ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រុង​កោះរ៉ុង​កំពុង​ឆ្ពោះទៅមុខ ខណៈ​ព្រលានយន្តហោះ​ខ្នាតតូច​គ្រោង​នឹង​សាងសង់​នាពេលខាងមុខ

ដោយៈ​ឧ​ត្ត​ម

ព្រះសីហនុៈ ព្រលាន​យន្ត​ថ្មី​មួយទៀត នឹង​បង្ហាញខ្លួន​នៅលើ​កោះរ៉ុង ស្ថិតក្នុង​ទីក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដែល​គំរោង​នេះ​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍន៍ ដែល​វិនិយោគ​ដោយ​វិស័យ​ឯកជន។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​អភិវឌ្ឍន៍​ព្រលានយន្ដហោះ​ថ្មី​មួយ​នេះ ស្ថិតនៅក្នុង​ផែនការមេ​របស់​ក្រុមហ៊ុន Royal Group Koh Rong Development របស់​អ្នកឧកញ៉ា​គិត ម៉េង នៅលើ​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

លោក​បន្តថា “គម្រោង​នៃ​ការសាងសង់​ព្រលានយន្តហោះ​នេះ វា​ជា​ផ្នែក​នៃ​គោលដៅ​អភិវឌ្ឍ ដែល​ស្ថិតនៅក្នុង Master Plan នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន Royal Groupប៉ុន្តែ​អ្វី​ដែលជា​អាទិភាព គឺ​ការស្ថាបនា​ផ្លូវ​បេតុង ដែលមាន​ប្រវែង៧០គីឡូម៉ែត្រ និង​ទទឹង៨ម៉ែត្រ។ លោក​បន្តថា “ការស្ថាបនា​ផ្លូវ​នេះ ត្រូវចំ​ណាត​ទំហំ​ទឹកប្រាក់​ប្រមាណ៣៥លាន​ដុល្លារ រួម​ជាមួយនឹង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រណប​គម្រោង​ផ្សេងទៀត ដែល​ត្រូវ​បញ្ចប់​ឱ្យបាន​មុន ហើយ​គម្រោង​ព្រលានយន្តហោះ​ចាប់ផ្តើម​ធ្វើ​បន្ទាប់” ។

លោក​ឃាង ភារ​ម្យ​បាន​បន្តថា ពាក់ព័ន្ធ​ទៅនឹង​គម្រោង នៃ​ការសាងសង់​ព្រលានយន្តហោះ​នេះ​ផងដែរ បច្ចុប្បន្ននេះ​រដ្ឋបាលខេត្ត កំពុង​រង់ចាំ​ការកែសម្រួល Master Plan ពី​ក្រុមហ៊ុន Royal Group Koh Rong Development ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍ ដោយឡែក​សម្រាប់​ទំហំ​ទុន នៃ​ការសាងសង់​ព្រលានយន្តហោះ​សម្រាប់​ការដឹកជញ្ជូន​ក្នុងស្រុក​មួយ​នេះ យើង​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​នោះទេ ហើយក៏​មិនទាន់​ទទួលបាន​ការសម្រេច ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះដែរ។ ដូច្នេះ​គម្រោង​នេះ​នៅ​មិនទាន់បាន​បង្ហាញ​ជា​ផ្លូវការ​ជាក់លាក់​ថា នឹងត្រូវ​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​ទំហំ​ប៉ុន្មាន និង​ចំណាយ​ទុន​ក្នុង​ការសាងសង់​ក្នុង​កម្រិត​ប៉ុណ្ណា​នោះដែរ។

ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ នៅលើ​កោះរ៉ុង​ក្រោម​ការវិនិយោគ ពី​សំណាក់​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង​មួយ​នេះ ជា​គម្រោង​ដ៏​ធំ​លើកដំបូង​នៃ​ការអភិវឌ្ឍ​កោះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​ទីក្រុង​កម្សាន្ត និង​ទេសចរណ៍​លំដាប់​ពិភពលោក ដោយ​ក្នុងនោះ​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ទីលាន​វាយ​កូន​ហ្គោល កាស៊ីណូ តំបន់​រី​ហ្សត ផែបណ្តែត​ទឹក ស្ពាន ប្រភេទ​ផ្ទះ​វីឡា​ភ្ជាប់​ជាមួយ​អាង​ហែល​ទឹក រួមជាមួយ​នឹង​មណ្ឌល​កម្សាន្ត​មួយចំនួនទៀត៕

អ្នកជំនាញ៖ តើ​ភាពរ​រីកចម្រើន​និង​ការអភិវឌ្ឍ​សំណ​ងើខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ ប្រឈម​បញ្ហា​អ្វីខ្លះ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅត្រឹម​រយៈពេល​ជិត២ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​កម្ពុ​ជាមាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាងខ្លាំង ជាពិសេស​បាន​កែប្រែ​តំបន់​ដាច់ស្រយាល តំបន់​ដី​ទំនេរ​ទៅ ជា​បណ្តុំ​សំណង់​អគារ​យ៉ាង​ស្អេកស្កះ។

ប៉ុន្តែ​ជាមួយនឹង​វឌ្ឍនភាព​ទាំងអស់នេះ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​លើកឡើងថា ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​សំណង់​នាពេល​បច្ចុប្បន្ននេះ គឺ​នៅតែ​ប្រឈម​ទៅនឹង​បញ្ហា​នៅឡើយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា CBRE Cambodia លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្នុង  រយៈពេល​ជិត២០ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង ជាមួយនឹង​ការកកើត​នូវ​សំណង់​អាគារ​តូច ធំ​យ៉ាង​ស្អេកស្កះ ជាពិសេស​សំណង់​អគារខ្ពស់ៗ បាន​សាងសង់​ព្រោងព្រាត នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ប្រចាំ​ប្រទេស។

