ក្រុម​មន្រ្តី​ជំនាញ​កម្ពុជា ​ឡាវ ​ពិភាក្សា​ពី​ការ​ធ្វើ​ផែន​ការ​អាង​ទន្លេ​មេគង្គ ​ទិន្នន័យ​ម៉ូដែល​

ដោយៈ ចំណាន

   វៀងច័ន្ទៈ ក្រុមមន្រ្តីជំនាញកម្ពុជា ឡាវបានបើក កិច្ចប្រជុំរួមក្រុមអ្នកជំនាញ ស្តីពីការធ្វើផែនការអាងទន្លេមេគង្គ ទិន្នន័យ ម៉ូដែល និងការព្យាករណ៍សម្រាប់ការធ្វើផែនការតំបន់បែបសកម្ម។

ភាគីគម្ពុជាដឹកនាំដោយលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចូលរួមកិច្ចប្រជុំរួមក្រុមអ្នកជំនាញ ស្តីពីការធ្វើផែនការអាងទន្លេមេគង្គ ទិន្នន័យ ម៉ូដែល និងការព្យាករណ៍សម្រាប់ការធ្វើផែនការ តំបន់បែបសកម្ម។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ក្នុងការពិនិត្យ និងពិភាក្សាលើរបាយការណ៍ព្រាង ដែលបានធ្វើបច្ចុប្បន្នភាពស្តីពី ការវាយតម្លៃសេណារីយ៉ូអភិវឌ្ឍន៍ជម្រើស និងផែនការអាងទន្លេដែលអាចសម្របខ្លួនបានដំបូង ព្រមទាំងប្រមូលមតិយោបល់ និងសំណើពីក្រុមអ្នកជំនាញ និងប្រទេសសមាជិក។ ជាពិសេសកិច្ចប្រជុំបានពិភាក្សា អំពីគម្រោងរួម និងសកម្មភាពគាំទ្រ ដែលត្រូវការកិច្ចសហប្រតិបត្តិការ កម្រិតតំបន់ ដើម្បីបំពេញតម្រូវការ ដែលមិនអាចដោះស្រាយ បានត្រឹមតែកម្រិតជាតិ។

សម្រាប់កម្ពុជា ការចូលរួមក្នុងកិច្ចប្រជុំនេះ មានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ និងបង្ហាញពីតម្រូវការរបស់កម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការតភ្ជាប់ផ្លូវទឹក ការគ្រប់គ្រងធនធានទឹក ការចែករំលែកទិន្នន័យ ការព្យាករណ៍ស្ថានភាពទឹក និងការសហប្រតិបត្តិការក្នុងតំបន់។

កិច្ចប្រជុំនេះក៏ជាឱកាសដ៏មានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ចីរភាព និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនាពេលអនាគត​៕

១ម៉ឺននាក់​ ១ម៉ឺនរូបភាព​ ១ម៉ឺនសារ ​ស្វាគមន៍ថ្ងៃទី១ ​នៃ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនៃ​ “សម​រាត្រី​អង្គរ​”

ដោយៈ ចំណាន

សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍  “EQUINOX ANGKOR RUNរត់ដើម្បីទេសចរណ៍” ដែលរៀបចំឡើងដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃ “សមរាត្រីអង្គរ” ខណៈព្រះអាទិត្យរះចំអ័ក្សកណ្ដាល នៃកំពូលប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ទទួលបានការចូលរួមពីលោកង៉ូវ សេងកាក់ អភិបាលរងនៃគណពអភិបាលខេត្តសៀមរាប តំណាងលោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យុវជន ប្រជាពលរដ្ឋ អ្នកផលិតមាតិកា និងអ្នកស្រឡាញ់កីឡា សរុបចំនួន១០.៣៥៥នាក់។

ថ្លែងក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរត់ ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការរត់ក្នុងស្មារតីរួម ដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ បេតិ​ក​ភណ្ឌ ធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់កម្ពុជា ទៅកាន់ពិភពលោក”។

ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីកម្លាំងមហាសាមគ្គី និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សមា​គមក្នុងឧស្សាហកម្មទេសចរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការរួមគ្នាលើកកម្ពស់កិត្យានុភាព និងភាពទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកចូលរួម អ្នកផលិតមាតិកា អ្នកសារព័ត៌មាន Influencers និងKOLs ចូលរួមផ្សព្វ​ផ្សាយព្រឹត្តិការណ៍ និងសក្ដានុពលទេសចរណ៍កម្ពុជា តាមស្មារតី៖ “១ម៉ឺននាក់–១ម៉ឺនរូបភាព–១ម៉ឺនសារ”។

ជាមួយគ្នានេះ លោកហួត ហាក់ បានអំពាវនាវឱ្យគ្រប់ភាគីបន្តចែករំលែកព័ត៌មានវិជ្ជមានពីកម្ពុជា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងចៀសវាងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្យានុភាពជាតិ និងវិស័យទេសចរណ៍កម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានផ្តល់ជូនអ្នកចូលរួមនូវបទពិសោ​ធន៍ដ៏ល្អ អនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងឱកាសគយគន់សម្រស់ដ៏មហស្ចារ្យនៃសមរាត្រីអង្គរ ដែលជាបាតុភូតធម្មជាតិដ៏ពិសេសកើតឡើងពីរដងក្នុងមួយឆ្នាំ នៅខែមីនា និងខែកញ្ញា៕

ការ​វិនិយោគ​ឆ្លងដែន​លើ​ទីផ្សារអចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភព​លោក​ហក់​ឡើង​ដល់​៧២​ពាន់​លាន​ដុល្លារ​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ JLL ការវិនិយោគឆ្លងដែនលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅទូទាំងពិភពលោកបានហក់ឡើង ៥៦% ដល់ចំនួន ៧១,៨ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

កំណើនយ៉ាងគំហុកនេះត្រូវបានជំរុញដោយសារការកើនឡើងនៃកិច្ចព្រមព្រៀងនានានៅតំបន់អាស៊ី និងអឺរ៉ុប រួមទាំងការវិនិយោគលើការិយាល័យលំដាប់ខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការចំណាយខ្ពស់លើការខ្ចីប្រាក់អាចនឹងធ្វើឱ្យសកម្មភាពវិនិយោគមានកម្រិតនៅឆមាសទី២ ឆ្នាំនេះ។

កំណើនយ៉ាងគំហុកនៃការវិនិយោគឆ្លងដែន បានវ៉ាដាច់កំណើនដ៏យឺតនៃប្រតិបត្តិការអចលនទ្រព្យសរុបក្នុងអំឡុងពេលដូចគ្នានេះ ដែលបានកើនឡើងត្រឹមតែ ១០% ប៉ុណ្ណោះធៀបនឹងឆ្នាំមុន ដល់ចំនួន ៦០៤,៦ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន MSCI។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន JLL ការវិនិយោគអន្តរជាតិលើវិស័យអចលនទ្រព្យនៅតំបន់អាស៊ីបានកើនឡើងដល់ទៅ ៤ ដង ដល់ចំនួន១៩,៣ ពាន់លានដុល្លារ ហើយនៅអឺរ៉ុបបានកើនឡើង ៣១% ដល់ចំនួន៣៩,៩ពាន់លានដុល្លារ។

លោក Fraser Bowen នាយកផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន JLL បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ទីផ្សារការិយាល័យបានងើបឡើងវិញ» ដោយលោកបានបន្ថែមថា វិនិយោគិនអន្តរជាតិមានសកម្មភាពខ្លាំងជាពិសេសនៅក្នុងទីក្រុងធំៗរបស់អឺរ៉ុប រួមមានទីក្រុងឡុងដ៍ និងទីក្រុង Milan។

ប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ជាមួយនឹងទំហំទឹកប្រាក់វិនិយោគឆ្លងព្រំដែនចំនួន ៨,៧ ពាន់លានដុល្លារ។

លោក Bowen បានអះអាងថា ទីផ្សារដែលងាយរងផលប៉ះពាល់ដោយអត្រាការប្រាក់ ទំនងជានឹងទទួលរងសម្ពាធពីការកើនឡើងយ៉ាងគំហុកនៃថ្លៃដើមនៃការខ្ចីប្រាក់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

វិនិយោគិន​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ក្លាយ​ជា​អ្នក​ទិញ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​ហុងកុង​

