កម្ពុជាដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) ពីក្រុមហ៊ុនអាកាសរណ៍អន្តរជាតិ Singapore Airline មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange- CamDX) និងឈានទៅរៀបចំដាក់ឱ្យដំណើរការការទទួលព័ត៌មានកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR) នៅជំហានបន្ទាប់។

ការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ជាសមិទ្ធផល ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និង អង្គការគយពិភពលោក (World Custom Organization – WCO) នៃអង្គការសហប្រជាជាតិ ដែលបានស្នើសុំដល់បណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។

ប្រព័ន្ធ GTAS នេះ មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានសមត្ថភាពដូចខាងក្រោម៖ ១. ទទួលយកទិន្នន័យអ្នកដំណើរជាមុនតាមផ្លូវអាកាស ពីក្រុមហ៊ុនអាកាសចរណ៍ ២. ផ្ដល់ព័ត៌មានអ្នកដំណើរទៅអាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរ ផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In ៣. ធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀត ៤. អភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source) ៥. តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage) និង៦. ផ្ដល់ព័ត៌មានជាមុនដើម្បីវិភាគលើហានិភ័យការងារសំខាន់ៗមួយចំនួនដូចជា បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញឿន និងបទល្មើសឆ្លងដែននានា។

អនុលោមតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចលេខ ០៥៩ សហវ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលមានភារកិច្ចរៀបចំផែនការសកម្មភាពការងារដាក់ឱ្យ អនុវត្តប្រព័ន្ធ GTAS, រៀបចំសេចក្ដីណែនាំអនុវត្ត, ធ្វើការផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម។

ក្រុមការងារ ក.ប.អ. បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការត្រៀមដាក់អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស នៅ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ។

បន្ទាប់មក ក្រុមការងារ ក.ប.អ. បានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន អន្តរជាតិ (CAMS), ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air, និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាបន្តបន្ទាប់ ដើម្បីរៀបចំការតភ្ជាប់និងបញ្ជូនទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស រហូតសម្រេចបានដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ដើម្បីទទួលព័ត៌មានអ្នកដំណើរជាមុន (API) ជាជំហានដំបូង នាថ្ងៃនេះ៕

ទេសចរណ៍បាតសមូទ្រជាអ្វី?

ដោយ សហការី

ភ្នំពេញ៖ «ទេសចរណ៍បាតសមុទ្រ» សរសេរជាភាសាអង់គ្លេសគឺ SCUBA Diving Tourism ដែលពាក្យ SCUBA មកពីពាក្យ Self-Contained Underwater Breathing Apparatus (Orams, 1999)។

ទេសចរណ៍បាតសមុទ្រសំដៅដល់សកម្ម ភាពមនុស្ស ដែលធ្វើដំណើរចេញពីកន្លែងរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយស្លាក់នៅយ៉ាងតិចមួយយប់នៅគោលដៅទេសចរណ៍ណាមួយ ដើម្បីចូលរួមសកម្មភាពជ្រមុជទឹកមើលធនធានបាតុសមុទ្រ តាមរយៈឧបករណ៍ និងបច្ចេកទេស SCUBA ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបសម្រេច បានជាង៦៦ភាគរយហើយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ។ នេះបើតាមបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀ​មរាប ខេត្តសៀមរាប បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្រ្តីបានថ្លែងថា “វឌ្ឍនភាពការងារជារួម នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែក   ក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០”។

ឆ្លើយតបទៅនឹងរបាយការណ៍ ដែលបានលើកឡើង ដោយលោកទេសរដ្ឋមន្ត្រី សម្តេចពជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិទៀ បាញ់បានឯកភាពទៅលើវឌ្ឍនភាពការងារសម្រេចបាន៦៦,៣៤% ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ និងបានសន្និដ្ឋានថា ដោយពិនិត្យមើលការងារ ដែលនៅសេសសល់មួយចំនួនស្មើនឹង មួយភាគបីនៃទំហំការងារសរុប គម្រោងនេះនឹងអាចឆ្លើយតបជាមួយនឹងផែនការដែលបានដាក់ចុះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចង់បើកឱ្យមានភ្ញៀវទេសចរណ៍ចូលប្រទេសឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។

