មហាយក្សចិនប្រកាសថានឹងសហការជាមួយអាស៊ានដើម្បីលុបបំបាត់ជំងឺកូវីដ១៩ក្នុងតំបន់ឱ្យបានឆាប់

ដោយៈ គៀតឈូ

ប៉េកាំង: ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈខ្លួនកំពុងបង្កើនឥទ្ធិពលនៅក្នុងតំបន់នេះ ស្របពេលសហរដ្ឋអាមេរិកកំពុងជំរុញការពង្រឹងទំនាក់ទំនងជាមួយតំបន់នេះផងដែរ។

លោកវ៉ាង យីរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងប្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ប្រទេសថា ចិនបានប្រគល់វ៉ាក់សាំងចំនួន១០០លានដូសរួចហើយដល់បណ្តាប្រទេសអាស៊ាន រួមជាមួយជំនួយបច្ចេកទេស និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។

លោកវ៉ាង យីងបានប្រដូចបញ្ហាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចមុនការផ្ទុះឡើងនៃជំងឺ SARS ឆ្នាំ២០០៣ និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា ឆ្នាំ២០០៤ ដោយនិយាយថា យើងទាំងអស់គ្នាត្រូវប្រឈមនឹង“ ស្ថានភាពជាក់ស្តែង និងត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដូចជាបងប្អូន។

លោកបានប្រាប់ក្រុមរដ្ឋមន្រ្តី ដែលបានជួបប្រជុំគ្នានៅក្រុងឆុងឈីង នៃប្រទេសចិន ក្នុងកិច្ចប្រជុំ ដែលប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងផ្លូវការរវាងចិននិងអាស៊ានថា “នៅក្នុងដំណើរការនៃការរួមគ្នាជំនះនូវបញ្ហា យើងបានធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅ ការទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម”។

ទីក្រុងប៉េកាំង បាននិងកំពុងកសាងឥទ្ធិពលជាមួយអាស៊ាន ទោះបីមានការទាស់ទែងគ្នាជាមួយសមាជិកខ្លះជុំវិញជម្លោះទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ក៏ដោយការស្ថាបនាកោះរបស់ចិន និងប្រតិបត្តិការយោធារបស់ខ្លួននៅដែនសមុទ្រនេះបានធ្វើឱ្យមានការត្អូញត្អែរថា ក្រុងប៉េកាំងកំពុងរៀបចំយោធាតាមផ្លូវទឹក។

លោកវ៉ាង យីបាននិយាយកាលពីថ្ងៃអង្គារថា ភាគីទាំងអស់គួរតែស្វែងរកការបង្កើតក្រុមជំនាញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើដំណើរការវ៉ាក់សាំង ចាប់ពីការស្រាវជ្រាវរហូតដល់ប្រើប្រាស់ និងសាងសង់មជ្ឈមណ្ឌលផលិតកម្ម និងចែកចាយដើម្បីជួយធ្វើឱ្យវ៉ាក់សាំងមានតម្លៃសមរម្យ និងអាចរកបានទូលំទូលាយនៅក្នុងតំបន់។

លោកបាននិយាយថា “ប្រទេសចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈចិន-អាស៊ាន បន្តគាំទ្រផ្នែកសម្ភារៈវេជ្ជសាស្ត្របន្ទាន់ និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់”។

លោកវ៉ាងបានមានប្រសាសន៍ថា “ចិននឹងធ្វើការជាមួយអាស៊ាន ដើម្បីយកឈ្នះការរីករាលដាលនៃជំងឺនេះឱ្យបានឆាប់បំផុត”៕

គម្រោងធំៗជាច្រើនបានបោះទីតាំងវិនិយោគនៅខេត្តកណ្តាល ខណៈខេត្តនេះកំពុងបង្ហាញភាពទាក់ទាញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងថ្មីៗចំនួន៦គម្រោង ដែលបោះទុនវិនិយោគ៣៥,១លានដុល្លារគិតចាប់ពីខែមេសា ដល់ខែដើមមិថុនា ឆ្នាំ២០២១នេះ ហើយបង្កើតការរាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋ។

គម្រោង ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដូចខាងក្រោម៖

ទី១- MCBAG CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។

ទី២- VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

ទី៣- LESSO (CAMBODIA) TRADING CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

ទី៤-SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។

ទី៥- SHENG HE LEISURE BAG (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០០កន្លែង។

