តើអាកាសយានដ្ឋានខេត្តព្រះសីហនុមានប្រវត្តិបែបណា ខណៈបច្ចុប្បន្ន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឆ្លងកាត់ច្រើនសម័យកាល ឆ្លងកាត់ការពង្រីកជាច្រើនលើក ព្រលានយន្តហោះអន្តរជាតិកងកេង ក្រុងព្រះសីហនុមានវិវត្តន៍ខ្លួន មកកាន់ស្តង់ដាអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្នព្រលានយន្តហោះនេះ មានទំហំ4E ដែលអាចទទួលការចុះចតយន្តហោះឆ្លងទ្វីបបាន។

តើព្រលានយន្តហោះនេះមានប្រវត្តិបែបណា? តាមពិតព្រលានយន្តហោះនេះបានបើកដំណើរការលើកដំបូងនៅឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៩៥ (លើកលែងជំនាន់របបប្រល័យពូជសាសន៍ប៉ុលពត) ដែលមានឈ្មោះថា អាកាសយានដ្ឋានរាមឬកងកេង ស្ថិតនៅក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចម្ងាយជាង២០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

គម្រោងផែនការលើផ្ទៃដីជាង១២០ហិកតា ដែលមានកម្រិតប្រតិបត្ដិការជាមូល ដ្ឋានលំដាប់ថ្នាក់ស៊ីស្រ៊ី C3 ត្រូវបានបើកសម្ពោធឲ្យដំណើរការនៅឆ្នាំ១៩៦៣។ ចន្លោះឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០០៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរការគ្រប់គ្រងឱ្យទៅក្រុមហ៊ុនអារីស្ដុន នៅឆ្នាំ១៩៩៥ វាត្រូវបានប្ដូរឈ្មោះទៅជា អាកាសយាន្ដដ្ឋានអន្ដរជាតិក្រុងព្រះសីហនុ តម្លើងកម្រិតប្រតិបត្ដិការទៅជាអន្ដរជាតិលំដាប់ថ្នាក់ហ្វ័រស៊ី 4C។

រហូតមកដល់ការសព្វថ្ងៃនេះ ព្រលានយន្តហោះនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្ដរជាតិ ដែលហៅកាត់ថា (SSCA) ចាប់ពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ននេះ ត្រូវបានប្ដូរឈ្មោះទៅជា អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ៕

បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។

ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង អាគារលេខ ១៧០A-B។

ការបើកសម្ភោធការិយាល័យនេះ គឺសម្រាប់បើកលក់ និងផ្ដល់សេវាកម្មក្នុងគម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតសហគមន៍ធម្មជាតិបែបបៃតង។

ជាក់ស្ដែងគម្រោងនេះនឹងត្រូវសាងសង់នៅក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលមានទន្លេអមសងខាង ដែលបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមលើសពីនេះទៅទៀត បុរី ក៏មានសួនធម្មជាតិដ៏ធំរហូតដល់ 4.5 ហិកតា រួមមាន ក្លឹបហៅស៍ អាងហែលទឹកខាងក្រៅ ផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និងកន្លែងសម្រាប់ក្មេងលេងផងដែរ។
បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតឲ្យមានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ ដែលគួរឱ្យចង់រស់នៅ ពោលគឺហាក់ដូចជារស់នៅតំបន់រីសតអ៊ីចឹងដែរ។

បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព រឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីធ្វើឱ្យប្រែក្លាយទៅជាសហគមន៍ដែលស្ថិតនៅតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ:
លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ឬតាមរយ:ប្រព័ន្ធអនឡាញ៖
– ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
– តេឡេក្រាម: https://t.me/boreygoldenpark
– អ៊ីនស្ដាក្រាម: https://instagram.com

 

 

 

តើក្រុមហ៊ុនលក់ Franchise សណ្ឋាគារធំបំផុតក្នុងពិភពលោកមានឈ្មោះអ្វី ស្ថិតក្នុងប្រទេសណា ហើយនរណាជាម្ចាស់?

