ទីផ្សារកំពុងប្រែប្រួល! និន្នាការថ្មីនៃទីផ្សារលក់ដីឡូតិ៍នៅពេលបច្ចុប្បន្នកំពុងផ្លាស់ប្ដូរ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារដីឡូតិ៍ដែលត្រូវបានគេមើលឃើញថា កំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ក្នុងព្រឹត្តិការ២០កុម្ភៈនាពេលនេះ បាននិងកំពុងផ្លាស់ប្ដូរនិន្នាការថ្មីពីការវិនិយោគបន្តទៅឱ្យក្រុមហ៊ុនភ្នាក់ងារ ប្រែមកជាការឈលក់គម្រោង ដោយផ្ទាល់ពីម្ចាស់ដីតែម្ដង។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានប្រាប់ឱ្យដឹងថា និន្នាការថ្មីនេះ បានកើតមានឡើងក្រោយពេលមានក្រុមហ៊ុនភ្នាក់ងារមួយចំនួន ដែលគ្មានវិជ្ជាជីវៈ មិនមានភាពស្មោះត្រង់ ក្នុងការបង្វែរចរន្តសាច់ប្រាក់ដែលលក់បានរហូត កើតមានទំនាស់ប្ដឹងផ្តល់ជាច្រើនគម្រោង។

លោកបន្តថា “”ពេលនេះម្ចាស់ដីភាគច្រើន បានចាប់ផ្តើមអភិវឌ្ឍន៍ដីរបស់ខ្លួនតាមរយៈការពុះដីឡូតិ៍ និងលក់ដោយខ្លួនឯងតែម្ដង ឬជួលបុគ្គលិកផ្ទាល់ ដោយមិនពឹងផ្អែកទៅលើភ្នាក់ងារលក់ទៀតនោះទេ”។

លោកបានបញ្ជាក់ថា ឥឡូវម្ចាស់ដីដែលមានទំហំ២ ឬ៣ហិកតា គឺគាត់អភិវឌ្ឍន៍លក់ដោយខ្លួនឯង ហើយដាក់បុគ្គលិក៣ ទៅ៥នាក់ អាចលក់ប្រមូលលុយបាន។ កាលពីមុន គាត់ឱ្យភ្នាក់ងារលក់ ដល់ពេលលក់បានហើយ មិនយកលុយទៅបង់ឱ្យម្ចាស់ដី មានរឿងរ៉ាវប្តឹងផ្តល់គ្នាជាច្រើន ដូច្នេះវាជាមេរៀនសម្រាប់ពួកគាត់ ក៏ដូចជាម្ចាស់ដីដទៃទៀត ណាមួយឥឡូវពួកគាត់ បានយល់ដឹងបានច្រើនពីទីផ្សារដីឡូតិ៍ ក៏ដូចជារបៀបនៃការរកទីផ្សារ ហើយេពួកគាត់ក៏អាចទទួលបានចំណេញច្រើនពីការលក់ផងដែរ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោកវិន ឈុនហ៊ាត បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ប៉ុន្តែករណីបែបនេះកើតមានមិនច្រើននោះទេ ហើយការឈរលក់គម្រោងដោយខ្លួនឯងក៏ត្រូវចំណាយពេលយូរដែរ។

លោកបន្តថា “ម្ចាស់ដីឈរលក់គម្រោងដោយខ្លួនឯង នៅពេលបច្ចុប្បន្នមានមែន ប៉ុន្តែមិនច្រើននោះទេ ហើយក៏នៅតែពឹងទៅលើភ្នាក់ងារដដែល ដោយការផ្តល់កម្រៃជើងសារក្នុងលក់ដដែល”។ លោកបញ្ជាក់ថា “ដីពុះឡូតិ៍ក្នុងទ្រទ្រាយធំ ចាប់ពី៣ហិកតាឡើងទៅ គឺចាំបាច់ត្រូវតែពឹងទៅលើក្រុមហ៊ុនភ្នាក់ងារ ឬក្រុមភ្នាក់ងារ ដែលក្នុងនោះមានទាំងអស់ស្របច្បាប់ចុះបញ្ជី និងអ្នកមិនចុះបញ្ជី”។

លោកបន្តថា ម្ចាស់ដីដែលឈរលក់គម្រោងដោយខ្លួនឯង មិនខ្វល់ទៅលើភ្នាក់ងារចុះបញ្ចី ឬមិនចុះបញ្ជីនោះទេ សំខាន់ឱ្យតែលក់ដីឱ្យគាត់បាន។ ប៉ុន្តែសម្រាប់ម្ចាស់ដីដែលមានទំហំធំចាប់ពី៣ហិកតា ឬ៥ហិកតាឡើងទៅ ពួកគាត់ចាំបាច់ត្រូវការក្រុមហ៊ុនភ្នាក់ងារដែលបញ្ជីត្រឹមត្រូវ ឬមានម្ចាស់ដីខ្លះសហការជាមួយធនាគារ ក្រោមកិច្ចសម្របសម្រួលពីក្រុមហ៊ុនភ្នាក់ងារលក់អនចលនទ្រព្យ៕

