គម្រោងពង្រីកផ្លូវជាតិលេខ១១តម្លៃជាង៩៤លានដុល្លារទទួលបានវិញ្ញាបនប័ត្រតេស្តគុណភាពដោយជោគជ័យ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿង និងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។

ស្ថានទូតចិនបានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ក្នុងរយៈពេលនៃការសាងសង់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។

លោករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។

រដ្ឋាភិបាលចិនបានផ្តល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានសម្បទាន។

កាលពីខែមីនា ឆ្នាំ២០១៨ លោកស៊ុន ចាន់ថុល បានអញ្ជើញចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គម ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវ ជាតិលេខ១) ខេត្តព្រៃវែង ដល់ ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។

គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ មានប្រវែងសរុប ៩៦.៤៨ គីឡូម៉ែត្រ ចាប់ពី អ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ផ្លូវជាតិនេះជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥ សង់ទីម៉ែត្រ លើកកម្ពស់ និងពង្រីកទទឹងផ្លូវពី៩ម៉ែត្រ ទៅ ១១ ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងទាំងក្រោមកំរាស់៦០ ស.ម មានទិសចរាចរណ៍ចំនួនពីរគន្លង (១ទៅ ១មក) បំពាក់ដោយផ្លាកសញ្ញាចរចរ គូសគំនូសចរាចរ បង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។

គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ៩៤.១៥ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ ដោយក្រុមហ៊ុនសាជីវកម្មថ្នល់-ស្ពាន ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុម ហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤៤ខែ ចាប់ពីខែមីនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ នៅដើម ឆ្នាំ២០២១ខាងមុខ៕

រដ្ឋាភិបាលគ្រោងពង្រីកផ្ទៃក្រឡានៅភាគជើងរាជធានីភ្នំពេញដើម្បីឆ្លើយតបនឹងភាពរីកចម្រើននាពេលអនាគត

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងបញ្ចូលគ្នារវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើង នៃខេត្តកណ្តាល (២ ០០០គីឡូម៉ែត្រក្រឡា) ដើម្បីពង្រីករាជធានីភ្នំពេញឱ្យកាន់តែធំ ឆ្លើយតបនឹងភាពរីកចម្រើននាពេលអនាគត។ នេះបើយោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ ចេញផ្សាយកាលពីថ្មីៗនេះ។

យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះថា ការបញ្ចូលគ្នារវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើងនៃខេត្តកណ្តាល (២០០០គីឡូម៉ែត្រក្រឡា) ឬជាមួយខេត្តកណ្តាលទាំងមូល (៤ ០០០គីឡូម៉ែត្រក្រឡា) ដើម្បីបង្កើតបានជារាជធានីភ្នំពេញធំមួយជាមួយនឹងលក្ខន្តិកៈពិសេសគឺរាជធានី។

រាជធានីនឹងមានស្វយ័ត ភាពហិរញ្ញវត្ថុមួយយ៉ាងធំដោយរួមបញ្ចូលទាំងការធ្វើវិនិយោគទុន និងលទ្ធភាពនៃការខ្ចីស្វ័យ័ត ភាពប្រាក់ផងដែរ។

ដំណោះស្រាយដែលមានភាពរលូនបំផុតនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាល កណ្ដាលដកខ្លួនចេញពីការធ្វើវិនិយោគសាធារណៈនៅរាជធានីភ្នំពេញ ហើយភ្នំពេញអាចរកបាននូវធនធានស្វយ័ត សម្រាប់ការអភិវឌ្ឍរបស់ខ្លួនជាមួយនឹងសារពើពន្ធមូលដ្ឋានទាំងឡាយដែល រាជធានីនឹងគ្រប់គ្រងដោយផ្ទាល់ ហើយក៏អាចមានលទ្ធភាពក្នុងការខ្ចីប្រាក់ដោយផ្ទាល់ពីម្ចាស់ ជំនួយអន្តរជាតិនានា។

