាតិ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសជាច្រើនបានកើនឡើង ទាំងជាមួយប្រទេសចិន សហរដ្ឋអាមេរិក សាធារណៈរដ្ឋកូរ៉េជាដើម ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមិនដាំក្បាលចុះ ព្រោះការនាំចេញបានជួយដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ។

លោកបន្តថា “ការនាំចេញនៅតែល្អអំឡុងវិបត្តិកូវីដ១៩ ខណៈវិស័យមួយចំនួនបានធ្លាក់ចុះខ្លាំងដូចជា វិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ និងការនាំចេញអង្ករបានធ្លាក់ចុះផងដែរ”។លោកបន្តថា “មូលហេតុនៃការធ្លាក់ចុះ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះ ដោយសារតម្លៃនៃការដឹកជញ្ជូនថ្លៃខ្លាំង”។

លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាមួយសាធារណៈរដ្ឋកូរ៉េនាពេលខាងមុខ និងងការចុះកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នឹងធ្វើឲ្យទំហំពាណិជ្ជ​កម្មកើនឡើងខ្ពស់បន្ថែមទៀត នាពេលអនាគត។

លោកឧកញ៉ាបន្តថា “អ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើនថែមទៀត នឹងមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ និងនាំចេញ ទៅកាន់បណ្តាប្រទេសជាច្រើនទៀត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន៕

លោកខន គង្គាៈឥរិយាបទអ្នកទិញខុនដូចាប់ផ្តើមផ្លាស់ប្តូរដោយវិនិយោគកាន់តែធំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានថ្លែងថា បច្ចុប្បន្នអ្នកទិញខុនដូបានផ្លាស់ប្តូរគោលដៅវិនិយោគ ដោយពួកគាត់បានទិញក្នុងទំហំធំជាងមុន ខណៈការវិនិយោគបច្ចុប្បន្នផ្តល់ផលចំណេញច្រើន។

លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ កក្កដាកន្លងមកថា ក្នុងរយៈពេលពេញមួយឆមាសឆ្នាំ២០២១នេះ ទីផ្សារខុនដូកំពុងផ្តល់ភាពអំ ណោយផលច្រើនដល់អ្នកវិនិយោគ ដោយសារអ្នកអភិវឌ្ឍន៍ បានបញ្ចប់គំរោងរបស់ពូកគេច្រើន ហេតុនេះអ្នកវិនិយោគបន្តមានឱកាសរកផលចំណេញ ដោយសារតម្លៃមានភាពប្រកួតប្រជែង។

លោកបន្តថា “ទីផ្សារខុនដូនៅតែមានដំណើរការ ហើយអ្នកវិនិយោគភាគច្រើន បានទិញយកទាំងជាន់តែម្តង ដោយសារតម្លៃលើទីផ្សារល្អ។ អ្នកវិនិយោគបែបនេះ ពួកគេទិញទាំងជាន់សម្រាប់ធ្វើជាសណ្ឋាគារ ឬគំរោងទិញទុកសំរាប់ជួលនាពេលអនាគត”។

លោកខន គង្គាបានបន្តថា គិតរហូតមកទល់ពេលនេះ និងសំរាប់ឆមាសទី២ លោកនៅតែមានសុទិដ្ឋិនិយមថា ការទិញលក់ខុនដូនៅតែមានដំណើរការល្អ ព្រោះអ្នកវិនិយោគ​នាពេលនេះ ដែលមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ គឺជាឱកាសរបស់ពួកគេអាចទទួលបា​នផលចំណេញពីការវិនិយោគច្រើន ព្រោះមានការបញ្ចុះតម្លៃច្រើននីលើទីផ្សារ ដែលមានការប្រកួតប្រជែងកើនឡើង។

លោកបន្តថា ខុនដូនៅកម្ពុជាតម្លៃមធ្យមភាគច្រើន មានតម្លៃចន្លោះ១៥០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែខុនដូមានតម្លៃខ្ពស់បន្តិច មានតម្លៃចន្លោះពី២០០០ ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបបញ្ចេញរបាយកា​រណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​គម្រោង​ខុនដូ​ចំនួន ៥ ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប១២៧៣​យូនីត​ បាន​បញ្ចប់​ការសាងសង់​ដែល​ធ្វើឱ្យ​ចំនួន​ខុនដូ​ នៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ជាង៩០​គម្រោង និង​មាន​បន្ទប់​ជាង ២៧០០០យូនីត​៕