នៅពេលបញ្ចប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះ យ៉ាងពិតប្រាកដ ដោយហេតុថា គម្រោងនេះនឹងតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជាយក្រុង តំបន់ទេសច​រណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងវិនិយោគិនបង្កើតការងារធ្វើ ជូនប្រ

គំរោងធំៗចំនួន១០កំពុងបង្ហាញខ្លួននៅក្នុងគំរោងតារាសាគរ ខេត្តកោះកុងជាគំរោងវិនិយោគតម្លៃ៤០០០លានដុល្លារ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងតារាសាគរ ខេត្តកោះកុង ដែលបានប្រកាសដោយអតីតៈក្រុមហ៊ុនTienjing Union Development Group ជាគំរោងធំមួយគ្របដណ្តប់លើវិសាលភាពផ្ទៃដីជាង៥០០០០ហិកតា ជាមួយនឹងផែនការបោញទុនវិនិយោគ៤០០០លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាគំរោងដ៏ធំនេះ ហាក់ស្ថិតក្នុងអាថ៌កំបាំងនៅឡើយ ដែលរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋខ្មែរសាមញ្ញមិនទាន់អាចចូលទស្សនា និងដឹងពីគំរោងនេះថា ធ្វើអ្វីខ្លះនៅឡើយទេ។

ជាមួយនឹងផែនការប្រកបដោយមហិច្ឆតា ក្រុមហ៊ុននេះបានបញ្ចប់ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិរបស់ខ្លូន ជាមួយនឹងវត្តមានកំពង់ផែទឹកជ្រៅ តំបន់វិស្សមកាល និងសេវាកម្មជាច្រើនទៀត។

គេហទំព័រPropertyarea.asia សូមលើកយកនូវផែនការអភិវឌ្ឈន៍ជាច្រើនពីគំរោងនេះ ដើម្បីជំរាបជូនមិត្តអ្នកអាន។

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់

ការវិនិយោគលើ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​គោលដៅ​ចម្បង របស់គំរោងនេះ បន្ទាប់ពីឆ្លងកាត់​អស់​រយៈ​ពេល​ប្រមាណ​ជាង​ដប់​ឆ្នាំ គម្រោង​តារាសាគរ​បាន​សាងសង់​ផ្លូវថ្នល់​កម្រិត​ខុសៗគ្នា​ជាង300គីឡូម៉ែត្រ រួម​ទាំង​ផ្លូវ​ “វិថីភូថង” ប្រវែង​ជាង​68គីឡូម៉ែត្រ បំបែក​ពី​ផ្លូវ​ជាតិលេខ៤៨ គឺជាវិថីកម្រិតខ្ពស់ ដែលមានផ្លូវពីរទិសបួនគន្លងភ្ជាប់ផ្លូវជាតិលេខ៤៨និងផ្លូវជាតិលេខ៤។

ផ្លូវជាតិដ៏សំខាន់នេះ ​ក៏​នឹង​ភ្ជាប់​ជាមួយ​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​​ដែលកំពុង​សាងសង់​ ហើយ​ពេល​បញ្ចប់ ការ​ចំណាយ​ពេល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​តារា​សាគរ​ នឹង​កាត់​បន្ថយ​មក​នៅ​ត្រឹម​ចន្លោះ​ពេល​ពីរ​ម៉ោង​ប៉ុណ្ណោះ។

ទីលាន​វាយ​កូន​ហ្គោល​លំដាប់អន្តរជាតិ

ក្រុមហ៊ុនវិនិយោគគំរោងតារាសាគរ ក៏បានវិនិយោគសាងសង់ទីលាន​វាយ​កូន      ​ហ្គោល​លំដាប់​អន្តរជាតិមាន៣៦ឡូ ក៏​បាន​រួចរាល់​ទាំង​ស្រុង។ ទីលាននេះ​ធ្លាប់​​រៀបចំ​​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​វាយកូន​គោល ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​ ២០១៨ ដែល​មាន​ការ​ចូលរួម​ពី​មន្រ្តី​រដ្ឋាភិបាល កីឡាករ​វាយ​កូនគោល​អាជីព និង​មិន​អាជីព​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​។

