ឧកញ៉ានួន អកៈ ក្នុងវិបត្តិកូវីដជាឱកាសសម្រាប់អ្នកចង់ទិញដីធ្លីដើម្បីទុកចំណេញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩មានមនុស្សមិនតិចទេ ដែលនិយាយពីផលប៉ះពាល់ និងបាត់ប្រាក់ចំណូលយ៉ាងច្រើន តែសម្រាប់បុគ្គលមួយចំនួនទៀតបែរជាចាប់យកឱកាសនេះ ដើម្បីរកប្រាក់ចំណេញបានទៅវិញ។

ជាការកត់សម្កាល់នៅក្នុងពេលមានវិបត្តិនេះ តម្លៃដីធ្លីនៅនៅតំបន់មួយចំនួនបានធ្លាក់ចុះ ជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យ ដែលមានបញ្ហាហិរញ្ញវត្ថុនៅក្នុងពេលវិបត្តិ ដែលធ្វើឱ្យអ្នកមានទុនបានចាប់យកឱកាសនេះ ទិញទុកចំណេញនៅពេលអនាគត។

លោកឧកញ៉ានួន អកអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជាបានឱ្យដឹងថា វិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ននេះ លោកមើលឃើញថា វាគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលនេះមានអ្នកមួយចំនួនរវល់តែភ័យខ្លាច ខណៈអ្នកមានលុយមួយចំនួនទៀត បានយកឱកាសនេះ ដើម្បីរកប្រាក់ចំនេញរបស់ពួកគេ តាមរយៈដើររកទិញដីធ្លី ដែលមានម្ចាស់មានបញ្ហាហិរញ្ញវត្ថុទុកចំណេញ នៅពេលចប់វិបត្តិកូវីដ១៩។

លោកបានថ្លែងដូច្នេះថា “មិនត្រឹមតែអ្នកវិនិយោគនោះទេ សូម្បីតែពលរដ្ឋទូទៅក៏ដោយ បើសិនជាមានឱកាស ក្នុងការវិនិយោគបានគួរតែវិនិយោគទៅ ពីព្រោះថានៅក្នុងអំឡុងពេលនេះ ជាពេលវេលាមួយដែលអ្នកទិញ មានឥទ្ធិពលទៅលើអ្នកលក់ ដូចជាលក្ខខ័ណ្ឌក្នុងការបង់ប្រាក់ និងទទួលបានការបញ្ចុះតម្លៃច្រើនទៀតផង”។

លោកឧកញ៉ាបន្តថា សម្រាប់អ្នកវិនិយោគដីធ្លីក៏ដូចគ្នាដែរ ក្នុងខណៈនេះ បើសិនជាពួកគេមានលុយក្នុងការស្វែងរកទិញអចលនទ្រព្យជាពិសេសដីធ្លី ពួកគេនឹងទទួលបាននូវដីធ្លីដែលមានតម្លៃសមរម្យទាបជាងទីផ្សារ និងនៅតំបន់ដែលមានសក្ដានុពលខ្ពស់។

លោកបញ្ជាក់ថា សម្រាប់រូបលោកជាអ្នកវិនិយោគមួយរូប ពេលនេះគឺជាពេល ដែលត្រូវសម្រុកវិនិយោគហើយ ពីព្រោះថាស្ថានភាពអចលនទ្រព្យនៅដើមឆ្នាំ២០២២ខាងមុខនេះ នឹងល្អប្រសើរឡើងវិញ ខណៈរដ្ឋាភិបាលកម្ពុជា និងប្រទេសលើពិភពលោកកក៏កំពុងសម្រុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគេដូចគ្នា ដូច្នេះនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ស្ថានភាពកូវីដ១៩នឹងថមថយហើយវិនិយោគិនជាតិ និងអន្តរជាតិនឹងចាប់ផ្ដើមសកម្មភាពទាំងគេទាំងយើង ពេលនោះជាពេលវេលាប្រជែងគ្នា ហើយបើសិនជាយើងបានត្រៀមខ្លួនមុននោះយើងនឹងដើរមុនគេបានមួយជំហានហើយ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យដទៃទៀតក្រៅពីលោកឧកញ៉ានួន អកក៏បានបញ្ចេញទស្សនៈស្រដៀងលោកថា វិស័យអចលនទ្រព្យនឹងនៅតែមានការរំពឹងទុកថានឹងវិលត្រលប់មកល្អប្រសើរឡើងវិញនៅពេលឆាប់ៗនេះ ហើយវិនិយោគិនបរទេសនឹងត្រលប់មកកាន់កម្ពុជាវិញនៅពេលដ៏ខ្លីខាងមុខនេះ ជាពិសេសវិនិយោគិនចិនតែម្ដង៕

កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យទេសចរណ៍នៅកម្ពុជារំពឹងថា នឹងអាចបើកទទួលទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាបណ្តើរៗ និងជំហានៗនាពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងការពង្រឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីបង្កើតជាគន្លងប្រក្រតីភាពថ្មី។

