មហាយក្សចិនពង្រីកឥទ្ឋិពលទៅកាន់តំបន់មជ្ឈឹមបូព៌ាដោយចុះកិច្ចព្រមព្រៀងតម្លៃ៤០០ពាន់លានដុល្លារជាមួយអ៊ីរ៉ង់

ដោយៈឧត្តម
តេហេរ៉ង់: មហាយក្សចិនបាននិងកំពុងពង្រីកឥទ្ឋិពលបន្ថែមទៀត ទៅកាន់តំបន់ មជ្ឈឹមពូព៌ា តាមរយៈការចុះកិច្ចព្រមព្រៀងដ៏ធំមួយជាមួយមេដឹកនាំអ៊ីរ៉ង់ ដែលគេមើលឃើញថា ឥទ្ឋិពលរបស់ចិនកំពុងកើនឡើងនៅតំបន់វាលខ្សាច់នេះ។

ប្រទេសអ៊ីរ៉ង់ និងមហាយក្សចិន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច អំឡុងពេលរដ្ឋាភិបាលក្រុងតេហេរ៉ង់ កំពុងរងទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែតរបស់អ៊ីស្រាអែល The Times of Israel ចុះផ្សាយក្នុងថ្ងៃដដែលដោយដកស្រង់ប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។

កិច្ចព្រមព្រៀងនេះដែលមានឈ្មោះថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” (Comprehensive Strategic Partnership) នេះគ្របដណ្តប់លើសកម្មភាពសេដ្ឋកិច្ចជាច្រើនរាប់ចាប់ពីប្រេង រ៉ែ រហូតដល់ការលើកកម្ពស់សកម្មភាពឧស្សាហកម្ម ក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មផងដែរ។
ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានទម្លាយឱ្យដឹងនោះទេ នៅពេលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) ចូលរួមក្នុងពិធីចុះហត្ថលេខាជាផ្លូវការនេះ។

កាសែតសហរដ្ឋអាមេរិក The New York Times បានចុះផ្សាយថា មហាយក្សចិន នឹងវិនិយោគក្នុងទំហំទឹកប្រាក់ រហូតដល់ប្រមាណ៤០០ពាន់លានដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់ ជាថ្នូរដោះដូរប្រេងដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងខ្នាតយក្សនេះ។ ប្រទេសទាំងពីរក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា តាមរយៈសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ការសិក្សាស្រាវជ្រាវ និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ផងដែរ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសអ៊ីរ៉ង់ ហើយក៏ស្ថិតក្នុងចំណោមឈ្មួញទិញប្រេងធំៗបំផុតរបស់អ៊ីរ៉ង់ផងដែរ នៅមុនពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មជាឯកតោភាគី (តែភាគីម្ខាង) ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានបោះបង់កិច្ចចោលព្រមព្រៀងនុយក្លេអ៊ែរ ពហុភាគីជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះអាចបន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ នៅមុនការចរចាណាមួយក្នុងពេលអនាគត ហើយក៏បន្សាបឥទ្ធិពលរបស់សហរដ្ឋងាមេរិក នៅតំបន់មជ្ឈិមបូព៌ាផងដែរ។ ទៅជាយ៉ាងណា ការបន្តដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ អាចរារាំង ពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ទោះបីជាមានកិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះក្ដី។
ប្រទេសអ៊ីរ៉ង់ ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាដោយផ្ទាល់រវាងប្រទេសអ៊ីស្រាអែល និងពួកប៉ាឡេស្ទីនផងដែរ ហើយនេះសរបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាចនឹងធ្លាក់ចុះ។

លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា កិច្ចព្រមព្រៀងនេះត្រូវបានប្រធានាធិបតីចិន លោកស៊ី ជីនភីង ស្នើឡើងជាលើកដំបូងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ក្រុងតេហេរ៉ង់ នៅខែមករា ឆ្នាំ២០១៦។
អ្នកនាំពាក្យដដែលបានបន្ថែមថា “យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះអាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការរឹតបន្តឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ”។
លោក ស៊ី ជីនភីង និងសមភាគីអ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី (Hassan Rouhani) បានព្រមព្រៀងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ “ការវិនិយោគទៅវិញទៅមក ក្នុងវិស័យដឹកជញ្ជូន កំពង់ផែ ថាមពល ឧស្សាហកម្ម និងសេវាកម្ម”។

លោក អាយ៉ាតូឡាស អាលី ខាម៉េណី (Ayatollah Ali Khamenei) មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងនៅពេលនោះថា “រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ កំពុងព្យាយាមពង្រីកទំនាក់ទំនង ជាមួយបណ្តាប្រទេសឯករាជ្យ ដែលគួរឱ្យទុកចិត្តបានដូចជាប្រទេសចិនជាដើម”។ លោកគូសបញ្ជាក់ថា “សំណើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ “មានភាពត្រឹមត្រូវ និងសមហេតុផល”។
លោកស៊ី ជីនភីង បានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” (One Belt, One Road) នេះជាផែនការមួយ ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅក្រៅប្រទេស។

កិច្ចព្រមព្រៀងជាមួយមហាយក្សចិន គឺជាលើកទី១ហើយដែលប្រទេសអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងរយៈពេលដ៏វែងបែបនេះ ជាប្រទេសមហាអំណាចពិភពលោក។ នៅឆ្នាំ២០០១ ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ១០ឆ្នាំ ជាពិសេសក្នុងវិស័យនុយក្លេអ៊ែរ ដែលត្រូវបានបន្តម្ដងរយៈពេល៥ឆ្នាំរហូតដល់សរុប២០ឆ្នាំ។

យោងតាមសារព័ត៌មានចុះផ្សាយឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសចិន បានធ្វើពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់២០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតួលេខនេះបង្ហាញពីការធ្លាក់ចុះច្រើន បើធៀបទៅនឹងចំនួនជិត៥២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ ដោយសារតម្លៃប្រេងដាំក្បាលចុះ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយបណ្ដាប្រទេសមហាអំណាចពិភពលោក។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មានបំណងចរចាដាក់លក្ខខណ្ឌតឹងរ៉ឹងជាងមុនសម្រាប់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ រួមទាំងការកំណត់ការផលិតកាំជ្រួចមីស៊ីល និងសកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់ផងដែរ។ ប្រទេសអ៊ីរ៉ង់ បានច្រានចោលការចរចាបែបនេះ ហើយទាមទារឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មចេញវិញសិន មុននឹងខ្លួនអាចត្រលប់ទៅគោរពតាមកិច្ចព្រមព្រៀងចាស់វិញ។
មន្ត្រីសហរដ្ឋអាមេរិក មួយរូបបានលើកឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែបន្ទន់ជំហររបស់ខ្លួន នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលក្រុងតេអេរ៉ង់ ហើយថា “អ្នកណាទៅមុន មិនសំខាន់នោះទេ”។

