ការសិក្សាៈ ទីផ្សារការិយាល័យក្រុងបាងកកនៅតែទទួលបានកំណើននៅដើមឆ្នាំនេះ

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុនអាមេរិក CBRE ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិឈានមុខគេផ្នែកអចលនទ្រព្យបានរកឃើញថា ការផ្គត់ផ្គង់ក្នុងទីផ្សារការិយាល័យក្រុងបាងកក បានកើនឡើង ខណៈអ្នកជួលពិចារណាកាត់បន្ថយទំហំការិយាល័យ ដើម្បីកាត់ចំណាយថ្លៃជួលក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។

យោងតាមគេហទំព័រ CBRE Thailand ចុះផ្សាយកាលពីថ្ងៃទី១៧ មិថុនា ឱ្យដឹងថា ទីផ្សារការិយាល័យក្នុងក្រុងបាងកក កំពុងបន្តប្រឹងប្រែងឆ្លងកាត់ព្យុះភ្លៀងនេះ នៅពេលដែលអ្នកជួលពិចារណាកាត់បន្ថយទំហំការិយាល័យដើម្បីកាត់ចំណាយថ្លៃជួល និងក្រុមហ៊ុនសហគ្រាសមួយចំនួនអនុវត្តគោលនយោបាយធ្វើការងារពីផ្ទះ។

ការស្រាវជ្រាវរបស់ CBRE បង្ហាញថា ការផ្គត់ផ្គង់សរុបនូវការិយាល័យប្រភេទ Space Office នៅក្រុងបាងកក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ បានកើនឡើង២៥.០០០ម៉ែត្រការ៉េដល់៩,២៦លានម៉ែត្រការ៉េក្រោយអគារ WHA Tower ក្នុងសង្កាត់ Bang Na បានសាងសង់បញ្ចប់ជាស្ថាពរ។ មួយផ្នែកនៃអគារនេះគឺទុកសម្រាប់ក្រុមហ៊ុន WHA ប្រើប្រាស់ផ្ទាល់ខ្លួន។ នេះធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យក្នុងសង្កាត់ Bang Na កើនឡើង១៣% ខណៈអត្រាកាន់ (ប្រើប្រាស់) សរុបក្នុងតំបន់នេះមាន៨០,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។

ទោះបីជាឧស្សាហកម្មដែលកំពុងរីកចម្រើនមួយចំនួន មានតម្រូវថ្មីៗសម្រាប់ការិយាល័យប្រភេទ Space Office យ៉ាងណាក្ដី ក៏ការស្រាវជ្រាវរបស់ CBRE បានរកឃើញថា អត្រាជួលសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១ ត្រូវបានកត់ត្រាត្រឹម២៣.៥២១ម៉ែត្រការ៉េប៉ុណ្ណោះ ដោយភាគច្រើនចេញពីអគារការិយាល័យលំដាប់ B ក្នុងសង្កាត់ពាណិជ្ជកម្ម Central Business District នៅពេលអ្នកជួលមួយចំនួនបានរើចេញទៅកាន់តំបន់ដែលមិនស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មដែលថ្លៃឈ្នួលថោកជាង និងដើម្បីកាត់បន្ថយទំហំការិយាល័យដើម្បីកាត់ចំណាយ។

ទោះជាយ៉ាងណា ទីផ្សារការិយាល័យប្រភេទ Space Office លំដាប់ A ដែលមិនស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មនៅតែមានភាពរឹងមាំក្នុងត្រីមាសនេះ។ ជាលទ្ធផល អត្រាកាន់កាប់សរុបជាមធ្យមបានធ្លាក់ចុះ០.៥%មកនៅត្រឹម៩០,១%បើធៀបនឹង៩០,៦%ក្នុងត្រីមាសមុននេះ។

លោកស្រី Roongrat Veeraparkkaroon ប្រធានផ្នែកប្រឹក្សាយោបល់ និងសេវាកម្មជួញដូរប្រចាំការិយាល័យ CBRE Thailand បានលើកឡើងថា “ក្នុងរយៈពេល៣ឆ្នាំគិតចាប់ពីពេលនេះ ក្រុមហ៊ុន CBRE រំពឹងថា ការិយាល័យថ្មីៗប្រភេទ Space Office ដែលមានផ្ទៃក្រឡាជាង១,៣លានម៉ែត្រការ៉េនឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរសម្រាប់ដាក់ជួលក្នុងទីក្រុងបាងកក។ ជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប្រមាណ១០ឆ្នាំគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ដែលការផ្គត់ផ្គង់ការិយាល័យកើនឡើងដល់១លានម៉ែត្រការ៉េ”។

លោកស្រីបានបន្តថា នេះនឹងបង្កជាសម្ពាធដែលធ្វើឱ្យអត្រាកាន់កាប់ និងអត្រាជួលក្នុងទីផ្សារការិយាល័យក្រុងបាងកក ធ្លាក់ចុះ។ លើសពីនេះទៀត CBRE រំពឹងថាកំណើនអត្រាជួលនឹងនៅទ្រឹងក្នុងទីផ្សារការិយាល័យក្រុងបាងកក ទាំងមូល លើកលែងតែអគារថ្មីៗលំដាប់ A ដែលមានអត្រាកាន់កាប់៩០%ដែលថ្លៃឈ្នួលនៅតែអាចកើនឡើង”៕