ដោយៈ សុខុម

ភ្នំពេញៈ នៅកម្ពុជា ពេលនិយាយដល់ការលក់សិទ្ធិអាជីវកម្ម ឬ Franchise ហាងកាហ្វេដ៏ល្បីល្បាញ យើងប្រាកដជានឹកឃើញដល់ Café Amazon មុនគេ។ ហើយក្រុមហ៊ុនដែលជាម្ចាស់ Franchise ហាងកាហ្វេមួយនេះគឺក្រុមហ៊ុនប្រេងឥន្ធនៈ PTT របស់ថៃ។

ងាកមកវិស័យសណ្ឋាគារវិញ អ្នកដឹងទេថា តើក្រុមហ៊ុនលក់ Franchise សណ្ឋាគារធំបំផុតក្នុងពិភពលោកមានឈ្មោះអ្វី ស្ថិតក្នុងប្រទេសណា ហើយនរណាជាម្ចាស់? បើចង់ដឹង តោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នាដូចខាងក្រោម៖

Wyndham Hotels & Resorts, Inc. គឺជាក្រុមហ៊ុនលក់ Franchise សណ្ឋាគារធំបំផុតក្នុងពិភពលោក និងជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់គ្រងសណ្ឋាគារឈានមុនគេដ៏ល្បីល្បាញ។

ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលនៅរដ្ឋញូវជើស៊ី (New Jersey) សហរដ្ឋអាមេរិក មួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ពោលគឺកាលពី៤០ឆ្នាំមុន ហើយស្ថាបនិកក្រុមហ៊ុននេះគឺលោក Trammell Crow ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យជនជាតិអាមេរិក ដ៏ល្បីល្បាញ។

យោងតាមគេហទំព័រ franchising.com ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុននេះកាន់កាប់ប៊្រែន (ម៉ាកយីហោ) សណ្ឋាគារល្បីៗចំនួន២០ ហើយបានលក់ Franchise ឱ្យទៅសណ្ឋាគារចំនួន៩.២៨០ទីតាំងជាមួយចំនួនបន្ទប់សរុបដល់ទៅ៧៩៨.០០០បន្ទប់នៅក្នុងប្រទេសជាង៨០ រួមទាំងគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ធំមួយនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា យើងផងដែរ។

ម៉ាកយីហោសណ្ឋាគារទាំងនោះរួមមានម៉ាកយីហោ AmericInn® by Wyndham ម៉ាកយីហោ Baymont® by Wyndham ម៉ាកយីហោ Days Inn® by Wyndham ម៉ាកយីហោ Dazzler® by Wyndham ម៉ាកយីហោ Dolce Hotels and Resorts® by Wyndham ម៉ាកយីហោ Esplendor® Boutique Hotels by Wyndham ម៉ាកយីហោ Hawthorn Suites by Wyndham® ម៉ាកយីហោ Howard Johnson® by Wyndham ម៉ាកយីហោ La Quinta® Inns & Suites ម៉ាកយីហោ Microtel by Wyndham® ម៉ាកយីហោ Ramada Encore by Wyndham ម៉ាកយីហោ Ramada Worldwide® by Wyndham ម៉ាកយីហោ Super 8® by Wyndham ម៉ាកយីហោ The Trademark Collection® by Wyndham ម៉ាកយីហោ Travelodge® by Wyndham ម៉ាកយីហោ TRYP by Wyndham® ម៉ាកយីហោ Wingate by Wyndham® ម៉ាកយីហោ Wyndham Garden® ម៉ាកយីហោ Wyndham Grand® និងម៉ាកយីហោ Wyndham Hotels and Resorts®។

ហើយបច្ចុប្បន្ន លោក Geoffrey A. Ballotti ដែលមានវ័យ៥៨ ឆ្នាំគឺជាប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Wyndham Hotels & Resorts, Inc. ខាងលើនេះចាប់តាំងពីឆ្នាំ២០១៨ មក៕

សួនមុខទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថ្មីក្លាយជាទីកម្សាន្តរបស់ពលរដ្ឋ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាប់តាំងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីបានសាងសង់រួចរាល់ និងបានសាង់សង់សួនច្បារដ៏ស្រស់ស្អាតខាងមុខទីស្ដីការ មានប្រជាពលរដ្ឋជាច្រើននៅជុំវិញទីនោះ និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញទាំងមូលបានទៅកម្សាន្តពេលល្ងាច និងថតរូបស្អាតបង្ហោះពេញបង្ហាញសង្គម ជាមួយនឹងអគារស្ដីទីការដ៏ស្រស់ស្អាត ជាពិសេសក្បូរក្បាច់រចនាស្ថាបត្យកម្មសម័យថ្មីនេះតែម្ដង។

ជាការកត់សម្គាល់មានប្រជាពលរដ្ឋនិយមលេងបណ្ដាញសង្គម និងជាអ្នកចូលចិត្តជិះកង់ហាត់ប្រាណ បានបង្ហាញរូបភាពរបស់ខ្លួនលើបណ្ដាញសង្គម នៅក្នុងសួនច្បារមុខទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងណង់ និងរូបអគារស្ដីការទាំងមូលផងដែរ។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងថា ទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្មីនេះនឹងក្លាយជាផ្នែកមួយទាក់ទាញ ដល់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់ជុំវិញក្រសួង និងជំរុញឱ្យសក្ដានុពលតំបន់ជុំវិញនោះមានសន្ទុះមួយកម្រិតទៀត។

លោកឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាអភិបាលសមាគមអ្នកជំនាញអចលចនទ្រព្យកម្ពុជាបានលើកឡើងថា នៅពេលរដ្ឋាភិបាលសម្រេចសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ រដ្ឋាភិបាលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅបំពេញការងាររបស់មន្ត្រីផង និងដើម្បីឱ្យពលរដ្ឋងាយស្រួលទៅរកសេវានៅក្រសួងផង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ ដែលជាកត្តាទាក់ទាញបន្ថែមដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់បន្តទៀត ។

លោកបានបន្តថា ការសាងសង់អគារទីស្ដីការក្រសួងថ្មីនេះនឹងជំរុញឱ្យសកម្មភាពការងាររបស់មន្ត្រី ដើម្បីបម្រើជូនពលរដ្ឋកាន់តែលឿនរហ័ស ហើយពលរដ្ឋក៏កាន់តែមានភាពងាយក្នុងការទទួលសេវាពីមន្ត្រីនៃក្រសួងដែនដីនគរូបនីយកម្មនេះដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ២៦ ៥៦៧ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់៣២.៥៣%។

អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសម័យតេជោដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឲ្យរស់ឡើងវិញជាសំណង់របស់រដ្នទុកតជំនាន់ ៕

សណ្ឋាគារលំដាប់អន្តរជាតិប្រកាសឈានជើងចូលទីផ្សារកម្ពុជាជាបន្តបន្ទាប់

ដោយៈ ម៉ាណេត

ភ្នំពេញៈ បើទោះបីជាកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនប្រកាសឈានជើងចូលទីផ្សារកម្ពុជាជាបន្តបន្ទាប់។

ក្រុមហ៊ុន Continent Crown Investment Management CO., LTD: គ្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ថា គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៨កន្លែង។

ក្រុមហ៊ុន JIN BEI PALACE CO., LTD កាលពីដើមខែឧសភា ឆ្នាំ២០២១ ប្រកាសថាមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែងដល់ប្រជាពលរដ្ឋ។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច WA Hospitality ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមដាក់ដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ និងកាស៊ីណូ Won Majestic ដែលមានចំនួន៣០០បន្ទប់ នៅខេត្តព្រះសីហនុ នៅត្រីមាសទី១ ឆ្នាំ២០២២ ។

ក្រុមហ៊ុន Wyndham Hotels & Resorts ដែលជាក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចដ៏ធំលើពិភពលោក កាលខែមេសា ឆ្នាំ២០២១ បានប្រកាសបើកដំណើរការលំដាប់ផ្កាយ៥របស់ខ្លួននៅក្រុងព្រះសីហនុ។ ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុសណ្ឋាគារ និងផ្តល់សេវាកម្ម គ្រប់គ្រងសណ្ឋាគារធំជាងគេបំផុតលើពិភពលោក និងមានសណ្ឋាគារចំនួន៨៩០០កន្លែង នៅទូទាំងប្រទេសចំនួន៩៥នៅទ្វីបចំនួន៦។

លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់ថា វិស័យសណ្ឋាគារគឺវិស័យមួយដែលមានសក្តានុពលមួយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

លោកស្រីបានថ្លែងថា ចំនួនសណ្ឋាគារ និងប្រ៊ែនអន្តរជាតិនៅមានកម្រិតនៅឡើយ ជាពិសេសនៅភ្នំពេញ ដូច្នេះវាគឺជាឱកាស។ បើទោះបីជាប្រទេសកម្ពុជាកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនក៏ដោយ ភ្នំពេញនៅតែមានល្អប្រសើរជាងបណ្តាទីរួមខេត្តក្រុងមួយចំនួន ដូចជាសៀមរាប និងព្រះសីហនុជាដើម។

លោកស្រីបានថ្លែងបន្តថា បើប្រៀបធៀបនឹងប្រទេសជិតខាងថៃ និងវៀតណាម ប្រ៊ែនសណ្ឋាគារល្បីៗនៅកម្ពុជាយើងមានចំននួនតិចជាងគេឡើយទេ ដូច្នេះវាជាគឺឱកាសមួយសម្រាប់អ្នកវិនិយោគ ក្នុងការនាំមកប្រ៊ែនសណ្ឋាគារល្បីៗ ដើម្បីប្រកួប្រជែងបានយូរអង្វែង បន្ទាប់ពីអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញ៕

រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើការអភិរក្សសត្វព្រៃនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ដើម្បីការងារសត្វព្រៃនៅកម្ពុជា ក្រសួងបរិស្ថានបានតាមដានសត្វកម្រជាច្រើនប្រភេទតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នេះ។

បើតាមថ្លែងឱ្យដឹងរបស់លោកនេត្រ ភក្ត្រារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។

ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។

លោកនេត្រ ភក្ត្រា បានមានប្រសាសន៍ថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបាន ភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។

លោករដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៃ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីក្រុមការងារអនុសមាសភាគ១.២ នៃគម្រោងនិរន្តរភាពតំបន់ទេសភាព និង
ទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ប្រមូលទិន្នន័យដ៏មានសារៈសំខាននេះ។

លោកនេត្រ ភក្ត្រាបានមានប្រសាសន៍ថា ការប្រមូលបានទិន្នន័យនៃ ប្រភេទសត្វព្រៃកម្រ នៅក្នុងដែនជម្រកសត្វព្រៃនៅពេលនេះ គឺជាដំណឹងដ៏ល្អបំផុតមួយថ្ងៃមុនពេលកម្ពុជា និងពិភពលោកទាំងមូលត្រៀមប្រារព្ធទិវាបរិស្ថានដែលក្នុងឆ្នាំនេះផ្តោតសំខាន់លើការស្តារឡើងវិញនៃប្រព័ន្ធអេកូឡូ ស៊ី ហើយកម្ពុជាបានផ្តោតជាសំខាន់លើប្រធានបទ«ជីវៈចម្រុះ និងសុខភាពមនុស្ស»។

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ៖ ១) ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ៥) ការឆ្លើយតបទៅនឹងគ្រោះអាសន្ន៕

ចិននឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ជាង១ពាន់លានដូសទៅប្រទេសជាមិត្តនៅត្រឹមដំណាច់ឆ្នាំ២០២១ ខណៈវ៉ាក់សាំងពីរមុខទៀតរង់ចាំ

ដោយៈសុខុម

ប៉េកាំង: រដ្ឋាភិបាលចិន អាចផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ បានរហូតដល់ទៅជាង១ពាន់លានដូសទៅបរទេសក្នុងឆ្នាំ២០២១នេះ ហើយអាចបង្កើនការផ្គត់ផ្គង់បន្ថែមទៀតនៅឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី៤ មិថុនា។