ទី៦-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

លោកច្រឹក សុខនីមប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា។

លោកបន្តថា ខេត្តកណ្តាលព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលមានសក្តានុពលជាច្រើន ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”៕

ការសិក្សាៈ ខណ្ឌទួលគោកបានក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់សំណង់អាគារពាណិជ្ជកម្មនិងលំនៅដ្ឋាន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណ្ឌទួលគោក ដែលជាខណ្ឌដែលស្ថិតនៅទិសខាងជើងឈៀងខាងលិចនៃរាជធានីភ្នំពេញ បានក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់អាគារខ្ពស់ៗ និងបណ្តុំដោយធុរៈកិច្ចជាច្រើនប្រភេទរួមមានផ្សារទំនើប អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងភោជនីយដ្ឋានដើម។

ការសិក្សាយមួយបានឱ្យដឹងកាលពីថ្មីៗនេះថា ខណ្ឌនេះក៏ជាប់ជាខណ្ឌមួយ ដែលអ្នកស្វែងរកអចលនទ្រព្យច្រើនជាងគេក្នុងខែមេសាកន្លងទៅនេះ។ ប៉ុន្មានឆ្នាំក្រោយនេះ ខណ្ឌទួលគោកបានក្លាយជាខណ្ឌដែលល្បីបំផុតទី២ បន្ទាប់ពីខណ្ឌចំការមន។

ជាពិសេសមួយរយៈពេលចុងក្រោយនេះ ខណ្ឌទួលគោកបានទទួលបាននូវវត្តមានធុរៈកិច្ចជាច្រើនប្រភេទរួមមានផ្សារទំនើប អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងភោជនីយដ្ឋានជាច្រើនប្រភេទ។ តំបន់នេះក៏សម្បូរទៅដោយផ្ទះវីឡាធំៗផងដែរ។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានឱ្យដឹងថា ទួលគោក គឺជាតំបន់ទាក់ទាញមួយសម្រាប់អភិវឌ្ឍន៍ខុនដូ និងអគារខ្ពស់ៗ បន្ទាប់ពីតំបន់បឹងកេងកង។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់កាលពីថ្មីៗនេះថា ពីមុនបើនិយាយពីខុនដូ គឺគេសំដៅលើតំបន់បឹងកេងកេង តែបច្ចុប្បន្ននេះគេ ឃើញថា តំបន់ផ្សេងៗក៏ទាក់ទាញនូវគម្រោងខុនដូ និងអគារពាណិជ្ជកម្ម ក្នុងនោះទួលគោកក៏ជាតំបន់ ដែលមានការអភិវឌ្ឍខុនដូច្រើនជាងគេមួយ នៅរាជធានីភ្នំពេញ។

លោកបានថ្លែងទៀតថា កត្តាដែលធ្វើឱ្យតំបន់ទួលគោក ទាក់ទាញការវិនិយោគលើខុនដូ គឺតម្លៃដីនៅមានកម្រិតបើធៀបនឹងតំបន់ដែលមានសក្ដានុពលនៃការអភិវឌ្ឍខុនដូ ហើយទួលគោកក៏ប្រៀបបាននឹងតំបន់កណ្ដាលក្រុងមួយ ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ដូច្នេះហើយទើបវិនិយោគិនចាប់អារម្មណ៍លើការអភិវឌ្ឍខុនដូនៅតំបន់ទួលគោក។

លោកបានថ្លែងបន្តថា “ទួលគោកជាតំបន់មួយ ដែលមានការអភិវឌ្ឍលឿន ក្នុងនោះមានសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ និងអាជីវកម្មចម្រុះ”។

លោកបានបន្តថា នៅក្នុងចំណុចវិជ្ជមានក៏មានចំណុច ហើយអវិជ្ជក៏មានសម្រាប់វិស័យខុនដូ ក្នុងតំបន់ទួលគោកនេះ ព្រោះវិនិយោគិនអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតតែលើជនបរទេស និងអ្នកមានចំណូលខ្ពស់ មានន័យថា ខុនដូ ភាគច្រើននៅទួលគោក គឺមានតម្លៃខ្ពស់ ដែលធ្វើឱ្យអ្នកមានជីវភាពមធ្យម មិនមានលទ្ធភាពទិញ ជាក់ស្ដែង នៅពេលមានបញ្ហាដោយសារតែកូវីដ១៩ ធ្វើឱ្យការលក់ខុនដូ សម្រាប់ជនបរទេស និងអ្នកមាន គឺជួបបញ្ហាប្រឈមដូច្នេះ៕