ក្រុមមន្រ្តីអ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ ផងដែរបានសម្តែងការជំទាស់ នឹងរដ្ឋការរបស់លោកចូ បៃឌិន ដែលមានបំណងចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងនេះឡើងវិញ ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងហ្សេរូសាឡឹម និងរដ្ឋាភិបាលវ៉ាស៊ីនតោន ខ្វែងគំនិតគ្នាលើបញ្ហានេះ។
ក្រុមមន្ត្រីអ៊ីស្រាអែល នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានព្រមានចាត់វិធានការដោយប្រើកម្លាំងយោធា ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ទោះជាយ៉ាងណា ក្រុមមន្រ្តីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្រុមចម្រុះមួយ សម្រាប់ការចែករំលែកព័ត៌មានស៊ើបការណ៍សង្ងាត់ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អំឡុងពេលនៃការពិភាក្សាជាយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះ៕

រវល់ការងារគិតសុខភាពផង! ជំងឺមហារីកត្រចៀក ច្រមុះបំពង់កកំពុងកើនទ្បើងនៅកម្ពុជា

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ស្របពេលការវិវត្តន៍នៃឥរិយាបទរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការរួមភេទ ការទទួលទានបារី និងគ្រឿងស្រវឹងកាន់តែច្រើន បានធ្វើឲ្យចំនួនអ្នកកើតជំងឺមហា​រីកត្រចៀក ច្រមុះ និងបំពង់កមានការកើនទ្បើងជាបន្តបន្ទាប់នៅកម្ពុជា។

អ្វីជាមូលហេតុនៅពីក្រោយការកើនទ្បើងជំងឺនេះ និងវាបណ្តាលមកពីមេរោគអ្វី និងក្រុមណាប្រឈមនឹងជំងឺនេះច្រើនជាងគេ លោកសាស្រ្តាចារ្យអ៊ាវ សុខាប្រធា​នផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងឲ្យដឹងកាលពី​ពេលថ្មីៗនេះថា បច្ចុប្បន្នជំងឺមហារីកត្រចៀក ច្រមុះ និងបំពង់កស្ថិតនៅលេខរៀង ទី៤ នៃជំងឺមហារីកនានា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជំងឺមហារីក​ស្បូនជាប់លំដាប់ទី១ មហារីកដោះជាប់លំដាប់ទី២ និងជំងឺមហារីកពោះវៀនជាប់​លំដាប់ថ្នាក់ទី៣។

មូលហេតុ

ជំងឺនេះបណ្តាលមកពីមេរោគពីរយ៉ាង និងកត្តាបន្ទាប់បន្សំដទៃទៀត។មេរោគទី១ឈ្មោះEBV និងមេរោគទី២ឈ្មោះHPV និងកត្តាបន្ទាប់បន្សំដទៃទៀតដូចជា ការជក់បារី និងការផឹកស្រាច្រើនធ្វើឲ្យកើតជំងឺនេះ និងធ្វើឲ្យជំងឺនេះវិវត្តន៍កាន់តែលឿន។

តាមការសន្និដ្ឋានបែបវិទ្យាសាស្រ្តបានរកឃើញថា មេរោគHPV ដែលឆ្លងមកបំពង់ក ប្រហែ​លមកពីឥរិយាបទរួមភេទតាមបែបឳរ៉ាល់សិច ព្រោះមេរោគHPVជាមេរោគស្ថិតនៅក្នុងស្បូនស្រ្តី និងបង្កជាជំងឺមហារីកស្បូន។ ដូច្នេះការធ្វើឳរ៉ាល់សិច ជាមូលហេតុបណ្តាលឲ្យឆ្លងមេរោគនេះ ចូលក្នុងបំពង់ករបស់មនុស្ស។

រោគសញ្ញា

លោកសាស្រ្តាចារ្យអ៊ាវ សុខាបានបន្តថា មេរោគទាំងពីរនេះចូលក្នុងខ្លួនមនុស្សនៅពេលតំបូងៗ មិនមានរោគសញ្ញាអ្វីនោះទេ ដោយវាសម្ងំក្នុងខ្លួនមនុស្ស    រយៈពេលពី១០ទៅ២០ឆ្នាំទើបចេញរោគសញ្ញា។ ពេលជំងឺនេះចេញរោគសញ្ញា មានន័យថាជំងឺនេះ​ឈានដល់ដំណាក់កាលធ្ងន់ធ្ងររួចទៅហើយ។

រោគសញ្ញាជំងឺនេះមានដូចជា ឧស្សាហ៍ឈាមច្រមុះ ហឹងត្រចៀក ទ្បើងកូន កណ្តុរ និងមានដុំសាច់ក្នុងមាត់។

វិធីការពារជំងឺនេះ

មេរោគទាំងពីរ ដែលបណ្តាលឲ្យកើតជំងឺមហារីកត្រចៀក ច្រមុះ និងបំពង់ក គេអាចរកឃើញនៅក្នុងទឹកមាត់ និងដុំសាច់ដែលគេអាចកាត់យកទៅពិសោធន៍បាន​។បច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត មានម៉ាស៊ីនពិសេសដែលអាចរកឃើញមេរោគនេះនៅក្នុងតំណាក់កាលតំបូង។

វិធីការពារម្យ៉ាងទៀតគឺកុំជក់បារី និងទទួលទានស្រា ពិសេសកុំរួមភេទតាម​ឥរិយាបទបែបឳរ៉ាល់សិច និងធ្វើអនាម័យមាត់ធ្មេញឲ្យបានជាប់ជាប្រចាំ។

ក្រុមប្រឈមមុខខ្ពស់

ក្រុមប្រឈមមុខខ្ពស់នឹងជំងឺនេះច្រើនជាងគេ គឺក្រុមបុរសដែលមានវ័យ៤៥ឆ្នាំទ្បើងទៅ ពិសេសក្រុមជក់បារី និងទទួលទានស្រាច្រើន។

ការព្បាបាល

លោកសាស្រ្តាចារ្យអ៊ាវ សុខាបានឲ្យដឹងថា ប្រសិនជាអ្នកជំងឺទទួលបានសេវា​ព្យាបាលត្រឹមត្រូវ នៅពេលជំងឺនេះស្ថិតក្នុងដំណាក់កាលតំបូងៗ អត្រាជាសះស្បើយ​មាចន្លោះពី៧០ ទៅ៨០ភាគរយ។ដំណាក់កាលពីទី២ អត្រាជាសះស្បើយមានចន្លោះពី៥០ទៅ៦០ភាគរយ ដំណាក់កាលទី៣ មានអត្រាជាសះស្បើយ២០ភាគរយ និងដំណាក់កាលទី៤ គឺមិនអាចព្យាបាលបាននោះទេ ព្រោះវាជាដំណាក់កាលចុងក្រោយរបស់ជំងឺនេះ។

