ដោយៈសុខុម
សឹង្ហបុរី: សហរដ្ឋអាមេរិក និងសិង្ហបុរី បានចុះកិច្ចព្រមព្រៀងចាប់ដៃគូ សហការថ្មីមួយដើម្បីពង្រឹងកិច្ចសហការ កាន់តែប្រសើរលើសកម្មភាពអាកាសធាតុ អភិបាលកិច្ច បរិស្ថាន ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយកាបូន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៣ សីហា នេះ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៃប្រទេសសិង្ហបុរី បានលើកឡើងនៅថ្ងៃច័ន្ទនេះថា កិច្ចព្រមព្រៀងចាប់ដៃគូសហការ ផ្នែកអាកាសធាតុអាមេរិក-សិង្ហបុរី (US-Singapore Climate Partnership) នេះនឹងបង្កើតឱកាសពាណិជ្ជកម្មសម្រាប់អាជីវកម្ម និងកម្មករនិយោជិតនានា ក្នុងវិស័យកំណើនបៃតង រួមមាន ទាំងនៅក្នុងអន្តរកាលថាមពល ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងទីផ្សារឥណទានកាបូនទាបផងដែរ។
-->

ទោះជាយ៉ាងណា ក្រសួងនេះមិនបានបញ្ជាក់ថា តើកិច្ចព្រមព្រៀងចាប់ដៃគូសហការនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណាឱ្យប្រាកដនោះឡើយ។
ការប្រកាសនេះធ្វើឡើង ខណៈលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។ លោកស្រីបានធ្វើដំណើរ ទៅដល់ប្រទេសដែនកោះដ៏តូចនេះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ សីហា។

យោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់អាមេរិក មួយរូបបានទម្លាយឱ្យដឹងថា បញ្ហាបម្រែបម្រួលកាសធាតុ គឺជាវិស័យមួយដែលលោកស្រីអនុប្រធានាធិបតី Kamala Harris កំពុងព្យាយាមពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ កិច្ចការអាទិភាពផ្សេងៗទៀតរបស់លោកស្រី ជាការឆ្លើយតបទៅនឹងការរីករាលដាលវីរុសកូវីដ-១៩ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការការពារសន្តិសុខជាតិ និងពាណិជ្ជកម្មឌីជីថល។
កាលពីខែកុម្ភៈ ប្រទេសសិង្ហបុរី បានបង្ហាញ “ផែនការបៃតងឆ្នាំ២០៣០” (Green Plan 2030) ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ វិស័យមួយក្នុងចំណោមវិស័យដែលខ្លួនផ្តោតជាសំខាន់ គឺការជំរុញកំណើនសេដ្ឋកិច្ចបៃតង ដើម្បីបង្កើតការងារថ្មីៗ ប្រែក្លាយឧស្សាហកម្មនានា និងប្រើប្រាស់និរន្តរភាពជាគុណប្រយោជន៍ នៃការប្រកួតប្រជែង។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៅថ្ងៃច័ន្ទ នេះបានចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុជា “បញ្ហាប្រឈមសកលដ៏ធំ” និងជាគោលនយោបាយអាទិភាពកំពូលសម្រាប់សិង្ហបុរី និងសហរដ្ឋអាមេរិក។ ក្រសួងនេះបានបន្ថែមទៀតថា និរន្តរភាព និងកំណើនសេដ្ឋកិច្ចអាចដើរទៅទន្ទឹមគ្នា៕