អ្នកជំនាញបញ្ជាក់ថាតម្លៃដីធ្លីជុំវិញទីក្រុងភ្នំពេញ៥០គីឡូម៉ែត្រកើនឡើងដល់១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ និងបានជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើនក្ដី តែសម្រាប់តម្លៃដីធ្លីនៅតែបន្តរក្សាតម្លៃមួយល្អប្រសើរ ជាក់ស្ដែងតម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញជា ពិសេសតម្លៃដីនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ នៅតែរក្សាបានល្អ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា នៅតម្លៃដីធ្លីនៅជុំវិញរាជធានីចម្ងាយ៥០គីឡូម៉ែត្រ គឺនៅតែល្អប្រសើរ ក្នុងរង្វន់មិនក្រោម១០០ដុល្លារអាមេរិកទេក្នុងមួយម៉ែត្រការ៉េ។ ផ្លូវជាតិលេខ៤ ៥០គីឡូម៉ែត្រពីភ្នំពេញអាចនិយាយថា ហួសទីរួមខេត្តកំពង់ស្ពឺទៅទៀត តម្លៃដីធ្លីខ្ទង់១០០ដុល្លារអាមេរិកដែរ។

លោកបានបន្តថា ផ្លូវជាតិសំខាន់ៗផ្សេងទៀតដូចជាផ្លូវជាតិលេខ៦ ចេញពីក្រុង៥០គីឡូម៉ែត្រហើយក៏តម្លៃនៅជុំវិញ១០០ដុល្លារអាមេរិកដែរ ហើយផ្លូវជាតិ១ក៏ដូចគ្នា ចេញពីក្រុង៥០គីឡូម៉ែត្រក៏តម្លៃប្រហាក់ប្រហែលគ្នានេះដែរ។

លោកបន្ថែមថា បើយើងប្រៀបធៀបតម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញ៥០គីឡូម៉ែត្រដូចគ្នា គ្មានតំបន់ណាថោកជាងតំបន់អរិយក្សត្រនោះទេ។ តំបន់ 7NG បើយើងវាស់ចេញពីភ្នំពេញទៅមានចម្ងាយប្រហែលជា៣០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែតម្លៃដីធ្លីនៅក្រោម១០០ដុល្លារអាមេរិកនៅឡើយទេ។

លោកបានថ្លែងថា នៅស្រុកល្វាឯមក្នុងតំបន់អរិយក្សត្រវិញក៏ដូចគ្នាដែរ តម្លៃដីធ្លីខ្លះមានត្រឹម២០ដុល្លារឬ៣០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ ដែលអាចបញ្ជាក់ថាតំបន់ទាំងនេះតម្លៃនៅទាបជាងតំបន់ផ្សេងទៀតដែលមានផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ។

លោកបានបញ្ជាក់ដូច្នេះថា “តំបន់ទាំងនេះរង់ចាំតែស្ពានមកដល់ រង់ចាំតែរដ្ឋាភិបាលសាងសង់ស្ពានប៉ុណ្ណោះ វានឹងឡើងថ្លៃ។ តែបើទោះបីជាស្ពានមិនទាន់សាងសង់ក៏ពិតមែនក្ដី អ្នកវិនិយោគក៏គួរតែសម្លឹងមើលពីតំបន់នេះរួចជាស្រេច ព្រោះមិនយូរទេ រដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្ពោះទៅតំបន់អរិយក្សត្រជាក់ជាមិនខាន”។

លោកសុខ នឿនបានឱ្យដឹងទៀតថា បើទោះបីជាតម្លៃដីធ្លីនៅតំបន់អរិយក្សត្រ ស្រុកខ្សាច់កណ្ដាលនិងស្រុកល្វាឯមនៅមានកម្រិតក៏ពិតមែន ប៉ុន្តែបើធៀបនឹងពីមុនតម្លៃនេះ បានឡើងជាបន្តបន្ទាប់ ហើយនៅតែបន្តការកើនឡើងបន្តទៀត ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកុវីដ១៩ក៏ដោយ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានឱ្យដឹងផងដែរថា ការរីកសាយនៃទីក្រុងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់ជាយៗក្រុងកាន់តែឡើងថ្លៃ ហើយវាកាន់តែរីកសាយទៅកាន់តំបន់ជាយៗក្រុងកាន់តែឆ្ងាយថែមទៀត។ ការវិនិយោគដីធ្លីនៅកម្ពុជានៅតែមានឱកាសទូលាយ ដោយសារតែក្នុងតំបន់តម្លៃដីធ្លីនៅកម្ពុជានៅមានកម្រិតនិងមានឱកាសក្នុងការឡើងថ្លៃបន្តទៀតនៅពេលអនាគត៕

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេចបានទំហំទឹកប្រាក់ជាង៣៣០០លានដុល្លារ

ដោយៈ ប៊ី
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៣ ៣០០លានដុល្លារអាមេរិក ក្នុងនោះការនាំចូលមានទំហំទឹកប្រាក់ជាង២ ៩០០ ខណៈការនាំចេញមានទំហំទឹកប្រាក់ប្រមាណជាង៤៥៩លានដុល្លារអាមេរិក ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍បានឱ្យដឹងថា នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ចំពោះការដោះដូរទំនិញរវាងប្រទេសទាំងពីរ នៅបន្តការផ្លាស់ប្តូរទំនិញជាធម្មតា ទោះបីនៅក្នុងស្ថានភាពមិនទាន់ប្រក្រតីយ៉ាងណាក៏ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង៣ ៣០០លានដុល្លារអាមេរិក បានថមថយជាង ៥ ភាគរយ ខណៈនៅឆ្នាំ ២០២០ ក្នុងរយៈដូចគ្នា មានទំហំទឹកប្រាក់ជាង ៣ ៥០០ លានដុល្លារ ។

