ចំណេះដឹងផ្សារហ៊ុន! ហេតុអ្វីវិនិយោគិនចាំបាច់ត្រូវបង់កម្រៃជើងសារ?

ដោយៈ សាវុធ

ភ្នំពេញ៖ ថ្លៃកម្រៃជើងសាររបស់លោកអ្នកនឹងបានទៅអង្គភាពផ្សេងៗគ្នាដែលមានតួនាទីនៅក្នុងទីផ្សារមូលបត្រ។ វានឹងជួយទ្រទ្រង់ប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធជួញដូរ និងមុខងារផ្សេងៗរបស់ទីផ្សារមូលបត្រទាំងមូល។ កម្រៃជើងសារនឹងត្រូវគិតតែនៅពេលបញ្ជារបស់លោកអ្នកត្រូវបានផ្គូផ្គងជោគជ័យតែប៉ុណ្ណោះ។

រាល់មូលបត្រទាំងអស់ដែលបានចុះបញ្ជីនៅផ.ម.ក. ត្រូវបានរក្សាទុកក្នុងទម្រង់អេឡិចត្រូនិចនៅប្រតិបត្តិកររក្សារទុកមូលបត្ររបស់ផ.ម.ក. ដែលនៅទីនោះ សន្តិសុខសុវត្ថិភាពនៃព័ត៌មានត្រូវបានធានាយ៉ាងខ្ពស់។

វាស្រដៀងគ្នាទៅនឹងការផ្ញើប្រាក់របស់លោកអ្នកនៅធនាគារដែរ ដែលនៅទីនោះ ព័ត៌មានអំពីកម្មសិទ្ធិប្រាក់របស់លោកអ្នកត្រូវបានរក្សាទុកប្រកប ដោយសុវត្ថិភាព, លើកលែងម្យ៉ាង គឺលោកអ្នកមិនអាចដកមូលបត្ររបស់លោកអ្នកមកកាន់កាប់ក្នុងទម្រង់ជាក្រដាសបានឡើយ។

ការផ្ទេរកម្មសិទ្ធិ នឹងត្រូវធ្វើឡើងនៅក្នុងប្រព័ន្ធ តាមរយៈការផ្ទេររវាងគណនី (book-entry system), គឺស្រដៀងគ្នានឹងការផ្ទេរលុយនៅក្នុងធនាគាមួយដូច្នោះដែរ៕

តម្លៃប្រេងលើទីផ្សារអន្តរជាតិនៅទ្រឹងបន្ទាប់ពីបណ្តាប្រទេសOPECបានពន្យាពេលកិច្ចប្រជុំ

ដោយៈ គៀតឈូ

មែលប៊នៈ តម្លៃប្រេងលើទីផ្សារអន្តរជាតិនៅថេរនៅពីថ្ងៃសុក្រនេះ បន្ទាប់ពីបណ្តារដ្ឋមន្រ្តីប្រទេសOPEC បានពន្យាពេលកិច្ចប្រជុំស្តីពីគោលនយោបាយផលិតប្រេង ខណៈប្រទេសអារ៉ាប់រួមបានបញ្ឈប់ផែនការផលិតប្រេងបន្ថែម២លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងមួយឆមាសទីពីរ ឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។

ប្រេងឆៅប្រេងនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក (WTI) បានកើនឡើង៥សេន ស្មើនឹង៧៥,២៨ដុល្លារក្នុងមួយបារ៉ែលនិង បានកើនឡើង២,៤ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែតុលា ឆ្នាំ ២០១៨។

ប្រេងឆៅប្រភេទ Brent បានកើនឡើង៤សេន ស្មើនឹង៧៥,៨៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ១,៦ ភាគរយកាលពីថ្ងៃព្រហស្បតិ៍។

ប្រេងឆៅទាំងពីរប្រភេទបានកើនឡើងគួរឱ្យកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ តាមគម្រោង ដែលគាំទ្រដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត និងរុស្ស៊ី សម្រាប់អង្គការនៃប្រទេសប្រេង និងសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថាជា OPEC ក្នុងការបន្ថែមការផលិតប្រេង៤០០,០០០បារ៉ែលក្នុងមួយខែ ចាប់ពីខែសីហា ដល់ខែធ្នូឆ្នាំ ២០២១ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ជាងការរំពឹងទុករបស់វិនិយោគិន។