កម្ពុជា-ចិនបានឯកភាពពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ

ដោយៈ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជា និងចិនបានឯកភាពពន្លឿន ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា “រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីតុលា ឆ្នាំ២០២០។ ការចុះហត្ថលេខានេះ ធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន។ យ៉ាងណាក៏ដោយ ការចុះហត្ថលេខានេះ ធ្វើក្រោមវត្តមាន សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និង លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។

កម្ពុជា និងចិន បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនឹងគ្នានេះកាលពីក្នុងអំឡុងខែកក្កដា ឆ្នាំកន្លងទៅ បន្ទាប់ពីចំណាយពេលជិត១ឆ្នាំ ដើម្បីជជែកពិភាក្សាគ្នា។ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥% បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា ទំនិញកម្ពុជាជាង ៣០០មុខអាចនាំទៅចិន ដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)​ចូលជាធរមាន។ នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។

សម្តេចតេជោបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នេះ នឹងដើរតួជាកត្តាដ៏សំខាន់ ក្នុងការជួយធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណែកអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាវិញ ក៏បានមើលឃើញដូចគ្នានេះដែរ តែបា​នបន្ថែមថា មិនមែនតែសម្រាប់វិនិយោគិនអាមេរិកទេ ពោលគឺកម្ពុជាអាចនឹងទាក់ទាញវិនិយោគដែលមានសក្តានុពល ពីប្រទេសផ្សេងៗទៀត ដូចជា ជប៉ុន និងកូរ៉េខាងត្បូងជាដើមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ៕

តើនរណាជាម្ចាស់ម៉ាកយីហោសណ្ឋាគារប្រណីត Shangri-La ដែលត្រៀមបង្ហាញវត្តមាននៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: Shangri-La Hotel គឺជាសណ្ឋាគារប្រណីតមួយ ដែលគ្រោងនឹងបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែតើអ្នកដឹងទេថា នរណាជាម្ចាស់ម៉ាកយីហោ (Brand) សណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញនេះ និងមានប្រវត្តិបែបណា? បើចង់ជ្រាបច្បាស់ សូមឆ្លៀតពេលស្វែងយល់ទាំងអស់គ្នា!។

Shangri-La Hotels and Resorts គឺជាបុត្រសម្ព័ន្ធមួយរបស់ Shangri-La International Hotel Management Limited ជាក្រុមហ៊ុនបដិសណ្ឋារកិច្ចពហុជាតិសាសន៍មួយ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
បង្កើតឡើងដោយមហាសេដ្ឋីជនជាតិម៉ាឡេស៊ី ឈ្មោះ Robert Kuok ក្នុងឆ្នាំ១៩៧១ ក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះ​ មានសណ្ឋាគារ និងរមណីយដ្ឋានប្រណីតជាង១០០ទីតាំង ហើយបើគិតជាបន្ទប់សរុបជាង៤០.០០០បន្ទប់។

ក្រុមហ៊ុននេះ បានបើកដំណើរការដូចជានៅទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ទ្វីបអឺរ៉ុប តំបន់មជ្ឈិមបូព៌ា ទ្វីបអាមេរិកខាងជើង និងប្រទេសអូស្ត្រាលី។

ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្ដាលនៅអគារ Kerry Centre ក្នុងតំបន់ Quarry Bay ក្រុងហុងកុង។ Shangri-La មានម៉ាកយីហោចំនួន៥ នៅក្នុងចំណែកទីផ្សារខុសៗគ្នារួមមានម៉ាកយីហោ Shangri-La Hotels ម៉ាកយីហោ Shangri-La Resorts ម៉ាកយីហោ Traders Hotels ម៉ាកយីហោ Kerry Hotels និងម៉ាកយីហោ Hotel Jen។

