កំណើនអ្នកវិនិយោគៈ ស្វែងយល់ពីឥរិយាបទចិនលើការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ចិនបានក្លាយជាអ្នកវិនិយោគឈានមុខគេនៅកម្ពុជា ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដោយសារកំនើនសេដ្ឋកិច្ច និងដោយសារមូល ដ្ឋានច្បាប់នានា ដែលផ្តល់ការលើកកំពស់បេរិយាកាសវិនិយោគនៅកម្ពុជា។

ប៉ុន្តែអ្នករកស៊ី ឬអ្នកវិនិយោគជនជាតិចិន មិនមែនជាអ្នកវិនិយោគដែលងាយស្រួលសហការនោះឡើយ បើទោះជាពួកគេចូលមកច្រើននៅប្រទេសយើងក្តី ហេតុនេះការសិក្សាពីប្រពៃណី ទំនៀមទំលាប់ និងវិធីធ្វើជំនួញរបស់ជនជាតិចិនជារឿងចាំបាច់ ដើម្បីអាចសហការជាមួយពួកគេបាន។

កំណើនរបស់អតិថិជនចិន
ប្រជាជនចិនមានទ្រព្យសម្បត្តិមធ្យមៗ មិនសូវវិនិយោគដូចអ្នកមានលុយច្រើនទេ តែជនជាតិចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លាំងទៅវិញទេ ដែលចាប់អារម្មណ៍ខ្លាំងលើឱកាសវិនិយោគក្រៅស្រុក។

-នៅប្រទេសចិន អ្នកមានជីវភាពមធ្យមមាន៧២០លាននាក់ (ឆ្នាំ ២០២៤) ក្រុមអ្នកមាន (HNW Chinese) មាន៦លាននាក់ (ឆ្នាំ ២០២៥) និងអ្នកមានខ្លាំង (Affluent Chinese)  ៥៦ លាននាក់ (ឆ្នាំ ២០២២) ។
តាមការព្យាករណ៍ការដោះដូរ (Transaction) ទិញលក់អចលនទ្រព្យនៅក្រៅប្រទេសរបស់ចិន នឹងកើនដល់២២០ពាន់លានដុល្លារ នៅឆ្នាំ២០២០ នេះ ហើយ៦៥% ចូលចិត្តទូទាត់ជាលុយសុទ្ធ។

ចំនួន-៦១% នៃអ្នកមានខ្លាំង ឬសេដ្ឋី (Affluent Chinese) វិនិយោគអចលនទ្រព្យនៅក្រៅប្រទេសតាមវិធីជាច្រើន ដើម្បីយកប្រាក់ចំណេញត្រឡប់មកវិញ។

ចំនួន៥៦% នៃអ្នកមានចិន (HNW Chinese) បានធ្វើចំណាកស្រុក ឬមានគម្រោងទៅរស់នៅក្រៅប្រទេស។
ចំនួន៤ភាគរយ នៃអ្នកមានចិន (HNW Chinese) ទិញដើម្បីរស់នៅពេលចូលនិវត្តន៍។
ចំនួន-ជនជាតិចិនដីគោកត្រឹមតែ១ភាគរយប៉ុណ្ណោះ ចេះនិយាយអង់គ្លេសស្ទាត់ជំនាញ។
ចំនូនអ្នកមានចិន (HNW Chinese) ៨០% ប្រើ Wechat ដើម្បីទាក់ទង -អ្នកមានខ្លាំងបំផុត ឬសេដ្ឋី (Affluent Chinese) ៩១% ប្រើអ៊ីនធឺណិតរាល់ថ្ងៃ។
ចំនួនប្រជាជនចិន៩១លាននាក់ រកមើលអចលនទ្រព្យតាមអនឡាញជាប្រចាំ។

-៨៩៧ លាននាក់ប្រើអ៊ីនធឺណិតនៅលើទូរស័ព្ទដៃ

ជនជាតិចិនស្វែងរកចលនទ្រព្យដោយវិធីណា? 
ជនជាតិចិនប្រើមធ្យោបាយច្រើនរបៀប តាមដែលអាចធ្វើទៅបាន ដើម្បីរកទិញអចលនទ្រព្យក្រៅស្រុក ដូចជា ពិនិត្យមើលការចុះបញ្ជីលក់អចលនទ្រព្យ (Listing) ក្រុមហ៊ុនលក់អចលនទ្រព្យ ច្បាប់អចលនទ្រព្យរបស់ប្រទេសទាំងនោះ  លក្ខខណ្ឌរបស់ជនអន្តោប្រវេសន៍ ស្តង់ដារអប់រំ និងពិនិត្យមើលកត្តាផ្ទាល់ខ្លួនជាច្រើនទៀត។
ពួកអ្នកមានទាំងនោះ ចូលចិត្តស្វែងរកមើលអចលនទ្រព្យ តាមរយៈឈ្មោះក្រុមហ៊ុនល្បីៗ ( បែបចិន ឬលោកខាងលិច) ឬក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ។

