ការសាងសង់កំពង់ផែកោះទន្សាយសម្រេចបាន៧៥ភាគរយហើយ ដែលនឹងជួយលើកកំពស់ទេសចរណ៍ក្នុងតំបន់

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ការសាងសង់កំពង់ផែកោះទន្សាយ សម្រេចបាន៧៥ភាគរយហើយ ខណៈកំពង់ផែនេះ នឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ទេសចរណ៍ ជាមួយប្រទេសក្នុងតំបន់។

ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោករស់ សោភ័ណបានមានប្រសាសន៍ឲ្យដឹងកាលពីចចុងសប្តាហ៍កន្លងមក​ថា កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ។ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចផែនការបានប្រមាណ​៧៥​ភាគរយ​ហើយ។

លោកបន្តថា ទោះបីស្ថិតក្នុងរដូវកាលកូវីដ-១៩ បន្តរាតត្បាត ដែលធ្វើឲ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញចូលច្រើនដូចឆ្នាំមុនៗ ប៉ុន្តែសហគមន៍ទូកទេសចរណ៍កោះទន្សាយ នៅតែបន្តដំណើរការដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទៅលម្ហែ ទស្សនាកម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែចំណតទូក ប្រហែល៥គីឡូម៉ែត្រ។

កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីជាចំណតទូកនាំដំណើរអ្នកទេសចរណណ៍ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចត​ទូក​ដឹកទំនិញធុនស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កំពង់ផែទេសចរណ៍នេះកំពុងសាងសង់យ៉ាងសកម្ម ដោយវានឹងដើរតួសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍រវាងកម្ពុជា វៀតណាម ពិសេសការតភ្ជាប់ទេស​ចរណ៍ជាមួយកោះត្រល់ ប្រទេសវៀតណាម។លោកបន្តថា កំពង់ផែនេះមានសមត្ថភាពឲ្យកាណូតទេសចរណ៍ ដែលផ្ទុកមនុស្សចន្លោះ១៥០ទៅ២០០នាក់អាចចូលចតបាន។

លោកបន្តថា “ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹក ពិសេសជាមួយប្រទេសក្នុងតំបន់ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញការវិនិយោគ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ”។

ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការមេ រៀបចំខេត្តកែបឲ្យក្លាយជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយរដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសនានា ដែលធ្វើឲ្យមានការបំពុលបរិស្ថាននៅក្នុងខេត្តនេះនោះឡើយ៕

 

លោកឧកញ៉ាលឹម ហេងៈច្បាប់វិនិយោគថ្មីនិងតុលាការពាណិជ្ជកម្ម ជាចលករយ៉ាងសំខាន់ក្នុងការផ្តល់ទំនុកចិត្តដល់វិនិយោគិន

ដោយៈ តារា

ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី គ្រោងនឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ និងពិភាក្សា នៅថ្ងៃទី៩ ខែ កក្ដដា ខាងមុខនេះ ខណៈដែលតុលាការពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដែលផ្នែកទាំងពីរនេះ គឺជាចលករយ៉ាងសំខាន់ក្នុងការឆក់ស្រូប នឹងផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍​ឲ្យដឹងនាព្រឹកថ្ងៃទី៥ មិថុនានេះថា ការតាក់តែងឡើងថ្មីនេះឡើង របស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យមានភាពទាក់ទាញ និងប្រសើរជាងច្បាប់វិនិយោគចាស់ ដោយឈរលើមូល   ដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចកម្ពុជា ដោយមានភាពបើកចំហ មានតម្លាភាព។

ជាពិសេសរសេចក្តីព្រាងច្បាប់ថ្មីនេះ បានផ្តល់ការលើកទឹកចិត្តឱ្យចំទិសដៅ នឹងជំរុញដល់ការអភិវឌ្ឍក្នុងវិស័យ និងសកម្មភាពវិនិយោគ និងមានតម្លៃបន្ថែមច្រើន ការប   ង្កើ​តការងារ និងបណ្តុះបណ្តាលជំនាញ ការជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ ការលើកស្ទួយពិពិធកម្មសហគ្រាសធុនតូច និងមធ្យម និងបង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងលើសកលលោក។