GCC ប្រកាសអំពីគម្រោងថ្មីគឺផ្សារជីស៊ី អូរឫស្សី និងបកស្រាយអំពីការជម្រុញឲ្យបង្កើតនូវគម្រោងនេះឡើង

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ CEO Wyndham Residence និង បុរី ណាឌី បានដោយជោគ ជ័យរួចមក។ ផ្សារជីស៊ី អូរឫស្សីគឺជាផ្សារបោះដុំដែលមានកម្ពស់ 6 ជាន់ដែលបានរចនាឡើងប្រកបដោយការយក ចិត្តទុកដាក់បំផុត ដើម្បីប្រើប្រាស់នូវជាន់នីមួយៗទៅតាមមុខងារច្បាស់លាស់ដូចជា កន្លែងលក់គ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សវរីយ៍ សម្ភារៈអេឡិចត្រូនិចជាដើម។

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍ថា “យើងនៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាជាង 5 ឆ្នាំមកហើយ។ យើងក៏បានចាត់ទុកទីនេះដូចជាផ្ទះរបស់យើង ដូចគ្នា។

យើង ស្រឡាញ់ប្រទេសកម្ពុជា យើងចូលចិត្តរសជាតិម្ហូបខ្មែរ ព្រមជាមួយនឹងសិល្បៈ និង វប្បធម៌នៃ ប្រទេសកម្ពុជា។ ខណៈពេលដែលពួកយើងកាន់តែសម្របខ្លួនជាមួយនឹងការរស់នៅរបស់ប្រទេសនេះយើងក៏ មើលឃើញថាប្រជាជនខ្មែរពឹងផ្អែកលើផ្សារក្នុងស្រុកយ៉ាងខ្លាំង។ ជាទូទៅ ផ្សារក្នុងស្រុកគឺជាផ្នែកមួយដ៏សំខាន់ នៃការរស់នៅរបស់ ប្រជាជនកម្ពុជា។ រាជធានីភ្នំពេញសម្បូរទៅដោយផ្សារក្នុងស្រុកទាំងធំ និងតូចជាច្រើន នៅគ្រប់ ទីកន្លែងទាំងអស់ ជាមួយនឹងអាជីវករលក់ដូរម្ហូបអាហារ គ្រឿងទេស និងគ្រឿងផ្សំជាដើម។ ដោយសារតែចំនួន ប្រជាជនចេះតែបន្ត កើនឡើងជាលំដាប់ មនុស្សក៏ចាប់ផ្ដើមមានតម្រូវការផ្សារដែលមានអនាម័យ ទាន់សម័យ និងស្ថិតនៅក្បែរផ្ទះ។ បន្ទាប់ពីយើងទទួលបានជោគជ័យលើគម្រោងខុនដូ និងលំនៅឋានរួចមកយើងគិតថានេះ គឺជាពេលវេលាដែល សាកសមបំផុតសម្រាប់ពួកយើងបង្កើតអ្វីមួយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។”លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានបន្ថែមថាផ្សារថ្មី ផ្សារទួលទំពូង និងផ្សារអូរឫស្សីបានបម្រើរដល់សហគមន៍មកជាច្រើនជំនាន់មកហើយ និងខ្លះមានអាយុកាលជាង 1 សតវត្សន៍ទៅហើយ។ គំនិតក្នុងការបង្កើតផ្សារជីស៊ី អូរឫស្សីនេះឡើងមកគឺដើម្បីបង្កើត និងបង្កើននូវគុណភាពបទ ពិសោធន៍នៃការទិញទំនិញនៅក្នុងផ្សារក្នុងស្រុក ហើយក៏រក្សាទុកនូវភាពប្លែកពីគេនៃទីនេះក្នុងពេលតែមួយផងដែរ។លោក Caleb មានប្រសាសន៍ថា “ផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថានឹងក្លាយជាអ្នកស្នងដំណែងពីផ្សារ ក្នុងស្រុកទាំងអស់នេះ ដោយការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែបខ្មែរ ព្រមជាមួយនឹងការប្រើប្រាស់ នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ”។