តើគេលក់អចលនទ្រព្យទៅឲ្យអ្នកទិញជនជាតិចិនដោយរបៀបណា?
សម្រាប់ជនជាតិចិន សម្លឹងមើលអចលនទ្រព្យក្នុងប្រទេសណា ដែលអាចផ្ដល់របៀបរស់នៅមានភាពទាក់ទាញ ស៊ីវិល័យ ងាយស្រួលសម្រាប់ការវិនិយោគ លក្ខខណ្ឌរបស់ជនអន្តោប្រវេសន៍ល្អ និងឱកាសអប់រំជាដើម។ អ្នកទាំងនេះ ជាក្រុមអ្នកទិញអចលនទ្រព្យដ៏ធំបំផុតនៅលើពិភពលោក  ហើយចំនួននេះកើនមិនឈប់ទេ។

ដំណើរការទិញលក់អចលនទ្រព្យ ក្រៅស្រុកមិនលឿនដូចក្នុងស្រុកទេ។ វាត្រូវការពេលយូរសម្រាប់ជនជាតិចិន   ដោយសារកត្តាភាសាផង  បញ្ហាគ្រប់គ្រងដើមទុន ការរឹតបណ្ដឹងរបស់រដ្ឋាភិបាលចិន លើការផ្ទេរប្រាក់ បញ្ហាច្បាប់របស់ប្រទេសនីមួយៗ បញ្ហាពន្ធ ក៏ដូចជាកង្វះ និងការរឹតត្បិតព័ត៌មានជាដើម ព្រោះនៅចិនការប្រើប្រាស់ Google, Youtube, Facebook និង Instagram មិនត្រូវបានអនុញ្ញាតទេ៕

សូចនាករចំនួន៥ សំរាប់ភ្នាក់ងារអចលនទ្រព្យត្រូវធ្វើដើម្បីទទួលបានភាពជោគជ័យ

ដោយៈ សាវុធ

ភ្នំពេញៈ ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យ ដែលជោគជ័យម្នាក់ វាមិនមែនជាងាយស្រួល ដែលភ្នាក់ងារអាចធ្វើបាននោះទេ ខណៈដែលវាទាមទការការតស៊ូ អត់ធ្មត់ និងមានចិត្តចង់ធ្វើជាភ្នាក់ងារអចលនទ្រព្យប្រាកដ និងត្រៀមខ្លួនពីការអត់ចំណូលរហូតដល់១ឆ្នាំទៅ២ឆ្នាំ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia នឹងលើកយកពីសកម្មភាពប្រចាំថ្ងៃ របស់ភ្នាក់ងារអចលនទ្រព្យជោគជ័យដូចជា

ទី១) ជ្រើសរើសធ្វើសកម្មភាពត្រឹមត្រូវ
នៅពេលដែលអាជីពជាភ្នាក់ងារអចលនទ្រព្យរបស់យើង កំពុងតែរីកចម្រើនទៅមុខ ការជ្រើសរើសសកម្មភាព សម្រាប់ប្រតិបត្តិប្រចាំថ្ងៃឱ្យបានត្រឹមត្រូវនោះ វាក៏ជាឧប​សគ្គមួយដែរ។

ការងារជាច្រើនប្រជែងគ្នា​ ចូលមកដណ្ដើមពេលវេលា និងការយកចិត្តទុកដាក់របស់យើងក្នុងមួយថ្ងៃៗ យើងក៏បានចំណាយពេលវេលា និងការយកចិត្តទុកដាក់ជាច្រើន ជាមួយនឹងការងារទាំងនោះ ដូច្នេះយើងត្រូវតែជ្រើសរើសយកការងារណា ដែលត្រឹមត្រូវ និងអាចហុចផលវិជ្ជមានត្រលប់មកវិញ។

ទី២) សកម្មភាព
នៅពេលដែលសម្រេចចិត្តថា ជ្រើសរើសសកម្មភាពមួយណា ដែលត្រូវធ្វើយើងត្រូវតែធ្វើយ៉ាងលម្អិត និងត្រូវផ្ដោតការយកចិត្តទុកដាក់បំផុតទៅលើវា។ ចង់ធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលជោគជ័យ គឺត្រូវតែផ្ដោតលើការងារអចលនទ្រព្យ បើសិនជាធ្វើលេងៗនោះទេ ក្នុងមួយឆ្នាំៗយើងប្រាកដបិទការលក់ បានតិចណាស់ឬស្ទើរតែពុំមានផង។

