អាកាសយានដ្ឋានអន្តរជាតិក្រុងស៊ីដនី ទទួលបានសំណើសុំទិញក្នុង តម្លៃ១៦,៧ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

ស៊ីដនី: វិនិយោគិនផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយក្រុម បានស្នើសុំទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអូស្ត្រាលី ដែលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិក្រុងស៊ីដនីSydney Airport ១០០% ក្នុងតម្លៃ១៦,៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។

សំណើសុំទិញនេះកើតមានឡើង ខណៈអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានបានជំរុញក្រុមអ្នកគ្រប់គ្រងមូលនិធិសោធននិវត្ដន៍ (Pension Fund) និងអ្នកគ្រប់គ្រងការវិនិយោគរបស់ពួកគេ ចង់បានទិន្នផលខ្ពស់ជាងមុន។ ការទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានរួមទាំងបំណុលផងនេះ នឹងធ្វើឱ្យពួកគេទទួលបានផលចំណេញច្រើន នៅពេលព្រំដែនបើកឡើងវិញ ហើយតម្រូវការធ្វើដំណើរវិល មករកសភាពប្រក្រតីឡើងវិញ។

យោងតាម Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យដឹងថា ប្រសិនបើទទួលជោគជ័យ ការទិញយកអាកាសយានដ្ឋានធំបំផុតរបស់អូស្រ្តាលីមួយនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទិញលក់ធំបំផុតក្នុងប្រទេសនេះ បើធៀបទៅនឹងការទិញយកក្រុមហ៊ុន ប្រតិបត្តិករផ្សារទំនើបអូស្ត្រាលី Westfield Group ដោយក្រុមហ៊ុនបារាំង Unibail-Rodamco ក្នុងតម្លៃ២២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។

វាក៏នឹងជាប់ចំណាត់ថ្នាក់ជាកិច្ចព្រមព្រៀងធំបំផុតទី៨ និងជាកិច្ចព្រមព្រមព្រៀងទិញលក់អាកាសយានដ្ឋានធំបំផុតទី២ ទូទាំងពិភពលោកផងដែរប្រចាំឆ្នាំ២០២១ ក្រោ​យការទិញយកក្រុមអាកាសយានដ្ឋាន Heathrow Airport ក្នុងប្រទេសអង់គ្លេស ក្នុងតម្លៃ៣០,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៦។

ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសយានSydney Airport បានគូសបញ្ជាក់ថា តម្លៃដែលផ្ដល់ឱ្យនេះ គឺទាបជាងតម្លៃភាគហ៊ុនរបស់ខ្លួន នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយថា ខ្លួននឹងយកសំណើសុំទិញនេះទៅពិចារណាសិន មុននឹងឈានដល់ការសម្រេចចិត្ត។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនប្រតិបត្តិករ អាកាសយានដ្ឋានមួយនេះ បានហក់ឡើងខ្ពស់មិនធ្លាប់មានរហូតដល់៦,៦៨ដុល្លារអាមេរិក កាលពីខែមករា ដើមឆ្នាំ២០២០ មុនពេលវិបត្តិកូវីដ-១៩ ដែលបានធ្វើឱ្យតម្រូវការធ្វើដំណើរដាំក្បាលចុះដល់ចំណុចបាត៕

គម្រោងបុរី ណាឌី របស់ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារបានប្រារពពិធី សម្ភោធជាផ្លូវការហើយ

ដោយៈមុនី

ភ្នំពេញៈ ក្រុមហ៊ុន GCC គ្រុបបានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្ដើមការសាងសង់គម្រោងបុរីណាឌី។ ពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរីណាឌី។

នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC បានសម្ដែងការអរគុណចំពោះវត្តមាន របស់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីដ៏ពិសេសនេះជាមួយនឹងបុរី ណាឌីនៅក្នុងថ្ងៃនេះ។

លោក Alex Yu បានមានប្រសាសន៍ថា “ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ 2015 មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើន នៅទូទាំងអាស៊ីអាគ្នេយ៍”។លោកបន្តថា “ជាការពិតណាស់ GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះGCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុ​ប្បន្នយើង គឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិ ដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា”។

