ក្រុងតាខ្មៅ​ផ្តោត​សំខាន់​លើ​អចលនទ្រព្យ​ដែល​​បង្កើតប្រាក់​ចំណូល ​និង​ដី​ដែល​មាន​ទីតាំង​ល្អ​ជាមួយ​ការ​ស្វាគមន៍​ទីក្រុងរណបថ្មី​

ដោយៈ ស៊ីវ ម៉េង

   កណ្តាលៈ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើង ជាមួយតំបន់អភិវឌ្ឍន៍ នៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយមានព្រលានយន្តហោះអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជួយគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង។

១. ដីជាប់ផ្លូវធំ

សម្រាប់ការវិនិយោគរយៈពេលវែង អ្នកវិនិយោគគួរស្វែងរកដីដែលមានលក្ខណៈដូចខាងក្រោម នៅជិតផ្លូវធំៗ និងផ្លូវតភ្ជាប់ដឹកជញ្ជូនដែលមានស្រាប់ ឬទីក្រុងរណប ដែលបាននិងកំពុងសាងសង់ និងនាំក្រុងតាខ្មៅ លេខកិត្យានុភាពនាពេលអនាគត។

២.មានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)

ភាពច្បាស់លាស់នៃប័ណ្ណកម្មសិទ្ធ មានសារៈសំខាន់សម្រាប់បញ្ចៀសហានិភ័យនាពេលអនាគតផង និងមានសារៈសំខាន់សម្រាប់ការរក្សាតម្លៃ និងទាញយកត​ម្លៃបន្ថែមសម្រាប់ទីផ្សារផងដែរ។

ខេត្តនេះ បច្ចុប្បន្នមានប្រព័ន្ធបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹក-ភ្លើងល្អ និងមានទីតាំងនៅជិតតំបន់ ដែលមានមនុស្សរស់នៅស្រាប់ ដើម្បីធានាថាមានតម្រូវការជាក់ស្តែង។


៣.ជាយុទ្ធសាស្ត្រទិញដីទុក (land-banking)

សម្រាប់រយៈពេល៥ ទៅ១០ឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធអាចជួយបង្កើនតម្រូវការដីធ្លី ប៉ុន្តែមិនមែនដីគ្រប់ទីតាំង សុទ្ធតែទទួលបានផលប្រយោជន៍ស្មើគ្នានោះទេ។ ហេតុនេះការទិញផ្ទះអាជីវកម្មខ្នាតតូច / អគារពាណិជ្ជកម្ម នៃគម្រោងទីក្រុងVictoria Parklandសម្រាប់បង្កើតលំហូរសាច់ប្រាក់ ជាមួយផែនការកសាងតំបន់អភិវឌ្ឍន៍ពាណិជ្ជ កម្មបែបរសរវើកនាពេលអនាគត។

ហាងលក់ទំនិញខ្នាតតូច (Mini-market) ភោជនីយដ្ឋាន ឬហាងកាហ្វេ ឱសថស្ថាន អាជីវកម្មផ្តល់សេវាកម្មផ្សេងៗ ការិយាល័យ
ឃ្លាំង ឬបន្ទប់តាំងបង្ហាញទំនិញ (showroom) ខ្នាតតូច
ក្រុងតាខ្មៅមានការអភិវឌ្ឍន៍ទាំងលំនៅដ្ឋាន និងពាណិជ្ជកម្មរួចហើយ ដោយគម្រោងដែលមានស្រាប់រួមមាន ផ្ទះអាជីវកម្ម អាជីវកម្មផ្នែកម្ហូបអាហារ/បដិសណ្ឋារកិច្ច និងវីឡា។

ជាមួយគ្នានឹងការកើនឡើងប្រជាសាស្រ្ត(ចំនួនប្រជាជន) ការរីកចម្រើនផ្នែកនគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឥទ្ធិពលចេញពីព្រលានយន្តហោះអន្តរជាតិតេជោ និងការទទួលផលពីរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍គម្រោងទីក្រុងVictoria Parkland លោកបណ្ឌិតតេង រិទ្ធីបានលើកឡើងថា ទីក្រុងតាខ្មៅ មានសក្តានុពលខ្លាំងនាពេលអនាគត ជាមួយនឹងមូលដ្ឋាននៃការរីកចម្រើន ដែលមានស្រាប់ និងការកសាងគម្រោងទីក្រុងរបស់យើង ដោយប្រែក្លាយតំបន់នេះ ជាកន្លែងអភិវឌ្ឍន៍ ពាណិជ្ជកម្មយ៉ាងរសរវើក។