លោកស្រី​បាន​បញ្ជាក់ថា “កាលពី​ប្រមាណ២០ឆ្នាំមុន នៅពេល​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ ហាក់​មិនមាន​អ្នក​ស្គាល់​ច្បាស់​ច្រើន​នោះទេ ហើយ​ចំពោះ​អ្នករកស៊ី​នៅក្នុង​វិស័យនេះ ភាគច្រើន​អ្នកមាន​លុយ គឺមាន​ទិញ​ទុក​សម្រាប់​លក់​បន្ត​តែប៉ុណ្ណោះ ដោយ​មិនមាន​គំនិត ឬ​គម្រោង​អភិវឌ្ឍ​ដី​ទំនេរ​ឱ្យ​លេចចេញ​ជា​សំណង់ សម្រាប់​បម្រើ​ផលប្រយោជន៍​ក្នុង​វិស័យ​ណាមួយ​នោះទេ” ។

លោកស្រី​បន្តថា អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​ខ្លាំង គឺ​ទើបតែ​ប្រមាណ១០មុននេះ ក្រោយពេល​មាន​ក្រុមហ៊ុន​បរទេស​ចូលមក​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដែល​ក្រៅពី​នាំយក​ទុន បច្ចេកទេស និង​ជំនាញ​មកជា​មួយ​នោះ បាន​ជួយផ្តល់​ជា​បទពិសោធន៍​ដល់​អ្នក​ក្នុងស្រុក​ឱ្យមាន​គំនិត និង​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​បន្តិចម្ដងៗដោយ ផ្តើមចេញពី​ការអភិវឌ្ឍ​ផ្នែក​លំនៅដ្ឋាន ក្រោយមក​មាន​ផ្នែក​សណ្ឋាគារ ផ្សារ​សហគមន៍ អគារ​ការិយាល័យ និង​ផ្សារ​ទំនើប​ជា​បន្តបន្ទាប់​រហូតមក​ដល់​សព្វថ្ងៃនេះ។

ជាមួយនឹង​ការលើកឡើង​ពី​ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​ខាងលើនេះ លោកស្រី​អាន សុធី​តា បានលើកឡើង​ផងដែរ​ថា បើទោះជា​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន ដូច​ការមើលឃើញ​នាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​បញ្ហា​និង​ភាព​ប្រឈម​នៅក្នុង​ភាព​រីកចម្រើន​នេះ​នៅតែមាន ដែល​អាច​បង្ក​ជា​បញ្ហា​នៅពេល​អនាគត។

លោកស្រី​បញ្ជាក់ថា សម្រាប់តែ​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​មិនទាន់មាន​ការកំណត់​តំបន់ និង​ទំហំ​នៃ​ការអភិវឌ្ឍ យើង​ឃើញ​មាន​សំណង់​អគារ​តូចធំ ទាប​ខ្ពស់ ហាក់​មាន​ភាព​រប៉ាត់រប៉ាយ​លាយឡំ​គ្នា ដែល​មិនទាន់​មានការ​កំណត់ឱ្យ​បានច្បាស់លាស់​ថា តំបន់​សម្រាប់​អភិវឌ្ឍ​សំណង់​អគារ​ការិយាល័យ​ជួល តំបន់​ណា​ជា​សំណង់​ខុន​ដូ តំបន់​ជា​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពោលគឺ​អាស្រ័យ​តែ​លើ​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ដែល​ចង់បាន​ទីតាំង​ណា​សង់​នៅ​ទីតាំង​នោះបាន ដែល​វា​អាច​នឹង​កើតមាន​ជា​បញ្ហា​នៅ​ថ្ងៃក្រោយ ហើយ​ទាំងអស់នេះ ជា​កំហុស​ដែល​កើតមានឡើង​ពី​អ្នកវិនិយោគ និង​អភិវឌ្ឍន៍ កំហុស​ពី​ក្រុមហ៊ុន​ផ្តល់យោបល់ ក៏ដូចជា​កើតចេញពី​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ផងដែរ​ដោយសារតែ​មិនមាន​ការគ្រប់គ្រង​ច្បាស់លាស់​នៅឡើយ។

លោកស្រី​ថា “នេះ​ជា​បញ្ហា​ធំ​ដែល​យើង​មើលរំលង ប្រសិនបើ​នៅ​តំបន់​មួយ​ដែល​មិនមាន​ការបែងចែក និង​កំណត់​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់ នោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំងនោះ មិនអាច​ទទួលយកបាន​នោះទេ និយាយ​តែ​ការ​ចរាចរណ៍​តែមួយ​មុខ​ក៏​ជា​បញ្ហា ដែល​កើតចេញពី​ការមើលរំលង​បញ្ហា​មួយ​នេះដែរ។លោកស្រី​បន្ថែមថា “ ដូច្នេះ​ត្រូវតែមាន​ការកំណត់​នូវ​ប្រភេទ​សំណង់ កំណត់​នូវ​ទំហំ​នៃ​ការសាងសង់​អាគារ​ឱ្យបាន​ត្រឹមត្រូវ ទើប​មានការ​អភិវឌ្ឍ​រក្សាបាន​នូវ​ភាពល្អប្រសើរ​ជា​និរន្តរភាព” ៕

តើ​ធនាគារពិភពលោក​និយាយ​អ្វីខ្លះ​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំនេះ?