តម្លៃប្រេងបានធ្លាក់ចុះវិញ បន្ទាប់បណ្តាប្រទេស OPEC ពន្យារពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដល់ថ្ងៃសុក្រនេះ។

អ្នកវិភាគនៅក្រុមហ៊ុន ING បាននិយាយថា “ការខកខានមិនបានឈានដល់កិច្ចព្រមព្រៀង (បន្ថែមការផលិតប្រេង) អាចមានន័យថានិងបន្តជាមួយនឹងកម្រិតផលិត ដូចបច្ចុប្បន្ន ដែលមានន័យថាទីផ្សារផលិតប្រេងនឹងស្ថិតនៅកម្រិតទាប ឬទាបជាងមុន៕

រឿងខ្លី “RISE” ដោយ Le Condé BKK1, បែបអប់រំលើកទឹកចិត្តទាំងអស់គ្នាឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

Le Condé BKK1 មានមោទនភាពនាំមកជូនរឿងខ្លីបែបអប់រំលើកទឹកចិត្ត ក្រោមចំណងជើងថា “RISE” ដែលក្នុងរឿងនេះឆ្លុះបញ្ចាំងពីតថភាពកើតមានឡើងក្នុងសង្គមកម្ពុជា កំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ១៩ រួមមាន៖ក្រុមហ៊ុនផ្អាកដំណើការ ភោជនីយដ្ធានត្រូវបានបិទ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការអនុវត្តន៏តួនាទីដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ធ។​ រឿងខ្លីនេះនឹងលើកទឹកចិត្តយើងទាំងអស់គ្នាឲ្យមានស្មារតីរឹងមាំ ទាំងកម្លាំងកាយ និងផ្លូវចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។​​

កំឡុងពេលករណីវិជ្ជមានកំពុងកើនឡើង វាបង្កផលលំបាកជាច្រើន ដល់សង្គមយើង រហូតដល់មានការបិទខ្ទប់ក្នុងទីក្រុងភ្នំពេញ និងតំបន់ខ្លះនៃខេត្តមួយចំនួន ជាពិសេសគឺប៉ះពាល់ដល់ផ្នែកសុខភាពប្រជាពលរដ្ធ និងសេដ្ឋកិច្ចផងដែរ។

បច្ចុប្បន្ន កូវីដ១៩ នៅតែជាបញ្ហាដ៏ចម្បងមួយ ដែលមានហានិភ័យដល់សុវត្ថិភាពផ្នែកសុខភាព ដែលនឹងមានផលប៉ះពាល់យ៉ាងខ្លាំងលើការចម្លងករណីក្នុងសហគមន៍។

ទន្ទឹមនឹងហានិភ័យនេះ យើងសង្កេតឃើញដំណើរការល្អគួរឲ្យកត់សម្កាល់នៅកម្ពុជា ដោយការសហការជាមួយអង្គការសុខភាពពិភពលោក នឹងដៃគូរផ្សេងៗ។ Le Condé BKK1 ក៏បានចូលរួមសកម្មភាពនេះផងដែរ ដោយបានអនុវត្តយ៉ាងម៉ត់ចត់ទៅតាមវិធានការ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីធានាឲ្យបាននូវអនាម័យខ្ពស់ និងសុវត្ថិភាពដល់បុគ្គលិកគ្រប់រូប និងអតិថិជនយើងផងដែរ។ ពួកគាត់ទាំងអស់តម្រូវឲ្យធ្វើតេស្តសីតុណ្ហភាព បាញ់ទឹកអាកុល និងស្កេនកូដសុវត្ថិភាពពីកូវីដ មុនពេលពួកគេចូលក្នុងការិយាល័យលក់។ បន្ថែមពីនេះ យើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើការរក្សាគម្លាត ហើយទីតាំងយើងត្រូវបានសម្អាតជាប្រចាំ និងតម្រូវឲ្យពាក់ម៉ាស់ជាចាំបាច់ ទៅតាមគោលការណ៍វិធានការរបស់ក្រសួង និងរដ្ឋាភិបាល។