រាជធានីភ្នំពេញធំនឹងមានសាមគ្គីភាពជាមួយខេត្តដទៃៗទៀតនៅក្នុងប្រទេស តាមរយៈសារពើពន្ធជាតិដែលករណីនេះបានដំណើរការស្រាប់ទៅហើយ នេះជាដំណោះស្រាយ ដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតសម្រាប់ការគ្រប់គ្រងទីក្រុងធំនានា៕

ដំណឹងល្អ! កម្ពុជា-ហុងកុងនឹងចាប់ផ្តើមដំណើរការជើងហោះឡើងវិញនៅចុងខែកក្កដានេះ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសថា ខ្លួននឹងចាប់ផ្តើមដំណើរការជើងហោះឡើងវិញ រវាងទីក្រុងហុងកុង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការប្រកាស លើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានរយៈពេល២សប្តាហ៍មួយជើង រវាងទីក្រុងហុងកុង និងរាជធានីភ្នំពេញ។

រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកជា អូនបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា សូមស្វាគមន៍ចំពោះការដំណើរការជើងហោះហើរ ឡើងវិញនេះ។

លោកបានបន្តថា ការដំណើរការឡើងវិញនេះ ភាគច្រើនជាជើងហោះហើរ ដើម្បីដឹកជញ្ជូនទំនិញ (Cargo) ប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូនភ្ញៀវ នៅមានកម្រិតតិចតូចបំផុត ដោយសារការរីករាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការចេញចូល របស់បណ្តាប្រទេស នៅលើពិភពលោក។

លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា ការហោះហើរនេះក៏ដើម្បីកុំឲ្យយន្តហោះទុកចោលយូរ ដែលអាចនឹងមានបញ្ហាខូចខាត ហើយអ្នកបើកបរយន្តហោះក៏ដូចគ្នាដែរ ដាច់ខាតត្រូវឲ្យមានការហោះហើរ យ៉ាងហោច៣ខែម្តង ដើម្បីរក្សានូវអាជ្ញាប័ណ្ណហោះហើររបស់ពួកគេ៕

ដំណឹងល្អ! សម្តេចតេជោសម្រេចបើកដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ដល់១៧ឆ្នាំ

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។

ឆ្លៀតនាឱកាសនោះ សម្តេចតេជោ បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

សម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ៕

គម្រោងយក្សតម្លៃ១,៨ពាន់លានដុល្លាររបស់ម៉ាឡេស៊ី ជាមួយក្រុមហ៊ុនផ្លូវដែកចិន China Railway ត្រូវជាប់គាំង

ដោយ សុខុម

គូឡាឡាំពួ: កិច្ចព្រមព្រៀងសម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅជិតទីក្រុងគូឡាឡាំពួ រវាងរដ្ឋាភិបាលម៉ាឡេស៊ី ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក Iskandar Waterfront Holdings (IWH) និងក្រុមហ៊ុនផ្លូវដែកចិន China Railway នឹងមិនដំណើរការ តាមអ្វីដែល គូភាគីបាន ព្រម ព្រៀង គ្នា ឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៥ កក្កដា។

គូភាគីបានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ទី១៤ កក្កដា ថា កិច្ចព្រមព្រៀងទំហំ១,៧៧ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយកភាគហ៊ុន៦០%ក្នុងគម្រោងពាណិជ្ជកម្មចម្រុះ Bandar Malaysia រវាងក្រុមហ៊ុន Iskandar Waterfront Holdings (IWH) និង ក្រុមហ៊ុនផ្លូវដែកចិន China Railway Engineering Corp (CREC) បានឈានដល់ការជាប់គាំងកាលពីថ្ងៃទី៦ ឧសភា បន្ទាប់ពីខ្វែងគំនិតគ្នាជុំវិញលក្ខខណ្ឌនានា។

