រដ្ឋាភិបាលអនុម័តទុនវិនិយោគជិត២,៤ពាន់លានដុល្លារលើគម្រោងចំនួន៦៩ក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃកូវីដ១៩យ៉ាងណាក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ទាំងគម្រោងវិនិយោគក្នុង និងក្រៅប្រទេស។

ជាក់ស្ដែង ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ តាមសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាគម្រោងចំនួន៦៩ត្រូវបានសម្រេចចុះបញ្ជីវិនិយោគជាស្ថាពរ ដែលមានទឹបប្រាក់ជាង២.៣៩៩លានដុល្លារអាមេរិក ។

យោងតាមរបាយការណ៍ និងសេចក្តីប្រកាសដដែលនោះ ឃើញថារយៈពេល៦ខែនេះ គម្រោងលេចធ្លោជាងគេ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនៅក្នុងរយៈពេល៦ខែនេះ គឺជាគម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានទុនវិនិយោគប្រមាណ១.២៨៣លានដុល្លារអាមេរិក និងគម្រោងវិនិយោគផលិតក្រដាសមានទុនវិនិយោគ៥០៤លានដុល្លារអាមេរិក នៅក្នុងខេត្តកំពត។

ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២១នេះ មានគម្រោងវិនិយោគចំនួន១២គម្រោងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រវិនិយោគចំនួន១២គម្រោងមានទឹកប្រាក់សរុបជាង១៤៣លានដុល្លារអាមេរិក និងភាគច្រើននៃគ្រោងវិនិយោគទាំងនេះគឺផ្ដោតលើរោងចកក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង និងផលិតផលធ្វើដំណើរ។

លោកប៉ូ អ៊ាវគង់នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ នេះដែរ យើងឃើញថាគម្រោងវិនិយោគទៅលើវិស័យឧស្សាហកម្មរោងចក្រកាត់ដេរនៅតែមានសកម្មភាព ដោយមានក្រុមអ្នកវិនិយោគបានស្វែងរកទីតាំងដើម្បីបង្កើតកន្លែងវិនិយោគ។

បើតាមលោកវង្សី វិស្សុត រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមរយៈការវិនិយោគជាបន្តបន្ទាប់ទាំងវិនិយោគិនក្នុងនិងក្រៅប្រទេសបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលកន្លះឆ្នាំមកនេះ អាចទប់ទល់បាន និងមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលរលំឡើយ។

លោកបន្តថា វិនិយោគិនបរទេសនៅតែបន្តចូលមកស្វែងរកការវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា ទោះបីជាមានរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ជាពិសេសវិនិយោគិនមកពីប្រទេសចិន ដែលបានធ្វើឱ្យចិនក្លាយជាប្រភពដ៏សំខាន់ក្នុងការរុញច្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

រដ្ឋាភិបាលអាមេរិកផ្តល់ថវិកាចំនួន៤,៣ពាន់លានដុល្លារដើម្បីជំរុញការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន៤,៣ពាន់លានដុល្លារជាជំនួយឥតសំណង ដើម្បីជំរុញការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ២០០៩មក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Kin Moy ដែលជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក កាលចុងខែមិថុនា ឆ្នាំ បានចូលរួមរៀបចំជាមួយប្រទេសកម្ពុជា នូវកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូង នៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។

មន្រ្តីជាន់ខ្ពស់ Moy បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់សម្រាប់ភាពល្អប្រសើររបស់តំបន់និងប្រជាជនអាស៊ាន។

លោកបានគូសបញ្ជាក់ពីសារសំខាន់នៃសារសំខាន់ស្នូលរបស់អាស៊ាន ចំពោះចក្ខុវិស័យរបស់សហរដ្ឋអាមេរិក ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ហើយបានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកបានថ្លែងបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យានិងបានផ្តល់ថវិកាចំនួន៤,៣ពាន់លានដុល្លារ ជាជំនួយឥតសំណង ដល់អនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ២០០៩មក។

