​​រដ្ឋាភិបាលអនុម័តគំរោងសំណង់នានាចំនួនជាង១៨០០នៅរយៈពេល៥ខែដំបូង

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត និងអនុម័តឱ្យគម្រោងសាងសង់សរុបចំនួន១.៨២៣គម្រោងធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០មានការធ្លាក់ចុះប្រមាណ២៧៨គម្រោង។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ ។

នៅក្នុងរបាយការណ៍ដដែលនេះ បានបង្ហាញថានៅក្នុងចំណោមគម្រោង ដែលអនុញ្ញាតឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោង ស្មើនឹងប្រមាណ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ គម្រោងលំនៅឋានដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ ៣២,៦ភាគរយ។

របាយការណ៍ដដែលនេះបង្ហាញទៀតថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ ស្ថានភាព វិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ។ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ៤៥គម្រោង (គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្លាក់ចុះរហូតដល់ទៅ៤៧គម្រោង មានលទ្ធភាពបង្កើតការងារជូនពលរដ្ឋថ្មីៗតែ៣ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់៥៦,២ភាគរយ មានទុនវិនិយោគសរុប៨២៥លានដុល្លារអាមេរិក ធ្លាក់ចុះ ដល់ទៅ៥៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញនៃវិស័យអចលវត្ថុកម្ពុជាបានរំពឹងថា បើសិនជាស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ នៅដំណាច់ឆ្នាំនេះ វិនិយោគិនបរទេសនឹងចូលមកស្វែងរកការវិនិយោគឡើយវិញ នៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ  ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែបើសិនជាស្ថានភាពកូវីដ១៩នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភ​ពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិ នៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។

ការកត់សម្គាល់ស្ថានភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជារយៈពេលកន្លះឆ្នាំមកនេះ ក៏នៅតែមានបន្តដដែល ទោះបីជាស្ថានភាពកូវីដ១៩ ក្នុងស្រុករាលដាលខ្លាំងនិងឈានដល់ការបិទទីក្រុងធំៗពីរនៅកម្ពុជាក្ដី ទាំងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅកាន់តម្រូវការជាក់ស្ដែង និងសកម្មភាពនៃការវិនិយោគ លើវិស័យមួយចំនួនទៀតផងដែរ​៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតំបន់អរិយក្សត្រនៅតែមានភាពល្អប្រសើរ ខណៈការសាងសង់ស្ពានមិនទាន់កំណត់ពេលច្បាស់លាស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានអះអាងស្រដៀងគ្នាថា អចលនទ្រព្យនៅតំបន់អរិយក្សត្រ​នៅតែមានភាពល្អប្រសើរ ហើយសកម្មភាពនៃការទិញលក់បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿនបានមានប្រសាសន៍ថា ចលនា​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅ​តំបន់​អរិយក្សត្រ ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ក្រោយពី​ថមថយ​ល្បឿន​បន្តិច​ក្នុង​ឆ្នាំ ២០២០​។ ការកម្រើក​ឡើងវិញ​នេះ អាច​បណ្តាលមកពី​កត្តា​ធំៗចំនួន២ គឺ​ការប្រកាស​ផ្តល់​ថវិកា​សាងសង់​ស្ពាន​របស់​រដ្ឋាភិបាល​កូរ៉េ និង​ការសម្លឹង​ឃើញ​រយៈពេល​វែង​របស់​អ្នកវិនិយោគ​។

លោក​បន្តថា​ “​អរិយក្សត្រ​ជា​តំបន់​ដ៏មាន​សក្តានុពល​ ដែល​មិនអាច​មើលរំលង ព្រោះ​​នៅពេល​មាន​ស្ពាន​ឆ្លងទន្លេ ទីនោះ​ប្រៀប​ដូច​តំបន់​ជ្រោយចង្វារនាពេលនេះ​”។