គម្រោង Bandar Malaysia គឺជាគម្រោងសាងសង់ស្ថានីយសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរវាងក្រុងគូឡាឡាំពួ និងប្រទេសសិង្ហបុរី។ គម្រោងដែលកាន់កាប់ដោយក្រុមហ៊ុនរដ្ឋ TRX City ក្រោមចំណុះក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី នេះត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១១ ប៉ុន្តែ ត្រូវ បានលុបចោលវិញក្នុងឆ្នាំ២០១៧។ ទោះជា យ៉ាងណា គម្រោង នេះ ត្រូវបានព្រមព្រៀងឱ្យបន្តឡើងវិញនៅខែមេសា ឆ្នាំ២០១៩ ។

សេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា គូភាគីបានប្រឹងប្រែងអស់លទ្ធភាពហើយ នៅក្នុង ការរិះរកដំណោះស្រាយ ដើម្បីរក្សាការចាប់ដៃគូសហការគ្នានេះ ប៉ុន្តែ “ទោះជាខិតខំប្រឹងប្រែងបែបនេះក្ដី ក៏រហូតមកទល់បច្ចុប្បន្ន គូភាគី មិនទាន់ អាចឈាន ដល់ ការ ព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃការពន្យារពេលកិច្ចព្រមព្រៀងនេះដដែល”។

ក្រុមហ៊ុន IWH-CREC ដែលជាអ្នកអភិវឌ្ឍន៍ក្នុងគម្រោងបណ្តាក់ទុនរួមគ្នានេះបានបង់ប្រាក់តម្កល់ចំនួន២៩៥លានដុល្លារអាមេរិក ឱ្យ ទៅរដ្ឋាភិបាល ម៉ាឡេស៊ី កាលពីឆ្នាំមុនដើម្បីឱ្យខ្លួនអាចចាប់ផ្ដើមការងារលើគម្រោង Bandar Malaysia។

ការដាក់តម្កល់ប្រាក់នោះបានជំរុញឱ្យក្រុមហ៊ុន IWH ធ្វើផែនការចុះបញ្ជីនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១ ដើម្បី កៀរគរ ដើមទុនឱ្យបានយ៉ាងតិច១,១៩ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន TRX City និយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះគម្រោងនេះ ហើយថា “ផែនការអាជីវកម្ម និង ពាណិជ្ជកម្ម ណាមួយ នៅពេល អនាគតនឹងត្រូវធ្វើឱ្យល្អិតល្អន់ដោយគិតគូរ ឱ្យ បានគ្រប់ជ្រុងជ្រោយរាប់ចាប់ពីស្ថានភាពទីផ្សារ និងរបៀបវារៈសេដ្ឋកិច្ចសង្គមរបស់ជាតិ”។

សេចក្តី ថ្លែងការណ៍ដដែលលើកឡើងថា ក្រុមហ៊ុនផ្លូវដែកចិន China Railway Group នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន TRX City ក្នុង កិច្ចសហប្រតិបត្តិការនាពេលអនាគតនៅក្នុងប្រទេសនេះ៕

តើឧកញ៉ាហ៊ួត ជាប្រើយុទ្ធសាស្ត្រអ្វី អាចពង្រីក Franchise នៅកម្ពុជាបានច្រើនជាងគេ ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោកឧកញ៉ាហ៊ួត ជាអ្នកចែកចាយគ្រឿងសំណង់ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងបានចាប់ផ្ដើមអាជីវកម្មនេះនៅដើមឆ្នាំ២០១០ ដែលគិតមកដល់ពេលនេះមានរយៈពេលជាង១១ឆ្នាំហើយ និងបានបង្រីកសាខាជាពិសេសការលក់ Franchise ទៅកាន់ដៃគូអាជីវកម្មជាបន្តបន្ទាប់។

តើលោកឧកញ៉ាហ៊ួត ជាមានយុទ្ធសាស្ត្រអ្វីដែលធ្វើឱ្យលោកអាចលក់ Franchise បានច្រើនយ៉ាងនេះ?