*ប្រវត្តិក្រុមហ៊ុន
សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដំបូងបង្អស់របស់Shangri-La Hotels and Resorts Group គឺសណ្ឋាគារ Shangri-La Hotel Singapore ដែលបានបើកដំណើរការនៅក្នុងឆ្នាំ១៩៧១។ ឈ្មោះម៉ាកយីហោនេះ ត្រូវបានដាក់តាមកន្លែងមួយ ដែលមានឈ្មោះ Shangri-La នៅក្នុងរឿងប្រលោមលោកឆ្នាំ១៩៣៣ ក្រោមចំណងជើងថា Lost Horizon ដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ របស់ជនជាតិអង់គ្លេស ឈ្មោះ James Hilton។

បច្ចុប្បន្ន សណ្ឋាគារនេះមានប្រតិបត្តិការ នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោករួមមានប្រទេសកម្ពុជា ប្រទេសចិន ក្រុងហុងកុង ប្រទេសឥណ្ឌូនេស៊ី ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសដែនកោះម៉ាល់ឌីវ ម៉ុងហ្គោលី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសស្រីលង្កា កោះតៃវ៉ាន់ ប្រទេសថៃ ប្រទេសបារាំង ប្រទេសអង់គ្លេស ប្រទេសតួកគី ប្រទេសអារ៉ាប់រួមអេមីរ៉ាត ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសបារ៉ែន ប្រទេសម៉ូរីស ប្រទេសកាណាដា ប្រទេសអូស្ត្រាលី ប្រទេសលីបង់ និងប្រទេសអូម៉ង់។

*ម្ចាស់ម៉ាកយីហោ Shangri-La Hotels and Resorts ជានរណា?
លោក Robert Kuok Hock Nien ឬ Robert Kuok ប្រសូត្រនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩២៣ (អាយុ៩៨ឆ្នាំ)។ លោកគឺជាមហាសេដ្ឋីជំនួញ និងជាវិនិយោគិនម៉ាឡេស៊ី ដែលមានឈាមជ័រជាកូនកាត់ចិន ព្រោះឪពុករបស់លោកជាជនជាតិចិន ដែលភៀសខ្លួនពីខេត្តហ្វូជៀន (Fujian) ប្រទេសចិន ទៅរស់នៅប្រទេសម៉ាឡេស៊ី នៅដើមសតវត្សរ៍ទី២០។ ក្រោយមកឪពុករបស់លោក បានរៀបការជាមួយនារីជនជាតិម៉ាឡេស៊ី ហើយបង្កើតបានកូនប្រុស៣នាក់។ លោកគឺជាកូនពៅក្នុងចំណោមបងប្អូនទាំង៣នាក់។

យោងតាមទស្សាវដ្ដី Forbes ឱ្យដឹងថា លោកមានទ្រព្យសម្បត្តិប្រមាណ១២,៦ពាន់លានដុល្លារ គិតមកទល់នឹងខែមេសា ឆ្នាំ២០២១ ដែលធ្វើឱ្យលោកក្លាយមហាសេដ្ឋីលេខ១ ប្រចាំប្រទេសម៉ាឡេស៊ី និងជាមហាសេដ្ឋីលេខ១០៤ ក្នុងពិភពលោក។ ប៉ុន្តែបើយោងតាមទស្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០១៩ លោក Robert Kuok មានទ្រព្យសម្បត្តិចំនួន១៨,៤ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយ ជាមហាសេដ្ឋីលេខ៥៣ក្នុងពិភពលោក។

លោក Robert Kuok ជាមនុស្សដែលមិនសូវចូលចិត្តចេញមុខ ចេញមាត់តាមប្រព័ន្ធផ្សព្វផ្សាយឡើយ ហើយភាគច្រើននៃជំនួញរបស់លោ កគឺគ្រប់គ្រងដោយរូបលោកផ្ទាល់ ឬក្រុមគ្រួសាររបស់លោក។

អាណាចក្រជំនួញរបស់លោក មានចាប់ពីចម្ការអំពៅ រោងចក្រចម្រាញ់ស្ករស រោងចក្រកិនម្សៅ រោងចក្រផលិតចំណីសត្វ អាជីវកម្មប្រេង អាជីវកម្មរ៉ែ អាជីវកម្មហិរញ្ញវត្ថុ សណ្ឋាគារ អចលនទ្រព្យ ទំនិញ និងបោះពុម្ពផ្សាយ។

ប្រភពចំណូលធំបំផុតរបស់លោក បានពីភាគហ៊ុននៅក្នុងក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនជួញដូរដូងប្រេងធំបំផុតរបស់ពិភពលោក៕