ដោយ: សហសេវិក
អន្តរជាតិ: នៅឆ្នាំនេះ វិនិយោគិនមកពីតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាអ្នកទិញអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុងដ៏ធំបំផុតក្នុងចំណោមអតិថិជនជាជនបរទេស ដោយដើមទុនមកពីប្រទេសសិង្ហបុរីបាននាំមុខគេ។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Savills គិតត្រឹមថ្ងៃទី១៥ កញ្ញា អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក (រួមទាំងអ្នកវិនិយោគមកពីចិនដីគោកផងដែរ) បានទិញលក់អចលនទ្រព្យពាណិជ្ជកម្មនៅហុងកុងដែលមានតម្លៃលើសពី ៥០ លានដុល្លារហុងកុង ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣០,៣៦ ពាន់លានដុល្លារហុងកុង។

ក្រុមហ៊ុន Savills បានឱ្យដឹងថា វិនិយោគិនមកពីអាស៊ីអាគ្នេយ៍បានរួមចំណែកទឹកប្រាក់ចំនួន ៣,៣៧ ពាន់លានដុល្លារហុងកុង ឬស្មើនឹងជាង ១១% នៃចំនួនសរុប។ អ្នកទិញមកពីចិនដីគោកបានរួមចំណែក ៥,៨% ខណៈដើមទុនដែលមានមូលដ្ឋាននៅហុងកុងមានចំនួន ៨៣,២%។

លោក Nicholas To នាយករងជាន់ខ្ពស់ផ្នែកវិនិយោគនៅក្រុមហ៊ុន Savills ប្រចាំទីក្រុងហុងកុង បានអះអាងថា៖ «ចំណែកនៃមូលធនពីតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងយ៉ាងគំហុកបើធៀបនឹងក្រុមវិនិយោគិនក្រៅតំបន់»។

បណ្តាវិនិយោគិនមកពីតំបន់អាស៊ីអាគ្នេយ៍ស្ថិតនៅលំដាប់ទី៣ កាលពីឆ្នាំមុន ដោយមានចំណែក ៣,៧% ខណៈបណ្តាវិនិយោគិនមកពីតំបន់អឺរ៉ុបបានទិញក្នុងកម្រិត ២% នៃចំនួនសរុប។

ទិន្នន័យរបស់ក្រុមហ៊ុន Savills បានបង្ហាញថា វិនិយោគិនមកពីបណ្តាប្រទេសលោកខាងលិចមិនបានចូលរួមក្នុងទីផ្សារនេះទេនៅឆ្នាំនេះ៕

រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​កម្ពុជា​ ចិន​ចុះ​ MoU​ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​កសាង​សមត្ថភាព​ក្នុង​វិស័យ​ដឹកជញ្ជូន​

ដោយៈ ចំណាន

   ប្រទេសចិនៈ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានបើកកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងឱកាសអញ្ជើញចូលរួមវេទិកា វិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេភាគី ជាមួយលោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងទាំងពីរ។

ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្រ្តីក្រសួងទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន គោលបំណងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរលើ ការកសាងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការងារពិសោធន៍សំណង់សាធារណការជាដើម៕

Adventure tourism is currently experiencing great popularity

By MoT

Siem Reap: His Excellency HUOT Hak, Minister of Tourism, presided over the medal presentation ceremony for athletes and participants who successfully completed a 14-kilometer trek in Jayavarman-Norodom “Phnom Kulen” National Park, Siem Reap Province, as part of the “Journey to the Birthplace of the Angkorian Capital” event.

 

This meaningful event was organized to connect sports with tourism by encouraging exploration of natural beauty, historical and cultural heritage, and local community livelihoods, as well as promoting solidarity and a culture of sharing. The event drew large participation from around 800 national and international tourists.

 

With support from the Ministry of Tourism, the event was co-organized by the Siem Reap Provincial Gendarmerie under the leadership of Brigadier General Sear Tin, Commander of the Siem Reap Provincial Gendarmerie and the Temple Group, with contributions from the Siem Reap Provincial Administration, relevant ministries and institutions, and corporate sponsors.

 

Notably, the program was also held to celebrate the major Angkor Equinox event from September 21 to 23, 2026. Proceeds collected from participation fees will be donated to the Angkor Hospital for Children to support medical check-ups and treatment for Cambodian children.

