គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងរៀបចំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ ( Zoom ) ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការណៈរដ្ឋមន្ត្រីនាថ្ងៃទី ៥ខែកក្កដា ឆ្នាំ ២០២១នេះ បន្ទាប់ពីមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ការរៀបចំកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់វិនិយោគដំបូង នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលបានអនុម័ត និងដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ ១៩៩៤មក ហើយដែលបន្ទាប់មក ត្រូវបានធ្វើវិសោធនកម្មច្បាប់នៅឆ្នាំ២០០៣ ឲ្យស្របទៅ តាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានាពេលនោះ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ក្នុងនោះច្បាប់វិនិយោគមួយ ដែលមានភាពទាក់ទាញ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ គឺជាកត្តាដែលមិនអាចខ្វះបាន ដែលទាមទារឲ្យរាជរដ្ឋភិបាល មានភាពចាំបាច់ក្នុងការពិនិត្យឡើងវិញ នូវក្របខណ្ឌគតិយុត្តិ និងរៀបចំច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីឲ្យសមស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា បើទោះបីជាច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន មានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រ ទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ៕

ក្រុមហ៊ុនយក្សអាមេរិក Warburg Pincus បោះទុន៦០០លានដុល្លារហក់ចូលក្នុងវិស័យអចនលទ្រព្យនៅប្រទេសចិន

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនមូលនិធិទុនឯកជនខ្នាតយក្ស របស់សហរដ្ឋអាមេរិក Warburg Pincus ទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៥ កក្កដា ថា ខ្លួនបានបង្កើតការវិនិយោគរួមគ្នាថ្មីមួយ ដោយបោះទុនយ៉ាងច្រើន ដើម្បីហក់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសចិន។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន CNA។

ក្រុមហ៊ុន Warburg Pincus បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួន និងក្រុមហ៊ុន Wensheng Asset Management ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងសៀងហៃ ប្រទេសចិន បាននឹងបោះទុនវិនិយោគ ក្នុងទឹកប្រាក់៦០០លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុនវិនិយោគរួមគ្នា ដែលមានឈ្មោះថា Wensheng Special Situations Asset Management Co។

ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងពីរ មិនបានបញ្ជាក់លម្អិត អំពីការបែងចែកភាគហ៊ុនដែលខ្លួនកាន់កាប់រៀងៗខ្លួន នៅក្នុងការវិនិយោគរួមគ្នានេះឡើយ។

ក្រុមហ៊ុនWarburg Pincus បានបញ្ជាក់ថា ក្រុមហ៊ុន Wensheng Asset Management បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ បង្កើតក្រុមហ៊ុនទ្រព្យសកម្ម ក្នុងស្រុកសម្រាប់ការវិនិយោគរួមគ្នានេះរួចហើយ ហើយរំពឹងថានឹងទទួលបានវា ត្រឹមដំណាច់ឆ្នាំនេះ។

គម្រោងបណ្តាក់ទុនថ្មីនេះកើតមានឡើង ស្របពេលដែលយុទ្ធនាការរបស់ក្រុមនិយ័តករ ដើម្បីកាត់បន្ថយពពុះហិរញ្ញវត្ថុ (Financial Bubbles) ក្នុងវិស័យអចលនទ្រព្យបានបង្កើតឱកាសថ្មីៗ សម្រាប់បណ្ដាវិនិយោគិនផ្នែកបំណុល និងស្របពេលដែលប្រទេ​សចិន បន្ធូរបន្ថយដោយបង្កលក្ខណៈងាយស្រួលជាងមុន សម្រាប់ឱ្យវិនិយោគិនបរទេសឈានជើងចូលទីផ្សារបំណុលដ៏អាក្រក់របស់ខ្លួន។

ក្រុមហ៊ុនឯកទេសខាងបំណុលបរទេស រួមមាន ទាំងក្រុមហ៊ុនអាមេរិក BlackRock Group Inc ក្រុមហ៊ុនកាណាដា Brookfield Asset Management និងក្រុមហ៊ុនអាមេរិក CarVal Investors ផងសុទ្ធតែធ្វើប្រតិបត្តិការយ៉ាងសកម្ម ច្រើនឆ្នាំមកហើយនៅក្នុងទីផ្សារទ្រព្យសកម្ម មិនដំណើរការ (Non-performing Asset)របស់ប្រទេសចិន ជាពិសេសវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន Warburg Pincus បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរួមគ្នាថ្មីនេះនឹង ផ្តោតលើការទិញយក គម្រោងអចលនទ្រព្យដាច់ៗតែឯង នៅក្នុងក្រុងសៀងហៃ ខេត្តចឺជាំង (Zhejiang) ភាគខាងកើត និងខេត្តហៃណា (Hainan) ភាគខាងត្បូងប្រទេសចិន។

ក្រុមហ៊ុន Warburg Pincus ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលមានមូលនិធិឯកជនធំៗ បំផុតក្នុងវិស័យអចលនទ្រព្យប្រចាំទ្វីបអាស៊ី។

យោងតាមសេចក្ដីថ្លែងការណ៍របស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុននេះ មានទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រង រហូតដល់ទៅជាង២២ពាន់លានដុល្លារ នៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន៕

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនឹងជំរុញកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០