តើហេដ្ឋារចនាសម្ពន្ធ (infrastructure) ជាអ្វីនិងមានសារៈសំខាន់បែបណា?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធ គឹជាពាក្យបច្ចេកទេសមួយ ដែលប្រើសម្រាប់រៀបរាប់អំពី មធ្យោបាយ ក៏ដូចជាគ្រឿងប្រដាប់សំរាប់ ផ្គត់ផ្គង់ជីវភាពរស់នៅសម័យទំនើបរបស់មនុស្សយើង។

ហេដ្ឋារចនាសម្ព័ន្ធមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ស្តង់ដារនៃការរស់នៅ និងចំនួនប្រជាជនដ៏ច្រើនលើសលប់។ គ្រប់ពេលចំនួនប្រជាជនកើនទ្វេ រចនាសម្ព័ន្ធក៏ត្រូវ ការកើនឡើងទ្វេដងដូចគ្នាដែរ ឫអាចលើសពីនេះ។

ប្រសិនបើប្រទេសនោះ ជាប្រទេសក្រីក្រ ហើយមានចំនួនប្រជាជនខ្ពស់ រដ្ឋាភិបាលនឹងមិនអាចផ្តល់នូវតម្រូវការ នៃរចនាសម្ព័ន្ធគ្រប់គ្រាន់នោះទេ។ ស្ដង់ដារនៃការរស់នៅនឹងធ្លាក់ចុះ ហើយអាចមានហានិភយ័ខ្ពស់ជាងនេះ។

ហេដ្ឋារចនាសម្ពន្ធ ត្រូវបាវចែកចេញជាៗផ្នែកសំខាន់ធំៗ រួមមានដូចជា​ទី១ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស រួមមាន ផ្លូវគមនាគមន៍ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធបង្ហូទឹកទីក្រុង ថាមពល ទូរគមនាគមន៍ ទី២ ហេដ្ឋារចនាសម្ព័ន្ធសង្គម៖ រួមមាន មណ្ឌលសុខភាព ការអប់រំ ពាណិជ្ជកម្ម កីឡា ការកម្សាន្ត៕

ក្រុមហ៊ុនធំៗចំនួនបីជ្រើសរើសកម្ពុជាទីតាំងផលិតកម្មសំបកកង់យានយន្តនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់រថយន្តធំៗ ជាច្រើនបានជ្រើសរើសកម្ពុជា ទីតាំងផលិ តកម្ម ខណៈកម្ពុជាបានត្រៀមខ្លួន ក្នុងការផ្គត់ផ្កង់កៅស៊ូ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ក្រុមហ៊ុនផលិតកង់ចិន General Science Technology បានប្រកាសដើមខែមិថុនានេះថា ក្រុមហ៊ុននឹងសាងសង់រោងចក្រមួយ ដែលមានទឹកប្រាក់១៦៦លានផោន (១,៣ ពាន់លានយ័ន ឬជាង២៣៥លានដុល្លារ) នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតសំបកកង់រថយន្តបាន៦លានសំបកក្នុងមួយឆ្នាំ។ រោងចក្រផលិតសំបកកង់ថ្មីនេះ នឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រុមហ៊ុនចិន Sailun Group កំពុងពិចារណាបង្កើតរោងចក្រផលិតសំបកកង់រថយន្តដឹកអ្នកដំណើរ ដែលមានតម្លៃជាង១៨០លានដុល្លារនៅកម្ពុជា។ ក្រុមហ៊ុន Sailun បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងសាងសង់រោងចក្រមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស QiLu (ខេមបូឌា) ក្នុងខេត្តស្វាយរៀង ដែលមានសមត្ថភាពផលិតសំបកកង់រាប់ក្នុងមួយឆ្នាំ។

ចំណែកក្រុមហ៊ុន Cart Tire Co., Ltd កាលពីខែកុម្ភៈ ឆ្នាំ២០២១ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះថា លោកស្វាគមន៍ចំពោះព័ត៌មាន ដែលមានក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រសំបកកង់នេះ ដោយលោកឧកញ៉ាបានលើកឡើងថា ការចូលមករប​ស់ក្រុមហ៊ុនធំៗ ក្នុងបង្កើតជារោងចក្រផលិតសំបកកង់គ្រប់ប្រភេទនេះ គឺជាអ្វីដែលកម្ពុជាកំពុងទន្ទឹងរង់ចាំ។