ដោយៈ សាវុធ

ភ្នំពេញៈ ខណៈដែល​សេដ្ឋកិច្ច​របស់​កម្ពុជា បន្ត​រងគ្រោះ​ដោយសារ​ឥទ្ធិពល នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ មាន​សញ្ញា​ជាច្រើន​បង្ហាញថា សកម្មភាព​សេដ្ឋកិច្ច​កំពុង​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ហើយ។

សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​រួញ​ទំហំ​ប្រមាណ​ជាដក២ភាគរយ ក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​ត្រូវបាន​រំពឹងទុក​ថា នឹង​ងើប​ឡើងវិញ​ហើយ​លូតលាស់ បាន​ប្រហែល​ជិត៤ភាគរយ​ក្នុង​ឆ្នាំ២០២១នេះ។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ធនាគារពិភពលោក (World Bank) ។

ដោយ​វិធាន​ការរក្សា​សុវត្ថិភាព​សង្គម មាន​សភាព​ធូរស្រាល​បន្តិច សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក កំពុងតែ​វិល​ទៅរក​ប្រក្រតីភាព​បន្តិចម្តងៗវិញ។ អន្តរាគមន៍​ក្នុង​កម្រិត ដែល​មិន​ធ្លាប់មាន​របស់​រដ្ឋាភិបាល បាន​ជួយ​មួយផ្នែក​ក្នុងការ​ទ្រទ្រង់ ដល់​ផ្នែក​ទទួលទាន​ប្រើប្រាស់​ឱ្យនៅ​ស្ថិតស្ថេរ ហើយ​អតិផរណា​ក៏​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ជាប់​ផងដែរ។

យោងតាម​របាយការណ៍​នេះ លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ទៅក្នុង​គម្រោង​ក្រៅ​ឧស្សាហកម្ម​កាត់ដេរ និង​នៅ​វិស័យ​កសិកម្ម នៅតែ​បន្ត​កើនឡើង ទំនងជា​ដោយសារ​ភាព​ទាក់ទាញ​របស់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា កំពុង​ធ្វើ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់។

ទោះបីជា​ការនាំចេញ​សរុប នៃ​ផលិតផល​កមន្តសាល បាន​រង​ការប៉ះទង្គិច​ពី​ការ​រាតត្បាត​ជំងឺ​នេះ​ក៏ដោយ ក៏​កំណើន​នៅតែ​បន្ត​មាន ក្នុងការ​នាំចេញ​ផលិតផល​រោងចក្រ​ដទៃទៀត មានដូចជា កង់ គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿងបន្លាស់​រថយន្ត និង​គ្រឿងផ្សំ​នានា ហើយ​ការនាំចេញ​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​នៅមាន​សន្ទុះ​ខ្លាំងក្លា។

ជាមួយគ្នានេះ ទេសចរណ៍​ក្នុងស្រុក​បាន​ជួយ​មួយផ្នែក ក្នុងការ​ធ្វើឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការធ្វើដំណើរ កម្រើក​ឡើងវិញ។

រដ្ឋាភិបាល​បានធ្វើ​អន្តរាគមន៍ ក្នុង​ទំហំ​មួយ​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ចំណាយ​ថវិកា​ប្រមាណ៥ភាគរយ​នៃ​ផ.ស.ស ទៅ​ជួយ​គាំពារ​ដល់​ក្រុម​ប្រជាជន ដែល​រង​ការប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ ក្នុងនោះ​ក៏មាន​ផងដែរ នូវ​ការចំណាយ​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល ជំនួយ​ទ្រទ្រង់​ចំណូល​គ្រួសារ ការចាក់​បន្ថែម​ទុន​ទៅក្នុង​សេដ្ឋកិច្ច ការធានា​លើក​ម្ចី ការចំណាយ​លើ​ការអភិវឌ្ឍ និង​ការអនុគ្រោះ​ពន្ធ។

យោងតាម​ការស្ទង់មតិ​តាម​ទូរស័ព្ទ ដែល​ធនាគារពិភពលោក​បានធ្វើ​ពីរដង​រយៈ​កន្លង​ទៅបាន​ឱ្យដឹងថា៖

– ចំនួន​អ្នកផ្តល់​ចម្លើយ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុងពេល​ស្ទង់​មតិ មានការ​ធ្លាក់ចុះ​ពី៨២ភាគរយ នៅមុន​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ មក​នៅត្រឹម៧១ភាគ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ហើយ​តួលេខ​នេះ ហាក់ដូចជា​នៅ​ដដែល​ក្នុង​ខែសីហា ឆ្នាំ២០២០ ។

– ការ​រាតត្បាត​ជំងឺ​នេះ នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ទៅលើ​សកម្មភាព​ធុរកិច្ច ដែល​មិនមែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាព​មួយ ដែល​មិនសូវ​ធ្ងន់ធ្ងរ​ណាស់ណា​ទេ បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​វិបត្តិ​នេះ​បាន​ផ្ទុះឡើងភ្លាម។

– ការបាត់បង់​ចំណូល​នៅតែមាន​ទំហំធំធេង​នៅឡើយ បើទោះជា​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ ក្រោយពី​រដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ថ្មី​មួយ សម្រាប់​ផ្ទេរ​សាច់ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ការស្ទង់មតិ​បានបង្ហាញ​ថា ជិត៩០ភាគរយ​នៃ​ក្រុមគ្រួសារ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា “ជា​អ្នកក្រ” បាន​រាយការណ៍​ថា បានទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែសីហា និង​កញ្ញា។