ការរុកររករ៉ែមាសនៅខេត្តរតនៈគិរីកំពុងមានវឌ្ឍនភាពល្អប្រសើរជាមួយការជីករណ្តៅស្រាវជ្រាវកើនដល់៨០កន្លែង

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ការុករករ៉ែមាស នៅខេត្តរតនគិរីកំពុងមានវឌ្ឍនភាព ខណៈក្រុមហ៊ុនកាណាដា Angkor Resources Corp បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំហើយ។

ក្រុមការងារជំនាញរបស់ក្រុមហ៊ុននេះ បានរកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។

ជាលទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីសប្តាហ៍មុនបានឲ្យដឹងថា រណ្តៅរ៉ែមាសមួយចំនួនមានផ្ទុកគ្រាប់មាស។ ដោយឡែកការគូសស្ទង់លើផ្ទៃដី ក៏បង្ហាញថា មានបណ្តុំខ្សែក្រោមដីជាច្រើន ដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។

លោក Dennis Ouellette អនុប្រធានផ្នែករុករករបស់ក្រុមហ៊ុនបានមានប្រ​សាសន៍ឲ្យដឹងថា “Angkor Resources ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែជាច្រើន ដែលមានសក្តានុពលក្នុងការធ្វើជាកន្លែងផលិតស្ពាន់ធ័រ រ៉ែមាស និងថ្មមានតម្លៃ។

លោកបន្តថា “យើងជឿជាក់ថា អាជ្ញាប័ណ្ណអណ្តូងមាសនេះ ក៏នឹងបង្ហាញសក្តានុពលសម្រាប់រ៉ែទាំងបីប្រភេទនេះនាពេលខាងមុខ”៕

 

ផ្សារទំនើបកម្ពស់៥ជាន់លើកដំបូងនឹងបង្ហាញខ្លួននៅស្រុកកៀនស្វាយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ផ្សារទំនើបថ្មីមួយដែលមានកម្ពស់៥ជាន់ នឹងបង្ហាញវត្តមានជាលើកដំបូងនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការបណ្តាក់ និងអភិវឌ្ឍន៍ឡើងដោយអ្នកវិនិយោគក្នុងស្រុក។

បើមិនមានអ្វីប្រែប្រួលនោះ ទេនៅត្រឹមដើមឆមាសទី២ ឆ្នាំ២០២១នេះ គម្រោងផ្សារទំនើបលើកដំបូង ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការ ដែលជាការនាំយកនូវបទពិសោធន៍ថ្មីនៃការរស់នៅបែបទាន់សម័យ ជូនដល់ប្រជាជននៅក្នុងតំបន់ ខណៈដែលកំណើននៃកម្រិតជីវភាពកាន់តែមានភាពល្អប្រសើរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបមួយនេះ នឹងនាំមកជូនបទពិសោធន៍ថ្មីនៃជីវិតរស់នៅបែបទាន់សម័យ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលក្រៅពីមានការផ្គត់ផ្គង់នូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចំណីអាហារគ្រប់ប្រភេទ ក៏មានការផ្តល់ជូននូវទីតាំងសម្រា​ប់កម្សាន្តផងដែរ។

លោកឧកញ៉ាបន្តថា “ផ្សារទំនើបនេះ ស្ថិតនៅក្នុងគម្រោងបុរីកៀនស្វាយផាកកំពុ​ងពន្លឿនការសាងសង់ ដែលមានទុនវិនិយោគសរុបប្រមាណ១០លានដុល្លារ។ ផ្សារនេះមានកម្ពុជា៥ជាន់ ដោយជាន់នីមួយៗមានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទីតាំងសម្រាប់លក់សម្ភារៈអេឡិចត្រូនិក ទីតាំងសម្រាប់លក់ចំណីអាហារ ទីតាំងសម្រាប់លក់គ្រឿងអង្ការ ក៏ដូចជាទីតាំងសម្រាប់កម្សាន្តទូទៅជាដើម”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ពេលនេះទីតាំងដែលត្រូវសាងសង់ ត្រូវបានរៀបចំឈូសឆាយ និងចាក់ដីបំពេញរួចរាល់ហើយ ដើយនៅរង់ចាំតែសរសរគ្រឹះតែប៉ុណ្ណោះ។ រាល់ផលិតផល ដែលត្រូវបានដាក់លក់នៅក្នុងផ្សារទំនើបមួយនេះ ត្រូវបានធានានូវគុណភាព ស្របច្បាប់ត្រឹមត្រូវ ដោយឡែកចំណីអាហារត្រូវប្រាកដថា មិនមានសារជាតិគីមី ហើយក៏មានផលិតផលក្នុងស្រុកផងដែរ។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ស្រុកកៀនស្វាយនៅពេលបច្ចុប្បន្នបានក្លាយទៅជាតំបន់ជាយរាជធានីភ្នំពេញ ដែលមានភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្គត់ផ្គង់ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យមដូចជាគ្នា ទៅនឹងតំបន់ប៉ែកខាងលិចក្រុងផងដែរ។ ជាក់ស្ដែងបច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន គម្រោងបុរីជាច្រើនកំពុង តែមានសកម្មភាពសាងសង់យ៉ាងមមាញឹក រួមជាមួយនឹងកំណើនប្រជាជនចូលទៅរស់នៅកាន់តែច្រើនឡើង៕

ដំណឹងរីករាយៈគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនលេចឡើងនៅក្បែរជើងភ្នំបូកគោ

        ដោយគង់ សូរិយា

        កំពតៈ គំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនរួមមាន ដីឡូត៍ លំនៅដ្ឋានបែបលំហែរជាច្រើនបាននិងកំពុងលេចឡើងនៅជើងភ្នំបូកគោ ខណៈទីក្រុងឆ្លាតវៃរបស់រដ្ឋាភិបាលបាននិងកំពុងរៀបចំឆ្ពោះទៅមុខ។

បច្ចុប្បន្នដោយសារខេត្តកំពត មានធនធានធម្មជាតិដ៏សម្បូរបែប មានភ្នំបូកគោដ៏ទាក់ទាញ មានដងព្រែក និងទេសភាពដ៏ស្រស់បំព្រងបាន និងកំពុងធ្វើឲ្យតំបន់ជាប់មាត់សមុទ្រនេះ កំពុងបង្កើនល្បឿននៃការវិនិយោគរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

សហស្ថាបនិកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតាមដានការវិវត្តវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ មិនានេះថា ការរីកចម្រើនខេត្តកំពត មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាផ្អែកលើមូលដ្ឋានជាច្រើនទាំាំងហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋាន ធនធានធម្មជាតិ កំពង់ផែទេសចរណ៍ កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេសជាដើម សុទ្ឋតែជាកត្តាលីករដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោកបន្តថា “ខេត្តកំពតនឹងផ្លាស់ប្តូរមុខមាត់ ក្នុងកម្រិតថ្មីមួយនារយៈពេលបីឆ្នាំខាងមុខ ដោយសារមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ជាច្រើនកំពុងសាងសង់ ដែលជាផ្នែកមួយលើកកំពស់ទំនុកចិត្តនៅលើទីផ្សារបន្ថែមទៀត”។

ជាមួយគ្នានេះ គំរោងដីឡួត៍បូកគោលែនដ៏ សម្រាប់សាងសង់ផ្ទះលំហែរ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ និងផ្តល់ភាពងាយស្រួលដល់អតិថិជន កំពុងលក់និងទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយសារម្ចាស់គំរោងនេះបានតប្រព័ន្ឋទឹកស្អាត បណ្តាញអគ្គិសនី និងផ្ទះគំរូចជាស្រេចសម្រាប់ផ្តល់ជូនអតិថិជន ដែលត្រូវការលំនៅដ្ឋានសំរាប់លំហែរកាយ នៅពេលចុងសប្តាហ៍៍ ឬពេលសម្រាកពីការងារ។

ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា បើនិយាយពីតំបន់ជើងភ្នំបូកគោ គឺជាតំបន់ដែលមានសក្តានុពលខ្ពស់ ដោយសារមានទីតាំងភូមិសាស្រ្តល្អ មានគំរោងល្អ និងផែនការមេអភិវឌ្ឍន៍ច្បាស់លាស់ ហេតុនេះការវិនិយោគនៅតំបន់នេះជារឿងត្រឹមត្រូវ ប៉ុន្តែផលចំណេញត្រលប់នៅពេលណា វាអាស្រ័យលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។

លោកបន្តថា “គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់ក្រុមហ៊ុនSokha Groupកំពុងវិវត្តន៍ឆ្ពោះទៅមុខបណ្តើរ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនេះលឿនកម្រិតណា វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោក”។

គំរោងកសាងទីក្រុងឆ្កាតវៃ នៅជើងភ្នំបូកគោ ក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាផងដែរ។

កំឡុងពេលអញ្ជើញបើកសម្ភោធគំរោងនេះ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរទិញដីនៅក្នុងគំរោងទីក្រុងឆ្លាតវៃនេះ៕

អ្នកអភិវឌ្ឍន៍លំនៅឋានៈ ពេលនេះគឺជាឱកាសល្អក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅឬវិនិយោគ

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបនៅកម្ពុជា បានលើកឡើងថា ពេលនេះគឺជាឱកាសល្អ សម្រាប់អ្នកដែលចង់ទិញផ្ទះ ទាំងទិញសម្រាប់ស្នាក់នៅ និងទិញសម្រាប់វិនិយោគនៅពេលខាងមុខ ដោយសារតែពេលនេះ អ្នកទិញអាចទទួលបានលក្ខខណ្ឌ ដែលខ្លួនចង់បានឬអាចនិយាយបាននិយថាអ្នកទិញមានទឹកមាត់ប្រៃនៅពេលនេះ។

