ក្រុមហ៊ុនសឹង្ហបុរីដ៏ធំមួយដែលកំពុងវិនិយោគនៅកម្ពុជាចុះកិច្ចព្រមព្រៀងលក់ដីមួយកន្លែងក្នុងតម្លៃ១០០លានដុល្លារ

ដោយៈ ប៊ី

សិង្ហបុរីៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Oxley Holdings ដែលកំពុងវិនិយោគនៅកម្ពុជា រួមមានគម្រោង The Bridge និង The Peak បានចុះកិច្ចព្រមព្រៀងដើម្បីលក់ដីមួយកន្លែងរបស់ខ្លួននៅក្រៅប្រទេសក្នុងតម្លៃប្រមាណ១០០លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

អចលនទ្រព្យ (ដី) នេះមានតម្លៃប្រហែល៦០លានដុល្លារ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតថ្ងៃទី៣០ ខែមិថុនាឆ្នាំមុន ហើយចំណូលពីការលក់នឹងរួមចំណែកវិជ្ជមានដល់លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបញ្ជាក់ពីទីតាំងដី ដែលខ្លួននឹងលក់ ឬបញ្ចេញអត្តសញ្ញាណអ្នកទិញនោះទេ។

ក្រុមហ៊ុន Oxley រំពឹងថាការលក់ ប្រសិនបើបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំក្រោយ នឹងមានការបង្កើនប្រាក់ចំណូលដែលរំពឹងទុក ក្នុងមួយហ៊ុន របស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ ។

ក្រុមហ៊ុនបានឱ្យដឹងថា ប្រាក់តម្កល់១០ភាគរយនៃថ្លៃលក់ត្រូវបានបង់ ហើយប្រាក់នៅសល់នឹងត្រូវបង់នៅពេលបញ្ចប់ការលក់ ដែលមានលក្ខខណ្ឌ នៅពេលទទួលបានការយល់ព្រមពីបទប្បញ្ញត្តិ ដើម្បីអនុញ្ញាតឱ្យមានការអភិវឌ្ឍតំបន់នេះ ក្នុងរយៈពេល១២ ខែគិត ចាប់ពីថ្ងៃកិច្ចសន្យា៕

ក្រុមហ៊ុនហុងក្រុងFirst Goldជួយផ្សព្វផ្សាយពីគេទំព័ Property Area Asia ក្នុងសៀវភៅរំលឹកខួបលើកទី៣០ឆ្នាំរបស់ខ្លួន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Prestige Homes Cambodia មានមោទនភាពសូមប្រកាសថា ដៃគូអាជីវកម្មរបស់យើង ក្រុមហ៊ុន First Asia Merchants Bullion Limited (First Gold) ជាអ្នកចាប់ផ្តើមដំបូងលើលោហៈធាតុមានតម្លៃ (មាស) នៅហុងកុង នឹងប្រារព្ធខួបលើកទី៣០ឆ្នាំ របស់ខ្លួននៅឆ្នាំនេះ។

ដើម្បីប្រារព្ធព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្រុមហ៊ុន First Gold នឹងបោះពុម្ពសៀវភៅរំលឹកខួបលើកទី៣០ឆ្នាំ (សៀវភៅផ្សព្វផ្សាយពាណិជ្ជកម្ម)។

យើងសូមអញ្ជើញគេទំព័រ Property Area Asia ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ និងចែករំលែកភាពជោគជ័យរបស់ក្រុមហ៊ុន First Gold ដោយផ្តល់ឱ្យការផ្សាយពាណិជ្ជកម្មពាក់កណ្តាលទំព័រដោយឥតគិតថ្លៃនៅក្នុងសៀវភៅរំលឹកខួបអនុស្សាវរីយ៍នេះ។

សៀវភៅរំលឹកខួបនេះផ្តល់នូវបណ្តាញឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់លោកអ្នក ដើម្បីឈានដល់ការបង្ហាញជាសកលចំពោះសាជីវកម្មពហុជាតិ។ តាមរយៈការផ្សាយពាណិជ្ជកម្ម អ្នកអាចផ្សព្វផ្សាយអាជីវកម្ម និងផលិតផលរបស់អ្នកដល់អតិថិជនជាច្រើនរបស់យើងនៅជុំវិញពិភពលោក។

ទោះបីជាក្រុមហ៊ុន First Gold នៅតែមានឫសគល់យ៉ាងជ្រៅនៅក្នុងទីក្រុងហុងកុង ក្នុងរយៈពេលជាង៣០ឆ្នាំនៃប្រវត្តិសាស្រ្តរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុនបានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ ទៅក្នុងវិស័យអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងអភិវឌ្ឍយ៉ាងជិតស្និទ្ធនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយភាគីឈានមុខជាច្រើន ដើម្បីលើកកម្ពស់ទីផ្សារមាសលើពិភពលោក។

យើងសង្ឃឹមថានឹងបង្កើតទំនាក់ទំនងបរិយាកាសពាណិជ្ជកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ និងអាចទុកចិត្តបាននាពេលអនាគតរវាងអ្នកនិង First Gold៕

តើក្រុមហ៊ុនស្ថាបត្យកម្មធំបំផុតក្នុងពិភពលោកមានឈ្មោះអ្វី និងមានប្រវត្តិបែបណា?