លោកមានប្រសាសន៍បន្ថែមទៀតថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន -ល-។ GCC​ បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើប មកកាន់ប្រទេសដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា។ លោកបានធានាអះអាងថា GCC​ នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងការរួមបញ្ចូលគ្នានៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក។

ជាមួយគ្នានេះ លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC មានប្រសាសន៍ថាក្រុមហ៊ុន GCC មានមនុស្សដែលមានទេពកោសល្យជាច្រើន ដែលមានមហិច្ចតា និងការច្នៃប្រឌិតដ៏លេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងសមាជិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារ បាននៅពេលវេលាសាកសមណាមួយ។

លោកបានធានាថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។

បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយ ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ជ្រោយចង្វារដែលជាតំបន់មានកិត្យានុភាព។

ស្របតាមពាក្យស្លោករបស់បុរី ណាឌី “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នក” បុរី ណាឌី មានការប្ដេជ្ញាក្នុងការបង្កើតលំនៅឋានមួយ ដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។ កាលពីដើមឆ្នាំ 2021 GCC បាននាំមកជូននូវសេវាកម្ម ណាឌីឃែរ សម្រាប់អតិថិជនដែលបានទិញបុរី ណាឌីទាំងអស់។

សេវាកម្មទាំងនោះរួមមាន សេវាកម្មរថយន្ដដឹកអ្នកដំណើរឯកជន សេវាកម្មសម្អាតលំនៅឋាន សេវាកម្មរើចូលលំនៅឋាន -ល-។ សេវាកម្មណាឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសា​រកម្ពុជាផងដែរ។

លោក Eric Chong អគ្គនាយកនៃបុរី ណាឌីបានមានប្រសាសន៍ថា “ប្រាកដណាស់ ទាំងអស់នេះ គឺជាអ្វីដែលពួកយើងអាចផ្ដល់ជូនអតិថិជនបាន នេះគឺជាស្ដង់ដារដ៏អស្ចារ្យរបស់ GCC។ ពួកយើងតែងតែរិះគិតរកអ្វីដែលល្អបំផុត សម្រាប់ផ្ដល់ជូនអតិថិជនរបស់ពួកយើង”។

 

លោក Eric Chong បានសង្កត់ធ្ងន់ថា “ក្នុងឱកាសពិសេសនេះ គឺជាថ្ងៃដែលបុរី ណាឌី ចាប់ផ្ដើសាងសង់គម្រោងជាផ្លូវការ។ យើងនឹងផ្ដល់ជូនលោកអ្នកនូវគម្រោងបុរីដែលមានគុណភាពខ្ពស់បំផុត ដែលមិនអាចរកឃើញនៅគ្រប់ទីកន្លែងណាផ្សេង ក្នុងប្រទេសកម្ពុជា”។លោកបន្តថា “យើងមានផែនការគ្រប់ជ្រុងជ្រោយ និងក្រុមស្ថាបត្យករអន្តរជាតិឆ្នើមៗ ដើម្បីសាងសង់ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នកនេះ”។

នៅដើមឆ្នាំ 2022 បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី 2 ដែលមានឈ្មោះថា “ មេគង្គ” មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោក អ្នកជាមួយនឹងការរស់នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត។ វីឡាឯកជនទាំងនេះ គឺជាវីឡាមួយដែលមានភាពទាក់ទាញបំផុត ក្នុងចំណោមវីឡារបស់បុរីផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំហំខាងក្រៅផ្ទះ និងផ្នែកខាងក្នុង សូម្បីតែការផ្សារភ្ជាប់នៃការរស់នៅរបស់គ្រួសារ នៅក្នុងវីឡាជាមួយនឹងធម្មជាតិ។ ដូច្នេះពួកគេអាចរីករាយជាមួយនឹងទេសភាពដ៏អស្ចារ្យនៅជុំវិញផ្ទះរបស់ពួកគេ។ សូមបងប្អូនទាំងអស់រង់ចាំតាមដាន គម្រោងបន្ទាប់របស់ក្រុមហ៊ុនយើង”។