ដី​នៅ​អរិយក្សត្រ​តាមផ្លូវ​លេខ ៣៨០ (​ជាប់មាត់​ទន្លេ​) មាន​តម្លៃ​ជា​មធ្យម ​១ ០០០ ​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ដី​មាន​ចម្ងាយ​ពី​១-២ ​គីឡូម៉ែត្រ​ពី​មាត់ទន្លេ តម្លៃ​ពី១០០-២០០ ​ដុល្លារ និង​ចាប់ពី​ចម្ងាយ៥​គីឡូម៉ែត្រការ៉េ ​អាច​មាន​តម្លៃ​ក្នុង​រង្វង់​ពី​ ២០-១០០​ដុល្លារ​។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់ថា ទីផ្សារ​អចលនទ្រព្យ​តំបន់​អរិយក្សត្រ ​នៅតែ​រក្សាបាន​ភាពល្អប្រសើរ បើ​ទោះ​ជំងឺ​កូវីដ​១៩ កំពុង​បន្ត​រីករាលដាល ហើយ​គម្រោង​សាងសង់​ស្ពាន​នៅ​មិនទាន់​ចាប់ផ្តើម​។

លោក​បន្ថែមថា “ការរក្សា​បាន​នូវ​ភាពវិជ្ជមាន​នេះ គឺ​ដោយសារ​អរិយក្សត្រ​ជា​តំបន់​ដែល​នឹងមាន​សក្តានុពល​ខ្ពស់​ លើ​គ្រប់​វិស័យ​នៅពេល​អនាគត​”។លោកបន្ថែមថា “​អរិយក្សត្រ​គឺជា​ទីតាំង ​ដែលមាន​លក្ខណៈ​អំណោយផល ​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ”។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលជិតផុតអាណត្តិនាពេល​ឆាប់ៗនេះ លោក ឡុង ឌីម៉ង់បានមានប្រសាសន៍ថា ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​ការទូត និង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េ​ផ្តល់​ជំនួយ និង​កម្ចី​ជា​បន្តបន្ទាប់​យកមក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។

លោក​បន្តថា “ជាមួយ​នឹង​ភាពល្អប្រសើរ​នៃ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំង២ ក៏​កំពុង​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​”៕

 

រដ្ឋាភិបាលចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងសំណង់អគារគ្រប់ប្រភេទអនុវត្តតាមគោលការណ៍បរិស្ថាននិងសង្គម

ដោយៈ ប៊ី

ដោយៈ ក្រសួងបរិស្ថាន កាលពីម្សិលមិញ បានចេញប្រកាសស្តីពីនីតិវិធី និងការអនុវត្តន៍ការណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសំណង់អគារគ្រប់ប្រភេទ។

ប្រកាសថ្មីនេះ ទាមទារឱ្យ ម្ចាស់គម្រោងអភិវឌ្ឍន៍៥ប្រភេទធំៗ អនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

គម្រោងអភិវឌ្ឍន៍៥ប្រភេទធំៗ ដែលត្រូវអនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម មានដូចជាៈ

ទី១ គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី១៥០០០ម៉ែត្រការ៉េ ដល់៤៥,០០០ម៉ែត្រការ៉េ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន។

ទី២ គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី ១០ ហិកតា ដល់ ៥០ ហិកតា។
ទី៣ គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី៤០ ០០០លីត្រ ទៅ៩០០០០លីត្រ។

ទី៤ គម្រោងរោងចក្រធុនស្រាល និងមធ្យម និងទី៥ កសិដ្ឋានដែលចិញ្ចឹមសត្វពាហនៈ និងសត្វក្រពើ ចាប់ពី៥០០ ក្បាលឡើងទៅ ឬចិញ្ចឹមសត្វទា ចាប់ពី១០,០០០ ក្បាលឡើង។ វារីវប្បកម្មចិញ្ចឹមត្រី ក្តាម បង្កង គន្ធាយ និងបង្គា ដែលមានទំហំចាប់ពី១០ ហិកតាឡើងទៅ ឬដំាសារាយចាប់ពី២០ ហិកតាឡើងទៅ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រកាសនេះ មានគោលបំណងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងក្នុងការរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងពន្លឿននីតិវិធីនៃការឯកភាពលើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសំណង់អគារគ្រប់ប្រភេទ។