ដោយៈសុខុម

អន្តរជាតិៈ ដូចដែលយើងបានដឹងហើយថា វិស្វករគឺជាអ្នកទទួលបន្ទុកផ្នែកសាងសង់ ចំណែកឯស្ថាបត្យករគឺជាអ្នកគូរប្លង់អគារ។ ប៉ុន្តែអ្នកដឹងទេថា តើក្រុមហ៊ុនណាជាក្រុមហ៊ុនស្ថាបត្យកម្ម ឬគូរប្លង់អគារធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១?។

ដើម្បីជ្រាបច្បាស់ថា តើក្រុមហ៊ុននោះមានឈ្មោះអ្វី ស្ថិតនៅប្រទេសណា និងមានប្រវត្តិបែបណា សូមមកស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Urban Developer ឱ្យដឹងថា ក្រុមហ៊ុន Gensler នៅសហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនស្ថាបត្យកម្មធំបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១។ ក្រុមហ៊ុននេះមានការិយាល័យចំនួន៤៩ទីតាំង នៅទូទាំងពិភពលោកជាមួយនឹងបុគ្គលិកជាង៦.០០០នាក់ និងទទួលបានប្រាក់ចំណូលចន្លោះពី១ពាន់លានដុល្លារ ទៅ១,៥ពាន់លានដុល្លារ។

*ប្រវត្តិក្រុមហ៊ុន
លោក Art Gensler ដែលជាស្ថាបត្យកររួមជាមួយភរិយារបស់លោក គឺលោកស្រី Drue Gensler ព្រមទាំងសហការីម្នាក់ឈ្មោះ James Follett បានរួមគ្នាបង្កើតក្រុមហ៊ុន Gensler ក្នុងឆ្នាំ១៩៦៥ ពោលគឺកាលពី៥៦ឆ្នាំមុន។ ដំបូងឡើយ ពួកគាត់បានផ្ដោតលើការរចនាផ្ទៃខាងក្នុង នៃអគារការិយាល័យដែលសាងសង់រួចថ្មីៗ រួមមាន ទាំងអគារកម្ពស់១២០ជាន់ Alcoa Building (ឆ្នាំ១៩៦៧) និងអគារធនាគារអាមេរិក Bank of America Building (ឆ្នាំ១៩៦៩) ដែលសុទ្ធតែស្ថិតនៅក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ។

ចាប់តាំងពីនោះមក ក្រុមហ៊ុននេះបានអភិវឌ្ឍស្ថាបត្យកម្ម និងការឌីហ្សាញជាច្រើនទម្រង់យ៉ាងសម្បូរបែប រួមមានទាំងអគារការិយាល័យជួល មជ្ឈមណ្ឌលលក់រាយ អាកា​សយានដ្ឋាន គ្រឹះស្ថានសិក្សា កន្លែងកម្សាន្ត ការធ្វើផែនការ និងការឌីហ្សាញប្លង់ទីក្រុង ការពិគ្រោះយោបល់ ការឌីហ្សាញម៉ាកយីហោ (Brand) និងវិស័យផ្សេងៗទៀត។

ក្រុមហ៊ុននេះ មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបើកការិយាល័យនៅទូទាំងសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ហើយបន្ទាប់មកបានពង្រីកខ្លួនទៅបរទេសនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០។ ក្រុមហ៊ុននេះ បានបន្តពង្រីកខ្លួនទៅដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្រុងតូក្យូ ប្រទេសជប៉ុន ក្រុងហុងកុង ក្រុងសៀងហៃ ប្រទេសចិន និងប្រទេសជាច្រើនទៀតរហូតឈានដល់៤៩ទីតាំង នាពេលបច្ចុប្បន្ន។