ទី៣) រង្វាស់លទ្ធផលនៃការងារ (KPI)
នៅពេលដែលយើង ធ្វើផែនការសកម្មភាពរួចរាល់ហើយនោះ ចំណុចសំខាន់បផុតក្នុងវិស័យអចលនទ្រប្យ គឺរង្វាស់លទ្ធផលនៃការងារនេះឯង។

បើយើងមិនខិតខំធ្វើវានោះទេ យើងនឹងមិនទទួលបានលទ្ធផលអ្វីឡើង ផ្ទុយទៅវិញដៃគូប្រកួតប្រជែង យើងដែលគេធ្វើជាប្រចាំនោះ នឹងទទួលផលក្នុងពេលតែមួយ។ KPI នេះពិតជាសំខាន់ណាស់ដែលយើងត្រូវតាមដាន និងចាំមើលនៅពេលវេលាណាមួយសមស្របដូចជាកន្លះឆ្នាំម្ដង ឬមួយឆ្នាំម្ដង នោះវានឹងធ្វើឱ្យដឹងពីសមត្ថភាពរបស់យើងរីកលូតលាស់កម្រិតណា ។

ទី៤) ផ្សាភ្ជាប់ការអនុវត្តជាមួយនឹងផែនការ
មនុស្សជាច្រើនចូលចិត្តជជែក និងលើកឡើងពីផែនការ ប៉ុន្តែពួកគេមិនចង់អនុវត្តន៍ផែនការទាំងនោះទេ ពីព្រោះនៅពេលលើកយកផែនការមកអនុវត្ត យើងនឹងដឹងថាការអនុវត្តជាក់ស្ដែង ដែលបានលើកឡើង វាមានការលំបាកខ្លាំងប៉ុណ្ណា។

ការគិតរបៀបនេះ វាតែងតែកើតឡើងចំពោះបុគ្គលគ្រប់រូប ដែលចាប់ផ្ដើមអនុវត្តផែនការដំបូង ដូច្នេះនៅពេលដែលវាកើតឡើងចំពោះយើង ត្រូវចងចាំថា វាគ្មានអ្វីធំជាងការអត់ធ្មត់ និងតស៊ូព្យាយាមនោះទេ។

ទី៥) កាលវិភាគប្រចាំថ្ងៃ
ភ្នាក់ងារអចលនទ្រព្យជោគជ័យ ឬអ្នកជោគជ័យ គេតែងតែមានកាលវិភាគប្រចាំថ្ងៃរបស់គេរៀងៗខ្លួន។ គ្រាន់តែកាលវិភាគរបស់គេបង្ហាញសកម្មភាពខុសគ្នា ដូចជាការហាត់ប្រាណ សម្ដែងការគួរសមទៅកាន់មិត្តភក្ដិ ឬអ្នកជិតស្និទ្ធិតាមបណ្ដាញសង្គម ប្រអប់សារ ម៉ោងធ្វើការ ម៉ោងមាសប្រាក់របស់គេ ពេលវេលាចូលរួមកម្មវិធី និងពេលវេលាសម្រាប់សម្រាករបស់គេជាដើម។

មានអ្នកជោគជ័យជាច្រើនទៀត ដែលបានបង្ហាញពីសកម្មភាព និងការងារប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះទើបមានរឿងនិទាននិយាយពីបុរសអ្នកក្រ ទៅសង់ខ្ទមក្បែរបុរសអ្នកមាន ដើម្បីតាមដានពីសកម្មភាពរបស់អ្នកមាន និងអនុវត្តតាមអ្នកមានរហូតក្លាយជាអ្នកមានដែរ។ ទាំងនេះ គ្រាន់តែជាគន្លឹះមួយចំនួន សម្រាប់អនុវត្តន៍ចំពោះអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅមានចំណុចជាច្រើនសម្រាប់ផ្ដល់ជូនអ្នកអានបន្តបន្ទាប់ទៀតផងដែរ៕

ប្រធានអង្គការសុខភាពពិភពលោកៈកុំអាលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដូសទី៣