ការព្យាបាលជំងឺមហារីក ជាធម្មតាគឺត្រូវចំណាយប្រាក់ច្រើន ទោះជានៅប្រ​ទេសណាក៏ដោយ ព្រោះការព្យាបាលត្រូវប្រើប្រាស់ឳសថល្អ និងប្រភេទឳសថឆ្លាត ពិសេសគឺប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការព្យាបាល។

លោកសាស្រ្តាចារ្យបានបន្តថា អ្នកជំងឺដែលមន្ទីរពេទ្យជួបភាគច្រើន ពួកគេស្ថិតក្នុងដំណាក់កាលទី៣និងទី៤ ដូច្នេះសូនមបងប្អូនប្រជាពលរដ្ឋមកពិនិត្យសុខភាព​ឲ្យបានជាប្រចាំ ព្រោះប្រសិនជារកឃើញជំងឺនៅក្នុងដំណាក់កាលតំបូង ការព្យាបាលនឹងឆាប់ជាសះស្បើយ និងចំណាយអស់ប្រាក់តិច៕

ក្រុមហ៊ុនSmartគ្រោងបោះទុនជាង៩០លានដុល្លារលើគម្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់លើសពី៩០លានដុល្លា លើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ទូរស័ព្ទចល័តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលគេហទំព័រ Cambodiafinancialtimes.com ទទួលបាននៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

គម្រោងនេះនឹងពង្រីក និងធ្វើឲ្យប្រសើរឡើងនូវបណ្តាញ ទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿននៃបណ្ដាញអ៊ិនធឺណិត  សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទំនាក់ទំនងឆ្នាំ២០២១ នឹងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ព្រមទាំងធានា  ឲ្យបានថា បណ្ដាញទំនាក់ទំនងបានត្រៀមរួចរាល់ ពេលរៀបចំតំឡើងប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែលរាជរដ្ឋាភិបាល ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាពនៃល្បឿនអ៊ីនធឺណិតកាន់តែប្រសើរ។

ប្រព័ន្ធទូរគនាគមន៍ចល័ត​ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ4G មានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ព្រោះវាអាចផ្ដល់ឲ្យពួកគេនូវព័ត៌មានថ្មីៗអំពីជំងឺកូវីដ១៩ ជួយដំណើរប្រតិ្តបតិ្តការអាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ  ធ្វើប្រតិបត្តិការទូទាត់លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញចំនួន៣.០០០ជាងទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនចំនួន៨លាននាក់ ទទួលបានបទពិសោធន៍ឌីជីថល ពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍បណ្តាញចំនួន៣៥០កន្លែងបន្ថែមទៀត  ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអ៊ីនធឺណិតចល័តដែលកំពុងកើនឡើងយ៉ាងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។ លើសពីការសាងសង់ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍស្ថានីយ៍បណ្តាញ ដែលមានស្រាប់ហើយដើម្បីឲ្យដំណើរការកាន់តែប្រសើរ។

ក្នុងខណៈពេលដែលអតិថិជនSmart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុនSmart  ក៏នឹងមានគម្រោងបញ្ឈប់បណ្ដាញសេវា3G របស់ខ្លួននៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើឡើងនូវសេវាកម្មរបស់ក្រុមហ៊ុនជាប្រចាំ សម្រាប់អតិថិជនរបស់ពួកយើង តែងតែជាគោលសំខាន់ នៃប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុនSmart នៅកម្ពុជា”។លោកបន្តថា “ឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩ក៏ដោយ។ បញ្ហាប្រឈមទាំងនេះ ក៏ជំរុញឱ្យយើងធានាឲ្យបានថា អតិថិជនរបស់យើងអាចពឹងផ្អែកលើបណ្តាញទំនាក់ទំនងរបស់យើង ដើម្បីរក្សាទំនាក់ទំនងយ៉ាងសកម្ម ជាមួយអ្នកដទៃ ទោះបីពួកគេកំពុងអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាពក្នុងគ្រាលំបាកនេះក៏ដោយ”។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត អតិថិជននឹងឃើ​ញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងបណ្តាញទំនាក់ទំនងរបស់ពួកយើង ហើយក្រុមហ៊ុន នឹងអាចផ្តល់ជូនបទពិសោធន៍ អ៊ិនធឺណិតកាន់តែប្រសើជាងមុន សម្រាប់ការសិក្សាតាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្រ្តី”។

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគក្នុងការពង្រីកបណ្តាញ ទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគ ក្នុងការផលិតថាមពលមិនប៉ះពាល់ដល់បរិស្ថាន (Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power)។

ដោយតាំងខ្លួនជាម្ចាស់ជើងឯកឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការតាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់កំណើន ដល់សេដ្ឋកិច្ចសង្គមនៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ចំនួន១,៨៨ពាន់លានដុល្លារនៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុន ក៏បានបានបង់ពន្ធចំនួន៥៦២លានដុល្លារលើពន្ធអាករ និងកម្រៃនិយ័តកម្មដល់រតនាគារកម្ពុជា៕

អ្នកជំនាញថា ការវិនិយោគនាពេលនេះជាឱកាសមាសព្រោះ១០ឆ្នាំមានតែម្តង

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ការវិនិយោគនាពេលនេះ ជាកំឡុងពេលមានវិបត្កិ ប៉ុន្តែជាឳកាសមាស ដែលអាចទទួលបានផលចំណេញច្រើន ហើយឳកាសបែបនេះមាន១០ឆ្នាំម្តងប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគខុនដូនាកំឡុងពេលនេះ គឺជាឳកាសកំរ៉ ហើយវាជាការវិនិយោគ ដែលមើលឃើញផលចំណេញភ្លាមៗ ព្រោះម្ចាស់គំរោងនិមួយៗបានបញ្ចុះតម្លៃចន្លោះពី២០ទៅ៣០ភាគរយ ដើម្បីលក់ចេញគំរោងរបស់ខ្លួន ក្នុងកំឡយុងពេលមានវិបត្តិសេដ្ឋកិច្ចសាកលនេះ។