*គម្រោងធំៗគួរឱ្យកត់សម្គាល់ដែលក្រុមហ៊ុននេះសម្រេចបាន
– ពហុកីឡដ្ឋាន Banc of California Stadium នៅឡូសអែនជើឡេស កាលីហ្វ័រញ៉ា ឆ្នាំ២០១៨។
-អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម The Avenues ដំណាក់កាលទី៥ នៅកូវែត ឆ្នាំ២០១៨
– អគារទីស្នាក់ការកណ្ដាល NVIDIA Corporate Campus នៅកាលីហ្វ័រញ៉ា ឆ្នាំ២០១៨
– សាលសន្និសីទ Costa Rica Convention Center នៅកូស្តារីកា ឆ្នាំ២០១៨
– សណ្ឋាគារកម្ពស់៣៧ជាន់ Fairmont Austin នៅរដ្ឋតិចសាស ឆ្នាំ២០១៨
– អគារ Johnson Controls HQ Asia Pacific នៅក្រុងសៀងហៃ ប្រទេសចិន ឆ្នាំ២០១៧។
– អគារការិយាល័យ E. & J. Gallo Winery Dry Creek Building នៅកាលីហ្វ័រញ៉ា ឆ្នាំ២០១៧។
– សណ្ឋាគារ៤រដូវកាល Burj Alshaya Four Seasons នៅកូវែត ឆ្នាំ២០១៧
– អគារទីស្នាក់ការកណ្ដាល Hyatt Headquarters នៅឈីកាហ្គោ ឆ្នាំ២០១៧
– អគារទីស្នាក់ការកណ្ដាលក្រុមហ៊ុនកូកាកូឡា Coca-Cola Company Headquarters នៅរដ្ឋ Georgia ឆ្នាំ២០១៦។
– អគារស្នាក់ការកាសែត The Washington Post នៅវ៉ាស៊ីនតោនឌីស៊ី ឆ្នាំ២០១៦
– អគារសណ្ឋាគារ Westin DEN and Transit Center នៅរដ្ឋខូឡូរ៉ាដូ ឆ្នាំ២០១៥
– អាកាសយានដ្ឋាន Jackson Hole Airport នៅរដ្ឋ Wyoming ឆ្នាំ២០១៥
– អគារទីស្នាក់ការកណ្ដាល Condé Nast Headquarters នៅញូវយ៉ក ឆ្នាំ២០១៥
– អគារ Shanghai Tower នៅក្រុងសៀងហៃ ប្រទេសចិន ឆ្នាំ២០១៥
– អគារ៣២ជាន់ The Tower at PNC Plaza នៅរដ្ឋ Pennsylvania ឆ្នាំ២០១៤
– អគារព្រះវិហារគ្រិស្ត Gratz Center នៅឈីកាហ្គោ ឆ្នាំ២០១២
– អាកាសយានដ្ឋានអន្តរជាតិ San Francisco International Airport ក្រុងសានហ្វ្រានស៊ីស្កូ ឆ្នាំ២០១១។
– សណ្ឋាគារប្រណីត The Ritz-Carlton Hotel & Residences and JW Marriott នៅឡូសអែនជើឡេស កាលីហ្វ័រញ៉ា ឆ្នាំ២០១០។
– អាកាសយានដ្ឋាន John F. Kennedy International Airport នៅញូវយ៉ក ឆ្នាំ២០០៨
– អគារ 2000 Avenue of the Stars នៅឡូសអែនជើឡេស កាលីហ្វ័រញ៉ា ឆ្នាំ២០០៧
– អគារ The Gate មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្រុងឌូបៃ អារ៉ាប់រួមអេមីរ៉ាត ឆ្នាំ២០០៤៕

តើអចលនទ្រព្យតម្លៃលើសពីប៉ុន្មានទើបជាប់កាតព្វកិច្ចពន្ធ និងអចលនទ្រព្យប្រភេទណាមានការលើកលែងពន្ធ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។

ពន្ធនេះជាប្រភេទពន្ធផ្ទាល់ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះ សម្រាប់ជាផលប្រយោជន៍ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ។

កាតព្វកិច្ច
អ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំ ចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ឬ អាចយកដោយផ្ទាល់ នៅតាមសាខាពន្ធដារខេត្ត/ខណ្ឌ ដោយឥតគិតថ្លៃ។ អចលនទ្រព្យដែលមានតម្លៃតិចជាង១០០លានរៀល ពុំមានកាតព្វកិច្ចចុះបញ្ជីទេ។
ឯកសារភ្ជាប់សម្រាប់មកចុះបញ្ជីអចលនទ្រព្យមានដូចជា៖
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬ លិខិតឆ្លងដែន
• សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ
• បណ្ណសម្គាល់កម្មសិទ្ធ ឬ សិទ្ធិកាន់កាប់អចលនវត្ថុ
• ក្នុងករណីអចលនទ្រព្យទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់ជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញនិងអ្នកលក់។

បន្ទាប់ពីចុះបញ្ជីអចនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវផ្តល់ពត៌មាន មករដ្ឋបាសារពើពន្ធ ប្រសិនបើមានការផ្លាស់ប្តូរដូចខាងក្រោម៖

• ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
• ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
• អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ។
• អចលនទ្រព្យត្រូវបំបែកលក់ ឱ្យជាអំណោយ៕

ហេដ្ឋារចនាសម្ព័ន្ឋតម្លៃ២៥០០លានដុល្លាររបស់ទីក្រុងរណបកោះនរាកំពុងវិវត្តន៍ល្អប្រសើរ ទោះប្រឈម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងរណបកោះនរា ដែលមានទំហំ១២៥ហិកតា និងគ្រោងចំណាយទឹកប្រាក់ រហូតដល់២៥០០លានដុល្លារបាននិងកំពុងវិវត្តន៍ឆ្ពោះទៅមុខយ៉ាងប្រសើរ ទោះជាប្រឈមនឹងកង្វះកម្មករក្តី។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានឱ្យដឹងកាលពីថ្ងៃទី១ កក្កដាកន្លងមកថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ កំពុងវិវត្តន៍ទៅមុខល្អប្រសើរ បដោយបច្ចុប្ប​ន្នការងារចាក់ដីបំពេញ សម្រេចបាន៦០ភាគរយនៃផែនការ និងការងារសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាសម្រេច២០ភាគរយ ហើយការងារសាងសង់ជារួមសម្រេចបាន៣០ភាគរយផងដែរ។

លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនេះ នៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការ ពិតជាពិបាកបន្តិច ដោយសារវាមានលក្ខខណ្ឌចាក់វ៉ាកសាំង និងចត្តាឡីស័ក”។ លោកបន្តថា “វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ល្បឿនការងាររបស់​យើងប្រមាណ៥០ភាគរយ ប៉ុន្តែការងារទាំងអស់ យើងនឹងជំនះឆ្ពោទៅមុខ មិនរាថយនោះទេ។

ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះនរា តាំងពីខែ តុលា ឆ្នាំ ២០១៨ ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុនប៉ុណ្ណោះ។

អ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្គនាយកក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ និងកោះរាថា នៅពេលទីក្រុងរណបនេះដំណើរការពេញលេញ សមិទ្ឋផលនេះនឹងរួមចំណែកផ្តល់ចំណូលពន្ឋដល់​រដ្ឋាភិបាលប្រមាណ២៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក ទឹកដីស្រុកអន្លង់វែង ឆ្ងាយដាច់អាល័យ

ដោយៈ គង់ ម៉ាលីន

ឧត្តរមានជ័យៈ​ ស្លាកស្នាម និងកេរដំណែលនៃមេដឹកនាំខ្មែរក្រហម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានរឿងរ៉ាវជាច្រើនគួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពាក្យចងចាំ និងគួរឲ្យចាប់អារម្មណ៍ជាងគេរបស់តាម៉ុក គឺ “លើម៉ុកមានមួក លើមួកមានមេឃ”។

ស្រុកអន្លង់វែងជាទីតាំងដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍មួយ ដែលនៅជាប្រធានបទសម្រាប់ការពិភាក្សាវែកញែក ដោយសារតែប្រវត្តិសាស្ត្ររបស់ខ្លួន។ អន្លង់វែងបានក្លាយជាស្រុកចុងក្រោយគេបង្អស់ ដែលធ្វើសមាហរណកម្ម ចូលក្នុងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ បន្ទាប់ពីលោកឈិត ជឿន ហៅ (តា ម៉ុក) អតីតមេដឹកនាំខ្មែរក្រហម បានគ្រប់គ្រងតំបន់នេះចាប់តាំងពីឆ្នាំ១៩៨៩។

តាម៉ុក ធ្លាប់ជាប្រធានភូមិភាគនិរតីរបស់រប​បខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”។ របបនេះត្រូវបានជឿថាទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជិត២លាននាក់។

នៅក្នុងពេលដែលតា ម៉ុកគ្រប់គ្រងស្រុកអន្លង់វែង អំណាចរបស់តាម៉ុក រីកដុះដាលកាន់តែខ្លាំងឡើង ហើយប្រជាជនស្រុកអន្លង់វែង មានសេចក្តីគោរព ចំពោះតាម៉ុកយ៉ាងខ្លាំង។

ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាជនរបស់គាត់ តា ម៉ុក បានចំណាយពេលជាច្រើនខែ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានក្លាយជាកេរ្តិ៍ដំណែលនៃសម័យកាលដែល តា ម៉ុក កាន់អំណាចនៅស្រុកអន្លង់វែង (១៩៨៩-១៩៩៨)។

សព្វថ្ងៃនេះ អតីតផ្ទះតាម៉ុក គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែងទាំង១៤ ដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានប្រែក្លាយទៅជាសារមន្ទីរនៅដើមឆ្នាំ២០០០។

នៅពេលធ្វើដំណើរដល់ស្រុកអន្លង់វែង ភ្ញៀវទេសចរកម្រខកខានឱកាស ក្នុងការចូលទៅទស្សនា “សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង” ដែលធ្លាប់ជាផ្ទះរបស់តាម៉ុកនេះណាស់។

បច្ចុប្បន្ន មានពិព័រណ៌រូបថត១០០សន្លឹក បានដាក់តាំងបង្ហាញជូនសាធារណជននៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ដែលរូបថតនីមួយៗ បានកំពុងរំលឹកនូវរឿងរ៉ាវដ៏ច្រើនអនេកស្តីពី អតីតកាលដ៏អន្ធការរបស់ប្រទេសកម្ពុជា និងបម្រើឱ្យការចងចាំ និងការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅចំពោះសម័យកាលនោះ៕