ដោយៈ ស៊ីវ ម៉េង

អន្តរជាតិៈ ប្រធានអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងកូវីដបន្ថែម ហើយកុំទាន់ចាក់វ៉ាក់សាំងដូសទី៣ ឲ្យប្រជាជនដែលទទួលបានវ៉ាក់សាំងរួចហើយអី ខណៈប្រទេ​សផ្សេងទៀតមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាថ្មីម្តងទៀត ខណៈវីរុសបំប្លែងខ្លួនDelta កំពុងវាយលុកពិភពលោក ហើយប្រទេសជាច្រើនមិនទាន់ទទួលបាន វ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារបុគ្គលិកសុខាភិបាលរបស់ពួកគេនៅឡើយទេ។

លោក Tedros បានប្រាប់សន្និសីទកាសែតថា “វីរុសបំប្លែងខ្លួន Delta កំពុងវាយប្រហារនៅជុំវិញពិភពលោក ក្នុងល្បឿនមួយដ៏លឿនបំផុត ដោយជំរុញឲ្យមានការកើនឡើងនូវករណីឆ្លង និងស្លាប់”។ លោកកត់សម្គាល់ថា វីរុសឆ្លងសាហាវ ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាមួយនេះ បច្ចុប្បន្នត្រូវបានគេរកឃើញ នៅក្នុងប្រទេសជាង១០០ហើយ។

លោក Tedros លើកឡើងថា “គម្លាតជាសកលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ គឺមិនស្មើគ្នាទេ។ ប្រទេសនិងតំបន់មួយចំនួន ពិតជាកំពុងបញ្ជាទិញវ៉ាក់សាំង បន្ថែមរាប់លានដូសមុនពេលប្រ​ទេសផ្សេងទៀត មានការផ្គត់ផ្គង់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាលនិងងាយរងគ្រោះបំផុត”។

លោកបានចង្អុលទៅក្រុមហ៊ុន Pfizer និង Modernaថា ជាក្រុមហ៊ុនដែលមានបំណង ផ្តល់វ៉ាក់សាំងបន្ថែមទៀតដល់ប្រទេស ដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ។ លោកTedros និយាយថា ពួកគេគួរតែបង្វែរវ៉ាក់សាំងរបស់ពួកគេ ទៅឲ្យកម្មវិធី COVAX វិញ។

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងកូវីដបន្ថែម ហើយកុំទាន់ចាក់ឲ្យប្រជាជន ដែលទទួលបានវ៉ាក់សាំងរួចហើយអី ខណៈប្រទេសផ្សេងទៀតមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។

  • លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថាការ

ស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាថ្មីម្តងទៀត ខណៈវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកពិភពលោក ហើយប្រទេសជាច្រើនមិនទាន់ទទួលបាន វ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារបុគ្គលិកសុខាភិបាលរបស់ពួកគេនៅឡើយទេ។

  • លោក Tedros បានប្រាប់សន្និសីទកាសែតថា“វីរុសបំប្លែងខ្លួន Delta កំពុងវាយ

ប្រហារនៅជុំវិញពិភពលោក ក្នុងល្បឿនមួយដ៏លឿនបំផុត ដោយជំរុញឲ្យមានការកើនឡើងនូវករណីឆ្លង និងស្លាប់”។ លោកកត់សម្គាល់ថា វីរុសឆ្លងសាហាវ ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាមួយនេះ បច្ចុប្បន្នត្រូវបានគេរកឃើញ នៅក្នុងប្រទេសជាង១០០ហើយ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់WHO លោកស្រី Soumya Swaminathan បាននិយាយថា រហូតមកដល់ពេលនេះ ស្ថាប័នសុខភាពពិភពលោកមួយនេះ មិនទាន់រកឃើ​ញភស្តុតាងដែលបង្ហាញថា ការចាក់វ៉ាក់សាំងបន្ថែមដូស គឺមានភាពចាំបាច់សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញហើយនោះទេ៕

 

រដ្ឋាភិបាលកំណត់យកផ្លូវជាតិសំខាន់ចំនួនពីរ និងក្រុងមួយជាតំបន់ឧស្សាហកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាមួយផែនការពោរពេញដោយមហិច្ឆតា រដ្ឋាភិបាលគ្រោងជ្រើសរើសយកផ្លូវជាតិសំខាន់ៗចំនួន២ និងទីក្រុងចំនួន១ សម្រាប់ធ្វើជាតំបន់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងបណ្តុំមូលដ្ឋានសេដ្ឋកិច្ច។

យោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ដែលចេញផ្សាយដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុង នៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។

ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះ ជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានា ឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗ ដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។

គិតមកទល់បច្ចុប្បន្នយើងសង្កេតឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ២០គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។

លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។

យោងតាមឯកសារដដែល នៅឆ្នាំ២០៣៥ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដី ខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល៕

ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី Impiana Hotel ចុះកិច្ចព្រមព្រៀងអភិវឌ្ឍResort ប្រណីតលើកោះ Tioman

ដោយៈសុខុម

គូឡាឡាំពួៈ ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី Impiana Hotels បានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីអភិវឌ្ឍរីហ្សត ប្រណីតមួយកន្លែងលើកោះ Tioman ក្នុងទំហំវិនិយោគ៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Edge Market ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា។

ក្រុមនេះបានបញ្ជាក់ថា រីហ្សតប្រណីតនេះនឹងមានផ្ទះវីឡា និងកន្លែងសម្រាកលម្ហែកាយផ្សេងៗទៀតនៅលើផ្ទៃដីទំហំ៥.០៨៩ហិកតា។

ក្រុមហ៊ុន Impiana Hotel និយាយថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នានេះ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Impiana Tioman Sdn Bhd (ITSB) ក្រុមហ៊ុន Selo Tioman Resort Holdings Ltd (STRHL) និងក្រុមហ៊ុន Impiana Selo Tioman Resorts Sdn Bhd (ISTR)។

ក្រុមហ៊ុន ITSB គឺជាម្ចាស់ដី ចំណែកឯក្រុមហ៊ុន STRHL ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ ហើយក្រុមហ៊ុន ISTR គឺជាអ្នកសម្របសម្រួលសម្រាប់គម្រោងនេះ។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន STRHL នឹងចាប់ផ្តើមសកម្មភាពលក់ដំណាក់កាលទី១ និងដំណាក់កាលទី២ នៃគម្រោងទៅកាន់អ្នកទិញ។ ការលក់នោះគឺក្នុងគោលបំណងប្រមូលដើមទុន ដើម្បីចាប់ផ្តើមការងារសាងសង់ និងសម្រាប់ការចំណាយលើការការអភិវឌ្ឍ។

ក្រុមហ៊ុន STRHL នឹងទទួលខុសត្រូវលើការគ្រប់គ្រងគម្រោង ការលក់ និងការធ្វើយុទ្ធសាស្ត្រទីផ្សារ។ ចំណែកឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងជាអ្នកដាក់ពាក្យស្នើសុំ ធ្វើផែនការ គំនូរប្លង់ និងរៀបចំឯកសារផ្សេងៗដែលចាំបាច់សម្រាប់គម្រោងនេះ។

ក្រុមហ៊ុន Impiana Hotel រំពឹងថា គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល២៤ខែគិតចាប់ពីថ្ងៃចាប់ផ្តើមការងារសាងសង់។ ក្រុមនេះនិយាយថា ខ្លួននៅតែមានសុទិដ្ឋិនិយមចំពោះប្រជាប្រិយភាពនៃកោះទេសចរណ៍ Tioman៕

គ្រោងកម្មវិធីពិសេសៗនៃការបើក និងបិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ត្រូវបានសម្រេចដោយរដ្ឋមន្រ្តីពីររូប

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងកម្មវិធីពិសេសៗនៃការបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានសម្រេចដោយរដ្ឋមន្រ្តីចំនួនពីររូប ក្នុងកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី១២ កក្កដាកន្លងមកនេះ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC កាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញ បានជួបប្រជុំចង្អៀតពិសេសមួយ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេណារីយ៉ូត្រៀមរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំពិសេស រវាងរដ្ឋមន្ដ្រីទាំងពីរខាងលើ បានសម្រេចលើគ្រោងឆ្អឹងធំៗមួយចំនួន នៃកម្មវិធីបើក-បិទផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសម្រាប់កម្ពុជាក្នុងក្ដីសុបិន្ដរយៈពេល ៦៤ឆ្នាំមកហើយ។

លោកថោង ខុនបានមានប្រសាសន៍ថា ការរៀបចំស៊ីហ្គេ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ ឲ្យបានខ្លាំងលើកការងារធំៗ ៣សំខាន់ ទី១-ពិធីបើក-បិទ ទី២-ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣-ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមកការប្រកួតកីឡា។ ប៉ុន្ដែលោកបានគូសបញ្ជាក់បន្ថែមថា ការបង្ហាញនូវសក្តានុពលជាតិដ៏ធំ គឺលើពិធីបើកនេះហើយ។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា បានលើកឡើងពីក្តីបារម្ភមួយចំនួនផងដែរថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើម គេធ្លាប់ធ្វើរួចមកហើយ យើងហាក់នៅខ្វះចន្លោះ។ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញ តាមសេចក្តីត្រូវការហាត់សម្តែងបាន។