 

This trekking adventure on Phnom Kulen is an attractive tourist route offering fresh experiences for visitors who enjoy adventure, nature, and cultural-historical heritage.

មន្រ្តី​​ជាន់​ខ្ពស់​បង្កើន​ភាពស្និទ្ធស្នាល ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ព័ត៌មាន​វិនិយោគ​ថ្មីៗ​ជា​មួយ​អ្នក​ធុរកិច្ចនានា​

ដោយៈ ចំណាន

ស្វាយរៀងៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំពិសារអាហារសាមគ្គី នៃសមាគមសហគ្រាសវិនិយោគបរទេស និងពិធីអបអរសាទរបុណ្យសែនព្រះខែ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍ និងព័ត៌មានវិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនងនិងសាមគ្គីភាព រវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេស សហគ្រាសដែលកំពុងប្រតិបត្តិការ នៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិត។

ក្នុងឱកាសនេះ លោកអគ្គលេខាធិការបានគូសបញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគ នៅខេត្តស្វាយរៀង និងក្រុងបាវិត នាពេលបច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះ ទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។

លោកបន្តថា “ការរីកចម្រើននេះ គឺជាសក្ខីភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស”។ លោកបន្តថា “ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវគោលនយោ​បាយ វិធានការកែទម្រង់នានា ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល សំដៅកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ”។

ពិធីពិសារអាហារសាមគ្គីនេះ ក៏ជាឱកាសសម្រាប់រួមគ្នាអបអរសាទរពិធីបុណ្យសែនព្រះខែ (Mid-Autumn Festival) ដែលជាប្រពៃណីដ៏ល្អផូរផង់ តំណាងឱ្យការជួបជុំ ក្តីស្រឡាញ់ និងភាពសុខដុមរមនា។ ការជួបជុំក្នុងឱកាសនេះ បានរួមចំណែកពង្រឹងទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍វិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិ​បត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅរួមគ្នាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកជា វុទ្ធីបានគូសបញ្ជាក់សារជាថ្មី ពីការបន្តផ្តល់កិច្ចសម្រួលដល់វិនិយោគិន តាមរយៈអភិក្រម៣៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ ព្រមទាំងការធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ។

បន្ថែមលើនេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានផ្តល់បរិយាកាសកក់ក្តៅជូនវិនិយោគិន។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕

អារ៉ាប៊ីសាអូឌីត​គ្រោង​សាងសង់​អាគារ​កំពស់​២០០០​ម៉ែត្រ ​ឆ្ពោះ​ទៅ​អាកាស​

ដោយៈ ចំណាន

   ភ្នំពេញៈ ជាមួយមហិច្ឆតាដ៏សម្បើម ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងសាងសង់អាគារកំពស់កប់ពពកពិតៗ ដោយដាក់ឈ្មោះRise Tower។

អាគារដ៏មហស្ចារ្យនេះ គ្រោងសាងសង់នៅក្នុងទីក្រុងរីយ៉ាដ (Riyadh) ជាមួយកម្ពស់ដែលបានគ្រោងទុក២,០០០ម៉ែត្រ។

ទោះជាយ៉ាងណា អាគារដ័អស្ចារ្យនេះ ស្ថិតក្នុងដំណាក់កាលស្នើឡើង ដោយមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទ ចាប់ផ្តើមសាងសង់នៅឡើយទេ។

គម្រោងនេះ ស្ថិតក្រោមការរចនា Foster + Partners
ជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់ចក្រភពអង់គ្លេស ដែលក្រុមហ៊ុននេះ ក៏ជាអ្នកឌីសាញ និងចូលរួមសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

អគារ Rise Tower នេះមានទំនាក់ទំនង ជាមួយគម្រោងអភិវឌ្ឍន៍ North Pole ដែលបានស្នើឡើង ហើយប្រសិនបើត្រូវបានសាងសង់មែននោះ កម្ពស់ប្រហែលពីរដងនៃអគារ Burj Khalifa។ គម្រោងនេះ នៅតែស្ថិតក្នុងដំណាក់កាលប្រកួតប្រជែង និងការដេញថ្លៃគិតត្រឹមខែមីនា ឆ្នាំ ២០២៦។