ប្រទេសទាំង៦ នៅក្នុងកិច្ចសហការជាដៃគូនេះ បានពិភាក្សាពីដំណើរជឿនលឿនទៅមុខ លើការលើកកម្ពស់ការឆ្លើយតបនឹងមេរោគកូវីដ១៩ និងសន្តិសុខផ្នែកសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍតាមរយៈកិច្ចសហការគ្នាជាដៃគូ រវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ក្នុងផ្នែកថាមពល ការបង្កើនសមត្ថភាពនៃធនធានមនុស្ស និងការកសាងគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថុល នៅតំបន់ទន្លេមេគង្គ ជំរុញលទ្ធភាពផ្នែកសេដ្ឋកិច្ចសម្រាប់ស្រ្តី លើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ និងធនធានទឹកប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងមិនធម្មតាលើសន្តិសុខ ដែលរួមមានទាំងការជួញដូរខុសច្បាប់ លើមនុស្ស សត្វព្រៃ ឈើហ៊ុប គ្រឿងញៀន និងអាវុធ។

លោកមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក Moy បានអំពាវនាវឲ្យដៃគូចាត់វិធានការភ្លាមៗ ក្នុងការធ្វើឲ្យប្រទេសភូមាមានការទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន។ ជាមួយគ្នានេះដែរ លោកបានអំពាវនាវឲ្យធ្វើសកម្មភាពរួមគ្នា ក្នុងការជំរុញឲ្យយោធាភូមាបញ្ចប់អំពើហឹង្សា ដោះលែងអ្នកដែលត្រូវឃុំខ្លួនទាំងអយុត្តិធម៌ ហើយធ្វើឲ្យប្រទេសភូមាដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ។

កិច្ចសហការគ្នាជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក រួមមានសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ ប្រទេសជាដៃគូធ្វើការជិតស្និទ្ធនឹងគ្នា លើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាមួយមិត្តនៃក្រុមតំបន់មេគង្គ ដែលក្រៅពីសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គ រួមមានប្រទេសអូស្រា្តលី សហភាពអឺរ៉ុប ជប៉ុន សាធារណរដ្ឋកូរ៉េ ណូវែលសេឡង់ ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងលេខាធិការដ្ឋាននៃគណកម្មាការទន្លេមេគង្គ៕

គម្រោងលំនៅឋានបែបធម្មជាតិថ្មីមួយ នឹងលេចរូបរាងកណ្ដាលរាជធានីភ្នំពេញ ដែលជាទីលំហែសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋាន

ការរស់នៅជាមួយភាពស្រស់បំព្រងនៃធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធគឺជាទំនោរថ្មីរបស់ប្រជាជនសម័យទំនើប ជាពិសេសអ្នករស់នៅក្នុងទីក្រុងដែលប្រជុំទៅដោយចរាចរណ៍អ៊ូអរ និងអគារខ្ពស់ៗ។ ដោយឡែក នៅក្នុងខណ្ឌច្បារអំពៅដែលកំពុងមានសន្ទុះអភិវឌ្ឍខ្លាំងគួរឱ្យកត់សម្គាល់តាំងពីគល់ស្ពានច្បារអំពៅបន្តរហូតតាមបណ្តោយផ្លូវជាតិលេខមួយ គេសង្កេតឃើញគម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបង្កើតឡើងកាន់តែសម្បូរបែបដើម្បីបំពេញតម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ និងជាហេតុធ្វើឱ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃគួរឱ្យចាប់អារម្មណ៍។

និយាយពីគម្រោងលំនៅឋាន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានដ៏សម្បូរបែប និងមានគម្រោងមិនតិចជាង៣០គម្រោងក្នុងដៃនោះ បានបង្កើតគម្រោងថ្មីៗប្រកបដោយគំនិតច្នៃប្រឌិតប្លែកពីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដទៃទៀតដូចជា មានគម្រោងវីឡាទោលសុទ្ធ គម្រោងផ្ទះអាជីវកម្មសុទ្ធ គម្រោងលំនៅឋានចម្រុះ និងគម្រោងខុនដូ មានហ៊ុមព័ទ្ធទៅដោយផ្សារទំនើប សួនកម្សាន្តបែបអឺរ៉ុប កីឡដ្ឋាន ស្ថានីយពន្លត់អគ្គិភ័យ មន្ទីរពេទ្យអន្តរជាតិ និងសាលារៀនអន្តរជាតិជាដើម ស្ទើរតែបង្កើតបានជាសហគមន៍មួយក្នុងតំបន់បឹងស្នោតែម្ដង។