រោងចក្រផលិតសំបកកង់យានយន្តតម្លៃ៣៥០លានដុល្លារប្រកាសបញ្ជាទិញកៅស៊ូ១០០ភាគរយនៅកម្ពុជា

ដោយៈ ម៉ាណេត

ស្វាយរៀងៈ រោងចក្រផលិតសំបកកង់យានយន្ត ដែលបានបោះវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិកនៅកម្ពុជា ប្រកាសថានឹងបញ្ជាទិញកៅស៊ូក្នុងស្រុក១០០%សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ CDC បំពេញទស្សនកិច្ចការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់រោងចក្រ របស់ក្រុមហ៊ុន Cart Tire Co., Ltd និងក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដោយមានការចូលរួមពីលោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងតំណាងក្រសួង ស្ថាប័នប្រចាំការនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត។

ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្ត ក្នុងទុនវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង៤.០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។

លោក សុខ ចិន្តាសោភា បានសម្តែងការស្វាគមន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន Cart Tire Co., Ltd ដែលនឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០% សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត ដោយនៅឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន ស្មើនឹងប្រមាណ៤៣ភាគរយ នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរក្រុមហ៊ុនទាំងពីរ ធ្វើយ៉ាងណាជៀសវាង ឱ្យខាងតែបាននូវផលប៉ះពាល់បរិស្ថាន តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក៏ដូចជាការធ្វើប្រព្រឹត្តិកម្មសំណល់គ្រប់ប្រភេទ និងសហការជាមួយគ្រប់គ្រឹះស្ថានអប់រំ នៅក្នុងខេត្តស្វាយរៀង ជាពិសេស សាកលវិទ្យាល័យ ស្វាយរៀង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីផ្តល់ឱកាសការងារដល់ ក្មួយៗនិស្សិត។

លោកបន្តថា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការអនុញ្ញាតឱ្យកាត់កងចំណាយរហូតដល់១៥០% ពីមូលដ្ឋានគិតពន្ធ ចំពោះការចំណាយលើមធ្យោបាយដឹកជញ្ជូន ប្រកបដោយផាសុកភាពដល់កម្មករនិយោជិត ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ជាដើម។

ជាការឆ្លើយតបនឹងសំណូមពររបស់លោករដ្ឋមន្ត្រី ក្រុមហ៊ុន Cart Tire Co., Ltd បានជម្រាបជូនថា ក្រុមហ៊ុនបានមានកិច្ចសហការល្អ ជាមួយគ្រឹះស្ថានអប់រំ ក៏ដូចជាសា​កលវិទ្យាល័យស្វាយរៀងរួចហើយ ដើម្បីស្វែងរកសិស្ស/និស្សិត ឱ្យមកបម្រើការងារនៅក្នុងរោងចក្រ។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុនទាំងពីរ បានសម្តែងការស្វាគមន៍សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី និងបានសន្យាថានឹងយកចិត្តទុកដាក់ ក្នុងការចាត់វិធានការការពារបរិស្ថាន និងលើកកម្ពស់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ក្រុមហ៊ុនកំពុងសាងសង់កន្លែងស្នាក់នៅ របស់កម្មករ និយោ​ជិតផងដែរ៕

តើប្រទេសណាមានចំនួនអ្នកប្រើប្រាស់ Facebook ច្រើនជាងគេបំផុតនៅក្នុងពិភពលោក

ដោយៈវល័ក្ខ

អន្តរជាតិៈ Facebook ដែលត្រូវបានគេស្គាល់ថា ជាបណ្ដាញសង្គមមួយដ៏មានប្រជា​ប្រិយភាព និងពេញនិយមបំផុតនាពេលបច្ចុប្បន្ន ជាពិសេស គឺជាបណ្ដាញសង្គមដែលមានចំនួនអ្នកប្រើប្រាស់ ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះប្រទេសដែលមានអ្នកប្រើប្រាស់ច្រើន ជាងគេមិនមែនអាមេរិកទោះទេ។

យោងតាមរបាយការណ៍របស់ស្ថាប័នវិភាគ Statista បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ឥណ្ឌាបានក្លាយ ជាប្រទេសមួយ ដែលមានចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈអាមេរិកឈរនៅលេខរៀងទី២ និងឥណ្ឌូនេស៊ីស្ថិតនៅលេខរៀងទី៣។

នៅក្នុងរបាយការណ៍បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ បានចំនួនជាង៣៣០លាននាក់ ដោយប្រមាណ៧៨ភាគរយបានប្រើប្រាស់ Facebook នៅលើទូរស័ព្ទដៃ និងបានអនឡាញជាប្រចាំ។ ចំណែកអាមេរិកវិញ មានចំនួនអ្នកប្រើ១៩០នាក់ និងឥណ្ឌូនេស៊ីមានចំនួន១៤០នាក់ ។

កាលពីថ្មីៗនេះផងដែរ ក្រុមហ៊ុន Facebook បានប្រកាសថា ចំនួនអ្នកប្រើប្រាស់សរុបបានកើនឡើងដល់ជាង២.៨ពាន់លាននាក់ ក្នុងនោះមានប្រមាណ៨១ភាគរយបានប្រើប្រាស់ App នៅលើទូរស័ព្ទដៃដើម្បីអនឡាញ និងបានក្លាយជាកម្មវិធីមួយ ដែលមានការទាញ យកពី App Store និង Play Store ច្រើនជាងគេប្រចាំខែឧសភា។