ម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង ដោយខ្លួនឯងផ្ទាល់ និង/ឬជួលទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជា នីតិបុគ្គល/រូបវន្តបុគ្គល អនុលោមតាមគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសំណង់អគារគ្រប់ប្រភេទ តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរងការប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរក្រសួង៕

ដំណឹងល្អៈវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥លានដូសនឹងមកដល់កម្ពុជា នៅខែកក្កដានេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិនចំនួន៥លានដូស នឹងមកដល់កម្ពុជានៅក្នុងខែកក្កដានេះ ខណៈថ្ងៃនេះ វ៉ាក់សាំង១លានដូសទៀតបានមកដល់កម្ពុជា។

បើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី១ ខែកក្កដា បានឱ្យដឹងថា ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន៤លានដូស ក្នុងនោះ១លានដូស ជាស៊ីណូហ្វាម ហើយ៣លានដូសជាស៊ីណូវ៉ាក់។

ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះគឺជាចំនួនវ៉ាក់សាំងគម្រប់២០លានដូស ដែលបានកំណត់ក្នុងផែនការ របស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំង ឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ​១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

គិតត្រឹមថ្ងៃទី៤ ខែកក្កដា កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។

លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុករដ្ឋាភិបាលចិន គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយលើកម្មវិធីចាក់វ៉ាក់សាំង។

សម្តេចតេជោបានលើកឡើងថា “បើគ្មានការជួយគាំទ្ររបស់ចិនទេនោះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនបាន២០ម៉ឺននាក់នោះឡើយ”។

កាលពីថ្ងៃទី១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកចិត្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ៕

 

គម្រោងទីក្រុងរាមតម្លៃ១៦ពាន់លានដុល្លារនៅខេត្តព្រះសីហនុកំពុងពង្រីក សក្តានុពលខេត្តព្រះសីហនុ

ដោយៈវឌ្ឈនៈ

ព្រះសីហនុៈ គម្រោងបង្កើតទីក្រុងរាម ក្នុងខេត្តព្រះសីហនុ ដែលវិនិយោគទឹកប្រាក់១៦ពាន់លានដុល្លារអាមេរិក គឺជាដែកឆក់មួយក្នុងការទាក់ទាញ វិនិយោគិនបរទេសជាពិសេសវិនិយោគិនចិន ចូលទៅបណ្ដាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុ ខណៈរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសយកខេត្តព្រះសីហនុជាគំរូអភិវឌ្ឍន៍ តាមទីក្រុងស៊ិនជិនរបស់ប្រទេសចិន។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងផងដែរថា រាល់គម្រោងធំៗនានាតែងតែផ្ដល់អត្ថប្រយោជន៍ និងទាក់ទាញវិនិយោគិនដទៃទៀត ឲ្យចូលមកបណ្ដាក់ទុនវិនិយោគនៅនៅក្បែរៗគម្រោងនោះ ។ ជាក់ស្ដែងគម្រោងទីក្រុងរាមនេះ វានឹងក្លាយជាសក្ដានុពលទាក់ទាញ វិនិយោគិនដទៃទៀតចូលទៅបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់នោះ ។

លោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុន ឃីរៀលអ៊ីស្ទេតបានឱ្យដឹងថាកំពង់សោមនៅតែមានកត្តាទាក់ទាញវិនិយោគិន ឲ្យចូលទៅបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក៏ប៉ុន្តែមួយរយៈនេះខេត្តព្រះសីហនុ ហាក់នៅមានភាពស្ងប់ស្ងាត់ តែមិនមែនមានន័យថាវាឆ្អែតដល់កម្រិត និងលែងមានវិនិយោគិនចូលទៅបណ្ដាក់ទុននោះទេ ។