កាសែត Global Times បានចុះផ្សាយថា វ៉ាក់សាំងចិនចំនួន២ទៀត ដែលផលិតដោយក្រុមហ៊ុនឱសថ CanSino Biologics និងវិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងវូហាន (Wuhan Institute of Biological Products) កំពុងរង់ចាំការអនុម័តទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO)។

លោក Zheng Zhongwei នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា (Development Center for Medical Science and Technology) នៃគណៈកម្មការជាតិសុខាភិបាល របស់ប្រទេសចិនបានទម្លាយឱ្យដឹងថា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន CanSino Biologics និងវិទ្យាស្ថានផលិតផលជីវសាស្ត្រ ក្រុងវូហាន កំពុងស្ថិតក្នុងបញ្ជីឈ្មោះវ៉ាក់សាំង ដែលរង់ចាំការអនុម័តទទួលស្គាល់ជាផ្លូវការ ពីអង្គការសុខភាពពិភពលោក។

លោកបានថ្លែងបែបនេះ ក្នុងវេទិកាអាស៊ីក្រុងប៉អៅ ឆ្នាំ២០២១ (2021 Boao Forum for Asia) នៅក្រុង Qingdao ខេត្តសានតុង ប្រទេសចិន កាលពីថ្ងៃពុធ ទី២មិថុនា កន្លងទៅ។

ការប្រកាសនេះ ធ្វើឡើងក្រោយពីអង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នៅថ្ងៃទី៧ ខែឧសភា និងទទួលស្គាល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ៕

ក្រសួងទេសចរណ៍ផ្សព្វផ្សាយវីដេអូ ”ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា”

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍បានចេញ សេចក្តីប្រកាសព័ត៌មាន អំពីវីដេអូផ្សព្វផ្សា​យ “ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា នៃព្រះរាជាណាចក្រអច្ឆរិយៈ”។

យោងតាមសេចក្តីប្រកាសលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ក្រសួ​ងទេសចរណ៍បានឲន្យដឹងកាលពីថ្ងៃទី៤ មិថុនាកន្លងមកថា សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ យើងខ្ញុំសូមនាំលោក អ្នកទៅស្វែងយល់ពីអាថ៌កំបាំង នៃម្ហូបអាហារខ្មែរ ដែលពោរពេញដោយរសជាតិ ជាមួយវីដេអូ “ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា”។

“ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា” មានជាទម្រង់វីដេអូផ្សេងៗ ដែលអាចទាញយកពីតំណភ្ជាប់ខាងក្រោម។ រាល់ការប្រើប្រាស់ និងផ្សព្វផ្សាយវីដេអូនេះ ឬផ្នែកណាមួយនៃវីដេអូនេះ ត្រូវបញ្ជាក់ពីការរក្សាសិទ្ធិរបស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា៕

អាកាសយានដ្ឋានក្រុងព្រះសីហនុបានឈានដល់កម្រិត 4E ដែលអាចអនុញ្ញាត្តឲ្យយន្តហោះធំៗចុះចតបាន

ដោយៈ គង់ ម៉ាលីន

ព្រះសីហនុៈ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងកែលម្អអភិវឌ្ឍតាមជំហ៊ាន ឬដំណាក់កាលគម្រោង នូវហេដ្ឋារចនាសម្ព័ន្ធខ្លួនដើម្បីពង្រឹងសមត្ថភាព រហូតដល់កម្រិតលំដាប់ថ្នាក់អន្ដរជាតិ 4E និងពង្រីកពង្រីកប្រចែងផ្លូវរត់បានជាង៣.០០០ម៉ែត្រ វែងជាងគេនៅក្នុងចំណោម អាកាសយានដ្ឋានធំៗទាំងបីនៅកម្ពុជា។

នាយកអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ លោក វ៉ាន់ ណូរ៉ាក់ បានមាន​ប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ មិថុនាកន្លងមកថា ការវិវត្តន៍រីកចំរើនរបស់វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាពេលកន្លងមក ទាំងការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រមទាំងកំណើននៃជើងហោះហើរ និងអ្នកដំណើរឆ្លងកាត់ ក្នុងមួយថ្ងៃៗ មានជើងយន្តហោះចុះចត និងហោះហើរឆ្លងកាត់យ៉ាងតិច១៥គ្រឿង។