សមាគមទេសចរណ៍ធំៗចំនួន៦ បានលើកឡើងដូច្នេះ នៅក្នុងសេចក្តី្កថ្លែងអំណរគុណរួមគ្នា ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយជួយដល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩។

សមាគម និងសហព័ន្ធធំៗក្នុងវិស័យទេសចរណ៍ចំនួន៦ តាមរយៈក្រសួងទេសចរណ៍ បានរួមគ្នាថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការជួយដល់វិស័យទេសចរណ៍បានទាល់ពេលវេលា និងចំគោលដៅ ក្នុងអំលុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជានេះ។

តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATACC) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

តំណាងសមាគម និងសហព័ន្ធទាំង ៦ ក៏បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាល់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន៩ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នេះផងដែរ។

ទន្ទឹមនឹងនោះ ការដាក់អនុវត្តផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានកំពុងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទាន់ពេលវេលា ហើយបានបង្កើតជាក្តីសង្ឃឹមសម្រាប់ការឆ្ពោះទៅការទទួលទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងពេលខាងមុខ។

គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ (ប្រមាណ៩៩.៦៤%) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏បាននិងកំពុងទទួលការចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕

ធ្លាប់ឆ្ងល់អត់ថា វីឡាទោលមានលក្ខណៈពិសេសត្រង់ណាខ្លះ ទើបគ្រប់គ្នាស្រមៃចង់បានម្ល៉េះ?

និយាយពីគេហដ្ឋានសម្រាប់រស់នៅ គ្រប់គ្នាសុទ្ធតែចង់បានផ្ទះដែលមានការរចនាម៉ូដស្រស់ស្អាត ទីធ្លាធំទូលាយ ជាពិសេសស្ថិតក្នុងតំបន់ដែលមានសក្ដានុពល មានសុវត្ថិភាពខ្ពស់ -ល-។ គេហដ្ឋានសម្រាប់រស់នៅនេះមានច្រើនប្រភេទសម្រាប់ពេលបច្ចុប្បន្នដែលត្រូវបានសាងសង់ឡើងដោយដាក់ឈ្មោះផ្សេងៗគ្នាទៅតាមក្រុមហ៊ុនអភិវឌ្ឍនីមួយៗ ដែលរាប់ចាប់ពីផ្ទះល្វែង ឬផ្ទះអាជីវកម្មដែលជាទូទៅអាចប្រើបានទាំងសម្រាប់ការរស់នៅ​ និងប្រកបអាជីវកម្ម វីឡាកូនកាត់ដែលជាផ្ទះវីឡាដែលក្លាយពីផ្ទះល្វែងកាត់ដោយបន្ថែមភាពប្រណីត និងមុខងារកាន់តែទំនើប វីឡាភ្លោះដែលជាប្រភេទផ្ទះវីឡាជាប់គ្នាពីរៗ និងវីឡាទោលដែលភាគច្រើនមានទំហំធំជាងវីឡាផ្សេងៗ ហើយមានដីដាច់ដោយឡែក មិនជាប់របងជាមួយផ្ទះឯទៀត។

យើងសង្កេតឃើញថា ទោះបីមានតម្លៃខ្ពស់ជាងគេច្រើនគួរសមក៏ពិតមែន វីឡាទោលនៅតែជាគេហដ្ឋានក្នុងក្ដីស្រមៃរបស់មនុស្សជាច្រើន។ ដូច្នេះថាតើឈ្មោះថាវីឡាទោលនេះមានលក្ខណៈពិសេស និងភាពប្រណីតខុសពីវីឡាប្រភេទផ្សេងបែបណា ទើបតម្លៃក៏ថ្លៃ ហើយពេញនិយមខ្លាំងជាងគេ?

១. ឯកជនភាព

ឮតែឈ្មោះក៏អាចស្រមៃបានដែរថា ការរស់នៅប្រភេទវីឡាទោលគឺមានលក្ខណៈឯកជនពេញលេញ​ ដោយសារមិនមានជាប់របងជាមួយផ្ទះអ្នកជិតខាង ក្នុងបរិវេណដី​មានទីធ្លាសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងគ្រួសារមិនថាជាការជួបជុំ ការរៀបចំសួនច្បារជាដើម​ ដោយមិនភ័យខ្លាចប៉ះពាល់អ្នកជិតខាងឡើយ។

២. ប្រណីតភាព និងរចនាបទពិសេសជាងគេ

ស្ទើរតែ១០០%នៃវីឡាទោលត្រូវបានរចនា និងសាងសង់ឡើងដោយយកចិត្តទុកដាក់ទៅលើប្រណីតភាពខ្ពស់ ព្រោះវីឡាប្រភេទនេះជានិម្មិតរូបនៃភាពឧត្ដុង្គឧត្ដម កិត្តិយសសម្រាប់ម្ចាស់ផ្ទះ​និងក្រុមគ្រួសារ។ គ្រប់បន្ទប់ គ្រប់ជំហានដែលមាននៅក្នុងផ្ទះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខា និងគំនិតច្នៃប្រឌិតពិសេសជាងគេដើម្បីផ្ដល់ឱ្យម្ចាស់ផ្ទះនូវអារម្មណ៍កក់ក្ដៅ និងសុភមង្គលគ្រប់ពេលវេលា។