ក្នុងឱកាសដ៏ពិសេសនេះបុរី ណាឌី ក៏បានបង្ហាញការថ្លែងអំណរគុណ ដល់អតិថិជនដែលបានកក់បុរី ណាឌី តាំងពីបើកដំបូងរហូតមកដល់ពេលនេះ តាមរយៈការចាប់ឆ្នោតយករង្វាន់ធំ នៅក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់បុរី ណាឌី នៅការិយាល័យលក់បុរី ណាឌី។ អតិថិជនទាំងអស់អាចមានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោ​ងផ្សារជីស៊ីអូរឫស្សីចំនួន១ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះម៉ាក Samsung ជាច្រើនរង្វាន់ទៀត។

អំពីក្រុមហ៊ុន GCC

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ360० នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ លេខទំនាក់ទំនង: +855 96 820 6822  Email: [email protected]

លោក ង៉ែត ឧត្តមមុន្នី

ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: 089 648 770/ 098 831 868 , Email: [email protected]

 

 

មហាយក្សចិនផ្តួលសហរដ្ឋអាមេរិកនៅក្នុងការប្រណាំងប្រជែងការវិនិយោគ ក្នុងតំបន់អាស៊ាន

ដោយៈសុខុម

ហ្សាការតា: ប្រទេសចិន គ្រោងបើករោងចក្រផលិតបន្ទះសូឡាដ៏ធំមួយ នៅម៉ាឡេស៊ី និងស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូម៉ែត្រនៅប្រទេសឡាវ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រនៅក្នុងតំបន់អាស៊ាន ខណៈសហរដ្ឋអាមេរិកកំពុងព្យាយា​មទប់ទល់ឥទ្ធិពល របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ថា រោងចក្រខាងលើនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនយក្សចិន Risen Energy ដែលបានព្រមព្រៀងវិនិយោគ ក្នុងទឹកប្រាក់ទំហំ១០,១ពាន់លានដុល្លារក្នុងឧស្សាហកម្មបន្ទះសូឡាក្នុងប្រទេសម៉ាឡេស៊ី។

មួយថ្ងៃមុននេះ ប្រទេសចិន បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយក្រុមរដ្ឋមន្រ្តី នៃគណៈរដ្ឋមន្រ្តីក្នុងបណ្ដាប្រទេសជាដៃគូសហការ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធមានឈ្មោះថា “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់វ៉ាក់សាំងកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការ ខណៈប្រទេសទាំងនេះ កំពុងព្យាយាមធ្វើការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនទាប។

សេចក្ដីសម្រេចបោះទុនវិនិយោគរបស់ក្រុមហ៊ុនRisen Energy ទំនងជាឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ក្រុមអ្នកធ្វើគោលនយោបាយ នៃរដ្ឋាភិបាលក្រុងប៉េកាំង។

ការប្រណាំងប្រជែងផ្នែកវិនិយោគរបស់ចិន ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ធំៗ និងជំនួយផ្នែកសេដ្ឋកិច្ច ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីវ៉ាឱ្យឈ្នះសហរដ្ឋអាមេរិក ធ្វើយ៉ាងណាដណ្ដើមឥទ្ធិពលឱ្យបានកាន់តែខ្លាំងនៅក្នុងតំបន់។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ព្យាយាមបញ្ចុះបញ្ចូលប្រទេសនានា ដែលអន់ចិត្តចំពោះវត្តមានយោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូងផងដែរ។

នៅថ្ងៃទី៧ ខែមិថុនា ប្រទេសចិន បានទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្រុងឆុងឈីង (Chongqing) ទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលប្រមាណ១៦ខែមកនេះផងដែរ។

នៅពេលនោះ លោក វ៉ាង អ៊ី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រាប់លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីឥណ្ឌូនេស៊ី ទទួលបន្ទុកសម្របសម្រួលកិច្ចការនាវាចរណ៍ និងការវិនិយោគថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការផ្ដល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ដល់រដ្ឋាភិបាលក្រុងហ្សាការតា ហើយនាំចូលផលិតផលរបស់ឥណ្ឌូនេស៊ី។