ដោយៈ ប៊ី

ភ្នំពេញៈ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បាននិងកំពុងចូលរួមចំណែកការអភិវឌ្ឍយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា ហើយអាចនាំឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ប្រែក្លាយខ្លួនជាប្រទេស ដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិតអ៊ុ សុជាតិសមាជិកមជ្ឈមណ្ឌលស្រាវជ្រាវហុងកុង ដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង បានថ្លែងក្នុងកម្មវិធីមួយរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលសប្តាហ៍មុនថា បើពិនិត្យទៅមើលប្រទេសកម្ពុជាយើង ការយល់ដឹង និងការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានចាប់ផ្ដើមតាមរយៈដំណើរទស្សនកិច្ច របស់លោកស៊ី ជីងពីង នៅកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

លោកបណ្ឌិតបានថ្លែងថា “ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន នាពេ​លនោះ បានទាញចំណាប់អារម្មណ៍ធ្លាក់មកជាហូរហែរ ពិសេសពីសំណាក់ពាណិជ្ជករ និងវិនិយោគិនរបស់ចិន”។ លោកបន្តថា “ម៉្យាងទៀតគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ វាស៊ីគ្នាទៅនឹងតម្រូវការការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសជម្រើសមូលធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលអាចនាំឱ្យកម្ពុជាសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ជាតិ ប្រែក្លាយខ្លួនជាប្រទេស ដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

លោកបណ្ឌិតអ៊ុ សុជាតិបានថ្លែងបន្តទៀតថា នៅក្នុងបរិបទតំបន់ មានចំណុចមួយចំនួន ដែលនាំឱ្យកម្ពុជាគាំទ្រដល់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវដូចជា ទី១ នៅប្រមាណទសវត្សរ៍ចុងក្រោយនេះ យើងឃើញថា មានប្រទេសជាច្រើនក្នុងតំបន់ មានទំនោរទៅរកប្រទេសចិន តាមរយៈប៉ូលសេដ្ឋកិច្ច និងនយោបាយរបស់ចិន។

ទី២ បើប្រៀបធៀបជាមួយនឹងយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់សហរដ្ឋអាមេរិក គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានភាពប្រាកដនិយមជាង ជាក់ស្ដែងជាង ដែលនាំមកការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទៅតាមប្រទេស ដែលចូលរួមក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។
ទី៣ លក្ខខណ្ឌដ៏តឹងតែង សម្រាប់ជំនួយមូលនិធិកម្ចីរបស់បណ្ដាប្រទេស ឬអង្គការមួយចំនួន បានជំរុញឲ្យកម្ពុជាស្វែងរកប្រភពជម្រើស មូលនិធិកម្ចីផ្សេងៗទៀត ជាពិសេសេក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវដោយគ្មាន String Attach។

ជាទូទៅ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គឺផ្ដោតទៅលើការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធ និងការគាំទ្រខាងពាណិជ្ជកម្ម ដោយរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្របសម្រួល ហើយដាក់ចុះនូវគោលនយោបាយនានា ដើម្បីបង្កើតឱ្យមានការអនុវត្តន៍ នូវគម្រោងឲ្យបានជោគជ័យ។

រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បង្កើតឲ្យមានវេទិកា Government-Private Forum ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដោះស្រាយ បញ្ហាប្រឈមនានាជាមួយនឹងវិនិយោគិន។

ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង ដូចមានក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម សុទ្ធសឹងតែបានជំរុញ និងគាំទ្រផ្សារភ្ជាប់ទៅនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីទំរង់ឧស្សាហកម្មដែលប្រើប្រាស់កម្លាំងច្រើន ទៅជាការប្រើប្រាស់ជំនាញនៅក្នុងឧស្សាហកម្ម និងជំរុញផលិតភាពនៅក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍបច្ចេកទេសជាន់ខ្ពស់។

សម្រាប់ទៅថ្ងៃអនាគត ការបង្កើតឱ្យមាន Digital Silk Road ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ចំពោះផលប្រយោជន៍ចម្បងៗ ដែលបានមកពីគំនិតផ្តួចផ្តើមនេះ មានដូចជា ទី១ ថ្មីៗនេះកម្ពុជាបានដាក់ឲ្យអនុវត្តន៍ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ដោយកំណត់យកចក្ខុវិស័យកសាងសេដ្ឋកិច្ចសង្គមឌីជីថលមួយដ៏រស់រវើក ជំរុញសន្ទុះសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាព តាមគន្លងថ្មី។

គោលនយោបាយថ្មីនេះ គឺជាម៉ូដែលសេដ្ឋកិច្ចថ្មីមួយ ដែលមានភាពឆ្លើយតបទៅនឹងភាពធន់ ទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នាពេលអនាគត៕

មហាមិត្តចិនកំពុងផ្តោតលើខេត្តសំខាន់ៗចំនួន៣ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មហាមិត្តចិនបាននិងកំពុងចាប់ផ្តើមផ្តោតសាជាថ្មី លើបណ្តាខេត្តមានសក្តានុពលសំខាន់ៗចំនួនបី ជាខេត្តចងសម្ព័ន្ឋមេត្រីភាពជាមូយកម្ពុជា ដែលអ្នកជំនាញមើលឃើញថា ខេត្តទាំងនោះនឹងទទួលបានកំនើនវិនិយោគពីចិននាពេលអនាគត។

