ប្រធាន CVEA បង្ហើបពីកត្តាលីករចំំនួនបី ដែលជម្រុញការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានលើកឡើងពីកត្តាលីករ ឬសរសរស្តម្ភចំនូន៣ ដែលបាននិងកំពុងជម្រុញការរីកចម្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

សរសរស្តម្ភទាំង៣ ដែលជួយជ្រោមជ្រែងឱ្យវិស័យអចលនទ្រព្យរឹងមាំបាន និងបានជួយដល់ដំណើរ នៃការអភិវឌ្ឍប្រកបដោយភាពរលូន ក្នុងរយៈពេលជាង១០កន្លងមកនេះរួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលទ្រព្យនៅកម្ពុជាអាចមានភាពរឹងមាំ និងមានការអភិវឌ្ឍ គឺអាស្រ័យទៅលើសរសរស្ដម្ភទាំង៣ រួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង រួមជាមួយការគាំទ្រពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងការគាំទ្រពីគោលនយោបាយរបស់រដ្ឋាភិបាល។

លោកបានបន្តទៀតថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានដោយមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា សម្រេចបាននូវកំណើនក្នុងរង្វង់៧ភាគរយ ជារៀងរាល់ឆ្នាំ។

ចក្ខុវិស័យ នៃការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ បានទាក់ទាញភ្នាក់ងារអចលនវត្ថុរាប់រយក្រុមហ៊ុនឲ្យចូលរួមវិនិយោគ ក្នុងវិស័យសេវាកម្មអចលនវត្ថុ ដើម្បីគាំទ្រដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានប្រហែល៣០០គម្រោង ដែលកំពុងដំណើរការនៅកម្ពុជា។

ស្របពេលដែលកម្ពុជា កំពុងមានឱកាសទីផ្សារទូលំទូលាយបែបនេះ សមាគមនៅតែមានការព្រួយបារម្ភ អំពីកង្វះខាតក្រុមហ៊ុនផ្តល់សេវាកម្ម និងធនធានមនុស្សសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារអចលនវត្ថុ ក៏ដូចជា វិស័យឧស្សាហកម្មអចលនវត្ថុ។

លោកច្រឹក សុខនីមបានបញ្ជាក់ថា ដើម្បីឱ្យទីផ្សារអចលនវត្ថុអាចដំណើរការទៅប្រកមដោយនិរន្តភាព ចាំបាច់ត្រូវទាមទារឱ្យមានការពង្រីកក្រមសីកធម៌ វិជ្ជាជីវៈ នៅក្នុងទីផ្សារអចលនវត្ថុ ដើម្បីជៀសវាងការវិវាទដីធ្លី ការបំប៉ោងតម្លៃអចលនវត្ថុ និងដើម្បីបង្កើននូវភាពជឿទុកចិត្តដល់វិនិយោគគិនជាតិ និងអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តណែ​នាំអ្នកវិនិយោគ ផ្សេងទៀតចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្ថែមទៀត៕

តើទីផ្សារដីធ្លីមានការវិវត្តបែបណា អំឡូងវិបត្តិកូវីដសហគមន៍២០កុម្ភៈ តើតំបន់ណាកើនឡើង និងថយចុះនៅតំបន់ណា?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិបត្តិកូវីដ១៩បានអូសបន្លាយជាយូរ ចាប់តាំងពីកម្ពុជាជួបប្រទះនឹងការឆ្លងរីករាលដាលនៅក្នុងសហគមន៍២០ កុម្ភៈ ដែលធ្វើឱ្យវិបត្តិផ្សេងៗបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះការទិញលក់ដីធ្លីនៅក្នុងវិបត្តិនេះដែរក៏មានបញ្ហាដែរ តែរក្សាតម្លៃនៅដដែល។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងនាព្រឹកថ្ងៃទី១៤ កក្កដានេះថា ដីធ្លីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការធ្លាក់ថ្លៃទេ សម្រាប់តម្លៃដាក់លក់ ប៉ុន្តែជាការពិតនៅពេល ដែលមានការរីករាលដាលនៃកូវីដ១៩ ជាពិសេសនៅក្នុងសហគមន៍២០កុម្ភៈ ២០២១ ធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លី នៅក្នុងប្រទេសកម្ពុជាមានការថមថយ ធ្វើឱ្យអ្នកលក់ច្រើនជាងអ្នកទិញ ហើយអ្នកទិញកាន់តែមានជម្រើស។