ក្រុមហ៊ុន Facebook ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយលោក Mark Zuckerberg ជាស្ថាបនិក និងនាយកប្រតិបត្តិ (CEO) ដោយនៅក្នុងឆ្នាំ២០២០ រកចំណូលបានជាង៨៦ពាន់លានដុល្លារអាមេរិក៕

ក្រសួងទេសចរណ៍កំពុងត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរណ៍ អន្តរជាតិនាពេលខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិ ដើម្បីទទួលភ្ញៀវទេសចរណ៍អន្រជាតិនាពេលខាងមុខនេះ ខណៈរដ្ឋមន្រ្តីក្រសួងនេះបានបង្ហើបថា ភាពសាំក្នុងសហគមន៍ជារឿងចាំបាច់។

លោករដ្ឋមន្ត្រីទេសចរណ៍ លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កក្កដានេះថា ក្រសួងទេសចរណ៍ បានត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។

លោកបន្តថា “ភាពរឹងមាំនេះ ពឹងផ្អែកសំខាន់លើការបង្កើតភាពសាំ ក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ “៣កាពារ ៣កុំ”។

ស្ថិតនៅលើជ្រុង នៃការទទួលខុសត្រូវក្នុងវិស័យទេសចរណ៍ ព្រមជាមួយនឹងភាពសាំក្នុងសហគមន៍ ភាពរឹងមាំនៃវិស័យទេសចរណ៍ក្នុងស្រុក ក៏ត្រូវពឹងផ្អែកលើការងារសំខាន់ៗចំនួន៤ដូចជា ទី១ បន្តជំរុញណែនាំ និងត្រួតពិនិត្យដល់មូលដ្ឋានអាជីវកម្មទេសចរ​ណ៍ ត្រូវចូលរួមអនុវត្តឱ្យបាន ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក។

វិធានសុវត្ថិភាពទេសចរណ៍បង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ជាពិសេសក្នុងបរិបទ ដែលតម្រូវសម្របខ្លួននឹងគន្លងប្រក្រតីភាពថ្មីនាពេលនេះ។

ទី២ បន្តការងារបណ្តុះបណ្តាលជំនាញតាមអនឡាញ និងពង្រឹងបង្វែរការបណ្តុះបណ្តាលនេះឱ្យចំគោលដៅ (បណ្តុះបណ្តាលទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩)។

ទី៣ បន្តការងារពង្រឹង និងគាំទ្រផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការពង្រឹងជំនាញ និងគុណភាពសេវាកម្មនៅទីនោះ។ បច្ចុបន្ន ក្រសួងឃើញមានការប្តូរនិន្នាការថ្មីៗឆ្ពោះទៅរកប្រភេទទេសចរណ៍បែបសហគមន៍ អេកូទេសចរណ៍ និងប្រភេទសេវាកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យា (contactless) ដែលក្នុងបរិការនេះ ការខិតខំគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព និងគុណភាពស្របតាមស្តង់ដា ជាបញ្ហាសំខាន់បំផុត ជាអាទិស្តង់ដាសហគមន៍ទេសចរណ៍ ស្តង់ដាការធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ ( Hikking,Trekking)។ល។

ទី៤ បន្តការងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគ្រប់ស្ថាប័នភាគីពាក់ព័ន្ធនូវផែនការយុទ្ធសាស្ត្រ អនុវត្តបន្តរបស់វិស័យទេសចរណ៍ ដែលបច្ចុប្បន្នក្រសួងមានរួចហើយនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ព្រមទាំងវិធានសុវត្ថិភាពទេសចរណ៍។

លោកថោង ខុនបានបញ្ជាក់ថា ក្រសួងទេសចរណ៍ សំដែងនូវការរីករាយយ៉ាងខ្លាំងនិងសូមគាំទ្រទាំងស្រុង ចំពោះយុទ្ធសាស្ត្រទាំង៦ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញ កាលពីព្រឹកមិញនេះ ក្នុងអង្គប្រជុំពេញ អង្គ នៃ គ.ប.ក.។

លោកថោង ខុនបានសម្តែងសុទិដ្ឋិនិយម និងក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការអនុវត្តដោយជោគជ័យ នៃយុទ្ធសាស្ត្រទាំង៦នេះ គឺជាមូលដ្ឋានយ៉ាងសំខាន់ ជាចម្បង ដើម្បីអាចឈានទៅបើកដំណើរការ សង្គមសេដ្ឋកិច្ចយើងឡើងវិញ ដែលក្នុងនោះក៏យើងសង្ឃឹមថាទេសចរណ៍ក្នុងស្រុក ក៏នឹងមានកំនើនកាន់តែច្រើន ហើយ ក៏នឹងមានសង្ឃឹមថាយើងនឹងអាចបើកកម្ពុជាយើងឡើងវិញជាបណ្តើៗ ដើម្បីទទួលទេសចរអន្តាជាតិមកកំសាន្ត ចាប់ក្នុងអំឡុងពេលម្តុំចុងឆ្នាំខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏រៀបចំរួចហើយនូវឯកសារទស្សនាទានទទួលទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំង ហើយកំពុងពិភាក្សាយ៉ាងសកម្ម ជាមួយផ្នែកជំនាញនៃក្រសួងសុខាភិបាល ដើម្បីដាក់ជូនឯកសារនេះ ជូនអនុគណៈកម្មការនានា គណៈកម្មការ អន្តរក្រសួងប្រយុទ្ធជំងឺកូវីដ ផ្តល់យោបល់មុនៗគោរពដាក់ជូនគណៈប្រចាំការនៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ រាជរដ្ឋាបាលពិនិត្យ និងសម្រេច៕

