ក្រុមហ៊ុន​ផ្សារ​ទំនើប​នៅ​ថៃ​នៅតែ​បន្ត​វិធានការ​សង្គ្រោះ​ដើម្បី​ជួយ​ស្រោចស្រង់​អាជីវករ

ដោយៈ​សុខុម

បាងកក: ក្រុមហ៊ុន​ប្រតិបត្តិ​ករ​គ្រប់គ្រង​ផ្សារ​ទំនើប​ជាច្រើន បាន​បន្ត​វិធានការ​សង្គ្រោះ​របស់ខ្លួន ដើម្បី​ជួយ​ឱ្យ​អាជីវករ ដែលជា​អ្នក​ជួល​តូប​របស់ខ្លួន អាច​បន្តដំណើរ​លក់ដូ​រ​អំឡុង​វិបត្តិ​កូ​វីដ-១៩ ដែល​កាន់តែ​ធ្ងន់ធ្ងរទៅ។  នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post ចុះផ្សាយ​កាលពី​ថ្ងៃទី១៨ ឧសភា។

តួយ៉ាង លោក Somphol Tripopnart នាយក​គ្រប់គ្រង​អាជីវកម្ម​ផ្សារ​ទំនើប​នៅ​ក្រុមហ៊ុន MBK Plc ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប MBK ផ្សារ​ទំនើប Paradise Park និង​ផ្សារ​ទំនើប The Nine Rama 9 បានលើកឡើង​ក្នុង​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​បានចាប់ផ្តើម​ជួយ​អា​ជីករ ដែល​ជួល​តូប​របស់ខ្លួន​កាលពី​ថ្ងៃទី២៦ ខែមេសា តាមរយៈ​ការមិន​យក​ថ្លៃឈ្នួល​ស្តង់ សម្រាប់​អ្នក​ជួល​ដែល​ជួប​ការលំបាក​ខ្លាំង​បំផុត ដោយ​យកតែ​ថ្លៃ​ទឹក​ភ្លើង​ប៉ុណ្ណោះ។

កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​នេះ​បាន​បន្ត​វិធានការ​សង្គ្រោះ ដើម្បី​ជួយ​ដល់​អ្នក​ជួល​តូចផ្សេងៗទៀត នៅ​ផ្សារ​ទំនើប​ទាំង៣របស់ខ្លួន តាមរយៈ​ការបញ្ចុះ​ថ្លៃឈ្នួល​តូប​ចន្លោះ​ពី៣០%ទៅ៧០% ក្នុង​បំណង​ជួយ​សម្រាល​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ រលក​ថ្មី​ទៅលើ​អាជីវករ។

យោងតាម​លោក Somphol Tripopnart ឱ្យដឹងថា ក្រុមហ៊ុន​ក៏បាន​បង្កើត​បណ្តាញ​លក់ផ្សេងៗផងដែរ ដើម្បី​ជួយ​បង្កើន​ឱកាស​លក់​របស់​អ្នក​ជួល​តូប និង​ទទួលបាន​អតិថិជនថ្មីៗ សម្រាប់​ជួយ​ទប់​ការធ្លាក់ចុះ​ប្រាក់ចំណូល​រេ​បស់​ពួកគេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បាន​បើកហាង​របស់ខ្លួន​ដែលមាន​ឈ្មោះថា MBK Center@Lazada សម្រាប់​ជួយ​អ្នក​ជួល​តូប​លក់​ផលិតផល​របស់ខ្លួន​តា​ម​អន​ឡាញ។

លើសពីនេះ​ទៀត នៅ​រៀងរាល់ថ្ងៃ​ពុធ ក្រុមហ៊ុន​នឹងធ្វើ​ការ Live លក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោម​ផេ​កមួយ​ដែលមាន​ឈ្មោះថា MBK Live Market។  ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​កំពុង​យក​ស្តង់​មួយចំនួន​មកវិញ ជាបណ្ដើរៗនៅពេល​កិច្ចសន្យាជួល​ផុត​សុពលភាព​នៅ​ឆ្នាំនេះ ដើម្បី​ត្រៀម​ប្ដូរ​ទៅ​ទីតាំង​ផ្សារ​របស់ខ្លួន។