លោកឧកញ៉ាបានថ្លែងថា “យើងអាចផ្គត់ផ្គង់ដល់ការផលិតបាន ដោយសារយើងមានផ្ទៃដីដាំដុះកៅស៊ូ៤០ម៉ឺនហិកតាហើយ នៅទូទាំងប្រទេស”។លោកបន្តថា “នេះគឺជាឱកាសល្អ សម្រាប់ទីផ្សារកៅស៊ូនៅប្រទេសកម្ពុជាយើង”។

លោកបានបន្តថា ពេលក្រុមហ៊ុនបង្កើតរោងចក្រផលិតលសំបកកង់នៅកម្ពុជា ក្រុមហ៊ុនក៏នឹងមានឱកាស ក្នុងការនាំចេញទីផ្សារអន្តរជាតិជាច្រើន ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងសេរីកម្ពុជាជាច្រើនជាមួយបណ្តាប្រទេសនានា៕

ក្រសួងទេសចរណ៍ពង្រឹងសេវាកម្មបដិសណ្ឋារកិច្ចនៅភូមិភាគឥសាន្ត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍កំពុងជំរុញ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa) ដើម្បីចូលរួមស្តារវិស័យទេសចរណ៍ក្នុងភូមិភាគឦសាន្ត ជាតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា លោកប៉ាក់ សុខុម កាលពីថ្ងៃទី៧ មិថុនាកន្លងមក បានអញ្ញើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” សម្រាប់ខេត្តរតនៈគិរី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងអង្គការស្វីស ខន់ថាក់ គ្រូបង្គោលអាស៊ាន ប្រធានមន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត និងសិក្ខាកាម សរុបចំនួន៧០រូប។

លោកបន្តថា “ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥”។

សកម្មភាពសំខាន់នៅក្នុងមុំបណ្តុះបណ្តាវិជ្ជាជីវៈទេសចរណ៍ រួមមាន ទី១ពង្រឹងលក្ខណៈសម្បត្តិឱ្យបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ត្រៀមខ្លួនឆ្ពោះទៅដំណាក់កាលស្តារឡើងវិញ តាមរយៈការពង្រឹងជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន ទី២ លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈពង្រឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍ ទី៣ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី រួមមានបន្ស៊ីជំនាញឌីជីថល ជាមួយនឹងការបណ្តុះប ណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ស្របតាមចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” និងបន្តជំរុញកម្មវិធីកម្មសិក្សាក្នុងវិស័យទេសចរណ៍ (Internship Program)។

ទី៤ គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តសៀមរាប និងនិងខេត្តមណ្ឌលគិរី និងទី៥ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ ដែលយើងកំពុងតែអនុវត្ត ជាពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះតែម្តង។

លោកប៉ាក់ សុខុមបានជំរុញឲ្យប្រតិបត្តិករក្នុងវិស័យទេសចរណ៍៍ ធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនអោយបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយមចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅពេលខាងមុខ និងត្រៀមខ្លួនដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍នៅភូមិភាគឥសាន្តនេះ បានយ៉ាងល្អប្រសើរផងដែរ៕

តើការសិក្សាផ្នែកស្ថាបត្យកម្មនិងនគរូបនីយកម្មមានសារៈសំខាន់បែបណា?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឯ​ក​ទេស​ ​ស្ថាប​ត្យក​ម្ម និង​ន​គ​រូប​នីយ​ក​ម្ម គឺ​ជាឯ​​ក​ទេស​មួយ​ដែល​មាន​សារៈសំខាន់ ក្នុង​ការ​កសាង​និង​អ​ភិវ​ឌ្ឍ​ប្រទេស​ជាតិ​ លើ​វិស័យ​ហេដ្ឋា​រ​ច​នា ស​ម្ព័ន្ធ​ និង​រ​ដ្ឋបាល​គ្រប់​គ្រង​ដែន​ដី​។​