យោងតាមសំណើររបស់រដ្ឋមន្ត្រី ក្រសួងការបរទេស ទៅសម្ដេចក្រឡាហោម សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍មុននេះបានឱ្យដឹងថា មន្ទីរការបរទេសខេត្តហ៊ូប៉ីរបស់ប្រទេសចិន បានស្នើបង្កើតចំណងមេត្រីភាព ( Sister Cuty ) រវាងខេត្តហ៊ូប៉ី ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតភាពស្និទ្ធ​ស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ ប្រជាជនរបស់ខេត្តខាងទាំងនេះ ។

នៅក្នុងសំណើរនេះបានបញ្ជាក់ថា “ខេត្តហ៊ូប៉ីជាមជ្ឈមណ្ឌលភូមិសាស្ត្រ សេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់១ និងផ្លូវ១ ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗ នៅក្នុងខេត្តបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាច្រើនផងដែរ”។

ខេត្តចំនួន៣របស់កម្ពុជា សុទ្ឋតែជាខេត្តមានសក្តានុពល ដោយសារហេដ្ឋារចនាសម្ព័ន្ឋជាច្រើន និងកម្រិតអន្តរជាតិកំពុងសាងសង់ និងបានបញ្ចប់ការសាងសង់។ ខេត្តទាំងបីក៏៏កំពុងមានសក្ដានុពល ក្នុងការទាក់ទាញវិនិយោគិនក្នុង និងប្រទេស។

ការស្នើដើម្បីបង្កើតមេត្រីភាព ជាមួយនឹងខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្ត Hubei ( ហ៊ូប៉ី ) ដែលការចងមេត្រីភាព នឹងធ្វើឱ្យខេត្តទាំងបីរបស់កម្ពុជា និងខេត្តហ៊ូប៉ីរបស់ចិន នឹងធ្វើឱ្យទំនាក់ទំនងផ្ទាល់កាន់តែស្អិតរមួតបន្ថែមទៀត។

វត្តមានរបស់វិនិយោគិនចិន បាននិងកំពុងធ្វើឲ្យកម្ពុជាលេចឡើង លើឆាកអន្តរជាតិ តាមរយៈកំនើននៃការវិនិយោគពីប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់ ពិសេសក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានទាក់ទាញ ទុនវិនិយោគពីអន្តរជាតិ ពិសេសពីប្រទេសចិន លើទំហំទឹកប្រាក់រហូតដល់ជាង ៨០០០លានដុល្លារអាមេរិក។

ជាអ្នកសរសេរអត្ថបទវិភាគជាច្រើនពីទំនាក់ទំនងកម្ពុជា ចិន លោកយិន លាងគង់ ដែលជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com បានមានប្រសាសន៍ថា ទំនាក់ទំនងរ៉ឹងមាំដូចដែកថែបរវាងកម្ពុជា ចិន ដែលបានកសាងឡើងដោយអតីតសម្តេចព្រះបរមរតនៈកោដិ និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងកត្តាភូមិសាស្រ្តនយោបាយ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន កម្ពុជានឹងទទួលបានផលប្រយោជន៍កាន់តែច្រើនពីមហាមិត្តចិននាពេលអនាគត។
លោកបន្តថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក៏ជាកត្តាលីករមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគរបស់ចិនមកកាន់កម្ពុជាកាន់តែច្រើនផងដែរ”។

លោកបន្តថា “តើអ្នកវិនិយោគចិនធំៗ ដែលសាងសង់អាគារកប់ពពកដូចម្រាមដៃនៅខេត្តព្រះសីហនុ តើពួកគេនឹងបោះបង់លុយរបស់ពួកគេចោល ឬយ៉ាងណា ច្បាស់ណាស់ ពួកគេនឹងត្រលប់មកវិញ”។

លោកយិន លាងគង់បានបន្តថា ខេត្តព្រះសីហនុ អ្នកវិនិយោគចិនបានធ្វើឲ្យផ្លាស់ប្តូរ​មុខមាត់​រួចទៅហើយ ស្របពេលរដ្ឋាភិបាលកំពុងសិក្សាខេត្តនេះ ជាខេត្តអភិវឌ្ឍន៍តាមបែបពហុបំ ណង ដូចគ្នានឹងខេត្តស៊ិនជិនរបស់ចិន។ ចំណែកខេត្តកំពត និងខេត្តសៀមរាបកំពុងត្រូវបានមើ់លឃើញថា ជាខេត្តមានសក្តានុពលខ្លាំង ទាំងលក្ខខ័ណ្ឌភូមិសាស្រ្ត ធន​ធានធម្មជាតិ ពិសេសប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា ដែលអាចទាញប្រាប់បានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងទាក់ទាញវិនិយោគិនចិន អ្នកវិនិយោគអាមេរិក និងអឺរ៉ុបកាន់តែច្រើនថែមទៀត ដើម្បីមកវិនិយោគនៅកម្ពុជា ហើយធ្វើ​ការនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន។

លោកបន្តថា “បើយើងរៀបចំបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំ សំរាប់ចែកចាយទំនិញចិន ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាននាពេលអនាគត”៕

សិក្សាពីចំណុចពិសេសៗជាច្រើននៃពង្រាងច្បាប់វិនិយោគថ្មី ដែលមានការអនុគ្រោះនិងបើកចំហកាន់តែច្រើន