លោកថា “ថ្វីតត្បិតតែតម្លៃនៃការដាក់លក់ លើទីផ្សារមិនមានការធ្លាក់ចុះ ក៏ពិតមែន តែប្រតិបត្តិការនៃការទិញលក់ក៏មានការធ្លាក់ចុះមួយកម្រិតដែរ”។លោកបន្តថា នៅក្នុងវិបត្តិនៃកូវីដ១៩នេះ ការដាក់លក់តែងតែមានអ្នកលក់ ដែលត្រូវការលក់បន្ទាន់ ត្រូវការលុយ និងអ្នកលក់ដែលលក់តាមដំណើរ ដូច្នេះអ្នកទិញគេមើលអ្នកណាដែលត្រូវការលក់បន្ទាន់ ហើយអាចចរចាតម្លៃជាមួយអ្នកលក់បាន ដូច្នេះគេអាចទិញដីធ្លីក្នុងតម្លៃមួយទាបជាងទីផ្សារ”។

ប៉ុន្តែនៅតំបន់ខ្លះទៀត បើទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏តម្លៃដីធ្លីមិនបានធ្លាក់ចុះនោះទេ ពោលគឺនៅរក្សាដដែល និងតំបន់ខ្លះទៀតបែរជាឡើងថ្លៃជាងទីផ្សារទៅវិញ។ តំបន់ដែលដីឡើងថ្លៃរួមមាន តំបន់ជុំវិញព្រលានយន្តហោះថ្មី តំបន់មួយចំនួនស្ថិតក្នុងស្រុកខ្សាច់កណ្តាល និងតំបន់ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តា។

លោកសំ សុខនឿនបានបន្ថែមថា តំបន់កណ្ដាលក្រុងភ្នំពេញ តម្លៃដីធ្លីទិញលក់ពិតប្រាកដមួយចំនួន បានធ្លាក់ចុះក្រោមទីផ្សារ តែសម្រាប់តំបន់ ជាយក្រុងនៅតែមានឱកាសឡើងថ្លៃទោះបីជាមានវិបត្តិកូវីដ១៩ ក៏ដោយជាក់ស្ដែងនៅតំបន់ព្រលានយន្តហោះថ្មី ពីព្រោះតំបន់នេះកំពុងតែមានការអភិវឌ្ឍខ្លាំងពីសំណាក់វិនិយោគិន។

អ្នកជំនាញអចលនវត្ថុមួយរូបទៀតលោកសន សៀបក៏បានបញ្ជាក់ផងផដែរ ចង់វិនិយោគដីធ្លី ដែលទទួលបានប្រាក់ចំណេញគឺត្រូវរកតំបន់ ដែលនៅឆ្ងាយៗពីរាជធានីភ្នំពេ​ញ ក្នុងនោះតំបន់ប៉ែកខាងត្បូងជាតំបន់ ដែលកំពុងមានសក្ដានុពលខ្ពស់និងអាចរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបាន៕

ការការពារនិងការលើកកម្ពស់បឹងនានានៅភាគខាងជើងភ្នំពេញនឹងជួយដល់ការ ពង្រីកទីក្រុងឱ្យមានគុណភាពខ្ពស់

ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាល នឹងជំរុញការអភិវឌ្ឍនៅតាមតំបន់បឹងនានា នៅភាគខាងជើងនៃរាជធានីភ្នំពេញ ដើម្បីឱ្យក្លាយទៅជាជន្ទល់ ដ៏មានសារៈសំខាន់សម្រាប់ទាក់ទាញការអភិវឌ្ឍប្រកបដោយគុណភាព និងដើម្បីធ្វើការពង្រីកទីក្រុងប្រកបដោយគុណភាពខ្ពស់។

បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ បានឱ្យដឹងថា បឹងនៅភាគខាងជើង (បឹងតាមោគ និងបណ្តាញរបស់វា) នៃរាជធានីភ្នំពេញ គឺជាសេចក្តីប្រាថ្នានៃការរៀបចំនគរូបនីយកម្ម បឹងទាំងនេះបង្ហាញនូវឱកាសតែមួយគត់ សម្រាប់បង្កើ​តនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីធ្វើការពង្រីកទីក្រុង ប្រកបដោយគុណភាពខ្ពស់ ដែលរាជធានីត្រូវតែមាន ដើម្បីទទួលនូវស្តង់ដាលំនៅឋាន និងតំបន់កណ្តាលក្រុងថ្មីៗ។