កាស៊ីណូនិងមណ្ឌលកំសាន្ត

អភិបាលខេត្តកំពង់ស្ពឺកំពុងជម្រុញតំបន់ជាប់ផ្លូវជាតិលេខ៤៤ទៅជាតំបន់ ឧស្សាហកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងជម្រុញ និងលើកទឹកចិត្តប្រែក្លាយតំបន់នៅជាប់ផ្លូវជាតិលេខ៤៤ ជាតំបន់ឧស្សា​ហកម្ម។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៥ កក្កដានេះថា បច្ចុ​ប្បន្ននៅក្នុងខេត្ត មិនទាន់មានគំរោងវិនិយោគថ្មីៗ ពិសេសវិនិយោគិនអន្តរជាតិបានចូលមកដល់នៅឡើយទេ ដោយសារបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែមានសកម្មភាពសាងសង់រោងចក្រថ្មីៗ ដែលរើចេញពីរាជធានីភ្នំពេញ មកកាន់តំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ប៉ុន្តែគោលដៅរបស់ខេត្តចង់រុញតំបន់ជាប់ផ្លូវជាតិលេខ៤៤ ក្លាយជាតំបន់ឧស្សាហកម្មរបស់ខេត្ត។

លោកបន្តថា “ផ្លូវជាតិលេខ៤៤ ដែលឆ្ពោះទៅកាន់ស្រុកឱរ៉ាល់នេះ កំពុងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម ស្របពេលតម្លៃដីធ្លីនៅធូរថ្លៃល្មម ប៉ុន្តែយ៉ាងណាក៏ដោយទោះបីមានវិបត្តិក្តី តែតម្លៃដីធ្លីនៅកំពង់ស្ពឺមិនធ្លាក់ចុះនោះទេ”។លោកបន្តថា “សក​ម្ម​ភាពទិញលក់ដីធ្លី សកម្មភាពរើសកម្មកររោងចក្រ នៅតែបន្តមានពីសំណាក់ថៅកែ​រោងចក្រ សហគ្រាសនានា”។

លោកវ៉ី សំណាងបានបន្តថា បច្ចុប្បន្នក្រៅពីផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៤១ លោកមើលឃើញតំបន់ ស្ថិតនៅជុំវិញផ្លូវជាតិលេខ៥១ ពិសេសតំបន់ឧត្តុង កំពុងមានសកម្មភាពអភិវឌ្ឍន៍ច្រើនជាងគេទាំងរោងចក្រ សហគ្រាស បុរី រមណីយដ្ឋានទេសចរណ៍​កែច្នៃផងដែរ។

ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះតំបន់ផ្លូវជាតិលេខ៤៤ ហាក់នៅឆ្ងាយបន្តិច ប៉ុន្តែតំបន់នេះមានអនាគតល្អប្រសើរ ព្រោះដីនៅតំបន់នេះមានតម្លៃទាបនៅឡើយ ដោយមួយម៉ែត្រការ៉េមាន​តម្លៃចន្លោះពី១០ទៅ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ សំរាប់ដីជាប់ថ្នល់ធំ។

លោកបន្តថា “បច្ចុប្បន្នដីនៅតំបន់នេះ ស្ថិតនៅក្នុងសភាពទ្រឹងនៅឡើយ ដោយសា​រការទិញលក់ហាក់ស្ងប់ស្ងាត់ ដោយសារមិនសូវមានអ្នកវិនិយោគអន្តរជាតិចូលមក ព្រោះដោយសារជំងឺកូវីដ១៩”។ លោកបន្តថា “តំបន់នេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ពិសេសបន្ទាប់ពីផ្លូវជាតិលេខ៤១ ផ្លូវ៥១ ផ្លូវលេខ១៣០ និងផ្លូវ១៤០មានការអភិវឌ្ឍច្រើនរួចហើយ”៕

ភូមិសាស្រ្តនយោបាយៈជប៉ុនចាត់ទុកភាពតានតឹងជុំវិញកោះតៃវ៉ាន់ថាជាហានិភ័យភ្នែកសន្តិសុខក្នុងតំបន់

ដោយៈសុខុម

តូក្យូ: រដ្ឋាភិបាលជប៉ុនជឿថា ភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញ កោះតៃវ៉ាន់ ទាម​ទារឱ្យខ្លួនយកចិត្តទុកដាក់ខ្ពស់ ស្របពេលមហាយក្សចិន កំពុងបង្កើនសកម្មភាពយោធាក្នុងតំបន់នោះ ខណៈសហរដ្ឋអាមេរិក ក៏បង្កើនការគាំទ្រដល់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ នេះតាមកាសែត The Asahi Simbun ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា។