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបង្ហើបឲ្យដឹងថា មានការអនុគ្រោះ លើកទឹកចិត្ត និងបើកចំហច្រើនសំរាប់អហនកវិនិយោគជាតិ និងអន្តរជាតិ។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាច្រកម្ពុជា ក្នុងនោះចំពោះចំណុចពិសេសនៃច្បាប់នេះ ជាបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនជាច្រើនដូចជា ការលើកទឹកចិត្តមូលដ្ឋាន ត្រូវបានបែងចែកបន្ថែមជា២ជម្រើសផ្សេងគ្នា រួមមាន ការផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូតដល់៩ឆ្នាំទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង រួមទាំងការលើកទឹកចិត្តផ្សេងទៀត។

រីឯជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិ កាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាន់កងរហូតដល់២០០ភាគរយ លើចំណា​យសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ រួមទាំងការលើកទឹកចិត្តផ្សេងទៀត។

ច្បាប់វិនិយោគថ្មីនេះ នឹងផ្តល់លោកទឹកចិត្តដល់វិនិយោគិនបន្ថែមដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារសាងសង់ បរិក្ខារសំណង់ និងសម្ភារបរិក្ខារផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទគម្រោងវិនិយោគនីមួយៗ។

លើសពីនេះ សេចក្តីព្រាងច្បាប់បានផ្តល់នូវ ការកាត់កងចំណាយក្នុងអត្រា១៥០% ទៅលើចំណាយពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការផ្តល់ការបណ្តុះបណ្តាល និងការចំណាយទៅលើមធ្យោបាយដឹកជញ្ជូន ការផ្តល់កន្លែងស្នាក់នៅ អាហារដ្ឋាន និងទារកដ្ឋាន ដើម្បីជំរុញការស្រាវជ្រាវ និងការបណ្តុះបណ្តាលកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក៏ដូចជាការបង្កើននូវសុខុមាលភាពរស់នៅ និងជីវភាពរបស់កម្មករ និយោជិត។

ជាងនេះទៅទៀត ច្បាប់នេះបានផ្តល់ការលើកទឹកចិត្តពិសេស, ចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែ​កអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងទទួលបានការលើកទឹកចិត្តពិសេស ដោយនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីនេះ ជាការតាក់តែងនូវច្បាប់ថ្មី មិនមែនជាការធ្វើវិសោធនកម្មពីច្បាប់ចាស់ ដែលកម្ពុជាមានស្រាប់នោះឡើយ។ លោកបន្តថា ច្បាប់ថ្មីនេះនឹងមានភាពអំណោ​យផលជាច្រើនសម្រាប់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងគោល​នយោបាយបើកចំហជាច្រើនទៀត សម្រាប់វិនិយោគិន៕

លោកបណ្ឌិតគីម ហ៊ាងបង្ហាញពីទិសដែលផ្តល់ផលល្អសម្រាប់ការវិនិយោគក្នុង ការវិនិយោគលើដីធ្លី

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការវិនិយោគលើវិស័យដីធ្លី ត្រូវបានមើលគេឃើញថា ជាការវិនិយោគមួយ ដែលផ្តល់ចំណេញខ្ពស់ សម្រាប់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែវិនិយោគិនត្រូវមើលទិសឱ្យបានច្បាស់លាស់ មុននឹងវិនិយោគលើដីធ្លី ដោយសារទិសនីមួយៗមានលខ្ខខណ្ឌ និងស្ថានភាពខុសគ្នាសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍។

តើទិសមួយណា ដែលល្អសម្រាប់វិស័យដីធ្លី?

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានថ្លែងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វិស័យដីធីធ្លីនៅទិសទាំង៤ (ទិសត្បូង ជើង កើត និងលិច) គឺល្អដូចគ្នាសម្រាប់ការវិនិយោគ ប៉ុន្តែទិសទាំង៤នេះ មានលក្ខខណ្ឌ និងអំណោយផ្សេងៗគ្នាសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ ទាក់ទងនឹងវិស័យដីធ្លី។

លោកឧកញ៉ាបានថ្លែងថា ឧទាហរណ៍ ប្រសិនបើយើងទិញដី សម្រាប់ការសាងសង់ផ្ទះ ឬបន្ទាប់ទុកជួលឱ្យកម្មករ-កម្មការានី ទិសដៅដែលល្អគឺទិសខាងលិច ព្រោះទិសខាងលិច ជាទិសដែលសម្បូរដោយរោងចក្រ ហើយអាចនិយាយបានថា បងប្អូន ដែលរស់នៅទិស គឺអ្នកជួលផ្ទះ និងធ្វើការបំរើឱ្យវិស័យរោងចក្រ ព្រោះដោយទិសខាងលិខជាតំបន់ឧស្សាហកម្មផង និងលំនៅដ្ឋាន។

លោកឧកញ៉ាបន្តថា សម្រាប់ទិសខាងត្បូងវិញ សម្បូរដោយដីធំៗ ហើយនឹងមានភាពរីកចម្រើនខ្លាំងនៅក្នុងរយៈ៥ ទៅ១០ឆ្នាំខាងមុខ ដោយសារតំបន់នេះ ត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ព្រលានយន្តហោះថ្មី និងជាតំបន់អភិវឌ្ឍន៍ថ្មី។ វិនិយោគចង់វិនិយោគលើធីធ្លីសម្រាប់ទុកលក់រកផលចំណេញខ្ពស់ ក្នុងរយៈពេល៥ឆ្នាំក្រោយគឺទិសខាងត្បូង។

