អ្នកជំនាញអចលនទ្រព្យល្បីៗពីររូបបង្ហាញពីមតិផ្ទុយគ្នាចំពោះទីផ្សារដីឡូត៏ នាពេលបច្ចុប្បន្ន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយចំនួនបានបង្ហាញពី ទស្សននៃការអភិវឌ្ឍទីផ្សារ និងសក្ដានុពលខុសៗគ្នា ជាក់ស្ដែងនៅក្នុងទីផ្សារអភិវឌ្ឍន៍ដីឡូត៏នៅក្នុងបរិបទកូវីដ១៩នេះ អ្នកជំនាញអចលនទ្រព្យល្បីពីររូបបានបង្ហាញពីទស្សនៈផ្ទុយគ្នាពីការរីកចម្រើននិងសក្ដានុពលនៅពេលអនាគត។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ពោលគឺមុនពេលមានវិបត្តិកូវីដ១៩ ជាសម័យកាលដីឡូត៏ ដោយមានប្រជាពលរដ្ឋជាច្រើនបានសម្រុកទិញដីឡូត៏ សម្រាប់ទុកសង់លំនៅឋាន ប៉ុន្តែរហូតមកដល់ពេលនេះ ដីឡូត៏ដែលពលរដ្ឋបានទិញ មិនទាន់ត្រូវបានសាងសង់ជាអ្វីមួយនៅឡើយ ដូច្នេះអ្នកដែលមានបំណងទិញ ដីឡូត៏ក៏បានបង្វែទៅទិញផ្ទះសម្រាប់ស្នាក់នៅវិញ។

លោកឧកញ៉ាបន្តថា “សម័យកាលនេះ ជាសម័យកាលផ្ទះសំបែងវិញ ហើយអ្នកទិញផ្ទះសម្រាប់ស្នាក់នៅ ក៏មានការកើនឡើង ពីព្រោះអ្នកទិញផ្ទះបានទាំងផ្ទះបានទាំងដីដែលខុសពីទិញដី ហើយត្រូវសន្សំលុយទុកសង់ផ្ទះជាក្រោយ”។

លោកឧកញ៉ាបានបន្តថា ម្យ៉ាងទៀតធនាគារនៅក្នុងប្រទេសកម្ពុជាជាច្រើន ក៏បានគាំទ្រ ចំពោះការអភិវឌ្ឍលំនៅឋាន ដោយបានផ្ដល់ឥណទាន ដល់គម្រោងអភិវឌ្ឍន៍នានា និងផ្ដល់យូរឆ្នាំនិងភាគរយខ្ពស់ទៀត ។

លោកបន្តថា ធនាគារខ្លះ បានផ្ដល់ឥណទានរហូតដល់៨០ភាគរយ ឬ៩០ភាគរយនៃតម្លៃផ្ទះ និងត្រូវបង់រំលស់ប្រចាំខែត្រលប់ទៅវិញ។ ចំណែកគម្រោងអភិវឌ្ឍន៍ដីឡូត៏វិញ មួយរយៈនេះ យើងឃើញមានក្រុមឆបោកមួយចំនួនលក់ គម្រោងអត់ច្បាស់លាស់ទៅអតិថិជន ដែលធ្វើឱ្យអតិថិជនខ្លាចរអារ ក្នុងការទិញដីឡូត៏និងងាកទៅរកទិញផ្ទះវិញ”។

ដោយឡែកលោកឧកញ៉ាគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យKW Cambodia វិញក៏បានមានប្រសាសន៍ផ្ទុយវិញថា គម្រោងអភិវឌ្ឍន៍ដីឡូត៏នៅកម្ពុជា នៅតែមានបន្តនិងមានសក្ដានុពលបន្តទៀត ដោយសារតែពលដ្ឋកម្ពុជា ជាច្រើនជាមនុស្សពេញវ័យឬយុវវ័យច្រើន ដូច្នេះពួកគាត់សុទ្ធតែជាមនុស្ស ដែលមានសក្ដានុពលក្នុងការទិញគម្រោងដីឡូត៏នៅពេលអនាគត។

លោកឧកញ៉ាបន្តថា “កាលពីមុនការពុះដីឡូត៏លក់ គឺមានទីតាំងនៅជិតៗក្រុង តែនៅពេលរាជធានីភ្នំពេញ មានការអភិវឌ្ឍធ្វើឱ្យទីតាំងអភិវឌ្ឍន៍ដីឡូត៏ កាន់តែនៅឆ្ងាយពីរាជធានីភ្នំពេញរហូតដល់ខេត្តជាប់ៗរាជធានី និងទៅកាន់តំបន់ខេត្តផ្សេងទៀត”។

ជាការកត់សម្គាល់ ការអភិវឌ្ឍដីឡូត៏នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានបង្វែពីការអភិវឌ្ឍដីសម្រាប់លំនៅឋាន ទៅជាដីប្រភេទលំហែរកាយ ដែលមានទំហំធំៗជាងការអភិវឌ្ឍពីមុន ជាក់ស្ដែងពីមុនទំហំនៃការពុះដីឡូត៏ គឺមានទំហំ៥គុណនឹង២០ម៉ែត្រ តែពេលនេះ បានអភិវឌ្ឍន៍ទៅជាទំហំ១០គុណ នឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៤០ម៉ែត្រឬធំជាងនេះ ហើយផ្ដោតលើប្រភេទដីសម្រាប់លំហែ ជាលក្ខណៈដីចំការនិងមានទីតាំងឆ្ងាយពីទីប្រជុំជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here