លោកអេរិច ឆុង ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានបុរីណាឌី នៅតំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦អា បានឱ្យដឹងថានៅក្នុងវិបត្តិកូវីដ១៩នេះ អ្នកទិញពិតជាមានឱកាស ក្នុងការចរចាជាមួយអ្នកលក់ ឬម្ចាស់គម្រោង ដើម្បីទទួលបានលក្ខខណ្ឌ ដែលខ្លួនចង់បាន ដូចជាលក្ខខណ្ឌក្នុងការបង់ប្រាក់ជាដើម ។

លោកបន្តថា “បើទោះបីជាមានវិបត្តិនៃជំងឺកូវីដ១៩យ៉ាងនេះក្ដី តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅជាច្រើន នៅតែបន្តសកម្មភាពរបស់ខ្លួន រួមទាំងគម្រោងរបស់លោកផងដែរ ពីព្រោះតម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងនៅពេលអនាគតខាងមុខ ដូច្នេះការអភិវឌ្ឍសម្រាប់ផ្គត់ផ្គង់ លើទីផ្សារលំនៅឋានសម្រាប់អនាគតនឹងមិនខុសនោះឡើយ”។

ការអភិវឌ្ឍលំនៅឋាននៅពេលបច្ចុប្បន្ននេះ គឺត្រូវផ្ដោតលើគុណភាពលំនៅឋាននិងគុណភាពនៃការរស់នៅ ហេតុដូចនេះទើបអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន បានខិតខំអភិវឌ្ឍន៍គម្រោងរបស់ ដោយបានបង្កើតរចនាសម្ព័ន្ធនៅក្នុងបុរី ដើម្បីជាការទាក់ទាញ។

ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានឱ្យដឹងថា នៅឆ្នាំខាងមុខៗទៀត តម្រូវការលំនៅឋានទាំងលំនៅឋាននៅក្នុងបុរី និងលំនៅឋានជាលក្ខណៈអគារសហកម្មសិទ្ធិក្ដី ព្រោះកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងជាពិសេសនៅរាជធានីភ្នំពេញ ហើយជាការកត់សម្គាល់ផ្ទៃដីរាជធានីភ្នំពេញ បានបន្តពង្រីកជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលំនៅឋានដើម្បី បំពេញទៅតាមតម្រូវការ។

លោកបន្តថា “នៅពេលចប់វិបត្តិកូវីដ១៩ កំណើនលំនៅឋានទាំងខុនដូ និងលំនៅឋានក្នុងបុរី នឹងមានតម្រូវការខ្ពស់ ហើយវាអាចនឹងខ្ពស់ជាងកាលមុនកូវីដ១៩ទៅទៀត ដោយសារតែសកម្មភាពទិញលក់នៅ ក្នុងពេលវិបត្តិកូវីដ១៩បានផ្អាក និងធ្លាក់ចុះមួយកម្រិត។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរធ្លាប់បានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែមាន ប៉ុន្តែសកម្មភាពនៃការទិញលក់មានសភាពយឺតយ៉ាវជាងមុន ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍគំរោងលំនៅដ្ឋាននានា នៅតែបន្តសាងសង់ ព្រោះគម្រោងនិមួយៗមិនបញ្ចប់ការសាងសង់រយៈពេលបីរឬបីខែនោះទេ។
លោកបន្តថា “ទោះជាយ៉ាងណាសកម្មភាពនៃការអភិវឌ្ឍគំរោងថ្មីៗ ស្ថិតនៅក្នុងការទន្ទឹងរង់ចាំមើលស្ថានការណ៍៍នៅឡើយ”៕

តើបិតាស្ថាបត្យកម្មកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបន្សល់ទុកបណ្តាំអ្វីខ្លះលើផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញនាពេលអនាគត?

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញស្ថាបត្យករ និងមានតួនាទីជាអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានលើកឡើងពីបណ្តាំរបស់អតីតបិតាស្ថាបត្យករខ្មែរលោក វណ្ណ មូលីវណ្ណ ទៅលើផែនការ និងទិសដៅដែលគួរធ្វើការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយភាពត្រឹមត្រូវ និងបញ្ចៀសហានិភ័យទៅថ្ងៃអនាគត។

អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា លោកសាស្ត្រាចារ្យទួស សាភឿន បានលើកឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់តំបន់ចាំបាច់បំផុត ត្រូវមានផែនការមេប្រកបដោយភាពត្រឹមត្រូវ និងក្រោមការសិក្សាលម្អិតដើម្បីបញ្ចៀសផលប៉ះពាល់ ដែលអាចកើតមានក្រោយការអភិវឌ្ឍ។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យបានលើក យកពីបណ្តាំរបស់អតីតបិតាស្ថាបត្យករខ្មែរ លោកបណ្ឌិតវណ្ណ មូលីវណ្ណពីតំបន់ដែលគួរ និងមិនគួរអភិវឌ្ឍន៍នៃរាជធានីភ្នំពេញលើចំណុចមួយចំនួន ដូចជា ទី១ ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ស្រាប់ចាក់លុបតិច ដីមានជីវជាតិសម្រាប់កសិកម្មផងដែរ។

ទី២ ប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈមទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជារៀងរាល់២៥ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក។