ជាមួយគ្នានេះដែរ ថ្មីៗនេះ គេឃើញបុរី ប៉េង ហួត បានសម្ពោធបើកលក់គម្រោងថ្មីប្លែកមួយទៀតដែលមានទស្សនវិស័យផ្សារភ្ជាប់ជាមួយធម្មជាតិដល់ទៅ៥គម្រោង​តែម្ដង ស្ថិតក្នុងតំបន់បឹងស្នោផ្ទាល់ ដែលហៅថា គម្រោង ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន ហើយក្នុងនោះមានគម្រោងធំៗដូចជា គម្រោងដឹស្តាផ្លាទីនីម សាន់រ៉ាយ, ដឹស្តាផ្លាទីនីម អេកូរ៉ូមេនស៍, ដឹស្តាផ្លាទីនីម អេកូវេរ៉ាន់ដា, ដឹស្តាផ្លាទីនីម អេកូមេឡូឌី, និងដឹស្តាផ្លាទីនីម អេកូឌែលតា។

អ្វីដែលជាលក្ខណៈពិសេស និងលេចធ្លោរបស់គម្រោងធម្មជាតិដែលមានផ្ទៃដីសរុបប្រមាណជាង១៥០ហិកតានេះ មានដូចជា៖

១.  មហាវិថីអេកូខូឡិកសិន  ​ដែលជាមហាវិថីសាធារណៈនៅក្រៅគម្រោង ប្រវែងជាង២គីឡូម៉ែត្រ ដ៏ស្រស់ស្អាត អមដោយសួនច្បារ ផ្លូវដើរលំហែ ផ្លូវជិះកង់ ហាងកាហ្វេ និងភោជនីយដ្ឋានប្រណីតៗ​សម្បូរបែបជាច្រើន។

២. ផ្លូវជិះកង់ និងផ្លូវរត់ប្រណាំងក្រោមដី​ប្រវែងជិត ២,៥ គីឡូម៉ែត្រ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា។
៣.  ក្លឹបហាត់ប្រាណទំនើបលំដាប់VIP  កម្ពស់៣ជាន់ដែលមាន Skybar  និងមុខងារសម្បូរបែបច្រើនយ៉ាង ​ពិសេសជាងគេក្នុងតំបន់បឹងស្នោទាំងមូល។

៤. សួនដ៏ស្រស់ស្អាតសម្បូរបែបជាច្រើន​​តាមគម្រោងនីមួយៗ អមដោយដើមឈើធំៗ សម្រាប់លំហែកម្សាន្ត  និងហាត់កីឡាប្រកបដោយផាសុកភាព។
ក្រៅពីនេះ គម្រោងអភិវឌ្ឍនេះ ក៏ជាបណ្តុំលំនៅឋាន​បែបអាជីវកម្មចម្រុះ​ជាមួយ​សក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោង​អេកូ​ខូលិកសិន និងតំបន់បឹងស្នោទាំងមូលតែម្ដង៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

 

 

 

អ្នកជំនាញអចលនទ្រព្យបង្ហើបពីតំបន់មួយចំនួននៅកម្ពុជាដែលកំពុងមានសក្ដានុពលសម្រាប់វិនិយោគទុកចំណេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានបង្ហើបពីតំបន់មួយចំនួននៅទីក្រុងភ្នំពេញ និងបណ្តាខេត្តនានា កំពុងមានសក្ដានុពលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យដែលអាចទាញយកផលចំណេញបានខ្ពស់ បន្ទាប់ពីវិបត្តិកូវីដ១៩។

លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានថ្លែងប្រាប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះថា វិនិយោគិនគួរសម្លឹងការវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ ពិសេសនៅភាគខាងត្បូង និងក្រវាត់ក្រុងទី៣ ដោយសារតែតំបន់ទាំងនោះមានការអភិវឌ្ឍលឿន និងមិនទាន់មានការអភិវឌ្ឍន៍ឆ្អែត ដូច្នេះវិនិយោគនៅតែអាចរកផលចំណេញពីតំបន់ទាំងនេះបាន។

ដោយឡែក លោកបានឱ្យដឹងថា ខេត្តមួយចំនួន ដែលមានសក្ដានុពលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីផលចំណេញ មានដូចជាខេត្តកែប កំពត កោះកុងជា និងខេត្តមណ្ឌលគិរី ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ដោយសារតែខេត្តទាំងអស់នេះត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ ជាច្រើនពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈខេត្តទាំងអស់នេះកំពុងតែទទួលបានការវិនិយោគជាបន្តបន្ទាប់។

លោកបានថ្លែងបន្តថា បើនិយាយពីការវិនិយោគអចលនទ្រព្យសម្រាប់ផលចំណេញ គឺភាគច្រើនគេនិយាយពីការវិនិយោគលើវិស័យដីធ្លីនេះតែម្តង។ លោកបានបន្តថា អំឡុងពេលដែលវិបត្តិនេះ នៅពេលដែលវិនិយោគិនឆ្លាតវៃណា អាចរកបានអចលនទ្រព្យណាមួយដែលមានតម្លៃក្រោមទីផ្សារ និងរួចទិញយកសម្រាប់យកផលចំណេញនាពេលអនាគត នេះគឺជាឱកាសមួយដ៏ល្អប្រសើរ ។

លោកបន្តថា ដើម្បីទទួលបានផលចំណេញ នៅពេលខាងមុខអ្នកវិនិយោគគួរ ការវិនិយោគពីពេលឥឡូវនេះនៅពេលដែលវិបត្តិកូវីដបញ្ចប់ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង នៅពេលនោះហើយដែលអ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ពីការវិនិយោគវិស័យអចលនទ្រព្យរបស់ខ្លួន។

លោកPhillip Tanគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុនPropNex ប្រចាំប្រទេសអូស្ត្រាលី ដែលបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យទាំងនៅអូស្រ្តាលី និងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងកាលពីថ្មីៗនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានរីកចម្រើន និងមានឱកាសច្រើនសម្រាប់ការវិនិយោគ។
លោកបានឱ្យដឹងទៀតថា ក្រឡេកមកមើលប្រទេសកម្ពុជាវិញ ជាមួយនឹងការឈានមកដល់របស់ក្រុមហ៊ុនPropNex នៅប្រទេសកម្ពុជា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានការរីកលូតលាស់យ៉ាងល្អប្រសើរ ដោយសារតែរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

លោកបានថ្លែងថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាវិញគឺនៅតែអាចទាញយកផលចំណេញបាន ដោយសារតែតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃសមរម្យនៅឡើយ បើធៀបជាមួយនឹងប្រទេសផ្សេងៗផ្សេង ដូច្នេះហើយនេះគឺជាឱកាសមួយនៅក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”៕

ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាននៅសហរដ្ឋអាមេរិក មានសន្ទុះងើបឡើងខ្លាំង គួរឱ្យភ្ញាក់ផ្អើលក្នុងខែឧសភា

ដោយៈសុខុម

អាមេរិក: ពលរដ្ឋអាមេរិក កាន់តែច្រើនឡើងបានចុះកិច្ចសន្យា ដើម្បីទិញផ្ទះនៅក្នុងខែឧសភា ហើយនេះជាសន្ទុះងើបឡើងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាន មានសភាពស្ងាត់ជ្រាបអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០១ កក្កដា នេះ។

