អភិបាលខេត្តកោះកុងកំពុងរៀបចំផ្សព្វផ្សាយអនុក្រិតកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ

ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងភូមិសាស្ត្រជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំកាលពីថ្ងៃទី២៩ មិនាកន្លងមក លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះក្នុងភូមិសាស្ត្រខេត្តកោះកុង។ ការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ គឺដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និង ទុកជាដីបម្រុងរបស់ខេត្ត។
លោករស់ វីរ៉ាវុធប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៣០ មិនានេះថា ក្រុមមន្រ្តីសូរិយោដីនៅតាមបណ្តាស្រុកនានា កំពុងចុះវាស់វែងដីគំរបព្រៃឈើ ដើម្បីឆ្វៀលនិងកាត់ចេញតាមអនុក្រិតរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ប៉ុន្តែទំហំដីដែលត្រូវឆ្វៀលចេញនេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយ។

លោកបន្តថា “បន្ទាប់ពីចុះវាស់វែងរួច អាជ្ញាធរនឹងសម្រេចថាត្រូវបន្តអនុវត្តន៍តាម និតិវិធីបែបណាទៀត អាស្រ័យលើការសម្រេចរបស់អភិបាលខេត្តជាក់ស្តែង និងធ្វើឡើងតាមអនុក្រិតដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល”៕

ប្រទេសសឹង្ហបុរីកំពុងសិក្សាសំណើពីក្រុងហុងកុងដែលសុំឱ្យបើកព្រំដែនឡើងវិញ

ដោយៈសុខុម
សិង្ហបុរី: លោក Ong Ye Kung រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសសិង្ហបុរី បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី២៩ មីនា ថា ពេលនេះប្រទេសសិង្ហបុរី កំពុងសិក្សាសំណើពីក្រុងហុងកុង ដែលសុំឱ្យបើកព្រំដែនឡើងវិញប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៣០ មីនា នេះ។

រដ្ឋមន្ត្រីរូបនេះលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “យើងពិតជាសប្បាយចិត្តណាស់ដែលក្រុងហុងកុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គ្រប់គ្រងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានល្អ”។ លោកបន្តថា “យើងទទួលបានសំណើមួយពីក្រុងហុងកុង ដែលសុំឱ្យបើកព្រំដែនឡើងវិញប្រកបដោយសុវត្ថិភាព។ យើងកំពុងសិក្សាសំណើនេះ ហើយនឹងឆ្លើយតបទៅក្រុងហុងកុងក្នុងពេលឆាប់ៗនេះ”។

លោក Edward Yau រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងហុងកុង បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃច័ន្ទ នេះថា មានលក្ខខណ្ឌ២សម្រាប់ការចាប់ផ្តើមឡើងវិញនូវ “ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” (Air Travel Corridor) ជាមួយប្រទេសសិង្ហបុរី។
លក្ខខណ្ឌទាំងនេះ រួមបញ្ចូលទាំងការធ្វើតេស្តរកវីរុសកូវីដ-១៩ផងដែរ ទាំងមុនពេលចេញដំណើរ និងក្រោយពេលមកដល់ផងដែរ។

ប្រទេសសិង្ហបុរី និងក្រុងហុងកុង គ្រោងបើក”ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកពេលវិញ ក្រោយពីករណីឆ្លងវីរុសកូវីដ-១៩ នៅក្រុងហុងកុងកើនឡើងខ្លាំង។ គម្រោងបើក “ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” នេះត្រូវបានលើកពេលមកធ្វើនៅក្នុងឆ្នាំ២០២១ នេះដែលកាលវិភាគចាប់ផ្ដើមជាក់លាក់មិនទាន់កំណត់នៅឡើយ។

ក្រោមកិច្ចព្រមព្រៀង “ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” នេះអ្នកដំណើរដែលធ្វើដំណើរទៅមករវាងប្រទេសសិង្ហបុរី និងក្រុងហុងកុង នឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ ជំនួសឱ្យការធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ហើយក៏គ្មានការរឹតបន្តឹងលើគោលបំណងនៃការធ្វើដំណើរនោះដែរ។

