ស្រ្តីជើងចាស់ក្នុងវិស័យអចលនទ្រព្យបីរូបលើកឡើងនូវចំណុចផ្សេងគ្នាក្នុងវិស័យ អចលនទ្រព្យបច្ចុប្បន្ន

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ស្រ្តីជើងចាស់ក្នុងវិស័យអចលនទ្រព្យបីរូប បានលើកឡើងនូវបរិបទ និងការវិភាគក្នុងវិស័យអចលនទ្រព្យ ខុសៗគ្នាលើទិដ្ឋភាពប្រែប្រួល នៃវិស័យអចលនទ្រព្យក្នុងអំឡុងវិបត្តិដែលកំពុងបន្តនាពេលបច្ចុប្បន្ននេះ។
អ្នកស្រីអាន សុធីតាអតីតនាយិកាក្រុមហ៊ុន CBRE Cambodia និងជាអ្នកវិភាគពី

ទីផ្សារអចលនទ្រព្យឯករាជ្យ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមានសញ្ញាល្អប្រសើរឡើងនៅឡើយទេ បើគិតជារូម អ្វីៗនៅមានភាពតានតឹងនៅឡើយ។

អ្នកស្រីបន្តថា “ក្នុងស្ថានភាពនេះ មានតែអ្នកមានលុយទេ ជាអ្នកឈ្នះ ពួកគេចាប់បានឱកាសច្រើន និងល្អប្រសើរ ដោយសារមានតម្លៃអចលនទ្រព្យក្រោមទីផ្សារបានលក់ចេញ”។ អ្នកស្រីបន្ថែមថា “បើរំពឹងការវិនិយោគពីបរទេស មិនទាន់ដល់ពេលនៅឡើយទេ ពួកគេនឹងចូលមកនៅអំឡុងឆ្នាំ២០២២ខាងមុខ”។

ទោះជាយ៉ាងណាអ្នកស្រីមើលឃើញថា ទីផ្សារដីធ្លីនៅមានសកម្មភាពទិញលក់ច្រើនេះជាងគេ បន្ទាប់់មកផ្ទះតាមបុរីមួយចំនួន។ ចំណែកទីផ្សារលក់រាយ ក៏មិនទាន់មានសញ្ញាប្រសើរផងដែរ។

អ្នកស្រីបន្តថា “ទោះបីរងវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី ប៉ុន្តែវិស័យនេះនៅកម្ពុជាហាក់បង្ហាញសញ្ញារ៉ឹងមាំ បើធៀបនឹងបណ្តាប្រទេសជិតខាងកម្ពុជា”។

ចំណែកអ្នកស្រី Grace Rachy Fong នាយិកាក្រុមហ៊ុន Century21 Cambodiaបានសម្តែងសុទិដ្ឋិនិយមទៅវិញ ដោយអ្នកស្រីមើលឃើញថា ក្នុងបរិបទកូវីដ១៩ បានធ្វើឲ្យមនុស្សអាចបន្សាំខ្លួននឹងបញ្ហា ហើយពួកគេរៀនរស់នៅជាមួយជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់បានប្រុងប្រយ័ត្នជាងមុន ខណៈការវិនិយោគរបស់ពួកគេនៅតែបន្ត។

អ្នកស្រីបន្តថា ទីផ្សារនេះបានចាប់ផ្តើម ងើបឡើងវិញបណ្តើរៗហើយ ដោយការវិនិយោគលើទឹកប្រាក់ចន្លោះពី១ទៅ២លានដុល្លារបានកើនឡើង ដោយសារពួកគាត់មានទំនុកចិត្តអ្វីៗនឹងល្អប្រសើរឡើង។

អ្នកស្រីបន្តថា “ការវិនិយោគលើវិស័យអចលនទ្រព្យក្នុងបរិបទនេះ ជាការវិនិយោគ​ល្អ ស្របពេលក្រុមហ៊ុន Zillion Holding បានពង្រីកភ្នាក់ងារអចលនទ្រព្យ ដល់មូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស។

រីឯអ្នកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញលក់ នៅតែមានសភាពរប៉េះរប៉ោះ ហើយប្រជាជនកាន់តែមានសុទិដ្ឋិនិយមជាងមុន ព្រោះបញ្ហាក្រពះ បានធ្វើឲ្យពួកគាត់ចាកចេញពីផ្ទះ មកប្រកបមុខរបរធម្មតា ប៉ុន្តែពួកគេបានការពារខ្លួនយ៉ាងប្រយ័ត្នប្រយ៉ែងជាងមុន។

អ្នកស្រីបន្តថា “មួយរយៈចុងក្រោយនេះ ចាប់តាំងពីរដ្ឋាភិបាលប្រកាសពង្រីកទីក្រុងក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា បានធ្វើឲ្យមានសកម្មភាពទិញលក់ដីធ្លី កាន់តែច្រើន ពិសេសនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here