ដំណឹងល្អៈរដ្ឋាភិបាលត្រៀមជ្រើសរើសភូមិគំរូចំនួន៣ដើម្បីចូលរួមប្រឡងប្រណាំង “ភូមិទេសចរណ៍ឆ្នើម”លើពិភពលោក

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជ្រើសរើសរៀបចំប្រកាសជ្រើសរើស ភូមិទេសចរណ៏ឆ្នើមចំនួន៣ ដើម្បីប្រឡងប្រណាំង “ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)” ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៏ពិភពលោក (UNWTO)។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីគណៈរដ្ឋមន្ត្រី ដែលគេទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

រាជរដ្ឋាភិបាលសម្រេច អនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរ រាជធានី ខេត្ត និងភាគីពាក់ព័ន្ធផ្សេងៗទៀត ធ្វើការជ្រើសរើសភូមិទេសចរណ៏ឆ្នើមចំនួន៣ ដើម្បីដាក់ជាបេក្ខភាពក្នុងកម្មវិធីប្រឡងប្រណាំង “ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)” ហើយ បញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត ដែល ក្រសួងទេសចរណ៍បាននិងកំពុងដឹកនាំ ដើម្បីងាយស្រួលអនុវត្តនិងត្រួតពិនិត្យ។

លោកទ្រី ឈីវប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងសារព័ត៌មានក្នុងស្រុកថា នៅជំហានដំបូងនេះ រាជរដ្ឋាភិបាលបានសម្រចឱ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជ្រើសរើសភូមិគំរូចំនួន៣ នៅទូទាំងប្រទេស។ លោកបានបង្ហើបថា “យើងនឹងពិនិត្យលើលទ្ធភាព នៅតាមភូមិតេជោទាំង១០០ ភូមិ”។

លោក ទ្រី ឈីវ បានបញ្ជាក់ថា ចលនាចូលរួមប្រឡងប្រណាំងនេះ នឹងរៀបចំឡើងឱ្យបានមុនដំណាច់ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដាក់ជូនគណៈកម្មការវាយតម្លៃនៃអង្គការទេសចរណ៍ពិភពលោក។ អ្វីដែលសំខាន់ក្នុងការរៀបចំនេះ គឺផ្ដោតទៅលើសូចនាករសំខាន់មួយចំនួនដូចជា តើភូមិទាំងនោះមានសក្ដានុពល លើវិស័យទេសចរណ៍ខ្លាំងប៉ុណ្ណា, តើប្រជាជនមានការចូលរួមក្នុងសកម្មភាពទេសចរណ៍ ការថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌ ប្រពៃណី វប្បធម៌បានកម្រិតណា ហើយនៅក្នុងភូមិទាំងនេះមានអ្វីដែលគួរឱ្យទាក់ទាញពិសេសខ្លាំងប៉ុណ្ណា? ព្រមទាំងមានសូចនាករលម្អិតផ្សេងទៀតផងដែរ។

លោកបានសង្កត់ធ្ងន់ផងដែរថា ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ទេសចរណ៍ជន​បទ​កាន់តែមាននិន្នាការកើនឡើង ស្របនឹងកំណើនទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សមុទ្រ ឬកោះជាដើម។

ការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក៏ជាផ្នែកមួយនៃ “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩” ដើម្បីជំរុញបរិយាបន្នសង្គម-សេដ្ឋកិច្ច និងអាចចូលរួមដល់ការសម្រេចគោលការណ៍ “សកល មិនទុកនរណាម្នាក់ចោល”។ ព្រមទាំងគាំទ្រដល់សកម្មភាពរស់ឡើងវិញ នៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឱ្យងើបចេញពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនប្រកប​ដោយបរិយាបន្ន និងចីរភាព។

លោក ទ្រី ឈីវបានបញ្ជាក់ថា គោលបំណងនៃការប្រឡងប្រណាំងភូមិទេស​ចរណ៍ឆ្នើមនេះ គឺចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជនបទ ឲ្យកាន់តែប្រសើរឡើង សំដៅស្ដារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាអភិ​វឌ្ឍភូមិ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ឱ្យទទួលបម្រើសេវាកម្មជូនទេសចរប្រកបដោយគុណភាពល្អប្រសើរ ស្របតាមស្តង់ដាពិភពលោក។

លោកបានបញ្ជាក់ទៀតថា ភូមិជ័យលាភី ក៏នឹងអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោក ហើយអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជា៕