ប្រទេសចិន ក៏បានយល់ព្រមជាមួយប្រទេសកម្ពុជា ផងដែរកាលពីថ្ងៃទី២២ ខែមិថុនាថា នឹងពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្ដាញផ្លូវឆ្លងកាត់ ដោ​យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជូនក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា។ នៅប្រទេសឡាវ ការស្ថាបនាផ្លូវហាយវ៉េមួយខ្សែដែលមានចិន ជួយគាំទ្រនៅពីក្រោយ កំពុងតែដំណើរការ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ឱ្យដឹងថា រដ្ឋាភិបាលឡាវកាលពីថ្ងៃទី៧ មិថុនា បានអនុម័តការស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូ​ម៉ែត្រក្នុងតម្លៃ៥,១ពាន់លានដុល្លារ។

ប្រទេសវៀតណាម ដែលមហាយក្សចិន មានជម្លោះដែនដីជាមួយនៅសមុទ្រចិនខាងត្បូង ក៏ជាគោលដៅមួយស្ថិតក្នុងផែនការវិនិយោគ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានឱ្យដឹងថា ប្រទេសចិនបានវិនិយោ​គ នៅក្នុងគម្រោងចំនួន៦១ក្នុងប្រទេសវៀតណាម គិតចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ២០២១ នេះក្នុងទំហំទឹកប្រាក់សរុបប្រមាណ១ពាន់លានដុល្លារ។

រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញារារាំងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលប្រឹងប្រែងទាក់ទាញបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ឱ្យឈរនៅខាងខ្លួន។ ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ ឬ G7 បានព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល កាលពីពាក់កណ្ដាលខែមិថុនាថា នឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ដោយយកម៉ូឌែលតាម “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។

កិច្ចប្រជុំកំពូលចិន ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានធ្វើឡើងមិនយូរប៉ុន្មានក្រោយពីនោះ។

រាល់ពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមខិតចូលកាន់តែជិតបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់វិធានការទប់ទល់ទៅវិញភ្លាមៗ។

ដូចនេះការវិនិយោគធំៗរបស់មហាយក្សចិន នៅក្នុងតំបន់កំពុងឆ្លុះបញ្ចាំងថា ប្រ​ទេសនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសក្នុងតំបន់ ដើម្បីឱ្យប្រទេសទាំងនោះទទួលយកវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕

ធនាគារហត្ថាចាប់ផ្តើម​​សាងសង់​អគារការិយាល័យកណ្តាលរបស់ខ្លួនកំពស់២២ជាន់ ​នៅតាមបណ្តោយផ្លូវ​៦០ម៉ែត្រ

ដោយៈវិច្ឆិកា

ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារក្នុងស្រុក មានការរីកចម្រើនយ៉ាងឆាប់រហ័សមួយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ អាគារការិយាល័យកណ្តាលរបស់ខ្លួន កំពស់២២ជាន់ នៅលើមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ។

បន្ទាប់ពីប្រែក្លាយពីមីក្រូហិរញ្ញវត្ថុ មកជាធនាគារពពាណិជ្ជ មិនទាន់បាន​១ឆ្នាំ​ផង ធនាគារហត្ថា​ បានចាប់​ផ្តើមបុកគ្រឹះ​សាង​សង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី ​ដែល​មាន​ទំហំសំណង់ប្រមាណ៤០,០០០ម៉ែត្រក្រឡា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សម្តេច​តេជោ​ហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ។ អគារ​ការិយាល័យ​កណ្តាល​ថ្មី​ដ៏ធំ​ស្កឹមស្កៃនេះ ​បានរៀបចំពិធីបញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ ​នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយ​មាន​ការចូល​រួម​ពី​គណៈគ្រប់​គ្រង​ជាន់​ខ្ពស់ របស់​ធនាគារ ហត្ថា និងក្រុម​ហ៊ុន​ស៊ីអឹម​អ៊ីឌីខន    ស្ត្រាក់សិន ម.ក ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការសាង​សង់។

លោកឧកញ៉ាហួត អៀតតុង ប្រធានអគ្គនាយកធនាគារហត្ថា បានបង្ហាញ​អារម្មណ៍​រំភើប​ និងសប្បាយរីក​រាយ​ចំពោះសមិទ្ធផល ដែលធនាគារសម្រេចបាននៅពេលនេះ ហើ​យវា​ជាថ្ងៃដ៏វិសេសវិសាល​បំផុត ​សម្រាប់រូបលោក​ គណៈគ្រប់គ្រង និងបុគ្គលិករបស់​ធនាគារ ដែលបានខិតខំប្រឹងប្រែងព្យាយាមបំពេញការងារ អស់ពីកំលាំងកាយចិត្តអស់រយៈពេលជិត៣០ឆ្នាំ ដើម្បីទទួលបានលទ្ធផលដូចថ្ងៃនេះ។​