Victoria Parkland ស្ថិតនៅផ្ទៃដីទំហំ៥០ហិតា​ដែលអ្នកអភិវឌ្ឍន៍ កំពុងផ្តោតលើដីឡូត៍ខ្នាតវីឡា សាងសង់ខុនដូ សាលារៀន ផ្សារទំនើប អាគារពាណិជ្ជកម្ម សណ្ឋាគារ និងកន្លែងលេងកម្សាន្តជាច្រើននាពេលខាងមុខ។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា “យើងកសាងគំរោងនេះ ដោយឈរលើគុណតម្លៃ និងបង្កើនតម្លៃសម្រាប់អនាគតលើទីក្រុងនេះ ដែលនឹងវាជាLandmark ថ្មីមួយសម្រាប់ខេត្តកណ្តាល”៕

ក្រសួងនិងក្រុមហ៊ុន​ Genrich Investment Co., Ltd. ​ចុះ​ MoU ​លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​

ដោយៈ ចំណាន

ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Genrich Investment Co., Ltd. បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ។

ពិធីនេះធ្វើឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lim Lork Johnson នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Genrich Investment Co., Ltd. និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Genrich Investment Co., Ltd. ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការអភិរក្សបរិស្ថាន ឥណទានកាបូន និងដំណោះស្រាយអាកាសធាតុនៅកម្ពុជា ព្រមទាំងបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Genrich Investment Co., Ltd. ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តគាំទ្រ និងចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជា តាមរយៈបណ្តាញដៃគូ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន ជំរុញឱកាសវិនិយោគ លើគម្រោងទេសចរណ៍ ប្រកបដោយចីរភាព ដែលផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ការការពារបរិស្ថាន និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ព្រមទាំងគាំទ្រការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip ) សម្រាប់ដៃគូ និងវិនិយោគិនអន្តរជាតិ មកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត។

លោកបានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចុក្ខវិស័យវែងឆ្ងាយរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

លោក Lim Lork Johnson បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ លើការសិក្សាស្វែងយល់ និងអភិវឌ្ឍគម្រោងពាក់ព័ន្ធនឹងអាកាសធាតុប្រកបដោយនិរន្តរភាព ឥណទានកាបូន ការស្តារបរិស្ថាន និងទេសចរណ៍ធម្មជាតិនៅកម្ពុជា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋមន្រ្តី “គុណភាព​បង្កើត​ទំនុកចិត្ត​ ទំនុកចិត្ត​បង្កើត​តម្លៃ ​ហើយ​តម្លៃ​នឹង​នាំ​ឱ្យ​ទេសចរណ៍​កម្ពុជា​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់​”

ដោយៈ ចំណាន

ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦” ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រា​បការយល់ដឹងអំពីស្តង់ដា វិធានការ និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ ព្រមទាំងជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យបន្តកែលម្អ គុណភាពផលិតផល និងសេវាកម្ម ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ពោលគឺការផ្តល់ចំណាត់ថ្នាក់ត្រូវធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការគោរព និងអនុវត្តស្តង់ដា មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តរបស់ភ្ញៀវ លើកេរ្តិ៍ឈ្មោះរបស់អាជីវកម្ម និងលើតម្លៃនៃម៉ាកទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង ជាក់ស្តែងបើយើងចង់បានភ្ញៀវកម្រិតខ្ពស់ យើងត្រូវមានសេវាកម្មកម្រិតខ្ពស់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែង ក្នុងវិស័យទេសចរណ៍កាន់តែខ្លាំង “គុណភាព និងស្តង់ដា” គឺជាលក្ខខណ្ឌចាំបាច់សម្រាប់កសាងទំនុកចិត្ត រក្សាកេរ្តិ៍ឈ្មោះគោលដៅទេសចរណ៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រៅពីធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប កម្ពុជាត្រូវធានាថា រាល់សេវាកម្មដែលផ្តល់ជូនភ្ញៀវ មានគុណភាព សុវត្ថិភាព អនាម័យ វិជ្ជាជីវៈ និងស្តង់ដាច្បាស់លាស់។

 