លោកឧកញ៉ាលឹម ហេងបានបន្តឲ្យដឹងថា ច្បាប់វិនិយោគថ្មីនេះ ប្រសិនគ្មានការប្រែប្រួលនោះទេ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ និងពិភាក្សា នៅថ្ងៃទី៩ ខែ កក្ដដា ខាងមុខនេះ ដោយលោកលោកឧកញ៉ាសង្ឃឹមថា ច្បាប់វិនិយោគថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខណៈដែលតុលាការពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ ២០២២ ដែលផ្នែកទាំងពីរនេះ គឺជាចលករយ៉ាងសំខាន់ក្នុងការឆក់ស្រូប នឹងផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន៕

ក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃរគ្រោងពង្រីកការវិនិយោគលើការបង្កើតសាខា ស្ថានីយ៍ជាច្រើនបន្ថែមនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនប្រេងឥន្ធនៈ និងអាជីវកម្មលក់រាយខ្នាតយក្សរបស់ថៃPTT Oil and Retail Business (PTTOR) ដែលត្រូវបានស្គាល់ថាPTT គ្រោងបង្កើនការវិនិយោគលើការបង្កើតសាខាស្ថានីយ៍ជាច្រើនបន្ថែមនៅកម្ពុជា និងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី Jiraphon Kawswat ប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន PTTOR បានថ្លែងដូច្នេះថា “ការងារបន្ទាប់នៅឆ្នាំនេះ គឺពង្រីកសាខាស្ថានីយ៍ប្រេងTPP ចំនួន១៩២សាខាប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងហ្វីលីពីន”។ ទោះបីយ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ថា តើក្រុមហ៊ុននឹងបង្កើតសាខាស្ថានីយ៍ចំនួនប៉ុន្មាន នៅកម្ពុជានោះទេ។

កាលពីថ្មីៗនេះ ក្រុមហ៊ុនប្រកាសថា គ្រោងចំណាយដើមទុនរហូតដល់ទៅ៧៤,៦ពាន់លានបាត (ប្រមាណ២,៥ពាន់លានដុល្លារអាមេរិក) សម្រាប់ផែនការពង្រីកអាជីវកម្មស្នូលទាំង៣ របស់ខ្លួនពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

ក្នុងចំណោមដើមទុនសរុបយ៉ាងច្រើន សន្ធឹកសន្ធាប់នេះចំនួន៣៤,៦% នឹងត្រូវយកទៅវិនិយោគ លើអាជីវកម្មប្រេងឥន្ធនៈ២៨,៦% វិនិយោគលើអាជីវកម្មមិនមែនប្រេង និង២១,៨% វិនិយោគលើអាជីវកម្មអន្តរជាតិរបស់ខ្លួន។ ហើយសល់១៥% ទៀតនឹងត្រូវវិនិយោគលើអាជីវកម្មផ្សេងៗទៀត និងលើការស្វែងរកឱកាសអាជីវកម្មថ្មីៗ។

លោកស្រី Jiraphon Kawswat បានគូសបញ្ជាក់ថា សម្រាប់អាជីវកម្មប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងបង្កើនស្ថានីយប្រេងPTT នៅក្នុងប្រទេសថៃពីចំនួន១.៩៨៦ស្ថានីយ ដល់៣.១០០ស្ថានីយត្រឹមឆ្នាំ២០២៥។

សម្រាប់អាជីវកម្មមិនមែនប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងពង្រីកហាងកាហ្វេ Cafe Amazon ក្នុងប្រទេសថៃ ពីចំនួន៣.១៨៦សាខា ដល់៥.៨០០សាខា។ សម្រាប់អាជីវកម្មអន្តរជាតិរបស់ខ្លួន ក្រុមហ៊ុននឹងផ្ដោតលើការពង្រីក ស្ថានីយប្រេងឥន្ធនៈ និងសាខាហាងកាហ្វេ Cafe Amazon ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន៕

ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលនៅតែបន្តឆ្ពោះទៅមុខ ទោះកម្ពុជាស្ថិតនៅក្នុងវិបត្តិ

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នៅបន្តដំណើរការសាងសង់ដដែល ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្ដី ជាក់ស្ដែងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ដែលបានចាប់ផ្ដើមតាំងពីមុនកូវីដ១៩នៅតែបន្តនិងមិនមានគម្រោងណាមួយផ្អាកឡើយ។