លោកបានបន្ថែមថាផ្សារជីស៊ី អូរឫស្សីបានរក្សានូវមរតកនៃស្ថាបត្យកម្មខ្មែរ និងការធ្វើពាណិជ្ជកម្មរបស់ខ្មែរ បុរាណ។ ទីនេះត្រូវបានរចនាដោយសួនច្បារនៅជាន់ដំបូលនៃអាគារ។ ផ្សារជីស៊ី អូរឫស្សី ត្រូវបានរចនាឡើងយ៉ាងប្លែកពីគេជាមួយនឹងសួនឧទ្យានខាងក្រៅនៅជាន់លើបង្អស់របស់យើង។ ជាន់ដំបូល នឹងក្លាយជាកន្លែងទេសចរណ៍ និងកន្លែងសម្រាប់ថតរូបកម្សាន្តដ៏ល្បីល្បាញនៅពេលរាត្រី ដោយសារតែភាពទាក់ទាញជាច្រើនលើសលប់របស់យើង ជាពិសេសគឺអាហារនៅតាមដងផ្លូវ (Street Food) ដ៏មានឱជារស និងសម្ភារៈប្លែកៗ តាំងលក់ហើយអ្នកមិនធ្លាប់បានឃើញនៅកន្លែងផ្សេងទៀត។ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយនឹងគម្រោងដំណើរការនៅក្នុងឆ្នាំ 2024 ផ្សារជីស៊ីអូរឫស្សី នឹងក្លាយជាទីតាំងដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ “យើងគ្រោងនឹងធ្វើឲ្យគម្រោងផ្សារជីស៊ី អូរឫស្សីក្លាយជាទីតាំងដែលបង្ហាញពីវប្បធម៌ឲ្យដូចជាពាក្យស្លោករបស់យើងគឺ “មរតក ប្រពៃណី ចំណេះដឹង” យើងដឹងថាសិល្បៈ វប្បធម៌ និងចំណេះដឹងអំពីការធ្វើពាណិជ្ជកម្មគឺជាមរតក។ សម្រាប់ពួកយើង នេះគឺជាវត្ថុដ៏មានតម្លៃសម្រាប់ផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយ”។

លោក Celeb បានបន្ថែម “GCC បានពិនិត្យមើលលើបរិបទជាច្រើន ហេតុដូច្នេះហើយទើបផ្សារជីស៊ី អូរឫស្សីអាចបង្ហាញចេញនូវចក្ខុវិស័យរបស់យើងបានពេញលេញចំពោះគម្រោងមួយនេះ។ យើងមានក្ដីសោមនស្ស រីករាយជាខ្លាំងដែលទទួលបានការឆ្លើយតបជាវិជ្ជមាន និងការកោតសរសើរជាបន្តបន្ទាប់ចាប់តាំងពីធ្វើការណែនាំនូវ គម្រោងនេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើង។ គម្រោងដ៏អស្ចារ្យជាច្រើនទៀត នឹងត្រូវបាននាំមកជូនលោកអ្នក ក្នុងឆ្នាំនេះ ឧទាហរណ៍ដូចជា Lixin Century Innovation Park ដែលជាគម្រោងអភិវឌ្ឍដ៏ធំនៅក្នុងឧទ្យានជាតិរាម ដែលនឹងក្លាយខ្លួនជាទីតាំងដ៏ល្បីល្បាញនាពេលអនាគតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថាលោកអ្នកនឹងស្វាគមន៍នូវគម្រោងថ្មីនេះជាមួយពួកយើង។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: [email protected]

លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: [email protected]

 

រដ្ឋមន្ត្រីក្រសួងរ៉ែៈ ការចាប់ផ្តើមឧស្សាហកម្មចម្រាញ់មាសបង្ហាញពីកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការចាប់ផ្តើមឧស្សាហកម្មចម្រាញ់មាសរបស់កម្ពុជា គឺជាការបង្កើតនូវកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ និងជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុន និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ការលើកឡើងដូច្នេះរបសលោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ស៊ុយ សែម បានចាប់ផ្តើមដំណើរការស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសំគាល់លើដុំមាសរ៉ (Gold Doré) ទីមួយរបស់កម្ពុជា។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។ នៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។

លោកស៊ុយ សែមបានថ្លែងថា ការធ្វើអាជីវកម្មរ៉ែមាសនេះ ស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៤២៧នាក់ និងបរទេសចំនួន៣៥នាក់ ហើយអាចទាញយកចំណូលដល់ប្រមាណ១៨៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ការវិនិយោគក្នុងវិស័យធនធានរ៉ែ ជាការវិនិយោគប្រកបដោយហានិភ័យខ្ពស់ណាស់ មានបញ្ហាប្រឈមច្រើន និងត្រូវប្រើពេលវេលាដ៏យូរ។

លោកបន្តថា កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងការបង្កើតឲ្យបាននូវសមត្ថភាពឧស្សាហកម្មក្នុងស្រុកមួយ ដែលអាចទាញយកធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងមានភាពប្រាកដប្រជា ចំពោះផលប្រយោជន៍គ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបម្រើឲ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ការសម្ពោធដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅពេលនេះ គឺជាការឆ្លើយតបចំពោះការទន្ទឹងរង់ចាំនេះ។