លោកឧកញ៉ាបានមានប្រសាសន៍ថា កត្តាមួយចំនួន ដែលធ្វើឱ្យលោកទទួលបានជោគជ័យមកដល់ថ្ងៃនេះ និងបានលក់Franchise ទៅកាន់ដៃគូរបស់ខ្លួនក៏កាន់តែច្រើនដែរ។ តាំងពីការបង្កើតក្រុមហ៊ុនមក លោកបានព្យាយាមធ្វើអាជីវកម្មទៅលើផ្លូវមួយដែលល្អផ្លូវដែលត្រឹមត្រូវនិងមានគុណធម៌ ជាពិសេសនោះគឺការលក់សម្ភារៈជូនអតិថិជនប្រកបដោយទំនួលខុសត្រូវខ្ពស់។

លោកឧកញ៉ាបន្តថា កត្តាមួយទៀត ដែលធ្វើឱ្យលោកទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ គឺការផ្គត់ផ្គង់សម្ភារៈទំនើប តម្លៃសមរម្យតែមានគុណភាព ទៅកាន់ដៃគូនិងអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបមានអតិថិជនកាន់តែច្រើនបានគាំទ្រទៅលើក្រុមហ៊ុនរបស់ហ៊ួត ជា។

លោកបានថ្លែងថា “ពីរហេតុផលនេះហើយ ដែលធ្វើឱ្យក្រុមហ៊ុនហ៊ួត ជាមានសាខាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងមានការគាំទ្រកាន់តែច្រើនពីអតិថិជននៅក្នុងប្រទេសកម្ពុជា”។

លោកឧកញ៉ាបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនហ៊ួតជាបានលក់សិទ្ធិចែកចាយ ( Franchise ) ទៅកាន់អតិថិជនជាមួយនឹងតម្លៃត្រឹមតែ ៣០០០ដុល្លារក្នុងមួយសាខា ហើយក៏ទទួលបានការរីកចម្រើនជាងបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្ដល់នូវក្ដីស្រលាញ់ទៅអតិថិជនដែលជាដៃគូចែកចាយរបស់ខ្លួន ដោយផ្ដល់ជូននូវការគ្រប់គ្រងផ្នែកទីផ្សារ ធ្វើយ៉ាងណាឱ្យលក់ដាច់ធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត និងជាពិសេសគឺការផ្ដល់ជូននូវសម្ភារៈដែលមានគុណភាពខ្ពស់ទៅកាន់ដៃគូចែកចាយយកទៅលក់បន្ត។

លោកឧកញ៉ាបានបញ្ជាក់ថា សម្ភារៈដែលក្រុមហ៊ុនចែកចាយនិងផ្ដល់ជូនដៃគូចែកចាយរបស់ខ្លួនមានមកពីប្រទេសម៉ាឡេស៊ី ប្រទេសចិន ប្រទេសអេស្ប៉ាញ ប្រទេសវៀតណាមនិងប្រទេសថៃផងដែរ។ ក្រៅពីប្រទេសទាំងនេះ ក្រុមហ៊ុនក៏មានយកផលិតផលដែលផលិតក្នុងស្រុកដើម្បីចែកចាយដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ៕

វិធី៣យ៉ាងដើម្បីធ្វើឱ្យអចលនទ្រព្យរបស់អ្នកក្លាយជាប្រាក់ចំណូលបន្ថែមរបស់អ្នក

ដោយៈ ប៊ី

ភ្នំពេញៈ មានមនុស្សជាច្រើននិយាយអំពីការទិញអចលនទ្រព្យវិនិយោគដើម្បីទទួលបានផលចំណេញ ទោះជាយ៉ាងណា វាមិនមែនងាយស្រួលដូចជាអ្នកគិតនោះទេ។ ដើម្បីរកកម្រៃពីការវិនិយោគអចលនទ្រព្យ អ្នកត្រូវទិញអចលនទ្រព្យវិនិយោគ ដែលត្រឹមត្រូវហើយអ្នកត្រូវគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ។