លោកបន្តថា “អ្នកទទិញខុនដូនាពេលនេះ មើលឃើញឳកាសចំណេញភ្លាម ហើ​យពួកគេអាចលក់ចេញបានលឿន និងចំណេញច្រើននៅពេលសេដ្ឋកិច្ចវិលមករកភាពល្អប្រសើរវិញ”។លោកបន្ថែមថា “ឳកាសបែបនេះ ១០ឆ្នាំមានតែម្តងប៉ុណ្ណោះ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគកំឡុងពេលនេះ សំរាប់អ្នកមានធនធានច្រើន ពួកគេបានប្រមូលទិញដី ខុនដូ ឬអចលនទ្រព្យដទៃទៀតទុក ដើម្បីទទួលបានផលចំណេញខ្ពស់ ពិសេសអ្នកទិញដី គឺពួកគេប្រមូលទិញ ដើម្បីសាងសង់គំរោងលំនៅដ្ឋាន ឬគំរោងផ្សេងៗនាពេលអនាគត។

លោកបន្តថា “សំរាប់អ្នកមានលទ្ឋភាពខ្ពស់ ពួកគេនៅតែបន្តវិនិយោគដើម្បីប្រមូលទុក ព្រោះពេលនេះអ្នកទិញមានអំណាចក្នុងការចចា”៕

ត្រីមាសទី១នៃឆ្នាំនេះ ស្ថានភាពទីផ្សារអចលនទ្រព្យរួមនៅតែជួបភាពអួរអ័ព្ទដូចមេឃរកភ្លៀង

ដោយៈ រ៉ាណេត

ភ្នំពេញៈ ឈានមកដល់ដំណាច់ត្រីមាសទី១ដើមឆ្នាំ២០២១នេះ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅតែបន្តជួបភាពប្រឈមខ្លាំង ទាំងការទិញលក់ ក៏ដូចជាការជួលបើទោះបីកម្ពុជា ទទួលបាននូវវ៉ាក់សាំង សម្រាប់ចាក់ប្រឆាំងទៅនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា  តាមស្ថានភាពជាក់ស្តែង ពោលគឺស្ថិតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនៅមិនទាន់មានសន្ទុះឡើងវិញនោះទេ ដោយភាពប្រឈម និងឱនភាពទាំងនេះបណ្តាលមកពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានធ្វើឱ្យមនុស្សជាច្រើន មានភាពភ័យខ្លាចមិនអាចចេញទៅណារួច និងចូលរួមគោរពអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល។

លោកបានបន្តថា “នៅក្នុងដំណាក់កាលនេះ មិនថាចំពោះតែរកស៊ីក្នុងវិស័យអចលទ្រព្យ ឬអាជីវកម្មក្នុងវិស័យដទៃនោះទេ ម្នាក់ៗសិទ្ធតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យតែបានមួយរស់សិន និងអាចដំណើរការអាជីវកម្មរបស់ខ្លួនបានប៉ុណ្ណោះ”។ លោកបន្តថា “យ៉ាងណាក៏ដោយផលប៉ះពាល់នេះ មិនមែនតែចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ  ប៉ុន្តែស្ទើរតែគ្រប់វិស័យទាំងអស់ ក៏រងផលប៉ះពាល់ដូចគ្នាឬធ្ងន់ជាងនេះ”។

លោកសសុខនីមបានបន្តថា ស្ថានភាពឥឡូវវាមិនស្រួលទេ…ណាមួយយើងទើបមានវ៉ាក់សំាង ប៉ុន្តែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅបន្តរាលដាលគួរឱ្យ​បារម្ភ ដែលនៅមិនទាន់បានបញ្ចប់ ដូច្នេះបានធ្វើឱ្យមនុស្សរអានឹងការឆ្លងខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ លោកច្រឹក សុខនីម មើលឃើញទីផ្សារលំនៅឋានដែលមានតម្លៃសមរម្យនៅតែមានដំណើរការ និងប្រតិបត្តិការទិញលក់ជាធម្មតា បើទោះស្ថិតនៅក្នុងកម្រិតទាប។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានទទួលស្គាល់ថា រហូតមកដល់ពេលនេះ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅតែបន្តរងផលប៉ះពាល់ និងមិនទាន់បានស្រាកស្រាននៅឡើយទេ ប៉ុន្តែក៏នៅមានប្រតិបត្តិការទិញលក់ខ្លះដែលស្ថិតក្នុងកម្រិតទាប។

លោកបន្តថា “ទោះជាយ៉ាងណាទីផ្សារអចលនទ្រព្យ វាមិនអាចស្ងាត់ឈឹង១០០ភាគរយនោះទេ ដោយសារតែអ្នកដែលមានបញ្ហាហិរញ្ញវត្ថុ ឬស្ទះលុយខ្លាំងគាត់ព្យាយាមលក់ក្នុងតម្លៃទាប”។ លោកបន្តថា  “នៅពេលដែលគាត់ស្ទះខ្លាំង គាត់នឹងបញ្ចេញអចលនវត្ថុរបស់គាត់ ទោះជាលក់បានក្នុងតម្លៃទាបជាងទីផ្សារក៏គាត់លក់ ដូច្នេះសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ នឹងរង់ចាំទទួលទិញទុកលក់បន្ត យកចំណេញក្រោយពេលវិបត្តិត្រូវបានបញ្ចប់”។

លោកឡុង គីមសួគ៌ បានបញ្ជាក់ថា ការលក់ចេញតាមតម្លៃទីផ្សារ គឺមិនមានអ្នកយកទេ ព្រោះអតិថិជនដែលទិញ នៅក្នុងកំឡុងពេលនេះមានចំនួនតិច ដូច្នេះគាត់ត្រូវតែបង្ខំលក់អចលនទ្រព្យរបស់គាត់ក្រោមតម្លៃទីផ្សារ។ នៅតែពេលដែលមានអ្នកមានធនធា​នគេនឹងទិញយកហើយ ដើម្បីទុកលក់នៅពេលណាមួយក្រោយចប់កូវីដ៕

ទីក្រុងបាវិតសម្ងំយ៉ាងស្ងៀមស្ងាត់ ខណៈផែនការសាងសង់ផ្លូវល្បឿនលឿនកំពុងឆ្ពោះទៅមុខ

ដោយៈ គង់ សូរិយា

ភ្នំពេញ អចលនទ្រព្យទីក្រុងបាវិត ខេត្តស្វាយរៀងបាននិងកំពុងកំរើកឡើងបណ្តើរហើយ ខណៈផែនការមេនៃការសាងសង់ផ្លូវល្បឿនលឿន កំពុងវិវត្តន៍ទៅមុខជាមួយនឹងសកម្មភាពសេដ្ឋកិច្ចនឹងរើបឡើងវិញនៅចុងឆ្នាំនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងដ៏ធំមួយ  ដែលមានមូលដ្ឋាននៅប្រទេសចិនបាននិងកំពុងកសាងទីតំបន់ឧស្សាហកម្មបៃតង គម្រោងអាគារពាណិជ្ជកម្ម កាស៊ីណូបាននិងកំពុងត្រៀមបើកទ្វារឡើងវិញ នៅពេលវិបត្តិជំងឺកូវីដ១៩បញ្ចប់នាពេលខាងមុខ។