ដើម្បីជំរុញគុណភាពសេវាកម្ម ឱ្យមានភាពស៊ីចង្វាក់ និងឆ្លើយតបនឹងការរំពឹងទុករបស់ទីផ្សារ លោករដ្ឋមន្ត្រី បានគូសរំលេចថា ក្រសួងទេសចរណ៍ បានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាជាតិចំនួន១៤ ព្រមទាំងជំរុញការអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាអាស៊ានចំនួន៩ ដែលគ្របដណ្តប់លើសេវាស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា និងម៉ាស្សា សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទីក្រុងទេសចរណ៍ស្អាត និងសេវាកម្មពាក់ព័ន្ធជាច្រើនទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ឱ្យពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងចូលរួមប្រកួតប្រជែងវាយតម្លៃស្តង់ដានៅកម្រិតអាស៊ាន និងអន្តរជាតិ។

ក្រសួងទេសចរណ៍នឹងបន្តធ្វើជាដៃគូគាំទ្រ និងសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍កម្ពុជានៅលើឆាកតំបន់ និងពិភពលោក។

បញ្ជាក់បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលានេះក៏ជាវេទិកា សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ល្អៗ រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងស្មារតី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមគ្នាទទួលផល” ដើម្បីរួមចំណែកកសាងកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាខ្ពស់៕

រដ្ឋបាល​ខេត្តសៀមរាប​រៀប​ចំ​អនុវត្ត​គម្រោង​ Nurture Project ដំណាក់​កាល​ទី២ ​ឆ្នាំ​២០២៧ ​ឆ្នាំ២០៣០​

ដោយៈ ចំណាន

   សៀមរាបៈ មន្រ្តីរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំការត្រៀមរៀបចំអនុវត្តគម្រោង នើឆ័រ ( Nurture Project) ដំណាក់កាលទី២ ឆ្នាំ២០២៧–ឆ្នាំ២០៣០។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំការត្រៀមរៀបចំអនុវត្តគម្រោងនេះ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញ អំពីលទ្ធផល សមិទ្ធផល បទពិសោធន៍ និងមេរៀនពីការអនុវត្តគម្រោងនើឆ័រ ដំណា​ក់កាលទី១ ក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ព្រមទាំងជម្រាបជូនអំពីទិសដៅ ផែនការ និងការត្រៀមរៀបចំអនុវត្តគម្រោងដំណាក់កាលទី២ សម្រាប់រយៈពេល៤ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០។

ជាមួយគ្នានេះ គម្រោងនើឆ័រ ដំណាក់កាលទី១ បានអនុវត្តនៅខេត្តគោលដៅចំនួន៤ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក ការលើកកម្ពស់កសិកម្មធន់ នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍទីផ្សារ និងការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈប្រព័ន្ធប្រកាសដឹងមុន១២៩៤។

ដោយឡែកសម្រាប់ដំណាក់កាលទី២ គម្រោងនឹងពង្រីកការអនុវត្តមកកាន់ខេត្តសៀមរាប និងខេត្តកំពង់ធំ បន្ថែមលើខេត្តគោលដៅចំនួន៤ ដែលបានអនុវត្តកន្លងមក។ គម្រោងនឹងផ្តោតជាសំខាន់លើការពង្រឹងភាពធន់របស់កសិករ និងសហគមន៍ជនបទ ចំពោះការប្រែប្រួលអាកាសធាតុ និងវិបត្តិពីកត្តាខាងក្រៅ តាមរយៈអន្តរាគមន៍សំខាន់ៗចំនួន៣ រួមមាន៖ ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក ការលើកកម្ពស់កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងការជំរុញសហគ្រិនភាពជនបទ។

ចំពោះក្នុងវិស័យកសិកម្ម គម្រោងនឹងផ្តោតលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវ និងបន្លែ ការភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ និងឱកាសអាជីវកម្ម ព្រមទាំងយកចិត្តទុកដាក់លើការចូលរួមរបស់ស្ត្រី និងយុវជន ភាពចម្រុះ បរិយាបន្នសង្គម និងនិរន្តរភាពបរិស្ថាន។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ និងពង្រឹងយន្តការ និងរចនាសម្ព័ន្ធដែលមានស្រាប់នៅមូលដ្ឋាន ដើម្បីបង្កើនភាពជាម្ចាស់ និងធានានិរន្តរភាពនៃលទ្ធផលគម្រោង។ ទន្ទឹមនឹងនេះ ការចូលរួមរបស់វិស័យឯកជន និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ ក៏គួរត្រូវបានពង្រឹង ដើម្បីភ្ជាប់ផលិតកម្មកសិកម្មទៅនឹងតម្រូវការទីផ្សារ និងបង្កើតឱកាសអាជីវកម្ម ចំណូល និងការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