នៅក្នុង​គម្រោង​អភិវឌ្ឍន៍ ដែល​ពាក់ព័ន្ធ​មួយ​ផ្សារ​ទំនើប MBK គ្រោង​បើកសម្ពោធ​ផ្សារ​ទំនើប​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា The Nine Center Tiwanon នៅ​ពាក់កណ្តាល​ខែក្រោយ​ផងដែរ៕

សិក្សា​លើ​មូលដ្ឋានគ្រឹះសំខាន់ៗមុននឹង​សម្រេច​វិនិយោគ​លើដី​ធ្លី​តំបន់​ណាមួយ

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ ការវិនិយោគ​លើ​វិស័យ​ដីធ្លី បើ​ចង់ឱ្យ​ចំណេញ​ឆាប់​និង​ចំណេញ​ច្រើន អ្នកវិនិយោគ ត្រូវ​ដឹង​ពី​ចំណុចគោលៗមួយចំនួន មុននឹង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ដើម្បី​កុំឱ្យ​ខាត​ពេល​ខាត​វេលា និង​ថវិកា។

ព្រោះ​បើសិនជា​ការវិនិយោគ​លើ​វិស័យ​មួយ​នេះ ដោយ​គ្មាន​ចំណេះដឹង​មូលដ្ឋាន ខ្លះៗនោះទេ ទោះបី​មាន​ទុន​ច្រើន​យ៉ាងណា ក៏​ពិបាក​ក្នុងការ​ទទួលបាន​ផល​ចេញ​ក្នុង​រយៈពេល​ខ្លី​នោះដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​ថា ការវិនិយោគ​ដីធ្លី​បើសិនជា​អ្នកវិនិយោគ​មាន​មូលដ្ឋានគ្រឹះ​មួយចំនួន នឹង​អាច​ទទួលបាន​ផលចំណេញ​មកវិញ​បាន​លឿន និង​ប្រើ    រយៈពេល​ខ្លី ។

លោក​និយាយថា “អ្នកខ្លះ​ហ៊ាន​សម្រេច​ទិញ​ដីធ្លី នៅ​តំបន់​ដែល​ឆ្ងាយ អត់​ប្រព័ន្ធ​ទឹក ភ្លើង និង​ផ្លូវ​ទៅដល់​ទេ តែ​គេ​បានដឹង​រួចទៅហើយ ពី​គម្រោង​អ្វីមួយ​នៅ​តំបន់​នោះ ថា​នឹងមាន​ការអភិវឌ្ឍ​ឱ្យទៅជា​អ្វីមួយ។ ដូច្នេះ​អ្នក​ដែល​ឆ្លាត​គេ នឹង​ទិញ​ដី​នោះ​ទុក​សម្រាប់​យកចំណេញ​នៅពេលដែល​គម្រោង​ចាប់ផ្ដើម​អនុវត្តន%” ។

លោក​បន្តថា មុននឹង​សម្រេចចិត្ត​វិនិយោគ​លើដី​ធ្លី នៅ​តំបន់​ណាមួយ​នោះ គឹ​ត្រូវ​សិក្សា និង​ស៊ើប​មើល​ពី​គម្រោង​ប្លង់​មេ​របស់​រដ្ឋបាល​រាជធានី ខេត្ត រឺ​ផែនការ​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល​ទាំងមូល ហើយ​បណ្ដាក់ទុន​នៅ​តំបន់​នោះ នឹងមិន​ខុស​នោះទេ ។សម្រាប់​ព័ត៌មាន​នេះ គេ​អាច​នឹង​ពិបាក​ក្នុងការ​ស្វែងរក​ប្រភព តែ​គេ​អាច​ព្យាយាម​រក ហើយ​បើសិនជា​រកបាន នោះ​វា​នឹងធ្វើ​ឱ្យគេ​អាច​ទទួលបាន​ឱកាស​ក្នុងការ​វិនិយោគ​មុន ។