ការព្រួយបារម្ភរបស់ប្រទេសជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក និងសកម្មភាពយោធាដែ​លកាន់តែគឃ្លើនរបស់ចិន នៅក្នុងតំបន់ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុន សម្រេចដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។

របាយការណ៍នោះបានលើកឡើងថា “ការធ្វើឱ្យស្ថានភាពកោះតៃវ៉ាន់ មានស្ថិរភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខជាតិរបស់ប្រទេសជប៉ុន និងស្ថិរភាពរបស់សហគមន៍អន្តរជាតិ”។ លោកបន្តថា “យើងចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យជាប់ចំពោះវិបត្តិដែលធ្ងន់ធ្ងរមិនធ្លាប់មាន”។

នៅពេលប្រទេសចិន បញ្ចេញសាច់ដុំរបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កោះតៃវ៉ាន់ បានក្លាយជាចំណុចផ្ទាំងស៊ីបក្នុងតំបន់ នៅពេលជប៉ុនសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត រឹតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកោះនេះ ដែលរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកជាដែនដីរបស់ខ្លួនរហូតមក។

របាយការណ៍ដដែលបានបន្ថែមថា “នៅពេលប្រទេសចិន ពង្រឹងឥទ្ធិពលយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរក្នុងតុល្យភាពអំណាចយោធា រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន អាចនឹងជះផលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដូចនេះចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងជាងមុន ចំពោះនិន្នាការយោធានៃប្រទេសទាំង២ក្នុងតំបន់ដូចជា សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ជាដើម”។

ជាការតឆ្លើយតប លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុករបាយការណ៍នេះថាជា “ការភាន់ច្រលំធំ និងគ្មានទំនួលខុសត្រូវ”។

កោះតៃវ៉ាន់ បានស្ថិតក្រោមនឹកអាណានិគមរបស់ជប៉ុន អស់រយៈពេល៥០ឆ្នាំរហូតដល់ឆ្នាំ១៩៤៥ ហើយទំនាក់ទំនងរវាងភាគីទាំង២នៅតែរឹងមាំដដែល។

របាយការណ៍ដដែលអះអាងថា ប្រទេសចិន បានបង្កើនសមត្ថភាពយោធារបស់ខ្លួនរយៈពេល២០ឆ្នាំមកហើយ ដោយការចំណាយលើវិស័យការពារជាតិរបស់ខ្លួនធំជាងការចំណាយលើវិស័យយោធា របស់កោះតៃវ៉ាន់យ៉ាងតិច១៦ដង។ ថវិកាយោធារបស់ចិន ដែលមានចំនួនដល់ទៅ១៨១,៦ពាន់លានដុល្លារ គឺច្រើនជាងថវិកាចំណាយលើយោធាជប៉ុនរហូតដល់ទៅ៤ដង។

ប្រទេសចិន ក៏បានព្យាយាមកាត់បន្ថយ ទំនាក់ទំនងការទូតរបស់កោះតៃវ៉ាន់ផងដែរ ដោយធ្វើឱ្យទំនាក់ទំនងការទូតផ្លូវការ ជាមួយកោះនេះសល់ត្រឹមជាង១០ប្រទេប៉ុ   ណ្ណោះ។ កោះតៃវ៉ាន់ នៅតែដំណើរការបណ្តាញការិយាល័យ ពាណិជ្ជកម្មរបស់ខ្លួនធ្វើជាស្ថានទូតនៅក្រៅប្រទេស រួមទាំងនៅសហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសធំៗដទៃទៀត។

ប្រទេសជប៉ុន មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះបញ្ហាសន្តិសុខរបស់កោះតៃវ៉ាន់ ស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ជប៉ុន បានបង្កើនការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់ រួមទាំងការបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ និងការលក់សព្វាអាវុធទៅឱ្យកោះនេះផង។

របាយការណ៍ខាងលើបានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់ចិន និងក   ង្វះព័ត៌មានច្បាស់លាស់ ជុំវិញការចំណាយរបស់ប្រទេសចិន លើវិស័យការពារជាតិរបស់ខ្លួន “បានក្លាយជាបញ្ហាកង្វល់យ៉ាងខ្លាំងចំពោះតំបន់ ក្នុងនោះរួមមានទាំងជប៉ុន និងសហគមន៍អន្តរជាតិផងដែរ”។