អាជ្ញាធរក្រុងហុងកុង ក៏បានប្រកាសនៅថ្ងៃច័ន្ទ នេះដែរថា ក្រុងហុងកុង នឹងបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន នៅក្នុងវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅពេលដែលចំនួនអ្នកឆ្លងក្នុងស្រុកធ្លាក់ចុះខ្លាំង ក្រោយពីផ្ទុះការឆ្លងខ្លាំងនៅដើមខែនេះដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ធ្វើចត្តាឡីស័ក។

ការធ្វើចត្តាឡីស័ក សម្រាប់ការធ្វើដំណើរមកដល់ពីប្រទេសនានា ដែលគេចាត់ទុកថាមានហានិភ័យពីទាប ទៅមធ្យមដូចជាប្រទេសសិង្ហបុរី ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ជាដើមក៏នឹងត្រូវកាត់បន្ថយពី២១ថ្ងៃ មកនៅត្រឹម១៤ថ្ងៃវិញផងដែរ៕

ការសិក្សាលើផលប៉ះពាល់គម្រោងស្តារព្រលានយន្តហោះខេត្តបាត់ដំបងកំពុងជួបបញ្ហា

ដោយ ៖ រ៉ាណេត
បាត់ដំបងៈ គម្រោងសិក្សាលើការស្តារ និងធ្វើឱ្យប្រសើរឡើងវិញនូវព្រលានយន្តហោះខ្នាតតំបន់ក្នុងខេត្តបាត់ដំបង កំពុងជួបបញ្ហាដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលកំពុងមានការរីករាលនៅក្នុងប្រទេស ក៏ដូចជា ក្នុងខេត្តបាត់ដំបងដែលធ្វើឱ្យក្រុមមន្ត្រីជំនាញសម្រេចផ្អាកការជួបជុំពិភាក្សាមួយរយៈពេល។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ពាក់ព័ន្ធទៅនឹងគម្រោងស្ដារព្រលានយន្តហោះខ្នាតតំបន់ស្ថិតនៅក្នុងខេត្តបាត់ដំបង រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងរួចហើយ ដើម្បីសិក្សាពីលទ្ធភាពក្នុងកិច្ចអនុវត្ត ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវ ណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

លោកបន្តឱ្យដឹងថា “ដោយសារតែស្ថានភាពនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍បានធ្វើឱ្យដំណើរការនៃការសិក្សា ពីផលប៉ះពាលគម្រោងត្រូវបានផ្អាកមួយរយៈពេលសិន រង់ចាំងស្ថានភាពស្ងប់ស្ងាត់បន្តិច ទើបចាប់អនុវត្តបន្ត”។ លោកបញ្ជាក់ថា “នេះមិនមែនជាការពន្យា លើគម្រោងស្តារព្រលានយន្តហោះនេះទេ គម្រោងនៅតែដំណើរការដដែលទេ ប៉ុន្តែសម័យកាលនៃការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍នេះ យើងមិនអាចជួបប្រជុំគ្នាបាន”។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានថ្លែងថា អាកាសយានដ្ឋានខេត្តបាត់ដំបង នៅពេលបច្ចុប្បន្ននេះ គឺជាប្រភេទអាកាសយានដ្ឋានក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម ដែលត្រូវតែពិនិត្យដើម្បីស្ដារ និងកែលម្អរឡើងវិញ ដោយបានប្រគល់ការងារឱ្យក្រុមមន្ត្រីជំនាញ សិក្សាលម្អិត ថាតើត្រូវកែលម្អរ និងអភិវឌ្ឍន៍អាកាសយានដ្ឋានមួយនេះរបៀបណា។

លោកបញ្ជាក់ថា “ជាជំហានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត4C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព”។ លោកបន្តថា “បន្ទាប់មកទៀត យើងបានពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្របទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី”។

ព្រលានយន្តហោះខេត្តបាត់ដំបង បានផ្តើមបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ក្រោយរបបខ្មែរក្រហមឡើងកាន់កាប់អំណាច។ បន្ទាប់ពីរបបនេះបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ហើយក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះ ត្រូវបិទដំណើរការរហូតបច្ចុប្បន្ន៕