មានវិធី៣យ៉ាង ដើម្បីឲ្យអចលនទ្រព្យរបស់អ្នកក្លាយជាប្រាក់ចំណូលបន្ថែមរបស់អ្នក និងគ្រួសាររបស់អ្នក។

១. ទិញអចលនទ្រព្យដើម្បីជួល៖
ប្រសិនបើលោកអ្នកចង់ឃើញការធ្វើវិនិយោគអចលនទ្រព្យថ្មីនោះបង្កើតប្រាក់កម្រៃភ្លាមៗ អ្នកគួរតែទិញអចលនទ្រព្យមួយដែលអ្នកអាចជួលបានយ៉ាងងាយស្រួល។

អត្ថប្រយោជន៍នៃការជួលអចលនទ្រព្យគឺថា អ្នកអាចលក់អចលនទ្រព្យនោះក្នុងតម្លៃខ្ពស់ ជាងតម្លៃដែលអ្នកបានទិញដោយសារតែការ ជួលអចលនទ្រព្យនោះ ហើយអ្នកក៏អាចប្រមូលចំណូលពីការជួលបន្ថែមទៀតផងដែរ។
ចំណូលពីការជួលនឹងជួយបំពេញបន្ថែមប្រាក់សំណងកម្ចីទិញផ្ទះរបស់អ្នក ឬក៏អាចលើសពីប្រាក់សំណងនោះទៀត។ អ្នកនឹងទទួលបានប្រាក់បន្ថែមជារៀងរាល់ខែក្នុងនាមជាម្ចាស់ដី។ពេលអ្នកទិញអចលនទ្រព្យក្នុងគោលបំណងជួលវា អ្នកត្រូវតែព្យាយាមជ្រើសរើសយកអចលនទ្រព្យដែលមានតម្លៃនៅលើទីផ្សារបច្ចុប្បន្ន។

២. ទិញអចលនទ្រព្យមួយដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងការរស់នៅ៖
នេះគឺជាអ្វីដែលមនុស្សភាគច្រើនគិតនៅពេលពួកគេគិតពីពាក្យ «អចលនទ្រព្យវិនិយោគ»។
ចូរធ្វើការវិនិយោគទៅលើអចលនទ្រព្យដែលអ្នកនឹងរស់នៅខ្លួនឯង និងសង្ឃឹមថា ខណៈពេលដែលអ្នកស្នាក់នៅទីនោះ តម្លៃដីធ្លីនឹងកើនឡើងគ្រប់គ្រាន់ដើម្បីបង់ប្រាក់កម្ចីទិញផ្ទះដែលអ្នកបានវិនិយោគក្នុងការទិញអចលនទ្រព្យនេះ។ បើផ្ទះនោះទទួលបានការចាប់អារម្មណ៍គ្រប់គ្រាន់ ខណៈពេលដែលអ្នកស្នាក់នៅផ្ទះនោះអ្នកនឹងរកកម្រៃបានច្រើនជាងកម្ចីទិញផ្ទះហើយ នេះគឺជាការរកប្រាក់ចំណេញរបស់អ្នក។

នោះក៏ជាការវិនិយោគមួយដែលសក័្តសមសម្រាប់អ្នកដែលមិនចង់ជួលអចលនទ្រព្យ។ នៅពេលដែលអ្នកជួលរយៈពេលយូរ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកកំពុងតែខ្ជះខ្ជាយលុយដើម្បីបង់ថ្លៃទៅម្ចាស់ដីរបស់អ្នក។

ប្រសិនបើអ្នកទិញអចលនទ្រព្យ លុយដែលបង់លើការជួលនោះត្រូវបានជំនួសវិញជាមួយការចំណាយលើការប្រាក់កម្ចីទិញផ្ទះ។ នៅពេលដែលអ្នក រើចេញពីផ្ទះនោះ អ្នកមានឱកាសរកប្រាក់ច្រើនជាងការចំណាយណាមួយនៃប្រាក់កម្ចីទិញផ្ទះនោះ។