ប៉ុន្តែដោយសារវិបត្ដិជំងឺកូវីដ-១៩ បានកំពុងយាយីពិភពលោក បានធ្វើឱ្យការហោះហើរទាំងអន្ដរជាតិ និងក្នុងតំបន់ ត្រូវបានកំណត់កម្រិត និងផ្អាក ដែលធ្វើឱ្យជើងហោះហើរ និងអ្នកដំណើរឆ្លងកាត់មានការធ្លាក់ចុះ។ ជាក់ស្ដែងរយៈពេល៤ខែ នៅក្នុងឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ មានជើងហោះហើរសរុបចំនួន២៨៨ជើង និងអ្នកដំណើរឆ្លងកាត់សរុបចំនួន១១.៣៦០នាក់ ធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅក្នុងឆ្នាំ២០២០ គឺមានជើងហោះហើរសរុបចំនួន២.៥២៩ជើង និងអ្នកដំណើរឆ្លងកាត់សរុបចំនួន១៨២.៤៩០នាក់។

លោកវ៉ាន់ ណូរ៉ាក់បានបន្ដថា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ តម្រូវឱ្យក្រុមហ៊ុនSCA រៀបចំអភិវឌ្ឍន៍ព្រលានយន្តហោះ តាមកិច្ចព្រមព្រៀងឲ្យទៅជាព្រ លានយន្តហោះលំដាប់ស្ដង់ដារអន្ដរជាតិ4E ។

អាកាសយានដ្ឋាននេះ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់តាមដំណាក់កាល ដោយពង្រីកចាប់ពីចម្ងាយផ្លូវរត់ប្រវែង១.៨០០ម៉ែត្រ រហូតមកដល់លំដាប់ C4 ដែលមានប្រវែងផ្លូវរត់២.៥០០ម៉ែត្រ នឹងបន្ដពង្រីកបន្ថែមរហូតដល់លំដាប់4E ដែលមានប្រវែង៣.៣០០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ លំដាប់អន្ដរជាតិ ដែលអាចទទួលយន្ដហោះខ្នាតធំៗ ចុះចត និងរត់ហោះហើយបាន៕

ការសិក្សាៈ ខណ្ឌចំនួន៥ក្នុងទីក្រុងភ្នំពេញនៅតែមានអ្នកស្វែងរកទិញនិងជួលអចលនទ្រព្យជាច្រើនគេ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះបីជាមានការបិទខ្ទប់នាពេលកន្លងទៅ ក៏នៅមានអ្នកស្វែងរកទិញរឺជួលអចលនទ្រព្យជាច្រើន បន្តការស្វែងរករបស់ខ្លួនដដែល បើគិតពីពាក់កណ្តាលខែមេសា ដល់ពាក់កណ្តលខែមិថុនា រាជធានីភ្នំពេញ ទើបតែចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានសារជាថ្មី បន្ទាប់ពីឆ្លងកាត់ការបិទខ្ទប់ ដែលបានបន្តអស់រយៈកាលប្រមា​ណជាង៦សបា្តហ៍។

យោងតាមរយៈរបាយការណ៍របស់គេហទំព័រ Realestate.com.kh បានបង្ហាញថានៅក្នុងខែមីនា មានចំនួនអ្នកស្វែងរកមើលអចលនទ្រព្យច្រើន ជាងខែណាៗទាំងអស់នៅក្នុងឆ្នាំ២០២១ ដោយចំនួននេះ ត្រូវបានគេសម្គាល់ឃើញថា មានការធ្លាក់ចុះបន្តិចនៅក្នុងខែមេសា ដែលអាចបណ្តាលមកពីថ្ងៃឈប់សម្រាក ពិធីបុណ្យចូលឆ្នាំខ្មែរ និងវិធានបិទខ្ទប់នា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ថ្វីត្បិតបើចំនួនអ្នកស្វែងរកមើល អចលនទ្រព្យនាខែមេសានេះ មានការថមថយបន្តិចមែន តែវានៅមានចំនួនខ្ពស់ បើប្រៀបធៀបទៅនឹងខែមេសាកាលពីឆ្នាំ២០២០។