យើងត្រូវតែមានក្តីសង្ឃឹម ហើយត្រូវចងចាំ និងអនុវត្ត ៣កុំ ៣ការពារ ដែលបានលើកឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

រឿងខ្លី “RISE” នឹងចាក់បញ្ចាំងនៅការិយាល័យលក់ Le Condé BKK1 នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

ម៉ោងចាក់បញ្ចាំង៖ ២:៣០ | ៣:៣០ | ៤:៣០ (ពេលរសៀល)។

ដោយគោរពតាមគោលការណ៏៣កុំ ៣ការពារបស់រដ្ធាភិបាល យើងខ្ញុំសូមកំណត់ចំនួនអ្នកចូលរួមទស្សនា ត្រឹមតែ ១៥នាក់ប៉ុណ្ណោះក្នុង១ពេល! ដូច្នេះ សូមធ្វើការចុះឈ្មោះជាមុននៅលើទំព័រហេ្វសបុកយើងខ្ញុំ។

ជាចុងក្រោយ សូមថ្លែងអំណរគុណដល់ដៃគូរសហការ សម្រាប់ការគាំទ្រនៅក្នុងការបង្កើតរឿងខ្លីនេះ។

សកម្មភាព RISE TOGETHER នេះគឺនៅតែបន្ត ហើយយើងស្វាគមន៍ដល់ក្រុមហ៊ុននានាក្នុងការចូលរួមជាមួយគ្នា ដើម្បីសង្គមរបស់យើង។

Le Condé BKK1 សូមជូនពរដល់អ្នកទាំងអស់គ្នាចៀសឲ្យឆ្ងាយពីកូវីដ១៩ និងសង្ឃឹមថាជំងឺរាតត្បាតនេះនឹងត្រូវបានបញ្ចប់ឆាប់ៗនេះ។

 

ហានិភ័យៈមេរោគកូវីដDelta ឆ្លងតាមរយៈខ្យល់ និងមានល្បឿនលឿនគួរឲ្យខ្លាច ខណៈអង្គការWHOព្រមាន

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ វីរុសកូវីដ១៩ បំប្លែងខ្លួន “Delta” ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា អាចឆ្លងលឿន និងខ្លាំងបំផុតប្រើពេលត្រឹមតែ៥ ទៅ១០វិនាទីប៉ុណ្ណោះ។

លោកស្រីវេជ្ជបណ្ឌិត Kerry Chant ប្រធានផ្នែកសុខាភិបាលនៃរដ្ឋ New South Wales បានចង្អុលបង្ហាញថា ករណីនេះកើតឡើងនៅឯផ្សារទំនើប Westfield Bondi Junction នៅជាយក្រុងស៊ីដនី បន្ទាប់ពីមនុស្ស២នាក់ដើរកាត់គ្នា និងក្បែរគ្នារយៈពេលពីរបីវិនាទី ពេលកំពុងដើរទិញឥវ៉ាន់ ។

ជាមួយគ្នានេះ លោកស្រី Lara Herrero អ្នកឯកទេសខាងរោគល្អិតនៃសាកលវិទ្យាល័យ Griffith បាននិយាយថា វីរុសនេះអាចស្ថិតនៅក្នុងខ្យល់បានយូរល្មម ហើយនៅពេលមនុស្សដកដង្ហើមចូល វានឹងឆ្លងតែម្ដង ។ ផ្អែកលើព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះ បានចង្អុលបង្ហាញថា វីរុសបំប្លែងខ្លួនឥណ្ឌា ហាក់ដូចជាប្រភេទវីរុសដែលសាហាវ និងរាតត្បាតខ្លាំងបំផុត។

លោកស្រីបន្តថា“អ្នកចាំទេ នៅពេលរោគរាតត្បាតកូវីដ១៩ ចាប់ផ្តើម ខ្ញុំបាននិយា​យអំពីទំនាក់ទំនងជិតស្និទ្ធ រយៈពេល១៥នាទី គឺជាក្តីបារម្ភ ប៉ុន្តែឥឡូវនេះវាហាក់ដូចជាចំណាយពេលត្រឹមតែ៥ ទៅ១០ វិនាទីប៉ុណ្ណោះ”។លោកស្រីបន្តថា “នេះជាការព្រួយបារម្ភ ហើយឥឡូវនេះហានិភ័យ គឺខ្ពស់ជាងឆ្នាំមុនទៅទៀត”។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Mike Ryan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា វីរុសបំប្លែងខ្លួននេះ អាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លងចូលកោសិកា ហើយយើងកំពុងត្រូវការការសិក្សាបន្ថែមទៀត ដើម្បីកំណត់ចំនួនករណីឆ្លងវីរុសនេះ ។