នេះគឺជាគម្រោងដែលបានស្នើឡើងប៉ុណ្ណោះ មិនមែនជាអគារខ្ពស់កប់ពពក ដែលបានសាងសង់រួចរាល់ ឬត្រូវបានអនុម័តសាងសង់ជាផ្លូវការនោះទេ។

គម្រោងអគារ Rise Tower នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ព័ត៌មានចុងក្រោយមានដែលអាចផ្តល់ជូនបានដូចជា កម្ពស់៖ ប្រហែល២,០០០–២,០០៨ម៉ែត្រ។

ការចំណាយប៉ាន់ស្មាន មានទំហំទឹកប្រាក់ប្រហែល៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែនេះគ្រាន់តែជាការប៉ាន់ស្មាន ដែលបានផ្សព្វផ្សាយប៉ុណ្ណោះ មិនមែនជាថវិកាផ្លូវការដែលបានសម្រេចចុងក្រោយនោះទេ។

ទោះជាយ៉ាងណាកាលបរិច្ឆេទសាងសង់ផ្លូវការ មិនទាន់មានការប្រកាសកាលបរិច្ឆេទផ្លូវការ សម្រាប់ពិធីបើកការដ្ឋានសាងសង់នៅឡើយទេ។

របាយការណ៍មួយចំនួនបានលើកឡើងថា ការងារអាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ប៉ុន្តែព័ត៌មាននេះមិនទាន់ត្រូវបាន បញ្ជាក់ច្បាស់លា​ស់ទេ៕

តំបន់សេដ្ឋកិច្ច​ពិសេស​មួយ​ក្នុង​ខេត្ត​ស្វាយ​រៀង​បង្កើន​ទុន​វិនិយោគ​ប្រមាណ​១,៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

ដោយៈ ចំណាន

   ស្វាយរៀងៈ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានបង្កើនទុនវិនិយោគដល់១៥០០លានដុល្លារអាមេរិក បន្ទាប់ពីបានបង្កើតឡើងក្នុងឆ្នាំ២០២៧។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិធីដាំកូនឈើចំនួន ២.២០០ដើម និងចែកកូនឈើចំនួន១៦.០០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រោមប្រធានបទ “រួមគ្នាដាំដើមឈើ បង្កើនគម្របបៃតង លើកកម្ពស់បរិស្ថាន និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ប្រកបដោយចីរភាព រួមចំណែកកាត់បន្ថយធូលី ផ្សែង និងកម្តៅនៅក្នុងតំបន់ឧស្សាហកម្ម បង្កើតបរិយា​កាសការងារ និងបរិស្ថានល្អ”។

មានមតិក្នុងឱកាសនេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានថ្លែអំណរគុណដល់ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងក្រសួងបរិស្ថានដែលបានផ្តួចផ្តើមរៀបចំ ពិធីដ៏មានសារៈសំខាន់នេះឡើង ដោយសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ។

ការដាំ និងចែកកូនឈើនេះ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការរួមគ្នាបង្កើនគម្របបៃតង នៅតំបន់ឧស្សាហកម្ម ស្របពេលដែលខេត្តស្វាយរៀង កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃសកម្មភាពឧស្សាហកម្ម និងការវិនិយោគ។ ទន្ទឹមនេះ ការចែកកូនឈើចំនួន ១៦.០០០ដើម ជូនដល់រដ្ឋបាលក្រុង ស្រុកនៃខេត្តស្វាយរៀង គឺជាការជំរុញឱ្យការដាំដើមឈើមិនកំណត់ ត្រឹមតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះ​ទេ ប៉ុន្តែអាចពង្រីកទៅដល់សហគមន៍ និងទីតាំងផ្សេងៗ ដើម្បីបំផុសចលនារួមគ្នាថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅមូលដ្ឋាន។

សម្តេចបញ្ជាក់ថា “សកម្មភាពនេះក៏បង្ហាញពីការរួមបញ្ចូលគ្នារវាង​ការអភិវឌ្ឍឧស្សាហកម្ម និងការការពារបរិស្ថាន ដោយឆ្លើយតបទៅនឹងគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលផ្តោតលើការបង្កើតបរិយាកាសវិនិយោគ និងផលិតកម្មដែលមានភាពប្រកួតប្រជែង ព្រមជាមួយការយកចិត្តទុកដាក់លើបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ”។