៣. កន្លែងកម្សាន្ត សួនច្បារ ឬអាងទឹកឯកជនផ្ដាច់មុខ

អ្វីដែលជាលក្ខណៈពិសេសមួយទៀតរបស់វីឡាទោលគឺមានទីធ្លាសម្រាប់រៀបចំជាសួនច្បារ សួនបន្លែ កន្លែងក្មេងលេង ឬ​មានទាំងអាងហែលទឹកផ្ទាល់ខ្លួនតែម្ដង ដែលអាចផ្ដល់ឱ្យម្ចាស់ផ្ទះមានភាពងាយស្រួលក្នុងការលំហែជាមួយធម្មជាតិក្នុងរបងផ្ទះរបស់ខ្លួន ឬការរៀបចំពិធីផ្សេងៗបានយ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ វីឡាទោលរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗដូចជាបុរី ប៉េង ហួត ជាដើមសុទ្ធតែមានខ្ចុះអង្គុយលេងនៅខាងមុខផ្ទះដែលមានសភាពធំទូលាយ និងមានអារម្មណ៍ស្រស់ស្រាយ។

៤. ទំហំ និងចំនួនបន្ទប់

វីឡាទោលមានលក្ខណៈពិសេសមួយទៀតគឺមានទំហំធំ និងមានបន្ទប់ច្រើន ហើយបន្ទប់នីមួយៗសុទ្ធតែធំទូលាយ។ ចំណែកបរិវេណចម្អិនអាហារក៏មានការបែងចែងច្បាស់លាស់រវាងផ្ទះបាយស្ងួត និងផ្ទះបាយសើមដែលមិនធ្វើឱ្យមានក្លិនមិនល្អក្នុងផ្ទះឡើយ។ ម្យ៉ាងវិញទៀត វីឡាទោលនីមួយៗសុទ្ធតែមានចំណតរថយន្តធំទូលាយ ហើយនៅដាច់ដោយឡែកពីទ្វារចូលផ្ទះដែលធ្វើឱ្យបរិវេណខាងមុខទ្វារមានសភាពស្រឡះល្អ។ ក្រៅពីនេះ វីឡាទោលមួយចំនួនក៏មានជាបន្ទប់សម្រាប់សមាជិកគ្រួសារដែលមានវ័យចំណាស់នៅជាន់ផ្ទាល់ដីតែម្ដង ឬមានបំពាក់ជណ្ដើរយន្តរួចជាស្រេចដែលជាមុខងារពិសេសផ្ដល់ភាពងាយស្រួលដល់សមាជិកគ្រួសារ ជាពិសេសមនុស្សវ័យចំណាស់តែម្ដង។

៥. ឱកាសវិនិយោគខ្ពស់មិនធម្មតា

លក្ខណៈពិសេសផ្សេងៗដូចបានរៀបរាប់ខាងលើរបស់វីឡាទោលបានធ្វើឱ្យលំនៅឋានប្រភេទនេះអាចមានតម្លៃទីផ្សារហក់ឡើងខ្ពស់ឆាប់រហ័ស ដែលល្អសម្រាប់ការទិញទុកវិនិយោគ ឬរស់នៅក៏បាន។ មិនតែប៉ុណ្ណោះ ការទិញក្នុងអំឡុងពេលគម្រោងនីមួយៗមានប្រូម៉ូសិនក៏ជាឱកាសល្អសម្រាប់ទទួលបានផលចំណេញនៅថ្ងៃអនាគត ព្រោះអំឡុងពេលនោះមានការបញ្ចុះតម្លៃ និងគោលការណ៍បង់ប្រាក់ល្អច្រើន។

ជាក់ស្ដែង ក្នុងឱកាសបើកលក់វីឡាទោលប្រភេទថ្មី ក្នុងដំណាក់កាលទី២នៃគម្រោង ដឹស្តា ផ្លាទីនីម ម៉ាស្ទើរី ដែលជាគម្រោងវីឡាទោលសុទ្ធតែបុរី ប៉េង ហួត ស្ថិតនៅក្បែរផ្លូវជាតិលេខ១ (ក្នុងតំបន់បឹងស្នោ) មានការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖

✨ ការបញ្ចុះតម្លៃរហូតដល់ 10%

✨ គោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល ជាមួយអត្រាការប្រាក់ 0% រហូតដល់ 20ខែ

✨ ជម្រើសបង់រំលស់ 100% សម្រាប់គ្រប់គម្រោង

✨បង់រំលស់ជាមួយធនាគារដៃគូរបស់បុរី ប៉េង ហួត ដោយអត្រាការប្រាក់ចាប់ពី 4.99% និងទំហំកម្ចីរហូតដល់ 80%