ចំណែកលោក Tedros Adhanom Ghebreyesus ប្រធាន WHO បានចេញការព្រមានក្នុងទិសដៅតែមួយថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺជាប្រភេទវីរុសបំប្លែងខ្លួនងាយឆ្លងបំផុត ។

លោកបញ្ជាក់ថា “ឥឡូវនេះវាបានរីករាលដាល នៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន៩៦ ជាពិសេសនៅក្នុងប្រទេសក្រីក្រ ដែលខ្វះខាតវ៉ាក់សាំង ហើយវានឹងរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់”៕

 

ព្រឹទ្ធសភាកម្ពុជាសម្រេចអនុម័តគម្រោងវិនិយោគលើវិស័យថាមពលតម្លៃជិត១ពាន់លានដុល្លារ

ដោយៈ ប៊ី

ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជាបានគាំទ្រនូវសំណើសេចក្តីព្រាងច្បាប់ចំនួន៤ របស់រាជរដ្ឋាភិបាល ចំពោះការធានាទូទាត់លើគម្រោងវិនិយោគវិស័យថាមពលអគ្គិសនី ដែលមានតម្លៃសរុបជិត១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសេចក្តីព្រាងច្បាប់ ដែលត្រូវបានព្រឹទ្ធសភាអនុម័ត ក្រោយពីបានពិភាក្សានិងឱ្យយោបល់ ក្រោមការដឹកនាំរបស់សម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ មានដូចជាៈ – ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ ស្យុង៥០០គីឡូវ៉ុល ពីខេត្ត បាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ។

– ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

– ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងការ ធានាទូទាត់របស់រាជរដ្ឋាភិ បាលកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

គម្រោងវិនិយោគចំនួន៣ ក្រៅពីការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម គឺស្ថិតក្នុងរូបភាពសាងសង់ អាជីវកម្ម ផ្ទេរ(BOT) ក្នុងទុនសរុបជិត១.០០០លានដុល្លារអាមេរិក ក្នុងនោះគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង មានតម្លៃជាង ៣៨៩លានដុល្លារ ក្នុងរយៈ ពេលសម្បទាន៣៩ ឆ្នាំ។

ចំណែក គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ មានតម្លៃសរុបជាង ១១០លានដុលារ ក្នុងរយៈ ពេលសម្បទាន២៧ឆ្នាំ ខណៈគម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ មានទុនសរុបជាង៣៣០លានដុល្លារ ក្នុងរយៈពេលសម្បទាន២៨ឆ្នាំ។

លោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គម្រោងវិនិយោគទាំង៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើកិច្ចសន្យាធានាការទូទាត់ឱ្យទៅក្រុមហ៊ុនវិនិយោគ ក្នុងករណីអគ្គិសនីកម្ពុជាមិនទទួលទិញថាមពលអគ្គិសនីក្រោយពីផលិតបាន ការបញ្ចប់គម្រោងវិនិយោគ ឬ ប្រធានសក្តិណាមួយផ្នែកនយោបាយដែលរាំងស្ទះដល់ការអភិវឌ្ឍ ក្នុងរយៈពេលនៃការផ្តល់សិទ្ធិសម្បទាន។

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនទីប្រឹក្សាមកពីប្រទេសជប៉ុន សហការជាមួយគណៈកម្មការអន្តរ ក្រសួង ដែលដឹកនាំដោយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សានិងរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងសម្រាប់រយៈពេលវែងពីឆ្នាំ២០២០ ដល់ឆ្នាំ២០៤០ ដើម្បីបំពេញឱ្យបានតាមតម្រូវការប្រើប្រាស់អគ្គិសនីផង និងក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដែលអាចធានាបានថា ការអភិវឌ្ឍវិស័យថាមពលស្ថិតក្នុងកម្រិតសមស្រប។