ជាការកត់សម្គាល់ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ បានបណ្តាក់ទុនវិនិយោគចំនួន៥១លានដុល្លារអាម៉េរិក នៅកម្ពុជាតាំងពីឆ្នាំ២០១៧។ ហើយបច្ចុប្បន្ន មានរោងចក្រនៅក្នុងតំបន់ចំនួន ៣៥ ក្នុងទំហំទុនវិនិយោគប្រមាណ១,៥ពាន់លានដុល្លារអាម៉េរិក និងកម្មករនិយោជិត កំពុងបម្រើការងារប្រមាណ២ម៉ឺននាក់។ មុខសញ្ញាវិនិយោគសំខាន់ៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ គឺកម្មន្ដសាលសំបកកង់យានយន្ដ និងកម្មន្ដសាលដំឡើងកង់៕

តើ​លទ្ធផល​សិក្សា​រវាង​រដ្ឋបាល​ទីក្រុងភ្នំពេញ​ និង ​Apur​ នៅភាគ​ខាងត្បូង​រាជធានី​ផ្តោត​លើ​អ្វី​ខ្លះ?​

ដោយៈ ចំណាន

   ភ្នំពេញៈ ការសិក្សាអំពីការរៀបចំផែនការទីក្រុង ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងាររៀបចំផែនការទីក្រុងប៉ារីស (Apur) សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានបង្ហាញ។

១. ផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ

ការសិក្សាដែលផ្តោតលើការពង្រីក និងការផ្លាស់ប្តូររូបរាងទីក្រុង ស្ថាប័នស្រាវជ្រាវAtelier Parisien d’Urbanisme (Apur) ដោយសហការជាមួយទីក្រុងប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់អភិបាលរាជធានី លោក ឃួង ស្រេង។

ឯកសារបោះពុម្ពផ្សាយផ្លូវការរបស់Apur។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការបង្កើតផែនការអភិវឌ្ឍន៍ សម្រាប់តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ រួមមានការរីកចម្រើននៃទីក្រុង ការការពារបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។

២.លទ្ធផលសំខាន់ៗនៃការស្រាវជ្រាវ

ការសិក្សានេះផ្តោតលើតំបន់បឹងជើងឯក និងការគ្រប់គ្រងទឹក អភិវឌ្ឍប្រព័ន្ធទឹក និងប្រព័ន្ធបង្ហូរទឹកប្រកបដោយនិរន្តរភាព។

លើសពីនេះការសិក្សាក៏ផ្តោតសំខាន់ លើការកែលម្អការការពារទឹកជំនន់ និងអនាម័យ ដោយបញ្ចូលបឹងនេះ ទៅ​ក្នុងទេស​ភាពទីក្រុងនាពេលអនាគត។


៣. បណ្តាញផ្លូវថ្មី

លទ្ធផលនៃការសិក្សានេះ ក៏មានការចង្អុលបង្ហាញពីរៀបចំផែនការផ្លូវសាធារណៈថ្មីៗ កែលម្អការតភ្ជាប់នៅទូទាំងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។ គាំទ្រដល់ការពង្រីកទីក្រុង និងភាពងាយស្រួលក្នុងការធ្វើដំណើរ។

៤. ទីក្រុងបៃតង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

បង្កើតតំបន់ទីក្រុង ដែលមានភាពបៃតងជាងមុន រៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសាធារណៈ។ លើកកម្ពស់គុណភាពជីវិតរយៈពេលវែង។

៥. តើនេះមានន័យយ៉ាងណាចំពោះវិស័យអចលនទ្រព្យ?

ការស្រាវជ្រាវនេះ បានកំណត់ពីឱកាសអភិវឌ្ឍន៍ទីក្រុង និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាមិនធានាថាគ្រប់តំបន់ទាំងអស់ នឹងមានការកើនឡើងខ្លាំងនៃវិស័យអចលនទ្រព្យនោះទេ។

ទាំងនេះ គឺជាប្រធានបទនៃការរៀបចំផែនការ មិនមែនជាការធានាលើផលចំណេញពីការវិនិយោគ ឬកាលវិភាគសាងសង់ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនោះទេ(នៅមានបន្ត)៕