លោកបន្តថា ជាបន្តដំណើរការអាជីវកម្ម និងប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងត្រូវអនុវត្តដោយប្រកាន់យក តាមនិយាមជាអន្តរជាតិ ស្តីពីការការពារគុណភាពបរិស្ថាន និងផលប្រយោជន៍សង្គមនៅសហគមន៍មូលដ្ឋាន ហើយនឹងត្រូវត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដោយយន្តការត្រួតពិនិត្យ និងអភិបាលកិច្ចពហុភាគី ក្នុងការជំរុញធានាឲ្យបានការសម្រេចបានទាំងគោល ដៅសេដ្ឋកិច្ច បរិស្ថាន និងគោលដៅសង្គម ស្របតាមផែនការកំណត់ដោយក្រសួងបរិស្ថាន។

លោកបានថ្លែងបន្តថា នេះគឺជាសមិទ្ធិផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។ សមិទ្ធិផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមនិងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ការចាប់ផ្តើមឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏នឹងបង្កើតបានផងដែរនូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើ អាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធិផលនេះ គឺជាការបង្កើតនូវកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់មាសរបស់កម្ពុជា ហើយក៏គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុន និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវបរិស្ថាន និងសង្គមតាមស្ដង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត៕

មូលនិធិបរិស្ថានសកលផ្តល់ថវិកាជាង៤៦លានដុល្លារគាំទ្រដល់វិស័យបរិស្ថាន សំខាន់ៗនៅកម្ពុជានិងប្រទេស៧ទៀត

ដោយៈ សាវុធ

ភ្នំពេញៈ មូលនិធិបរិស្ថានសកល (GEF) បានអនុម័តថវិកាសរុបជាង៤៦.៦លានដុល្លារអាមេរិក លើគម្រោងដែលដឹកនាំការអនុវត្ត ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅក្នុងប្រទេសចំនួន៨ ដែលរួមមានកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការFAOនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ការអនុម័តនេះបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិបរិ ស្ថានសកល (GEF) លើកទី៦០ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ សម្រាប់ប្រទេសដែលមានការ អភិវឌ្ឍន៍តិចតួចលើកទី៣០របស់ GEF។

គម្រោងចុងក្រោយទាំងនេះ នឹងផ្តោតលើការគាំទ្រ និងការដោះស្រាយបញ្ហាប្រឈម លើវិស័យយបរិស្ថានសំខាន់ៗដូចជា ការសឹករិចរិលដី ការបាត់បង់ជីវចម្រុះ ការនេសាទគ្មាន និរន្តរភាព និងការប្រែប្រួលអាកាសធាតុ ដែលបាននឹងកំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនរាប់រយពាន់នាក់ នៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក។

គម្រោងទាំងនេះនឹងត្រូវបានអនុវត្ត ក្នុងភាពជាដៃគូ និងសហហិរញ្ញប្បទានដោយរដ្ឋាភិបាលនៃ ប្រទេសជាសមាជិកដូចជា កម្ពុជា កាមេរូន អេរីទ្រា ឡេសូថូ (Lesotho) ម៉ាឡេស៊ី សេណេហ្កាល់ ថៃឡង់ដ៍ និងវៀតណាម។

លោកQU Dongyu អគ្គនាយកនៃអង្គការ FAO បានថ្លែងថា “គម្រោងទាំងនេះត្រូវបានស្វាគមន៍ ជាពិសេសបន្ទាប់ ពីការសម្ពោធនៃគំនិតផ្តួចផ្តើមស្តីពី ទសវត្សរ៍នៃអង្គការសហប្រជាជាតិស្តីពី ការស្តារប្រព័ន្ធអេកូឡូស៊ី”។លោកបន្តថា “វាចាំបាច់ណាស់ដែលត្រូវចាត់វិធានការឥឡូវនេះ ដើម្បីកែរលម្អររប្រព័ន្ធធម្មជាតិនៅលើដី និងទឹកដែលយើងពឹងផ្អែក ដើម្បីសម្រេចបាននូវផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវិតដ៏ល្អប្រសើរមួយ”។

គម្រោងដែលត្រូវបានអនុម័តដោយGEF នឹងជួយគាំទ្រដល់ប្រទេសទាំង៨ និងសហគមន៍របស់ពួកគេ ក្នុងការជ្រើសយកការអនុវត្ត ប្រកបដោយនិរន្តរភាព និងធន់ទៅនឹងអាកាសធាតុ ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងបង្កើតគោលនយោបាយដែលកាន់តែរឹងមាំ ដើម្បីអភិរក្សជីវចម្រុះ និងទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៌ និងគ្មានការអនុញ្ញាត (IUU)។

គម្រោងទាំងនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាជនចំនួន ជាង៤៤ម៉ឺននាក់ និងស្តារឡើងវិញនូវផែនទេសភាព ដែលបានសិករិចរិលប្រមាណជាង២៧,០០០ហិកតា។ គម្រោងទាំងនេះ ក៏នឹងបង្កើតនូវតំបន់ការពារថ្មីលើដីនិងសមុទ្រចំនួន៣០,០០០ហិកតា និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង លើផែនទេសភាពប្រមាណជាង៧៦៥,០០០ហិកតា និងជម្រកត្រីនិងសត្វសមុទ្រ៤លានហិកតាថែមទៀត។