10,000 People, 10,000 Photos, 10,000 Messages Welcoming the First Day of the Spectacular Angkor Equinox

BY MoT


Siem Reap:
H.E. HUOT Hak, Minister of

Tourism, presided over the “EQUINOX ANGKOR RUN—Run for Tourism,” organized to witness the spectacular Angkor Equinox, when the sun rises directly over the central tower of Angkor Wat.

This major sports tourism event brought together H.E. NGOV Sengkak, Deputy Governor of Siem Reap Province, representing H.E. PRAK Sophoan , Governor of Siem Reap Province; leaders; national and international tourists; youth; local residents; content creators; and sports enthusiasts, totaling 10,355 participants.

 

Speaking at this magnificent event, the Minister emphasized that it was not merely a run for health but also a run with a shared purpose: to promote Cambodia’s culture, civilization, heritage, natural beauty, and warm hospitality to the world.

The event also demonstrated the strength of solidarity and cooperation among the Royal Government, local authorities, the private sector, tourism industry associations, local communities, and tourists—all working together to enhance the prestige and attractiveness of Cambodia as a tourism destination.

 

On this occasion, the Minister called upon participants, content creators, journalists, influencers, and KOLs to promote the event and Cambodia’s tourism potential under the spirit of:“10,000 People—10,000 Photos—10,000 Messages.”.

 

The Minister also encouraged all stakeholders to continue sharing positive stories about Cambodia, actively combat fake news, and refrain from disseminating negative information that could harm the nation’s reputation and Cambodia’s tourism sector.

This spectacular event offered participants an exceptional experience, unforgettable memories, and an opportunity to admire the magnificent beauty of the Angkor Equinox—a special natural phenomenon that occurs twice a year, in March and September.

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សា​លើវឌ្ឍនភាព​នៃ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម ​និង​ហិរញ្ញប្បទាន​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រ​ឆាំ​ងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា។

កិច្ចប្រជុំនេះ ក៏ផ្តោតជាពិសេសការងារប្រឆាំង ការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការលើកទិសដៅការងារបន្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមកិត្តិនីតិកោលសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕

ក្រុម​មន្រ្តីពិ​និត្យគម្រោង​វិនិយោគ​ចំនួន​៦​ជាមួយ​ទុន​វិនិយោគ​ជិត​៩០​លាន​ដុល្លារ​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៦គម្រោង។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំ​ណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ៨៩លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ បានប្រមាណជាង ១.០០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យដូចខាងក្រោម៖
– វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន២គម្រោង រួមមាន១. គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ។ ២. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹ​មមាន់ និងរោងចក្រកែច្នៃ។ ៣- វិស័យឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។

៤. វិស័យទេសចរណ៍ចំនួន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ។ ៥. វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖ ៦. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់។ ៧. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២៧មេហ្គាវ៉ាត់៕

គម្រោង​តភ្ជាប់​ផ្លូវ​ដែក​កម្ពុជា​ ឡាវ​ស្ថិតនៅ​ក្នុង​ផែន​ការ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​

ដោយៈ ចំណាន

ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ឡាវបានពិភាក្សាលើប្រធានបទចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ក្នុងជំនួបរវាងលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Leklai Sivilay រដ្ឋមន្ត្រីក្រសួងសា​ធារណការ និងដឹកជញ្ជូននៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវភាគីទាំងពីរបានពិភាក្សា លើប្រធានបទចំនួន៣ សំខាន់ៗរួមមាន៖ (១) ការពិនិត្យលទ្ធភាពពង្រីកខ្សែផ្លូវតភ្ជាប់កម្ពុជា-ឡាវ តាមផ្លូវជាតិលេខ៧ (កម្ពុជា) ទៅផ្លូវជាតិលេខ១៣ (ឡាវ) ឬផ្លូវអាស៊ានហាយវេ AH11។