ទាក់ទងការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល៥ខែ នេះដែរ ពាណិជ្ជកម្មនៃការនាំចូល មានទំហំទឹកប្រាក់ជាង២ ៩០០លានដុល្លារអាមេរិក បានកើនឡើងជិត៣ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ជាង ៤៥៩ លានដុល្លារអាមេរិក ថយចុះជាង៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។

ទោះបីមានការធ្លាក់ចុះក៏ពិតមែន តែផលិតផលនាំចេញមួយចំនួនបានរក្សាស្ថេរភាពល្អរួមមាន៖ បន្លែផ្លែឈើ, លោហៈធាតុ ខ្សែអេឡិចត្រូនិច គ្រឿងបង្គុំអគ្គិសនី សាច់សត្វ គ្រឿងបង្គុំអេឡិចត្រូនិច ស្បែកជើង ឧបករណ៍អគ្គិសនីប្រើក្នុងផ្ទះ រួមជាមួយផលិតផ្សេងៗទៀត។

ជុំវិញការធ្វើពាណិជកម្មអន្តរជាតិ បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញសរុប មានទំហំទឹកប្រាក់ជិត៦ ០០០លានដុល្លារអាមេរិក កើនឡើង១,៦% ខណៈការនាំចូលសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួនជាង៨ ៦០០លានដុល្លារអាមេរិក កើនឡើង១៧% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០៕

រដ្ឋាភិបាលបន្តជំរុញគម្រោងស្ថាបនាផ្លូវនិងស្ពានវែងជាងគេឆ្លងកាត់ទន្លេសាបតម្លៃ២០០លានដុល្លារ

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញគម្រោងអភិវឌ្ឍន៍ផ្លូវ និងស្ពានដ៏វែងជាងគេនៅកម្ពុជា ដោយឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំ តាមរយៈការដាក់សំណើទៅរដ្ឋាភិបាលចិន ដើម្បីស្នើឥណទានក្នុងការសាងសង់ផ្លូវ និងស្ពានដ៏វែងជាងគេនេះ។

លោកហេង រត្នពិសិដ្ឋអគ្គនាយកសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ចូន ត្រូវបានដកស្រង់សម្តីពីកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្មីៗនេះ ដោយលោកបានលើកឡើងថា តាមរយៈក្រសួងសាធារណការតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះបានដាក់សំណើរួចហើយទៅរដ្ឋាភិបាលចិន។

លោកបានថ្លែងបន្តថា សំណើនេះគឺដើម្បីស្នើឥណទានពីចិនមកសាងសង់ផ្លូវថ្មី និងស្ពានដែលត្រូវចំណាយទឹកប្រាក់២០០លានដុល្លារ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ទោះជាយ៉ាងណាលោក ហេង រត្នពិសិដ្ឋ បានអះអាងថា សំណើនេះមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលចិនទេ ខណៈកម្ពុជាក៏កំពុងទន្ទឹងរង់ចាំចម្លើយនេះ ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

លោកបានបញ្ជាក់ថា “យើងកំពុងតែដាក់ស្នើសុំឥណទានពីរដ្ឋាភិបាលចិន ហើយយើងមិនទាន់បានចុះកិច្ចសន្យាលើឥណទានទាំងនេះទេ។ សំណើនេះ គឺស្នើសុំធ្វើផ្លូវថ្មីជាមួយស្ពានឆ្លងកាត់ទន្លេសាបនៅខេត្តកំពង់ឆ្នាំងនេះ”។

តាមគម្រោងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំនេះនឹងត្រូវសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវដែលមានប្រវែង៣ ៩០០ម៉ែត្រ។ រីឯការសាងសង់ផ្លូវគឺមានប្រវែង ៥៧,៣ គីឡូម៉ែត្រ ដែលនឹងត្រូវសាងសង់ចាប់ពីស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំងទៅស្រុកស្ទឹងសែនក្នុងខេត្តកំពង់ធំ។

នៅក្នុងឱកាសបើកពិធី បុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូន ជនរួមជាតិទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំងទាំងអស់ ឱ្យបានដឹងអំពីគម្រោងសាងសង់ផ្លូវប្រវែងជាង៥៧គីឡូម៉ែត្រ ពីស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ ក៏នឹងមានសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ៣៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ស្ពាន២បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលកុំឱ្យមានផលប៉ះពាល់ ទៅដល់ចរាចរណ៍ផ្លូវទឹក ក៏ដូចជាចរាចរណ៍ត្រី។ គម្រោងនេះគឺ បានសិក្សារួចហើយ ហើយមិនមានផលប៉ះពាល់ណាមួយដល់ធនធានធម្មជាតិ បញ្ហាបង្វែរចរន្តទឹក និង ការបំលាស់ទីរបស់ត្រីនោះទេ៕

ការចងចាំដែលមិនអាចបំភ្លេចបានជាមួយនឹងផ្សារប្រពៃណីកម្ពុជា

ដោយ៖ ចិន្ដា

ថ្ងៃពុធ ទី 15 ខែកក្កដា ឆ្នាំ 2021

រឿងដំបូងដែលខ្ញុំចងចាំពីកុមារភាពរបស់ខ្លួនគឺ ជារៀងរាល់ព្រឹកខ្ញុំបានជិះម៉ូតូឌុបជាមួយលោកយាយ ទៅផ្សារសាមគ្គីដែលជាផ្សារក្នុងស្រុកចម្ងាយត្រឹមតែ ១០ នាទីពីផ្ទះរបស់យើង។ តាមទម្លាប់យាយតែងតែ ទម្លាក់ខ្ញុំ នៅតូបអាហារលក់នំបញ្ចុកជាអាហារពេលព្រឹកដ៏មានឱជារសនៅក្នុងតំបន់ នៅមុនពេលគាត់ចេញ ទៅទិញឥវ៉ាន់ និងគ្រឿងផ្គត់ផ្គង់ក្នុងផ្ទះ។ មានពេលខ្លះដែលខ្ញុំបានបរិភោគនំបញ្ចុករួចមុន ខ្ញុំក៏ដើរទៅរក យាយរបស់ខ្ញុំ។ ពេលដែលខ្ញុំមានអាយុ 6 ឆ្នាំ ខ្ញុំនៅតែមានការភ្ញាក់ផ្អើលរាល់ពេលដែលអ្នកលក់ ទាំងអស់ស្គាល់ និងចង្អុលទៅទីតាំងរបស់លោកយាយខ្ញុំ ហាក់បីដូចជាគាត់ជាបុគ្គលល្បីល្បាញម្នាក់។