កម្ពុជាទាក់ទាញទុនវិនិយោគ១៣ពាន់លានដុល្លារលើវិស័យកម្មន្តសាល

ដោយ: គង់ សូរិយា
ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា បានទាក់ទាញទុនវិនិយោគលើទឹកប្រាក់រហូតដល់១៣ពាន់លានដុល្លារអាមេរិក លើផ្នែកកម្មន្តសាល ក្នុងនោះវិស័យឧស្សាហកម្មធំៗចំនួន៥ទទួលបានការវិនិយោគខ្ពស់ជាងវិស័យផ្សេងៗ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២១ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ការវិនិយោគលើផ្នែកកម្មន្តសាលមានទំហំទឹកប្រាក់ប្រមាណ១៣,៥៥៤លានដុល្លារ ក្នុងនោះការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មានទំហំទឹកប្រាក់ជាង៣៣០០លានដុល្លារ វិស័យម្ហូបអាហារជាង១ ៦០០លានដុល្លារ។ កៅស៊ូនិងប្លាស្ទិកជាង១៣០០លានដុល្លារ ផលិតផលពីរ៉ែលោហៈជាង១ ២០០លានដុល្លារ ភេសជ្ជៈជាង១២០០លានដុល្លារ និងផលិតផលស្បែកសរុបប្រមាណ១០០០លានដុល្លារ។

ក្រៅពីការវិនិយោគវិស័យធំៗខាងលើ វិស័យកម្មន្តសាលនេះ កម្ពុជាទទួលបានការវិនិយោគ លើវិស័យមួយចំនួនផ្សេងៗទៀតជិត ២០ប្រភេទផងដែរដូចជា គ្រឿងបរិក្ខាអគ្គិសនី គ្រឿងម៉ាស៊ីន ក្រដាស លោហៈធាតុមូលដ្ឋាន ប្រេងកាត បរិក្ខាដឹកជញ្ជូន វាយនភណ្ឌ ថ្នាំជក់ គ្រឿងសង្ហារឹម និងលើវិស័យផ្សេងៗទៀត។

ដោយឡែក ទាក់ទិនតម្លៃបរិមាណនៃការនាំចេញ លើផ្នែកកម្មន្តសាលនៅឆ្នាំ២០២០ឯណេះវិញ កម្ពុជាបាននាំចេញសម្លៀកបំពាក់ មានទំហំទឹកប្រាក់ប្រមាណជាង ៣ ០០០លានដុល្លារ, ស្បែកនិងផលិតផលធ្វើពីស្បែកជាង១២០០លានដុល្លារ បរិក្ខាអគ្គិសនីជាង៤៨២លានដុល្លារ បរិក្ខាដឹកជញ្ជូនជាង៣៧៣លានដុល្លារ ម្ហូបអាហារជាង ២៤១លានដុល្លារ កៅស៊ូនិងប្លាស្ទិកជាង១៧១លានដុល្លារ និងការនាំចេញវិស័យផ្សេងៗទៀត សរុបជាទឹកប្រាក់មានទំហំជាង៦៣៧៣លានដុល្លា៕

ការដាក់ចេញនូវយុទ្ឋសាស្រ្តបង្កើនល្បឿននៃការចាក់វ៉ាក់សាំងរបស់សម្តេចតេជោត្រូវបានអ្នកជំនាញថានឹងធ្វើឲ្យស្ថានភាពកូវីដវិលមករកភាពប្រក្រតីលឿន

          ដោយស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាថ្លែងថា យុទ្ឋសាស្រ្តនៃការបង្កើនល្បឿនលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើឲ្យស្ថានភាពជំងឺកូវីដវិលមករកភាពប្រក្រតីលឿន ហើយព្រឹត្តិការណ៍២០កុម្ភៈនឹងបញ្ចប់លឿន។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២៩ មិនាកន្លងមកបានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ១លានដូសក្នុងរយៈពេលមួយខែ។