ទី៣ ទិសខាងកើត គួរក្សាទុកជាតំបន់បៃតងទុកផ្គត់ផ្គង់បន្លែបៃតង មិនត្រូវអនុ      ​ញ្ញាតឱ្យមានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងល ទន្លេមេគង្គ ជាប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឱ្យអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀតគ្មានប្រភពទទួលទឹកស្អុយ លំបាករៀបបណ្តាញលូទឹកស្អុយបញ្ចេញចោល។

ទី៤. ទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់ តំបន់កំពង់ផែដឹកជញ្ជូន ។ល។

ក្រុងស្អាតទៅបាន រឺទីក្រុងអេកូឡូស៊ី វាអាស្រ័យទៅលើការប៉ិនប្រសប់រៀបឱ្យមាន តុល្យភាពនៃការរក្សាឱ្យមានតំបន់ខៀវ(ទឹក) និងបៃតង (សួន) ប្រភពបឹង មិនមែនដើម្បីលុបទេ ស្គាល់សាវតាតំបន់ គោរពអតីតកាលឱ្យតម្លៃអតីកាល បានធ្វើឱ្យក្រុងរៀបថ្មីមានអនាគតល្អ។

អ្នកដឹកនាំក្រុងល្អ ជាមនុស្សមិនមែនជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេក​ទេសយល់ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងសេដ្ឋកិច្ចច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការល្អឥតខ្ចោះ៕

ទីផ្សារអាផាតម៉ិនបាននិងកំពុងបត់បែនខណៈអាគារចំនួន៥២បានដាក់ដំណើរការ

ដោយគង់ សូរិយា
ភ្នំពេញៈ ទីផ្សារអាផាតម៉ិននៅក្រុងភ្នំពេញ បាននិងកមពូងបត់បែនក្នុងទីផ្សារជាមួយនឹងការផ្តល់ជូននូវតម្លៃពិសេស ខណៈអត្រាប្រើប្រាស់រួមបានធ្លាក់ចុះមកនៅត្រឹម៥០ភាគរយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២០កន្លងមកនេះ អាគារអាផាតម៉ិនកម្រិតB និងកម្រិតCចំនួន៥២អាគារ ដែលមានសរុប២៨០០យូនីត បានដាក់ដំណើរការនៅក្នុងទីផ្សារ និងអាគារអាផាតម៉ិនចំនួន៥ទៀត នឹងសាងសង់ចប់ហើយដាក់ចូលទីផ្សារនៅឆ្នាំនេះ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អត្រាប្រើប្រាស់សរុបក្នុងទីផ្សារអាផាតម៉ិនបានធ្លាក់ចុះពី៨៥ភាគរយ មកនៅត្រឹម៥០ភាគរយនៅឆ្នាំនេះ ខណៈតម្លៃជួលមានភាពបត់បែន ដោយសារម្ចាស់អាផាតម៉ិន បានព្យាយាមរក្សាអតិថិជនរបស់ពួកគេ ហើយបានផ្តល់តម្លៃ និងសេវាកម្មកាន់តែប្រសើរឡើង។

លោកស្រីបន្តថា “ចំនួនអាផាតម៉ិននេះ មិនរាប់បញ្ចូលអាផាតម៉ិនកម្រិតCនោះទេ ព្រោះអាផាតម៉ិនកម្រិតCមានចំនួនច្រើនណាស់ នៅលើទីផ្សារជួលនាពេលបច្ចុប្បន្ននេះ”។

អាផាតម៉ិនកម្រិតA មួយបន្ទប់គេងនៅតំបន់បឹងកេងកង១ មានតម្លៃប្រមាណ១០០០ដុល្លារ អាផាតម៉ិនកម្រិតB មានតម្លៃ៨០០ដុល្លារ កម្រិតCមានតម្លៃ៥០០ដុល្លារ។ ពីរបន្ទប់គេងមានតម្លៃចន្លោះ១៥០០ ទៅ២០០០ដុល្លារ និងបីបន្ទប់គេងមានតម្លៃប្រមាណ៣០០០ដុល្លារក្នុងមួយខែ ប៉ុន្តែសម្រាប់តំបន់ផ្សេងទៀត ក្រៅពីសង្កាត់បឹងកេងកង១ មានតម្លៃទាបជាងនេះ៕

អនុវត្តន៍​វិធីសាស្ត្រ​ចំនួន៥នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ម្ហូប​របស់​អ្នក​ត្រូវបាន​ចម្អិន​បានល្អ

ដោយៈ​គង់ សូរិយា

ភ្នំពេញ៖ ស្រប​ពេលដែល​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ នៅមានកម្រិត ទាក់ទង​នឹង​ការប្រើប្រាស់​ចំណីអាហារ​ឲ្យ​មាន​សុវត្ថិភាព អ្នកជំនាញ​សុខាភិបាល​បាន​ណែនាំ​វិធី​ចំនួន៥ ដើម្បី​ឲ្យ​ចំណីអាហារ​ដែល​ខ្លួន​ចំអិន​ទទួលទាន​មាន​សុវត្ថិភាព។