លោក​សុខ​នី​ម​បាន​បញ្ជាក់ថា “ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ឡើងថ្លៃ​ជា​បន្តបន្ទាប់ គ្រាន់តែ​តំបន់​ខ្លះ​ឡើង​មុន តំបន់​ខ្លះ​ឡើង​តាម​ក្រោយ ព្រោះថា​រដ្ឋាភិបាល​ច្បាស់​ជាមាន​គម្រោង​ប្លង់​មេ​រួចរាល់​ហើយ តែ​ត្រូវធ្វើ​ទៅតាម​ម្ដង​មួយជំហាន” ។

លោក​ឧកញ៉ា គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តាមពិត​ការអភិវឌ្ឍ​ដីធ្លី និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា បើ​ធៀប​នឹង​ប្រទេស​រីកចម្រើន​ក្នុង​តំបន់ យើង​ដើរ​ក្រោយ​គេ​ច្រើន ប្រទេស​ខ្លះ​គេ​ដើរ​មុន​កម្ពុជា១០ឆ្នាំ ខ្លះ២០ឆ្នាំ និង​ខ្លះទៀត​ដើរ​មុន​កម្ពុជា រហូតដល់៣០ឆ្នាំ​ក៏មាន ដូច្នេះ​អ្វីដែល​គេ​មាននៅ​ពេលនេះ កម្ពុជា​យើង​នឹងមាន​ដូច​គេ​នៅ​រយៈពេល១០ ឬ២០ឆ្នាំ​ខាងមុខ​ទៀត ។

លោក​បន្តថា “ការសម្រេច​ទិញ​ដីធ្លី​ទុក​វា​មិន​ខុស​នោះទេ ព្រោះ​យើង​ដឹង​ហើយ​ថា​មនុស្ស​កើត​រាល់ថ្ងៃ​តែ​ដី​មិនកើត​នោះទេ ដូច្នេះ​តម្លៃ​ដី​នឹង​ឡើងជា​បន្តបន្ទាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ” ៕

អ្នកជំនាញ​អន្តរជាតិៈ ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា​នឹង​ងើបឡើង​វិញ​យ៉ាង​រហ័ស​ជាងគេ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អន្តរជាតិ​បាន​លើកឡើងថា ទីផ្សារ​លំនៅដ្ឋាន​ត្រូវបាន​រំពឹងថា​នឹង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ជាងគេ បើ​ធៀប​នឹង​ផ្នែក​ផ្សេង នៃ​វិស័យ​អចលនទ្រព្យ បន្ទាប់ពី​មានការ​រំខាន​ដោយ​វិបត្តិ​កូ​វីដ១៩ ។

លោក James Hodge នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ន​ធា ទីផ្សារ​លំនៅដ្ឋាន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ដែល​គាំទ្រ​ដោយ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ប្រាក់កម្ចី និង​ការទូទាត់​ពី​ធនាគារ និង​អ្នក​អភិវឌ្ឍន៍។

លោក​បាន​ថ្លែងថា “យើង​រំពឹងថា សកម្មភាព​នៃ​ការលក់ នឹងមាន​ភាពប្រសើរឡើង​ទាំង​ផ្នែក​ខុន​ដូ និង​ផ្នែក​អចលនទ្រព្យ​ជាប់​ដី (ផ្ទះ) នៅ​ត្រីមាស​ទី៣ ឆ្នាំ២០២១ ខណៈ     រយៈពេល​នៅសល់​នៃ​ត្រីមាស​ទី២ សកម្មភាព​ទិញ​លក់​ហាក់ ដូចជា​នៅ​ភាពយឺត​នៅឡើយ” ។