គួរបញ្ជាក់ថា វីឡាទោលដែលមានក្នុងគម្រោង​ ដឹស្តាផ្លាទីនីម ម៉ាស្ទើរី ដំណាក់កាលទី១ មានដូចជា វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង A ដែលត្រូវបានលក់អស់ស្ទើរតែ 100% ទៅហើយ។ ដោយឡែក ដំណាក់កាលទី២ មានប្រភេទវីឡាទោលពិសេសដាច់គេ គឺវីឡា ឃីង ម៉ាជេស្ទីក ដែលមានទំហំដីធំទូលាយ ផ្នែកខាងក្នុងកាន់តែមានភាព​ប្រណីតជាងមុន ហើយអ្វីដែលពិសេសជាងគេនោះគឺមានបំពាក់ជណ្ដើរយន្តនៅខាងក្នុងផ្ទះរួចជាស្រេច ព្រមទាំងមុខងារសំខាន់ៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

រដ្ឋាភិបាលសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជារបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដោយអនុត្ដចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិចុះថ្ងៃ១៣ ខែកក្កដា ជម្រាបទៅកាន់ឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។

ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែននេះ អាចធ្វើឡើងទៅបាន សម្រាប់តែអ្នកជំងឺ ដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្រ្ដីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ជប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពិរាជរដ្ឋាភិបាល។

លិខិតខាងលើ បានឱ្យដឹងថា ចំពោះបុគ្គលិក និងកម្មការជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្ដាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្ដាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុង ពេលនៃការផ្អាកការចេញចូលបណ្ដោះអាសន្ននេះ។

ជាមួយគ្នានេះ សូមឯត្ដម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្ដឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ៕

អ្នកជំនាញៈ វិស័យអចលនទ្រព្យកម្ពុជានឹងនៅតែបន្តភាពរឹងមាំតែទាមទារការគាំទ្រពីវិស័យធនាគារ

ដោយៈ ប៊ី

ភ្នំពេញៈ បើទោះបីប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជានឹងអាចនៅតែបន្តភាពរឹងមាំបានដដែល បើសិនណាវិស័យធនាគារនៅតែងអាចបន្តផ្តល់ប្រាក់កម្ចីបាន ស្របពេលម្រោងសាងសង់ធំៗមួយចំនួនគឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា។ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោកច្រឹក សុខនីមបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពី «វិស័យអចលនទ្រព្យ និងសំណង់ក្នុងបរិការណ៍ដែលហុំព័ទ្ធដោយជំងឺកូវីដ១៩» កាលពីថ្មីៗនេះ តាមរយៈZoom និងដោយមានការចូលរួមពីវាគ្មិន លោកបណ្ឌិត តាន់មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍ លំនៅស្ថានកម្ពុជា, លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ច រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

លោកបានថ្លែងថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ តែក៏ជាឱកាសមួយដល់អ្នកវិនិយោគិនក្នុងការដើរទិញអចនទ្រព្យទុក ព្រោះពេលនេះគឺអាចទិញបានក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពបានប្រើសើរវិញនោះ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់ផងដែរ។

លោកបានឱ្យដឹងទៀតថា ថាទោះបីជា ប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ១៩ តែគម្រោងសាងសង់ធំៗ គឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា។

លោកបានបន្តថា បើតាមការសិក្សាទៅលើវិស័យអចលនទ្រព្យនៅលើប្រទេសជឿនលឿន ភាគច្រើន១០ឆ្នាំម្តងនឹងរងនូវផលប៉ះពាល់ម្តង ដូចនេះហើយពេលដែលរងផលប៉ះពាល់នេះហើយ គឺជាឱកាសសម្រាប់អ្នកមានលទ្ធភាពបានដើរទិញទុក ហើយនៅពេលដែលបានធូរស្បើយ ជាឱកាសដែលគេលក់ចេញដើម្បីទទួលបានផលចំណេញ ដែលនេះគឺជាឱកាសមួយនៅក្នុងបញ្ហាផងដែរ។

ដោយឡែក លោកបណ្ឌិតគី សេរីវឌ្ឍន៍បានលើកឡើងដែរថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅដើមឆ្នាំ២០២១នេះ គឺមានការកើនឡើងច្រើនជាងឆ្នាំ២០២០ ខណៈដែល ឆ្នាំ២០២០ ប្រទេសកម្ពុជាបានជួបនឹងវិបត្តិ EBA ដែលបានធ្វើឱ្យអារម្មណ៍របស់អ្នកប្រើប្រាស់ទទួលរងសំពាធនៃ EBAនេះ និងទី២គឺបញ្ហាកង្វះនៃវត្ថុធាតុដើមពីប្រទេសចិន សម្រាប់ផ្គត់ផ្គង់លើវិស័យកាត់ដេរ ដោយសារប្រទេសចិនផ្ទុះឡើងនៃជំងឺកូវីដ១៩។

លោកបានបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ពិភពលោកគឺបានរៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក៏បានរៀនរស់នៅជាមួយជំងឺកូវីដ១៩ដូចគ្នា ដោយរដ្ឋាភិបាលបានបើកឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ច និងរស់នៅតាមវិធានការអនាម័យរបស់រាជរដ្ឋាភិបាលដែលបានណែនាំនេះ ទើបអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចំរើនឡើងវិញបាន៕

ប្រមុខការទូតកម្ពុជាៈ ពិភពលោកត្រូវប្រកាន់ពហុភាគីនិយមទើបអាចយកឈ្នះលើបញ្ហាប្រឈមបច្ចុប្បន្ន

ដោយៈ ប៊ី

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រមុខការទូតកម្ពុជា កាលពីយប់មិញ បានលើកឡើងថា បើសិនជាគ្មានចំណុចពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទ។

លោកបានលើកឡើងដូច្នេះ ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ប្រមុខការទូតកម្ពុជាបានថ្លែងដូចខាងក្រោម៖

នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈ ពេល២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេល បន្ទាប់។

កម្ពុជាជឿជាក់យ៉ាងមុតមាំ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទ បញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុង សេចក្ដីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញ អង្គការសហប្រជាជាតិ។

ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួល បានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់ នេះមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ ដើរលើមាគ៌ាស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្ត្រទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបរាជ័យដោយខ្លួនឯង។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុង ជួបប្រទះ ត្រូវការចាំបាច់នូវវិធីសាស្ត្ររួមមួយ ដែលកើតចេញពីការសាមគ្គីភាព ការប្តេជ្ញាចិត្តដោយមិន គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្មារតីមនុស្សធម៌។ នៅក្នុងបរិបទនេះ កិច្ចការនៃចលនាមិនចូល បក្សសម្ព័ន្ធ មានសារៈសំខាន់បំផុតក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និង វិបុលភាពសម្រាប់មនុស្សទាំងពួង។ ឧទាហរណ៍៖ ការអនុវត្តនៃគោលដៅសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលើកទឹកចិត្តតាមរយៈការអនុម័តប្រភពថាមពលកកើត ឡើងវិញ ដែលជួយទប់ស្កាត់ការបំភាយកាបូន នឹងមានផលប្រយោជន៍ដល់ពិភពលោកទាំងមូល។

ការប្រឈមជាសកល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមកដល់នៃបដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវឱ្យយើងសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យានិងការចែករំលែកបច្ចេកវិទ្យា មិនមែនគ្រាន់តែ រវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ការផ្ដល់ការគាំទ្រផ្នែកបច្ចេកវិទ្យាបែប នេះមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកចលនាមិន ចូលបក្សសម្ព័ន្ធនីមួយៗ ក្នុងអំឡុងពេលផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពិភពលោក។

ការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យានៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាល នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច។

ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍ អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការគ្រាន់តែរៀបរាប់ពីពហុភាគីនិយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក នោះគ្រាន់តែ ជាការនិយាយតែមាត់ប៉ុណ្ណោះ។ ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់។ បើសិនជាគ្មាន ចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិន អាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះនាពេល បច្ចុប្បន្ននេះទេ។

តាមប្រវត្តិសាស្ត្រ ចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិតនទំនាក់ទំនងអន្តរជាតិ ដែលជួយ ទប់ស្កាត់សង្គ្រាមលោកថ្មី ខ្ញុំជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគីនៃការក្រកួតប្រជែង ប្រកបដោយគ្រោះថ្នាក់ គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយ សហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្របជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ៕

ក្រុមហ៊ុនកូរ៉េ Lotte Chemical គ្រោងបោះទុនវិនិយោគ៣៨០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ឧស្ម័នអ៊ីដ្រូសែន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte Chemical Corp នឹងបោះទុនវិនិយោគ៣,៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០ ដើម្បីបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ឧស្ម័នអ៊ីដ្រូសែន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៣ កក្កដា។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងសេអ៊ូលនេះ មានបំណងផ្គត់ផ្គង់ឱ្យបាន៣០% នៃតម្រូវការឧស្ម័នអ៊ីដ្រូសែនក្នុងប្រទេសកូរ៉េខាងត្បូង តាមរយៈការបង្កើនសមត្ថភាពផលិតឧស្ម័ននេះ ឱ្យបាន៦០០.០០០តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះបានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៣ កក្កដា ថា ទំហំលក់ឧស្ម័ននេះប្រចាំឆ្នាំអាចឈានដល់២,៦ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ទសវត្សរ៍នេះ។

កូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលមានយុទ្ធសាស្ត្រផលិតឧស្ម័នអ៊ីដ្រូសែន ជាឧស្ម័នគ្មានកាបូនម្យ៉ាងដែលអាចដុត ឬប្រើប្រាស់ក្នុងកោសិកាឥន្ធនៈ (fuel cell) សម្រាប់ផលិតថាមពលអគ្គិសនី ឬវិស័យដឹកជញ្ជូន។

ការប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន សម្រាប់ឧស្សាហកម្មធុនធ្ងន់ និងការដឹកជញ្ជូនផ្លូវឆ្ងាយ ឬអាកាសចរណ៍ ត្រូវបានគេចាត់ទុកវិធីដ៏មានសក្តានុពលមួយ សម្រាប់បណ្ដាប្រទេ​សបំពេញមហិច្ឆតារបស់ខ្លួន នៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យនៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។