សម្តេចតេជោបានបញ្ជាក់ដូច្នេះថា យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣០ មិនានេះថា យើងគាំទ្រនូវយុទ្ឋសាស្រ្តរបស់សម្តេចប្រមុខរដ្ឋាភិបាល ដែលពន្លឿនល្បឿននៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ឲ្យបាន១លានដូសក្នុងមួយខែ ប៉ុន្តែយ៉ាងណាក៏ោដោយប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍នូវការណែនាំ ៣កុំ និងបីការពារ។

លោកឧកញ៉ាបានបន្តថា “ប្រសិនជាកម្ពុជាទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងចាក់ជូនប្រជាពលរដ្ឋបាន១លានដូស តាមអ្វីដែលជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល យើងនឹងឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបានលឿន”។លោកបន្តថា “ស្ថានភាពជំងឺកូវីដនឹងវិលមករកភាពប្រក្រតី ហើយសេដ្ឋកិច្ចយើងនឹងវិលមករកភាពល្អប្រសើរឡើងវិញ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងក៏បានស្នើក្រសួងពាក់ព័ន្ឋដាក់ពិន័យឲ្យបានធ្ងន់ធ្ងរលើអ្នកជាប់ចត្តាឡីស័កហើយ និងពិន័យអ្នកគេចវេសមិនធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់និងគ្រប់គ្រងបញ្ហានេះបានមានប្រសិទ្ឋភាព។

ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា លោកពិតជាគាំទ្រប្រសាសន៍និងការដាក់ចេញយុទ្ឋសាស្រ្ត​របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ព្រោះបើយើងអាចចាក់វ៉ាក់សាំងបានគ្របដណ្តប់ប្រជាជនភាគច្រើន យើងនឹងអាចទប់ស្កាត់ និងកាត់បន្ថយការឆ្លងជំងឺនេះក្នុងសហគមន៍បានលឿន ហេតុនេះ ការចាក់វ៉ាក់សាំងបាន១លានដូសស្មើមនុស្សកន្លះលាននាក់ ក្នុងមួយខែពិតជាមានភាពប្រសើរណាស់។

ជាមួយគ្នានេះ លោកបានស្នើសុំរដ្ឋាភិបាលគួរពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ឋ​QR Codeលើអ្នកពាក់ព័ន្ឋ អ្នកធ្លាប់កើតជំងឺនេះ ដើម្បីធ្វើឲ្យប្រាកដថា អ្នកពាក់ព័ន្ឋនឹងព្រឹត្តិការណ៍នេះ ស្ថិតក្រោមការគ្រប់គ្រងបានច្បាស់លាស់។

លើសពីនេះកាលពីថ្ងៃម្សិលម៉ិញ សម្តេចតេជោ ក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យ ដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅ ក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ ដើម្បីជួយការងារចាក់វ៉ាក់សាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដោយស្វែងរកកិច្ចសហការជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណា​ក់ជាដើម។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ទទួលបន្ទុកចំណាយលើការធ្វើដំណើរ និងហូបចុក។

ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឡើងក្រោយពេលកម្ពុជា ទិញបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ១.៥លានដូស ដែលដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។ នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន​៕

តំបន់ដីឡូត៍ចាប់ផ្ដើមផ្លាស់ប្តូរនិន្នាការអភិវឌ្ឍន៍ដោយកំពុងប្រែក្លាយជាបុរីបណ្ដើរៗ

ដោយៈលក្ខិណា
ភ្នំពេញៈ តំបន់ដីឡូត៍កាលពីប៉ុន្មានឆ្នាំមុន និងបច្ចុប្បន្ននេះ បាននិងកំពុងកែប្រែដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ បានចាប់ផ្ដើមអភិវឌ្ឍជាសំណង់បុរីបណ្ដើរៗហើយ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយរាជធានី។

លោកចេ សុន អ្នកអភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋានមួយរូបនៅតំបន់ជាយរាជធានីភ្នំពេញបានឱ្យដឹងថាបច្ចុប្បន្ននេះ តំបន់ដែលពីមុនជាដីឡូ៍បានកែប្រែ ទៅជាតំបន់លំនៅឋានបណ្ដើរៗហើយ ជាពិសេសតំបន់ជុំវិញរមណីយដ្ឋានភ្នំពេញរាជ្យទ្រព្យ គេឃើញមានការអភិវឌ្ឍជាបុរីលំនៅឋានជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការពលរដ្ឋ ។