លោកយិន លាងគង់ៈតើអ្វីជាការបង្កើតតម្លៃ និងទាញតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការទាញយកតម្លៃបន្ថែមពីសេដ្ឋកិច្ច និងបង្កើតឲ្យមានតម្លៃបន្ថែមមានសារៈសំខាន់ណាស់សម្រាប់ប្ររទេសជាតិមួយ ក៏ដូចជាក្រុមហ៊ុនមួយ ដើម្បីជួយឲ្យប្រទេសជាតិអាចទទួលបានចំណូល និងបង្កើតការងារធ្វើបានកាន់តែច្រើន។

លោកយិន លាងគង់ដែលជាទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងបានសិក្សាពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច នយោបាយជាច្រើន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ កក្កដាកន្លងមកថា ការរីកចម្រើនសេដ្ឋកិច្ចរបស់គ្រួសារមួយ ឬប្រទេសជាតិមួយអាស្រ័យលើរបៀបគិត របៀបធ្វើ ពិសេសការបង្កើត និងទាញតម្លៃបន្ថែមឲ្យបានច្រើន។

ការបង្កើតតម្លៃបន្ថែម
លោកយិន លាងគង់បានពន្យល់ថា ការបង្កើតតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ជារឿងរបស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនមួយអាចធ្វើបាន ឧទាហរណ៍ រដ្ឋាភិបាលបានជំរុញឲ្យផលិតភាពកើនឡើង ក្នុងវិស័យវាយណ ភ័ណ្ឌកាត់ដេរ និងស្បែកជើង ដើម្បីឲ្យកម្មករ និយោជិត អាចផលិតទំនិញបានកាន់តែល្អជាងមុន និងមានតម្លៃខ្ពស់ជាងមុន ពិសេសបង្កើនផលិតភាពខ្ពស់ជាងមុន។

ក្នុងវិស័យអចលនទ្រព្យដូចគ្នាផងដែរ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទាំងផ្លូវថ្នល់ ប្រឡាយទឹក និងព្រលានយន្តហោះជាដើម ដើម្បីកាត់បន្ថយពេលវេលា ធ្វើដំណើរ កាត់បន្ថយការចំណាយ និងសម្រួលដល់លំហូរប្រជាពលរដ្ឋ អ្វីកាន់តែពិសេសគឺធ្វើឲ្យដីធ្លីឡើងថ្លៃ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាជននៅមូលដ្ឋាន។លោកបញ្ជាក់បន្ថែម។

ការទាញយកតម្លៃបន្ថែម
ការទាញយកតម្លៃបន្ថែម ក៏បាននិងកំពុងអនុវត្តន៍ និងជាយុទ្ឋសាស្រ្តរបស់រដ្ឋាភិបាលផងដែរ ឧទាហរហ៍ រដ្ឋាភិបាលបានបង្កើនការនាំាំចេញអង្ករ ដើម្បីយកទៅលក់នៅបរទេស ជាការធ្វើឲ្យខាតបង់តម្លៃបន្ថែម។ ការលក់ស្រូវទៅប្រទេសជិតខាង មិនផ្តល់ផលចំណេញដល់សេដ្ឋកិច្ចច្រើននោះទេ ប៉ុន្តែបើការនាំចេញអង្ករបានច្រើន ទើបអាចទាញតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចបានច្រើន។ លោកយិន លាងគង់បញ្ជាក់ឲ្យដឹង។

ឧទាហរណ៍ជាក់ស្តែង ការនាំចេញអង្ករ គឺបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ នៅតាមរោងចក្រកិនអង្ករ អាចទាញបាននូវកន្ទក់ ទាញបាននូវអង្កាម ដែលអាចយកមកប្រើប្រាស់ក្នុងមូលដ្ឋានសេដ្ឋកិច្ចចាំបាច់នានាបាន។

លោកយិន លាងគង់បបានបន្តថា ការនាំចេញជ័រកៅស៊ូស្រស់ ទៅកាន់ប្រទេសជិតខាង ក៏ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ប៉ុន្តែបើ់រដ្ឋាភិបាល ទាក់ទាញរោងចក្រផលិតកង់រថយន្ត មកពីក្រៅប្រទេសបាន រដ្ឋាភិបាលអាចទាញតម្លៃផ្នែកសេដ្ឋកិច្ចបន្ថែមបាន ព្រោះវាផ្តល់ការងារដល់ប្រជាពលរដ្ឋ នៅតាមរោងចក្រនានា មានការបង់ចំណូលចូលរដ្ឋកាន់តែច្រើន និងធ្វើឲ្យតម្លៃជ័រកៅស៊ូមានស្ថេ​រភាពផងដែរ៕