លោក​វេជ្ជបណ្ឌិត​លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​សរសេរ​សារ​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន កាលពីពេលថ្មីៗនេះ​ថា ដើម្បី​ឲ្យ​ចំណីអាហារ​ដែល​លោកអ្នក ទទួលទាន​មាន​សុវត្ថិភាព សូម​អនុវត្តន៍​វិធីសាស្ត្រ​ចំនួន៥ជំ​ហ៊ាន ដូចជា ទី១ ត្រូវ​លាងដៃ​របស់​អ្នក​មុន​ចាប់​កាន់​ចំណីអាហារ និង​មុនពេល​រៀបចំ​អាហារ ចូរ​លាងដៃ​របស់​អ្នក​ក្រោយពេល​ចេញពី​បង្គន់ ចូរ​លាង​សំអាត​និង​ធ្វើ​អនាម័យ​លើ​ផ្ទៃរាប​ទាំងអស់ សម្ភារៈ​និង​ឧបករណ៍ប្រើប្រាស់ សម្រាប់​រៀបចំ​ចំណីអាហារ និង​ការពារ​ផ្ទះបាយ ចំណី​អហារ​ពី​សត្វល្អិត សត្វ​កណ្តុរ និង​សត្វ​ផ្សេង។

ទី២ ដាក់​អាហារ​ឆៅ​និង​ឆ្អិន​ដាច់​ដោយ​ទ្បែ​ក​ពីគ្នា ដូចជា​សាច់មាន់ ទា គ្រឿង​សមុទ្រ​ពី​អាហារផ្សេងៗ ប្រើប្រាស់​ឧបករណ៍ និង​សម្ភារៈ​ផ្ទះបាយ​ដាច់​ដោយ​ទ្បែ​ក​ពីគ្នា ដូចជា​កាំបិត និង​ជ្រុ​ញ​សម្រាប់​ហាន់​អាហារ​ឆៅ ទុកដាក់​អាហារ​ក្នុង​កន្លែង​របស់​វា ដើម្បី​ជៀសវាង​ការប៉ះពាល់​គ្នា​រវាង​អាហារ​ឆៅ និង​អាហារ​ឆ្អិន ព្រោះ​អាហារ​ឆៅ ពិសេស​ពួក​សត្វ​ស្លាប ស៊ុត និង​គ្រឿង​សមុទ្រ​និង​ទឹក​របស់​វា អាចមាន​មេរោគ​បង្ក​គ្រោះថ្នាក់ ដែល​វា​អាច​ឆ្លង​ចូលក្នុង ចំណីអាហារ​ផ្សេងទៀត​នៅពេល​រៀបចំ និង​ទុកដាក់​អាហារ​ទាំងនេះ។

ទី៣ ចំអិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ពិសេស​សាច់សត្វ​ស្លាប ស៊ុត និង​គ្រឿង​សមុទ្រ  ចូរ​យក​អាហារ​ដូចជា​ស៊ុប និង​សម្ល​ទៅ​ដាំ​ឲ្យ​ពុះ​ទ្បើង​វិញ និង​បញ្ជាក់​ឲ្យ​ច្បាស់​ថា​វា​ក្តៅ​ដល់៧០អង្សា​សេ។ចំពោះ​សាច់ និង​សត្វ​ស្លាប ត្រូវ​ប្រាកដថា​ទឹករ​សរប​ស់វា​ទ្បើង​ថ្លា មិនមែន​ព៌​ណក្រហមព្រឿងៗនោះទេ(តាមពិត​ត្រូវ​ប្រើ​ស៊ី​តុ​ណ្ហ​មាត្រ ដើម្បី​វាស់​កំដៅ​នេះ)និង​កំដៅ​អាហារ​ដែល​បាន​ឆ្អិន​រួចហើយនោះ ឲ្យ​បាន​ត្រឹមត្រូវ​ទ្បើង​វិញ។

ទី៤ ចូរ​កុំ​ទុក​អាហារ​ឆ្អិន​ស្រាប់ នៅក្នុង​សីតុណ្ហភាព​ធម្មតា​ក្នុង​បន្ទប់​លើសពីរ​ម៉ោង ដាក់​ចំណីអាហារ​ដែល​ងាយ​ស្អុយ ឬ​ខូច និង​អាហារ​ដែល​ចម្អិន​រួច​ទៅក្នុង​ធុង​ទឹកកក ឬ​ទូរ​ទឹកកក​ភ្លាម ក្នុង​កម្រិត​សីតុណ្ហភាព​តិចជាង៥អង្សា​សេ ទុក​អាហារ​ឆ្អិន​ឲ្យ​នៅ​ក្តៅ​ជានិច្ច ក្នុង​កម្រិត​សីតុណ្ហភាព​លើស៦០អង្សា​សេ និង​ចូរ​កុំ​ទុក​ចំណីអាហារ​យូរពេក ទោះបី​ដាក់​ក្នុង​ធុង​ទឹកកក​ឬ​ទូរ​ទឹកកក​ក៏ដោយ ព្រោះ​មេរោគ​អាច​បំបែក​ខ្លួន​យ៉ាង​ឆាប់រហ័ស ប្រសិនជា​អាហារ​ត្រូវបាន​រក្សាទុក​ក្នុង​សីតុណ្ហភាព​ធម្មតា។ការលូតលាស់​របស់​មេ​រោគ អាច​ថយចុះ​ឬ​ត្រូវ​ប​ញ្ឍ​ប់ នៅ​សីតុណ្ហភាព​ក្រោម៥អង្សា​សេ។ មេរោគ​គ្រោះថ្នាក់​មួយចំនួន នៅតែ​អាច​លូតលាស់​បាន​ក្រោម​សីតុណ្ហភាព​ទាប​ជាង៥អង្សា​សេ។