ការរំខាន​ពី​ការឆ្លង​ជំងឺ​កូ​វីដ១៩ចូលក្នុង​សហគមន៍ ទំនងជា​នឹង​រុញច្រាន​ការ​ស្ទុះ​ឡើងវិញ​ក្នុង​វិស័យ​អចលនទ្រព្យ​យឺត​ផង ដូច្នេះ​ស្ថានភាព​ទីផ្សារ​ប្រសើរ​ឡើងវិញ គឺ​ពឹង​ផ្អែកលើ​ល្បឿន និង​ប្រសិទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង ដើម្បី​បង្កើត​សន្ទុះ និង​បង្កើន​ភាពជឿជាក់​លើ​ការវិនិយោគ​អចលនទ្រព្យ។

ទីផ្សារ​អចលនទ្រព្យ​កំពុង​ប្រឈមមុខ នឹង​បញ្ហា​ប្រឈម​ជាច្រើន ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ រួមមាន​កង្វះ​ទំនុកចិត្ត​របស់​អ្នកទិញ អំឡុង​ការកើនឡើង​នៃ​ភាពមិនច្បាស់លាស់ និង​ការផ្គត់ផ្គង់​លើស​តម្រូវការ​ទីផ្សារការងារ ដែល​ប៉ះពាល់​ដល់​ចំណូល​ជួល។

ទោះបីជា​យ៉ាងណាក៏ដោយ លោក James Hodge បានឱ្យដឹងថា យើង​រំពឹងថា សកម្មភាព​ទិញ​លក់​នឹង​កើន​ឡើងវិញ ព្រោះ​កម្មវិធី​ចាក់​វ៉ាក់សាំង នឹង​ជួយ​ដល់​ការគ្រប់គ្រង​ជំងឺ​កូ​វីដ១៩ និង​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​បើក​ព្រំដែន និង​បន្ធូរ​ការ​រឹតត្បិត​មួយចំនួន ប៉ុន្តែ​នៅតែ​មិនទាន់​ដឹង​ទំហំ នៃ​ការកើនឡើង​វិញ​កម្រិត​ណា​នោះទេ។

លោក​បាន​ថ្លែងបន្តថា យើង​រំពឹងថា ទីផ្សារ​លំនៅដ្ឋាន​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​សម្រាប់​វិស័យ​លំនៅដ្ឋាន(បុរី) បន្ទាប់មក​វិស័យ​ខុន​ដូ។ ទីផ្សារ​អាគារ​ពាណិជ្ជក​ម្ម​ទំនងជា​នឹង​ធ្លាក់ចុះ​រយៈពេល ក្នុង​រយៈពេល​យូរ​ជាង​នេះ ប៉ុន្តែ​ក៏​អាច​មើលឃើញ​សកម្មភាព​ប្រសើរឡើង នៅពេលដែល​ស្ថេរភាព និង​កំណើនសេដ្ឋកិច្ច​រឹងមាំ​ត្រូវបាន​ធានា។

កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កម្ពុជា បាន​កើន​លើស​ប្រទេសផ្សេងៗទៀត​នៅក្នុង​អាស៊ាន ហើយនឹង​ក្លាយជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ ក្នុង​ការផ្តល់​ទំនុកចិត្ត​ដល់ទី​ផ្សារ​វិនិយោគ។

លោក James Hodge បានឱ្យដឹងថា ដៃគូ​វិនិយោគ​ដែល​ក្រុមហ៊ុន CBRE បាន​ពិភាក្សា​ជាមួយ បាន​សំដែង​ការកោតសរសើរ​ចំពោះ​វិធានការ ដែល​បាន​អនុវត្ត​កន្លងមក ហើយ​ពួកគេ​មាន​ជំនឿ​ចិត្ត​ថា ការ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​បែបនេះ នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ងើបឡើង​វិញ ពី​វិបត្តិ​ជំងឺ​រាតត្បាត​លឿន​ជាង​ប្រទេស​ប្រកួតប្រជែង៕

តើ​អគារ​ប្រភេទ​ដូចម្តេច ទើប​អាច​កំណត់​ជា​អគារ​សហកម្មសិទ្ធិ?

