ដោយៈសុខុម
ភ្នំពេញ: ប្រទេសជាច្រើននៅអាស៊ី កំពុងប្រជែងគ្នានៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដើម្បីសង្គ្រោះភពផែនដី តាមរយៈការងាកទៅផលិតថាមពលបៃតង ឬថាមពលកកើតឡើងវិញ ក្នុងគោលបំណងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដែលធ្វើឱ្យផែនដីកើនឡើងកម្ដៅ។
អាជ្ញាធរអគ្គិសនីកម្ពុជា (EdC) បានបង្ហាញពីផែនការ និងទិន្នន័យនៃថាមពលរបស់ខ្លួនថា ក្នុងឆ្នាំ២០២០ កន្លងទៅនេះ ប្រទេសកម្ពុជា ត្រូវការថាមពលអគ្គិសនី៤ពាន់មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពល ក្នុងស្រុកបានចំនួន២៩៦៥ម៉េហ្គាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងប្រមាណ១ពាន់មេហ្គាវ៉ាត់បន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ jochjoch.com។
-->

ដើម្បីបំពេញតម្រូវការថាមពលអគ្គិសនី ដែលកើនឡើងឥតឈប់ឈរ និងដើម្បីចូលរួមចំណែកជាមួយពិភពលោក នៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្រុងបរិយាកាស រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការជំរុញ និងផ្ដល់គ្រឿងលើកទឹកចិត្ត សម្រាប់ការផលិតថាមពលអគ្គិសនី កកើតឡើងវិញតាមរយៈការអនុម័តគម្រោងទំនប់វារីអគ្គិសនី គម្រោងកសិដ្ឋានផលិតអគ្គិសនីដើរដោយបន្ទះសូឡា (Solar Farm) និងកសិដ្ឋានផលិតអគ្គិសនីដើរដោយកង្ហារខ្យល់ (Wind Farm) ជាដើម។
ខណៈនេះវៀតណាម ដែលប្រទេសក្បែរខាងជាប់របងជាមួយកម្ពុជា និងជាសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងពិភពលោក ជាប្រទេសផលិតថាមពលកកើតឡើងវិញបានច្រើនបំផុត។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី១៨ សីហា។
វៀតណាម កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការផលិតថាមពលកកើតឡើងវិញដើម្បីបំពេញតម្រូវថាមពលអគ្គិសនី ដែលកំពុងតែកើនឡើងឥតឈប់ឈរ ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យកាន់តែរឹងមាំប្រកបដោយនិរន្តរភាព។
ដោយមានឆ្នេរសមុទ្រយ៉ាងវែងអន្លាយ រួមជាមួយនឹងខ្យល់ធម្មជាតិ ដែលមានកម្រិតវិទ្យុសកម្មខ្ពស់ សម្រាប់ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ វាបានផ្ដល់អំណោយផលយ៉ាងខ្លាំង ដល់ប្រទេសវៀតណាម នៅក្នុងការងាកទៅផលិតថាមពលកកើតឡើងវិញដែលចំណាយដើមទុនតិច។
ប្រទេសវៀតណាម បានដាក់ចេញគោលនយោបាយផ្ដល់គ្រឿង លើកទឹកចិត្តនានាសម្រាប់ការផលិតថាមពលកកើតឡើងវិញ នៅក្នុងឆ្នាំ២០១៧ ក្រោយពីសង្កេតឃើញទីផ្សារមានសន្ទុះកើនឡើងខ្លាំង។ ជាលទ្ធផល ការផលិតថាមពលសូឡា (ពន្លឺព្រះអាទិត្យ) បានកើនឡើងយ៉ាងឆាប់រហ័សពី០% រហូតដល់១៦ជីហ្គាវ៉ាត់ (GWh) ក្នុងរយៈត្រឹមតែ៣ឆ្នាំ៕