– ហានិភ័យ​ដែល​កម្ពុជា​ត្រូវ​ប្រឈម​រួមមាន ការផ្ទុះ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍, ការអូសបន្លាយ​នៃ​ការធ្លាក់ចុះ​ភ្ញៀវ​ទេសចរណ៍ ដោយសារតែ​ការឆ្លង​រាតត្បាត​ជា​សាកល​នៅ​រ៉ាំរ៉ៃ ការ​ក្រ​មកដល់​របស់​ថ្នាំ​វ៉ាក់សាំង សម្រាប់​ចាក់ឱ្យ​ពលរដ្ឋ​ទូទៅ និង​ការ​កើន​ភាព​តានតឹង ក្នុង​ផ្នែក​ពាណិជ្ជកម្ម​និង​នយោបាយ​គាំពារ ទូទាំង​សាកលលោក។

ក្នុង​គោលបំណង​ជួយ​កម្ពុជា ឱ្យ​ឆាប់​រើខ្លួន​ចេញពី​ការ​រាតត្បាត​ជំងឺ​នេះ ជា​អនុសាសន៍ របាយការណ៍​បានស្នើ​ឱ្យ៖

– បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ជួយ​ដល់​ជន​ក្រី​ក្រី និង​សម្រាប់​ជំរុញ​កំនើន រួមមាន​ទាំង​កម្មវិធី​បង្កើត​ការងារ​ជា​ថ្នូរ យកប្រាក់​កម្រៃ​ប្រចាំថ្ងៃ (cash-for-work projects) ផង ព្រមទាំង​លើកកម្ពស់​វិស័យ​អតិពលកម្ម​នានា ដើម្បី​បង្កើត​ការងារ​ក្នុងឱកាស​ដែលមាន​ការ​រើប​ឡើងវិញ​ឆាប់រហ័ស ក្នុង​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក។

– សម្រួល​ការពង្រីក​ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ដែល​កើតចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)។

– រៀបចំ​បង្កើតឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ សម្រាប់​វ៉ាក់សាំង​កូ​វី​ឌ១៩ ក៏ដូចជា​ការតាមដាន​ឱ្យបាន​ដិតដល់​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​បង្កដោយ​កំណើន​អូសបន្លាយ​យូរពេក របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ៕

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ បទដ្ឋាន​នៃ​ការសាងសង់​ត្រូវតែ​គិតពីប្រព័ន្ធ​សុវត្ថិភាព

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបញ្ជាក់​យ៉ាងច្បាស់​ថា បទដ្ឋាន​នៃ​ការសាងសង់ ត្រូវតែ​គិតពី​ភាព​វិជ្ជមាន​នៃ​សុវត្ថិភាព​យ៉ាង​ប្រាកដ ហើយ​សំណង់​ដែល​គ្មាន​គុណភាព គួរតែ​ឈប់​មាន​ចាប់​ពេលនេះ​តទៅទៀត។

លោក​ឧបនាយករដ្ឋមន្ត្រី កាលពីពេល​កន្លងទៅថ្មីៗនេះ បាន​អំពាវនាវ​ដល់​ស្ថាបត្យ​ករ និង​វិស្វករ ព្រមទាំង​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ទាំងអស់ ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់ ត្រូវមាន​ការត្រួតពិនិត្យ​លើ​ការ​រចនា និង​ការងារ​សំណង់ ដើម្បី​ជួយ​ធ្វើឱ្យ​វិស័យនេះ​កាន់តែ​រឹងមាំ ទាំង​ផ្នែក​គុណភាព និង​ការកសាង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន។

លោក​បន្តថា “ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន ដែលមាន​គុណវុឌ្ឍិ​ទាំងនោះ ដែល​ចុះឈ្មោះ​នៅ​ក្រសួង និង​មាន​ជំនាញ​ក្នុងការ​រចនា និង​ការងារ​សាងសង់ ដើម្បី​ចេញ​វិញ្ញាបនបត្រ​នៅក្នុង​តំបន់​របស់​ពួកគេ ព្រោះ​ដល់ពេល​សាងសង់​រួចហើយ ដែល​ក្រុមហ៊ុន​ត្រូវមាន​ភារកិច្ច​ត្រួតពិនិត្យ​ការសាងសង់​សំណង់ និង​គម្រោង​ដែល​ត្រូវបាន​បញ្ជាក់ មុនពេល​គម្រោង​ទាំងនេះ ត្រូវបាន​បញ្ជូនមក​ដើម្បី​ទទួលបាន​ការយល់ព្រម” ។ លោក​បញ្ជាក់ថា “ការសាងសង់​នៅតែ​បន្ត​កើនឡើង ហើយ​យើង​ត្រូវតែ​ចាត់វិធានការ​ធ្ងន់ធ្ងរ ដើម្បី​ចៀសវាង​សោកនាដកម្ម​នេះ ពីព្រោះ​យើង​មាន​អារម្មណ៍​ឈឺចាប់ នៅពេលដែល​រឿង​បែប​នោះ​កើតឡើង” ។

កាលពីមុន​យើង​មិនមាន​ច្បាប់​ទេ តែ​ឥឡូវនេះ​យើង​មានច្បាប់ ពីព្រោះ​យើង​ចាំបាច់​ត្រូវខិតខំ​ធ្វើការ​ប្រឆាំងនឹង​សំណង់​ខុសច្បាប់ ហើយ​ច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានា​គុណភាព​សំណង់ សន្តិសុខ និង​សុវត្ថិភាព ហើយនឹង​បន្ត​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តទៅ​ទៀត” ៕

ពាក្យបណ្តឹងៈ ចំនួន Reach លើ Facebook ត្រូវបានបំប៉ោង ប៉ុន្តែ Facebook មិនអើពើនឹងបញ្ហានេះ