លោកបន្តថា “វិនិយោគិនបរទេស នឹងចូលមកកម្ពុជាហើយស្វែងរកការវិនិយោគនៅក្នុងខេត្តព្រះសីហនុនៅពេលឆាប់ៗខាងមុខនេះ ជាពិសេសវិនិយោគិនចិន ពីព្រោះយើងមើលគំរូនៃការអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ គឺមានភាពទាក់ទាញសម្រាប់វិនិយោគិនចិន”។លោកបន្តថា “ក្រុងព្រះសីហនុអាចចាត់ទុកថា ជាបណ្ដុំវិនិយោគិនចិនដ៏មានសក្ដានុពលនៅពេលខាងមុខនេះ ខណៈខេត្តមួយនេះ ក៏បានត្រៀមខ្លួនក្នុងការស្វាគ​មន៍វិនិយោគិននានា ចូលទៅបណ្ដាក់ទុនរួចជាស្រេច ដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មានបណ្ដុំរោងចក្រ ឧស្សាហកម្មធំៗ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តនេះផ្ទាល់តែម្ដង”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានឱ្យដឹងផងដែរថា គម្រោងរាមស៊ីធីនេះដែរ វាអាចចាត់ទុកជាគម្រោងមួយធំនៅក្នុងខេត្តព្រះសីហនុ ហើយវានឹងក្លាយជាកត្តាទាក់ទាញវិនិយោគិននៅក្នុងខេត្តព្រះសីហនុ។

លោកបន្តថា “ការវិនិយោគទៅលើគម្រោងដ៏ធំនេះ ជាជំហានដំបូងនឹងត្រូវការវិនិ​យោគទៅលើហេដ្ឋារចនាសម្ព័ន្ធនានា នៅជុំវិញគម្រោង និងតភ្ជាប់ពីផ្លូវធំពីទីក្រុងទៅកាន់ទីតាំងគម្រោង”។លោកបន្តថា “ដូច្នេះវានឹងជួយអភិវឌ្ឍន៍ទាក់ទាញ និងជំរុញសក្ដានុពលនៅក្នុងខេត្តនេះ បានមួយកម្រិតទៀតផងដែរ”។

លោកប៉ូ អ៊ាវគង់បានបន្តថា វាជាចំនុចទាក់ទាញមួយល្អប្រសើរ ពីព្រោះបើយើងក្រលេកទៅមើលសណ្ឋានដីនៅរាម ក៏មានលក្ខណៈខុសប្លែកពីតំបន់កណ្ដាល ក្រុងព្រះសីហនុ ហើយបើតាមការសន្និដ្ឋាន គម្រោងរាមស៊ីធីនេះអាចជាគម្រោងរីសត លក្ខណៈទេស​ចរណ៍ច្រើនអគារខ្ពស់ៗ។

បើតាមលោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យផងដែរថា គម្រោងរាមស៊ីធីបាន និងកំពុងមមាញឹកក្នុងអភិវឌ្ឍន៍ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក្ដី ហើយតាមរយៈគម្រោងនេះដែរ វាបានជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមកពីតំបន់ផ្សេងៗជាច្រើនផងដែរ ។

លោកបន្តថា “បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈឱ្យឆាប់ និងចាប់ផ្ដើមស្វាគមន៍វិនិយោគិ​នក៏ដូចជាដំណើរការអាជីវកម្មនានាក្នុងខេត្តនេះឡើយវិញ”៕

ការនាំចេញទំនិញពីកម្ពុជាមានទំហំទឹកប្រាក់ជិត៦០០០លានដុល្លារក្នុងរយៈ ពេល៥ខែឆ្នាំនេះ

ដោយៈតារា

ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជិត៦០០០លានដុល្លារ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កើនឡើង១,៦ភាគរយធៀបរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះក្នុងរយៈពេលដូចគ្នានេះ កម្ពុជានាំចូលទំនិញមានទំហំទឹកប្រាក់ចំនួនជាង៨៦០០លានដុល្លារអាមេរិក បានកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ។

តាមរយបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគិតត្រឹមខែ ឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេ​សបាននិងកំពុងបន្តធ្លាក់ចុះ។

ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរដូចជា កង់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀត បានបន្តរក្សាកំណើនល្អ ។

ជុំវិញទីផ្សារនាំចេញនេះ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញទំនិញសរុបរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនន៥៩៨២លានដុល្លារ (ស្មើជាង ២០% នៃ ផសស) បានកើនឡើង១,៦% ដោយសារកំណើននៃការនាំចេញកង់ និងទំនិញផ្សេងៗ។

ដោយឡែកកំណើននៃការនាំចេញ, នៅក្នុងរយៈពេល៥ខែនេះដែរ ការនាំចេញកង់របស់កម្ពុជា បានកើនឡើងជាង៣១% ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ បានកំណើនជាង ២៧%, ចំណែកការនាំចេញទំនិញផ្សេងៗ នៅក្នុងរយៈពេលនេះដែរ ក៏បានកើនឡើងជាង៧% ខណៈនៅក្នុងឆ្នាំ២០២០ មានកំណើនជាង៨៦% ។

គោលដៅទីផ្សារនាំចេញសំខាន់ៗ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២១ នេះ ការនាំចេញទៅកាន់ទីផ្សារអាមេរិក មានចំនួនជិត៤០% សហគមន៍អឺរ៉ុបជាង១៨  ចិនជាង ៩%, អាស៊ានជាង៨%, ជប៉ុន៧%, អង់គ្លេស៤% និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗ មានចំនួនជាង១៣% ផងដែរ ៕

អ្នកជំនាញៈទីផ្សារកម្ពុជានៅតាមឱកាសច្រើនសំរាប់វិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតែមានឱកាសរីកចម្រើន និងទាញយកផលចំណេញ ហេតុនេះទើបក្រុមហ៊ុនអចលនទ្រព្យថ្មីៗបានឈាន​មកកាន់ទីផ្សារកម្ពុជា។

លោកស្រីអាន សុធីតាអ្នកជំនាញនិងវិភាគអចលនទ្រព្យនៅកម្ពុជាបានមានប្រសា​សន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទីផ្សារកម្ពុជានៅមានឱកាសច្រើន សំរាប់ការវិនិ​យោ​គ ដូចជា ទី១ ទីផ្សារនៅតែផ្តល់ផលចំណេញដល់អតិថិជន និងអ្នកវិនិយោគ ទី២ ការចូលមករបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងជួយពង្រឹងជំនាញដល់ធនធានមនុ​ស្សរបស់យើង ទី៣ ជួយផ្តល់ការប្រឹក្សាល្អដល់អ្នកវិនិយោគ ដែលអាចបង្កើតប្រាក់ចំណេញបាន និងទី៤ ជំរុញឲ្យវិស័យនេះកាន់តែទទួលបានទំនុកចិត្តពីអតិថិជន។

លោកស្រីបន្តថា “ការចូលមកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិថ្មីៗ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានាបង្ហាញថា ទីផ្សាររបស់យើងនៅតែមានឱកា​សរីកចម្រើន”។

ជាមួយគ្នានេះ អ្នកវិភាគដទៃទៀតក៏បានមើលឃើញថា ទីផ្សារកម្ពុជាប្រៀបដូចជាអេប៉ុងមិនទាន់ជក់ទឹក ដែលមានឱកាសស្រូបទឹក ឬស្រូបយកឱកាសចំណេញបានច្រើនបន្ថែមទៀត។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaនាពេលកន្លងមកបានបង្ហា​ញថា ផលចំណេញពីការវិនិយោគនៅកម្ពុជាមានកម្រិតខ្ពស់ ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយកម្ពុជាមានអត្រាចំណេញពីការវិនិយោគចន្លោះពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ ខណៈប្រទេសក្នុងតំបន់មានចន្លោះពី៤ទៅ៥ភាគរយប៉ុណ្ណោះ៕