ផ្ទុយទៅវិញ នៅក្នុងវិបត្តិកូវីដនេះ រដ្ឋាភិបាលបែរជាបញ្ចេញថវិកា វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ តាមខេត្តចំនួនទៀតទៅវិញ ដូចជាខេត្តសៀមរាបជាដើម។

លោកវ៉ា ស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា គម្រោងផ្លូវមួយចំនួន ដែលអភិវឌ្ឍន៍តាំងពីមុនកូវីដ១៩ គឺមានទុនគ្រប់គ្រាន់ក្នុងការកសាងនិងបញ្ចប់គម្រោង ដូច្នេះវាមិនរងប៉ះពាល់ដល់ដំណើរការ នៃការសាងសង់ដោយសារតែវិបត្តិកូវីដ១៩នោះទេ។ ជាក់ស្ដែងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ គឺជាគម្រោងដែលទទួលហិរញ្ញប្បទានពីប្រទេសចិន ក៏បានបន្តដំណើរការសាងសង់ជាបន្តបន្ទាប់ ទៅតាមគម្រោងផែនការរបស់កម្ពុជា ។

ក្រៅពីគម្រោងនេះ ក៏មានគម្រោងផ្លូវជាតិលេខ៣ បានបញ្ចប់ស្ទើរតែ១០០ភាគរយពីភ្នំពេញត្រង់ចំណុចចោមចៅ ទៅបែកគុស៤គន្លង និងពីបែកគុសទីរួមខេត្តកំពត២គន្លង ផ្លូវក្រវាត់ក្រុងទី៣ ក៏បានជិតបញ្ចប់ផងដែរ។ ចំណែកផ្លូវជាច្រើនខ្សែនៅខេត្តព្រះសីហនុក៏បានរួចរាល់ ដើម្បីត្រៀមស្វាគមន៍វិនិយោគិន និងទេសចរទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ។

បើតាមសៀវភៅស្ថិតិបំណុលរបស់កម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ ឱ្យដឹងថា កម្ពុជាបានខ្ចីឥណទាន ដែលខ្លួនខ្ចីទាំងពីបរទេស និងក្នុងស្រុកទៅវិនិយោគច្រើនបំផុតគឺហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជាច្រើន ដែលធ្វើឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាកាន់តែច្រើន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ហេដ្ឋារចនាសម្ព័ន្ធគឺកត្តាទាក់ទាញមួយ សម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយជាការកត់សម្គាល់ទីណា មានហេដ្ឋាសម្ព័ន្ធស្អាតល្អនិងខ្វាត់ខ្វែង ទីនោះនឹងទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់។

លោកបន្តថា ដោយសារតែកត្តាទាំងនេះ ហើយទើបរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន បណ្ដាក់ទុនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តាំងពីភ្នំពេញរហូតដល់បណ្ដាខេត្តសក្ដានុពលនានា៕

Temple Paint ផលិតផលជាតិចូលរួមលើកកំពស់សោភ័ណភាពវិស័យសំណង់នៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផលិតផលថ្នាំលាប ថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារគុណភាព និងការបង្កើនសោភ័​ណភាពគេហដ្ឋាន។

លោកធូន ស៊ីណានអគ្គនាយកក្រុមហ៊ុន IMCT ដែលកំពុងផលិតថ្នាំលាបម៉ាក Temple Paint បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

លោកបន្តថា “ផលិតផលនេះបានផលិតតាមរូបមន្ត ផ្សំចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារផ្ទៃជញ្ជាំងឱ្យមានភាពរឹងមាំ និងរលោង”។

ជាងនេះទៅទៀត វាជាប្រភេទថ្នាំ ដែលធន់នឹងទឹក និងអាចលាងសម្អាត ដើម្បីធ្វើឱ្យផ្ទៃជញ្ជាំងទាំងមូលរក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង ហើយគ្មានធាតុផ្សំ APEO ដែលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន។

ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd។

ទំនាក់ទំនងតាមទូរសព្ទលេខ៖ ០៩៦ ២៦ ៩៩ ១៩៨/ ០៧៨ ៥៨ ៥៣ ៤៧

អ្នកជំនាញៈចំណុចពិសេស៣បានលេចឡើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ យើងគួររៀនរស់នៅជាមួយជំងឺកូវីដ ហើយចាប់យកឱកាសថ្មីសម្រាប់ការឆ្ពោះទៅមុខ ខណៈចំណុចពិសេសចំនួនបីបាននិងកំពុងលេចឡើង ក្នុងអំឡុងវិបត្តិកូវីដ ខណៈប្រទេសនានា បានត្រៀមបើកចំហសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២ កក្កដានេះថា ទោះបីពិភព​លោកបាន និងកំពុងជាប់ផុងនឹងជំងឺកូវីដ១៩ក្តី ប៉ុន្តែវិបត្តិនេះបានអូសបន្លាយរយៈពេលជិត២ឆ្នាំហើយ ដែលធ្វើឲ្យម្នាក់ៗហាក់មានភាពសាំនឹងជំងឺនេះ ជាមួយនឹងការចាក់វ៉ាក់សាំង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងឃើញមានចំណុចពិសេសបីបានលេចឡើង ដូចជា ឱកាស ការវិនិយោគនិងអភិវឌ្ឍន៍ និងការទទួលផលពីភាពប្រសើរនៃទីផ្សារ។

ឱកាស
បញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ មិនមែនមានតែនៅកម្ពុជា ប៉ុន្តែមាននៅទូទាំងពិភពលោក ដែលជំងឺនេះមិនផុតរលត់នោះទេ ហេតុនេះយើងត្រូវរៀនរស់នៅជាមួយវា និងត្រូវតែបន្តការពារ ប៉ុន្តែអំឡុងពេលនេះ ទីផ្សារអចលនទ្រព្យនៅតែដំណើរការ។ វិស័យនេះនៅមានសន្ទុះ ធៀបនឹងឆ្នាំ២០២០។

លោកស្រី Grace Rachny បានបន្តថា “អ្វីៗពេលនេះ យើងមិនត្រូវភ័យខ្លាចទេ តែត្រូវថែរសុខភាពឲ្យបានល្អ ព្រោះឱកាសនៃការរីកចម្រើននៅតែមានបន្ត ដោយបច្ចុប្បន្នយើងឃើញមានសកម្មភាពអភិវឌ្ឍន៍ច្រើន នៅខ័ណ្ឌទួលគោក សែនសុខ ខ័ណ្ឌមានជ័យជាដើម។

ការវិនិយោគនិងអភិវឌ្ឍន៍
លោកស្រី Grace Rachny បានបន្តថា ក្នុងអំឡុងវិបត្តិនេះ យើងឃើញមានសញ្ញាវិជ្ជមានរវាងអ្នកទិញ និងអ្នកលក់ ដោយអ្នកទិញអាចមានលទ្ឋភាពច្រើន ក្នុងការចចារ ដើម្បីបង់ប្រាក់រយៈពេលវែង និងមានសកម្មភាពទិញលក់ច្រើន នៅតាមបណ្តាខេត្តមួយចំនួនដូចជា កំពត កែប កំពង់ស្ពឺ តាកែវជាដើម។

ការទទួលផលពីភាពប្រសើរនៃទីផ្សារ
ទីផ្សារអចលនទ្រព្យនៅតែមានសុខភាពល្អ បើទោះជាចរន្តទិញលក់ថមថយខ្លះៗក្តី ប៉ុន្តែវាអាចជាឱកាសល្អសំរាប់ការវិនិយោគផ្នែកដីធ្លីផងដែរ ដោយសារដីធ្លីកំពុងផ្តល់ឱកាសចំណេញច្រើន ធៀបជាមួយនឹងផ្នែកអចលនទ្រព្យផ្សេងៗទៀត។

លោកស្រី Grace Rachny Fong បានបន្តថា ការវិនិយោគដីធ្លី នៅមានឱកាសចំណេញច្រើននៅកម្ពុជា ជាមួយនឹងតម្លៃបន្តកើនឡើង។ ដោយមើលឃើញឱកាសបែបនេះ ទើបអ្នកវិនិយោគកាន់តែច្រើនបានចាប់យកឱកាសនេះ បន្ទាប់ពីពួកគេមានភាពសាំនឹងជំងឺកូវីដ ហើយពួកគេរៀនរស់នៅជាមួយកូវីដ និងបន្តប្រុងប្រយ័ត្នលើការថែរទាំសុខភាព៕