សន្ទស្សន៍របស់សមាគមភ្នាក់ងារអចលនទ្រព្យជាតិ National Association of Realtors (NAR)បានបង្ហាញថា ការលក់ផ្ទះដែលពុំទាន់ឈានដល់ការព្រមព្រៀងដំណា​ក់កាលចុង ក្រោយបានកើនឡើង៨% ដល់១១៤,៧ពិន្ទុ ដែលជាសន្ទុះងើបឡើងខ្ពស់បំផុតសម្រាប់ខែឧសភា ចាប់តាំងពីឆ្នាំ២០០៥ មក។

តួលេខនេះកើនឡើងពី១០៦,២ពិន្ទុនៅក្នុងខែមេសាផងដែរ។ សន្ទស្សន៍ Index of The 100 បង្ហាញថា តួលេខនេះគឺស្មើគ្នានឹងកម្រិតសកម្មភាពទិញក្នុងឆ្នាំ២០០១។

ការចុះកិច្ចសន្យាបានកើនឡើង១៣,១% បើធៀបនឹងឆ្នាំមុន ដែលពេលនោះកំពុងតែផ្ទុះការឆ្លងរាលដាលវីរុសកូវីដ-១៩ ខ្លាំង។ វាគ្រាន់តែជាកំណើនប្រចាំខែទី២ ប៉ុណ្ណោះគិតមកទល់ពេលនេះក្នុងឆ្នាំ២០២១ ប៉ុន្តែបើយោងតាមការព្យាករថា ទីផ្សារលំនៅដ្ឋាននឹងទទួលបានកំណើនរឹងមាំក្នុងរដូវក្ដៅ។

ខណៈពេលដែលមិនខ្វះអ្នកទិញនៅក្នុងទីផ្សារ បែរជាខ្វះផ្ទះសម្រាប់លក់ទៅវិញ ហើយនេះជាហេតុធ្វើឱ្យតម្លៃផ្ទះ ដែលសង់រួចស្រាប់ហក់ឡើងខ្ពស់មិនធ្លាប់មាន។

កាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានរាយការណ៍ថា ការលក់ផ្ទះថ្មី បានធ្លាក់ចុះរយៈពេល២ខែជាប់គ្នា។ ការធ្លាក់ចុះ៥,៩%នៅក្នុងខែឧសភា កើតមានក្រោយពីធ្លាក់ចុះ៧,៨%ក្នុងខែមេសា។ តម្លៃជាមធ្យមសម្រាប់ផ្ទះថ្មី ដែលបានលក់ក្នុងខែឧសភា បានហក់ឡើងដល់៣៧៤.៤០០ដុល្លារក្នុងផ្ទះមួយ ពោលគឺកើនឡើង១៨,១%បើប្រៀបធៀបទៅនឹងឆ្នាំមុន។

សមាគមភ្នាក់ងារអចលនទ្រព្យ NAR ក៏បានរាយការណ៍កាលពីសប្ដាហ៍មុនដែរថា ការលក់ផ្ទះដែលគេធ្លាប់កាន់កាប់ពីមុន (ផ្ទះមួយទឹក) បានធ្លាក់ចុះរយៈពេល៤ខែជាប់គ្នានៅក្នុងខែឧសភា។ តម្លៃលក់ជាមធ្យមសម្រាប់ផ្ទះ ដែលសាងសង់រួចស្រាប់បានហក់ឡើងលើស៣៥០.០០០ដុល្លារ ក្នុងផ្ទះមួយកាលពីខែមុន ដែលជាកម្រិតខ្ពស់ធ្លាប់មាន ហើយក៏ទំនងជាឧបសគ្គរាំងស្ទះដែរសម្រាប់អ្នកចង់ទិញផ្ទះ ជាពិសេសអ្នកទិញផ្ទះដំបូង៕

អ្នកជំនាញៈ ការជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពុងជួយលើកកម្ពស់វិស័យអចលនទ្រព្យអំឡុងពេលមានវិបត្តិនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្មចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ខណៈអ្នកជំនាញលើកឡើងថា ការបង្កើនសកម្មភាពអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធកំពុងជួយលើកកម្ពស់វិស័យអចលនទ្រព្យ អំឡុងពេលវិបត្តិនេះ។