ដោយៈ ប៊ី

ភ្នំពេញៈ ឯកសារ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅតុលាការកាលពីថ្ងៃពុធ បានចោទប្រកាន់ថានាយកប្រតិបត្តិហ្វេសប៊ុកបានច្រានចោលការស្នើសុំផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មរបស់បុគ្គលិក ដើម្បីធ្វើឱ្យវាកាន់តែត្រឹមត្រូវ ព្រោះពួកគេគិតថាការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់ប្រាក់ចំណូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកសារទាំងនោះជាផ្នែកមួយនៃបណ្តឹងកំពុងដំណើរការក្តី ដែលដើមឡើយត្រូវបានដាក់ ដោយម្ចាស់អាជីវកម្មខ្នាតតូចក្នុងឆ្នាំ២០១៨។
ពួកគេត្រូវធ្វើការលើ “ចំនួន Reach” របស់ហ្វេសប៊ុក ដែលអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មមើលឃើញចំនួនអ្នកចូលមើល ដោយប៉ាន់ស្មានថា តើមានមនុស្សប៉ុន្មាននាក់នឹងចូលមើល ឬReach ក្នុងយុទ្ធនាការរបស់ខ្លួន ខណៈពេលកំណត់ការដេញថ្លៃ និងថវិកា (Budget) ក្នុងការផ្សព្ធផ្សាយ។ ឯកសារនេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Financial Times ។

យោងតាមពាក្យបណ្តឹង នាយកប្រតិបត្តិជាន់ខ្ពស់របស់ហ្វេសប៊ុកបានដឹងអំពីបញ្ហានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយថា មុខងារ “Potential Reach” របស់ខ្លួនត្រូវបានបំប៉ោង និងបំភាន់ ប៉ុន្តែពួកគេមិនបានធ្វើសកម្មភាព និងព្យាយាមលាក់បាំងបញ្ហានោះទេ។

ពាក្យបណ្តឹងបានឱ្យដឹងទៀតថា លោកស្រី Sheryl Sandberg នាយកប្រតិបត្តិប្រចាំការិយាល័យក្រុមហ៊ុនហ្វេកប៊ុក បានទទួលស្គាល់នៅក្នុងអ៊ីមែលកាលឆ្នាំ២០១៧ ថា លោកស្រីបានដឹងអំពីបញ្ហាជាមួយ “Potential Reach” អស់រយៈពេលជាច្រើនឆ្នាំ។

ពាក្យបណ្តឹងបានឱ្យដឹងបន្តថា មុខងារ “Potential Reach” គឺជាការបំភាន់ ពីព្រោះហ្វេសប៊ុបានអះអាងថា ខ្លួនបើប្រាស់ការវាស់វែងលើ ចំនួនអ្នកប្រើប្រាស់ ហើយពិនិត្យគណនីបានល្អបំផុត។

ប៉ុន្តែហ្វេសប៊ុមិនមានចេតនាលុបគណនីស្ទួន ឬក្លែងក្លាយចេញពីការបណ្តាញរបស់ខ្លួននោះទេ។ ពាក្យបណ្តឹងក៏បានអះអាងផងដែរថា នៅដើមឆ្នាំ២០១៨ ការវិភាគតាមហ្វេសប៊ុកបានរកឃើញថា ការដកគណនីស្ទួនចេញ នឹងបណ្តាលឱ្យតួលេខ Reach ធ្លាក់ចុះ១០ភាគរយ៕

រដ្ឋាភិបាលកំណត់ចក្ខុវិស័យក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរសរវើក

ដោយ:គង់ ម៉ាលីន

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា “សេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” មានគោលដៅកសាងសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជារសរវើក។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលស្ដីពី“សេចក្តីព្រាងក្របខណ្ឌគោលនយោ​បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥” ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកនេះ។

សេចក្តីប្រកាសព៌តមានពីកិច្ចប្រជុំនេះបានឲ្យដឹងថា ស្របតាមស្មារតីចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ ២០៣៥ ដែលជាការគិតគូប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ ក្នុងការធ្វើ​បដិវត្តកម្មឌីជីថល។

សេចក្តីប្រកាសព៌តមានបានបន្តថា ក្របខ័ណ្ឌគោលនយោបាយនេះ ក៏ត្រូវបានរៀប​ចំឡើង ដោយមានការឆ្លើយតបខ្ពស់ទៅនឹងនិន្នាការសាកល នៃបដិវត្តន៍ឧស្សាហកម្ម4.0 ក៏ដូចជាបដិវត្តន៍ឌីជីថល ដែលបាននិងកំពុងធ្វើឲ្យនិម្មាបនកម្មសាកលលោក និងតំបន់ មានការវិវត្តន៍ឲតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ ដែលចាប់តាំងពីឆ្នាំ២០២០មក ​បទពិសោធន៍និងមេរៀននៃវិបត្តិជំងឺកូវីដ១៩ បានបង្ហាញពីសក្តានុពលកាន់តែសំខាន់ នៃបដិវត្តន៍កម្មឌីជីថល ក្នុងការជំរុញការអភិវឌ្ឍ និងកំនើនសេដ្ឋកិច្ច។

ក្របខ័ណ្ឌគោលនយោបាយនេះ កំណត់នូវចក្ខុវិស័យក្នុងការ “កសាងសេដ្ឋកិច្ច សង្គមឌីជីថល រសរវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ក្នុងការទទួលយកនិងបដិវត្តន៍កម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋ ទាំងប្រជាជន និងទាំងធុរជន ដើម្បីជំរុញសម្ទុះ​កំនើនសេដ្ឋកិច្ចថ្មី និងលើកកំពស់សុខមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ដោយ