លោកមានប្រសាសន៍ថា “អគារការិយាល័យកណ្តាលថ្មីនេះ គឺជាសមិទ្ធផលយ៉ាងធំធេងមួយទៀត ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង​ តស៊ូព្យាយាម​អស់ពីកំលាំងកាយចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារហត្ថា ហើយការសាងសង់នេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើយតបទៅផែនការអាជីវកម្ម ដែលយើងបាន ប្តេជ្ញា ក្លាយទៅជាធនាគារពាណិជ្ជជំរើសទីមួយរបស់អតិថិជន”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការសាងសង់អាគារការិយាល័យថ្មី​នេះដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គ​លិករបស់ធនាគារ ហត្ថាទាំងអស់”។ អគារ​ការិយាល័យថ្មី​នេះ លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ១៥,០០០ម៉ែត្រក្រឡា ​មានទំហំសំណង់សរុប​ប្រមាណ៤០,០០០ម៉ែត្រក្រឡា និង​មាន​កំពស់​២២ជាន់។  អគារថ្មីនេះ មានមុខងារជាច្រើនរួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម ។ល។ ​

គិតត្រឹមខែមិថុនា ឆ្នាំ២០២១  ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប៨៧៥លានដុល្លារអាមេរិក ផលប័ត្រឥណទានសរុបចំនួន១,៤១៨លានដុល្លារអាមេរិក និងមានអតិថិជនបើកគណនីសរុបជិត ៥០០,០០០គណនី។

នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា បាននឹងកំពុងធ្វើការដំឡើងប្រព័ន្ធធនាគារស្នូល ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតនូវសេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថល ដែលជាដំណោះស្រាយសេវាហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ នាពេល​ឆាប់ៗនេះ ធនាគារ ហត្ថា ​មាន​ផែនការ​ដាក់​ចេញ​ នូវ​សេវាកម្ម​ធនាគារជាច្រើន​ទៀត ​ដើម្បី​បម្រើ​ដល់​អតិថិជនឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

ដំណឹងល្អៈច្បាប់វិនិយោគថ្មីនឹងលើកលែងលើការបង់ពន្ឋលើប្រាក់ចំណូល ចន្លោះពី៣ទៅ៩ឆ្នាំ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គណកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងសិក្សាលំអិត លើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ដោយច្បាប់នេះត្រូវបានពណ៌នាថា មានភាពទូលំទូលាយ និងលើកទឹកចិត្តដល់វិនិយោគិន។

កាលពីសប្តាហ៍មុន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាច្រកម្ពុជា ក្នុងនោះចំពោះចំណុចពិសេសនៃច្បាប់នេះ ជាបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនជាច្រើនដូចជា ការលើកទឹកចិត្តមូលដ្ឋាន ត្រូវបានបែងចែកបន្ថែមជា២ជម្រើសផ្សេងគ្នា រួមមាន ការផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូតដល់៩ឆ្នាំទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង រួមទាំងការលើកទឹកចិត្តផ្សេងទៀត។

ចំណែកឯជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិ កាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាន់កងរហូតដល់២០០ភាគរយ លើចំណា​យសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ រួមទាំងការលើកទឹកចិត្តផ្សេងទៀត។

ច្បាប់វិនិយោគថ្មីនេះ នឹងផ្តល់លោកទឹកចិត្តដល់វិនិយោគិនបន្ថែមដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារសាងសង់ បរិក្ខារសំណង់ និងសម្ភារបរិក្ខារផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ។ លើសពីនេះ សេចក្តីព្រាងច្បាប់បានផ្តល់នូវ ការកាត់កងចំណាយក្នុងអត្រា១៥០% ទៅលើចំណាយពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការផ្តល់ការបណ្តុះបណ្តាល និងការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន ការផ្តល់កន្លែងស្នាក់នៅ អាហារដ្ឋាន និងទារកដ្ឋាន ដើម្បីជំរុញការស្រាវជ្រាវ និងការបណ្តុះបណ្តាលកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក៏ដូចជាការបង្កើននូវសុខុមាលភាពរស់នៅ និងជីវភាពរបស់កម្មករ និយោជិត។