លោកជំទាវបន្តថា “បើទោះបីវប្បធម៌យើងសំបូរបែបមិនចាញ់គេមែន តែយើងត្រូវចេះចម្រាញ់យកខ្លឹមនៃវប្បធម៌យើង បូកជាមួយជំនួយបច្ចេកវិទ្យា ទើបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន”។

លោកថោង ខុន បានបន្ថែមថា ផែនទស្សនិយភាពរបស់យើង គប្បីតម្រង់ឆ្ពោះទៅរកប្រធានបទរបស់យើង គឺ “កីឡារស់ក្នុងសន្តិភាព” គឺដំណើរជាតិខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លួវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ តស៊ូលំបាកលំបិន គ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិ រហូតដល់មានថ្ងៃនេះ បើគ្មាន នយោបាយ ឈ្នះឈ្នះ ប្រជាជនយើង មិនអាចរស់បានក្នុងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រនៃប្រជាជាតិយើង”។

កិច្ចប្រជុំខាងលើ បានសម្រេចលើគ្រោងឆ្អឹងកម្មវិធីបើក មានដូចជាទស្សនីយភាព “ស្គរជ័យ””អរិយធម៌ខ្មែរ” “កម្មវិធីកីឡា” “ទស្សនីយភាពដំណើរជាតិកម្ពុជា” “របាំ ចម្រៀងប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីសន្តិភាព”។ល។

ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេ គឺ “ដំណើរជាតិកម្ពុជា” ដែលត្រូវបង្ហាញពីការកកើតទឹកដីផង ការកសាងអង្គរ និងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ កម្ពុជានឹងបន្ដរៀបចំការប្រកួតដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕

 

ដំណឹងល្អៈផ្លូវថ្មើជើងក្រោមដីជាលើកដំបូងនៅកម្ពុជាបានសាងសង់រួចហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការស្ថាបនាផ្លូវក្រោមដី សម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ បានសាងសង់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់ដាក់ឱ្យដំណើរប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣កក្កដាថា ដំណើរការសាងសង់ផ្លូវក្រោមដីបានរួចរាល់ តែនៅមិនទាន់អាចដាក់ឱ្យប្រើប្រាស់នៅឡើយទេ។

លោកបន្តថា “យើងមើលការដ្ឋានរបស់គាត់ គឺរួចរាល់ហើយ វានៅតែការបើកសម្ពោធជាផ្លូវការទេហើយ នៅតែមិនទាន់អាចបាននៅឡើយទេ ដោយសារផ្លូវក្រោមដីទី១ ឆ្លងកាត់ផ្លូវជាតិលេខ៤ នៅចំណុចសាលាវិទ្យាល័យាឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ហើយ សាលាបានបិទ។ អីចឹងអត់មានសិស្សទៅរៀន អត់មានការប្រើប្រាស់ជាបណ្តោះអាសន្នដែរ”។

លោកឃាង ភារម្យបានបន្តទៀតថា ចំណែកផ្លូវក្រោមដីទី២ ស្ថិតនៅមុខរោងចក្រមួយកន្លែង ហើយរោងចក្រនោះក៏បានផ្អាកដំណើរការអាជីវកម្ម ដោយសារបញ្ហាជំងឺកូវីដ១៩។ ដូចនេះមិនមានការប្រើប្រាស់ជាបណ្តោះអាសន្នដូចគ្នា។

ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្លូវក្រោមដីនីមួយៗ មានប្រវែង៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។

ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ៕

 

រដ្ឋាភិបាលៈតំបន់បឹងតាមោគស្ថិតក្នុងផែនការពង្រីកទីក្រុងប្រកបដោយគុណភាពខ្ពស់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ តំបន់បឹងតាមោគ នៃភាគខាងផើងរាជធានីភ្នំពេញ គឺជាសេចក្តីប្រាថ្នានៃការរៀបចំនគរូបនីយកម្ម ដែលបឹងនេះបង្ហាញនូវឱកាសតែមួយគត់ សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកក្រុងប្រកបដោយគុណភាពខ្ពស់។ នេះបើតាមអនុក្រិតស្តីពីការដាក់ឲ្យប្រើប្រាស់ដីរាជធានីភ្នំពេញ។

យោងតាមអនុក្រិតលេខ១៨១ អនក្របក ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា បឹងនេះបង្ហាញឱកាសតែមួយគត់ សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកក្រុងប្រកបដោយគុណភាពខ្ពស់ ដែលរាជធានីត្រូវតែមាន ដើម្បីទទួលនូវស្តង់ដាលំនៅដ្ឋាន និងតំបន់កណ្តាលក្រុងថ្មីៗ។