ទី៥ ប្រើប្រាស់​ទឹកស្អាត ឬ​កែច្នៃ​ឲ្យ​មាន​សុវត្ថិភាព​មុននឹង​ប្រើប្រាស់​វា ជ្រើសរើស​អាហារ​ដែល​នៅ​ស្រស់ និង​នៅ​ទាំងមូល ជ្រើសរើស​ចំណីអាហារ​ដែល​រៀបចំ​ដោយ​សុវត្ថិភាព ដូចជា​ទឹកដោះគោ ដែល​បានធ្វើ​ការសម្លាប់​មេរោគ​រួច លាង​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​ល្អ ជាពិសេស​ប្រសិនជា​ត្រូវ​រៀបចំ​ញុំ​ា​ឆៅ និង​កុំ​ប្រើប្រាស់​ចំណីអាហារ​ដែល​ហួស​ថ្ងៃ ខែ ឆ្នាំ​កំណត់ ព្រោះ​វត្ថុធាតុដើម​ឆៅ មានទឹក និង​ទឹកកក​អាច​ចម្លង​មេរោគ និង​សារ​ធាតុគីមី​គ្រោះថ្នាក់។ សារធាតុ​គីមី​ពុល អាច​កើតមាន​ក្នុង​អាហារ​ខូច​ឬ​រលួយ។ ចូរ​យកចិត្តទុកដាក់​ក្នុងការ​ជ្រើសរើស​ចំ ណី​អាហារ​ឆៅ និង​អនុវត្ត​វិធានការណ៍​អនាម័យ​សាមញ្ញ ដូចជា​ការលាង​សំអាត ការ​ចិត​សំបក អាច​កាត់បន្ថយ​ការប្រឈមមុខ​នឹង​គ្រោះថ្នាក់​បាន៕

ធនាគារពិភពលោក​មា​ន​សុទិដ្ឋិនិយម​ខ្ពស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ និង​ឆ្នាំ២០២២ខាងមុខ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ចុងក្រោយ របស់​ធនាគារ​ពិភព (World Bank) បានឱ្យដឹងថា ទូទាំង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក សន្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច នៅតែមាន​ភាពខុសគ្នា​ខ្លាំង​នៅឡើយ ជាង​មួយឆ្នាំ​ក្រោយពី​មានការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ខណៈ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា នឹង​កម្រើក​ឡើងវិញ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

ស្ថាប័ន​អន្តរជាតិ​លំដាប់​ពិភពលោក​នេះ បាន​ព្យាករណ៍​ផងដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​នៅ​រក្សា​កំណើន៤ភាគរយ​នៅ​ឆ្នាំនេះ ដូច​ការព្យាករណ៍​រប​ស់​ខ្លួន​កាលពី​ចុង​ឆ្នាំមុន​ផងដែរ។

សេដ្ឋកិច្ច​កម្ពុ​ជាំ​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ឡើងវិញ​ក្នុង​រង្វង់៤ភាគរយ​ក្នុង​ឆ្នាំ២០២១នេះ ហើយនឹង​បន្ត​រីកលូត​លាស់​បាន​ប្រមាណ៥,២ភាគរយ ក្នុង​ឆ្នាំ២០២។ នេះ​បើ​យោងតាម​របាយការណ៍ បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក របស់​ធនាគារ​ពិភព​ចេញផ្សាយ​នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។

ធនាគារពិភពលោក​បាន​ឱ្យដឹងថា កម្ពុជា​ស្ថិតនៅ​គឺជា​ប្រទេសមួយ ស្ថិត​ចំណោម​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ឡើងវិញ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

លោកស្រី វិក​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​និយាយថា  វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ការ​រាតត្បាត​វីរុស​កូ​វីដ១៩នេះ បាន​បង្អាក់​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​បង្កើន​វិសមភាព​វិញ។

លោកស្រី​បាន​ថ្លែងបន្តថា “ក្នុង​គ្រា​ដែល​ប្រទេស​នានា​ចាប់ផ្តើម​ងើបឡើង​វិញ នៅ​ឆ្នាំ២០២១ គេ​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ការពារ​ប្រជាជន​ងាយ​រងគ្រោះ និង​ធានាឱ្យមាន​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​ដែលមាន​បរិ​យាប​ន្ន, មាន​ភាព​បៃតង និង​ភាព​ធន់។