តាមការវិភាគ និងព្យាករណ៍របស់អ្នកជំនាញ ប្រសិនបើពុំមានអ្វីប្រែប្រួលទេ កំណើននៃសេចក្តីត្រូវការអគ្គិសនីនៅកម្ពុជា នឹងបន្តកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ មុននឹងថយចុះបន្តិចវិញមកក្បែរអត្រាកំណើនប្រហាក់ប្រហែលប្រទេសជិតខាង៕

ក្រុមហ៊ុនCentury21 Zillion Holdingចាប់ផ្តើមពង្រីកភ្នាក់ងារអចលនទ្រព្យ រហូតដល់មូលដ្ឋានឃុំទូទាំងប្រទេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនCentury21 Zillion holdingបាននិងកំពុងពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ រហូតដល់បណ្តាឃុំ សង្កាត់ទាំង១៦៤៦នៅទូទាំងប្រទេស។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Zillion Holdingបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ កក្កដានេះថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងផ្តល់ការងារអចលនទ្រព្យ ដល់ប្រជាពលរដ្ឋ ពិសេសយុវជននៅតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេស ជាមួយនឹងការបណ្តុះបណ្តាលត្រឹមត្រូវ ជាមួយនឹងប្រព័ន្ឋការ​ងារច្បាស់លាស់ និងការងារប្រកបដោយទំនុកចិត្ត និងក្រមសីលធ៌មវិជ្ជាជីវៈ។

លោកស្រីបន្តថា “ការពង្រីកសេវាកម្មដល់មូលដ្ឋាន ដើម្បីជួយគាត់អាចពង្រីកអាជី​វកម្ម ពិសេសការងារដីធ្លី និងលើកកំពស់សក្តានុពលនៅតាមមូលដ្ឋាន របស់គាត់ឲ្យមានការអភិវឌ្ឍកាន់តែឆាប់រហ័ស”។ លោកស្រីបន្តថា “យើងចង់ជួយបង្កើនប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋរបស់យើង និងជំរុញល្បឿននៃការអភិវឌ្ឍនៅតាមមូលដ្ឋាន និងបង្ហាញពីសក្តានុពលនៅតាមមូលដ្ឋាននិមួយៗ ដើម្បីទាក់ទាញការវិនិយោគ”។

លោកស្រីGrace Rachny Fongបានបន្តថា នៅតាមមូលដ្ឋានជាច្រើន មានសក្តានុពលក្នុងការអភិវឌ្ឍ ហេតុននេះភ្នាក់ងារនៅតាមមូលដ្ឋាន ពិតជាមានឱកាសក្នុងការបង្ហាញពីឱកាសវិនិយោគ បង្ហាញពីឱកាសរីកចម្រើន និងទាក់ទាញគំរោងអភិវឌ្ឍន៍នានាទៅកាន់ភូមិ ឃុំរបស់ខ្លួន ដែលនេះជាបេសកកម្មរបស់យើង ដើម្បីពង្រីកនិងជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕

ក្រុមហ៊ុនតៃវ៉ាន់បោះទុនជាង៤៧លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមនៅកម្ពុជា

ដោយៈ ម៉ាណេត

ស្វាយរៀងៈ ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដែលវិនិយោគដោយក្រុមហ៊ុនពីតៃវ៉ាន់ បានមកបណ្តាក់ទុនវិនិយោគប្រមាណ៤៧.៧លានដុល្លារអាមេរិក នៅកម្ពុជាក្នុងឆ្នាំ២០២១ ដើម្បីបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល។

ការបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមត្រូវបានធ្វើឡើង លើផ្ទៃដីទំហំ៣៥ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង២០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC កាលពីម្សិលមិញ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅទីតាំងរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ លោកសុខ ចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានសម្តែងការស្វាគមន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ពិចារណាទិញវត្ថុធាតុដើមក្នុងស្រុក ព្រោះការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនឹងធ្វើឱ្យក្រុមហ៊ុនអាចនាំចេញដោយបង់ពន្ធក្រោមអត្រា ០% ឬអត្រាទាប។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរក្រុមហ៊ុន ធ្វើយ៉ាងណាចៀសវាងឱ្យខាងតែបាននូវផលប៉ះពាល់បរិស្ថាន តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក៏ដូចជាការធ្វើប្រព្រឹត្តិកម្មសំណល់គ្រប់ប្រភេទ និងសហការជាមួយគ្រប់គ្រឹះស្ថានអប់រំ នៅក្នុងខេត្តស្វាយរៀង ជាពិសេស សាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីផ្តល់ឱកាសការងារដល់ក្មួយៗនិស្សិត។

លោករដ្ឋមន្ត្រីបានប្រាប់ឱ្យក្រុមហ៊ុនបានដឹងថា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការអនុញ្ញាតឱ្យកាត់កងចំណាយរហូតដល់១៥០% ពីមូលដ្ឋានគិតពន្ធ ចំពោះការចំណាយលើមធ្យោបាយដឹកជញ្ជូន ប្រកបដោយផាសុកភាពដល់កម្មករនិយោជិត, ការសាងសង់កន្លែងស្នាក់នៅ, កន្លែងបរិភោគអាហារ, ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ជាដើម។

តំណាងក្រុមហ៊ុនទាំងពីរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស CDC និងអាជ្ញាធរដែនដី ដែលបានផ្តល់ការគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានចុះមកពិនិត្យ ទីតាំងរោងចក្រជាក់ស្តែងនាថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុនបានសម្តែងការស្វាគមន៍សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី និងបានសន្យាថានឹងយកចិត្តទុកដាក់ក្នុងការចាត់វិធានការការពារបរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនកំពុងសាងសង់កន្លែងស្នាក់នៅរបស់កម្មករនិយោជិត៕

ដំណឹងល្អៈសម្តេចតេជោបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយលទ្ឋផលអវិជ្ជមាន ពីជំងឺកូវីដ១៩

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសពីការបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ជាមួយលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំ ទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ”។

ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថា នឹងពុំមានលើកទី៤ទៀតទេ។
“ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំ ត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់ គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ”។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ដោយសារតែសម្តេច បានជាប់ពាក់ព័ន្ធ ដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត និងធ្វើច ត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់៕

 

រដ្ឋាភិបាលអូស្ត្រាលីជើសរើសខេត្តព្រះសីហនុដើម្បីអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃក្រោមគម្រោង3iតម្លៃជាង៣៣លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាជ្រើសរើសខេត្តព្រះសីហនុ ដើម្បីគាំទ្រការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃ ជាមួយកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាមួយថវិកា៤៩លានដុល្លារអូស្ត្រាលី (៣៣,៦លានដុល្លារអាមេរិក)។ នេះបើយោងតាមការលើកឡើងរបស់ស្ថានទូតអូស្ត្រាលី។

លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី កាលចុងខែមិថុនា កន្លងទៅ បានធ្វើសុន្ទរកថាបើកសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពី “ការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ” ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាមួយថវិកា៤៩លានដុល្លារអូស្ត្រាលីរបស់យើង រួមជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ។

លោកគង់ វិតាណៈអភិបាលរងខេត្តព្រះសីហនុ បានធ្វើការបើកសិក្ខាសាលា ដែលផ្តោតលើការជ្រើសរើស និងផ្តល់អាទិភាព ដល់គំនិតផ្តួចផ្តើមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដើម្បីធ្វើការត្រួសត្រាយនៅក្នុងទីក្រុងនេះ ដែលជាផ្នែកមួយនៃការគាំទ្ររបស់យើងតាមរយៈកម្មវិធី3i ។

លោក Anthony Samson បាននិយាយថា “ការជ្រើសរើសគម្រោងទីក្រុងឆ្លាតវៃ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃរបស់យើង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អូស្រ្តាលីក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព លើជំងឺរាតត្បាតនេះ”។

យោងតាមស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា ដូចដែលលោកឯកអគ្គរាជទូតរបស់យើងបានលើកឡើង ក្នុងជំនួបជាមួយលោកអភិបាលខេត្តព្រះសីហនុ ថាការប្រកាន់យកនូវវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការអភិវឌ្ឍទីក្រុង ធ្វើឱ្យការផ្តល់សេវាប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ បានកាន់តែប្រសើរឡើង”៕