ក្រុមហ៊ុនកូរ៉េ គ្រាក់ៗចំនួន៥រួមមានទាំងក្រុមហ៊ុន SK Group និងក្រុមហ៊ុន Hyundai Motor Co ផងធ្លាប់បានប្រកាសថា ពួកគេនឹងបោះទុនក្នុងទំហំទឹកប្រាក់សរុបចំនួន៣៨ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើបច្ចេកវិទ្យាឧស្ម័នអ៊ីដ្រូសែន នៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Lotte Chemical Corp ផងបានកំណត់គោលដៅ បំភាយឧស្ម័នកាបូនរបស់ខ្លួនរៀងៗខ្លួន ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។

ក្រុមហ៊ុន Lotte Chemical Corp មានបំណងផលិតឧស្ម័នអ៊ីដ្រូសែនពណ៌ខៀវ (blue hydrogen) ឱ្យបានចំនួន១៦០,០០០តោននៅត្រឹមឆ្នាំ២០២៥ និងឧស្ម័នអ៊ីដ្រូសែនពណ៌បៃតង (green hydrogen) ឱ្យបាន៤៤០.០០០តោននៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននេះ ក៏មានផែនការសាងសង់ស្ថានីយបញ្ចូលឧស្ម័នអ៊ីដ្រូសែន ឱ្យបានចំនួន៥០ស្ថានីយ និងអាងស្តុកឧស្ម័នអ៊ីដ្រូសែនសម្ពាធខ្ពស់ ឱ្យបាន១០០.០០០អាងនៅត្រឹមឆ្នាំ២០២៥ផងដែរ៕

អ្នកជំនាញៈទីផ្សារដីឡូត៍ចាប់ផ្តើមប្រែពណ៌ជាមួយនឹងការពង្រីកទំំហំធំជាងមុន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិងកំពុងមើលឃើញថា ទីផ្សារដីឡូត៍កាន់តែមានការវិវត្តល្អប្រសើរ ដោយទំហំដីឡូត៍កាន់តែត្រូវពង្រីក ដោយផ្តោតលើដីឡូត៍លំហែរកាយកាន់តែច្រើន។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាស​ន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៣ កក្កដាកន្លងមកថា បច្ចុប្បន្នអ្នកពុះដីឡូត៍កាន់តែច្រើន បានពង្រីក ការធ្វើពិពិធកម្មផលិតផលរបស់ពួកគេ ដោយចាប់ផ្តើមសាងសង់ផ្ទះតម្លៃសមរម្យសំរាប់លក់ និងបាននិងកំពុងពុះដីឡូត៍ធំៗ ដែលផ្តោតលើគំរោងបែបលំហែរកាយ។

លោកបន្តថា “ជំងឺកូវីដ១៩បានធ្វើឲ្យប្រជាជនស្រ្តេសច្រើន ពួកគាត់រកទីកន្លែងសំរាប់់លំហែរកាយកាន់តែច្រើន ស្របពេលការធ្វើដំណើកំសាន្ត នៅក្រៅប្រទេសមិនអាចធ្វើបាន”។លោកបន្តថា “ការសាងសង់ផ្ទះលំហែរកាយជាបឹងហ្កាឡូ ការបោះតង់កាន់តែពេញនិយម នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរ និងតំបន់ព្រៃភ្នំដែលមានទេសភាព និងខ្យល់អាកាសបរិសុទ្ឋ”។

លោកយិន លាងគង់បានបន្តថា បច្ចុប្បន្នមានគំរោងដីឡូត៍មូយចំនូន នៅជើងភ្នំបូកគោ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ។ ការទិញដីឡូត៍ សំរាប់សាងសង់ផ្ទះលំហែរ ក(ចូលរួមចំណែកយ៉ាងល្អប្រសើរ ដើម្បីលើកកំពស់ទេសចរណ៍ផង និងចាក់ចូលធនធានក្នុងមូលដ្ឋានផងដែរ។

ការពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាគោលនយយោបាយមួយរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាច​ចាយវាយសាច់ប្រាក់នៅក្នុងប្រទេសច្រើន ដែលជាការរូមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

លោកឆម ចំរើនអគ្គនាយកក្រុមហ៊ុនAdsolutionបានមានប្រសាសន៍ថា ការដើរកំសាន្តនៅក្នុងប្រទេស និងការទិញដីឡូត៍សំរាប់លំហែរកាយ បានកើនឡើងខ្ពស់ចាប់តាំងពីមានជំងឺកូវីដមក។ បញ្ហានេះបានជួយធ្វើឲ្យទីផ្សារដីឡូត៍លំហែរកាយ កើនឡើង ប្រជាជនមានធនធាន បានចាប់អារម្មណ៍វិនិយោគដីឡូត៍ ដើម្បីសាងសង់ផ្ទះឬទិញផ្ទះនៅក្នុងគំរោងលំហែរកាយ ដែលបានរៀបចំឡើងដោយអ្នកអភិវឌ្ឍន៍នានា។