លោកបន្តថា “ពេលនេះភ្នំឧត្តុង្គ មិនមែនជាតំបន់ដែលឆ្លាយពីភ្នំពេញទៀតឡើយ ព្រោះពីភ្នំពេញ ទៅភ្នំឧត្តុង្គមានផ្លូវស្រួល ខ្វាត់ខ្វែង ធ្វើដំណើរមិនយូរដូចមុនទៀតឡើយ”។ លោកបន្តថា “បូករួមនឹងសក្ដានុពលរមណីយដ្ឋានភ្នំឧត្តុង្គ ឬភ្នំព្រះរាជ្យទ្រព្យ កាន់តែទាក់ទាញភ្ញៀវទេសចរ ទៅសម្រាកលំហែនៅថ្ងៃឈប់សម្រាកទៀតនោះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមអភិវឌ្ឍលំនៅឋាននៅតំបន់ជុំវិញនោះ ជាពិសេសនៅក្នុងស្រុកពញ្ញាឮ នៃខេត្តកណ្ដាល និងជំរុញឱ្យសក្ដានុពលនៃវិស័យដីឡូត៍នៅតំបន់នោះ កាន់តែមានការចាប់អារម្មណ៍ ពីសំណាក់ពលរដ្ឋបើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ១៩ក្ដី”។

លោកបន្ថែមថា មិនយូរប៉ុន្មាន សក្ដានុពលអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅជុំវិញភ្នំព្រះរាជ្យទ្រព្យ នឹងកាន់តែមានសន្ទុះ នៅពេលវិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយចប់ ហើយពលរដ្ឋដែលត្រូការដីសម្រាប់សង់លំនៅឋាន និងអ្នកត្រូវការលំនៅឋានស្រាប់នឹងចាប់ផ្ដើមសម្លឹងមើលតំបន់ណា ដែលមានសក្ដានុពល សម្រាប់ការតាំងទីលំនៅ។

លោកបញ្ជាក់ថា បើទោះបីជាពេលនេះ កម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ក្ដី តែការទិញលក់ដីឡូត៍ នៅតំបន់ជុំវិញភ្នំព្រះរាជ្យទ្រព្យ ជាពិសេសនៅក្នុងស្រុកពញ្ញាឮនៃខេត្តកណ្ដាល នឹងទទួលបានសកម្មភាពទិញលក់ជាបន្តបន្ទាប់ ហើយតម្លៃវិញក៏មិនមានការធ្លាក់ចុះនោះដែរ ជាក់ស្ដែងទីផ្សារដីឡូត៏ចន្លោះពី៧៨០០ដុល្លារ ទៅ១២០០០ដុល្លារអាមេរិកក្នុងមួយឡូត៍។
លោកបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia បានថ្លែងថា ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែមានការរីកសាយទៅកាន់តំបន់ជាយៗក្រុង ដោយសារកត្តាតម្លៃដីនៅតំបន់ជាយក្រុងនៅមានកម្រិតនៅឡើយ ហើយអ្នកដែលមានជីវភាពក្រោមមធ្យម ឬមធ្យម ដែលចង់បានផ្ទះឬបានដីសម្រាប់សង់ផ្ទះ ត្រូវការទៅរកតំបន់ណាដែលនៅជាយក្រុង ព្រោះពួកគេមិនអាចទិញដីនៅតំបន់កណ្ដាលក្រុងបានឡើយ ។

ដោយឡែកលោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ មានភ្លើងអ្នកវិនិយោគ នឹងទៅកាន់ទីនោះដើម្បីអភិវឌ្ឍ ហើយពលរដ្ឋជាអ្នកទិញអចលនទ្រព្យ ក៏ត្រូវការតំបន់ណា ដែលងាយស្រួលក្នុងការរស់នៅ ប្រកបអាជីវកម្ម និងងាយស្រួលក្នុងការចេញរាជធានីភ្នំពេញ៕