 

តើក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតនៅប្រទេសណា និងមានប្រវត្តិដូចម្ដេច?

ដោយៈសុខុម

ភ្នំពេញ: ស៊ីម៉ងត៍ជាសម្ភារៈដ៏ចាំបាច់បំផុត នៅក្នុងវិស័យសំណង់ មិនថាការសាងសង់ផ្ទះ អគារតូចធំ ស្ពាន ឬសូម្បីផ្លូវថ្នល់មួយចំនួនក៏ធ្វើពីស៊ីម៉ងត៍ ដែលគេហៅថា ផ្លូវបេតុង។

ស៊ីម៉ងត៍ដែលគេសង្កេតឃើញប្រើប្រាស់ញឹកញាប់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានដូចជាស៊ីម៉ងត៍រូបអូដ្ឋ ស៊ីម៉ងត៍រូបដំរី និងស៊ីម៉ងត៍ K Cement សញ្ញាអក្សរ K ជាដើម។ ប៉ុន្តែតើទាំងអស់គ្នាដឹងទេថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វី ស្ថិតនៅប្រទេសណា និងមានប្រវត្តិដូចម្ដេច?

យោងតាមសារព័ត៌មាន Construction Review Online ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២១ នេះឱ្យដឹងថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២១ គឺក្រុមហ៊ុនបារាំង-ស្វីស LafargeHolcim ដែលមានរោងចក្រផលិតចំនួន១៨០ក្នុង៩០ប្រទេសទូទាំងពិភពលោក ហើយក្នុងមួយឆ្នាំៗផលិតស៊ីម៉ងត៍ បានរហូតដល់ទៅ៣៨៦លានតោន។

*ប្រវត្តិក្រុមហ៊ុន

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ ក្រុមហ៊ុនបារាំង Lafarge និងក្រុមហ៊ុនស្វីស Holcim បានប្រកាសគម្រោងច្របាច់បញ្ចូលគ្នា ដើម្បីបង្កើតក្រុមហ៊ុនថ្មីដោយដាក់ឈ្មោះថា LafargeHolcim។ ជាមួយនឹងតម្លៃលើទីផ្សារបូកបញ្ចូលគ្នា កើនលើស៥០ពាន់លានដុល្លារអាមេរិក ការច្របាច់បញ្ចូលគ្នានេះគឺធំបំផុតទី២ ដែលត្រូវបានប្រកាសទូទាំងពិភពលោកក្នុងឆ្នាំ២០១៤។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរក៏ទទួលបានដោយជោគជ័យ ហើយក្រុមហ៊ុនLafargeHolcim ក៏ត្រូវបានបង្កើតឡើង។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុនថ្មី LafargeHolcim Group ក៏ត្រូវបានប្រកាសដំណើរការជាផ្លូវការ។

នៅខែមិថុនា ឆ្នាំ២០១៦ សារព័ត៌មានបារាំង Le Monde  បានផ្សាយថា ក្រុមហ៊ុនបារាំង Lafarge បានបង់ពន្ធឱ្យទៅក្រុមភេរវកម្មសាហាវយង់ឃ្នង ISIS ក្នុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដើម្បីរក្សាដំណើរការរោងចក្ររបស់ខ្លួននៅ Jalabiya ប្រទេសស៊ីរី។ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LafargeHolcim បានចេញសេចក្ដីថ្លែងការណ៍ថា វិធានការបង់ពន្ធតាមការទាមទាររបស់ក្រុមភេរវកម្ម ដើម្បីបន្តដំណើរប្រតិបត្តិការ នៅរោងចក្រនោះជាទង្វើមិនអាចទទួលយកបានឡើយ។

ការស៊ើបអង្កេតឯករាជ្យ និងទូលំទូលាយមួយបានលាតត្រដាង ពីកំហុសឆ្គងដ៏ធំនៅក្នុងការវិនិច្ឆ័យ ដែលមិនស្របទៅនឹងក្រមប្រតិបត្តិរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ចាត់វិធានការ។ មានការផ្លាស់ប្ដូរ និងការវិវឌ្ឍជាច្រើនចំពោះកម្មវិធីអនុលោមភាព និងហេដ្ឋារចនាសម្ព័ន្ធចាប់តាំងពីពេលប្រព្រឹត្តខុសឆ្គង់នោះមក។