លោក​អា​ឌី​ត្យា ម៉ា​ទូ​ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​កបាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា “ជាងពេលណាៗទាំងអស់ យើង​ត្រូវការ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ទប់ទល់​ជំងឺ​នេះ គាំទ្រ​សេដ្ឋកិច្ច និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​ភាព​បៃតង។

លោក​បាន​ថ្លែង​ទៀតថា “ប្រទេស​ចិន​អាច​ដើរតួនាទី​នេះ​យ៉ាងសំខាន់ ដោយ​នាំចេញ​ផលិតផល​វេជ្ជសាស្ត្រ​បន្ថែមទៀត បង្កើន​ការប្រើប្រាស់​របស់ខ្លួន និង​ចាត់វិធានការ​អាកាសធាតុ​ឱ្យ​កាន់តែ​ខ្លាំងក្លា។ លោក​បន្តថា “មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​ចិន​ក៏​នឹង​បាន​អត្ថប្រយោជន៍​ពី​ពិភពលោក​មួយ ដែល​កាន់​តែមាន​សុវត្ថិភាព និង​កំណើន​ប្រកបដោយ​តុល្យភាព​ផងដែរ” ៕

ក្រុមហ៊ុន SUNDOOR កំពុង​រួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​តាម​រយៈ​ការប្រើប្រាស់​វត្ថុធាតុដើម​កកើត​ឡើងវិញ  

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាមួយ​ការប្រើប្រាស់​វត្ថុធាតុដើម​កកើត​ឡើងវិញ ក្រុមហ៊ុន SUNDOOR កំពុង​រូ​ម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដោយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​លើក​កំពស់​គុណភាព​ជីវិត​ឲ្យ​កាន់តែ​ប្រសើរឡើង។

ផ្តើមចេញពី​ការគិតគូរ​ជា​ចម្បង​លើ​គុណភាព ប្រណីតភាព ក្រុមហ៊ុន SUN DOOR ឯកទេស​ខ្ពស់​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​ប្រភេទ​ទ្វារ PVC និង​ពិ​ដាន​បែប​ទាន់សម័យ​បាន និង​កំពុងផ្តល់​សេវាកម្ម​របស់ខ្លួន​លឿន​រហ័ស និង​មាន​គុណភាព​ខ្ពស់។

ក្រុមហ៊ុន SUNDOOR ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់​ក្នុង​ការផលិត​ពិ​ដាន និង​ទ្វារ​ប្រភេទ PVC សម្រាប់​ដាក់​បន្ទប់​គេង ខុន​ដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមាន​គុណភាព​ល្អ មិន​រីក​រួម មិន​ស្រក អាច​កម្មង់​ទំហំ​ទៅតាម​តម្រូវការ ប្រកបដោយ​គុណភាព សោភ័ណភាព ដែល​កំពុងមាន​ប្រជាប្រិយភាព នៅក្នុង​វិស័យ​សំណង់​កម្ពុជា​នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ទ្វារ ពិ​ដាន SUNDOOR មាន​ក្រុម​អ្នកជំនាញ សមត្ថភាព និង​ភាពម៉ឺងម៉ាត់ ដោយមាន​ការត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ចូលប្រឡូក ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា ដែលជា​ស្ថាប័នធំៗមាន​ស្រាប់។ ក្រុមហ៊ុន​មាន​ក្ដី​រំពឹង និង​ជឿជាក់​យ៉ាងច្បាស់​ក្នុង​កិច្ចដំណើរការ​របស់ខ្លួន ដែល​នឹង​ឈានទៅរក​ភាពជោគជ័យ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

ក្រុមហ៊ុន​នេះ​កំពុង​ប្រើប្រាស់​វត្ថុធាតុដើម ដែល​កកើត​ឡើងវិញ មាន​លក្ខណៈ​សន្សំសំចៃ និង​មិន​បំពុលបរិស្ថាន ដោយបាន​ប្រើប្រាស់​ម៉ាស៊ីនទំនើបៗ នាំ​មកពី​ប្រទេស​ចិន ក្នុង​គោលដៅ​ជម្រុញ​សង្វាក់​ផលិតកម្ម​ល្អ និង​បង្កើត​សោភ័ណភាព គុណភាព​ផលិតផល​របស់ខ្លួន ដើម្បី​ឆ្លើយតប​នឹង​សំណង់​បៃតង ដែល​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ផង និង​កាត់​បន្ថយកំដៅ​ផង ពិសេស​បង្កើត​សោភ័ណភាព​ក្នុង​វិស័យ​សំណង់​ផង។

គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន ក្នុង​រយៈពេល​នេះ គឺ​ចាំបាច់​បំផុត​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ធ្វើយ៉ាងណា​ពង្រីក​វិសាលភាព និង​ចែកចាយ​នៅលើ​ទីផ្សារ​គ្រប់​បណ្តា​ខេត្ត ក្រុង​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ក៏មាន​បេសកកម្ម​ពិសេស ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ពិសេស​ក្រសួងបរិស្ថាន ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាត់បន្ថយ​ការបំពុល​បរិស្ថាន ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ផងដែរ៕