លោកឧកញ៉ាបានបន្តថា ទិសខាងជើង គឺអាចនិយាយថា គឺទិសមួយ សម្រាប់ការវិនិយោគលើវិស័យដីធ្លី ដែលអាចរកផលចំណេញបានក្នុងរយៈពេលខ្លី ឬ២ទៅ៣ឆ្នាំ ហើ​យស័ក្កិសម សម្រាប់ការសាងសង់ផ្ទះ ឬលំនៅដ្ឋានបែបស៊ីវីល័យ និងទំនើប ដោយសារតំបន់នេះសម្បូរផ្សារទំនើប ដូចជា AEON ម៉ាក្រូ និងជីបម៉ុងជាដើម និងគម្រោងបុរីធំៗជាច្រើន។

លោកឧកញ៉ាបានបន្តទៀតថា ទិសខាងកើតគឺជាតំបន់មិនសូវមានរោងចក្រ និងមានទន្លេរទៅខងខាង។ ទិសកើតអាចនិយាយបានជាតំបន់មួយ ដែលលំនៅដ្ឋាន និងទេសចរណ៍ពណ៌បៃតង។ នៅពេលយើងធ្វើដំណើរចេញពីភ្នំពេញ កាត់ស្ពានព្រះមុនីវង្សទៅច្បាប់ដើរឆ្លងទៅគេថា ការទៅអ្នកលឿង យើងឆ្លងទៅមនុស្សកៀនស្វាយក្រៅ តំបន់មួយ មានអាកាសធាតុត្រជាក់ជាងទិសទាំង៣ខាងលើ ព្រោះតំបន់នេះមានដើរឈើច្រើន និងខ្យល់បរិសុទ្ធ ដោយសារទិសខាងកើតនេះមិនសូវសម្បូររោងចក្រ ដូចនៅតទិសខាងលិចទេ។

លោកបន្តថា “តំបន់នេះគឺពិតជាស័ក្កិសម សម្រាប់ទិញដីសាងសង់លំនៅដ្ឋានសម្រាប់រស់ខ្លួនឯង”៕

គម្រោងLe Condé BKK1 ធ្វើការអបអរខួប១ឆ្នាំ ជាមួយនឹងការផ្តល់ជូនរថយន្តBMW

ដោយៈឌីឡាន

ភ្នំពេញៈ គំរោងLe Condé BKK1 ជាគម្រោងខុនដូប្រណិត ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលជាប្រភេទគម្រោងស្មាតហូមដំបូងគេនៅកម្ពុជា បានរៀបគម្រោងយ៉ាងពិសេសក្នុងឱកាសគម្រប់១ឆ្នាំខាងមុខនេះ ​ជាមួយនឹងរង្វាន់ផ្តល់ជូនយ៉ាងអស្ចារ្យគឺរថយន្តទំនើបម៉ាក BMW X3។

ការផ្តល់ជូននេះគឺចាប់ផ្តើមនៅថ្ងៃទី5 ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021។ ក្នុងកំឡុងពេលនេះ សម្រាប់អតិថិជនដែលទិញខុនដូ Le Condé BKK1 នឹងផ្តល់ជូនឆ្នោតផ្សងសំណាងមួយ ដែលមានឱកាសឈ្នះរថយន្ត BMW X3។

បន្ថែមពីនេះ រង្វាន់ធំទី២ គឺប័ណ្ឌទឹកប្រាក់តម្លៃដល់ទៅ៣ពាន់ដុល្លារ ដែលអាចប្រើប្រាស់សម្រាប់បង់ថ្លៃគ្រប់គ្រងអចលនទ្រព្យ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចគិតថាវានៅតិចមែនទេ? អ្នកទិញទាំងអស់ដែលមានឆ្នោតផ្សងសំណាងនេះ នឹងទទួលបានកាដូរដ៏ពិសេសគឺទូរស័ព្ទ iPhone12 ។

យើងរំពឹងមើលឃើញថា ក្នុងឱកាសដ៏ពិសេសខួប១ឆ្នាំនេះ គឺជាឱកាសដ៏ល្អដើម្បីជួយដល់អតិថិជន ដែលបានផ្តល់ទំនុកចិត្តមកលើគម្រោងយើង និងនៅតែបន្តការគាំទ្រ Le Condé BKK1 គុណតម្លៃនោះគឺការយកចិត្តទុកដាក់ ក្នុងការបម្រើអតិថិជនរបស់យើង។

លោក Dylan Hao ដែលជាមន្ត្រីផ្នែករៀបផែនការនៃគម្រោង Le Condé BKK1 បានលើកឡើងថា  ច្រើនជាង80ភាគរយនៃអតិថិជនរបស់យើង គឺជាជនជាតិខ្មែរ ហើយក្នុងខែកក្កដា ២០២១នេះ ពួកយើងធ្វើការអបអរសាទរគម្រប់ខួប១ឆ្នាំរបស់យើង។ ដូចនេះ យើងសូមចែករំលែកក្តីស្រលាញ់ ទៅកាន់អតិថិជនយើងទាំងអស់ តាមរយៈការផ្តល់ជូននូវលំនៅឋានល្អបំផុត នៅកណ្តាលទីក្រុងភ្នំពេញ និងជាពិសេសមានឱកាសឈ្នះរថយន្តទំនើបម៉ាក BMW។