លោក Eric Olsen ដែលជានាយកប្រតិបត្តិពេលនោះបានចុះចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៧ ដោយសារតែ “ភាពតានតឹងខ្លាំង” ដែលបង្កឡើងដោយសារដំណឹងអកុសលនោះ។ ទោះជាយ៉ាងណា ការស៊ើបអង្កេតមួយដែលធ្វើឡើង ដោយក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសន្និដ្ឋានថា លោក Eric Olsen មិនមែនជាអ្នកទទួលខុសត្រូវ ចំពោះការបង់លុយឱ្យក្រុមភេរវកម្ម ISIS ឡើយ។

ក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង LeFigaro លោក Beat Hess ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LafargeHolcim បានលើកលើងថា “កំហុសឆ្គងដែលមិនអាចទទួលយកបាន ត្រូវបានសាងឡើងដែលក្រុមហ៊ុនមានវិប្បដិសារី និងថ្កោលទោស។ និយាយវាងាយស្រួលណាស់ ប៉ុន្តែពិតណាស់ថា ក្រុមហ៊ុនពិតជាបានដកចេញពីប្រទេសស៊ីរី យឺតពេល។ រឿងទាំងនេះគួរណាតែជៀសវាងបាន”។

ក្នុងពេលជាមួយគ្នានេះ សមាគមច្បាប់បារាំង Sherpa បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Lafarge ជុំវិញការបង់លុយឱ្យក្រុមភេរវកម្ម ISIS។ នៅខែមីនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Marc Ayrault បានរិះគន់ក្រុមហ៊ុន LafargeHolcim ចំពោះការប្រកួតប្រជែងដើម្បីទទួលបានគម្រោងសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យា។ ក្រុមហ៊ុននេះក៏បានរងការរិះគន់ពីលោក Emmanuel Macron ដែលពេលនោះជាបេក្ខភាពឈរឈ្មោះប្រជែងតំណែង ប្រធា​នាធិបតីបារាំងផងដែរ។

នៅខែឧសភា ឆ្នាំ២០១៧ លោក Jan Jenisch ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន LafargeHolcim Group។ នៅខែមីនា ឆ្នាំ២០១៨ លោក Jan Jenisch បានប្រកាសយុទ្ធសាស្ត្រថ្មីមានឈ្មោះថា “Strategy 2022 – ‘Building for Growth’” (យុទ្ធសាស្ត្រឆ្នាំ២០២២- ការកសាងដើម្បីទទួលបានកំណើន) ដែលមានគោលបំណងជំរុញកំណើនផ្ដល់ប្រាក់ចំណេញ និងធ្វើឱ្យអាជីវកម្មកាន់តែមានលក្ខណៈងាយស្រួលដើម្បីផ្ដល់ប្រាក់ចំណេញ និងតម្លៃទាក់ទាញដល់ភាគហ៊ុនិក។

នៅខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន LafargeHolcim បានប្រកាសជំហានបន្ទាប់នៅក្នុងការធ្វើឱ្យការរៀបចំក្រុមហ៊ុន កាន់តែមានលក្ខណៈងាយស្រួល។ អ្នកដែលកាន់មុខតំណែងគ្រប់នៅក្នុងប្រទេសស្វីស នឹងត្រូវផ្លាស់ទៅកាន់ទីតាំងរបស់ក្រុមហ៊ុន នៅក្នុងទីក្រុង Holderbank និងការិយាល័យថ្មីនៅក្នុងទីក្រុង Zug។

អំឡុងរដូវក្ដៅក្នុងខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន LafargeHolcim បានដាក់ចេញកម្មវិធី៤ឆ្នាំមួយដែលមានឈ្មោះថា Plants of Tomorrow (រោងចក្រសម្រាប់ថ្ងៃអនា​គត) ដែលបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត  បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជាច្រើនទៀត នឹងត្រូវប្រើប្រាស់នៅក្នុងដំណើរការផលិតស៊ីម៉ងត៍ទាំងមូល។

នៅចុងឆ្នាំ២០១៩ ក្រុមហ៊ុនបានប្រកាសលៃទុកថវិកា១៦១លានដុល្លារ សម្រាប់គម្រោងចំនួន៨០នៅអឺរ៉ុប ដើម្បីកាត់បន្ថយការបំភាយឧស្ម័នប្រចាំឆ្នាំ ដែលចេញពីដំណើរការផលិតស៊ីម៉ងត៍របស់ខ្លួនឱ្យបាន១៥%នៅត្រឹមឆ្នាំ២០២២។

នៅខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន LafargeHolcim បានចូលរួមក្នុងគំនិតផ្តួចផ្តើម Science Based Targets initiative (SBTi) “Business Ambition for 1.5°C” ដោយក្លាយជាក្រុមហ៊ុនសម្ភារៈសំណង់ លំដាប់ពិភពលោកដំបូងបង្អស់ ដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ភាគហ៊ុនិកនានាបានបោះឆ្នោតផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុន LafargeHolcim Ltd ទៅ Holcim Ltd៕