តាមការពិតជីដូនរបស់ខ្ញុំមិនមែនជាបុគ្គលល្បីល្បាញអ្វីនោះទេ ប៉ុន្តែគាត់គឺជាម៉ូយប្រចាំទីនោះ។ អ្នកគ្រប់គ្នាសុទ្ធតែ ស្គាល់អ្នកផ្សេងទៀតដែលនៅក្នុងទីផ្សារនេះ។ រឿងដែលអស្ចារ្យនៅតែមានជាបន្តបន្ទាប់ ទៀតនៅទីនោះ ដោយក្រោយមកមានស្ត្រីចំណាស់ជាច្រើននាក់បានជួបខ្ញុំ ហើយនិយាយថា “ខានជួបយូរ ឥឡូវធំច្រើនដល់ហើយ”។ ប្រយោគនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិចព្រោះខ្ញុំខ្លួនឯងចាំមិនបានថា ខ្ញុំធ្លាប់បាន ជួបពួកគាត់នៅកន្លែងណាទេ។ ខណៈពេលដែលកំពុងតែមានចម្ងល់ថាតើខ្ញុំស្គាល់ពួកគាត់នៅកន្លែងណា នោះ រឿងមួយដែលខ្ញុំប្រាកដក្នុងចិត្ត គឺអ្នករាល់គ្នាជាផ្នែកមួយនៃសហគមន៍ដ៏ធំមួយនេះ ពួកគេតែងតែត្រៀម ខ្លួនរួចជាស្រេចក្នុងការផ្ដល់ជំនួយដល់គ្នាទៅវិញទៅមក។

កន្លងមក លោកយាយ និងម្តាយរបស់ខ្ញុំតែងតែធ្វើដំណើរទៅផ្សារក្នុងស្រុកធំៗ ដូចជាផ្សារធំថ្មី និងផ្សារអូរឫស្សី ដើម្បីទិញទំនិញ និងគ្រឿងទេសក្នុងតម្លៃបោះដុំ។ សូម្បីតែសម្រាប់ក្មេងអាយុ 6 ឆ្នាំ ក៏យល់ថា ផ្សារទាំងនេះមានមនុស្សដើរកម្សាន្តយ៉ាងច្រើនកុះករ។ ខ្ញុំចាំបានថាខ្ញុំបែកញើសសស្រាក់ ដោយគ្រាន់តែដើរចុះដើរឡើង ក្បែរភ្ញៀវដែលកំពុងតថ្លៃទំនិញ ដើម្បីទទួលបានតម្លៃថោកនៅជុំវិញទីនោះ។ បរិយាកាសនៃទីផ្សារទាំងនេះ តែងតែមានភាពរស់រវើក និងអ៊ូអរខ្លាំងដែលបង្ហាញពីភាពពេញនិយមរបស់ ទីនេះបើប្រៀបធៀបទៅនឹងផ្សារតូចៗផ្សេងទៀត។

ខ្ញុំដឹងច្បាស់ថាប្រជាជនកម្ពុជាជាច្រើនធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះដែរក្នុងវ័យកុមារភាព។ ផ្សារបែបប្រពៃណីក្នុងស្រុក មិនថាធំ ឬតូចតែងតែជាផ្នែកមួយនៃការរស់នៅរបស់យើង ដែលនាំមកនូវអាហារ ទំនិញ និងសេវាកម្ម លើសពីនេះទៅទៀតក៏បានរក្សាទុកនូវពេលវេលាដែលមិនអាចបំភ្លេចបាន ជាមួយនឹង មនុស្សជាទីស្រលាញ់របស់យើងផងដែរ។ ទោះជាយ៉ាងនេះក្ដី 15 ឆ្នាំក្រោយមក ទីផ្សារទាំងនេះនៅតែរក្សា បានប្រជាប្រិយភាពដដែល និងទទួលបានអ្នកចូលមកលេងកាន់តែច្រើនឡើងៗ ដោយសារចំនួនប្រជាជន នៅតែបន្តកើនឡើងយ៉ាងគំហុគនៅក្នុងរាជធានីភ្នំពេញ។

ទោះបីជាផ្សារទាំងនេះបន្តមានភាពល្បីល្បាញក្នុងចំណោមអ្នកស្រុក និងភ្ញៀវទេសចរយ៉ាងណាក្ដីក៏ នៅរាជធានីភ្នំពេញ មិនទាន់ឃើញមានផ្សារក្នុងស្រុកបន្ថែមដូចជាផ្សារធំថ្មី ផ្សារអូរឫស្សី និងផ្សារអូឡាំពិក នៅឡើយទេ។ ផ្សារទំនើប និងកន្លែងលក់ទំនិញទំនើបៗជាច្រើន បានដំណើរការ និងកំពុងធ្វើការអភិវឌ្ឍ ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍជាច្រើន ហាក់មិនបានយល់ពីសារៈសំខាន់នៃទីផ្សារ ប្រពៃណីក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបនៅឡើយ។

ការចងចាំពីកុមារភាពរបស់ខ្ញុំបានវិលត្រលប់មកវិញ នៅពេលដែលព័ត៌មានអំពីផ្សារបែបប្រពៃណីថ្មី ផ្សារជីស៊ី អូរឫស្សីកំពុងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំនេះ។ ជាមួយនឹងផ្សារក្នុងស្រុកថ្មីនេះ ខ្ញុំជឿជាក់ថា ទីនេះនឹងកំណត់ស្តង់ដារថ្មីនៃអ្វីដែលផ្សារបែបប្រពៃណីក្នុងស្រុកគួរតែមាន ហើយក៏បន្ថែម នូវទីតាំងដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងភ្នំពេញដែលកំពុងរីកចម្រើនជាលំដាប់។ អ្នកអភិវឌ្ឍគម្រោងគឺ GCCគ្រុប បានសិក្សាយ៉ាងហ្មត់ចត់អំពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជានៅមុនពេលបង្កើត គម្រោងនីមួយៗ។ នោះជាមូលហេតុដែលគម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជា ជាច្រើនខែណាស់មកហើយ។ ខ្ញុំសង្ឃឹមថាអ្នកអភិវឌ្ឍគម្រោងថ្មីនេះ នឹងជួយបង្កើនស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រជាជនកម្ពុជា ក្នុងពេលជាមួយគ្នានេះក៏ជួយបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ មនុស្សជំនាន់ក្រោយឲ្យដូចជាការចងចាំរបស់ខ្ញុំជាមួយនឹងលោកយាយ និងម្តាយរបស់ខ្ញុំផងដែរ។

ផ្សារជីស៊ី អូរឫស្សីបានលុបបំបាត់រាល់បញ្ហា ដែលតែងជួបប្រទះនៅក្នុងផ្សារក្នុងស្រុក ដូចជាខ្យល់ អាកាសមិនល្អ ភាពរញ៉េរញ៉ៃ ច្រកផ្លូវដើរតូចចង្អៀតជាដើម។ សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំយល់ថា គម្រោងនេះនឹងជួយដល់ម្ចាស់អាជីវកម្មក្នុងស្រុក កសិករ និងអ្នកលក់ដូរយ៉ាងច្រើន ដោយអនុញ្ញាតឲ្យពួកគេ ងើបចេញពីបញ្ហាការបាត់បង់ប្រាក់ចំណូលពីជំងឺរាតត្បាតផ្សេងៗ។ លើសពីនេះទៅទៀត កន្លែងលក់ទំនិញ ផ្សេងៗនឹងត្រូវបានបង្កើតបន្ថែមទៀត ដែលផ្តល់ឱកាសថ្មីសម្រាប់ទាំងវិនិយោគិន និងម្ចាស់អាជីវកម្មវ័យក្មេង ក្នុងការចាប់យកឱកាសនៅទីនោះ ព្រោះទីតាំងពាណិជ្ជកម្ម គឺជាកំណប់មាសថ្មី សម្រាប់ទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ។

 

សម្រាប់ព័ត័មានលម្អិតបន្ថែមអំពីគម្រោងផ្សារ GC Orussey Market

លោកអាចអាចស្វែងរកតាមរយៈ:
Facebook Page https://www.facebook.com/gc.orusseymarket
ឬ Telegram Channel: https://t.me/GCOrusseyMarket

ឬទំនាក់ទំនងទៅកាន់: (+855) 099 331015, 098 331015

 

បញ្ចប់

 

ចិន្ដា គឺជាអ្នកវិភាគ និងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់លោក។

 

 

រដ្ឋាភិបាលនិងWFPរួមគ្នាបង្កើតបណ្តាញធុរកិច្ចថ្មីមួយ

ដោយៈ ប៊ី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅពីថ្ងៃទី១៥ ខែកក្កដា បានប្រកាសដាក់ឱ្យដំណើរការបណ្តាញធុរកិច្ចថ្មីមួយ ដោយប្រមូលចងក្រងអាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភឱ្យបានកាន់តែប្រសើរឡើងនៅកម្ពុជា។

បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា(SBNCambodia)នេះជាគំនិតផ្តួចផ្តើមថ្មីមួយនេះដែលប្រមូលផ្ដុំនូវអាជីវកម្មនៅក្នុងវិស័យស្បៀងអាហារដែលមានទស្សនវិស័យវែងឆ្ងាយសម្រាប់អនាគត ដើម្បីពន្លឿនវឌ្ឍនភាព អាហារូបត្ថម្ភនៅទូទាំងប្រទេសកម្ពុជា។

បណ្តាញធុរកិច្ចនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីជំរុញកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមករវាងវិស័យឯកជន សមាគមធុរកិច្ច រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការជំរុញឱ្យមានរបបអាហារសុខភាព និងការអនុវត្តទម្លាប់សុខភាពប្រកបដោយនិរន្តរភាព។

អាជីវកម្មចំនួន២០បានចុះឈ្មោះជាមួយបណ្ដាញធុរកិច្ចក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា។អ្នកចូលរួមចំនួន ១១៥ នាក់ មកពីវិស័យឯកជន សមាគមធុរកិច្ច សភាពាណិជ្ជកម្ម និងសង្គមស៊ីវិលបានចូលរួមក្នុងពិធីបើកសម្ភោធនេះ។

អ្នកចូលរួមបានពិភាក្សាអំពីការចូលរួមរបស់វិស័យឯកជនក្នុងការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ និង លើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរ ដោយអនុវត្តន៍នូវសសរស្តម្ភយុទ្ធសាស្រ្តទាំង៥ នៃចក្ខុវិស័យរបស់បណ្ដាញធុរកិច្ច (SBN)។ សសរស្តម្ភយុទ្ធសាស្រ្តទាំង៥មានដូចជា ការបង្កើតឡើងនូវបណ្តាញធុរកិច្ចមួយដ៏រឹងមាំ លើកកម្ពស់ការយល់ដឹងនិងតម្រូវការអាហារូបត្ថម្ភ បង្កើនការផ្គត់ផ្គង់អាហារដែលសម្បូរជីវជាតិនិងអាហារដែលមានបញ្ចូលមីក្រូសារជាតិ ពង្រឹងបរិយាកាសអំណោយផលសម្រាប់លើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភនៅក្នុងសហគមន៍ និងនៅកន្លែងធ្វើការ។

ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ បញ្ហាកង្វះអាហារូបត្ថម្ភនិងកង្វះមីក្រូសារជាតិនៅតែជាបន្ទុកធ្ងន់មួយ។ កុមារអាយុក្រោមប្រាំឆ្នាំចំនួន១០% ស្គមស្គាំង និង៣២%ក្រិសក្រិន នៅឆ្នាំ២០១៤។

លោកសុខ ស៊ីឡូអគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានមានប្រសាសន៍ថា “យើងមានមោទនភាពចំពោះវឌ្ឍនភាពក្នុងអំឡុងទសវត្សកន្លងមកនេះ ក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភ ជាពិសេសសម្រាប់កុមារ។

លោកបានថ្លែងបន្តថា “ទោះយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើ ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភ។ អាជីវកម្មក្នុងស្រុក គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់គុណភាពអាហារសម្រាប់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា ការបើកឱ្យដំណើរការនូវបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានេះ រួមជាមួយនឹងការគាំទ្រជាបន្តបន្ទាប់របស់យើងទៅលើវិស័យឯកជន នឹងសរបញ្ជាក់ឱ្យឃើញច្បាស់នូវសារៈសំខាន់និងតម្លៃនៃតួនាទីរបស់អាជីវកម្មក្នុងស្រុក។”

ការបង្កើតបណ្ដាញធុរកិច្ច (SBN) នៅកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់ ក្នុងការគាំទ្រដល់ចលនាបង្កើនអាហារូបត្ថម្ភសកល ដែលមានគោលដៅលុបបំបាត់បញ្ហាអាហារូបត្ថម្ភទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ចលនានេះទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការកែលម្អអាហារូបត្ថម្ភ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកស្រីក្លែរ កូណាន់តំណាងរបស់កម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតនូវបណ្តាញធុរកិច្ចនេះ និងទន្ទឹងការសហការជាមួយសមាជិកស្ថាបនិកទាំងចាស់ទាំងថ្មីនាពេលអនាគត។”

លោកស្រី បានថ្លែងបន្តថា “ពួកយើងជឿជាក់ថា ការកែលម្អសមាសធាតុអាហារូបត្ថម្ភផលិតផលអាហារគឺជាជម្រើសឈ្នះឈ្នះ សម្រាប់អតិថិជនផង និងសម្រាប់អាជីវកម្មផង ពីព្រោះអាជីវកម្មណាដែលផ្តល់នូវអាហារូបត្ថម្ភល្អ នឹងនាំឱ្យអាជីវកម្មនោះមានលក្ខណៈពិសេសប្លែកពីអាជីវកម្មដទៃ ដូច្នេះនាំឱ្យមានកំណើននៃការលក់និងប្រាក់ចំណេញ។”

លោកលាង ឡេងម្ចាស់ផលិតកម្មត្រីនិងទឹកស៊ីអ៊ីវ និងជាសមាជិកស្ថាបនិករបស់បណ្ដាញធុរកិច្ចSBNកម្ពុជាបានមានមតិថា៖ “ខ្ញុំជឿជាក់ថា បណ្ដាញធុរកិច្ចSBN នឹងបង្កើតនូវគំនិតនិងទំនាក់ទំនងថ្មីៗជាច្រើន ក៏ដូចជាអប់រំដល់សាធារណជនអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។ កត្តានេះនឹងបង្កើននូវតម្រូវការខ្ពស់ជាងមុន៕

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបង្កើនទុនរហូតដល់ទំហំទឹកប្រាក់១៩១ពាន់លានដុល្លារដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច

ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃពុធ ទី១៤ កក្កដា ថា ខ្លួននឹងបង្កើនការវិនិយោគរបស់ខ្លួន លើគម្រោងថ្មីៗឱ្យឈានដល់ទំហំ១៩១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ បើធៀបនឹង១៣៩,៥ពាន់លានដុល្លារ ដែលខ្លួនបានគ្រោងទុកមុននេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times ឱ្យដឹងថា ការបង្កើនទំហំវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងបង្កើតប្រភពកំណើនថ្មីៗ និងដើម្បីត្រៀមលក្ខណៈឱ្យកាន់តែល្អប្រសើរ សម្រាប់ពេលក្រោយវិបត្តិកូវីដ-១៩ បញ្ចប់។

លោកប្រធានាធិបតី មូន ចេអ៊ីន (Moon Jae-in) បានប្រកាសផែនការនេះដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ធំមហិមា Korea New Deal 2.0 Initiative របស់ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី និងជាសេដ្ឋកិច្ចធំបំផុតទី១០ ក្នុងពិភពលោក អំឡុងកិច្ចប្រជុំជាមួយទីប្រឹក្សាគោល នយោបាយសេដ្ឋកិច្ចកំពូលៗនៅវិមានប្រធានាធិបតី Cheong Wa Dae កាលពីថ្ងៃអង្គារ ទី១៣ កក្កដា។

គំនិតផ្តួចផ្តើមថ្មី ដែលមានភាពល្អប្រសើរជាងមុននេះ នឹងផ្តោតលើការជំរុញការអភិវឌ្ឍនគម្រោងឌីជីថល និងគម្រោងបៃតង ខណៈពង្រីកកម្មវិធីថែទាំកុមារ និងជួយពលរដ្ឋវ័យក្មេង ដែលមានប្រាក់ចំណូលទាបឱ្យទទួលបានលំនៅដ្ឋានផ្ទាល់ខ្លួន។

ប្រធានាធិបតីរូបនេះថ្លែងថា “គំនិតផ្ដួចផ្ដើមដែលត្រូវបានកែលម្អឱ្យប្រសើរជាងមុននេះ នឹងផ្ដោតជាអាទិភាពលើកំណើនឌីជីថល កំណើនបៃតង និងកំណើនប្រកបដោយនិរន្តរភាព និងការពង្រឹងកម្មវិធីផ្ដល់កញ្ចប់ជំនួយសម្រាប់ពលរដ្ឋងាយរងគ្រោះ”។

លោកលើកឡើងទៀតថា “គំនិតផ្ដួចផ្ដើម Korean New Deal នឹងបន្តវិវឌ្ឍខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការតាមសម័យកាលជាក់ស្ដែង។ យើងអាចប្រែក្លាយវិបត្តិទៅជាឱកាស​ ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធ និងមូលដ្ឋានដែលបង្កគ្រោះថ្នាក់”។លោកបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយកែប្រែមុខមាត់ប្រទេសជាតិ តាមរយៈការប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ថ្ងៃអនាគត”៕

អ្នកជំនាញអះអាងថាគម្រោងសាងសង់អចលនទ្រព្យធំៗនៅកម្ពុជានៅតែបន្តអភិវឌ្ឍន៍

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា គម្រោងសាងសង់អចលនទ្រព្យធំៗនៅកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ធម្មតា បើទោះបីប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ១៩ ខណៈវិស័យអចលនទ្រព្យ បានទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងនៅកម្មវិធីមួយស្តីពី “វិស័យអចលនទ្រព្យ និងសំណង់ក្នុងបរិការណ៍ដែលហុំព័ទ្ធដោយជំងឺកូវីដ១៩”កាលពីថ្មីៗនេះថា គម្រោងសាងសង់ធំៗមួយចំនួន គឺនៅតែបន្តអភិ​វ ឌ្ឍន៍ធម្មតា ហើយបើទោះបីប្រទេសកម្ពុជា បានជួបប្រទះនឹងជំងឺកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជា នឹងអាចនៅតែបន្តភាពរឹងមាំបានដដែល បើសិនណាវិស័យធនាគារនៅតែងអាចបន្តផ្តល់ប្រាក់កម្ចីបាន។

លោកបានថ្លែងដូច្នេះថា “ប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ១៩ តែគម្រោងសាងសង់ធំៗ គឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា”។

ជាមួយគ្នានេះដែរ លោកបានបន្តថា បើតាមការសិក្សាទៅលើវិស័យអចលនទ្រព្យនៅលើប្រទេសជឿនលឿន ភាគច្រើន១០ឆ្នាំម្តងនឹងរងនូវផលប៉ះពាល់ម្តង។ ដូចនេះហើយពេលដែលរងផលប៉ះពាល់នេះហើយ គឺជាឱកាសសម្រាប់អ្នកមានលទ្ធភាពបានដើរទិញទុក ហើយនៅពេលដែលបានធូរស្បើយ ជាឱកាសដែលគេលក់ចេញដើម្បីទទួលបានផលចំណេញ ដែលនេះគឺជាឱកាសមួយនៅក្នុងបញ្ហាផងដែរ។

លោកបានថ្លែងថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ តែក៏ជាឱកាសមួយដល់អ្នកវិនិយោគិន ក្នុងការដើរទិញអចនទ្រព្យទុក ព្រោះពេលនេះគឺអាចទិញបានក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពបានប្រើសើរវិញនោះ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់ផងដែរ។

យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមខែកក្កដាឱ្យដឹងថា ក្នុងរយៈពេល៥ ខែ ដើមឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានអនុម័ត គម្រោងសាងសង់សរុបចំនួន១៨២៣ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ ២៧៨ គម្រោង។

ក្នុងនោះគម្រោងសំណង់លំនៅឋានមានចំនួន១ ៦០៧គម្រោងស្មើនឹង៨៧,៩ភាគរយនៃសំណើសុំសាងសង់សរុបធ្លាក់ចុះ១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋាន ដែលបានអនុញ្ញាតសាងសង់ គិតជាប្រាក់មានប្រមាណ២៣៤៩លានដុល្លារធ្លាក់៣២,៦ភាគរយ៕

អ្នកជំនាញពីររូបលើកឡើងពីកត្តាជម្រុញឲ្យតម្លៃដីនៅទីតាំងចំនួនបីឡើងថ្លៃ ទោះកម្ពុជាកំពុងជាប់ក្នុងវិបត្តិកូវីដ១៩

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យចំនួនពីររូបបានលើកឡើងនូវហេតុផលសំខាន់ៗមួយចំនួន ដែលតម្លៃដីធ្លីនៅតែកើនឡើង ទោះបីជាកម្ពុជាកំពុងជាប់ផុងក្នុងវិបត្តិកូវីដ១៩ក្តី។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៤ កក្កដាកន្លងមកថា ទីផ្សារដីធ្លីនៅកម្ពុជាភាគច្រើនមានសកម្មភាពទិញលក់ និងតម្លៃមានការថមថយចុះ បើមានការទិញលក់ ក៏ភាគច្រើនស្ថិតក្រោមតម្លៃទីផ្សារ​ដែរ ប៉ុន្តែក្នុងអំឡុងវិបត្តិនេះ លោកសង្កេតឃើញថា ដីនៅតំបន់សំខាន់ៗមួយចំនូននៅតែបន្តឡើងថ្លៃ។

លោកបន្តថា “តំបន់ដែលដីឡើងថ្លៃក្នុងអំឡុងវិបត្តិនេះ គឺស្ថិតនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងតំបន់ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល”។លោកបន្តថា “មូលហេតុដែលដីតំបន់ទាំងនោះឡើងថ្លៃ ដោយសារអ្នក​វិនិយោគបានទិញច្រើន និងសកម្មភាពទិញលក់នៅតែបន្ត ព្រោះតំបន់នេះរង់ចាំតែស្ពាន តភ្ជាប់ទៅតំបន់អរិយក្សត្រប៉ុណ្ណោះ”។

លោកសំ សុខនឿនបានបន្តថា ចំនែកមូលហេតុមួយទៀត គឺអ្នកអភិវឌ្ឍន៍បុរីធំៗ បានប្រមូលទិញដីនៅតំបន់នេះរួចហើយ រង់ចាំតែឱកាសមកដល់ ពួកគេចាប់ផ្តើមអភិ​វឌ្ឍ​ន៍បណ្តើរៗហើយ។លោកបន្តថា ចំណែកតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹងមានការរីកចម្រើនលឿន នៅពេលព្រលានសាងសង់ចប់ និងបើកឲ្យដំណើរការ ខណៈបច្ចុប្បន្នគំរោងអភិវឌ្ឈន៍នានាបានចាប់ផ្តើមរួចហើយនៅតំបន់នេះ។

ជាមួយគ្នានេះ ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់សំខាន់ៗចំនួនបីដូចជាតំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងតំបន់ជុំវិញព្រលានយន្តហោះថ្មី តម្លៃដីធ្លីពិតជាបន្តកើនឡើង ទោះបីជាមានវិបត្តិកូវីដ៩ក្តី ប៉ុន្តែសកម្មភាពទិញលក់ដីធ្លីនៅតែមានភាពសកម្ម បន្ទាប់ពីរដ្ឋាភិបាលបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។

លោកបន្តថា “គោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលធំៗ បាននិងកំពុងធ្វើឲ្យទីផ្សារដីធ្លីនៅតំបន់ទាំងនោះកម្រើកឡើង ពិសេសការរុញរោងចក្រ សហគ្រាស ចេញពីកណ្តាលក្រុងឆ្ពោះទៅតំបន់ជាយក្រុងនានា”៕

វិភាគៈកត្តាលីករសំខាន់ៗចំនួន៩កំពុងក្លាយជាដែកឆក់មួយទាញអ្នកវិនិយោគចិនចូលមកកម្ពុជាសារជាថ្មី

ដោយៈយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ពេលវេលាបានដើរទៅមុខ តែពេលវេលានៃទំនាក់ទំនងរវាងមហាមិត្តចិន និងកម្ពុជា មិនមែនជារឿងយប់យន់ សុបិនច្រើននោះទេ ផ្ទុយពីនេះវាបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនខិតចូលគ្នាកាន់តែកៀក និងមិនអាចខ្វះគ្នាបាន។

សមាណចិត្តដ៏កម្រ
ការឈានជើងចូលទឹកដីចិន អំឡុងពេលមិត្តចិនរត់ចោល ចិន ប៉ុន្តែសម្តេចតេជោបានអញ្ជើញទស្សនកិច្ចប្រទេសចិន ដ៏គួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យពិភពលោក និងមេដឹក​នាំចិនបើកភ្នែកធំៗ បន្ទាប់ពីមើលឃើញសន្តានចិត្តដ៏ស្មោះត្រង់ មោះមុត ជួយគ្នាក្នុងគ្រាលំបាករបស់កម្ពុជា ជាមួយនឹងមិត្តដូចដែកថែប និងមានតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិ​សាស្រ្តនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា “កម្ពុជា ជាប្រទេសតូច ក្រីក្រ ប៉ុន្តែបេះដូងធំ និងមិនក្រទឹកចិត្តឡើយ”។

ជាមួយគ្នានេះ កាលពីពេលថ្មីៗសម្តេចតេជោ បានលើកឡើងក្នុងវេទិកា “ចក្ខុវិស័យអាស៊ី” ដែលបានរៀបចំដោយសារព៌តមាននិកិដ៏ធំមួយរបស់ជប៉ុនថា “បើមិនឲ្យស ម្តេចពឹងចិន តើឲ្យសម្តេចពឹងអ្នកណា ព្រោះកុំតែបានមិត្តចិន កម្ពុជានឹងមិនមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរនោះទេ”។

តាមរយៈសមាណចិត្ត និងទំនាក់ទំនងកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ កម្ពុជានឹងទទូលបានវ៉ាក់សាំង ដែលផ្តល់ជូនពីមិត្តចិនដោយឥតគិតថ្លៃ និងជាការបញ្ជាទិញផងគ្រប់២០លានដូសនៅខែសីហាខាងមុខនេះ ដើម្បីចាក់ជូនពលរដ្ឋកម្ពុជា២០លាននាក់។

កាដូដ៏ធំពីមិត្តចិន
ជាការអបអរសាទរទំនាក់ទំបងកាទូត ដែលបានសាងឡើងយ៉ាងវែងអន្លាយ ជួន​កាលដើរលើផ្លូវរលាក់ផង ជួនកាលដើរលើផ្លូវរលូនផង ទំនាក់ទំនងមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្លាស់ប្តូរព៌ណ ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងពីទ្វេរភាគី មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ជាពេលដែលលំហូរវិនិយោគ​ចិនចូលមកកម្ពុជាដូចទឹកបាក់ទំនប់។

“ការកសាងសហគមន៍ពីរ វាសនាតែមួយ” ជាទិសស្លោកដែលបានបង្កើតឡើងដោយសម្តេចតេជោ និងប្រធានាធិបតីស៊ី ជីនពីងបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនក្លាយជាបងប្អូន និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន។
ជាមួយនឹងសារច្បាស់លាស់ ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅឆ្នាំ២០១៦ ប្រធានាធិបតីចិន លោកស៊ី ជិនពីងបានផ្ញើរសារជូនប្រជាជាតិកម្ពុជាយ៉ាងច្បាស់លាស់ថា “ចិននឹងបន្តជួយជម្រុញ ការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា និងចូលរួមលការពារបូរណៈភាពទឹកដីកម្ពុជា”។

ជាមួយនឹងទំនាក់ទំនងកាន់តែល្អប្រសើរ និងរ៉ឹងមាំដូចដែកថែបនេះ ជាលទ្ឋផល​រដ្ឋាភិបាលចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ២០២១ និងបានចូលជាធរមាននៅចុងឆ្នាំ២០២១ ដែលជាអំណោយដ៏ធំមួយ ជួយសម្រុញកំនើនសេដ្ឋកិច្ចឲ្យរ៉ឹងមាំ និងធំធាត់កាន់តែខ្លាំង ជាមួយនឹងលំហូរទំនិញកាន់តែច្រើនពីកម្ពុជាទៅកាន់ប្រទេសចិន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្ម កាន់តែធំជាមួយប្រទេសចិន ពិសេសកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើន ដើម្បីមកផលិតទំនិញនាំទៅកាន់ទីផ្សាររបស់ចិនដោយរួចពន្ឋ។

លោកបន្តថា “បើសិនជាកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាស៊ានផងដែរ”។

សន្សើមប្តូររដូវ
ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិននាសតវត្សរ៍២១ បានផ្លាស់ប្តូរយ៉ាង​សម្បើម មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើ​យប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេ​សដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី”និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព
ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេងថ្ងួចថ្ងូររបស់ចិន ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង​)ឡើងវិញ។

នូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សា​អំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះ​កំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី “សុបិនចិន” ឬChina Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។

ភូមិសាស្រ្តនយោបាយ
ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណា​ចលេខ១។

ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។

ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោ​ល​នយោបាយរបស់ខ្លួនផង។
មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?
វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺCovid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ
ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។
ហេតុអីបានជាចិនត្រូវត្រលប់មកវិញ? ចម្លើយគឺ ទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជាជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១០ ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជាខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការ​ណ៍​របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុងប្រទាញប្រទង់ យកឥទ្ឋិពលពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំប​ន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិនលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍រួចទៅបាន ទា​ល់តែប្រទេសសមាជិកទាំងអស់ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជាជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារកម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមានគោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្តឲ្យប្រទេសនេះ សម្រេចមហិច្ឆតារបស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ
បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបា​យ ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គោលនយោបាយនិងផែនការយុទ្ឋសាស្រ្តច្បាស់លាស់
គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះមិនអាចឈរជើងក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះបាននាំផលប្រយោជន៍ ដ៏មហាសាលសំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាពនា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន​ របស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេ​ជោជា “បុរសង្ហារជាងគេក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរនូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នាក្នុងសាច់ភ្លេងតែមួយ៕

រដ្ឋាភិបាលទទួលបានកម្ចីពីដៃគូអន្តរជាតិប្រមាណ១៤ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀង ទទួលកម្ចីពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់ប្រមាណ១៤.៧៧២លានដុល្លារ (ប្រមាណ១៤,៧ពាន់លានដុល្លារ) សម្រាប់បម្រើដល់វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គិតពីឆ្នាំ១៩៩៣ ដល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកកក្កដានេះ។

របាយការណ៍ដដែលបញ្ជាក់ដូច្នេះថា “គិតពីឆ្នាំ១៩៩៣ ដល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជាបានចុះកិច្ចព្រមព្រៀង ពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់១៤,៧៧២.៤លានដុល្លារ សម្រាប់បម្រើដល់វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំនួន១២,៣៥០លានដុល្លារ និងវិស័យអាទិភាពចំពោះ មុខផ្សេងទៀតចំនួន២៤២២.២លានដុល្លារ”។

ជាមួយគ្នានេះដែរ របាយការណ៍បញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ពុំមានការចុះ កិច្ចព្រមព្រៀងហិរញ្ញប្បទានទេ ទាំងហិរញ្ញប្បទានឥតសំណង គម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងទាំងការខ្ចីឥណទាន។

ក្នុងកិច្ចព្រមព្រៀងខ្ចីទាំង១៤,៧៧២.លានដុល្លារ រដ្ឋាភិបាលដកសាច់ប្រាក់បានចំនួនជាង៩៨៥៧លានដុល្លារ ដោយទូទាត់សេវាបំណុលបានចំនួន២២២៤លានដុល្លារ និងសន្និធិបំណុលសាធារណៈ មានចំនួន៨ ៩៨១.៣លានដុល្លារ។

របាយការណ៍ដដែលបញ្ជាក់ថា ឥណទានដែលរាជរដ្ឋាភិបាល ចុះកិច្ចព្រមព្រៀងខ្ចីចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះសុទ្ធសឹងជាឥណទាន ដែលមានកម្រិតសម្ប​ទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមលើសពី៣៥% ។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២១ រាល់ហានិភ័យបំណុលពាក់ព័ន្ធទាំងអស់ សុទ្ធតែមានកម្រិតទាប និងអាចគ្រប់គ្រងបាន។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ពុំមានការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីពីរដ្ឋនោះទេ។

បើតាមរបាយការណ៍នៅឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចុះហត្ថលេខាទទួលឥណ​ទានសម្បទាន​ ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគីចំនួន៣១គម្រោង ដែលមានទឹកប្រាក់ជាង២៧៤៥លានដុល្លារ៕