លោកបន្ថែមទៀតថា នៅខែកក្កដានេះ យើងនឹងសម្ពោធន៍គម្រោងថ្មីមួយទៀតគឺ ស្កាយវីឡា ដែលស្ថិតនៅ២ជាន់កំពូលនៃគម្រោងLe Condé ដែលមានឈ្មោះថា Le Condé The Royal។ ក្នុងនោះរួមមានការរចនាផ្ទៃខាងក្នុង ជាមួយផលិតផលម៉ាក Fendi Casa និង​Bentley Home ដែលវានឹងក្លាយជាប្រភេទផេនហោស៍ប្រណិតជាងគេ នៅក្នុងប្រទេស។

កាលពីឆ្នាំមុនLe Condé BKK1 ទទួលបានកេរ្តិ៍ឈ្មោះដ៏លេចធ្លោ នឹងជោគជ័យយ៉ាងធំ ដែលបានផ្តល់ជូននូវលំនៅឋាន ប្រភេទស្មាតហូមដំបូងគេនៅកម្ពុជា។ ឱកាសគម្រប់ខួប១ឆ្នាំនេះ ក៏ជាឧទាហរណ៍មួយទៀត ដែលបញ្ជាក់ពីការតាំងចិត្តដ៏ម៉ុតមាំទៅកាន់អនាគតដ៏រុងរឿង៕

 

អាកាសយានដ្ឋានអន្តរជាតិក្រុងស៊ីដនី ទទួលបានសំណើសុំទិញក្នុង តម្លៃ១៦,៧ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

ស៊ីដនី: វិនិយោគិនផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយក្រុម បានស្នើសុំទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអូស្ត្រាលី ដែលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិក្រុងស៊ីដនីSydney Airport ១០០% ក្នុងតម្លៃ១៦,៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។

សំណើសុំទិញនេះកើតមានឡើង ខណៈអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានបានជំរុញក្រុមអ្នកគ្រប់គ្រងមូលនិធិសោធននិវត្ដន៍ (Pension Fund) និងអ្នកគ្រប់គ្រងការវិនិយោគរបស់ពួកគេ ចង់បានទិន្នផលខ្ពស់ជាងមុន។ ការទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានរួមទាំងបំណុលផងនេះ នឹងធ្វើឱ្យពួកគេទទួលបានផលចំណេញច្រើន នៅពេលព្រំដែនបើកឡើងវិញ ហើយតម្រូវការធ្វើដំណើរវិល មករកសភាពប្រក្រតីឡើងវិញ។

យោងតាម Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យដឹងថា ប្រសិនបើទទួលជោគជ័យ ការទិញយកអាកាសយានដ្ឋានធំបំផុតរបស់អូស្រ្តាលីមួយនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទិញលក់ធំបំផុតក្នុងប្រទេសនេះ បើធៀបទៅនឹងការទិញយកក្រុមហ៊ុន ប្រតិបត្តិករផ្សារទំនើបអូស្ត្រាលី Westfield Group ដោយក្រុមហ៊ុនបារាំង Unibail-Rodamco ក្នុងតម្លៃ២២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។

វាក៏នឹងជាប់ចំណាត់ថ្នាក់ជាកិច្ចព្រមព្រៀងធំបំផុតទី៨ និងជាកិច្ចព្រមព្រមព្រៀងទិញលក់អាកាសយានដ្ឋានធំបំផុតទី២ ទូទាំងពិភពលោកផងដែរប្រចាំឆ្នាំ២០២១ ក្រោ​យការទិញយកក្រុមអាកាសយានដ្ឋាន Heathrow Airport ក្នុងប្រទេសអង់គ្លេស ក្នុងតម្លៃ៣០,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៦។

ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសយានSydney Airport បានគូសបញ្ជាក់ថា តម្លៃដែលផ្ដល់ឱ្យនេះ គឺទាបជាងតម្លៃភាគហ៊ុនរបស់ខ្លួន នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយថា ខ្លួននឹងយកសំណើសុំទិញនេះទៅពិចារណាសិន មុននឹងឈានដល់ការសម្រេចចិត្ត។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនប្រតិបត្តិករ អាកាសយានដ្ឋានមួយនេះ បានហក់ឡើងខ្ពស់មិនធ្លាប់មានរហូតដល់៦,៦៨ដុល្លារអាមេរិក កាលពីខែមករា ដើមឆ្នាំ២០២០ មុនពេលវិបត្តិកូវីដ-១៩ ដែលបានធ្វើឱ្យតម្រូវការធ្វើដំណើរដាំក្បាលចុះដល់ចំណុចបាត៕

គម្រោងបុរី ណាឌី របស់ក្រុមហ៊ុន GCC នៅសង្កាត់ជ្រោយចង្វារបានប្រារពពិធី សម្ភោធជាផ្លូវការហើយ

ដោយៈមុនី

ភ្នំពេញៈ ក្រុមហ៊ុន GCC គ្រុបបានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្ដើមការសាងសង់គម្រោងបុរីណាឌី។ ពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរីណាឌី។

នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC បានសម្ដែងការអរគុណចំពោះវត្តមាន របស់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីដ៏ពិសេសនេះជាមួយនឹងបុរី ណាឌីនៅក្នុងថ្ងៃនេះ។