អ្នកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថា នៅក្នុងបរិបទវិបត្តិកូវីដ១៩ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនឹងជួយលើកកម្ពស់ វិស័យអចលនទ្រព្យបន្ថែមទៀត យើងដឹងហើយថាការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគឺជាកម្លាំងចលករមួយ ដែលជួយជំរុញវិស័យនេះឲ្យកាន់តែមានការវិវឌ្ឍទៅមុខកាន់តែប្រសើរ។

អ្នកស្រីបានឱ្យដឹងថា “យើងដឹងហើយថា នៅពេលណាដែលមានសាងសង់ផ្លូវ ស្ពាន ឬថ្នល់តំបន់ សកម្មភាពសេដ្ឋកិច្ចនឹងទៅដល់ទីនោះ ដែលជួយលើកកម្ពស់ដល់តម្លៃអចលនទ្រព្យនៅតំបន់មួយដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ”។

អ្នកបានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

អ្នកស្រីបានថ្លែងបន្តថា ជាមួយគ្នានេះដែរ អ្នកអភិវឌ្ឍន៍ក៏គួរតែ បង្កើតឱ្យមានការបត់បែនសម្រាប់សម្រាប់ការទូទាត់ជូនអតិថិជន ឬតាមរយៈការបញ្ចុះតម្លៃអចលនទ្រព្យ ដែលពួកគាត់កំពុងអភិវឌ្ឍន៍។ អ្នកស្រីបានថ្លែងបន្តថា បច្ចុប្បន្នយើងឃើញថា មានគម្រោងជាច្រើនកំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទាក់ទាញអតិថិជន ដូចជាការបញ្ចុះតម្លៃ ការទូទាត់បង់ប្រាក់មានភាពបត់បែនទាំងនេះហើយ ដែលលើកទឹកចិត្តដល់អតិថិជនក្នុងការទិញអចលនទ្រព្យ។

លោកច្រឹក សុខនីមប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ថា ការដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ។

លោកបន្តថា “ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចម្រើនផងដែរជាពិសេសអចលនទ្រព្យប្រភេទ”៕

អំឡុងវិបត្តិកូវីដៈ សាំងឡើងថ្លៃដល់៤១៦០រៀលហើយក្នុង១លីត្រ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទោះបីកម្ពុជាកំពុងរងវិបត្តិកូវីដ១៩ក្តី តែសុខភាពប្រេងឥន្ឋនៈនៅកម្ពុជានៅតែល្អប្រសើរ ដោយតម្លៃសាំងបានបន្តហក់ឡើងដល់៤១៦០រៀល និងប្រេងម៉ាស៊ូត៣៧៦០រៀលក្នុងមួយលីត្រ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១ ខែកក្កដានេះ បានឲ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈខាងលើនេះ ដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ប្រភពដដែលបន្តថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេលដូចគ្នាខាងលើ នឹងត្រូវលក់៤១៦០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង៣៧៦០រៀល សម្រាប់ប្រេងម៉ាស៊ូត។

ជុំវិញតម្លៃលក់ប្រេងឥន្ធនៈនេះ ក្រសួងបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេង តាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារ។

ក្នុងរយៈពេល២សប្តាហ៍កន្លងទៅ (១៦-៣០មិថុនា ២០២១) ការលក់រាយប្រេងសាំងធម្មតាថ្លៃ៣៩០០រៀល។ ដោយឡែក ប្រេងម៉ាស៊ូតថ្លៃ៣. ៥៥០រៀល ក្នុង១លីត្រ៕