សកម្មភាពដែលត្រូវបានរៀបចំឡើងនៅក្នុងគម្រោង នឹងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៦,៨លានតោន និងប្រែក្លាយស្តុកត្រីដែលបានកំពុងនេសាទហួសកំរិតចំនួន៥៤៧,៣៩៣តោន វិលទៅកាន់កម្រិតមួយ ដែលមាននិរន្តរភាពឡើងវិញ។

ក្នុងចំណោមគម្រោងដែលដឹកនាំ ដោយអង្គការFAO ទាំងអស់ មានគម្រោងដែលនឹងត្រូវអនុវត្ត ក្នុងតំបន់ឈូងសមុទ្រថៃ ដើម្បីជំរុញការគ្រប់គ្រងធនធានជលផល ប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និង វៀតណាម។

តាមរយៈការអនុវត្តវិធីសាស្រ្ត ប្រព័ន្ធអេកូឡូស៊ីគិតគូរដល់វិស័យជលផល និងពង្រឹងអភិបាលកិច្ចលើវិស័យជលផល គម្រោងទាំងនេះនឹងជួយ ដល់ការអភិរក្សជីវចម្រុះសមុទ្រ និងកាត់បន្ថយការនេសាទហួសកម្រិត ខណៈជួយទ្រទ្រង់ដល់និរន្តភាពនៃជីវភាពរបស់ប្រជានេសាទ។

គម្រោងចំនួនបួន ដែលត្រូវបានអនុម័តសម្រាប់ទ្វីបអាហ្វ្រិក នឹងចូលរួមដោះស្រាយការគំរាមកំហែង នៃការប្រែប្រួលអាកាសធាតុ និងការសឹករិចរិលដី ដើម្បីបង្កើនភាពធន់ ទៅនឹងអាកាសធាតុរបស់សហគមន៍ ការពារធនធានធម្មជាតិ និងពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទ។

ចាប់តាំងពីខែធ្នូឆ្នាំ២០១៨ អង្គការ FAO បានកៀរគរថវិកាប្រមាណជាង៥៥០លានដុល្លារអាមេរិកពីមូលនិធិ បរិស្ថានសកល (GEF) សម្រាប់ប្រទេសជាសមាជិក បូករួមទាំងគម្រោងចុងក្រោយទាំងនេះ ដែលធ្វើឱ្យអង្គការ FAO ក្លាយជាទីភ្នាក់ងារកំពូលមួយន្នុងចំណាមភ្នាក់ងារកំពូលទាំង៤របស់ GEF នៅទូទាំងពិភពលោក៕

ស្វែងយល់ពីចំណុចពិសេសទាំង៧នៃផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជារឿងអបអរសាទរមួយ នៃវឌ្ឍនភាពលើការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ខណៈការសាងសង់ផ្លូវនេះសម្រេចបានជាង៥៥ភាគរយ និងមានល្បឿនលឿនជាងផែនការ។

ផ្លូវប្រវត្តិសាស្រ្តដែលចំណាយទឹកប្រាក់ ប្រមាណ២០០០លានដុល្លារអាមេរិកនេះ មានចំណុចពិសេសជាច្រើន ដូចជា ក្រុមហ៊ុនបានដាក់ចេញគោលដៅទាំង៧ លើការទទួលខុសត្រូវផ្នែកសង្គមអ្នកវិនិយោគ (Corporate Social Responsibility)ដើម្បីគ្រប់គ្រងគម្រោងគឺ៖ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ ការដ្ឋានសាងសង់ឆ្លាតវៃ ការការពារបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះធនធានមនុស្ស។

ទី១ គុណភាព និង២ សុវត្ថិភាពៈ គុណភាព និងសុវត្ថិភាពគឺជាបេះដូងរបស់គម្រោង។ ប្រព័ន្ធគ្រប់គ្រងនិងស្តង់ដារ ការងារ ដែលមានគុណភាពខ្ពស់ ព្រមទាំងផ្តោតលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ គុណភាព និងប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗ។ ទី៣ ប្រសិទ្ធភាព៖ គម្រោងបានកំពុងប្រើប្រាស់ផែនការរួមមួយ ព្រមទាំងបានប្រើប្រាស់នូវវិធីសាស្រ្តដែល មានលក្ខណៈវិទ្យាសាស្រ្ត និងការប្រើប្រាស់ធនធានល្អៗ។

ទី៤ ការការពារបរិស្ថានៈ ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារ នានា ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ទី៥ឱកាសការងារ ពលរដ្ឋកម្ពុជាចំនួន៣ ២៣៩នាក់ កំពុងបម្រើ ការងារក្នុងគម្រោងស្មើនឹង៧៨%នៃ កម្លាំងពលកម្មសរុប៤១៥៣នាក់ (ចិន៩១៤នាក់)។