ទន្ទឹមនេះ ប្រទេសចិន ក៏បានអះអាងកាន់កាប់ស្ទើរតែទាំងអស់ នៃសមុទ្រចិនខាងត្បូង បានសាងសង់មូលដ្ឋានយោធា នៅលើកោះសិប្បនិម្មិតនានា ក្នុងតំបន់មានជម្លោះ ហើយតែងតែប្រឆាំង រាល់សកម្មភាពរបស់យោធាអាមេរិក នៅក្នុងតំបន់។ សហរដ្ឋអាមេរិក មិនអះអាងកាន់កាប់ដែនសមុទ្រនេះឡើយ ប៉ុន្តែបានបញ្ជូននាវាចម្បាំង និងយន្ដហោះរាប់ទសវត្សរ៍មកហើយដើម្បីល្បាត និងការពារការហោះហើរឆ្លងកាត់ដែនទឹក ដែលមមា​ញឹកនេះ៕

សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំបស់កូរ៉េខាងត្បូងសម្រេចពង្រីកទុនវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group របស់កូរ៉េខាងត្បូងសម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ បន្ទាប់ពីកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ DGB Financial Group ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានថ្លែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ លោក និងសហការីបានចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ជាមួយ ប្រធានសម្ព័ន្ធប្រធានDGB Financial Group និងអភិបាលខណ្ឌសហ្គូ ដោយមជ្ឈមណ្ឌលនេះ មានការឧបត្ថមពីធនាគារ DGB Daegu Bank។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកបានថ្លែងថា “ខ្ញុំបានលើកឡើងដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះMOU ជាមួយគ្នាកន្លងមក”។

លោកក៏បានឆ្លៀតជួបពិភាក្សាការងារដោយឡែកជាមួយនឹងប្រធានសម្ព័ន្ធ DGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank អំពី ការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ការបញ្ចុះអត្រាការប្រាក់ពិសេសសម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ការផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជាដែលបានរៀនចប់នៅប្រទេសកូរ៉េ ដើម្បីបម្រើការងារនៅក្នុងធនាគារ និងការឧបត្ថមគាំទ្រផ្នែកមនុស្សធម៌ទាំងនៅកម្ពុជា និងប្រទេសកូរ៉េ ដល់ប្រជាជនកម្ពុជា។

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានថ្លែងដូច្នេះថា “លទ្ធផល សម្ព័ន្ធ DGB សម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ ហើយបានជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរ ធនាគារ សម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ៤ភាគរយសម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ”។

លោកបានថ្លែងបន្តថា ការជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺនដុល្លាអាមេរិក ដល់ការគម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជា។

ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងមានទំហំទឹកប្រាក់សរុប ៣៧៧ លានដុល្លារ ក្នុងរយៈពេលប្រាំខែឆ្នាំ២០២០ កើនឡើង៦,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
យោងតាមរបាយការណ៍ពីសហគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចាប់ពីខែមករា ដល់ខែឧសភា ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាទៅទីផ្សារកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ ប្រមាណ១៣៩លានដុល្លារ ថយចុះ ០,៤ភាគរយ ធៀបនឹងរយៈពេលប្រាំខែឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជានាំចូលទំនិញពីកូរ៉េខាងត្បូង មានទំហំទឹកប្រាក់សរុប២៣៧លានដុល្លារ កើនឡើង១០,២ភាគរយ៕

ក្រុមហ៊ុនLSCGនឹងសាងសង់ខុនដូដំបូងគេនៅទីក្រុងកោះនរាមុនគេនាពេលខាងមុខ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ
ក្រុមហ៊ុនLSCGនឹងសាងសង់គំរោងខុនដូធំមួយ នៅទីក្រុងរណបកោះនរាជាលើកដំបូង និងមុនគេនៅក្នុងទីក្រុងកោះនរានាពេលខាងមុខនេះ ខណៈការសាង សង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះកំពុងធ្វើឡើងយ៉ាងសកម្ម។