 

World Bank: ១៨ភាគរយនៃសហគ្រាសនៅកម្ពុជាកំពុងជួបប្រទះបញ្ហាស្វែង រកបុគ្គលិកមានជំនាញត្រឹមត្រូវ

ដោយៈ ប៊ី

ភ្នំពេញៈ ខណៈវិស័យការងារលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហាជាច្រើន ការបណ្តុះបណ្តាលជំនាញរបស់អ្នកធ្វើការ ឬកម្មករ នឹងជួយដោះស្រាយភាពមិនស៊ីសង្វាក់ និងលើកកម្ពស់ភាពធន់ ក្នុងកន្លែងធ្វើការនីមួយៗ។

ការអភិវឌ្ឍធនធានមនុស្សបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលជំនាញរបស់កម្មករ មិនបានស្របនឹងតម្រូវការឧស្សាហកម្ម ភាពមិនស៊ីសង្វាក់ និងអតុល្យភាពនៅក្នុងទីផ្សារការងារ អាចធ្វើឱ្យសេដ្ឋកិច្ចមិនឱ្យឈានដល់កំណើនសក្តានុពលរបស់ខ្លួន។

លទ្ធផលនៃការស្ទង់មតិសហគ្រាសចុងក្រោយ របស់ធនាគារពិភពលោក (World Bank) បានបង្ហាញកាលពីថ្មីៗនេះថា និយោជិកពី១០%ទៅ១៥% នៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ីឡាវ និងម៉ាឡេស៊ី និង១៨%នៅកម្ពុជារាយការណ៍ថា មានការលំបាកក្នុងការស្វែងរកកម្មករ ដែលមានជំនាញត្រឹមត្រូវសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ តិចជាង៥% នៃក្រុមហ៊ុននៅក្នុងប្រទេសថៃនិយាយថា ពួកគេជួបប្រទះនូវបញ្ហានេះ។

ភាពមិនស៊ីចង្វាក់គ្នានៃជំនាញ មិនត្រឹមតែប៉ះពាល់ដល់បណ្តាប្រទេស អ្នកមាននៅក្នុងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ។ ការសិក្សាបង្ហាញពីចំនួនកម្មករយ៉ាងច្រើន ដែលការបណ្តុះបណ្តាលមិនស៊ីចង្វាក់ នឹងតម្រូវការជាក់ស្តែងរបស់និយោជិក។

ឧទាហរណ៍ កម្មករប្រហែល៣៧%នៅថៃ និង៤៣%នៅសិង្ហបុរីមិនស៊ីគ្នានឹងមុខជំនាញរបស់ពួកគេ បើប្រៀបធៀបទៅនឹងមធ្យមភាគពិភពលោក៤០ភាគរយ ។ ជាមធ្យម២២% នៃកម្មករនិយោជិតត្រូវបានផ្តល់គុណវុឌ្ឍិមិនគ្រប់គ្រាន់ និង១៦%ត្រូវបានគេចាត់ទុកថាមានលក្ខណៈសម្បត្តិលើសពីមុខដំណែងរបស់ពួកគេ។

នៅប្រទេសសឹង្ហបូរីប្រជាជននៅអាយុ៤០ និង៥០ឆ្នាំ គឺជាក្រុមដែលប្រទេសនេះមានការព្រួយបារម្ភបំផុត នៅពេលនិយាយអំពីបញ្ហាប្រឈមជំនាញ។ នេះបើយោងតាមលោក Tze Chin Ong នាយកប្រតិបត្តិនៃ SkillsFuture៕