អនុក្រិតដដែលបានបន្តថា ការថែរក្សាទុកនូវបឹងទាំងនេះ គឺមានសារៈសំខាន់សំរាប់ការបង្ហូរទឹក ពីទីតាំងនគរូបនីយកម្ម ដែលបានគ្រោងទុក នៅខាងជើងបឹងទំនប់កប់ស្រូវ(បឹងតាមោគ) និងបឹងទន្លេសាប។ ការធ្វើឲ្យថមថយនូវសមត្ថភាពជ្រាបទឹក នូវផ្ទៃដី ទាំងឡាយបន្តិចម្តងៗ នឹងនាំមកនូវផលលំបាកកាន់តែខ្លាំង ក្នុងការគ្រប់គ្រងទឹកជំនន់ពេលភ្លៀងធំៗ។

ការការពារនិងលើកដំកើងបឹងនានា ដែលតភ្ជាប់ទៅនឹងប្រឡាយធំនានាក្នុងខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌសែនសុខ នឹងក្លាយជាជន្ទល់ដ៏មានសារៈសំខាន់ សម្រាប់ទាក់ទាញ​ការអភិវឌ្ឍប្រកបដោយគុណភាព ដោយរាប់បញ្ចូលផងដែរនូវគំរោង ដែលអាចមាននៅជុំវិញមាត់បឹង។

អនុក្រិតដដែលបានបន្តថា ការអភិវឌ្ឍទាំងឡាយនេះ តម្រូវឲ្យមានការបង្កើតឡើងនូវអាងទទួលទឹក ដែលប្រើប្រាស់រួចហើយ ដែលនឹងត្រូវបង្ហូរទឹកកខ្វក់ទាំងនេះ ចេញពីតំបន់ជាយក្រុងខាងជើងទៅអាងចម្រោះ ទឹកកខ្វក់បឹងជើងឯក នៃតំបន់ជាយក្រុងភាគខាងត្បូង ដើម្បីជៀសវាងការបំពុលបរិស្ថានទន្លេសាប ដែលជាទីតាំងបរិស្ថាននិងសង្គមកិច្ច ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕

 

ធនាគារហត្ថាវិនិយោគទឹកប្រាក់៥លានដុល្លារលើបច្ចេកវិទ្យាទូទាត់សាច់ប្រាក់

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាមួយនឹងដំណើរវិវត្តន៍រីកចម្រើនលើបច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារហត្ថាបានវិនិយោគទឹកប្រាក់៥លានដុល្លារ លើបច្ចេកវិទ្យានេះដើម្បីសម្រួលដល់ការទូទាត់សាច់ប្រាក់របស់អតិថិជន។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ កក្កដានេះថា បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីកាន់តែមានសារៈសំខាន់ឡើង ក្នុងវិស័យហិរញ្ញវត្ថុ ហេតុនេះទើបយើងបង្កើនការវិនិយោគលើផ្នែកនេះ ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាកម្មនានារបស់ធនាគារ ក៏ដូចជាជួយសម្រូលការប្រើប្រាស់សំរាប់អតិថិជន។

លោកបន្តថា “យើងបាននិងកំពុងពង្រីក និងសម្រួលប្រព័ន្ឋទូទាត់របស់យើងតាមរយៈSmart Brand ជាអ្វីនៃការទូទាត់តាមប្រព័ន្ឋឌីជីថល ដែលកាន់តែមានភាពពេញនិយ មក្នុងសម័យកាលបច្ចុប្បន្ន”។ លោកបន្តថា “ជាមួយនឹងការសាងសង់អាគារការិយាល័យកណ្តាលកំពស់២២ជាន់ លើផ្លូវ៦០ម៉ែត្រ បាននិងកំពុងឆ្លុះបញ្ចាំងពីស្ថាប័នរបស់យើងមានសុខភាពកាន់តែល្អ”។

លោកឧកញ៉ាបានបន្តថា ជាមួយនឹងការពង្រីកនូវការទូទាត់តាមប្រព័ន្ឋឌីជីថល ការរពង្រីកការដាក់ម៉ាស៊ីនATM របស់យើងក៏បានធ្វើព្រមជាមួយគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើង អាចប្រើប្រាស់សេវាកម្មបានកាន់តែលឿន មានប្រសិទ្ឋភាព និងអាចទុកចិត្តបាន។