៣. ទិញអចលនទ្រព្យមួយ បង្កើនតម្លៃរបស់វា ហើយលក់វាទៅវិញ
វិធីដែលលឿនបំផុតដើម្បីរកកម្រៃវិលត្រឡប់មកវិញនៅលើការវិនិយោគរបស់អ្នកគឺការទិញអចលនទ្រព្យដែលអ្នកអាចធ្វើការកែលម្អថ្មី ហើយបន្ទាប់មកលក់ចេញទៅវិញថ្លៃជាងតម្លៃដើមដែលអ្នកទិញមក។

គ្មានប្រាក់ណាបានមកងាយស្រួលនោះទេ ហើយវិនិយោគិនខ្លះមិនបានពិចារណាទៅលើការចំណាយជួសជុល និងលក់ត្រឡប់ទៅវិញឡើយ៕

កម្ពុជាចាប់ផ្ដើមអនុវត្ដច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាបានចាប់ផ្តើមអនុវត្តនូវច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។

លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់នេះ នឹងជំរុញឲ្យការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌។

លោកផាន អូនបានឲ្យដឹងថា ស្របពេលដែលអនុវត្ដច្បាប់នេះ មានវិធានការមួយចំនួន ក៏ត្រូវបានដាក់ឲ្យអនុវត្តផងដែរ ដោយរួមមាន៖ វិធានការពិន័យអន្តរការណ៍ ទណ្ឌកម្មផ្នែករដ្ឋបាល និងទណ្ឌកម្មដោយតុលាការ មានសមត្ថកិច្ច។

លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះស៊ើបអង្កេត ស្រាវជ្រាវ និងបានរកឃើញបទល្មើស មួយចំនួន នៅតាមបណ្តាទីតាំង អាជីវកម្មនានា ដោយបានអនុវត្តវិធានការ ពិន័យអន្តរការណ៍ចំពោះម្ចាស់អាជីវកម្ម ដែលបានប្រព្រឹត្តបទល្មើសផងដែរ។

លោកបន្ដទៀតថា ការអនុវត្តវិធានការច្បាប់ ចំពោះអំពើល្មើស និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នឹងបង្កើតបាននូវបរិយាកាស នៃការប្រកួតប្រជែង ក្នុងវិស័យ ពាណិជ្ជកម្ម សេវាកម្ម ប្រកបដោយយុត្តិធម៌ សមធម៌ ផ្តល់នូវទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងធុរជន ដែលជាកត្តាជំរុញឲ្យមានកំណើន អតិថិជនសម្រាប់ធុរជន ដែលប្រកបអាជីវកម្មដោយសុចរិត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ការអនុវត្តវិធានការច្បាប់ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គឺដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់ ទប់ស្កាត់ការប្រព្រឹត្តអំពើ និងសកម្មភាពមិនសុចរិត ការពារផលប្រយោជន៍ពាណិជ្ជករ បង្កើនផលិតភាព និងជំរុញឲ្យការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌”។

បើតាមប្រកាសអន្ដរក្រសួង ស្ដីពី នីតិវិធីពិន័យអន្ដរការណ៍ លើអំពើល្មើសនឹងច្បាប់ ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. មានភារកិច្ច៖