លោក Alex Yu បានមានប្រសាសន៍ថា “ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ 2015 មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើន នៅទូទាំងអាស៊ីអាគ្នេយ៍”។លោកបន្តថា “ជាការពិតណាស់ GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះGCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុ​ប្បន្នយើង គឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិ ដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា”។

លោកមានប្រសាសន៍បន្ថែមទៀតថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន -ល-។ GCC​ បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើប មកកាន់ប្រទេសដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា។ លោកបានធានាអះអាងថា GCC​ នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងការរួមបញ្ចូលគ្នានៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក។

ជាមួយគ្នានេះ លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC មានប្រសាសន៍ថាក្រុមហ៊ុន GCC មានមនុស្សដែលមានទេពកោសល្យជាច្រើន ដែលមានមហិច្ចតា និងការច្នៃប្រឌិតដ៏លេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងសមាជិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារ បាននៅពេលវេលាសាកសមណាមួយ។

លោកបានធានាថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។

បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយ ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ជ្រោយចង្វារដែលជាតំបន់មានកិត្យានុភាព។

ស្របតាមពាក្យស្លោករបស់បុរី ណាឌី “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នក” បុរី ណាឌី មានការប្ដេជ្ញាក្នុងការបង្កើតលំនៅឋានមួយ ដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។ កាលពីដើមឆ្នាំ 2021 GCC បាននាំមកជូននូវសេវាកម្ម ណាឌីឃែរ សម្រាប់អតិថិជនដែលបានទិញបុរី ណាឌីទាំងអស់។

សេវាកម្មទាំងនោះរួមមាន សេវាកម្មរថយន្ដដឹកអ្នកដំណើរឯកជន សេវាកម្មសម្អាតលំនៅឋាន សេវាកម្មរើចូលលំនៅឋាន -ល-។ សេវាកម្មណាឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសា​រកម្ពុជាផងដែរ។

លោក Eric Chong អគ្គនាយកនៃបុរី ណាឌីបានមានប្រសាសន៍ថា “ប្រាកដណាស់ ទាំងអស់នេះ គឺជាអ្វីដែលពួកយើងអាចផ្ដល់ជូនអតិថិជនបាន នេះគឺជាស្ដង់ដារដ៏អស្ចារ្យរបស់ GCC។ ពួកយើងតែងតែរិះគិតរកអ្វីដែលល្អបំផុត សម្រាប់ផ្ដល់ជូនអតិថិជនរបស់ពួកយើង”។

 

លោក Eric Chong បានសង្កត់ធ្ងន់ថា “ក្នុងឱកាសពិសេសនេះ គឺជាថ្ងៃដែលបុរី ណាឌី ចាប់ផ្ដើសាងសង់គម្រោងជាផ្លូវការ។ យើងនឹងផ្ដល់ជូនលោកអ្នកនូវគម្រោងបុរីដែលមានគុណភាពខ្ពស់បំផុត ដែលមិនអាចរកឃើញនៅគ្រប់ទីកន្លែងណាផ្សេង ក្នុងប្រទេសកម្ពុជា”។លោកបន្តថា “យើងមានផែនការគ្រប់ជ្រុងជ្រោយ និងក្រុមស្ថាបត្យករអន្តរជាតិឆ្នើមៗ ដើម្បីសាងសង់ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នកនេះ”។

នៅដើមឆ្នាំ 2022 បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី 2 ដែលមានឈ្មោះថា “ មេគង្គ” មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោក អ្នកជាមួយនឹងការរស់នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត។ វីឡាឯកជនទាំងនេះ គឺជាវីឡាមួយដែលមានភាពទាក់ទាញបំផុត ក្នុងចំណោមវីឡារបស់បុរីផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំហំខាងក្រៅផ្ទះ និងផ្នែកខាងក្នុង សូម្បីតែការផ្សារភ្ជាប់នៃការរស់នៅរបស់គ្រួសារ នៅក្នុងវីឡាជាមួយនឹងធម្មជាតិ។ ដូច្នេះពួកគេអាចរីករាយជាមួយនឹងទេសភាពដ៏អស្ចារ្យនៅជុំវិញផ្ទះរបស់ពួកគេ។ សូមបងប្អូនទាំងអស់រង់ចាំតាមដាន គម្រោងបន្ទាប់របស់ក្រុមហ៊ុនយើង”។

ក្នុងឱកាសដ៏ពិសេសនេះបុរី ណាឌី ក៏បានបង្ហាញការថ្លែងអំណរគុណ ដល់អតិថិជនដែលបានកក់បុរី ណាឌី តាំងពីបើកដំបូងរហូតមកដល់ពេលនេះ តាមរយៈការចាប់ឆ្នោតយករង្វាន់ធំ នៅក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់បុរី ណាឌី នៅការិយាល័យលក់បុរី ណាឌី។ អតិថិជនទាំងអស់អាចមានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោ​ងផ្សារជីស៊ីអូរឫស្សីចំនួន១ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះម៉ាក Samsung ជាច្រើនរង្វាន់ទៀត។

អំពីក្រុមហ៊ុន GCC

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ360० នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ លេខទំនាក់ទំនង: +855 96 820 6822  Email: [email protected]

លោក ង៉ែត ឧត្តមមុន្នី

ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: 089 648 770/ 098 831 868 , Email: [email protected]

 

 