(២) ការសិក្សាទីតាំង និងស្វែងរកកញ្ចប់ថវិកាសាងសង់ស្ពានទន្លេរពៅ (កម្ពុជា) -សេឡាំផាវ (ឡាវ) និងផ្លូវតភ្ជាប់ និង (៣) ការតភ្ជាប់ខ្សែផ្លូវដែករវាងកម្ពុជា-ឡាវ។ ផ្សារ​ភ្ជាប់ទៅនឹងចំណុចពិភាក្សាខាងលើ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួម ដើម្បីសម្រេ​ចបានលទ្ធផលជាក់ស្តែងឆាប់ៗ ដូចការរំពឹងទុក៕

ជំនួបពិភាក្សាទ្វេភាគីនេះ ធ្វើឡើងក្នុងឱកាសរដ្ឋមន្រ្តីទាំងពីរទស្សនកិច្ចនៅ​ប្រទេសចិន៕

សម្តេចធិបតី​​នឹង​សម្ភោធ​​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ១០​នា​ដើម​ខែ​តុលា​ខាង​មុខ​នេះ​

ដោយៈ ជំនាញ

   ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១០ នាថ្ងៃទី១ តុលាខាងមុខនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ គណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង)។

កិច្ចប្រជុំនេះដឹកនាំដោយលោកម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ តំណាង លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ ។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យបន្ថែមទៅលើវឌ្ឍនភាពការងារ នៃការរៀបចំ របស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនការងារពាក់ព័ន្ធឱ្យបានរួចរាល់ សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការ រៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង) ប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១ ខែតុលាឆ្នាំ២០២៦ ខាងមុខនេះ៕

ក្រុម​មន្រ្តី​ជំនាញ​កម្ពុជា ​ឡាវ ​ពិភាក្សា​ពី​ការ​ធ្វើ​ផែន​ការ​អាង​ទន្លេ​មេគង្គ ​ទិន្នន័យ​ម៉ូដែល​

ដោយៈ ចំណាន

   វៀងច័ន្ទៈ ក្រុមមន្រ្តីជំនាញកម្ពុជា ឡាវបានបើក កិច្ចប្រជុំរួមក្រុមអ្នកជំនាញ ស្តីពីការធ្វើផែនការអាងទន្លេមេគង្គ ទិន្នន័យ ម៉ូដែល និងការព្យាករណ៍សម្រាប់ការធ្វើផែនការតំបន់បែបសកម្ម។

ភាគីគម្ពុជាដឹកនាំដោយលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចូលរួមកិច្ចប្រជុំរួមក្រុមអ្នកជំនាញ ស្តីពីការធ្វើផែនការអាងទន្លេមេគង្គ ទិន្នន័យ ម៉ូដែល និងការព្យាករណ៍សម្រាប់ការធ្វើផែនការ តំបន់បែបសកម្ម។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ក្នុងការពិនិត្យ និងពិភាក្សាលើរបាយការណ៍ព្រាង ដែលបានធ្វើបច្ចុប្បន្នភាពស្តីពី ការវាយតម្លៃសេណារីយ៉ូអភិវឌ្ឍន៍ជម្រើស និងផែនការអាងទន្លេដែលអាចសម្របខ្លួនបានដំបូង ព្រមទាំងប្រមូលមតិយោបល់ និងសំណើពីក្រុមអ្នកជំនាញ និងប្រទេសសមាជិក។ ជាពិសេសកិច្ចប្រជុំបានពិភាក្សា អំពីគម្រោងរួម និងសកម្មភាពគាំទ្រ ដែលត្រូវការកិច្ចសហប្រតិបត្តិការ កម្រិតតំបន់ ដើម្បីបំពេញតម្រូវការ ដែលមិនអាចដោះស្រាយ បានត្រឹមតែកម្រិតជាតិ។

សម្រាប់កម្ពុជា ការចូលរួមក្នុងកិច្ចប្រជុំនេះ មានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ និងបង្ហាញពីតម្រូវការរបស់កម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការតភ្ជាប់ផ្លូវទឹក ការគ្រប់គ្រងធនធានទឹក ការចែករំលែកទិន្នន័យ ការព្យាករណ៍ស្ថានភាពទឹក និងការសហប្រតិបត្តិការក្នុងតំបន់។

កិច្ចប្រជុំនេះក៏ជាឱកាសដ៏មានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ចីរភាព និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនាពេលអនាគត​៕