ដោយៈសុខុម
សឹង្ហបុរី: ជាការពិតណាស់ថា ការមកដល់នៃវ៉ាក់សាំងចិន បានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែពេលនេះ ប្រទេសជាច្រើននៅទូទាំងតំបន់ កំពុងងាកចេញពីវ៉ាក់សាំងចិនយ៉ាងរហ័ស ដើម្បីស្រវាឈោងចាប់វ៉ាក់សាំងដែលផលិតដោយលោកខាងលិច។
យោងតាមសារព័ត៌មានបរទេស Business Times ដែលចុះផ្សាយនៅថ្ងៃសៅរ៍ ទី២១ សីហា នេះឱ្យដឹងថា ពលរដ្ឋនៅប្រទេសថៃ ដែលបានចាក់វ៉ាក់សាំងចិន Sinovac ដូសទី១ ពេលនេះត្រូវបានផ្ដល់វ៉ាក់សាំងអង់គ្លេស AstraZeneca ជំនួសវិញសម្រាប់ដូសទី២ ក្រោយចាក់ដូសទី១បាន៣ ទៅ៤សប្តាហ៍។
-->

ទន្ទឹមនេះ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមការងារដោះស្រាយបញ្ហាកូវីដ-១៩ កំពុងរៀបចំចាក់វ៉ាក់សាំង អាមេរិកModerna សម្រាប់ដូសទី៣ ដែលជាដូសជំរុញឱ្យក្រុមគ្រូពេទ្យដែលទទួលវ៉ាក់សាំងចិន Sinovac ចំនួន២ដូសរួចហើយ។
ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា ប្រទេសនេះនឹងឈប់ប្រើប្រាស់វ៉ាក់សាំងចិន Sinovac តទៅទៀត នៅពេលអស់ស្តុកចាស់។ ហើយសូម្បីតែប្រទេសកម្ពុជា ដែលជាមហាមិត្តដែកថែបរបស់មហាយក្សចិន ក៏បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងអង់គ្លេស AstraZeneca សម្រាប់ដូសទី៣ ដែលជាដូសជំរុញដើម្បីចាក់ឱ្យក្រុមគោលដៅជួរមុខដែលចាក់វ៉ាក់សាំងចិន Sinovac និង Sinopharm ២ដូសរួចផងដែរ។
នេះសរបង្ហាញឱ្យឃើញថា មានប្រទេសកាន់តែតិចទៅៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលផលពីការទូតវ៉ាក់សាំងរបស់មហាយក្សចិន ស្របពេលតំបន់ដែលមានប្រជាជនសរុបជាង៦៥០លាននាក់នេះ បាននិងកំពុងងាកទៅស្រវា ឈោងចាប់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុននានា នៅលោកខាងលិច ដូចជា វ៉ាក់សាំងដែលផលិតដោយសហរដ្ឋអាមេរិក អង់គ្លេស និងរុស្ស៊ី ជាដើម។
ប្រទេសមួយចំនួន ក្នុងចំណោមប្រទេសទាំងនេះ មានចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងលឿនបំផុតនៅលើពិភពលោក បើទោះបីជាប្រទេសទាំងនោះ បានសម្រុកចាក់វ៉ាក់សាំងចិន បានច្រើនហើយយ៉ាងណាក្ដី។
សូម្បីនៅវៀតណាម ដែលជាប្រទេសក្បែរខាងរបស់កម្ពុជា ក៏ពលរដ្ឋបានរិះគន់ខ្លាំងៗចំពោះការចាក់វ៉ាក់សាំងចិនផងដែរ ដោយនិយាយថា ពួកគេមិនជឿជាក់លើគុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន សូម្បីតែបន្តិច។
ខណៈប្រទេសកាន់តែច្រើន ងាកចេញពីវ៉ាក់សាំងចិន ជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិក បានផ្តល់ឱកាសឱ្យប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះស្តារឡើងវិញ នូវទំនាក់ទំនងក្នុងតំបន់ ដែលមន្រ្តីអាមេរិកភាគច្រើន មិនបានអើពើជាច្រើនឆ្នាំមកហើយ ខណៈមហាយក្សចិន ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
រដ្ឋការលោក ចូ បៃឌិន បានបញ្ជូនក្រុមមន្រ្តីជាន់ខ្ពស់ រួមទាំងលោកស្រីអនុប្រធានាធិបតី Kamala Harris ផងដែរ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងការទូតឡើងវិញ។ សហរដ្ឋអាមេរិក ក៏បានប្ដេជ្ញាផ្ដល់វ៉ាក់សាំងរបស់ខ្លួន ដល់តំបន់នេះផងដែរ ដោយសង្កត់ធ្ងន់ថា ការចែកចាយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ប្រមាណ២០លានដូសធ្វើឡើងដោយមិនភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់។
ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ទំនងជាចង់ផ្លែផ្កាឱ្យមហាយក្សចិន៕