ផ្តោតលើអាទិភាព៥ធំៗៗរួមមាន ទី១ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋឌីធីថល ទី២ ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ឋឌីជីថល ទី៣ ការកសាងពលរដ្ឋឌីជីថល ទី៤ ការកសាងរដ្ឋាភិបាលឌីជីថល និងទី៥ ការជម្រុញធុរកិច្ចឌីជីថល៕

 

ដំណឹងល្អ ! សាឡាងឆ្លងពីតំបន់កោះនរាមកកាន់ទីក្រុងកោះពេជ្រនឹងចាប់ផ្តើមនៅខែមីនាខាងមុខនេះ

ដោយ:គង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចដាក់ដំណើរការសាឡាងឆ្លងពីតំបន់កោះនរា ភ្ជាប់មកកាន់ទីក្រុងកោះពេជ្រ នឹងចាប់ផ្តើមនៅកំឡុងខែមិនាខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ កុម្ភៈនេះថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំនិតិវិធីលើការងារនេះ ដោយយើងអាចនឹងដាក់ដំណើរការសាឡាង ឆ្លងពីតំបន់ពយនៃកោះនរា មកកាន់ទីក្រុងកោះពេជ្រនាកំឡុងខែមិនាខាងមុខនេះ ប្រសិនជាមិនមានការប្រែប្រួលទេនោះ។

លោកបន្តថា “ការប្រើប្រាស់សាឡាងចំនួនប៉ុន្មាន យើងមិនទាន់ដឹងនៅឡើយទេ ព្រោះវាជាការងារបច្ចេកទេស ប៉ុន្តែនិតិវិធីកំពុងត្រូវបានរៀបចំ ដោយសារវាពាក់ព័ន្ឋចំណូលរបស់រដ្ឋ​ផងដែរ”។ លោកបន្តថា “ការរៀបចំឆ្លងសាឡាងនេះ នឹងអាចជួយសម្រួ​លការកកស្ទះមួយ​ចំណែក ដោយសារផ្លូវជាតិលេខ១ មានច្រកឆ្លងកាត់សំខាន់ គឺមានតែលើស្ពានព្រះមុនីវង្សប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសា​សន៍ថា ខាងក្រុមហ៊ុនបានរៀបចំការងារនេះរួចហើយ ដោយរង់ចាំតែអាជ្ញាធរជាអ្នកចាប់ផ្តើម ដំណើរការនៅពេលណាប៉ុណ្ណោះ។ លោកបន្តថា ទីតាំងត្រូវឆ្លងពីកោះនរា មកកាន់ទីក្រុងកោះពេជ្រ គឺស្ថិតនៅក្បែរចំណុចសាងសង់ ស្ពានឆ្លងកាត់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា។

លោកបន្តថា “ទោះជាមានការឆ្លងបែបននេះក្តី ប៉ុន្តែវានឹងមិនបង្កបញ្ហាសណ្តាប់ធ្នាប់ ឬការកកស្ទះណាមួយលើទីក្រុងកោះពេជ្រនោះទេ”។លោកបន្តថា “យើងរំពឹងថាវានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ១បានមួយចំណែក នៅពេល​សាឡាងនេះដាក់ឲ្យដំណើរការ”៕

លោកចូ បៃឌិននឹងជួបប្រជុំជាមួយក្រុមប្រទេស G7 ជាលើកដំបូងដើម្បីពិភាក្សាអំពីបញ្ហាវ៉ាក់សាំង សេដ្ឋកិច្ច និងមហាយក្សចិន

ដោយៈសុខុម

ក្រុងឡុងដ៍:  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងចូលរួមកិច្ចប្រជុំជាលើកដំបូងរបស់លោកជាមួយមេដឹកនាំ នៃប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង ៧ (G7) នៅថ្ងៃសុក្រ ទី១៩ កុម្ភៈ នេះដើម្បីពិភាក្សាអំពីផែនការកម្ចាត់វីរុសកូវីដ-១៩ ការបើកទ្វារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការទប់ទល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយមហាយក្សចិន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែលឱ្យដឹងថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដ៏កាចសាហាវបានឆក់យកអាយុជីវិតមនុស្ស អស់រហូតដល់ទៅ២,៤លាននាក់ទូទាំងពិភពលោក និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដាំក្បាលចុះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច (Great Depression) អំឡុងទសវត្សរ៍ឆ្នាំ១៩៣០មក និងបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់មនុស្សរាប់ពាន់លាននាក់។

លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ កុម្ភៈថា លោកចូ បៃឌិន នឹងផ្តោតជាសំខាន់លើការឆ្លើយតបជាសកល ចំពោះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រួមមានទាំងការផលិត និងការចែកចាយវ៉ាក់សាំង និងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺថ្មីៗផងដែរ។

អ្នកនាំដដែលបានបន្តថា លោកចូ បៃឌិន ក៏នឹងពិភាក្សាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមមានទាំងសារៈសំខាន់ នៃប្រទេសឧស្សាហកម្មទាំងអស់ ការបន្តគាំទ្រផ្នែកសេដ្ឋកិច្ច ដើម្បីឈានទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច និងសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពតួនាទីជាសកល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ផ្នែកសេដ្ឋកិច្ចដូចជាបញ្ហាប្រឈម ដែលបង្កឡើងដោយមហាយក្សចិនផងដែរ។