ការ​សិក្សា​ផ្តោត​ ​លើ​ការ​រ​ច​នាសំ​ណ​ង់​ទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ​តាម​​មាត្រ​ដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។​ ការ​រៀបចំ​ប្រព័ន្ធ​សំណ​ង់​អគារ​ ការ​កំណត់​ទី​តាំង​ និង​ប្លង់​មេ​ក្នុង​ការ​អ​ភិវ​ឌ្ឍ​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​។​ ប​ន្ថែម​លើ​នេះ​ ឯក​ទេស​នេះ​ ផ្តល់​ដ​ល់អ្នក​សិក្សា​នូវ​ភាព​ខុស​គ្នា រ​វាង​វិធី​សាស្ត្រ​ក្នុង​ កា​​រ​សាង​ស​ង់សំណ​ង់តូច​ធំ​តាម​រ​ច​នា​បថ​ផ្សេង​ៗ​ និង​ការ​ប​ង្កើត​គំនិត​ច្នៃ​ប្រឌិត​ វិធី​សាស្ត្រ​រ​ច​នា​ប្លង់​មេ​តាម​ បច្ចេក​វិទ្យា​កុំព្យូ​ទ័រ​ទំនើប​។

•ក​ម្មវិធី​សិក្សា
ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ស​ម្រិត​ សម្រាំង​ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ  ដែល​ឆ្លើយ​តប​ ទៅ​នឹង​ត​ម្រូវ​ការ​ទីផ្សារ​ការ​ងារ​ក្នុង​​ស្រុក​ ក្នុង​តំប​ន់​ និង​អ​ន្តរ​ជាតិ​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ជំនាញ​ឯ​​ក​ទេស​ វិជ្ជា​ជីវៈ​ខាង​ផ្នែក​ស្ថាប​ត្យ​ក​ម្ម និង​ន​គ​រ​រូប​នីយ​កម្ម​ តាម​រ​យៈ​ការ​សិក្សារ​យៈ​ពេល៥​ឆ្នាំ នូវ​មុខ​វិជ្ជាស្នូល​សំខាន់ចាំបាច់រួមមាន ​មូល​ដ្ឋាន​គ្រឹះស្ថាប​ត្យក​ម្ម ប្រវ​ត្តិ នៃស្ថាប​ត្យក​ម្មខ្មែរ ប្រវ​ត្តិ​ស្ថាប​ត្យក​ម្មអឺរ៉ុប ការ​គូស គំរូព្រៀង​ដោយ​ដៃ និង​តាម​ប្រព័ន្ធកុំព្យូទ័រ ការ​រៀប​ចំ​ដែន​ដី​ ការ​អភិ​រក្ស​ស្ថាបត្យ​កម្ម​។​ គ្រប់មុខវិជ្ជាទាំងអស់ ត្រូវបានសិក្សាជាមួយសៀវភៅគោលដែលបោះពុម្ពថ្មីៗ។

ល​ទ្ធផ​ល​នៃការ​សិក្សា
បន្ទាប់ពីប​ញ្ចប់ការ​សិក្សា​លើ ឯ​កទេសនេះ និស្សិតនឹងទទួលបានជំនាញច្បាស់​លាស់ ក្នុងការរៀបចំកែលម្អ និងរចនាសំណង់អគារតូច ធំ ស្រប តាមស្តង់ដារជាតិ និងអន្តរជាតិ។

មានសមត្ថភាពក្នុងការ វាយតម្លៃ វិភាគ តាមដានប្រតិបត្តិការ នៃការចំណាយលើ គម្រោងស្ថាបនា-។ មានចំណេះដឹងលើការរៀបចំកែលម្អ និងកសាងនូវតំបន់រដ្ឋបាលសាធារណៈ និងឯកជនប្រកប ដោយប្រសិទ្ធភាព។

ទទួលបានចំណេះដឹងបច្ចេក ទេស វិភាគ ការត្រិះរិះពិចាណា និងជំនាញធ្វើការងារជាក្រុម។ មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ លើបច្ចេកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម។ ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវតាមបែបគុណ វិស័យ និងបរិមាណវិស័យ។ យកចំណេះដឹង និងជំនាញ ទៅអនុវត្តក្នុងពិភពការងារតាមរយៈ ការហ្វឹកហាត់ការងារ៕

ដំណឹងល្អៈប្រជាពលរដ្ឋកម្ពុជាជិត៣លាននាក់ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាដំណឹងល្អសំរាប់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនអន្តរជាតិ ដោយរហូតមកទល់ពេលនេះប្រជាជនកម្ពុជា ជិត៣លាននាក់ហើយទទួលបានការចាក់វ៉ាក់សាំងបង្កា​រជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៤៣៧នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់បានចំនួន២៧.៧០%។

ល្បឿននៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិបានកោតសរសើរ ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី៕