លោកបន្តថា “គោលដៅរបស់យើងចង់ឲ្យអតិថិជន ប្រើប្រាស់ឥណទានរបស់យើងបានកាន់តែច្រើន មានប្រសិទ្ឋភាព និងប្រើប្រាស់សេវាកម្មរបស់យើងកាន់តែលឿន និងទទួលបានជោគជ័យ”។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីឌីថលនៅកម្ពុជា បានកើនឡើង៣០ភាគរយ ក្នុងត្រីមាសទី១ឆ្នាំនេះ។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តប្រជាពលរដ្ឋឲ្យទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីជីថល ក្នុងអំឡុងវិបត្តិកូវីដ១៩ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺនេះ៕

មហាយក្សចិនចាប់ផ្ដើមសាងសង់រ៉េអាក់ទ័រជាលើកដំបូងដែលអាចផលិតថាមពល បានដល់១២៥មេហ្គាវ៉ាត់

ដោយៈ សុខុម

សៀងហៃ: រដ្ឋាភិបាលចិន បានចាប់ផ្តើមសាងសង់គម្រោងនុយក្លេអ៊ែរ លើគោកដំបូងបង្អស់របស់ខ្លួន ដោយប្រើប្រាស់ការឌីហ្សាញរ៉េអាក់ទ័រម៉ូទ័រខ្នាតតូច Small Modular Reactors (SMRs) ក្នុងស្រុកដែលមានឈ្មោះថា “Linglong One”។ នេះបើយោងតាមក្រុមហ៊ុន China National Nuclear Corporation (CNNC) ដែលគ្រប់គ្រងដោយរដ្ឋបានទម្លាយឱ្យដឹងនៅថ្ងៃអង្គា ទី១៣ ខែកក្កដា នេះ។

តាមពិតទៅ ក្រុមហ៊ុន CNNC គ្រោងចាប់ផ្ដើមសាងសង់ គម្រោងនៅឯរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ Changjiang នៅលើកោះហៃណាន (Hainan) តាំងពីក្នុងឆ្នាំ២០១៧ ម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសាររង់ចាំការសម្រេចរបស់ក្រុមនិយ័តករ។

គម្រោងនុយក្លេអ៊ែរ Linglong One ឬ ACP100 នេះគឺជារ៉េអាក់ទ័រខ្នាតតូច SMRs ដំបូងបង្អស់របស់ចិន ដែលត្រូវបានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (International Atomic Energy Agency) ហៅកាត់ IAEA អនុម័តក្នុងឆ្នាំ២០១៦។ រ៉េអាក់ទ័រនុយក្លេអ៊ែរនីមួយៗ មានសមត្ថភាពអាចផលិតថាមពលអគ្គិសនី បានក្នុងកម្លាំង១២៥មេហ្គាវ៉ាត់។

គំរូរ៉េអាក់ទ័រនេះត្រូវបានឌីហ្សាញឡើង ដើម្បីបំពេញបន្ថែមពីលើរ៉េអាក់ទ័រធំដែលមានកម្លាំង១.‌១៧០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន CNNC ដែលប្រទេសចិន គ្រោងនឹងដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័សនៅក្នុងស្រុក ហើយនឹងធ្វើការផ្សព្វផ្សាយនៅបរទេស។

ការសាងសង់រ៉េអាក់ទ័រខ្នាតតូច SMRs មានតម្លៃថោកជាង និងលឿនជាងការសាងសង់រ៉េអាក់ទ័រធម្មតា ហើយអាចដាក់ពង្រាយនៅតាមតំបន់ជនបទដាច់ស្រយាល នៅលើនាវា និងលើយន្តហោះផងដែរ។ នោះមានន័យថា រ៉េអាក់ទ័រទាំងនោះអាចដឹកជញ្ជូនតាមកុងតឺន័រចេញពីរោងចក្រ ហើយដំឡើងយ៉ាងងាយស្រួល និងឆាប់រហ័សនៅតាមគោលដៅដែលត្រូវបានកំណត់ណាមួយ។

ប្រទេសចិន បាននិងកំពុងសម្លឹងរកឱកាស លើការប្រើប្រាស់រ៉េអាក់ទ័រខ្នាតតូច SMRs ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីនៅភាគខាងជើងនៃប្រទេស និងបើកដំណើរការរោងចក្រចម្រាញ់ទឹកសមុទ្រ តាមបណ្ដោយឆ្នេរឱ្យទៅជាទឹកសាបសម្រាប់ប្រើប្រាស់។ ប្រទេសចិន ក៏មានគម្រោងប្រើប្រាស់វា សម្រាប់ជួយគាំទ្រដល់សកម្មភាពសាងសង់នានានៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ៕