ក្រុមហ៊ុនChina Road and Bridgeរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានបង្ហាញពីលទ្ឋផល នៃការសិក្សាផ្លូវល្បឿនលឿន ជូនថ្នាក់ដឹកនាំក្រសួងសាធារណៈការ និង​ដឹកជញ្ជូនរួចហើយ ដោយផ្តល់ជំរើសចំនួន៣ដល់រដ្ឋាភិបាលពិនិត្យ និងសម្រេចយកជំរើសណាមួយ។

លោកសោម កែវម៉ាលីដាអ្នកជំនាញអចលនទ្រព្យប្រចាំក្រុងបាវិត និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិមួយរូប បានមានប្រសាសន៍ថា ទីក្រុងបាវិតស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដើម្បីប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សា​ហកម្ម។

លោកបន្តថា“វាជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៣ ដែលបានដាក់បញ្ចូលក្នុងគោលនយោបាយនេះ ហើយជាលទ្ឋផលទីក្រុងទាំងនេះ ទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័ស”។

ទីក្រុងចំនួនបី ដែលបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ រួមមាន ទីក្រុងបាវិត ទីក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ។

លោកម៉ាលីដាបានបន្តថា “ទីក្រុងបាវិតប្រៀបដូចជាកូនក្រមុំស្រស់ស្អាតម្នាក់កំពុងចូលម្លប់ ដែលចាប់ផ្តើមបង្ហាញសម្រស់បណ្តើរៗ ព្រោះទីក្រុងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឈត្បូងៗរបស់អាស៊ាន និងប្រទេសក្នុងតំបន់”។លោកបន្តថា “លក្ខខ័ណ្ឌអំ ណោយផលនៃភូមិសាស្រ្ត ក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជាមួយប្រទេសវៀតណាម និងក្រុងភ្នំពេញមានចម្ងាយជិត និងមានសក្តានុពលខ្លាំង បើធៀបនឹងទីក្រុងប៉ោយប៉ែត”។

យោងតាមឯកសាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថាគម្រោ ងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

យោងតាមរបាយការណ៍សិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន៧កន្លែង កន្លែងឈប់សម្រាក៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន១ផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ៕

រដ្ឋាភិបាលកំពុងបន្តជំរុញការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តជំរុញសកម្មភាព ពិនិត្យផ្តល់ដីសម្បទានសង្គមកិច្ច (SLC-Social Land Concession) ផ្តល់កម្មសិទ្ធិដីដល់សហគមន៍ជនជាតិដើមភាគតិច (ICLT- Indigenous Communal Land Titling) លើកកម្ពស់កម្រិតជីវភាព ដោយចងក្រងជាសហគមន៍ ជួយកសាងសមត្ថភាព ដើម្បីបានចូលរួមនៅក្នុងសកម្មភាពធ្វើពិពិធកម្ម ផលិតកម្មកសិកម្មដែលរាជរដ្ឋាភិបាលកំពុងផ្តោតសំខាន់។

លោកហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមាជិកគណកម្មការដឹកនាំគំរោងពិនិត្យ និងផ្តល់ដីសម្បទានផងដែរនោះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្នុងកិច្ចប្រជុំប្រជុំ លើកលើកដំបូងជាមួយក្រុមការងារគាំទ្រ ការអនុវត្តគម្រោងរបស់ធានាគាពិភពលោក។

លោកបានបញ្ជាក់ឱ្យដឹងថា “គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិ​    វឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ មានរយៈពេល៦ឆ្នាំ(២០២១-២០២៦) សំដៅធ្វើឱ្យប្រជាពលរដ្ឋក្រីក្រប្រមាណ១៥ ០០០គ្រួសារ ទទួលបានដីសម្រាប់រស់នៅ និងប្រកបមុខរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគេកើនឡើង តាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត”។

លោកបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងដ៏ជាក់ច្បាស់ និងមានសារសំខាន់មួយនេះ ពួកគាត់នឹងអាចមានលទ្ធភាពល្អប្រសើរ ទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិ-ពាណិជ្ជករ និងសេវាសង្គម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងថែមទៀតផង។

ពាក់ព័ន្ធទៅនឹងគម្រោង នៃការបែងចែកដីសម្បទានសង្គមកិច្ច កាលពីពេលកន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសស    ម្បទានិកដែលទទួលបានដី ពីការផ្តល់ជូនដោយរាជរដ្ឋាភិបាល ត្រូវខិតខំស្វែងរកចំណូលបន្ថែម ដោយការបង្កបង្កើនផល សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារប្រសើរ ជៀសវាងការយកដីទៅលក់ ឬដាក់បញ្ចាំនៅធនាគារឯកជន។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “អចលនវត្ថុ ឬដីធ្លី ដែលរាជរដ្ឋាភិបាលសម្រេចកាត់ប្រគល់ជូន គឺប្រៀបបានទៅនឹងអាយុជីវិតរបស់បងប្អូន ដូច្នេះក្នុងនាមរដ្ឋាភិបាល សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានា ឱ្យមានភាពល្អប្រសើរឡើងជាជាងយកដីទៅដាក់បញ្ចាំនៅធនាគារឯកជន ឬលក់ទៅឱ្យវិស័យឯកជន ដែលអាចទទួលបានចំណូលតែមួយពេល ហើយបាត់បង់ទៅវិញអស់នោះទេ”៕

ទីផ្សារជួលអគារនៅក្រុងព្រះសីហនុនៅតែបន្តភាពស្ងប់ស្ងាត់ ខណៈការនិវត្តរបស់ជនជាតិចិនមានកំណើន

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រហូតមកដល់ចុងត្រីមាសទី១ ឆ្នាំ២០២១នេះ ទីផ្សារ និងតម្រូវការជួលអគារនៅក្នុងក្រុងព្រះសីហនុនៅតែបន្តភាពស្ងប់ស្ងាត់បើទោះជាការវិលត្រឡប់ពីសំណាក់ជនជាតិចិនរាប់រយនាក់បានកើនឡើងជាបន្តបន្ទាប់ក៏ដោយ។

លោកជិន សុផុន ដែលជាម្ចាស់អាផាតម៉ិន និងផ្ទះសំណាក់នៅក្នុងក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា រហូតមកដល់ចុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ទីផ្សារ និងតម្រូវការជួលអគារក្នុងក្រុងព្រះសីហនុនៅតែបន្តភាពស្ង់ស្ងាត់ដដែល បើទោះជាមានកំណើនជនជាតិចិនវិលត្រឡប់វិញជាបន្តបន្ទាប់ក៏ដោយ។

