អ្នកជំនាញអចលនទ្រព្យបីរូបៈអចលនទ្រព្យតម្លៃក្រោមមធ្យមនៅតែមានដំណើរការយ៉ាងដូចម្តេច?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងបរិបទកូវីដ១៩ ជាពិសេសក្នុងឆ្នាំ២០២១នេះ គេឃើញថាបានធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងទៅលើវិស័យជាច្រើន ក្នុងនោះវិស័យអចលនទ្រព្យ ក៏ទទួលរងផលប៉ះពាល់ខ្លាំងជាងឆ្នាំ២០២០កន្លងដែរ។

ប៉ុន្តែសម្រាប់ការទិញលក់អចលនទ្រព្យ ដែលមានតម្លៃក្រោមមធ្យមនៅតែមានដំណើរការល្អ ។នេះបើតាមអ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើង។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិលបានមានប្រ​សា​សន៍ឲ្យដឹងកាលពពីថ្ងៃទី២៣ សីហាកន្លងមកថា នៅក្នុងពេលបច្ចុប្បន្ននេះ យើងមើលឃើញថាអចលនទ្រព្យ ដែលមានតម្លៃសម្រាប់ អ្នកមានចំណូលក្រោមមធ្យម នៅតែទទួលបានការទិញលក់ជាហូរហែ ខណៈអចលនទ្រព្យដែលមានតម្លៃខ្ពស់ៗ មិនសូវមានការទិញលក់ច្រើន ជាពិសេសអចលនទ្រព្យដែលផ្ដោតលើជនបរទេស។

លោកឧកញ៉ាបន្តថា “អ្វីដែលយើងមើលឃើញនោះ គឺការអភិវឌ្ឍបុរីនៅប៉ែកខាងជើង និងមានតម្លៃក្រោមមធ្យម គឺមានដំណើរការល្អដដែល នៅក្នុងបរិបទកូវីដ១៩នេះ”។​លោកបន្តថា “បើនិយាយពីខុនដូគឺសំដៅលើជនបរទេស ហើយក្នុងបរិបទនេះ ជនបរទេ​សដែលចូលមកវិនិយោគ និងស្នាក់នៅក្នុងប្រទេសកម្ពុជា មានការថយចុះខ្លាំងដោយសារតែពួកគេមិនអាចចេញឬចូលប្រទេសបាន ពីព្រោះតែការរឹតបន្តឹងពីសំណាក់ប្រទេសនីមួយៗ”។

លោកឧកញ៉ាបន្ថែមថា សម្រាប់ដីធ្លីដែលមានតម្លៃខ្ពស់ៗ ចាប់ពី៦០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េឡើងទៅ គឺមានការប៉ះពាល់ខ្លាំង ដោយសារតែអ្នកទិញគឺទិញដើម្បីអភិវឌ្ឍន៍ហើយ តែពេលទីផ្សារមានបញ្ហា បានធ្វើឲ្យការលក់ជួបបញ្ហា”។

លោកឧកញ៉ាបន្តថា នៅតំបន់ប៉ែកខាងលិច ឈៀងខាងជើង តំបន់ប៉ែកខាងត្បូងគឺសុទ្ធតែជាតំបន់ ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍអចលនទ្រព្យសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការ។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹង ដោយសារតែតម្រូវការខុនដូ មានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន អ្នកអភិវឌ្ឍន៍ចំនួនបានបង្វែ ពីការអភិវឌ្ឍតម្លៃខ្ពស់មកជាតម្លៃសមរម្យវិញ ។

អ្នកនាងបន្តថា “អ្នកទិញខុនដូតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជានាពេលនេះ ភាគច្រើនជាអ្នកក្នុងស្រុក ហើយទីតាំងក៏ងាកចេញពីតំបន់កណ្ដាលក្រុងដែរ ដោយសារតែដីនៅកណ្ដាលក្រុងមានតម្លៃខ្ពស់”។

ចំណែកលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា លំនៅឋានតម្លៃក្រោម៥ម៉ឺនដល្លារអាមេរិក ក្នុងបរិបទកូវីដ១៩មិនសូវជាមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ណាទេ ដោយសារតែអចលនទ្រព្យប្រភេទនេះភាគច្រើន ជាអ្នកធ្វើការ បុគ្គលិកក្រុមហ៊ុនជាអ្នកទិញ ហើយចំណូលពួកគាត់ក៏សូវប៉ះពាល់ ខុសពីអ្នកមានអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ គឺរងផលប៉ពាល់ធ្ងន់ក្នុងវិបត្តិកូវីដ១៩នេះ ដូចជាក្រុមហ៊ុនបើកភោជនីយដ្ឋាន នៅតាមផ្ទះហាងកាហ្វេជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here