មហាយក្សចិនផ្តួលសហរដ្ឋអាមេរិកនៅក្នុងការប្រណាំងប្រជែងការវិនិយោគ ក្នុងតំបន់អាស៊ាន

ដោយៈសុខុម

ហ្សាការតា: ប្រទេសចិន គ្រោងបើករោងចក្រផលិតបន្ទះសូឡាដ៏ធំមួយ នៅម៉ាឡេស៊ី និងស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូម៉ែត្រនៅប្រទេសឡាវ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រនៅក្នុងតំបន់អាស៊ាន ខណៈសហរដ្ឋអាមេរិកកំពុងព្យាយា​មទប់ទល់ឥទ្ធិពល របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ថា រោងចក្រខាងលើនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនយក្សចិន Risen Energy ដែលបានព្រមព្រៀងវិនិយោគ ក្នុងទឹកប្រាក់ទំហំ១០,១ពាន់លានដុល្លារក្នុងឧស្សាហកម្មបន្ទះសូឡាក្នុងប្រទេសម៉ាឡេស៊ី។

មួយថ្ងៃមុននេះ ប្រទេសចិន បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយក្រុមរដ្ឋមន្រ្តី នៃគណៈរដ្ឋមន្រ្តីក្នុងបណ្ដាប្រទេសជាដៃគូសហការ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធមានឈ្មោះថា “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់វ៉ាក់សាំងកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការ ខណៈប្រទេសទាំងនេះ កំពុងព្យាយាមធ្វើការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនទាប។

សេចក្ដីសម្រេចបោះទុនវិនិយោគរបស់ក្រុមហ៊ុនRisen Energy ទំនងជាឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ក្រុមអ្នកធ្វើគោលនយោបាយ នៃរដ្ឋាភិបាលក្រុងប៉េកាំង។

ការប្រណាំងប្រជែងផ្នែកវិនិយោគរបស់ចិន ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ធំៗ និងជំនួយផ្នែកសេដ្ឋកិច្ច ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីវ៉ាឱ្យឈ្នះសហរដ្ឋអាមេរិក ធ្វើយ៉ាងណាដណ្ដើមឥទ្ធិពលឱ្យបានកាន់តែខ្លាំងនៅក្នុងតំបន់។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ព្យាយាមបញ្ចុះបញ្ចូលប្រទេសនានា ដែលអន់ចិត្តចំពោះវត្តមានយោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូងផងដែរ។

នៅថ្ងៃទី៧ ខែមិថុនា ប្រទេសចិន បានទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្រុងឆុងឈីង (Chongqing) ទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលប្រមាណ១៦ខែមកនេះផងដែរ។

នៅពេលនោះ លោក វ៉ាង អ៊ី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រាប់លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីឥណ្ឌូនេស៊ី ទទួលបន្ទុកសម្របសម្រួលកិច្ចការនាវាចរណ៍ និងការវិនិយោគថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការផ្ដល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ដល់រដ្ឋាភិបាលក្រុងហ្សាការតា ហើយនាំចូលផលិតផលរបស់ឥណ្ឌូនេស៊ី។

ប្រទេសចិន ក៏បានយល់ព្រមជាមួយប្រទេសកម្ពុជា ផងដែរកាលពីថ្ងៃទី២២ ខែមិថុនាថា នឹងពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្ដាញផ្លូវឆ្លងកាត់ ដោ​យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជូនក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា។ នៅប្រទេសឡាវ ការស្ថាបនាផ្លូវហាយវ៉េមួយខ្សែដែលមានចិន ជួយគាំទ្រនៅពីក្រោយ កំពុងតែដំណើរការ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ឱ្យដឹងថា រដ្ឋាភិបាលឡាវកាលពីថ្ងៃទី៧ មិថុនា បានអនុម័តការស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូ​ម៉ែត្រក្នុងតម្លៃ៥,១ពាន់លានដុល្លារ។

ប្រទេសវៀតណាម ដែលមហាយក្សចិន មានជម្លោះដែនដីជាមួយនៅសមុទ្រចិនខាងត្បូង ក៏ជាគោលដៅមួយស្ថិតក្នុងផែនការវិនិយោគ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានឱ្យដឹងថា ប្រទេសចិនបានវិនិយោ​គ នៅក្នុងគម្រោងចំនួន៦១ក្នុងប្រទេសវៀតណាម គិតចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ២០២១ នេះក្នុងទំហំទឹកប្រាក់សរុបប្រមាណ១ពាន់លានដុល្លារ។

រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញារារាំងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលប្រឹងប្រែងទាក់ទាញបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ឱ្យឈរនៅខាងខ្លួន។ ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ ឬ G7 បានព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល កាលពីពាក់កណ្ដាលខែមិថុនាថា នឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ដោយយកម៉ូឌែលតាម “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។

កិច្ចប្រជុំកំពូលចិន ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានធ្វើឡើងមិនយូរប៉ុន្មានក្រោយពីនោះ។

រាល់ពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមខិតចូលកាន់តែជិតបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់វិធានការទប់ទល់ទៅវិញភ្លាមៗ។

ដូចនេះការវិនិយោគធំៗរបស់មហាយក្សចិន នៅក្នុងតំបន់កំពុងឆ្លុះបញ្ចាំងថា ប្រ​ទេសនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសក្នុងតំបន់ ដើម្បីឱ្យប្រទេសទាំងនោះទទួលយកវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