* ចេញកំណត់ត្រា ស្ដីពីបណ្ណពិន័យអន្តរការណ៍
* ចេញវិក្កយបត្របង់ប្រាក់ពិន័យអន្តរការណ៍ ទទួលប្រាក់ពិន័យអន្តរការណ៍ និងចេញបង្កាន់ដៃបង់ប្រាក់ឲ្យបុគ្គលល្មើស ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ
* គ្រប់គ្រងវិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ និងប្រាក់ចំណូលពីការពិន័យអន្តរការណ៍
* ចេញលិខិតជូនដំណឹងក្រើនរំលឹកចំពោះបុគ្គលល្មើស ឲ្យមកបង់ប្រាក់ពិន័យអន្តរការណ៍មិនឲ្យហួសកាលបរិច្ឆេទចុងក្រោយ ក្នុងករណីបុគ្គលនោះ មិនបានបង់ប្រាក់ពិន័យ ក្នុងរយៈពេល១៥ថ្ងៃ
* កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ជាធរមាន ទៅតុលាការមានសមត្ថកិច្ច ក្នុងករណីបុគ្គលល្មើស មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ នៅក្នុងរយៈពេលកំណត់៕

កម្ពុជាដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) ពីក្រុមហ៊ុនអាកាសរណ៍អន្តរជាតិ Singapore Airline មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange- CamDX) និងឈានទៅរៀបចំដាក់ឱ្យដំណើរការការទទួលព័ត៌មានកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR) នៅជំហានបន្ទាប់។

ការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ជាសមិទ្ធផល ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និង អង្គការគយពិភពលោក (World Custom Organization – WCO) នៃអង្គការសហប្រជាជាតិ ដែលបានស្នើសុំដល់បណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។

ប្រព័ន្ធ GTAS នេះ មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានសមត្ថភាពដូចខាងក្រោម៖ ១. ទទួលយកទិន្នន័យអ្នកដំណើរជាមុនតាមផ្លូវអាកាស ពីក្រុមហ៊ុនអាកាសចរណ៍ ២. ផ្ដល់ព័ត៌មានអ្នកដំណើរទៅអាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរ ផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In ៣. ធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀត ៤. អភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source) ៥. តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage) និង៦. ផ្ដល់ព័ត៌មានជាមុនដើម្បីវិភាគលើហានិភ័យការងារសំខាន់ៗមួយចំនួនដូចជា បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញឿន និងបទល្មើសឆ្លងដែននានា។

អនុលោមតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចលេខ ០៥៩ សហវ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលមានភារកិច្ចរៀបចំផែនការសកម្មភាពការងារដាក់ឱ្យ អនុវត្តប្រព័ន្ធ GTAS, រៀបចំសេចក្ដីណែនាំអនុវត្ត, ធ្វើការផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម។

ក្រុមការងារ ក.ប.អ. បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការត្រៀមដាក់អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស នៅ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ។

បន្ទាប់មក ក្រុមការងារ ក.ប.អ. បានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន អន្តរជាតិ (CAMS), ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air, និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាបន្តបន្ទាប់ ដើម្បីរៀបចំការតភ្ជាប់និងបញ្ជូនទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស រហូតសម្រេចបានដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ដើម្បីទទួលព័ត៌មានអ្នកដំណើរជាមុន (API) ជាជំហានដំបូង នាថ្ងៃនេះ៕

ទេសចរណ៍បាតសមូទ្រជាអ្វី?

ដោយ សហការី

ភ្នំពេញ៖ «ទេសចរណ៍បាតសមុទ្រ» សរសេរជាភាសាអង់គ្លេសគឺ SCUBA Diving Tourism ដែលពាក្យ SCUBA មកពីពាក្យ Self-Contained Underwater Breathing Apparatus (Orams, 1999)។

ទេសចរណ៍បាតសមុទ្រសំដៅដល់សកម្ម ភាពមនុស្ស ដែលធ្វើដំណើរចេញពីកន្លែងរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយស្លាក់នៅយ៉ាងតិចមួយយប់នៅគោលដៅទេសចរណ៍ណាមួយ ដើម្បីចូលរួមសកម្មភាពជ្រមុជទឹកមើលធនធានបាតុសមុទ្រ តាមរយៈឧបករណ៍ និងបច្ចេកទេស SCUBA ។