កិច្ចប្រជុំតាមរយៈ Video Call ជាមួយមេដឹកនាំនៃក្រុមប្រទេសG7 នៅថ្ងៃសុក្រនេះគឺជាឱកាសដ៏ល្អមួយសម្រាប់លោក ចូ បៃឌិន ដែលបានឡើងកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ មករា បញ្ជូនសារបញ្ជាក់ពីការចូលរួមសហប្រតិបត្តិការឡើងវិញ របស់សហរដ្ឋអាមេរិក ជាមួយពិភពលោក និងស្ថាប័ននានាទូទាំងពិភពលោក បន្ទាប់ពីអតីតប្រធា​នាធិបតី ដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយ “អាមេរិក ជាអាទិភាព ” (America First) អស់រយៈពេល៤ឆ្នាំ។

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា ក្រៅពីលោកចូ បៃឌិន លោកMario Draghi ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអ៊ីតាលី ក៏នឹងមានវត្តមានចូលរួមកិច្ចប្រជុំនេះដែរ៕

រដ្ឋាភិបាលដាក់ចេញលក្ខខ័ណ្ឌចំនួន៥សម្រាប់អាជីវកម្មទេសចរណ៍ដែលត្រូវបើកដំណើរការឡើងវិញក្រោយបញ្ហាកូវីដ១៩

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍បានដាក់ចេញនូវគោលការណ៍ណែនាំ និងលក្ខខ័ណ្ឌការងារចំនួន៥ សម្រាប់អាជីវកម្មទេសចរណ៍ ដែលត្រូវបើកដំណើរការឡើងវិញក្រោយវិបត្តិកូវីដ១៩។

កិច្ចប្រជុំ“ពិគ្រោះយោបល់ លើសេចក្តីព្រាងការអនុវត្តវិធានសុវត្ថិភាពទេ​សចរណ៍ សម្រាប់អាជីវកម្មម៉ាស្សាសុខភាព និងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ” សម្រា​ប់ជំហានទី២ បានធ្វើឡើងក្រោមអធិបតតីភាព លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេស​ចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញ និងលើកស្ទួយវិស័យ ទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្តថា វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ជំហានទី២នេះ ផ្តោតសំខាន់ទៅលើអាជីវកម្ម ដែលប្រកាសឱ្យផ្អាកមួយរយៈ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដូចនេះ ដើម្បីឱ្យអាជីវកម្ម បើកដំណើរការឡើងវិញបាន តម្រូវឱ្យអាជីវកម្មបំពេញបានតាមលក្ខណវិនិច្ឆ័យជាច្រើន។

លក្ខខ័ណ្ឌទាំងនោះរួមមាន ទី១ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មម៉ា ស្សាសុខភាពរួមមាន ០៩លក្ខខណ្ឌតម្រូវ ២១ កម្មវត្ថុនៃការវាយតម្លៃ ៧៤ចំនុចត្រូវត្រួតពិនិត្យ (ក្នុងនោះរួមមាន ៣៧ការអនុវត្តតម្រូវចាំបាច់ និង ៣៧ការ អនុវត្តជាជម្រើស)។  ទី២ វិធានសុវត្ថិភាពលទសចរណ៍សម្រាប់អាជីវកម្ម “ខារ៉ាអូខេ” រួមមាន៖ ១២លក្ខខណ្ឌតម្រូវ ១៤កម្មវត្ថុនៃការវាយតម្លៃ ៧១ចំនុចសម្រាប់ត្រួតពិនិត្យ (ក្នុងនោះរួមមាន ៥៥ ការអនុវត្តតម្រូវចាំបាច់ និង ១៦ការអនុវត្តជាជម្រើស) ។

ទី៣.វិធានសុវត្ថិភាពលទសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្ត (រង្គសាល និងឌីស្កូតែក) រួមមាន៖ ១២លក្ខ- ខណ្ឌតម្រូវ ១៥កម្មវត្ថុនៃការវាយតម្លៃ ៦៦ចំនុចសម្រាប់ត្រួតពិនិត្យ (ក្នុងនោះរួមមាន ៤៩ការអនុវត្តតម្រូវចាំបាច់ និង ១៧ការអនុវត្តជាជម្រើស)។

ទី៤ វិធានសុវត្ថិភាពលទសចរណ៍ សម្រាប់អាជីវកម្មបៀរហ្គាឌិនរួមមាន ១៣លក្ខ​ខណ្ឌតម្រូវ ១៥កម្មវត្ថុនៃការវាយតម្លៃ ៧០ចំនុចសម្រាប់ត្រួតពិនិត្យ ក្នុងនោះមាន(ក្នុងនោះរួមមាន ៥២ការអនុវត្តតម្រូវចាំបាច់ និង ១៨ការអនុវត្តជាជម្រើស)។

អាជីវកម្មត្រូវចូលរួមអនុវត្ត និងបំពេញនូវគ្រប់ចំនុចការអនុវត្តតម្រូវចាំបាច់ នឹងទទួលបានឡាបិលទទួលស្គាល់អាជីវកម្ម ដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩ និងអាចបើកអាជីវកម្មបាន (ត្រៀមដាក់អនុវត្តនៅពេលមានការអនុញ្ញាត ពីរដ្ឋាភិបាលឱ្យដំណើរការឡើងវិញ)៕

នាពេលកន្លងមកក្រសួងទេសចរណ៍ បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (ជំហានទី១) ចំនួន៦សេវាកម្ម សុទ្ធសឹងជាប្រភេទសេវាកម្ម ដែលកំពុងដំណើរការអាជីវកម្មរួមមាន ទី១.)សេវាកម្មស្នាក់នៅទេសចរណ៍  ទី២.)សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍  ទី៣.)សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក  ទី៤.)សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ទី៥.)រមណីយដ្ឋានទេសចរណ៍ និងទី៦.)សហគមន៍ទេសចរណ៍៕