លោកបានបញ្ជាក់ថា “នៅក្នុងខែមីនានេះ កាន់តែស្ងប់ស្ងាត់ជាងខែមករា និងកុម្ភៈទៀត។ កាលពីដើមឆ្នាំទោះជាចិនមិនមក ក៏មានខ្មែរដែលជាទេសចរមកជួលបន្ទប់(បន្ទប់សំណាក់)ស្នាក់នៅរយៈពេលខ្លីដែរ ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺក្នុងសហគមន៍រហូតមកដល់ពេលនេះ ក្នុងមួយសប្ដាហ៍ស្ទើរតែគ្មានអ្នកមកស្នាក់នៅផង”។

លោកបន្តទៀតថា “សម្រាប់តម្លៃជួលអគារពាណិជ្ជកម្ម អាគារការិយាល័យ ឬអគារអាផាតម៉ិននៅក្នុងក្រុងបច្ចុប្បន្នបានធ្លាក់ចុះស្ទើរតែ៦០ភាគរយ ហើយមិនមានអ្នកជួលទៀត ព្រោះអ្នកជួលភាគច្រើនជាជនជាតិចិន ដល់ពេលចិនអត់មាន ការជួលក៏ត្រូវធ្លាក់ចុះតាមហ្នឹងដែរ”។

ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍បានមានប្រសាសន៍ថា ការវិលត្រឡប់របស់ជនជាតិចិននៅដើមឆ្នាំនេះ គឺស្ថិតនៅក្នុងកម្រិតមួយនៅឡើយ ដែលនៅទាន់អាចធ្វើឱ្យទីផ្សារនៃការជួលអគារងើបឡើងវិញនោះទេ។

លោកបន្តថា ភាគច្រើនចិនដែលវិលត្រឡប់មកក្រុងព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅនេះជាអ្នកប្រកបការងារ ឬអ្នកវិនិយោគចាស់ៗដែលធ្លាប់រស់នៅក្នុងក្រុងព្រះសីហនុ ដូច្នេះភាគច្រើនអគារដែលពួកគេជួលគឺស្ថិតនៅក្នុងកុងត្រាចាស់មិនទាន់ផុត ដូច្នេះនៅពេលគេមកវិញគឺគេស្នាក់នៅ ឬធ្វើការនៅក្នុងអគារដែលគេបានជួល។ ដោយឡែកសម្រាប់អគារថ្មី ឬទើបសាងសង់រួចនៅដើមឆ្នាំ២០២០ ឬពាក់កណ្តាលឆ្នាំ២០២០ក្នុងគោលដៅដាក់ជួលឱ្យអ្នកវិនិយោគដែលជាជនជាតិបរទេស ឬជនជាតិចិននោះ នៅតែបន្តស្ងប់ស្ងាត់ដដែល៕

តើប្លង់គោលប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ឋជួយជំរុញការអភិវឌ្ឍប្រទេសដូចម្តេច?

ដោយបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម

ភ្នំពេញៈ ប្លង់គោលប្រើប្រាស់ដី គឺជាប្លង់ឬផែនទី ដែលកើតចេញពីការគិតគូរ និងរៀបចំផែនការទុកជាមុន សម្រាប់បំពេញតម្រូវការនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ទៅតាមដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍរបស់សង្គមណាមួយ។ គ្រប់ផ្នែក គ្រប់វិស័យនៃរាល់សម័យកាលសង្គម សុទ្ធតែត្រូវការដីធ្លី ដើម្បីទ្រទ្រង់ជីវិត និងធ្វើការអភិវឌ្ឍជាបន្តប  ន្ទាប់។

រហូតមកដល់ពេលនេះ ស្ទើតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បាននឹងកំពុងរៀបចំ និងអនុវត្តប្លង់គោលប្រើប្រាស់ដីរបស់ខ្លួនយ៉ាងភ្ជាប់ភ្ជួន ដោយចាត់ទុកវាជាត្រីវិស័យគ្រឹះសម្រាប់តម្រង់ទិស នៃការអភិវឌ្ឍឱ្យបានសមស្រប និងប្រកបដោយចីរភាព។ ជាមួយគ្នានេះកម្ពុជាយើងក៏បានខិតខំព្យាយាមកសាងបញ្ចប់ និងកំពុងអនុវត្តគម្រោងទាំងឡាយយ៉ាងផុលផុស បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមខ្លះក៏ដោយ។

ជាក់ស្តែង យើងបានសម្រេចកិច្ចការប្លង់គោលជាច្រើន ដូចជា ប្លង់គោលក្រុងតាខ្មៅ ទីប្រជុំជនជ្រៃធំ នៃខេត្តកណ្តាល ក្រុងបាត់ដំបង ក្រុងសៀមរាប…និងផែនការរៀបចំដែនដីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ។ល។

តាមរយៈទស្សនៈខាងលើឃើញថា រាល់តម្រូវការ ឬការរៀបចំណាដែលខ្វះផែន​ការ ឬខ្វះការគិតគូររៀបចំទុកជាមុនសមស្រប នោះលទ្ធផលទទួលបានច្រើនតែជាគម្រោ​ងច្របូកច្របល់ មានភាពលំបាកស្មុគស្មាញ  ហើយអាចធ្វើឱ្យខាតបង់ថវិកា និងធនធានច្រើននៅពេលអនុវត្តជាក់ស្តែង។ រាល់កត្តាទាំងនេះ នឹងធ្វើឱ្យស្នាដៃសម្រេចបានរបស់យើងខ្វះការចាប់អារម្មណ៍ និងមិនមានការគាំទ្រច្រើនពីអ្នកជំនាញ និងមហាជនទូទៅ។

ជាការពិតណាស់ រដ្ឋាភិបាលគឺជាអ្នកគាំពារ និងធានាខុសត្រូវលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអនុវត្តច្បាប់ដោយតម្លាភាពនៅក្នុងសង្គមជាតិ។ ដូចនេះពេលណានិយាយដល់តម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវិឌ្ឍចីរភាព ចាំបាច់ត្រូវរៀបចំផែនការទុកឱ្យបានល្អ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការរៀបចំផែនការដីធ្លីសមស្របនៅគ្រប់កម្រិត ចាំបាច់ត្រូវមានការគិតគូរ និងសិក្សាកសាងឱ្យមានលក្ខណៈស៊ីចង្វាក់គ្នាជាមួយប្រទេសនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