ទី៦ ការផ្ទេរនូវបច្ចេកវិទ្យា៖ កំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍ នាំយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីសាងសង់បណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ ជូនប្រជាពលរដ្ឋកម្ពុជា ទី៧) សុខមាលភាពសាធារណៈ៖ ក្រុមហ៊ុនគោរពនូវវប្បធម៌របស់ម្ចាស់ប្រទេស និងយកចិត្តទុកដាក់ចំពោះ សុខមាលភាពសាធារណៈ និងគាំទ្រជានិច្ចចំពោះការអប់រំ និងបានត្រៀមខ្លួនចូលរួមចំណែកកសាងនូវ សង្គម និងសហគមន៍៕

 

តំបន់ជ្រោយចង្វារនៅតែបង្ហាញសក្តានុពលទាក់ទាញគម្រោងអភិវឌ្ឍន៍ ខណៈតម្រូវការដីធ្លីកើនឡើងជាបន្តបន្ទាប់

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកកជំនាញបានលើកឡើងថា ខណ្ឌជ្រោយចង្វារ ដែលជាខណ្ឌមួយកំពុងបង្ហាញសក្តានុពលទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗ មានរីកចម្រើនខ្លាំងទាំងវិស័យលំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំរុញឱ្យដីធ្លីនៅតែមានតម្រូវការពីសំណាក់វិនិយោគិន។

លោកស្រីតាំង ហួរបច្ចុប្បន្នជាប្រធានក្រុមហ៊ុន AMATAK Propery Serviceបានថ្លែងប្រាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ទោះបីស្ថិតក្នុងវិបត្តិកូវិដ១៩ក៏ដោយ ក៏វិស័យដីធ្លីនៅតំបន់ជ្រោយចង្វារនៅតែមានតម្រូវការជាបន្តបន្ទាប់ ហើយតម្លៃដីមិនមានការថមថយនោះទេ។

លោកស្រីបានបន្តថា “បច្ចុប្បន្ន តម្លៃដីនៅតំបន់នេះយើងលែងអាចរកបានក្នុងត្រឹម១០០ដុល្លារ ឬក្រោម១០០ដុល្លារក្នុងតំបន់ជ្រោយចង្វារ ដោយសារតំបន់នេះមានរីកចម្រើនខ្លាំងទាំងការអភិវឌ្ឍលំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន ដែលជំរុញឱ្យដីនៅតំបន់នៅតែមានតម្រូវ និងតម្លៃដីបន្តកើនឡើង”។

លោកស្រីបានឱ្យដឹងថា តំបន់នៅជិតជ្រោយចង្វារតម្លៃដីមានចាប់១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃដីជិតមាត់ទន្លេអាចរកទិញបានជាង២០០០ដុល្លារម៉ែត្រ ព្រោះវាជិតកណ្តាលក្រុងភ្នំពេញ ហើយតំបន់ឆ្ងាយពីស្ពានជ្រោយចង្វារទៅមុខមានតម្លចាប់២០០ដុល្លារទៅដល់៦០០ដុល្លារ អាស្រ័យលើចម្ងាយដី និងស្ថានភាពដីជាដើម។

លោកស្រីបានឱ្យដឹងទៀតថា ដីធំៗភាគច្រើននៅតំបន់ជ្រោយចង្វារសុទ្ធតែមានម្ចាស់ ហើយអ្នកខ្លះទុកសម្រាប់ការអភិវឌ្ឍន៍បុរី។ វិនិយោគិននៅតែមានស្វែងរកដីធ្លីនៅតំបន់ជ្រោយចង្វារ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍ជាដើម។

លោកស្រីអាន សុធីតាអ្នកនាញអចលនទ្រព្យអន្តរជាតិមួយរូប ដែលមានបទពិសោធន៍ជាច្រើន បានលើកឡើងថា ផ្លូវជាតិលខ៦ គឺស័ក្កសមជាលំនៅដ្ឋាន ហើយយើងឃើញមានការរីកចម្រើនខ្លាំង ទាក់ទងនឹងលំនៅដ្ឋានក្នុងរយៈ២ឬ៣ឆ្នាំចុងក្រោយនេះ។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្ន យើងឃើញថា មានការអភិវឌ្ឍនលំនៅដ្ឋានតម្លៃសមរម្យជាច្រើនចាប់ផ្តើមទៅទីនោះផងដែរ ប៉ុន្តែនៅចំណុចខ្វះខាតមួយ គឺអ្នកអភិវឌ្ឍន៍អន្តរជាតិ និងខ្វះតំបន់ពាណិជ្ជកម្មនៅឡើយ។ លោកស្រីបានថ្លែង តំបន់នេះសម្រុកលើលំនៅដ្ឋានមុន ហើយលំពាណិជ្ជកម្មនឹងអាចដើរតាមក្រោយការអភិវឌ្ឍលំនៅដ្ឋាន។

លោកស្រីបានឱ្យដឹងទៀតថា “ខ្ញុំគិតថា ក្នុងរយៈពេល៥ខាងមុខ តំបន់ជ្រោយចង្វារតំបន់ពាណិជ្ជកម្មថ្មីមួយ ដោយសារតំបន់នឹងទទួលបានការអភិវឌ្ឍអចលនទ្រព្យចម្រុះ”៕