ហេតុផលដែលធ្វើឲ្យការវិនិយោគលើគម្រោងបុរី ណាឌីស្មើរនឹង “ការវិនិយោគសម្រាប់អនាគត”

ធ្លាប់ចាំបានពីពេលដែលអ្នកបានឮគេនិយាយថា “ទួលគោកនៅឆ្ងាយ” ដែរឬទេ។ នេះគឺជារឿង ធម្មតាមួយសម្រាប់អ្នកដែលវិនិយោគក្នុងវិស័យអចលនទ្រព្យ។ នៅពេលដែលអ្នកទិញអចលនទ្រព្យ មិនថាសម្រាប់រស់នៅ ឬសម្រាប់វិនិយោគនោះទេ អ្នកត្រូវតែមើលឃើញការទិញនេះជាការវិនិយោគ រយៈពេលវែង។ តំបន់ជុំវិញ និងទីតាំងក៏ជាកត្តាដែលកំណត់ពីប្រសិទ្ធិភាពនៃការវិនិយោគលើ លំនៅឋានថ្មីរបស់អ្នកផងដែរ។ តំបន់ជុំវិញ និងហេដ្ឋារចនាសម្ពន្ធ័ដ៏ល្អ គឺជាកត្តាសំខាន់ពីរដែលជម្រុញ ឱ្យការទិញគេហដ្ឋានថ្មីរបស់អ្នកទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។

នៅបុរីណាឌីយើងជ្រើសរើសទីតាំងពិសេសបំផុតនៅរាជធានីភ្នំពេញសម្រាប់លោកអ្នក និងពេលអនាគត។ ស្ថិតនៅចម្ងាយត្រឹមតែ 10 នាទីពីពហុកីឡដ្ឋានមរតកតេជោ អ្នករស់នៅក្នុងបុរី ណាឌីនឹងអាចរីករាយជាមួយនឹងព្រឹត្តិការណ៍កីឡាជាច្រើនរាប់បញ្ចូលទាំងព្រឹត្តិការណ៍កីឡា SEAGAME ដែលប្រារព្ធឡើងជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ពហុកីឡដ្ឋាននេះ ស្ថិតក្នុងចំណោមទីតាំងសំខាន់គួរឲ្យកត់សម្គាល់ជាច្រើនដែលនៅក្បែរនឹងបុរី ណាឌី។ តាំងពីដើមមក យើងសង្កេតឃើញថាទីក្រុងនានាដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមដូចជា ចាកាតា សិង្ហបុរី ហាណូយ និងកូឡាឡាំពួ មិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសនោះជាមួយនឹង ចំនួនអ្នកទេសចរកើនឡើងទ្វេដងតែប៉ុណ្ណោះទេ ក៏បង្កើនសន្ទុះនៃតម្លៃអចលនទ្រព្យនៅជុំវិញតំបន់ ស៊ីហ្គេមផងដែរ ។

អ្នករស់នៅក្នុងបុរី ណាឌីក៏អាចរីករាយនឹងការចេញទៅលេងនៅ សួនសត្វភ្នំពេញសាហ្វារី ដោយចំណាយពេលត្រឹមតែ 5 នាទីពីផ្ទះរបស់ពួកគេ។ សាកស្រម៉ៃអំពីដំណើរកម្សាន្តនៅថ្ងៃសៅរ៍ ទៅកាន់សួនសត្វភ្នំពេញសាហ្វារីដ៏ធំបំផុតនៃទីក្រុងភ្នំពេញ ជាមួយក្រុមគ្រួសាររបស់អ្នក ខណៈពេល ដែលលោកអ្នកក៏អាចរីករាយនឹងដំណើរកម្សាន្តជាមួយក្រុមគ្រួសារនៅថ្ងៃអាទិត្យមួយទៀតទៅកាន់សួនទឹកអន្តរជាតិតែមួយគត់ដែលស្ថិតនៅចម្ងាយតែ 5 នាទីពីគេហដ្ឋានរបស់អ្នក។ ប្រាកដណាស់ បុរី ណាឌីបានធ្វើឲ្យរឿងទាំងអស់នេះអាចទៅរួចដោយរក្សាទុកទីតាំងល្អបំផុតសម្រាប់ជាគេហដ្ឋានថ្មីរបស់អ្នក។