អគ្គនាយកក្រុមហ៊ុនLSCGលោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ កក្កដានេះថា ក្រុមហ៊ុននឹងសាងសង់គំរោងខុនដូមួយ នៅលើទីក្រុងកោះនរានាពេលខាងមុខនេះ តាមផែនការដែលមានស្រាប់ ខណៈទីក្រុងថ្មីនេះមានទស្សនទានអភិវឌ្ឍន៍ស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រនាពេលអនាគត។

លោកបន្តថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ យើងមិនអាចបង្ហើបពីព៌តមាននេះលំអិតនៅឡើយទេ ប៉ុន្តែការសាងសង់នេះនឹងធ្វើឡើង ដោយសហការជាមួយក្រុមហ៊ុនចិនដ៏ធំមួយ”។លោកបន្តថា “ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើន និងកំពុងទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគត”។

ក្រុមហ៊ុនLSCGបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទទួលបានសិទ្ឋស្តារបឹង៥០០ ដែលមានទីតាំងនៅជិតព្រលានយន្តហោះថ្មី នាខេត្តកណ្តាល ព្រំប្រទល់ខេត្តតាកែវ។

លោកលី សុខឆាយជាសហគ្រិនវ័យក្មេងមួយរូបបានបន្តថា គំរោងសាងសង់ខុនដូនេះនឹងធ្វើនាពេលខាងមុខ ដោយក្រុមហ៊ុនទទួលបានសិទ្ឋវិនិយោគ លើទីក្រុងកោះនរារួចហើយ។លោកបន្តថា នេះជាគំរោងទី១ នៅលើទីក្រុងកោះនរា ព្រោះរហូតមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាមួយ ប្រកាសពីការវិនិយោគគំរោងណាមួយ លើទីក្រុងកោះនរានៅឡើយទេ៕

ទីក្រុងកោះនរាមានផ្ទៃដីទំហំ១២៥ហិកតា ដែលកំពុងវិនិយោគដោយក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក ដែលបាននិងកំពុងបោះទុនវិនិយោគ២៥០០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋលើទីក្រុងនេះ៕

ក្រុមហ៊ុនដ៏ធំរបស់ថៃគ្រោង៦០លានដុល្លារសាងសង់គម្រោងរីហ្សតនៅប្រទេសដែនកោះម៉ាល់ឌីវ

ដោយៈ សុខុម

បាងកក: ដោយមើលឃើញពីសក្ដានុពលរីកចម្រើនខ្លាំងសម្រាប់វិស័យទេសចរណ៍នៅប្រទេសដែនកោះម៉ាល់ឌីវ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ក្រុមហ៊ុនបដិសណ្ឋារកិច្ចថៃ S Hotels & Resorts (SHR) នឹងបើកដំណើរការគម្រោងរីហ្សតថ្មីរបស់ខ្លួនមានឈ្មោះថា SO/ Maldives ឆាប់ៗនេះ។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា នេះឱ្យដឹងថា គម្រោងដែលមានទំវិនិយោគ៦០លានដុល្លារអាមេរិក នេះនឹងបើកដំណើរការនៅត្រឹមឆ្នាំ២០២៣។

លោក Dirk De Cuyper ប្រធានផ្នែកបដិសណ្ឋារកិច្ចនៅក្រុមហ៊ុន SHR បានថ្លែងថា ការសាងសង់រីហ្សតដែលមានផ្ទះលម្ហែកាយប្រភេទវីឡាចំនួន៨០ខ្នងនេះនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២១ នេះនៅលើកោះទី៣ នៃគម្រោងទេសចរណ៍ Crossroad Maldives ដែលជាគម្រោងរីហ្សតចម្រុះរបស់ក្រុមហ៊ុន SHR នៅបឹងទឹកប្រៃ Emboodhoo Lagoon។

គម្រោងអភិវឌ្ឍន៍ដែលកាន់កាប់តាមរយៈការបណ្តាក់ទុនរួមស្មើគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ Wai Eco World Developer ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា នេះនឹងក្លាយជាគម្រោងរីហ្សតទី៣ នៅក្នុងគម្រោង Crossroads Maldives បន្ទាប់ពីគម្រោង SAii Lagoon Maldives និងគម្រោង Hard Rock Hotel Maldives បានបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០១៩។

លោក Andrew Langdon អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនបដិសណ្ឋារកិច្ចបារាំង Accor ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានថ្លែងថា គម្រោង SO/ Maldives នឹងក្លាយជាគម្រោងដំបូងបង្អស់ដែលនឹងត្រូវដំណើរការក្រោមម៉ាកយីហោ (Brand) នេះក្នុងប្រទេសម៉ាល់ឌីវ។