ការថែរក្សាទុកនូវបឹងទាំងអស់នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការបង្ហូរទឹកពីទីតាំងនគរូបនីយកម្ម ដែលបានគ្រោងទុកនៅខាងជើងទំនប់កប់ស្រូវ និងទន្លេសាប។ ការធ្វើឱ្យថយសមត្ថភាពជ្រាបទឹក នូវផ្ទៃដីទាំងឡាយបន្តិចម្តងៗ នឹងនាំឱ្យមានការលំបាកកាន់តែខ្លាំងក្នុងការគ្រប់គ្រងជំនន់ដោយទឹកភ្លៀងធំៗ។

បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ បានឱ្យដឹងដូច្នេះថា ការការពារ និងការលើកតម្កើងបឹងនានា ដែលតភ្ជាប់ទៅនឹងប្រឡាយដ៏ធំនានា ក្នុងខណ្ឌ ឫស្សីកែវ និងខណ្ឌសែនសុខ នឹងក្លាយទៅជាជន្ទល់ដ៏មានសារៈសំខាន់ សម្រាប់ទាក់ទាញការអភិវឌ្ឍប្រកបដោយគុណភាព ដោយរាប់បញ្ចូលផងដែរនូវគម្រោង ដែលអាចមានអាគារខ្ពស់ៗជុំវិញនមាត់បឹង។

ការអភិវឌ្ឍទាំងឡាយនេះ តម្រូវឱ្យមានការបង្កើតឡើងនូវអាងទទួលទឹក ដែលប្រើប្រាស់ រួចហើយដែលនឹងត្រូវបង្ហូរទឹកកខ្វក់ទាំងនេះ ចេញពីតំបន់ជាយក្រុងខាងជើងទៅកាន់អាងចម្រះ ទឹកកខ្វក់បឹងជើងឯកនតំបន់ជាយក្រុងខាងត្បូង ដើម្បីជៀសវាងការបំពុលបរិស្ថានទន្លេសាប ដែលជាទីតាំងបរិស្ថាន និងសេដ្ឋកិច្ច(ទេសចរណ៍ការនេសាទ) ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕

លោកឧកញ៉ាហ៊ួត ជាបង្ហើបពីយុទ្ឋសាស្រ្តឈរជើងក្នុងទីផ្សារគ្រឿងសំណង់ រយៈពេលជាង១០ឆ្នាំ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ឈរជើងយ៉ាងរ៉ឹងមាំ ក្នុងរយៈពេលជាង១០ឆ្នាំក្នុងទីផ្សារគ្រឿងសំណង់ លោកឧកញ៉ាហ៊ួត ជាបានទទួលជោគជ័យ៉ាងខ្លាំងលើអាជីវកម្មរបស់ខ្លូន រហូតអាចលក់ម៉ាកយីហោ(Franchise)បានជាង៧០ និងកំពុងពង្រីកឧត្តមភាពលើទីផ្សារ។

នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ វិស័យសំណង់ហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើអ្នករកស៊ីក្នុងវិស័យសំណង់ ដូចជា ក្រុមហ៊ុនលក់គ្រឿងសំណង់អ្នកម៉ៅការសំណង់ ក៏ទទួលបានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

លោកឧកញ៉ាហ៊ួត ជាអគ្គនាយកក្រុមហ៊ុនហ៊ួត ជាគ្រុបបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី១៤ កក្កដានេះថា លោកបានបើកអាជីវកម្មលក់គ្រឿងសំ​ណ​ង់ម៉ាកយីហោហ៊ួត ជា ក្នុងអំឡុងឆ្នាំ២០១០ ដែលជាអំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជាក៏ដូចជាពិភពលោក ទើបងើបពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នា២០០៨និង២០០៩។ ក្នុងរយៈពេល១១ឆ្នាំមកនេះ ក្រុមហ៊ុនហ៊ួតជាបានពង្រីកអាជីវកម្មរបស់ខ្លួន ជាបន្តបន្ទាប់រហូតឈានដល់ការលក់Franchise ដែលគិតមកដល់ពេលនេះ ក្រុមហ៊ុនលក់បានជាង៥០ទីតាំងរួចហើយ និងបន្តលក់ជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។