ប្រទេសឡាវកំពុងសិក្សាដើម្បីស្ថាបនាផ្លូវហាយវ៉េល្បឿនលឿនថ្មីដែលភ្ជាប់ប្រទេសថៃ និងប្រទេសចិន

ដោយៈសុខុម

ក្រុងវៀងច័ន្ទន៍: ពេលនេះក្រុមមន្ត្រីឡាវ កំពុងធ្វើការស្ទាបស្ទង់លើគម្រោងស្ថាបនាផ្លូវហាយវ៉េ ល្បឿនលឿនថ្មីមួយខ្សែនៅក្នុងប្រទេសឡាវ ភ្ជាប់ប្រទេសថៃ និងប្រទេសចិន ដែលនឹងជួយកាត់បន្ថយពេលវេលាបានច្រើន នៅក្នុងការធ្វើដំណើរទៅមករវាងប្រទេស៣​ទាំងនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា។

លោក Liu Jingwei មន្ត្រីដែលគ្រប់គ្រងគម្រោងនេះបានលើកឡើងថា ពេលនេះក្រុមមន្រ្តីកំពុងធ្វើការស្ទាបស្ទង់ លើគម្រោងស្ថាបនាផ្លូវហាយវ៉េល្បឿនលឿន ដែលនឹងតភ្ជាប់ប្រទេសឡាវ ក្នុងភូមិសាស្ត្រស្រុក Huayxai ក្នុងខេត្ត Bokeo និងក្រុង Boten ក្នុងខេត្ត Luang Namtha ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន។

យោងតាមកាសែតរដ្ឋ Vientiane Times របស់ឡាវ ដែលចេញផ្សាយជាភាសាឡាវ និងអង់គ្លេសបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះត្រូវរដ្ឋាភិបាលឡាវ អនុម័តក្នុងឆ្នាំ២០២០។

គម្រោងផ្លូវហាយវ៉េល្បឿនលឿនថ្មីនេះ នឹងតភ្ជាប់ជាមួយស្រុក Chiang Khong នៃខេត្ត Chiang Rai ប្រទេសថៃ តាមរយៈស្ពានដែលមានស្រាបកាត់ទន្លេមេគ្គ។ ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតសំខាន់ៗបន្ថែមទៀតអំពីគម្រោងនេះឡើយ។

នៅពេលស្ថាបនារួចរាល់ជាស្ថាបពរ គម្រោងផ្លូវហាយវ៉េល្បឿនលឿនប្រវែង១៨០គីឡូម៉ែត្រនេះ នឹងអនុញ្ញាតឱ្យយានយន្តធ្វើដំណើរបាន ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការបើកបរពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសចិន កាត់តាមប្រទេសឡាវ នឹងចំណាយពេលតិចមិនដល់២ម៉ោងឡើយ។

កាសែត Vientiane Times បានចុះផ្សាយថា លោក Buakhong Nammavong អភិបាលខេត្ត Bokeo បានថ្លែងថា គម្រោងផ្លូវហាយវ៉េល្បឿនលឿនថ្មីនេះ នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការដឹកជញ្ជូនទំនិញក្នុងប្រទេសឡាវ និងជាមួយប្រទេសផ្សេងៗទៀត ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា៕

ស្ពានឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ទាំងអស់សម្រេចស្ទើ១០០ភាគរយ ខណៈវិស័យអចលនទ្រព្យលើផ្លូវនេះកំពុងរីកចម្រើន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន១០០ភាគរយ ខណៈអ្នកជំនាញបានឱ្យដឹងថា វិស័យអចលនទ្រព្យ ពិសេសដីធ្លី នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងនេះ និងជាយក្រុងនៅតែមានសន្ទុះរីកចំរើនច្រើន។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២១ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។

អ្នកជំនាញលើវិស័យអចលនទ្រព្យ ដែលកំពុងទទួលបានផលពីការពង្រីកផ្លូវក្រវ៉ាត់ក្រុងនេះបានបញ្ជាក់ថា វិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លា ដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះ នឹងបន្តជម្រុញទាំងចំនួន និងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យកើនឡើងផងដែរ។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធិតា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ និងមានតម្រូវការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុ នៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរីជាដើម។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រ​វែងសរុប៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័​យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គម្រោងផ្លូវនេះ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំ​ណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថ​យ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេលដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរា​ចរណ៍ជាញឹកញាប់៕