លោក Dirk De Cuyper លើកឡើងថា ការកើនឡើងនូវករណីឆ្លងវីរុសកូវីដ-១៩ នៅម៉ាល់ឌីវ នឹងជះផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះសម្រាប់អាជីវកម្ម ខណៈការឆ្លងកើតមានភាគច្រើនតែនៅក្នុងទីក្រុងរាជធានី Male ចំណែកឯកោះផ្សេងៗទៀតនៅតែបើកស្វាគមន៍ភ្ញៀវទេសចរជាធម្មតា។

ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលស្ថិតក្នុងចំណោមទីផ្សារធំៗនឹងចាប់ផ្តើមធ្វើដំណើរកម្សាន្តឡើងវិញ នៅពេលរដ្ឋាភិបាលម៉ាល់ឌីវ បន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរនៅអាស៊ីខាងត្បូង ដែលបានចាប់ផ្តើមនៅថ្ងៃនេះ។

លោក Dirk De Cuyper បានគូសបញ្ជាក់ថា “យើងអាចមើលឃើញទស្សនវិស័យវិជ្ជមានសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ និងឈានចូលដល់ឆ្នាំ២០២២ ដោយប្រទេសម៉ាល់ឌីវ ទំនងជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាពបំផុត”៕

អាជ្ញាធរខេត្តកំពតបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់និងមោឃភាពចំពោះការចុះហត្ថលេខាផ្ទេរសិទ្ធិកាន់កាប់ដីរដ្ឋ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អភិបាលខេត្តកំពតលោកជាយ តាយបានបញ្ជាទៅអភិបាលក្រុងស្រុកទាំងអស់ក្នុងខេត្តកំពតឱ្យបញ្ឈប់ជាបន្ទាន់និងមោឃភាពនូវរាល់ការចុះហត្ថលេខាឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀអភិរក្សជីវៈចម្រុះ

យោងតាមលិខិតរបស់លោកជា តាយអភិបាលខេត្តកំពតផ្ញើជូនអភិបាលក្រុងស្រុក ក្នុងខេត្តកំពតឱ្យដឹងកាលពីថ្មីៗនេះថា តាមរយៈក្រសួងបរិស្ថាន បានសង្កេតឃើញថា រដ្ឋបាលឃុំ សង្កាត់មួយចំនួននៅតែបន្តធ្វើការចុះហត្ថលេខាឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅលើដីដែលបានកាប់ឆ្ការរុករាន ទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលស្ថិតនៅតំបន់ការពារធម្មជាតិ និងរបៀងអភរក្សជីវៈចម្រុះ ដែលទង្វើទាំងនេះ ជាអំពើផ្ទុយនឹងច្បាប់។

ក្នុងលិខិតរបស់លោកជាវ តាយបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់និងបដិសេធចោលនូវអនុភាពនានារបស់ឯកសាររដ្ឋបាលខេត្តស្នើឱ្យអភិបាលក្រុងស្រុកចាត់វិធានការមួយចំនួនដោយៈ

១. បដិសេធនិងមោឃភាព រាល់លិខិត និងឯកសារទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់បានចុះហត្ថលេខាបញ្ជាក់ពេលកន្លងមក ។

២. សូមណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការអារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។

៣. ផ្ដល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះរដ្ឋបាលឃុំ សង្កាត់ណាដែលនៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍នៅលើដីដែលបានកាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទិ្ធក្នុងបំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុក។

តាមការបញ្ជាក់ពីភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី សកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តកំពតនៅតែបន្តមានសកម្មភាពទិញលក់ជាបន្តបន្ទាប់ជាពិសេសប្រភេទដីសម្រាប់សង់ផ្ទះលំហែកាយនៅតំបន់ក្រុងថ្មីនៃខេត្តកំពតគឺក្រុងបូកគោ។ មិនតែប៉ុន្តែសកម្មភាព នៃការអភិវឌ្ឍសំណង់នៅក្នុងខេត្តនេះ ក៏នៅតែមានតែដំណើរជាធម្មតាផងដែរនៅក្នុងវិបត្តិនៃជំងឺសកលមួយនេះ៕