ម៉ាឡេស៊ីគ្រោងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយនៅត្រីមាសទី៤ឆ្នាំនេះ

0

ដោយៈសុខុម

គូឡាឡាំពួ: ថ្វីបើកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏គេសង្កេតឃើញថា វិស័យអចលនទ្រព្យទូទាំងពិភពលោក ជាពិសេសថ្នាក់តំបន់ ស្ថិតក្នុងចំណោមវិស័យ ដែលធន់ទ្រាំបំផុត។

តួយ៉ាងក្រុមហ៊ុន CPI Land Sdn Bhd គ្រោងបើកដំណើរការសាងសង់គម្រោងអគារខ្ពស់ Tuan 2egacy នៅ Jalan Kuching ក្នុងទីក្រុងគូឡាឡាំពួ នៅត្រីមាសទី៤ ចុងឆ្នាំ២០២១ នេះ។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២០ សីហា ឱ្យដឹងថា ជាមួយទំហំវិនិយោគសរុប៧០លានដុល្លារអាមេរិក គម្រោងអាផាតម៉ិនកម្ពស់៤១ជាន់នេះ នឹងត្រូវសាងសង់លើផ្ទៃដី១២.១៤០ម៉ែត្រការ៉េ ហើយនឹងមានយូនីតសរុបចំនួន៥៩៦យូនីត។

លោក Chung Shan Tat នាយកក្រុមហ៊ុន CPI Land បានលើកឡើងថា គម្រោង Tuan 2egacy ខាងលើនេះត្រូវបានដាក់ឈ្មោះ តាមគម្រោងដ៏ជោគជ័យ Tuan Residency របស់ក្រុមហ៊ុននេះ ដែលបានបើកដំណើរការនៅខែមករា ឆ្នាំ២០១៨។

ដោយមានទីតាំងស្ថិតនៅ Jalan Kuchingដែរ គម្រោង Tuan Residency បានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលត្រឹមតែ១០ខែ ក្រោយដំណើរការសាងសង់ចាប់ផ្ដើម។ គម្រោងនេះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ហើយប្រគល់ជូនអតិថិជនជាអ្នកទិញនៅត្រីមាសទី៤ ចុងឆ្នាំ២០២០ ពោលគឺលឿនជាងកាលកំណត់ ដល់ទៅ៤ខែ ទោះបីជាប្រឈមវិធានការរឹតបន្តឹងកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលក៏ដោយ។

ដោយមានផ្ទៃចាប់ពី៨០ម៉ែត្រការ៉េ ដល់១១០ម៉ែត្រការ៉េ យូនីតនីមួយៗលក់ក្នុងតម្លៃចាប់ពី១០៤.០០០ដុល្លារអាមេរិកឡើងទៅ ហើយការសាងសង់គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥។

លោក Chung Shan Tat គូសបញ្ជាក់ថា ទីតាំងគម្រោងអភិវឌ្ឍន៍នេះ មានអំណោ យផលល្អណាស់ ទាំងសម្រាប់ការរស់នៅ និងការវិនិយោគទុកជួលឬលក់បន្ត ព្រោះស្ថិតនៅក្នុងតំបន់ប្រជុំជនអ៊ូអរ ដែលសម្បូរទៅដោយការិយាល័យ និងហាងជាច្រើន។

លោកបានលើកឡើងទៀតថា ទីផ្សារគោលដៅនៃគម្រោងថ្មី Tuan 2egacy របស់លោកគឺគូស្វាមីភរិយាវ័យក្មេង ក៏ដូចជា អ្នកដែលចង់បានកន្លែងរស់នៅកាន់តែប្រសើរ និងងាយស្រួលជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here