លោកឧកញ៉ាបានបន្តថា “ដោយសារតែខ្ញុំមានគំនិតក្នុងការរកស៊ី និងអភិវឌ្ឍន៍ប្រទេស លោកក៏បានចាប់យកអាជីវកម្ម លក់គ្រឿងសំណង់ធ្វើជាអាជីវកម្មដំបូង ហើយក៏បន្តធ្វើអាជីវកម្មជាបន្តបន្ទាប់”។ លោកឧកញ៉ាបន្តថា “សម្រាប់ក្រុមហ៊ុនសំណង់ហ៊ួតជា ដែលលោកបានអភិវឌ្ឍន៍តាំងពីតូចមកដល់ពេលនេះ គឺជាការតាំងចិត្តខ្ពស់ជាមួយអតិថិជន ដោយបានកំណត់នូវយុទ្ធសាស្ត្រចំនួនបី សម្រាប់អនុវត្តន៍ដែលជាគុណតម្លៃរបស់ក្រុមហ៊ុន”។

យុទ្ឋសាស្រ្តទាំងនោះមានដូចជា ទី១ សុច្ចរឹតភាពគឺភាពស្មោះត្រង់ ទី២ គុណភាពនៃផលិតផលរបស់ក្រុមហ៊ុននិង សេវាកម្មរបស់ក្រុមហ៊ុន និងទី៣ គឺការសហការរកស៊ីយូរអង្វែង។ កត្តាទាំងបីនេះហើយ ដែលធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុន កាន់តែមានទំនុកចិត្តមកលើក្រុមហ៊ុនរបស់យើង និងបានជំរុញឱ្យក្រុមហ៊ុនរីកចម្រើនមកដល់សព្វថ្ងៃនេះ ។

លោកឧកញ៉ាហ៊ួត ជាបានបន្ថែមថា កត្តាមួយទៀតដែលក្រុមហ៊ុន ទទួលបានការទិញFranchise កាន់តែច្រើនពីអតិថិជន និងដៃគូអាជីវកម្មនៅក្នុងប្រទេសកម្ពុជា គឺការផ្ដល់ជូនដល់ដៃគូនូវក្ដីស្រលាញ់របស់ក្រុមហ៊ុន ដោយបានផ្ដល់ជូនភាពស្មោះត្រង់ទៅដៃគូ ដូចជា បង្ហាត់បង្ហាញដល់ដៃគូក្នុងការគ្រប់គ្រងអាជីវកម្ម ។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុន ផ្ដល់ជូនដៃគូនូវផលិតដែលមានគុណភាព និងការសហការយ៉ាងស្អិតរមួតរវាងក្រុមហ៊ុននិងដៃគូអាជីវកម្ម។

លោកបញ្ជាក់ថា “ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែក្រុមហ៊ុននៅតែទទួលបានការទិញ Franchise ជាបន្តបន្ទាប់រហូតដល់៧៩សាខា តែមិនទាន់បើកទីតាំងទាំងអស់នោះទេ ហើយក្រុមហ៊ុននឹងបើកជូនដៃគូជាបន្តបន្ទាប់”។

យោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាបានបង្ហាញថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩នេះ កម្ពុជានៅតែទទួលបានគម្រោងសាងសង់ជាបន្តបន្ទាប់ ទាំងសំណង់ថ្នាក់ជាតិនិងសំណង់ថ្នាក់ខេត្ត ជាក់ស្ដែងតាមការដ្ឋានសំណង់ជាច្រើន នៅទូទាំងប្រទេសនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាពផងដែរ៕

រដ្ឋាភិបាលថៃបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដោយអនុម័តគម្រោងសាកល្បងផ្លូវហាយវ៉េ និងផ្លូវដែកចំនួន៤

ដោយៈសុខុម

បាងកក: ក្រសួងដឹកជញ្ជូនថៃ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានអនុម័តគម្រោងសាកល្បង ផ្លូវគមនាគមន៍ចំនួន៤រួមមានផ្លូវហាយវ៉េ និងផ្លូវដែកដែលស្នើឡើងដោយនាយកដ្ឋានផ្លូវហាយវ៉េ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី១៤ កក្កដា នេះ។

លោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី១៣ កក្កដាកន្លងមកថា ការអនុម័តនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធ ZOOM កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

លោកថ្លែងថា “កិច្ចប្រជុំរបស់ក្រសួងនេះ មានការចូលរួមពីលោក Chayathan Promsorn លេខាអចិន្រ្តៃយ៍ សម្រាប់បណ្ដានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកដឹកជញ្ជូន ដែលមកពីនាយកដ្ឋានផ្សេងៗគ្នា រួមទាំងក្រុមហ៊ុនប្រតិបត្តិករផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋ State Railway of Thailand នាយកដ្ឋានផ្លូវហាយវ៉េ និងនាយកដ្ឋានផ្លូវដែកផងដែរ”។