រដ្ឋសភាកម្ពុជាគាំទ្រនិងអនុម័តទាំងស្រុងលើសេចក្ដីព្រៀងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភពលោក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សេចក្តីព្រៀងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ថា RCEP ដែលជាកិច្ចព្រមពាជ្ជកម្មធំបំផុតលើពិភពលោក បានធ្លាក់ដល់ដៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីពិនិត្យនិងអនុម័តសម្រាប់ការដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខឆាប់ៗនេះ។

នៅព្រឹកថ្ងៃទី២១ មិថុនា ២០២១នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិក៏បានចូលរួមក្នុងការការពារសេចក្ដីព្រាងច្បាប់នេះជាមួយគណៈកម្មការជំនាញរដ្ឋសភាផងដែរ។ អង្គប្រជុំបានសម្រេចគាំទ្រនិងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ និងត្រៀមដាក់ចូលជាធរមាននៅពេលបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មក្រោយការប្រជុំជាមួយរដ្ឋសភាបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់នេះ នឹងជំរុញឱ្យរួចរាល់នៅក្នុងឆ្នាំ២០២១នេះ នឹងត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនេះ បានស្វែងយល់ពីភាពចាំបាច់នៃកិច្ចព្រមព្រៀងអាសិប ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូ ដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក។

កិច្ចព្រមព្រៀងនេះនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ ការធ្វើសេចក្តីសម្រេចចិត្ត និងត្រូវបានដាក់ឱ្យចាប់ផ្តើមជាផ្លូវការ ដោយថ្នាក់ដឹកនាំអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ដែលព្រះរាជាណាចក្រកម្ពុជាជាប្រធានអាស៊ាន។

កិច្ចព្រមព្រៀងអាសិបនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីអាសិប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង ឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤។ កិច្ចព្រមព្រៀងអាសិប បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន៧,៣% វិនិយោគចំនួន២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕

ដំណឹងល្អៈរដ្ឋាភិបាលនឹងសិក្សាលទ្ឋភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់កុមារ នាពេលខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជានឹងសិក្សាក្នុងជំហានទី២ លើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើកុមារតូចៗចាប់ពី អាយុ៣ឆ្នាំដល់១៧ឆ្នាំនាពេលខាងមុខនេះ។

លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលចុះទទួលវ៉ាក់សាំងចំនួន ១ លានដូសរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនស៊ីណូវ៉ាក់ មានលទ្ធភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើកូនក្មេង ដែលមានអាយុចាប់ពី៣ ឆ្នាំដល់១៧ឆ្នាំ។ លោកស្រីបន្តថា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ ត្រូវធ្វើយ៉ាងណាចាក់ឱ្យគ្រប់ផែនការ សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅសិន។

លោកស្រីបន្តថា “យើងត្រូវធ្វើយ៉ាងណា ចាក់ឱ្យបានគ្រប់នៃផែនការរបស់រាជរដ្ឋាភិបាលសិន ហើយចំពោះស៊ីណូវ៉ាក់ដែលអាចមានលទ្ធភាពចាក់ឱ្យកូនក្មេង យើងនឹងធ្វើការជាមួយនឹងក្រុមហ៊ុនស៊ីណូវ៉ាក់”។លោកស្រីបន្តថា “គណៈកម្មការលទ្ធកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យពិចារណាថាតើជំហានទី២ នៃផែនការយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងនេះ នឹងត្រូវចាក់ទៅលើកូនក្មេងពីអាយុប៉ុន្មានដល់ប៉ុន្មាន ហើយក៏ត្រូវគិតពីប្រសិទ្ធភាពរបស់វ៉ាក់សាំងសម្រាប់កូនក្មេងនេះដែរ”។

ជាមួយគ្នានេះ លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា (WHO) ក៏បានលើកឡើងផងដែរថា WHO កំពុងតែធ្វើការប្រមូលនូវការសិក្សានានា ដែលពាក់ព័ន្ធទៅលើការចាក់វ៉ាក់សាំងនេះ ទៅដល់ក្រុមកុមារគឺក្រុមដែលមានអាយុក្រោម១៨ឆ្នាំ។

លោកស្រីបានបន្តថា “នៅពេលដែលមានការវិភាគបានត្រឹមត្រូវរួចហើយ ប្រហែលនៅពេលខាងមុខនេះ អាចនឹងមានការប្រែប្រួលទៅលើអនុសាសន៍ របស់អង្គការសុខភាពពិភពលោក”។ លោកស្រីបន្តថា “ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អង្គការសុខភាពពិភពលោក នៅតែទទូចផ្តល់អនុសាសន៍ទៅដល់ក្រុម ដែលងាយរងគ្រោះ គឺក្រុមគ្រូពេទ្យជួរមុខ ក្រុមមានវ័យចំណាស់ និងក្រុមផ្សេងៗដែលងាយរងគ្រោះដោយសារជំងឺកូវីដ ១៩”៕