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាទូទៅ​គេ​តែង​កត់សម្គាល់ថា អគារ​មួយ​ដែលមាន​បន្ទប់​ច្រើន មាន​អ្នករស់នៅ​ច្រើន​គ្រួសារ ហៅថា​អគារ​សហកម្មសិទ្ធិ​ហើយ ប៉ុន្តែ​ការ​អោយនិយមន័យ​បែបនេះ មិន​ត្រឹមត្រូវ​នោះទេ។

យោងតាម​ឯកសារ​របស់​ក្រសួង​ដែនដី​បាន​ឲ្យ​ដឹងថា ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​យើង ផ្នែក​នេះ​ហាក់​នៅ​ថ្មី​ក្នុង​វិស័យ​មួយ​នេះ ក៏ពិតមែន ប៉ុន្តែ​រហូតមក​ដល់ពេលនេះ យើង​ក៏មាន​ច្បាប់ និង​បទបញ្ញត្តិ​មួយចំនួន ដែលជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង និង​បកស្រាយ​ទៅលើ វិស័យ​ដ៏​ក្មេងខ្ចី​មួយ​នេះ​មានដូចជា៖ ច្បាប់​ភូមិបាល ឆ្នាំ២០០១ អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ ចេញ​នៅ​ឆ្នាំ ២០០៩ ។

ច្បាប់​ស្តីពី ការផ្តល់​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯក ជន​នៃ​អគារ​សហកម្ម សិទ្ធិ​ដល់​ជនបរទេស ប្រកាស​អោយប្រើ​ឆ្នាំ២០១០ អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​បុរី និង​អនុក្រឹត្យ​ស្តីពី ការកំណត់​ចំនួន​សមាមាត្រ និង​របៀប​គិតគូរ​ចំណែក​ឯកជន ដែល​អាចជា​កម្មសិទ្ធិរ​បស់​ជនបរទេស​នៅ ក្នុង​អគារ​សហកម្មសិទ្ធិ​ឆ្នាំ២០១០ ដោយ​ច្បាប់ និង​បទបញ្ញត្តិ​ទាំងនេះ មានចែង​ពី​និយមន័យ យន្តការ​និង​ការគ្រប់គ្រង​អគារ​សហកម្មសិទ្ធិ​នៅ​កម្ពុជា។

អាគារ​សហកម្ម​សិ​ទ្ឋ​សំដៅ​ដល់​អាគារ​ខុន​ដូ ដែលមាន​អ្នក​អភិវឌ្ឍន៍​តែ​ម្នាក់​ច្រើន​នាក់ និង​បាន​បែងចែក​យូ​នី​ត​លើ​អាគារ​រូ​ម​ច្រើន និង​លក់​ជូន​ដល់​អតិ​ជន​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍៕

ខេត្តព្រះសីហនុមានផ្លូវក្រោមដីសម្រាប់អ្នកថ្មើជើងជាលើកដំបូង ដែលត្រៀម បញ្ចប់ការសាងសង់

ដោយៈគង់ សូរិយា
​ភ្នំពេញៈ ខេត្តព្រះសីហនុមានផ្លូវក្រោមដីជាលើកដំបូង ដែលគ្រោងបញ្ចប់ការស្ថាបនានៅក្នុងខែឧសភានេះ ដែលនេះជាសមិទ្ឋផលថ្មីមួយនៃការលើកកំពស់សោភ័ណភាពផក្រុងព្រះសីហនុ។

ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ។ នេះបើយោងតាមរយៈវីដេអូរបស់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
ផ្លូវក្រោមដីនីមួយៗមានប្រវែង៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់៣,២មែត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។
ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ។
លោកឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងផងដែរថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
តាមផែនការគ្រោងទុក គំរោងនេះគ្រោងបញ្ចប់ការដ្ឋានសាងសង់ នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្តខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ ដើម្បីជាចំណងដៃជូនពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ។
តាមព៌តមានបានឲ្យដឹងថា ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាបក៏បានស្ដារ និងស្ថាបនាឡើងវិញនេះ នៅហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ប្រវែង៦,៧០០ម៉ែត្រ ទទឹង២៩ម៉ែត្រ ចន្លោះពីគីឡូម៉ែត្រ២១៦ ដល់គីឡូម៉ែត្រលេខ២២២-៧០០ ដែលជាគម្រោងដ៏មានអាទិភាព និងសក្តានុពលរបស់ខេត្តព្រះសីហនុ៕

គម្រោងសាងសង់ផ្លូវជាតិលេខ១០ឆ្លងកាត់បាត់ដំបង – ពោធិ៍សាត់ – កោះកុង សម្រេចបាន៤៨,៧៧ភាគរយហើយ

          ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ លោកប៊ុង ប៊ុនហួនបានអះអាងថា ការសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានជិត៤៩ភាឡរយហើយ។

ក្នុងឱកាសដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិដ៏សំខាន់នេះ លោករដ្ឋលេខាធិការបានឲ្យដឹងថា  ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់ កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

ផ្លូវជាតិលេខ១០មានប្រវែង១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រ​យោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញ អ្នកទេស​ចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។

លោកប៊ុង ប៊ុនហួន បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តន៍ ឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩៕

អ្នកជំនាញៈ ការវិនិយោគលើវិស័យដីធ្លីនៅកម្ពុជានឹងនៅតែទទួលបានផល ចំណេញខ្ពស់នាពេលអនាគត

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ការវិនិយោគលើវិស័យដីធ្លីនៅកម្ពុជា នឹងនៅតែទទួលបានឱកាស ដើម្បីទទួលបានផលចំណេញខ្ពស់នាពេលអនាគត ដោយសារប្រទេ​សកម្ពុជានឹងបន្តមានការអភិវឌ្ឍន៍លឿន ដែលរុញច្រានឱ្យគ្រប់វិស័យមានរីកចម្រើន ពិសេសវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាគឺជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលមានចំណុចសក្តានុពល ក្នុងការធ្វើការងារទំនាក់ទំនង ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន ខណៈវិស័យអចលនទ្រព្យ នៅប្រទេសមានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសវិស័យដីធ្លី។

លោកបានលើកឡើងថា “វិស័យដីធ្លីនៅកម្ពុជា គឺជាឱកាសសម្រាប់ការវិនិយោគ ហើយតាមរយៈបទពិសោធន៍របស់យើង ការវិនិយោគនៅក្នុងវិស័យដីធ្លី ផ្តល់ចំណេញខ្ពស់ ដោយប្រទេសកម្ពុជាយើង ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍លឿនណាស់ ហើយការអភិវឌ្ឍន៍ត្រូវបានពង្រីកទៅគ្រប់ទិសទីនៃទីក្រុង ដែលធ្វើឱ្យការវិនិយោគលើដីធ្លីទទួលបានផលចំណេញខ្ពស់”។

លោកបានថ្លែងថា ទី១ យើងត្រូវសិក្សាពីផែនការអភិវឌ្ឍន៍មេ របស់សាលាក្រុងភ្នំពេញថា តើផែនការនឹងត្រូវពង្រីកទៅតំបន់ណាមុនគេ ទី២ យើងត្រូវមើលពីទិន្នន័យក្បាលដី ដូច្នេះយើងនឹងដឹងពីប្រព័ន្ធអភិវឌ្ឍន៍ផ្លូវធំ ឬតូច ហើយយើងទទួលបានផលយ៉ាងឆាប់រហ័ស ដោយសារតែយើងមានប្រព័ន្ធផ្លូវនៅក្នុងផែនការអភិវឌ្ឍន៍មេ បោះបីជាយើងមិនទាន់ឃើញមានការអភិវឌ្ឍ លេចចេញជារូបរាងក៏ដោយ ពីព្រោះថានៅពេលគេចាប់ផ្តើមសាងសង់ផ្លូវភ្លាម ដីធ្លីនឹងឡើងថ្លៃភ្លាម។