SUNDOORផលិតផលក្នុងស្រុកចូលរួមលើកកំពស់គុណភាពនិងសោភ័ណភាព វិស័យសំណង់កម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន SUN DOORផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC នៅពេលបច្ចុប្បន្ន បាននិងកំពុងពង្រីកទីផ្សារកាន់តែទូលាយ លើផលិតផលខាងលើនេះ ពិសេស​ក្រុមហ៊ុនបានផ្តល់សេវាកម្មដំឡើងទ្វារ ពិដានដល់ម្ចាស់គំរោងលំនៅដ្ឋាននិងបុរីនានាប្រកបដោយភាពឆាប់រហ័ស និងមានសោភ័ណភាពខ្ពស់។

ជាផលិតផលផលិតក្នុងស្រុក ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាមកពីបរទេស ក្រុមហ៊ុនផលិតទ្វារនិងពិដានSun Door PVC ម៉ាក SUNDOOR បាននិងកំពុងទទួលបានការគាំទ្រពីអ្នកវិនិយោគសំណង់លំនៅដ្ឋាន បុរី ខុនដូ និងអាផាតម៉ិននានាយ៉ាងច្រើន។

កម្ពុជានាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព សោភ័ណភាព និងភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ការបំពាក់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក អាចកម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យ។

អ្នកតំណាងក្រុមហ៊ុនSUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើ​រការផ្គត់ផ្គង់ផលិតផល ក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិត​កម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅ នៃភាពជោគជ័យយ៉ាងត្រចះត្រចង់។

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោ​បាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានា នៅទូទាំងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលថ្មីៗ ប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំនើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168៕

 

តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីបន្តហក់ឡើងនៅត្រីមាសទី២ឆ្នាំនេះខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ

ដោយៈ គៀតឈូ

សិង្ហបុរីៈ យោងតាមរបាយការន៍ ដែលចេញដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) របស់សិង្ហបុរី បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដានេះថា តម្លៃផ្ទះឯកជនរបស់សិង្ហបុរីបានកើនឡើង០,៩ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ការកើនឡើងនេះមានល្បឿនយឺតបន្តិច បើធៀបនឹងតម្លៃកើនឡើង៣,៣ភាគរយ កាលពី២ឆ្នាំ កន្លះមុន។ ទោះយ៉ាងណា វានៅតែមានការកើនឡើងប្រចាំត្រីមាសទី៥ជាប់ៗគ្នា ទោះបីជាប្រទេសសិង្ហបុរីបានដាក់វិធានការការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កាលពីពាក់កណ្តាលខែឧសភាក៏ដោយ។

បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃផ្ទះឯកជនបានកើនឡើង៧,៣ភាគរយ។ ការឡើងថ្លៃនៅត្រីមាសទី២នេះត្រូវបានជំរុញ ដោយផ្ទះដែលមិននៅតំបន់កៅក្រុង (OCR) ហើយបានកើនឡើងច្រើនបំផុត១,៨ភាគរយបើប្រៀបធៀបទៅនឹងកំណើន១,១ភាគរយក្នុងត្រីមាសមុន។

ប្រហែល៦០,៥ភាគរយនៃការលក់អចលនទ្រព្យឯកជនកាលពីត្រីមាសមុន គឺជាការលក់ផ្ទះបន្ត ខ្ពស់ជាង ៥៦,៦ភាគរយនៅក្នុងបីខែមុន។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃអ្នកស្រាវជ្រាវនិងវិភាគនៅក្រុមហ៊ុន OrangeTee & Tie បាននិយាយថា មានតម្រូវការយ៉ាងខ្លាំងសម្រាប់ផ្ទះដែលនៅក្នុងតំបន់ជាយក្រុង។

អ្នកទិញកាន់តែច្រើនក៏បានជ្រើសរើសយកផ្ទះធំៗ ដោយ៣៩,៦ភាគរយនៃប្រតិបត្តិការទិញលក់ ត្រូវបានធ្វើឡើងចំពោះផ្ទះ ដែលមានទំហំ១២០០ការ៉េហ្វីត កើនឡើងពី៣៥,៨ភាគរយ។

លោកស្រី Sun បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យកំពុងត្រូវបានជំរុញដោយតម្រូវការខ្លាំងពីអ្នកទិញផ្ទះ ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ និងអត្រាការប្រាក់កម្ចីទាប៕

