ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ទីផ្សារលំនៅដ្ឋានត្រូវបានរំពឹងថានឹងងើបឡើងវិញយ៉ាងឆាប់រហ័សជាងគេ បើធៀបនឹងផ្នែកផ្សេង នៃវិស័យអចលនទ្រព្យ បន្ទាប់ពីមានការរំខានដោយវិបត្តិកូវីដ១៩ ។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នធា ទីផ្សារលំនៅដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រាក់កម្ចី និងការទូទាត់ពីធនាគារ និងអ្នកអភិវឌ្ឍន៍។
លោកបានថ្លែងថា “យើងរំពឹងថា សកម្មភាពនៃការលក់ នឹងមានភាពប្រសើរឡើងទាំងផ្នែកខុនដូ និងផ្នែកអចលនទ្រព្យជាប់ដី (ផ្ទះ) នៅត្រីមាសទី៣ ឆ្នាំ២០២១ ខណៈ រយៈពេលនៅសល់នៃត្រីមាសទី២ សកម្មភាពទិញលក់ហាក់ ដូចជានៅភាពយឺតនៅឡើយ” ។
ការរំខានពីការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ទំនងជានឹងរុញច្រានការស្ទុះឡើងវិញក្នុងវិស័យអចលនទ្រព្យយឺតផង ដូច្នេះស្ថានភាពទីផ្សារប្រសើរឡើងវិញ គឺពឹងផ្អែកលើល្បឿន និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្កើតសន្ទុះ និងបង្កើនភាពជឿជាក់លើការវិនិយោគអចលនទ្រព្យ។
ទីផ្សារអចលនទ្រព្យកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយ រួមមានកង្វះទំនុកចិត្តរបស់អ្នកទិញ អំឡុងការកើនឡើងនៃភាពមិនច្បាស់លាស់ និងការផ្គត់ផ្គង់លើសតម្រូវការទីផ្សារការងារ ដែលប៉ះពាល់ដល់ចំណូលជួល។
ទោះបីជាយ៉ាងណាក៏ដោយ លោក James Hodge បានឱ្យដឹងថា យើងរំពឹងថា សកម្មភាពទិញលក់នឹងកើនឡើងវិញ ព្រោះកម្មវិធីចាក់វ៉ាក់សាំង នឹងជួយដល់ការគ្រប់គ្រងជំងឺកូវីដ១៩ និងអនុញ្ញាតឱ្យប្រទេសកម្ពុជាបើកព្រំដែន និងបន្ធូរការរឹតត្បិតមួយចំនួន ប៉ុន្តែនៅតែមិនទាន់ដឹងទំហំ នៃការកើនឡើងវិញកម្រិតណានោះទេ។
លោកបានថ្លែងបន្តថា យើងរំពឹងថា ទីផ្សារលំនៅដ្ឋាននឹងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសសម្រាប់វិស័យលំនៅដ្ឋាន(បុរី) បន្ទាប់មកវិស័យខុនដូ។ ទីផ្សារអាគារពាណិជ្ជកម្មទំនងជានឹងធ្លាក់ចុះរយៈពេល ក្នុងរយៈពេលយូរជាងនេះ ប៉ុន្តែក៏អាចមើលឃើញសកម្មភាពប្រសើរឡើង នៅពេលដែលស្ថេរភាព និងកំណើនសេដ្ឋកិច្ចរឹងមាំត្រូវបានធានា។
កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា បានកើនលើសប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន ហើយនឹងក្លាយជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ។
លោក James Hodge បានឱ្យដឹងថា ដៃគូវិនិយោគដែលក្រុមហ៊ុន CBRE បានពិភាក្សាជាមួយ បានសំដែងការកោតសរសើរចំពោះវិធានការ ដែលបានអនុវត្តកន្លងមក ហើយពួកគេមានជំនឿចិត្តថា ការពន្លឿនការចាក់វ៉ាក់សាំងបែបនេះ នឹងជួយឱ្យប្រទេសកម្ពុជាងើបឡើងវិញ ពីវិបត្តិជំងឺរាតត្បាតលឿនជាងប្រទេសប្រកួតប្រជែង៕