ក្រុមហ៊ុនថៃទទួលបានសិទ្ឋលើគម្រោងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យថ្មីមួយ នៅក្នុងខេត្តកំពងឆ្នាំង

ដោយៈ រ៉ាណេត
កំពង់ឆ្នាំងៈ គម្រោងសាសង់រោងចក្រផលិតកអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង៤០មេហ្គាវ៉ាត់ ស្ថិតនៅឧទ្យានថាមពលព្រះអាទិត្យជាតិ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានទៅលើក្រុមហ៊ុនជំនាញការរបស់ថៃ បន្ទាប់ពីដាក់ដេញថ្លៃជាសាធារណៈនៅដើមសប្ដាហ៍នេះ។

លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពលនៅក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ដំណើរការដេញថ្លៃត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែក្រោយ បន្ទាប់ពីការដេញថ្លៃក្នុងតំណាក់កាលដំបូងនេះ បានទៅលើក្រុមហ៊ុនជំនាញរបស់ថៃ។ អ្នកឈ្នះគម្រោងថាមពលពន្លឺព្រះអាទិត្យ នឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

គម្រោងថាមពលព្រះអាទិត្យ៤០មេហ្គាវ៉ាត់ ជាគំរោងដំណាក់កាលទី២ នៃឧទ្យានថាមពលព្រះអាទិត្យជាតិកម្ពុជា ហើយវានឹងនាំមកនូវថាមពលកើនឡើងដល់១០០មេហ្គាវ៉ាត់នៅពេលគម្រោងទាំងអស់ត្រូវបានបញ្ចប់។ ដោយឡែកគម្រោង៦០មេហ្កាវ៉ាត់ គឺជាផ្នែកមួយនៃឧទ្យានពន្លឺព្រះអាទិត្យជាតិ១០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវបានរៀបចំឡើងជាដៃគូភាពឯកជន-សាធារណៈ។

ទីតាំងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ៤០មេហ្គាវ៉ាត់ថ្មីនេះ ស្ថិតនៅទីតាំងតែមួយនៃស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ៦០មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Prime Road Power នៅខេត្តកំពង់ឆ្នាំង។ ការដេញថ្លៃដំណាក់កាលទី១ បានបញ្ចប់ដោយការដេញថ្លៃទាបបំផុតរបស់ Prime Road Option ក្នុងតម្លៃ ០,៣៨៧៧ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង៕

ឧកញ៉ាលឹម ហេងៈលំហូរពាណិជ្ជកម្មកម្ពុជាមិនរងផលប៉ះពាល់ដោយសារវិបត្តិ កូវីដនោះទេ

ដោយៈគង់ សូរិយា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា លំហូរពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩នោះទេ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មិនានេះថា ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក អឺរ៉ុប មិនរងផលប៉ះពាល់នោះទេ ដោយលំហូរទំនិញនៅតែបន្តកើនឡើង ហើយនឹងកើនឡើងជាមួយប្រទេសវៀតណាមផលដែរ ដោយសាររដ្ឋាភិបាលវៀតណាម បានអនុគ្រោះពន្ឋលើទំនិញចំនួន៣១មុខ ដោយរួចពន្ឋពីកម្ពុជា។

លោកឧកញ៉ាបន្តថា “ទោះជាយ៉ាងណាការនាំចេញទៅជប៉ុន បានធ្លាក់ចុះមួយចំនួន ប៉ុន្តែយើងរំពឹងអ្វីៗវិលមករកភាពប្រសើរឡើងវិញ ក្រោយបញ្ចប់វិបត្តិកូវីដ១៩”។លោកឧកញ៉ាបានបន្តថា “ស្ថានភាពពាណិជ្ជកម្មនាពេលនេះនៅតែល្អប្រសើរ ហើយបើប៉ះពាល់ក៏មិនមានកម្រិតធ្ងន់ធ្ងរនោះដែរ”។

ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម យើងឃើញថា ការនាំចេញផលិតផលកសិកម្មនៅតែបន្តកើនឡើង ប៉ុន្តែការនាំចេញកង់់ និងផលិតផលមួយចំនួនទៀតមានការថយចុះ ប៉ុន្តែមិនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនោះទេ។