ស្ថាប័នទាំងនេះ បានផ្តល់ភ្លើងខៀវដល់គម្រោងសាកល្បងទាំងនេះ បន្ទាប់ពីទទួលស្គាល់វឌ្ឍនភាព នៅក្នុងការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងផ្លូវហាយវ៉េ និងគម្រោ​ងផ្លូវដែកឆ្លងខេត្តចំនួន១០ ដែលស្នើឡើងដោយនាយកដ្ឋានផ្លូវហាយវ៉េ។

លោក Saksayam Chidchob បានលើកឡើងថា គម្រោងដែលត្រូវបានជ្រើសរើសទាំង៤នេះ រួមមាន គម្រោងគមនាគមន៍ MR5 Chumphon-Ranong ប្រវែងជាង១០៨គីឡូម៉ែត្រដែលតភ្ជាប់សមុទ្រថៃ Andaman Sea ជាមួយឈូងសមុទ្រថៃ ដែលនឹងរួមបញ្ចូលមជ្ឈមណ្ឌលដឹកជញ្ជូនតាមសមុទ្រមួយផងដែរ គម្រោងគមនាគមន៍ MR8 from Nong Khai to Laem Chabang ប្រវែង២៨៨គីឡូម៉ែត្រ គម្រោងគមនាគមន៍ MR 9 Kanchanaburi-Ubon Ratchathani and Nakhon Ratchasima-Ubon Ratchathani ប្រវែង៤៤០គីឡូម៉ែត្រ និងគម្រោងគមនាគមន៍ MR10 ប្រវែង៣១៩គីឡូម៉ែត្រ។

លោកបានបន្តថា កិច្ចប្រជុំនេះ ក៏បានទទួលស្គាល់វឌ្ឍនភាព នៅក្នុងការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងផ្សេងទៀត រួមមាន គម្រោងគមនាគមន៍ MR1 Tak-Nakhon Phanom គម្រោងគមនាគមន៍ MR2 Kanchanaburi-Ubon Ratchathani គម្រោងគមនាគមន៍ MR3 Kanchanaburi-Sa Kaeo គម្រោងគមនាគមន៍ MR4 Chon Buri-Trat គម្រោងគមនាគមន៍ MR6 Phuket-Surat Thani និងគម្រោងគមនាគមន៍ MR7 Chiang Rai-Songkhla ផងដែរ។

លោកថ្លែងថា “គម្រោងទាំងនេះ នឹងជួយដោះស្រាយបញ្ហាដឹកជញ្ជូន កាត់បន្ថយដំណើរការប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារនានា ដូចជា នាយកដ្ឋានផ្លូវហាយវ៉េ អាជ្ញាធរផ្លូវល្បឿនលឿន និងក្រុមហ៊ុនប្រតិបត្តិករផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋ State Railway of Thailand ជាដើម”។

ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋ State Railway of Thailand នឹងជាអ្នកទទួលបន្ទុកផ្នែកសិក្សាសមិទ្ធលទ្ធភាព និងរចនាប្លង់ផ្លូវដែកនៅខេត្តនគររាជសីមា (Nakhon Ratchasima) ដើម្បីតភ្ជាប់បណ្តាញ MR-Map។

លោក Saksayam Chidchob បានគូសបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន ទីភ្នាក់ងារនានាត្រូវសហការគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការនានាក្នុងរយៈពេលសមស្របណាមួយ៕

ដំណឹងល្អៈ រដ្ឋាភិបាលនឹងបើកយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទូទាំង ប្រទេសចាប់ពីថ្ងៃស្អែកនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និង​ពង្រីកវិសាលភាពដល់ខេត្តចំនួន២៤ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ ស្អែកនេះ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីនបានមានប្រសាសន៍នៅថ្ងៃទី១៤កក្កដា ថា យុទ្ធនាការចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានពង្រីកវិសាលភាព​ដល់២៣ខេត្ត នៅថ្ងៃទី១៤កក្កដានេះ និងបន្តពង្រីកដល់២៤ខេត្ត នៅថ្ងៃទី១៥ក្កដាឆ្នាំ២០២១ ខណៈរាជធានីភ្នំពេញ​បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨កក្កដាកន្លងទៅនេះ។