លោកបានលើកឡើងបន្តថា តើយើងអាចទទួលបានព័ត៌មាន ទាក់ទងនឹងផែនការអភិវឌ្ឍន៍បានដោយរបៀបណា? អ្នកវិនិយោគ ដែលចង់បំណងចង់វិនិយោគលើវិស័យដីធ្លី គួរតែមកទាក់ទងនឹងភ្នាក់ងារអចលនទ្រព្យ ដែលពួកគាត់ដឹងច្បាស់ពីផែនការអភិវឌ្ឍន៍ទាំងអស់នេះ។ លោកបន្តថា យើងអាចទៅស្នើសុំឯកកសារទាក់ទង នឹងផែនការអភិវឌ្ឍនេះតាមរយៈសូរិយោដី សម្រាប់តាមបណ្តាខេត្ត ហើយយើងអាចទៅស្នើសុំព័ត៌មានទាំងនេះពីក្រសួងដែនដី នគរូបនិយកម្ម និងសំណង់ជាដើម៕

មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែៈ កម្ពុជានឹងនាំចេញប្រេងកាតលើកដំបូងជាប្រវត្តិសាស្ត្រក្នុងខែឧសភានេះ

ដោយៈ ប៊ី

ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោកជៀប សួរបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមហ៊ុន KrisEnergy នឹងនាំចេញប្រេងកាតរបស់កម្ពុជា ដែលបាន និងកំពុងដំណើរការបូមជាប្រចាំរៀងរាល់ថ្ងៃ នៅអណ្តូរអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១នេះហើយ បើមិនមានអ្វីប្រែប្រួលនោះទេ។

លោកអគ្គនាយកជៀប សួរបានឱ្យដឹងថា ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជានេះ ក្នុងបរិមាណពី២៧ម៉ឺន ទៅ ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង។ (១បារ៉ែលស្មើនឹង ១៥៨.៩៩លីត្រ)។

លោកជៀប សួរបានថ្លែងថា “ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជា ទៅលក់នៅលើទីផ្សារអន្តរជាតិ នៅអំឡុងខែឧសភានេះ។ ចំពោះដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណ
ចន្លោះពី២៧ម៉ឺនបារ៉ែល ទៅ៣០ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាម ការវាស់វែងជាក់ស្តែង”។

យ៉ាងណាលោកអគ្គនាយក មិនទាន់អាចបញ្ជាក់បាននោះទេ ថាការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណា ហើយលក់ក្នុងតម្លៃប៉ុន្មាន ព្រោះត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង។

អណ្តូងប្រេងកាតចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។

ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាសមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕

បុរី ប៉េង ហួត បញ្ចេញ កំណែទម្រង់ជំនាន់ថ្មី លើកម្មវិធីទូរសព្ទដៃ Mobile App របស់ខ្លួន

បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទដៃបានក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រួល។ ក្នុងនោះផងដែរ កម្មវិធីលើទូរសព្ទដៃ ក៏កំពុងតែអភិវឌ្ឍអោយស្រប ទៅនឹងអ្វីដែលថ្មី និងសម្បូរបែបដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ និងការចង់បានរបស់សាធារណជន។

ដូចគ្នានេះដែរ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App (ផ្តោតលើផ្នែកអចលនទ្រព្យ)ដែលបានបង្កើតឡើងដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ មក បានធ្វើកំណែទម្រង់ជំនាន់ថ្មី ទាំងទូរសព្ទប្រើប្រាស់ប្រព័ន្ធ IOS និងប្រព័ន្ធ Android ដែលនឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយ បច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែប។

