អ្នកជំនាញៈការស្ថាបនាផ្លូវជាតិលេខ៥នឹងជំរុញកំនើនវិស័យអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការស្ថាបនា​ផ្លូវជាតិ​លេខ​៥ ដែលជាផ្លូវវែងជាងគេនៅកម្ពុជាជាមួយនឹងហិរញ្ពប្បទានរបស់រដ្ឋាភិបាលជប៉ុន ប្រមាណ៥០០លានដុល្លារ ត្រូវបានអ្នកជំនាញមើលឃើញថា បន្ទាប់ពីផ្លូវនេះសាងសង់ចប់ តម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះកើនឡើងចន្លោះពី១០ទៅ៣០ភាគរយ។

រដ្ឋាភិបាលកំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់នៅជាប់ផ្លូវនេះ ជាសួនឧស្សាហកម្ម ដើម្បីទទួលបានផលប្រយោជន៍ ពីការឆ្លងកាត់ការដឹកទំនិញពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោកសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយ​តភ្ជាប់​ពី​រាជធានី​-​ភ្នំពេ​ញ​ទៅ​ប្រទេស​ថៃ​។ យ៉ាងណា​ក៏ដោយ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ តម្លៃ​ដី​នៅតាម​ផ្លូវ​មួយ​នេះ​មិនបាន​ប្រែប្រួល​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។ លោក​បន្ថែមថា បច្ចុប្បន្ន​បើ​គេ​ប្រៀបធៀប​ទីផ្សារ និង​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវជាតិ​លេខ៥ ជាមួយ​នឹង​បណ្តា​ផ្លូវជាតិ​ផ្សេងទៀត​ចេញពី​រាជធានី​ភ្នំពេញ គឺ​នៅតាម​ផ្លូវជាតិ​លេខ​៥ មិនទាន់​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ ឬ​លំនៅឋាន​លក្ខណៈ​ជា​បុរី​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​រីកចម្រើន​ក្នុងពេល​ឆាប់ៗ​។

លោក​បន្តថា “​ខ្ញុំ​គិតថា​នៅពេល​ផ្លូវ​នេះ​កែលម្អ​រួច តម្លៃ​អចលនទ្រព្យ​នឹង​កើន​ក្នុង​រង្វង់៣០ភាគរយ ដោយសារភាពងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ ការកើនឡើង​នៃ​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​វិនិយោគ​ចម្រុះ​ដូចជា រោងចក្រ និង​ឃ្លាំង​ស្តុក​ទំនិញ”​។

មានប្រសាសន៍ក្នុងកម្មវិធី MPWT Live Show កាលពី​ថ្ងៃ​ ៣០ ខែសីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ការស្ថាបនា​ផ្លូវ​ពី​ក្រុង​បាត់ដំបង-ក្រុង​សិរីសោភ័ណ បាន​បញ្ចប់១០០ ​ភាគរយ​ហើយ ចំណែក​កំណាត់​ផ្លូវ​ពី​ព្រែកក្តាម-​ពោធិ៍សាត់ និង​ពោធិ៍សាត់-បាត់ដំបង កំពុង​សាងសង់​ដោយ​គ្រោ​ង​រួចរាល់​ឆ្នាំ​ ២០២២-២០២៣​។

​លោកបន្តថា សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ៥ ចេញពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត​នឹង​រួចរាល់​ក្នុង​ឆ្នាំ២០២៤ ខណៈ​បច្ចុប្បន្ន​ក្រសួង​សាធារណការ​ កំពុង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរ​ថា នៅពេល​បញ្ចប់​ការដ្ឋាន អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវជាតិ​នេះ អាច​នឹង​កើនឡើង​ចន្លោះ​ពី១០ ទៅ១៥​ភាគរយ ​បើ​ធៀប​ពេលបច្ចុប្បន្ន​។ ការកើនឡើង​ក្នុង​អត្រា​ទាប​បែបនេះ គឺ​ដោយសារ​វា​ជា​ផ្លូវ​ចាស់​ដែលមាន​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ច្រើន ហើយ​គេ​គ្រាន់តែ​កែលម្អ​ឡើងវិញ​ប៉ុណ្ណោះ​។

លោក​បន្តថា “​តម្លៃ​អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវ​ ដែល​កំពុងមាន​ចរាចរណ៍ គឺ​មិនសូវ​ប្រែប្រួល​ខ្លាំង​ដូច​ការស្ថាបនា​ផ្លូវ​ថ្មី​នោះទេ​។ ប៉ុន្តែ​សម្រាប់​គម្រោង​សាងសង់ និង​គម្រោង​វិនិយោគ​ថ្មីៗ អាច​នឹង​កើតមាន​ច្រើន​ នៅពេល​ការសាងសង់​ផ្លូវ​រួចរាល់​ទាំងស្រុងង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here