ទោះជាយ៉ាងណា នៅក្នុងកិច្ចការបច្ចេកទេស គេអាចកសាងផែនការដីធ្លីទ្វេរទិសបាន គឺរៀបចំពីកម្រិតថ្នាក់ក្រោមឡើងទៅលើ ឬពីលើចុះក្រោម តាមការកំណត់របស់ប្រទេសនីមួយៗ។ ផែនការថ្នាក់លើ ជាមូលដ្ឋានគោលសម្រាប់កសាងផែនការថ្នាក់ក្រោម និងផែនការថ្នាក់ក្រោម ជាមូលដ្ឋានលម្អិតច្បាស់លាស់ សម្រាប់កែតម្រូវផែនការថ្នាក់លើឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍរបស់សង្គម។

មានមូលហេតុ និងការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខិតខំពុះពារ និងធ្វើឱ្យបានសម្រេចប្លង់គោលប្រើប្រាស់ដីអនាគត ដែលជាឧបករណ៍បង្ហាញទិសក្នុងការអភិវឌ្ឍ ដូចខាងក្រោម ទី១- ការបាត់បង់ឯកសារ ឬមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីនៅពេលប្រទេសជាតិក្រីក្រ ប្រជាជនតិច សំណង់ស្តួចស្តើង ទីផ្សារដីធ្លី និងកំណើនសេដ្ឋកិច្ចទាប ជាឱកាសងាយស្រួលក្នុងការកសាង និងអនុវត្តគម្រោង ហើយរដ្ឋមិនចំណា​យធនធាននិងថវិកាច្រើន។

ផ្ទុយទៅវិញការរៀបចំនៅពេលនេះ រដ្ឋមានការខាតបង់ ក្នុងការដោះស្រាយគោលនយោបាយ និងប្រឈមការតវ៉ាច្រើនមុននឹងចេញបណ្ណកម្មសិទ្ធិ ឬធ្វើការអភិវឌ្ឍនៅតាមតំបន់មួយចំនួន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមិនទាន់ហួសពេលដែរ សម្រាប់ការខិតខំរបស់ប្រទេសយើងចាប់ពីពេលនេះតទៅ។

ទី២- កំណើនប្រជាជន ការអភិវឌ្ឍកំពុងមានភាពគំហុក និងការផ្សាភ្ជាប់ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចសកលលោក បានធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ដែលធ្វើឱ្យរដ្ឋចាំបាច់ត្រូវចាត់ចែង រៀបចំទុកដាក់ឱ្យបានល្អប្រសើរ ឬពិនិត្យភាពសមស្របនៃរាល់តម្រូវការប្រើប្រាស់ដីធ្លីទាំងនោះទៅតាមផែនការ និងច្បាប់កំណត់ត្រឹមត្រូវ។

ទី៣- បច្ចុប្បន្នភាព ប្រភេទដីនីមួយៗ មិនទាន់ត្រូវបានកំណត់ដោយច្បាប់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយ ដូចជា ការប្តូរប្រភេទដីដែលគ្មានប្លង់គោលត្រឹមត្រូវ ការចាក់លុបដីកសិកម្ម ដីព្រែក អូរ ឬបឹងធម្មជាតិ ដែលធ្វើឱ្យបាត់បង់ដីដាំដុះជាច្រើនសម្រាប់ផលិតនិងផ្គត់ផ្គង់ស្បៀង ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ក្នុងផលិតកម្ម និងការរស់នៅ ព្រមទាំងអាចបាត់បង់ប្រព័ន្ធរំដោះទឹកនៅពេលទឹកជំនន់ និងគ្រោះធម្មជាតិកើតឡើង។

ទី៤- រដ្ឋាភិបាលមានគោលនយោបាយតម្រង់ទិស អភិវឌ្ឍន៍ប្រកបដោយចីរភាព និងខិតខំជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដូចនេះចាំបាច់ត្រូវរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី ដើម្បីលើទឹកចិត្ត និងអូសទាញការវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដីមានប្រសិទ្ធភាព។

ទី៥- សំណង់ជាច្រើននៅកម្ពុជាបាននឹងកំពុងលូតលាស់ខ្លាំង ហើយភាគច្រើនសាងសង់តាមហេដ្ឋារចនា  សម្ព័ន្ធដែលមានស្រាប់ ខ្វះផែនការកំណត់តាមបច្ចេកទេសបានត្រឹមត្រូវ ឬមិនគោរពតាមប្លង់គោល ឬបទប្បញ្ញត្តិ សំណង់ ដែលអាចធ្វើឱ្យសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានគុណភាព។ សំណង់រោងចក្រ និងឃ្លាំងជាច្រើន បាននឹងកំពុងបង្កើតឡើងរាយប៉ាយគ្រប់ទីកន្លែង ជាពិសេស ស្ថិតនៅក្នុងទីប្រជុំជនក្រុងមានមនុស្សអ៊ូរអរច្រើន ដែលធ្វើឱ្យបំពុលដល់បរិស្ថានក្នុងការរស់នៅ កកស្ទះចរាចរណ៍ និងមានការលំបាកក្នុងការរៀបចំក្រុងឱ្យបានល្អប្រសើរនៅពេលខាងមុខ។

ក្រៅពីនេះ នៅមានសំណង់មិនរៀបរយតាមចំណីព្រែក ស្ទឹង ទំនប់ ប្រឡាយ បឹងបួរ និងសំណង់  ទន្រ្ទានចំណីផ្លូវ ដែលជាដីសាធារណៈរបស់រដ្ឋ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ទេសភាព បរិស្ថាន និងសង្គម។

ទី៦- ផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នឹងអាចជួយដល់ ការកំណត់ប្រភេទប្រើប្រាស់ដី ពេលចេញបណ្ណកម្មសិទ្ធិបានសុក្រឹត្យ គាំទ្រដល់ការចុះបញ្ជីដីបានលឿននិងសមស្រប គ្រប់គ្រងប្រើប្រាស់ដី ចំគោលដៅ លើកស្ទួយរាល់ការអភិវឌ្ឍតាមកម្រិតថ្នាក់រដ្ឋបាលនៃគម្រោង ដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀនផ្សារ…និងជាឆ្អឹងខ្នងគោលនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រៅពីនេះ វាជាមូលដ្ឋានកំណត់ពន្ធដារបានត្រឹមត្រូវតាមតម្លៃ និងគុណភាពដី និងអាចជួយប្រែក្លាយទៅជាទីក្រុង ឬប្រទេសល្អស្អាតក្នុងការប្រលងប្រណាំងជាមួយអន្តរជាតិ។