អ្នកជំនាញមើលឃើញដីនៅខេត្តចំនួន៧នឹងហក់ឡើងលឿនជាងគេនាពេលខាងមុខ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ អ្នកជំនាញអចលលនទ្រព្យលំដាប់អន្តរជាតិបានមើលឃើញថា ដីធ្លីស្ថិតនៅបណ្តាខេត្តចំនូន៧ នឹងហក់ឡើងលឿនជាងគេនៅពេលលឆាប់ៗខាងមុខនេះ ខណៈ​ប្រជាពលរដ្ឋ កំពុងចាប់ផ្តើមរៀនរស់នៅជាមួយនឹងជំងឺកូវីដ។

នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fongបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍៍មុនថា តម្លៃអចលនទ្រព្យ និងសកម្ម​ភាពនៃការអភិវឌ្ឍន៍លើគំរោងសំខាន់ៗជាច្រើន នឹងលេចឡើងនៅតាមបណ្តាខេត្តមមួយចំនួនរួមមាន ខេត្តកណ្តាល កំពត កែប កំពង់ស្ពឺ មណ្ឌលគិរី តាកែវ និងសៀមរាប។

លោកស្រីបន្តថា “បណ្តាខេត្តដែលបានលើកឡើងខាងលើនេះ មានសក្តានុពលផ្សេងៗគ្នា ពិសេសការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គឺជាកំលាំងចលករស្នូ​ល ដែលជំរុញវិស័យនេះឲ្យមានភាពរីកចម្រើនលឿន”។

លោកស្រី Grace Rachny Fong បានបន្តថា ដោយមើលឃើញសក្តានុពលទាំងនេះហើយ ទើបក្រុមហ៊ុន Century21 Zillion Holding បាននិងកំពុងពង្រីកសេវាកម្មរបស់ខ្លួន ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស ជាមួយនឹងបុគ្គលិករបស់យើងមានប្រព័ន្ឋការ​ងារច្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ។

ជាមួយគ្នានេះ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋបានទាញ និងបង្កើតតម្លៃខាងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ពិសេសវិស័យអចលនទ្រព្យ តែងតែទទួលបានផលប្រយោជន៍ ពីការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

លោកបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ឋទៅដល់ទីណា តម្លៃដីធ្លីតែងតែហក់ឡើ​ងនៅទីនោះ ហើយសកម្មភាពអភិវឌ្ឍតែងតែកើតមាន ដោយសារលំហូរប្រជាជនចូលទៅរស់នៅកើនឡើង”។​

លោកបន្តថា បណ្តាខេត្តដែលបានលើកឡើងខាងលើ ពិតជាសម​ស្រប ដោយសារការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការដាក់ចេញនូវគោលនយោបាយថ្មីៗរបស់ជាតិ និងការលើកកំពស់បរិយាកាសវិនិយោគកាន់តែប្រសើរឡើង”៕

អ្នកវិនិយោគរំពឹងតម្លៃដីធ្លីនៅក្រុងបូកគោនឹងកើនឡើងដូចនៅក្រុងព្រះសីហនុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល កំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នៅក្រុងបូកគោ និងត្រៀមប្រកាសសមាសភាពថ្នាក់ដឹកនាំទីក្រុងថ្មីនេះ អ្នកវិនិយោគបានរំពឹងថា តម្លៃដីធ្លីនៅក្រុងបូកគោ នឹងកើនឡើងដូចនៅខេត្តព្រះសីហនុ។

កត្តាសំខាន់ៗ ដែលនឹងរុញសក្តានុពលតម្លៃដីធ្លីនៅទីក្រុងនេះ រួមមាន ការអភិវឌ្ឍ​ទីក្រុងបូកគោជាទីក្រុងឆ្លាតវៃ ដែលបណ្តាញអគ្គិសនីនឹងត្រូវកប់ក្រោមដី លក្ខខ័ណ្ឌ​ភូមិសាស្រ្ត អាកាសធាតុ ដោយមានទឹកសមុទ្រពីមុខ ភ្នំពីក្រោយ (ល្អសំរាប់ក្បួងហុងស៊ុយចិន) ការតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់នេះជិត និងកត្តាមួយចំនូនទៀតដូចជា ខេត្តកំពត មានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិកម្ម កំពង់ផែទេសចរណ៍ កំ ពង់ផែទឹកជ្រៅ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផងដែរ។នេះបើតាមលោកយិន លាងគង់ទីប្រឹក្សាសមាគមអចលនទ្រព្យសកល។