ខណ្ឌបឹងកេងកង គឺជាខណ្ឌឈរនៅលំដាប់ ដែលតែងតែទទួលបានការចាប់អារម្ម​ណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញសម្រាប់ខែមេសា ឆ្នាំ២០២១ នៅតែជាខណ្ឌបឹងកេងកង បន្ទាប់ខណ្ឌចំការមនឈរនៅលំដាប់ទី២ ទី៣ខណ្ឌដូនពេញ និងទី៤ខណ្ឌទួលគោក។ ប្រភេទអចលនទ្រព្យ ដែលគេនិយមស្វែងរកនៅក្នុងខណ្ឌទាំង៤នេះមាន៖ ១. អាផាតមិន/ខុនដូ ២. ផ្ទះផ្ទាល់ដី ៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម និង៤. ដី។

ដោយឡែក ខណ្ឌសែនសុខចុងក្រោយ ខណ្ឌដែលអ្នកស្វែងរកអចលនទ្រព្យឧស្សាហ៍ស្វែងរកជាងគេ ជាពិសេសទៅលើ អចលនទ្រព្យប្រភេទផ្ទាល់ដី។ ប្រភេទអចលនទ្រព្យដែលគេនិយម ស្វែងរកនៅក្នុងខណ្ឌចំការមនមាន៖ ១. អាផាតមិន/ខុនដូ ២. ផ្ទះផ្ទាល់ដី ៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម និង៤. ដី។

ជាមួយគ្នាដែរ យោងតាមការសិក្សាពីក្រុមហ៊ុន វាយតម្លៃអចលនទ្រព្យនៅកម្ពុជា បង្ហាញខណ្ឌ៥នៅរាជធានីភ្នំពេញ បានរក្សាតម្លៃល្អជាងគេ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ វិស័យអចលនទ្រព្យជាពិសេសវិស័យដីធ្លី នៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨-២០០៩ ឃើញថា តម្លៃដីធ្លីបានងើបឡើងបន្តិចម្ដងៗ រហូតដល់ឆ្នាំ២០២១នេះ ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺរីករាលដាលក៏ដោយ ក៏ឃើញថាមិនមានការធ្លាក់ចុះឬប្រែប្រួលនោះដែរ។

នៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌចំនួន៥ គឺខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេង និងទួលគោក តម្លៃដីចាប់ផ្ដើមមានកំណើនបន្តិចម្ដង ៗចាប់តាំងពីឆ្នាំ២០១១ ២០១២ ដោយសារតែមានការអភិវឌ្ឍច្រើន នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណ្ឌទាំងនោះ ដីធ្លីមានតម្លៃខ្ពស់ជាងគេ។

លោកសន សៀបស្ថាបនិកនិងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៥ ឧសភានេះថា នៅក្នុងឆ្នាំ២០១៧ តម្លៃដីធ្លីបានធ្លាក់ចុះរហូត-៨ភាគរយ និងបានងើបឡើងវិញ នៅក្នុងអំឡុងឆ្នាំ២០១៨ ឬ២០១៩ ហើយ២០២០ ទោះបីជាកម្ពុជាជួបវិបត្តិកូវីដ១៩ក្ដី តែខណ្ឌទាំង៥ក្នុងរាជធានីភ្នំពេញ នៅតែបន្តកើនឡើងប្រមាណ០,៥ភាគរយ។

លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្នក្នុងចំណោមខណ្ឌទាំង៥ ដែលមានសក្ដានុពល ឃើញថា ទួលគោកមានកំណើនជាងគេជុំវិញ២ភាគរយ។ ចំណែកខណ្ឌនៅជាយៗរាជធានីភ្នំពេញដូចជាខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌសែនសុខ មានសន្ទុះតម្លៃដីធ្លីងើបខ្ពស់ ជាពិសេសខណ្ឌដង្កោ៕