លោកស្រីបានបន្តថា “តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ជួនដល់ប្រជាពលរដ្ឋគោលដៅ​១០​លាន​នាក់ ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ”។លោកស្រីបន្តថា “ការចាក់វ៉ាក់សាំងបានលឿននេះ ដោយ​សា​រការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈគិត​ត្រឹមថ្ងៃទី១៣កក្កដានេះ មានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងចំនួន៥ ១០៤ ៨៤៦នាក់ ស្មើនឹង​៥១.០៥​ភាគរយ ធៀបនឹង១០លាននាក់”។

បច្ចុប្បន្ននេះកម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩សរុប ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមា នចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ​២លាន​២សែន​ដូស។

វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈ​គម្រោង​​កូវ៉ាក់​ចំនួន ៣២៤ ០០០ដូស។

ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ​។ រាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លា​នដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណ២១​លាន​ដូស សម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕

តំបន់ផ្លូវជាតិលេខ១បានក្លាយជាCBDយ៉ាងឆាប់រហ័សជាមួយគំរោងមជ្ឈមណ្ឌល ពាណិជ្ជកម្មជាច្រើនបានចាប់ផ្តើមបង្ហាញវត្តមាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បាននិងកំពុងក្លាយជាតំបន់CBD (Central Business Development) ដោយសារវត្តមាននៃផ្សាររសហគមន៍ មជ្ឈមណ្ឌលពាណិជ្ជកម្មនានាកាន់តែច្រើនបាននិងកំពុងលេចរូបរាងបណ្តើរៗ។

​បុរី​ជាច្រើនបាននិងកំពុងរំលេចវត្តមាន នៅតាម​ផ្លូវ​ជាតិ​លេខ១ គេ​នឹង​លើក​ពី​បុរី​ប៉េងហួត​បឹងស្នោមុន​គេ។ បុរីកៀនស្វាយ ផ្លាហ្សា បុរីលឹម ឈាងហាក់ បុរីហាយតិចជាដើម។

ចំណែកនៅលើផ្លូវជាតិ​លេខ១ បុរីមង្គលភ្នំពេញបាន​បានដាក់ចេញគម្រោងអភិវឌ្ឍបុរី​ពីរកន្លែង មួយ​នៅ​ជិត​ផ្សារ​ព្រែងឯង​ក្បែរ​ផ្លូវ​បត់ទៅរោងចក្រ​ Tiger និងមួយ​កន្លែង​ទៀតកំំពុង​តែ​អភិវឌ្ឍ​ចម្ងាយ​ប្រហែល​ជាង៥គីឡូម៉ែត្រ​ ពី​គម្រោង​ទីមួយ​ក្បែរ​គម្រោង​កៀនស្វា​យ​ផ្សាហ្សា។

ជាមួយគ្នានេះ ក្រុមហ៊ុនOCIC បាននិងកំពុងពន្លឿនគមរោងរបស់ខ្លួនដ៏ធំ គឺទីក្រុង​រណប​កោះនរា ស្ថិតនៅលើផ្ទៃដី១២៥ហិកតា ក៏ស្ថិតនៅស្របគ្នានឹងផ្លូវជាតិលេខ១ផងដែរ ដែលធ្វើឲ្យតំបន់ស្ថិតក្នុងខ័ណ្ឌច្បារអំពៅនេះកាន់តែរសរវើក។

អ្នកតាមដានដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ លោកយិន លាងគង់ ដែលជាទីប្រឹក្សាសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ការរីកចម្រើននៃផ្លូវជាតិលេខ១មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែការរៀបចំMaster Planច្បាស់លាស់របស់រដ្ឋាភិបាលបាននិងកំពុងរុញតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម យ៉ាងរសរវើក ជាមួយនឹងការចូលរួមពីវិស័យឯកជន។

លោកបន្តថា “កំនើនសេដ្ឋកិច្ច ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ និងការតាំងទីលំនៅរបស់ពលរដ្ឋនៅតំបន់នេះច្រើន ក៏បាននិងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើននៅតំបន់នេះ”។លោកបន្តថា “វត្តមានបុរីប៉េង ហួតដែលគ្រប​ដណ្តប់លើផ្ទៃដីជាង៣០០ហិកតា បាននិងកំពុងពង្រីកសក្តានុពលនៅតំបន់នេះ ដោយអ្នកវិនិយោគបុរីនេះ បាននិងកំពុងវិនិយោគផ្សារទំនើបចំនួនបី និងសួនកំសាន្តEURO Parkតម្លៃ៦០លានដុល្លារ កំពុងធ្វើឲ្យតំបន់នេះឈានឡើងមួយកម្រិតទៀត”។

