ផ្លូវជាតិលេខ៥៣ កំពុងស្ងប់ស្ងាត់ប្រៀបដូចជាបុប្ផាកំពុងលាក់ខ្លូន

0

ដោយ គង់ សូរិយា

ដោយៈ វាលស្រែខៀវស្រងាត់​ ចោលម្លប់ដោយដើមឆ្នោតពេញពាស អមសងខាងផ្លូវ ដែលពេលខ្លះហ្វូងគោទាំងហ្វូងៗ បានរំខានដល់ការធ្វើដំណើររបស់យើងក្តី ប៉ុន្តែយើងមិនបង្អាក់ដំណើរនោះទេ។

ងាកមើលខាងឆ្វេងដៃ ជួរភ្នំខៀវស្រងាត់ ដែលបានរេរាំជាមួយហ្វូងពពក និងអ័ព្ទស្រាលៗចាំងជាមួយពន្លឺថ្ងៃ ទិដ្ឋភាពទាំងនេះតែងតែប្រែប្រួលតាមជំនោរខ្យល់ និងលក្ខខ័ណ្ឌអាកាសធាតុ។

ទឹកដីស្រុងថ្ពង ស្រុកទឹកផុស ហាក់បីដូចជា “បុប្ឆាកំពុងលាល់ខ្លួន ពីភ្នែកអ្នកវិនិយោគអចលនទ្រព្យ ដែលអ្នកវិនិយោគភាគច្រើន កំពុងសម្លឹងរកតំបន់ឆ្នេរ ហើយភ្លេចតំបន់នេះ ដែលមានទាំងទឹកជ្រោះ មានទាំងព្រៃភ្នំ មានទាំងផ្កាព្រលឹត និងរំចង់រីកកណ្តាលបឹងតូចៗ អមសងខាងផ្លូវជាតិលេខ៥៣។

អ្នកស្វែងរកឱកាសវិនិយោគអចលនទ្រព្យម្នាក់ គ្រាន់តែប្រាប់ថាឈ្មោះ មករាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ សីហាកន្លងមកថា អ្វីៗរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ព្រោះមូលដ្ឋានស្រុកថ្ពង និងស្រុកទឹកផុសមានអ្វីៗជាច្រើន ដែលលោកចាប់អារម្មណ៍ និងអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់តំបន់នេះ។

លោកបន្តថា “ជើងភ្នំខៀវស្រងាត់ ទឹកជ្រោះសក្បុសកំពុងអន្ទងចិត្តខ្ញុំ ហើយខ្ញុំគិតថានាពេលអនាគ តំបន់នេះនឹងកាន់តែមានការរីកចម្រើនលឿន ជាមួយនឹងគំរោងវិនិយោគអចលនទ្រព្យជាច្រើន”។ លោកបន្តថា “ខ្ញុំគិតថា បើមកបោះតង់កណ្តាលព្រៃរបោះ គេងស្តាប់សត្វយំ និងអើតមើលជើងភ្នំរពើតរពើងពីចម្ងាយ វានឹងធ្វើឲ្យខ្ញុំ និងអ្នកមកកាន់ទីនេះអាចសំរាកលំហែរចុងសប្តាហ៍បាន”។

ទោះជាយ៉ាងណា លោកបង្ហើបថា មិនទាន់រកដីបានធំនៅឡើយទេ ខណៈតម្លៃដីធ្លីនៅតំបន់នេះបានកើនឡើងបណ្តើរៗហើយ ដែលកាលពី៥ទៅ ១០ឆ្នាំមុន ដីមួយហិកតា មានតម្លៃ៥០០ទៅ១០០០ដុល្លារ បច្ចុប្បន្នដីជាប់ផ្លូវបានកើនតម្លៃ ដល់ ១០,០០០ ទៅ ១៥,០០០ដុល្លាររួចទៅហើយ ក្នុងមួយហិកតា។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ដែលមានចុះសិក្សាស្វែងយល់ពីសក្តានុពលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យ ខេត្តកំពង់ឆ្នាំងមិនទាន់ងើបឡើងច្រើននៅឡើយទេ ដោយសារ​ខេត្តនេះ ជាខេត្តដែលគេធ្វើដំណើរឆ្លងកាត់ពីមុនមក ប៉ុន្តែនាពេលអនាគត ខេត្តនេះនឹងទាក់ទាញការវិនិយោគច្រើន ដោយសារទី១ មានហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់ច្រើនទាំងផ្លូវទឹក ផ្លួវគោក ផ្លួវរថភ្លើង និងអាចមានការតភ្ជាប់ផ្លូវអាកាសនាពេលអនាគត។

លោកបន្តថា “ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនបានសិក្សារួចហើយថា ខេត្តកំពង់ឆ្នាំងស័ក្តិសមជា Hub សំរាប់ផ្ទុកទំនិញ លំដាប់អន្តរជាតិមួយនាពេលអនាគត ដោយសារភាពអំណោយផលលក្ខខ័ណ្ឌភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋសមស្រប”។

លោកយិន លាងគង់បានបន្តថា បើមើលពីភូមិសាស្រ្ត សណ្ឋានដី និងភាពអំណោ​យផលនៃធនធានធម្មជាតិ ស្រុកទឹកផុសនឹងអាចទាក់ទាញ ការវិនិយោគលំនៅដ្ឋានលំ​ហែ​រកាយ ក៏ដូចជា ដីឡូត៍សំរាប់លំហែរកាយនាពេលអនាគត ពិសេសនៅពេលផ្លូវជាតិលេខ៥សាងសង់បញ្ចប់នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here