លោកបន្តថា “ប្រសិនបើកម្ពុជាអាចចាក់វ៉ាក់សាំងបាន១លានដូសក្នុង១ខែ តាមប្រសាសន៍របស់សម្តេចតេជោ នឹងជួយធ្វើឲ្យស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា វិលមករកភាពប្រសើរឡើងវិញ ហើយសេដ្ឋកិច្ចកម្ពុជានឹងឆាប់វិលមករកភាពប្រក្រតីផងដែរ”។លោកបន្តថា “យើងមិនរំពឹងសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់នោះទេ ការសម្រេចបានត្រឹម៤ភាគរយវាជាការប្រសើរណាស់សម្រាប់ឆ្នាំនេះ”៕

ពន្ធដារដាក់ចេញសៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” ដើម្បីបញ្រ្ជាបការបង់ពន្ឋដល់សាធារណៈជន

ដោយៈ ប៊ី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញសៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ជំនួយស្មារតីបន្ថែមក្នុងការបញ្ជា្របវប្បធម៌បង់ពន្ធ និងបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា លើអចលនទ្រព្យឱ្យបានត្រឹមត្រូវ។

សៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ឬហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” ត្រូវបានរៀបរៀងឡើងអនុលោមតាមមាត្រា៩៦ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងជូនសាធារណជន និងអ្នកជាប់ពន្ធឱ្យបានយល់ដឹង កាន់តែទូលំទូលាយអំពីទិដ្ឋភាពច្បាប់ បទ ប្បញ្ញត្តិនានា និងនីតិវិធីនៃការបង់ពន្ធ។

សៀវភៅណែនាំនេះ នឹងក្លាយជាជំនួយស្មារតីបន្ថែមទៀត ក្នុងការបញ្ជា្របវប្បធម៌បង់ពន្ធ និងបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យឱ្យបានត្រឹមត្រូវ។
មាតិកានៃសៀវភៅនេះ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំង ជាពិសេសដើម្បីបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធនឹងពន្ធនេះ ដោយត្រូវបានបែងចែកជា៥ផ្នែកសំខាន់ៗដូចជា៖ ផ្នែកទី១ បង្ហាញអំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិនានា ដោយដកស្រង់នូវពាក្យគន្លឹះ និងខ្លឹមសារសំខាន់ៗមកធ្វើការពន្យល់បន្ថែម ឱ្យកាន់តែងាយយល់។

ផ្នែកទី២ ផ្តោតទៅលើអត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ រួមផ្សំនឹងឧទាហរណ៏ចំពោះករណីផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ផ្សេងៗផងដែរ។ ផ្នែកទី៣ បង្ហាញអំពីកាតព្វកិច្ចអ្នកជាប់ពន្ធនិងនីតិវិធី សារពើពន្ធនៃការដាក់ពាក្យស្នើសុំបង់ ពន្ធប្រថាប់ត្រា។

ដោយឡែក ទោសទណ្ឌ និងសិទ្ធិក្នុងការរតវ៉ារបស់អ្នកជាប់ពន្ធក៏ត្រូវបានរំលេចនៅផ្នែកទី៤ ហើយផ្នែកបញ្ចប់បង្ហាញ អំពីសេវាអ្នកជាប់ពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានានាជូនអ្នកជាប់ពន្ធ និងព័ត៌មានបន្ថែមសម្រាប់អ្នកជាប់ពន្ធធ្វើការទំនាក់ទំនងករណីមានចម្ងល់បន្ថែម។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ដែលហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” គឺជាផ្នែកមួយនៃពន្ធប្រថាប់ត្រា ដែលបានបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រា និងបានប្រកាសឱ្យប្រើ ដោយក្រឹត្យលេខ ២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩២។

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជាការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុង ក្រុមហ៊ុន ) ដែលស្ថិតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ទោះបីជា អចលនទ្រព្យ នោះបានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីរួចរាល់ក្ដី (មានប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង) ឬ ពុំបានចុះបញ្ជីក្តី (ប័ណ្ណកម្មសិទ្ធិ ឬ ប្លង់ទន់)។ ចុះបញ្ជីក្ដី (គ្មាន ។
ពន្ធនេះ ត្រូវបានប្រមូលជាគុណប្រយោជន៍ដល់ថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕

តម្លៃខុនដូនាពេលបច្ចុប្បន្នបង្កភាពងាយស្រួលដល់ការវិនិយោគសម្រាប់ ផលចំណេញនាអនាគត

ដោយៈ ប៊ី
ភ្នំពេញៈ តម្លៃខុនដូនៅកណ្តាលក្រុងភ្នំពេញ មានភាពស្រដៀងគ្នានឹងតម្លៃផ្ទះនៅតំបន់ជាយក្រុង នាពេលបចុប្បន្ន ដែលបង្កភាពងាយស្រួលដល់ការវិនិយោគ សម្រាប់ផលចំណេញនាពេលអចលនទ្រព្យ។ នេះបើយោងតាមលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យអន្តរជាតិ។

លោកស្រីអាន សុធីតាអគ្គនាយិកា CBRE Cambodia បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា ទីផ្សារខុនដូ ត្រូវបានគេចាត់ថ្នាក់ជាផ្នែកលំនៅ ដ្ឋាន នៃវិស័យអចលនទ្រព្យ ដូច្នេះចំពោះផ្នែកលំនៅដ្ឋាន គឺមិនសូវជាមានការប៉ះពាល់ជាមួយកូវីដ១៩នេះទេ ប្រសិនបើប្រៀបធៀបជាមួយវិស័យផ្សេងៗ ដូចជាវិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) និងវិស័យទីផ្សារលក់រាយ ក៏ប៉ុន្ដែវាក៏នៅតែទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។
លោកស្រីបន្ថែមថា “នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារខុនដូមានការផ្ដោតទាំងស្រុង ទៅលើភ្ញៀវនៅក្នុងស្រុក ហើយទីផ្សារខុនដូមានការរីកចម្រើនលូតលាស់ ដោយសារអ្នកវិនិយោគក្នុងស្រុក មានបរិបទវិនិយោគដោយមើលឃើញពីកត្តា ដូចជា មានទីតាំងនៅកណ្ដាលក្រុង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងតម្លៃក៏មានភាពសមរម្យ បើប្រៀបធៀបនឹងតម្លៃផ្ទះ នៅតំបន់ជាយក្រុង”។

ជាមួយគ្នានេះ លោកស្រីបញ្ជាក់ថា បើប្រៀបធៀបពីមុន ជាមួយនឹងព្រឹត្តិការណ៍២០កុម្ភៈ ឃើញថា ព្រឹត្តិការណ៍២០កុម្ភៈ ជះឥទ្ធិពលខ្លាំងមកលើវិស័យអចលនទ្រព្យ និង ទីផ្សារខុនដូក្នុងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ការលក់មានការធ្លាក់ចុះ ចំពោះការលក់លើគម្រោងដែលរួចរាល់ ហើយការធ្លាក់ចុះខ្លាំងជាងនេះ ទៅលើការលក់គម្រោងថ្មីៗផងដែរ។

បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ មានការរីករាលដាលក៏ពិតមែន ចំពោះលោកស្រីមានការជឿជាក់ថា វ៉ាក់សាំងត្រូវបានចាក់ជាបណ្ដើរៗ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាលប្រទេសផ្សេងទៀត ដូច្នេះទាំងអស់គ្នានឹងវិវត្តទៅរកភាពល្អប្រសើរឆាប់ៗ នៅរយៈពេល២ ទៅ៣ខែខាងមុខនេះ។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុERA Cambodiaបានមានប្រសាសន៍ថា ការវិនិយោគខុនដូកំឡុងពេលនេះ អ្នកវិនិយោគទទួលបានផលចំណេញភ្លាមៗរួចទៅហើយ ដោយសារម្ចាស់គម្រោងបានលក់ខុនដូបានលក់បញ្ចុះតម្លៃពិសេស ដែលធ្វើឲ្យអ្នកទិញទទួលបានតម្លៃល្អ ហើយលក់ចេញវិញបានចំណេញច្រើន នៅពេលស្ថានភាពសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ៕