លោកបន្តថា កត្តាហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់មកកាន់កណ្តាលរាជធានី កាន់តែកៀក ពិសេសពេលស្ពានឆ្លងកាត់តំបន់កោះនរា និងកោះពេជ្ររួច នឹងធ្វើឲ្យការតភ្ជាប់និងការធ្វើដំណើរពីតំបន់នេះ ចូលមកកណ្តាលរាជធានីកាន់តែជិត និងងាយស្រូលសម្រាប់ការរស់នៅផង និងប្រកបអាជីវកម្មនានាផងដែរ៕

ដំណឹងល្អៈ រដ្ឋាភិបាលនឹងបើកយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទូទាំង ប្រទេសចាប់ពីថ្ងៃស្អែកនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និង​ពង្រីកវិសាលភាពដល់ខេត្តចំនួន២៤ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ ស្អែកនេះ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីនបានមានប្រសាសន៍នៅថ្ងៃទី១៤កក្កដា ថា យុទ្ធនាការចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានពង្រីកវិសាលភាព​ដល់២៣ខេត្ត នៅថ្ងៃទី១៤កក្កដានេះ និងបន្តពង្រីកដល់២៤ខេត្ត នៅថ្ងៃទី១៥ក្កដាឆ្នាំ២០២១ ខណៈរាជធានីភ្នំពេញ​បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨កក្កដាកន្លងទៅនេះ។

លោកស្រីបានបន្តថា “តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ជួនដល់ប្រជាពលរដ្ឋគោលដៅ​១០​លាន​នាក់ ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ”។លោកស្រីបន្តថា “ការចាក់វ៉ាក់សាំងបានលឿននេះ ដោយ​សា​រការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈគិត​ត្រឹមថ្ងៃទី១៣កក្កដានេះ មានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងចំនួន៥ ១០៤ ៨៤៦នាក់ ស្មើនឹង​៥១.០៥​ភាគរយ ធៀបនឹង១០លាននាក់”។

បច្ចុប្បន្ននេះកម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩សរុប ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមា នចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ​២លាន​២សែន​ដូស។

វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈ​គម្រោង​​កូវ៉ាក់​ចំនួន ៣២៤ ០០០ដូស។

ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ​។ រាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លា​នដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណ២១​លាន​ដូស សម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕

សមាគមធុរកិច្ចកម្ពុជា-ថៃចុះMoUដើម្បីជំរុញការវិនិយោគលើវិស័យឯកជនរវាងប្រទេសទាំងពីរ

ដោយៈ ម៉ាណេត

បាងកកៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) ដែលប្រមូលផ្តុំដោយសមាជិកផលិតករឧស្សាហកម្មច្រើនជាង៥០០ក្រុមហ៊ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)។

ពិធីចុះ MoU បានធ្វើឡើងរវាង លោក សម្បត្តិ សុធា ប្រធាន CBC និងលោក Kiattisak Jirakajornwong ប្រធាន Thai Subcon ក្រោមអធិបតីភាព លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងធ្វើជាសាក្សីពី លោកហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសថៃ តាមរយៈប្រព័ន្ធវីដេអូ ដោយសារតែការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បន្តមានសន្ទុះខ្លាំងក្លានៅឡើយ។

ថ្លែងនៅក្នុងពិធីនោះ លោកសម្បត្តិ សុធា បានថ្លែងថា បេសកកម្មរបស់ CBC ក្នុងការបង្កើតវេទិកាមួយ គឺដើម្បីកសាងទំនាក់ទំនងរឹងមាំ ជាមួយសមាគមធុរកិច្ចផ្សេងៗ និងជួយគាំទ្រសមាជិកសមាជិកានៃសហគមន៍ធុរកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងលើកស្ទួយអត្ថប្រយោជន៍របស់ពួកគេ ទៅកាន់អ្នកតាក់តែងគោល នយោបាយ។

លោកសម្បត្តិ បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំសូមអរគុណដល់លោកប្រធាន Thai Subcorn ហើយទន្ទឹងរង់ចាំធ្វើការ ជាមួយគ្នា ក្នុងបេសកកម្ម និងកិច្ចសហការប្រកបដោយផ្លែផ្កាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ”។