លោកបន្តថា ចាប់ពីពេលនេះ រហូតដល់ពេលអនាគត ទីផ្សារដីឡូត៍លំហែរកាយនឹងមានទីផ្សារកាន់តែច្រើន ខណៈប្រចាពលរដ្ឋមានជីវភាពធូរធារកើនឡើង ពិសេសប្រ​ជា​ពលរដ្ឋខ្មែរ ចូលចិត្តដើរកំសាន្តច្រើនជាងពេលមុន៕

រដ្ឋាភិបាលគ្រោងពង្រីកផ្ទៃដី២០០០គីឡូម៉ែត្រក្រឡាដើម្បីពង្រីករាជធានីភ្នំពេញឱ្យកាន់តែធំស្របតាម

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងបញ្ចូលគ្នា រវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើង នៃខេត្តកណ្តាល(២ ០០០គីឡូម៉ែត្រក្រឡា) ដើម្បីបង្កើតបានជារាជធានីភ្នំពេញធំមួយ។ នេះបើយោងតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញ២០៣៥ ចេញផ្សាយកាលពីថ្មីៗនេះ។

យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះថា ការបញ្ចូលគ្នារវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើងនៃខេត្តកណ្តាល (២០០០គីឡូ​ម៉ែត្រក្រឡា) ឬជាមួយខេត្តកណ្តាលទាំងមូល (៤ ០០០គីឡូម៉ែត្រក្រឡា) ដើម្បីបង្កើតបានជារាជធានីភ្នំពេញធំមួយជាមួយនឹងលក្ខន្តិកៈពិសេសគឺរាជធានី។
រាជធានីនឹងមានស្វយ័ត ភាពហិរញ្ញវត្ថុមួយយ៉ាងធំ ដោយរួមបញ្ចូលទាំងការធ្វើវិនិយោគទុន និងលទ្ធភាពនៃការខ្ចីស្វ័យ័ត ភាពប្រាក់ផងដែរ។

ដំណោះស្រាយដែលមានភាពរលូនបំផុតនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល កណ្ដាលដកខ្លួនចេញ ពីការធ្វើវិនិយោគសាធារណៈនៅរាជធានីភ្នំពេញ ហើយភ្នំពេញអាចរកបាននូវធនធានស្វយ័ត សម្រាប់ការអភិវឌ្ឍរបស់ខ្លួន ជាមួយនឹងសារពើពន្ធមូលដ្ឋានទាំង​ឡាយដែល រាជធានីនឹងគ្រប់គ្រងដោយផ្ទាល់ ហើយក៏អាចមានលទ្ធភាពក្នុងការខ្ចីប្រាក់ដោយផ្ទាល់ពីម្ចាស់ ជំនួយអន្តរជាតិនានា។

រាជធានីភ្នំពេញធំនឹងមានសាមគ្គីភាព ជាមួយខេត្តដទៃៗទៀតនៅក្នុងប្រទេស តាមរយៈសារពើពន្ធជាតិ ដែលករណីនេះបានដំណើរការស្រាប់ទៅហើយ នេះជាដំណោះស្រាយ ដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុត សម្រាប់ការគ្រប់គ្រងទីក្រុងធំនានា៕

គម្រោងអភិវឌ្ឈន៍ធំៗចំនួន៦របស់រដ្ឋាភិបាលនិងវិស័យឯកជនកំពុងលើកកំពស់សក្តានុពលខេត្តបាត់ដំបង

ដោយៈស៊ីវ ម៉េង

បាត់ដំបងៈ គំរោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋស្នូល ដែលមានគោលដៅធ្វើពិពិធកម្ម និងទាញតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជនកំពុងជំរុញ និងលើកស្ទួយសក្តានុពលខេត្តបាត់ដំបង។

ផ្លូវជាតិលេខ១០
បច្ចុប្បន្នផ្លូវជាតិជាប្រវត្តិសាស្រ្ត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តពោធិសាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង សម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈវាជាផ្លូវប្រវត្តិសាស្រ្ត ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង។

ផ្លូវជាតិ១ខ្សែ ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិននេះ ជាផ្នែកមួយនៃការដឹកជញ្ជូនកសិផលដ៏សម្បូរបែបពីភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរ ដើម្បីនាំចេញទៅកាន់ប្រទេសទី៣ ដែលជាផ្នែកមួយនៃការពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកម្ពុជា សមាហរណកម្មផ្ទៃក្នុង និងលើកកំពស់សេដ្ឋកិច្ចជាតិ។ នេះបើតាមការឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ការស្តារព្រលានយន្តហោះ
រដ្ឋាភិបាលតាមរយៈក្រុមការងារអន្តរក្រសួង បានសិក្សាលើផែនការស្តារឡើងវិញនូវព្រលានយន្តហោះខេត្តបាត់ដំបង ដែលបានបោះបង់ចោលអស់រយៈពេលរាប់ទសវត្សរ៍ឡើងវិញ ដើម្បីសម្រួលដល់ការតភ្ជាប់ការដឹកជញ្ជូនផ្នែកផ្លូវអាកាស​ ក៏ដូចជាជម្រុញសក្តានុពលរបស់ខេត្តដែលមានស្រាប់នេះ។