ស្រ្តីអ្នកជំនាញៈអ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមបោះទុនកាន់តែធំលើគំរោងអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្តើមបោះទុនកាន់តែធំលើគំរោងវិនិយោគរបស់ពួកគេ ពិសេសការវិនិយោគលើដីធ្លី ដើម្បីស្វែងរកផលចំណេញ និងគំរោងអភិវឌ្ឍន៍នាពេលអនាគត។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុកបាននិងកំពុងវិនិយោគ លើគំរោងអភិវឌ្ឍន៍នានាកាន់តែច្រើន ពិសេសការវិនិយោគលើដីធ្លីនិងអាជីវកម្មនានា ដែលមានទំហំទឹកប្រាក់ចាប់ពី១លានដុល្លារអាមេរិកឡើងទៅ។

លោកស្រីបន្តថា “ការបង្កើនទំហំទុនវិនិយោគ ដោយសារពួកគេជឿជាក់លើទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញលឿននៅបណ្តាឆ្នាំខាងមុខ និងផលចំណេ​ញពីការវិនិយោគនៅកម្ពុជានៅតែមានកម្រិតខ្ពស់”។ លោកស្រីបន្ថែមថា “ប្រជាពល​រដ្ឋកម្ពុជាបាន និងកំពុងរៀនរស់នៅជាមួយជំងឺកូវីដ ដែលជំងឺនេះវានឹងមិនទៅណានោះទេ ប៉ុន្តែយើងនៅតែបង្កើនការប្រុងប្រយ័ត្ន”។

លោកស្រី Grace Rachny Fong បានបន្តថា ការវិនិយោគរបស់វិនិយោគិនក្នុងស្រុកបានងើបឡើងវិញហើយ ដោយគំរោងធំៗជាច្រើន បានចាប់ផ្តើមប្រកាសសាងសង់ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល នៅតែបន្តឆ្ពោះទៅមុខ ដែលបានចូលរួមលើកកំពស់វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។

ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញនិងវិភាគអចលនទ្រព្យបានមានប្រ​សាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នវិនិយោគិនអន្តរជាតិ មិនទាន់ចូលមកនៅឡើយទេ ហេតុនេះ វិនិយោគិនក្នុងស្រុកកំពុងដើរតួជំនួស និងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ ប៉ុន្តែលំហូរទុនវិនិយោគពីបរទេស ទើបធ្វើឲ្យកម្ពុជាមានភាពរីកចម្រើនលឿន ដោយសារទំហំទុនរបស់ពួកគេ និងធនធានមនុស្ស បច្ចេកទេសរបស់ពួកគេមានភាពប្រសើរ ដែលជួយឲ្យកម្ពុជាអាចរៀនសូត្របានច្រើនពីអន្តរជាតិ។

លោកស្រីបន្តថា “វិនិយោគិនក្នុងស្រុកពិតជាសំខាន់ ប៉ុន្តែយើងត្រូវការទុនវិនិយោ​គពីបរទេសកាន់តែច្រើនកាន់តែល្អ ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចជាតិរីកចម្រើនលឿនថែមទៀត”៕

គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងរៀបចំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ ( Zoom ) ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការណៈរដ្ឋមន្ត្រីនាថ្ងៃទី ៥ខែកក្កដា ឆ្នាំ ២០២១នេះ បន្ទាប់ពីមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ការរៀបចំកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់វិនិយោគដំបូង នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលបានអនុម័ត និងដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ ១៩៩៤មក ហើយដែលបន្ទាប់មក ត្រូវបានធ្វើវិសោធនកម្មច្បាប់នៅឆ្នាំ២០០៣ ឲ្យស្របទៅ តាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានាពេលនោះ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ក្នុងនោះច្បាប់វិនិយោគមួយ ដែលមានភាពទាក់ទាញ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ គឺជាកត្តាដែលមិនអាចខ្វះបាន ដែលទាមទារឲ្យរាជរដ្ឋភិបាល មានភាពចាំបាច់ក្នុងការពិនិត្យឡើងវិញ នូវក្របខណ្ឌគតិយុត្តិ និងរៀបចំច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីឲ្យសមស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា បើទោះបីជាច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន មានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រ ទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ៕