សម្រាប់កំណែទម្រង់ជំនាន់ថ្មីនេះ មានមុខងារជាច្រើន ដែលអាចផ្តល់ជូនអតិថិជនក្នុងការស្វែងរកបាននូវព័ត៌មានកាន់តែលម្អិត និង​រហ័សទាន់ចិត្ត ក្នុងការណែនាំ ពីប្រភេទលំនៅដ្ឋាន ប្រភេទគម្រោង និងព័ត៌មានផ្សេងៗដូចជា ព័ត៌មានកម្ចីធនាគារដែលជាដៃគូ ការគណនាប្រាក់កម្ចីបង់រំលស់ លេខទូរសព្ទសង្គ្រោះបន្ទាន់ ដំណឹងជ្រើសរើសបុគ្គលិក និង ព័ត៌មានអចលនទ្រព្យថ្មីៗចុងក្រោយ ។ល។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធីទូរស័ព្ទដៃនេះ បានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើន សន្ធឹកសន្ធាប់ពីដៃគូរសហការដល់អតិថិជនបុរី ប៉េង ហួត ដោយគ្រាន់តែបង្ហាញពីអត្តសញ្ញាណនៃកាតសមាជិករបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។

ចង់ជ្រាបច្បាស់ថា តើកម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App  ផ្លាស់ប្តូរទម្រង់បែបណា លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំតាមរយៈតំណរភ្ជាប់នេះ https://bit.ly/2rD9FnY

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth

ក្រុមហ៊ុន Amazon កំពុងចរចាសុំទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ MGM Studios ក្នុងតម្លៃ៩ពាន់លានដុល្លារ

សុខុម
អាមេរិក: ក្រុមហ៊ុនយក្សអាមេរិក Amazon កំពុងចរចាសុំទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក MGM Studios ក្នុងតម្លៃ៩ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៨ ឧសភា នេះ។

MGM Studios គឺជាក្រុមហ៊ុនស្ទូឌីយោមួយក្នុងចំណោមក្រុមហ៊ុនស្ទូឌីយោដ៏ល្បីល្បាញបំផុតនៅហូលីវូដ (Hollywood) ដែលមានប្រវត្តិជិតមួយសតវត្សរ៍ទៅហើយ។

ដំណឹងនេះបានលេចឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍យក្សអាមេរិក AT&T បានព្រមព្រៀងច្របាច់បញ្ចូលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Warner Media ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនជាមួយក្រុមហ៊ុន Discovery ក្រោមកិច្ចព្រមព្រៀងដើម្បីបង្កើតក្រុមហ៊ុនយក្សថ្មីមួយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា ក្រុមហ៊ុន MGM Holdings ដែលជាក្រុមហ៊ុនមេរបស់ MGM Studios បាននិងកំពុងស្វែងលក់អាជីវកម្មរបស់ខ្លួនមួយនេះចាប់តាំងពីចុងឆ្នាំ២០២០ កន្លងទៅ។

ការទិញយកក្រុមហ៊ុន MGM Studios នេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់សេវាកម្មទស្សនាភាពយន្តតាមអនឡាញ (Streaming Service) របស់ក្រុមហ៊ុន Amazon។

ក្រុមហ៊ុន MGM Studios មានកម្មវីធីទស្សនាភាពយន្ត និងទូរទស្សន៍ជាច្រើនក្នុងរយៈពេល១សតវត្សរ៍ចុងក្រោយនេះ ហើយវាបានក្លាយជា Platform មួយដែលមានសម្បូរដោយភាពយន្តល្បីល្បាញគ្រប់សម័យកាល ក្នុងនោះរួមមានទាំងភាពយន្តរឿង Ben-Hur និងរឿង The Wizard of Oz ផងដែរ។

ទោះជាយ៉ាងណា ពេលសារព័ត៌មាន BBC ទាក់ទងទៅដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះ ទាំងក្រុមហ៊ុន Amazon និងក្រុមហ៊ុន MGM Studios មិនបានឆ្លើយតបទេ៕