កម្ពុជារកចំណូលបានជាង៥០០លានដុល្លារពីនាំចេញស្រូវនិងអង្ករក្នុង១ឆមាសឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែទទួលបានកំណើងឡើងជាវិជ្ជមាន ដោយក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ ការនាំចេញស្រូវនិងអង្កររបស់កម្ពុជាទទួលបានទឹកប្រាក់ជាង៥០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ដដែលបានឱ្យដឹងផងដែរថា ការនាំចេញស្រូវរបស់កម្ពុជា រយៈពេល៦ខែនេះ មានបរិមាណ១.៦៩២.៨១៣តោនទៅកាន់ប្រទេសវៀតណាមនិងប្រទេសអារ៉ាប់រួម មានការកើនឡើង៧២,១២ភាគរយគិតជាទឹកប្រាក់ដែលទទួលបានមកវិញចំនួន ជាង២៧៩,៣១លានដុល្លារអាមេរិក និងការនាំចេញអង្ករវិញមានបរិមាណ២៨០.៤៥០តោន មានការថយចុះប្រមាណ២៩,៤៧ភាគរយ គិតជាទឹកប្រាក់នាំចេញរយៈពេល៦ខែនេះមានចំនួន ២៣៧,៥៤លានដុល្លារអាមេរិក។

ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា ទីផ្សារអង្ករកម្ពុជារយៈពេល៦ខែនេះ មានគោលដៅនាំចេញចំនួន៤៧ប្រទេស ក្នុងនោះប្រទេសក្នុងសហភាពអឺរ៉ុបមានចំនួន២០ប្រទេស មានបរិមាណសរុប៦៧.១៣៦តោនថយចុះប្រមាណ៥០,៤៨ភាគរយ ប្រទេសចិនមានបរិមាណសរុប១៤៣.២៩៣តោន ថយចុះប្រមាណ៣,១៥ភាគរយ ទិសដៅប្រទេសក្នុងតំបន់អាស៊ានចំនួន៥មានបរិមាណ២៧.១៣៦តោន ថយចុះប្រមាណ៤៨,៧៩តោន និងទិសដៅប្រទេសដទៃទៀតចំនួន២១ប្រទេសមានបរិមាណសរុប៤២.៨៨៥តោនធ្លាក់ចុះ២៩,៨៦តោន។

បើតាមការបញ្ជាក់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំធ្លាក់ចុះនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាប្រទេសទីផ្សារប្រទេសអឺរ៉ុប គឺបណ្ដាលមកពីកង្វះខាតនៃមធ្យោបាយដឹកជញ្ជូន និងតម្លៃនៃមធ្យោបាយដឹកជញ្ជូនឡើងថ្លៃ ដែលធ្វើឱ្យភាគីអ្នកបញ្ជាទិញបានស្នើសុំផ្អាកការដឹកជញ្ជូនទៅកាន់ពួកគេមួយរយៈសិន។

លោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងថាមធ្យោបាយដឹកជញ្ជូនបានចាប់ផ្ដើមឡើងថ្លៃនៅក្នុងឆ្នាំ២០២១នេះ ដោយមួយកុងតឺន័របានឡើងដល់៨៥០០ដុល្លារឬដល់ជិត១ម៉ឺនដុល្លារខណៈកាលពីឆ្នាំមុនតម្លៃនេះ ត្រឹមតែ៣០០០ដុល្លារឬ៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបានថ្លែងបន្តថា មួយវិញទៀត ក្រៅពីតម្លៃដឹកជញ្ជូនឡើងថ្លៃហើយ ក៏មិនសូវមានកប៉ាល់សម្រាប់ស្តុកទុកកុងតឺន័រផងដែរ ( No space )។ ទាំងនេះជាហេតុផលដែលធ្វើឱ្យការបញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការធ្លាក់ចុះជាពិសេសអង្ករពីព្រោះតែអង្ករជាទំនិញពិបាកក្នុងការដឹក៕