ជាងនេះទៅទៀត ច្បាប់នេះបានផ្តល់ការលើកទឹកចិត្តពិសេស, ចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែ​កអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងទទួលបានការលើកទឹកចិត្តពិសេស ដោយនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង៕

 

គំរោងអភិវឌ្ឍន៍បុរីចាប់ផ្តើមកំរើកឡើងវិញ ខណៈអ្នកអភិវឌ្ឍន៍មានសុទិដ្ឋិនិយម លើទីផ្សារលំនៅដ្ឋាន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណៈអ្នកជំនាញលើកឡើថា អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួន នៅកម្ពុជា នៅតែបន្តបង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើន នៅកម្ពុជាមានស្ថានភាពហិរញ្ញវត្ថុល្អ ដើម្បីបង្កើនការវិនិយោគរបស់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានថ្លែងប្រាប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍បុរីមួយចំនួន នៅតែបន្តបង្កើនការវិនិយោគជាបន្តបន្ទាប់ ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើននៅកម្ពុជាមានលំហូរសាច់ប្រាក់ល្អ សម្រាប់ពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

លោកបានបន្តថា “ដោយសារតែអ្នកអភិវឌ្ឍន៍គម្រោងបុរីនៅកម្ពុជា ភាគច្រើនមានលំហូរសាច់ប្រាក់ ឬក៏ស្ថានភាពហិរញ្ញវត្ថុល្អហើយ បានជាអ្នកអភិវឌ្ឍន៍ទាំននោះនៅតែមានការពង្រីកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងស្រុក”។ លោបានបន្តថា “គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ឬគម្រោងបុរីគឺការអភិវឌ្ឍរយៈពេលវែង”។

លោកបានឱ្យដឹងទៀតថា បើទោះជាតម្រូវការនៃការទិញតំបន់លំនៅដ្ឋាន មិនមានច្រើនដូចនៅមុនវិបត្តិកូវីដ១៩ ដូចជានៅឆ្នាំ២០១៨ និង២០១៩ក្តី ក៏ទីផ្សារលំនៅដ្ឋាននៅតែមានស្ថាភាពល្អជាងគេ បើធៀបជាមួយនឹងផ្នែកផ្សេងៗ នៃវិស័យអចលនទ្រព្យ គ្រោះដោយសារតែការអភិវឌ្ឍលំនៅដ្ឋាន(បុរី) ភាគច្រើនគឺផ្ដោតទៅលើអតិថិជនក្នុងស្រុក។

លោកបានថ្លែងបន្តថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរី នៅតែទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋថា កំពុងត្រូវការលំនៅឋាន ពិសេសអ្នកដែលមានកម្រិតមធ្យម។

ទាក់ទងនឹងការទិញលក់លំនៅដ្ឋាន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី  លោកឌឹត ចណ្ណាបានថ្លែងប្រាប់ផងដែរថា ចលនានៃការទិញលក់អចលនទ្រព្យ ពិសេសលំនៅដ្ឋាន បានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។

លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើង នៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន នៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញ មានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចល​នានៃការទិញលក់នៅតែមាន។

លោកបានលើកឡើងថា “លំនៅដ្ឋានមានសន្ទុះឡើងវិញខ្លាំងជាងគេ នៅជាយក្រុងគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀត នៃវិស័យអចលនទ្រព្យ”។

លោកឌឹត ចណ្ណាបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើ​ររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ៕

ខេត្តធំមួយរបស់ប្រទេសចិនស្នើសុំបង្កើតចំណងមេត្រីភាពជាមួយខេត្ត៣របស់កម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តចំនួន៣របស់កម្ពុជា ដែលកំពុងមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនក្នុងនិងប្រទេស ត្រូវបានស្នើដើម្បីបង្កើតមេត្រីភាព ជាមួយនឹងខេត្តដ៏ធំមួយរបស់ប្រទេសចិនគឺខេត្ត Hubei ( ហ៊ូប៉ី ) ដែលការចងមេត្រីភាព នឹងធ្វើឱ្យខេត្តទាំងបីរបស់កម្ពុជា និងខេត្តហ៊ូប៉ីរបស់ចិន នឹងធ្វើឱ្យទំនាក់ទំនងផ្ទាល់កាន់តែស្អិតរមួតបន្ថែមទៀត។