ជាមួយគា្ននេះដែរ លោក Kiattisak Jirakajornwong បានលើកឡើងថា បេសកកម្ម និងចក្ខុវិស័យរបស់ Thai Subcorn គឺដើម្បីកសាង សមត្ថភាពសមាជិកសមាជិកាផ្នែកផលិតកម្ម និងការធ្វើទីផ្សារ ពង្រឹងបណ្តាញធុរកិច្ចសាកល ដោយតភ្ជាប់អាជីវកម្ម របស់ពួកគេ ជាមួយស្ថាប័នរដ្ឋ និងអង្គការជាតិ និងអន្តរជាតិ។

លោក Kiattisak បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ ខ្ញុំមានជំនឿមុតមាំថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ ស្ថាប័នយើងទាំងពីរឥតកំណត់។ Thai Subcon សន្យានឹងប្រឹងប្រែងធ្វើឱ្យអនុស្សរណៈនេះ ទទួលបានផលចំណេញ សម្រាប់សមាគមទាំងពីរ និងដើម្បីមិត្តភាពកម្ពុជា និងថៃ”។

យោងតាមខ្លឹមសារនៃ MoU ភាគីទាំងពីរបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍ សកម្មភាពទាក់ទងនឹងធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម ដើម្បីលើកម្ពស់ និងពង្រីកបណ្ដាញអាជីវកម្មរបស់សមាជិក សមាជិកានៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធទៅវិញទៅមក និងគាំទ្របណ្តាញ ទីផ្សារ ដើម្បីជំរុញដល់ការតភ្ជាប់វប្បធម៌ និងសង្គម៕

រដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍន៍តំបន់បឹងកក់ឱ្យក្លាយទៅជាតំបន់កណ្តាលក្រុងថ្មីមួយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ យោងតាមតប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ ដែលបានចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា រដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍន៍តំបន់បឹងកក់ ដើម្បីឱ្យក្លាយទៅជាតំបន់កណ្តាលក្រុងថ្មីមួយ ដែលមានភាពទាក់ទាញការវិនិយោគថ្មីៗ។

ប្លង់គោលដដែល បានឱ្យដឹងថា ទីតាំងសាធារណៈថ្មីៗ អគារការិយាល័យ និងពាណិជ្ជកម្មទំនើបៗនឹងអាចលើកតម្កើង តំបន់នេះ ដោយអាចបើកចំហដល់សាធារណជនអាចបង្កើតតំបន់កណ្តាលក្រុងថ្មី និងបង្កើតកាលានុវត្តភាពនៃការធ្វើវិនិយោគទុនថ្មីៗដែលមានលម្ហបើកទូលាយច្រើន។

គម្រោងរបស់សាលារាជធានីក្នុងការរៀបចំបឹងកក់ តម្រូវឱ្យមានការថែរក្សានៃទីតាំង ស្ថានីយរថភ្លើងចាស់ ដែលជាសំណង់បេតិកភណ្ឌ និងតម្រូវឱ្យមានការតភ្ជាប់ឡើងវិញនូវ បណ្តាញផ្លូវដែលតភ្ជាប់តំបន់ខាងលិច និងខាងជើងមកតំបន់ទីក្រុងចាស់ផ្នែកខាងត្បូង និងខាងកើតនៃបឹងកក់នេះ ផ្លូវថ្មីៗ និងទីតាំងសាធារណៈនានា ដែលបន្តពីទីលាននៅមុខស្ថានីយ រថភ្លើងឆ្ពោះទៅខាងលិចនៅទល់មុខទីស្តីការគណៈរដ្ឋមន្ត្រីសព្វថ្ងៃ។

ការបន្តពីផ្ទៃពណ៍បៃតង ដែលមានទំនាក់ទំនងរវាងពហុកីឡាដ្ឋានអូឡាំពិក និងបឹងកក់ គឺជាទីកន្លែងថ្មីៗផងដែរ ដែលបន្តប្លង់អភិវឌ្ឍន៍ជាប្រវត្តិសាស្ត្ររបស់រាជធានី ហើយផ្លូវទាំងនេះនឹងរៀបសម្រាប់ទទួលនូវសកម្មភាព កម្សាន្តទាំងឡាយ (មជ្ឈមណ្ឌលវប្បធម៌ និងតាំងពិព័រណ៍ រោងភាពយន្ត សាលមហោស្រព បណ្ណាល័យសោតទស្សន៍) ទទួលនូវសកម្មភាពប្រើប្រាស់ទាំងឡាយ (មជ្ឈមណ្ឌលពាណិជ្ជកម្ម ភោជនីយដ្ឋាន សណ្ឋាគារ) និងទទួលសេវាកម្មនានា (ការិយាល័យរដ្ឋបាលនានា)៕