ដូចដែលអ្នកបានឃើញពីភាពទាក់ទាញនៃទីតាំងរបស់យើង បុរី ណាឌីតែងតែបោះជំហាន ទៅមុខមុនមួយជំហានជានិច្ច។ ទីតាំងបុរី ណាឌីមានដងវិថីជាច្រើនភ្ជាប់ទៅដល់ទីប្រជុំជនភ្នំពេញ។ ការស្ថាបនាស្ពានថ្មីនៅខណ្ឌឬស្សីកែវដែលតភ្ជាប់ទៅនឹងខណ្ឌជ្រោយចង្វារនឹងត្រូវបានរៀបចំរួចរាល់នៅពេលដែលម្ចាស់ផ្ទះគ្រប់គ្នានៅបុរី ណាឌីទទួលបានកូនសោរផ្ទះថ្មីរបស់ពួកគេ។  ស្ពានថ្មីនេះនឹងបន្ថែម ផ្លូវមួយខ្សែទៀតជំនួយឲ្យការចូលទៅកាន់ខណ្ឌឬស្សីកែវក៏ដូចជាខណ្ឌដទៃទៀត ឲ្យកាន់តែមានភាព ងាយស្រួលនិងលឿនជាងមុន។

ហាងទំនិញ និងផ្សារទំនើបកំពុង រីកដុះដាលកាន់តែច្រើនឡើងនៅខណ្ឌជ្រោយចង្វារ ផ្សារទាំង នេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនទាំងអស់ អាចបំពេញតម្រូវការដោយមិនចាំបាច់ ធ្វើដំណើរ ទៅម្ខាងទៀតនៃទីក្រុងព្រោះផ្សារទំនើបទាំងនេះ មានភាពល្បីល្បាញ និងពេញនិយមក្នុងចំណោម ប្រជាជនក្នុងស្រុក។ យីហោអន្ដរជាតិក៏កំពុងឈានជើងចូលមកដល់ ខណ្ឌជ្រោយចង្វារ ដែលរួមមាន Papa John, 7/Eleven, Starbucks និង យីហោរជាច្រើនទៀត ដែលនឹងមកដល់នៅពេលពហុកីឡដ្ឋានថ្មី ដំណើរការ។

ជាមួយនឹងបរិក្ខាររស់នៅ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបនាពេលអនាគត បុរី ណាឌី នឹងក្លាយជាការអភិវឌ្ឍលំនៅដ្ឋានដ៏មានសក្ដានុពលបំផុត នៅពេលការសាងសង់បញ្ចប់។ វិនិយោគិន ក្នុងស្រុក និងម្ចាស់គេហដ្ឋានថ្មីទាំងអស់ មិនគួរខកខានឱកាសនេះ ដូចជាការខកខានវិនិយោគ អចលនទ្រព្យនៅទួលគោកនោះទេ។

សម្រាប់អ្នកដែលកំពុងស្វែងរកគេហដ្ឋានដ៏ពិសិដ្ឋក៏ដូចជាការវិនិយោគដែលផ្ដល់ផលចំណេញ ខ្ពស់លើអចលនទ្រព្យ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នកនាពេលបច្ចុប្បន្ននេះ ខណៈបុរី ណាឌី កំពុងផ្តល់ជូននូវលក្ខខណ្ឌនៃការផ្ដល់ជូន និងជម្រើសបង់ប្រាក់ដ៏អស្ចារ្យក្នុងឱកាសសម្ពោធបើកការដ្ឋាន សាងសង់របស់ខ្លួន។ វិនិយោគសម្រាប់ពេលអនាគត វិនិយោគលើបុរី ណាឌី។
សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

បញ្ចប់

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ

លេខទំនាក់ទំនង: +855 96 820 6822  Email: [email protected]

 

លោក ង៉ែត ឧត្តមមុន្នី

ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: 089 648 770/ 098 831 868 , Email: [email protected]