យោងតាមសំណើររបស់រដ្ឋមន្ត្រី ក្រសួងការបរទេស ទៅសម្ដេចក្រឡាហោម សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍មុននេះបានឱ្យដឹងថា មន្ទីរការបរទេសខេត្តហ៊ូប៉ីរបស់ប្រទេសចិន បានស្នើបង្កើតចំណងមេត្រីភាព ( Sister Cuty ) រវាងខេត្តហ៊ូប៉ី ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតភាពស្និទ្ធ​ស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ ប្រជាជនរបស់ខេត្តខាងទាំងនេះ ។

នៅក្នុងសំណើរនេះបានបញ្ជាក់ថា “ខេត្តហ៊ូប៉ីជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់១ និងផ្លូវ១ ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗ នៅក្នុងខេត្តបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាច្រើនផងដែរ”។

លោកជិន ណារិនភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពតបានឱ្យដឹងថា ដំណឹងនេះចាត់ទុកជាដំណឹងល្អ មួយសម្រាប់វិស័យដីធ្លីនៅក្នុងខេត្តកំពត ហើយក្នុងនាមជាអ្នកសម្រសសម្រួល និងរកទីតាំងជូនវិនិយោគិន ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគ​មន៍វិនិយោគិនថ្មីៗមកពីប្រទេសចិន ជាពិសេសខេត្តបងប្អូនហ៊ូប៉ីតែម្ដង។

លោកបានបន្តថា “មួយរយៈនេះខេត្តកំពត ហាក់ទទួលបានសក្ដានុពល កាន់តែខ្លាំង ដោយប៉ុន្មានខែមុននេះ  រដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតរដ្ឋបាលក្រុងថ្មីមួយគឺក្រុងបូកគោ ដែលធ្វើឱ្យសន្ទុះនៃតម្លៃដីធ្លីបានកម្រើកឡើងមួយកម្រិត ហើយពេលនេះក៏មានដំណឹងពីការភ្ជាប់ទំនាក់ទំនងផ្ទាល់ ជាមួយខេត្តដ៏ធំរបស់ប្រទេសចិន គឺខេត្តហ៊ូប៉ី ដែលនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែមានឱកាសរីកចម្រើនបន្ថែមទៀត”៕

បុរីតម្លៃ៦២លានដុល្លារថ្មីមួយកំពុងបង្ហាញវត្តមាននៅកៀកនឹងផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរីថ្មីមួយGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

អ្នកវិនិយោគបុរីGB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងនាព្រឹកថ្ងៃទី៥ កក្កដានេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។លោកបន្តថា “ផ្ទះក្នុងគំរោងGB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរីGB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។

លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យដឹងទៀតថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញច្រើននាពេលអនាគត ដោយសារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។

អ្នកជំនាញអចលនទ្រព្យបានមើលឃើញតំបន់នេះ ដោយសុទិដ្ឋិនិយមផងដែរ ជាមួយនឹងវត្តមានបុរីGB Residence និងបុរីជាច្រើនទៀតកំពុងសាងសង់នៅតំបន់នេះ។

ស្ថាបនិកនិងជានាយកក្រុមហ៊ុនKey Real Estate លោកសន សៀបបានមានប្រសាសន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមានការអភិវឌ្ឍន៍លឿននាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នទីក្រុងកាន់តែរីកធំ កំណើនប្រជារាស្រ្ដ និងជីវភាពកាន់តែប្រសើរសំរាប់ប្រជាពលរដ្ឋ។

 

លោកបន្តថា “ទោះបីជាកម្ពុជាកំពុងជាប់ក្នុងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែតម្លៃដីនៅតំបន់នេះនៅតែកើនឡើង ដោយសារតែមានការវិនិយោគជាបន្តបន្ទាប់ ពីអ្នកវិនិយោគជាតិ អន្តរជាតិនៅតំបន់នេះ”៕

ទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៩៦៤, ២២២, ០៧៩ ៤៤៣ ៧៧៣, ០១០ ៦០០, ៥៨៧, 0១៦ ៩៩៩ 758។

រដ្ឋាភិបាលអូស្រ្តាលីចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយដើម្បីចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រទេសអូស្រ្តាលី បានចាប់ផ្តើមគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថ្មី ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ ខណៈគំនិតផ្តួចផ្តើមថ្មីនេះនឹងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាប្រកបដោយគុណភាព។ នេះបើយោងតាមលើកឡើងរបស់ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) នឹងចូលរួមជាមួយកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងដូច្នេះថា “P4I បានចាប់ផ្តើមយ៉ាងរហ័ស និងកំពុងគាំទ្រកំណែទម្រង់មួយចំនួន រួមមាន ការកែលម្អហិរញ្ញប្បទានកាកសំណល់រាវ ការកសាងសមត្ថភាពឳ្យប្រទេសកម្ពុជាអាចប្រើប្រាស់ភាពជាដៃគូរវាងសាធារណៈ និងឯកជនប្រកបដោយប្រសិទ្ធភាព និងគាំទ្រដោយការវាយតម្លៃគុណភាពនិងគុណតម្លៃរបស់គម្រោង”។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព នឹងជាមធ្យោបាយផ្ទាល់មួយ ដើម្បីជំរុញការស្តារឡើងវិញប្រកបដោយបរិយាបន្ននូវផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ហើយនឹងជួយកសាងតំបន់ដែលមានស្ថេរភាព ភាពធន់ និងរីកចម្រើនផងដែរ។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងបន្តថា អូស្រ្តាលីមានមោទនភាព ដែលបានឈរនៅក្បែរប្រទេសកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕

ការសាងសង់កំពង់ផែកោះទន្សាយសម្រេចបាន៧៥ភាគរយហើយ ដែលនឹងជួយលើកកំពស់ទេសចរណ៍ក្នុងតំបន់

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ការសាងសង់កំពង់ផែកោះទន្សាយ សម្រេចបាន៧៥ភាគរយហើយ ខណៈកំពង់ផែនេះ នឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ទេសចរណ៍ ជាមួយប្រទេសក្នុងតំបន់។

ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោករស់ សោភ័ណបានមានប្រសាសន៍ឲ្យដឹងកាលពីចចុងសប្តាហ៍កន្លងមក​ថា កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ។ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចផែនការបានប្រមាណ​៧៥​ភាគរយ​ហើយ។

លោកបន្តថា ទោះបីស្ថិតក្នុងរដូវកាលកូវីដ-១៩ បន្តរាតត្បាត ដែលធ្វើឲ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញចូលច្រើនដូចឆ្នាំមុនៗ ប៉ុន្តែសហគមន៍ទូកទេសចរណ៍កោះទន្សាយ នៅតែបន្តដំណើរការដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទៅលម្ហែ ទស្សនាកម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែចំណតទូក ប្រហែល៥គីឡូម៉ែត្រ។

កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីជាចំណតទូកនាំដំណើរអ្នកទេសចរណណ៍ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចត​ទូក​ដឹកទំនិញធុនស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កំពង់ផែទេសចរណ៍នេះកំពុងសាងសង់យ៉ាងសកម្ម ដោយវានឹងដើរតួសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍រវាងកម្ពុជា វៀតណាម ពិសេសការតភ្ជាប់ទេស​ចរណ៍ជាមួយកោះត្រល់ ប្រទេសវៀតណាម។លោកបន្តថា កំពង់ផែនេះមានសមត្ថភាពឲ្យកាណូតទេសចរណ៍ ដែលផ្ទុកមនុស្សចន្លោះ១៥០ទៅ២០០នាក់អាចចូលចតបាន។

លោកបន្តថា “ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹក ពិសេសជាមួយប្រទេសក្នុងតំបន់ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញការវិនិយោគ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ”។

ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការមេ រៀបចំខេត្តកែបឲ្យក្លាយជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយរដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសនានា ដែលធ្វើឲ្យមានការបំពុលបរិស្ថាននៅក្នុងខេត្តនេះនោះឡើយ៕