តើម៉ាកយីហោល្បីៗប៉ុន្មានបានហក់ចូលទីផ្សារកម្ពុជា និងម៉ាកយីហោប៉ុន្មានបានចាកចេញ

ដោយៈ ប៊ី

ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ប៊្រែនផ្សារលក់រាយថ្មី មានចំនួន២៦ប៊្រែន និងពង្រីកសាខាចំនួន៤០កន្លែង នៅទីផ្សារកម្ពុជា ខណៈប៊្រែនផ្សារលក់រាយចំនួន៩ ត្រូវបានបិទ និងចំនួន៧បានចាក់ចេញ គិតរហូតដ់ដើមឆ្នាំនេះ។

លោកស្រីអាន សុធីតាអគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានមានប្រសា​សន៍ប្រាប់កាលពីថ្មីៗនេះថា បញ្ហាចម្បង ដែលប្រ៊ែនត្រូវបានបិទ និងចាកចេញ គឺកត្តា “កម្លាំ​ងទិញ” ដោយសារឥទ្ធិពលនៃការទិញរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ។ តួលេខខាងលើនេះ ជារបាយការណ៍ដែលបានកត់ត្រា កាលពីឆ្នាំ២០២០កន្លងមកនេះ ខណៈឆ្នាំ២០២១មិនទាន់ឃើញសញ្ញាវិជ្ជមាននៅឡើយទេ។

លោកស្រីបានព្រមានថា “ការផ្គត់ផ្គង់ទីផ្សារលក់រាយ នឹងអាចលើសតម្រូវការនៅឆ្នាំ២០២១ ខណៈអត្រាទីផ្សារលក់រាយនៅឆ្នាំ២០២១នេះ រំពឹងថានឹងមានកំណើនកើនដល់១៨៦ ០០០ម៉ែត្រការ៉េ ដែលជាទំហំមួយដ៏ធំ សម្រាប់ការផ្គត់ផ្គង់”។

លោកស្រីអាន សុធីតាបានថ្លែងថា ការផ្គត់ផ្គង់ទីផ្សារលក់រាយទំហំ១៨៦ ០០០ម៉ែ​ត្រការ៉េ គឺតួលេខធំ ដែលពិបាក ក្នុងការទាញយកអត្រាប្រើប្រាស់ពីអតិថិជន ហើយកាលពីឆ្នាំ២០២០ មានប៊្រែនមួយចំនួនត្រូវបានបិទ ប៉ុន្តែប៊្រែនថ្មីៗមួយចំនួនបានចូលមកដែរ។

លោកស្រីបានលើកឡើងថា “ការផ្គត់ផ្គង់ថ្មីៗ មិនអាចឈរជំហររ៉ឹងមាំបានទេ ប្រសិ​ន បើការផ្គត់ផ្គង់នៅតែបន្តកើនឡើងដូច្នេះ ព្រោះមនុស្សម្នាក់អាចចូលផ្សារពីរក្នុងពេលតែមួយបានទេ ហើយអាចទៅផ្សារបានរាល់ថ្ងៃនោះទេ”។

លោកស្រីបានថ្លែងថា កន្លងមក ទីផ្សារលក់រាយ គឺជាទីផ្សារមួយ ដែលមានសក្តានុពលធ្វើឱ្យអ្នកអភិវឌ្ឍន៍ ស្រូបទាញផលចំណេញបានខ្ពស់ បើប្រៀបនឹងផ្នែកផ្សេងៗ។ ដោយឡែកផ្នែកនេះត្រូវការមានជំនាញ និងបច្ចេកទេស ជាមួយដើមទុនគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ផ្សារមួយបាន ហើយគាត់ (អ្នកអភិវឌ្ឍន៍) ចាប់ផ្តើមប្រកួតប្រជែងអភិវឌ្ឍន៍ ប៉ុន្តែភ្លេចគិតពីចំនួននៃការផ្គត់ផ្គង់ និងអតិថិជនជួល។

លោកស្រីបានថ្លែងទៀតថា “ខ្ញុំមើលឃើញថា ទីតាំងខ្លះ មានផ្សាររហូតដល់ទៅ៣នៅទីតាំងក្បែរៗគ្នា ហើយនេះគឺជាកត្តាហានិភ័យ និងកត្តាព្រួយបារម្ភបំផុត ហើយអ្នកអភិវឌ្ឍន៍ ទោះបីដឹងថា ខ្លួនឯងអាចធ្វើផ្សារបាន តែមិនគួរធ្វើទេ បើសិនជាវាមានការផ្គត់ផ្គង់លើសតម្រូវការ”។

លោកស្រីបានបន្តទៀតថា គម្រោងទីផ្សារលក់រាយមានទំហំ១៨៦ ០០០ម៉ែត្រការ៉េក្នុង ដែលរពឹងទុកថានឹងបញ្ចប់ឆ្នាំ២០២១ នឹងត្រូវបានពន្យាពេល ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចស្វែងរកអតិថិជនជួលបាន ហើយមានយឺតយ៉ាវក្នុងការសាងសង់ ដូច្នេះប្រហែ​លជាការផ្គត់ផ្គង់ មិនអាចមានទំហំដល់១៨៦ ០០០ម៉ែត្រការ៉េនោះទេក្នុងឆ្នាំ២០២១ និងអាចពន្យាពេលដល់២០២២ ឬ២០២៣៕