ទី៧- កិច្ចការបន្ថែមដែលរដ្ឋត្រូវធ្វើ និងទទួលខុសត្រូវពាក់ព័ន្ធនឹងហេដ្ឋារចនាស   ម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី គឺរៀបចំច្បាប់និងបទប្បញ្ញត្តនៅពេលកសាង និងអនុវត្តឱ្យបានច្បាស់លាស់ ដូចជា កាលណាចាប់ផ្តើមអនុវត្តន៍ប្លង់គោល គឺពិតជាប៉ះពាល់ដីឬសំណង់កម្មសិទ្ធិ ឬដីភោគៈរបស់ពលរដ្ឋហើយ វាគ្រាន់តែច្រើនឬតិចប៉ុននោះ បញ្ហានេះតើរដ្ឋត្រូវកំណត់ជាច្បាប់ ឬបទប្បញ្ញត្តិគតិយុត្តដោះស្រាយយ៉ាងដូចម្តេច? ដោយឡែកចំពោះ​ការប៉ះពាល់ តើរដ្ឋបានកញ្ចប់ថវិកាមកពីណា?។

ក្រៅពីនេះ ដើម្បីដោះស្រាយជាមួយអ្នកប៉ះពាល់ ! តើរដ្ឋគួរត្រូវកំណត់ពន្ធដារបន្ថែមកម្រិតណា?ដោយរបៀបម៉េច?ទៅលើអ្នកទទួលផលពីប្លង់គោលដែលបានអនុម័ត ឬសាងសង់គម្រោង រួចរាល់និងធ្វើឱ្យដីធ្លីឡើងថ្លៃ។ បច្ចុប្បន្នដីធ្លី អចលនទ្រព្យឡើងថ្លៃដោយសារការកសាងផ្លូវ (ក្រវាត់ក្រុង ផ្លូវល្បឿនលឿន ផ្លូវក្នុងខេត្តក្រុង) លំនៅឋានថ្មី (បូរីឬខុនដូ) រោងចក្រ (សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស) ឬបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗជាច្រើនទៀតរបស់រដ្ឋ គឺរាជរដ្ឋាភិបាលមិនទាន់ គោលការណ៍ ដើម្បីកំណត់ក្នុងការចូលរួមចំណែកឱ្យបានសមស្រប និងសមធ៌ពីអ្នកដែលបានទទួលផលពីគម្រោងរបស់រដ្ឋនៅឡើយ។ នៅពេលខាងមុខ ប្រសិនបើមានកញ្ចប់ថវិកាពន្ធដារ ដែលរដ្ឋប្រមូលបានមកពីប្លង់គោល ជាយោបល់ គួរអាចត្រូវបានយកមកប្រើប្រាស់សម្រាប់បង្វិលក្នុងការដោះស្រាយផលប៉ះពាល់ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬអភិវឌ្ឍគម្រោងនៅសល់ ឬសម្រាប់សិក្សាកសាង និងកែសម្រួលគម្រោង…។ល។

ដូចនេះ ប្លង់គោលប្រើប្រាស់ដី គឺជាឧបករណ៍សម្រាប់ព្យាករណ៍ការអភិវឌ្ឍចីរភាពនៃផែនការអនាគត។ វាបានគិតគូរនិងបង្ហាញពីទិសដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិ ស្ថានប្រកបដោយប្រសិទ្ធភាព ពិសេសការផ្តោតលើកំណើនប្រជាសាស្រ្ត និងតម្រូវការរស់នៅ ការអភិវឌ្ឍរបស់មនុស្សជាតិនៅតាមតំបន់ និងផ្នែកនីមួយៗ។

គម្រោងប្លង់គោលនឹងជួយពង្រឹងដល់ដំណើរការអភិវឌ្ឍ ការអភិរក្ស និងភាពសមាហរណកម្មដោយសុខដុមនីយកម្ម ក្នុងសង្គមជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ ប្រសិនបើមានប្លង់គោល ឬផែនការ ហើយខ្វះថវិកាគាំទ្រដើម្បីអនុវត្តតាមគម្រោងអាទិភាព ឬខ្វះការអនុវត្តតាមប្លង់គោលពេលចុះបញ្ជីឬចរន្តការដីធ្លី នោះផែនការរបស់យើង គ្រាន់តែជាក្រដា​ស “ស ”មួយសន្លឹកគ្មានតំលៃអ្វីទាំងអស់ ប្រៀបដូចជាការស្រមើស្រមៃក្នុងយោសប្តិ ដែលក្រោយពេលភ្ញាក់ពីដំណេក អ្វីៗគ្រប់យ៉ាងវារលត់សូន្យទាំងអស់។

ជារួមប្លង់គោលប្រើប្រាស់ដី គឺជាផែនទីឧបករណ៍ចង្អុលបង្ហាញផ្លូវយ៉ាងសំខាន់បំផុតនៃដំណើររៀបចំ និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់សម័យកាល៕

​គំរោងសាងសង់ស្ថានីយ៍អគ្គិសនីដើរដោយឋាមពលខ្យល់នៅខេត្តមណ្ឌលគិរីកំពុងស្ថិតក្នុងការសិក្សានៅឡើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ  គំរោងវិនិយោគស្ថានីយ៍អគ្គិសនីដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌ

លគិរី កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ខណៈខេត្តនេះកំពុងមានតម្រូវការថាមពលអគ្គិសនីកើនឡើង ដោយសារល្បឿននៃការអភិវឌ្ឍក្នុងមូលដ្ឋាន។

ក្រុមហ៊ុនដែលវិនិយោគគំរោងនេះ មានឈ្មោះ Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល លោកវ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សា លើគម្រោងតាំងពីឆ្នាំ ២០១៩មកកន្លងមកនេះ។

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សាលើគំរោងនេះ ប៉ុន្តែបើសិនក្រុមហ៊ុនសិក្សាចប់ គាត់នឹងយកមកដាក់របាយការណ៍មកមកក្រសួង ដើម្បីពិនិត្យនិងសម្រេច”។

លោកវ៉ិកទ័រ ហ្សូណាបានបន្តឲ្យដឹងផងដែរថា នាពេលកន្លងមកនេះ ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ ដែលមានកម្ពស់១០០ម៉ែត្រ ចំនួន២កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និងប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd. ជាប្រភេទក្រុមហ៊ុនសហកម្មសិទ្ឋ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Maritime Group ជាមួយក្រុមហ៊ុនយក្សក្នុងវិស័យថាមពលកកើតជាថ្មីរបស់ប្រទេសចិន Xinglan Group។

បច្ចុប្បន្នក្រៅពីគម្រោងវិនិយោគថាមពលអគ្គិសនី របស់Xinglan Maritime Energy Co., Ltd. កម្ពុជាក៏មានក្រុមហ៊ុនមកពីបារាំងThe Blue Circle ដែលកំពុងធ្វើការសិក្សាបង្កើតរោងចក្រ ផលិតថាមពលអគ្គិសនីដើរដោយខ្យល់នៅក្នុងខេត្តជាប់តំបន់ឆ្នេរមួយរបស់កម្ពុជាផងដែរ៕