 

បច្ចុប្បន្នភាពៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២លឿនជាងគ្រោងទុក

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យ ក្រុមហ៊ុនសាងសង់ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពន្លឿនការសាងសង់ផ្លូវល្បឿនលឿននេះ ឱ្យបញ្ចប់មកត្រឹមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យប្រជាពលរដ្ឋ និងសម្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនធំៗ ឆាប់បានប្រើប្រាស់។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះ នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២១នេះ ក្នុងពិធីចុះត្រួតពិនិត្យការអ៊ុតបេតុងកៅស៊ូ (គ.មលេខ៣៦ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ)។

លោកបានថ្លែងថា “គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ត្រូវបានរយៈពេល៤៨ខែ ដោយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ប៉ុន្តែក្រសួងបានស្នើដល់ក្រុមហ៊ុនសាងសង់នេះ ពន្លឿនឱ្យបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន មកត្រឹមខែកញ្ញា ឆ្នាំ២០២២”។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា នៅពេលការសាងសងសង់បានបញ្ចប់សព្វគ្រប់ យើងបានពិភ្សាជាមួយក្រុមហ៊ុន គួរអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ដោយឥតថ្លៃក្នុងរយៈពេលមួយសប្តាហ៍ ឬមួយខែ ដើម្បីឱ្យពួកគាត់ពីផ្លូវល្បឿនលឿនរបស់យើង។

លោកបានបន្តថា “ពេលយកថ្លៃដំណើរតាមផ្លូវល្បឿនលឿននេះ យើងក៏បានស្នើសុំក្រុមហ៊ុន បញ្ចុះតម្លៃសម្រាប់ប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះបាន”។ លោកបន្តថា “ជារួមតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន គេគិតថ្លៃចាប់ពី១០ទៅ១៥សេនដុល្លារ ក្នុងមួយគីឡូម៉ែត្រ ហើយផ្លូវរបស់យើងជាង២០០គីឡូម៉ែត្រ វាអស់ថ្លៃសេវាជាង២០ដុល្លារ គិតតាមស្តង់ដារក្នុងស្រុកគេ”។

លោកបានឱ្យដឹងទៀតថា ដូច្នេះ ស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះសេវាកម្មការ ដំណើរតាមផ្លូវល្បឿនលឿននេះ ដើម្បីអាចឱ្យប្រជាពលរដ្ឋកម្ពុជា មានលទ្ធភាពក្នុងការប្រើប្រាស់ផ្លូវនេះ ហើយនៅពេលកម្ពុជាមានសេដ្ឋកិច្ច កាន់តែរីកចម្រើននាពេលខាងមុខ ក្រុមហ៊ុនអាចយកថ្លៃសេវាកម្មបានពេញលេញ។

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលសាងសង់ផ្លូវល្បឿនលឿននេះ ទទួលបានការសម្បទានអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាលរយៈពេល៥០ឆ្នាំ និងចំណាយទុនអភិវឌ្ឍន៍២ពាន់លានដុល្លារ៕

តើផលចំណេញពីការវិនិយោគដីធ្លីនៅកម្ពុជាមានកម្រិតណាក្នុងមួយឆ្នាំ?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ផលចំណេញពីការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានអត្រាខ្ពស់បើធៀបនឹងការវិនិយោគលើផ្នែកដទៃទៀត ខណៈទីផ្សារដីធ្លីបានចាប់ផ្តើម មានភាពសកម្មឡើងវិញ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ផលចំណេញពីការវិនិយោគដីធ្លីក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ស្ថិតក្នុងរង្វង់១២ភាគរយប្រចាំឆ្នាំ ខណៈបណ្តាខេត្តនានាមានកំនើនផងដែរ ប៉ុន្តែតិចឬច្រើនអាស្រ័យលើសក្តានុពលតំបន់និមួយៗ។

លោកស្រីបន្តថា “ផលចំណេញពីការវិនិយោគផ្នែកដីធ្លី នៅតែមានភាពល្អប្រសើរ សំរាប់រយៈពេល១០ឆ្នាំខាងមុខ ដោយសារកម្ពុជាមានការអភិវឌ្ឍលឿន មានការវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ឋពីរដ្ឋាភិបាល”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រាសាសន៍ឲ្យដឹងផងដែរថា ផលចំណេញពីការវិនិយោគដីធ្លីនៅរាជធានីភ្នំពេញខ្ពស់ ដោយសារគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ការពង្រីកទីក្រុងជាបន្តបន្ទាប់ តម្លៃដីធ្លីនៅកម្ពុជាមានកម្រិតទាប ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកបន្តថា “ដីធ្លីនៅទីក្រុងនឹងកើនឡើង៥ដងទៀតនាពេលអនាគត ហើយតម្លៃដីនៅជាយក្រុងនឹងកើនឡើងកាន់តែច្រើនជាងនេះ អាស្រ័យលើទីតាំង និងសក្តានុពលរបស់តំបន់និមួយៗ”៕