ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្ពានកាត់ជ្រោះមួយ នៃគំរោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រវែងជាង២០០ម៉ែត្របានលេចចេញរូបរាងបណ្តើរៗហើយ ខណៈគំរោងផ្លូវប្រចែងជាង១៩០គីឡូម៉ែត្រនេះ ត្រៀមបញ្ចប់នាឆ្នាំ២០២២ខាងមុខ។

យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។
ស្ពាននេះ ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។

ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គម្រោងផ្លូវល្បឿនលឿន នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូមួយរបស់ចិននេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕






