ដោយៈសុខុម
គូឡាឡាំពួ: ថ្វីបើផ្ទុះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី និងការកើនឡើងករណីឆ្លងនៅអាស៊ី-ប៉ាស៊ីហ្វិក នៅរយៈពេលចុងក្រោយនេះក្ដី ក៏ឱកាសនៅតែមានច្រើនក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៤ កញ្ញា។
យោងតាមរបាយការណ៍មានឈ្មោះថា Asia Pacific Capital Tracker 2Q2021 របស់ក្រុមហ៊ុនអចលនទ្រព្យអង់គ្លេស JLL ដែលបានចេញផ្សាយកាលពីខែកក្កដា ឱ្យដឹងថា ប្រតិបត្តិការទិញលក់អចលនទ្រព្យ ក្នុងតំបន់មានចំនួនសរុប៨៣.៥ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលតិចតែជាង៦%ប៉ុណ្ណោះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩។ របាយការណ៍នេះគូសបញ្ជាក់ថា តាមការរំពឹងទុកថា ចំនួនប្រតិបត្តិការទិញលក់នឹងកើនឡើងពី១៥% ទៅ២០%នៅក្នុងឆ្នាំ២០២១ នេះ។
របាយការណ៍នេះបង្ហាញថា ការវិនិយោគផ្នែកភ័ស្តុភារ នៅក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងចន្លោះពី៥០ពាន់លានដុល្លារអាមេរិក ទៅ៦០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
របាយការណ៍នេះលើកឡើងថា “យើងរំពឹងថា បណ្ដាវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កើនការវិនិយោគរបស់ខ្លួន លើផ្នែកភ័ស្តុភារពី១៦%នាពេលបច្ចុប្បន្ន ដល់២០%ទៅ២៣%។ ប្រសិនបើការបង្កើនការវិនិយោគនេះ ធ្វើឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំ យើងរំពឹងថា ប្រតិបត្តិការផ្នែកភ័ស្តុភារ នឹងកើនឡើងទ្វេដង ចន្លោះពី៥០ពាន់លានដុល្លារ ទៅ៦០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ បើធៀបនឹង២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ និង៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២០”។
*ផ្នែកភ័ស្តុភារមានសន្ទុះខ្លាំងនាំមុខគេ
ការវិនិយោគផ្នែកភ័ស្តុភារ បានកើនឡើងនៅប្រទេសអូស្ត្រាលី ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយសារការកើនឡើងផ្នែកភ័ស្តុភារ និងលក់រាយនៅក្នុងប្រទេសនេះ។ ជប៉ុន នៅតែជាប្រទេសទន់ខ្សោយតែមួយគត់ ក្នុងតំបន់ដោយសារការកើនឡើង ករណីឆ្លងវីរុសកូវីដ-១៩ និងការិយាល័យទំនេរ។ អូស្រ្តាលី ប្រទេសចិន និងកូរ៉េខាងត្បូង សកម្មបំផុត ដោយមានចំណែក៦៩%នៃចំនួនសរុប។
របាយការណ៍ដែលបន្តថា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ប្រតិបត្តិការទិញលក់ការិយាល័យមានចំណែក៣១% ផ្នែកភ័ស្តុភារមានចំណែក៣០% និងផ្នែកលក់រាយចំណែក៣០%នៃចំនួនសរុប។ ការលក់រាយត្រូវបានជំរុញ ដោយប្រតិបត្តិការរបស់ចិន និងការលក់ផ្សារទំនើប នៅប្រទេសកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងភ័ស្តុភារកើនឡើងជិតទ្វេដងអំឡុងត្រីមាសនេះ។
ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការវិនិយោគផ្នែកភ័ស្តុភារនៅអាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក ដោយកើនឡើង២១៥%។ របាយការណ៍នេះលើកឡើងថា “ការវិនិយោគសរុប ក្នុងរយៈពេល៤ត្រីមាសចុងក្រោយនេះ សម្រេចបាន៤៤ពាន់លានដុល្លារអាមេរិក ធៀបនឹង២៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩”។
យោងតាមក្រុមហ៊ុន JLL ឱ្យដឹងថា មានកត្តារួមចំណែកជាច្រើន។ “កិច្ចព្រមព្រៀងធំៗនឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។ កិច្ចព្រមព្រៀងភ័ស្តុភារជាង៣០០លានដុល្លារបានកើនឡើង៤ដង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ កិច្ចព្រមព្រៀងចំនួន៣នៅអូស្រ្តាលី ដែលសម្រេចបាន ក្នុងរយៈពេល២ខែចុងក្រោយនេះ មានចំនួន៥ពាន់លានដុល្លារ។
មជ្ឈមណ្ឌលទិន្នន័យកាន់តែធំទៅៗ ហើយ Platform មានឈ្មោះថា ESR នឹងវិនិយោគ២ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យមួយនៅអូសាកា ខណៈក្រុមហ៊ុន Princeton គ្រោងបោះទុនវិនិយោគ១ពានលានដុល្លារនៅ Saitama ប្រទេសជប៉ុន”៕