លោកបន្តថា “សក្តានុពលមូលដ្ឋាន និងផែនការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ និងប្រ​កបដោយចក្ចុវិស័យរបស់រដ្ឋាភិបាល នឹងរុញខេត្តកំពតទៅកាន់កម្រិតថ្មីមួយទៀតនាពេលអនាគត”។លោកបន្តថា “ដីនៅទីក្រុងបូកគោ នៅមានតម្លៃសមរម្យនៅឡើយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែសំរាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ដីនៅតំបន់នេះនឹងហក់ឡើងខ្ពស់ថែមទៀត”។

លោកយិន លាងគង់បានបន្តថា វត្តមា​នអាគារខ្ពស់ៗជាច្រើន បាននិងកំពុងត្រៀមបង្ហាញវត្តមាននៅក្រុងកំពត ដែលវានឹងផ្លាស់ប្តូរបែបផែនជីវិត វិធីគិត និងសេវាកម្មនៅក្រុងកំពតកាន់តែលឿន ហើយទីក្រុងបូកគោ ដែលនៅជិតគ្នានេះ នឹងទទួលបានផលប្រ​យោជន៍ផងដែរ ពីការរីកចម្រើនទីក្រុងកំពតនាពេលអនាគតផងដែរ។
ជាមួយគ្នានេះ លោក Coolor Tanដែលជាអ្នកវិនិយោគគំរោងដីឡូត៍លំហែរកាយ បូកគោលែនដ៏ ពីសេសកំពុងពង្រីកទីដីបន្ថែមបានមានប្រសាសន៍ថា អ្នកទិញដីនៅគំរោងរបស់លោកជាច្រើនបានលើកឡើងថា ពួកគេជឿថាដីនៅទីក្រុងបូកគោ នឹងហក់ឡើងដូចនៅក្រុងព្រះសីហនុនាពេលអនាគត ដោយសារពួកគេជឿជាក់លើផែនការអភិវឌ្ឍន៍របស់​រដ្ឋាភិបាល ពិសេសការរៀបចំទីក្រុងបូកគោជាទីក្រុងឆ្លាតវៃ និងកត្តាជាច្រើនទៀតដែលហុចសក្តានុពលសំរាប់ទីក្រុងនេះ។

លោកបន្តថា “សម្រាប់ខ្ញុំ ក៏ជឿជាក់ផងដែរថា តម្លៃដីធ្លីនៅក្រុងបូកគោនឹងហក់ឡើងមិនចាញ់ក្រុងព្រះសីហនុនោះទេ ហេតុនេះហើយទើបខ្ញុំបានពង្រីកទិញដីជាច្រើនកន្លែងទៀតនៅតំបន់នេះ”។ លោកបន្តថា “ចក្ចុវិស័យរបស់រដ្ឋាភិបាល បាននិងកំពុងជម្រុញឲ្យកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ពិតជាអាចធ្វើបាន”។

អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសាងសង់រថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត និងគំរោងសាងសង់ព្រលានយន្តហោះរបស់ក្រុមហ៊ុនចិន មិនបានផ្លាស់ប្តូរទេ ព្រោះក្រុមហ៊ុនចិននៅបន្តសិក្សានៅឡើយ។

លោកបន្តថា “ដោយសារសក្តានុពលខេត្តកំពតបែបនេះហើយ ទើបគំរោងវិនិយោ​គរបស់ក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅខេត្តកំពត មិនមានគំរោងណាមូយត្រូវបានផ្អាកនោះទេ”។លោកបន្តថា “ក្រុមហ៊ុនថ្មីៗជាច្រើនបាន និងកំពុងបន្តចូលមកកាន់ខេត្តកំពត ពិសេសតំបន់ទីក្រុងបូកគោថ្មីកាន់តែច្រើនផងដែរ”៕