ទោះជាយ៉ាងណាការសិក្សា លទ្ឋភាពស្តារឡើងវិញនូវព្រលាននេះ ក្នុងទំហំកម្រិតណា និងចំណាយអស់ទឹកប្រាក់ប៉ុន្មាន មិនទាន់មានរបាយការណ៍សិក្សាបញ្ជាក់លំអិតទេ ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលកំពុងសបន្លាយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាលទ្ឋភាពស្តារឡើងវិញ នូវព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានផ្អាកដោយសារបញ្ហារីករាលដាលជំងឺកូវីដ១៩។

ផ្លូវតភ្ជាប់ពីខេត្តសៀមរាប
កាលពីពេលថ្មីៗនេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា រដ្ឋាភិបាលមានផែនការសាងសង់ផ្លូវមួយខ្សែ តភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង ដែលផ្កូវនេះមានប្រវែងប្រមាណ៦០គីឡូម៉ែត្រ។

លោកបន្តថា ផ្លូវមួយខ្សែនេះ តាមគំរោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ដើម្បីសាងសង់ប៉មធំមួយ សំរាប់ឲ្យភ្ញៀវទេសចរណ៍សំរាកលំហែរកាយ និងគយគន់ទេស​ភាពទន្លេសាប ដែលគំរោងបែបនេះត្រូវបានរៀបចំនៅប្រទេសកូរ៉េ ជប៉ុន ទីក្រុងហុងកុងរួចហើយ។

លោកបន្តថា “ការសាងសង់ផ្លួវនេះជាផែនការអាទិភាពមួយ ដែលឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកចង់បានណាស់”។

ការលើកស្ទួយទេសចរណ៍
នៅក្នុងការរៀបចំផែនការមេតភ្ជាប់ខ្សែចង្វាក់ទេសចរណ៍ ដើម្បីឲ្យភ្ញៀវទេសចរណ៍អន្តរជាតិចំណាយប្រាក់កាន់តែច្រើន និងស្នាក់នៅកាន់តែយូរនៅកម្ពុជា រដ្ឋាភិបាលមានគោលដៅលើកស្ទួយទេសចរណ៍ខេត្តបាត់ដំបង ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវពីក្រុងសៀមរាប មកទស្សនា​និងស្នាក់នៅខេត្តបាត់ដំបង តាមរយៈផ្លូវជាតិមួយខ្សែដែលតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបងនាពេលខាងមុខ។

ប៉ុន្តែទោះជាយ៉ាងណា ការសាងសង់ផ្លូវមួយខ្សែនេះចេញពីតំបន់ណា មកភ្ជាប់នៅខេត្តបាត់ដំបងនៅតំបន់ណា មិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយទេ ខណៈវាស្ថិតនៅ​ក្នុងផែនការនៅឡើយ។

ផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៥ ដែលមានប្រវែងដ៏វែង និងតភ្ជាប់ពីព្រំដែនប្រទេសថៃ កាត់វាលទំនាបកណ្តាលប្រទេសកម្ពុជា និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទទួលបានហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនជាង៥០០លានដុល្លារ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការលើកស្ទួយសេដ្ឋកិច្ចតំបន់។

ផ្លូវជាតិមួយខ្សែនេះ ក៏តភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍន៍នៃយុទ្ឋសាស្រ្តត្បូង ត្បូងរបស់អាស៊ាន ដែលផ្លូវនេះត្រូវបានចាត់ទុកថា ជាផ្លូវហាយវេរបស់អាស៊ាន ដែលនឹងជួយសម្រូលលំហូរពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្មផងដែរ ដែលធ្វើឲ្យខេត្តស្ថិតនៅស្របតាមផ្លួវនេះ ទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងទាញតម្លៃបន្ថែមផ្នែកសេដ្ឋ​កិច្ចមួយកម្រិតទៀត។

គំរោងអភិវឌ្ឍន៍ទំហំ៥០០ហិកតា
ជាមួយនឹងផែនការប្រកបដោយមហិច្ឆតា អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបាននិងកំពុងវិនិយោគលើផ្ទៃដី៥០០ហិកតា នៅកៀកក្រុងបាត់ដំបង ដើម្បីសាងសង់រមណីយដ្ឋាន លំនៅដ្ឋាន សេវាកម្មលំហែរកាយ មជ្ឈមណ្ឌលពាណិជ្ជកម្មនៅខខេត្តនេះផងដែរ។

គំរោដ៏ធំនេះ កំពុងធ្វើឲ្យតម្លៃដីធ្លីនៅក្រុងបាត់ដំបង ឡើងថ្លៃមួយកម្រិតទៀត ពិសេ​សការប្រកាសស្តារឡើងវិញ នូវព្រលានយន្តហោះក្រុងបាត់ដំបង បានធ្វើឲ្យទីក្រុងនេះកាន់តែទាក់ទាញការវិនិយោគកាន់តែ​ច្រើន ពីវិនិយោគិនជាតិ និងអន្តរជាតិ៕