ផែនការ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​និង​ប្លង់គោល​អភិ​វ​ឌ្ឈ​ន៍​នៅ​ខេត្តកណ្តាល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ

0

ដោយៈ​គង់ សូរិយា

កណ្តាលៈ អ្នកជំនាញ​បាន​អះអាងថា ផែនការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ប្លង់គោល​អភិវឌ្ឍន៍​នៅ​គ្រប់​ក្រុង ស្រុក​ក្នុង​ខេត្តកណ្តាល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សូ​រិ​យោ​ដី​ខេត្តកណ្តាល ដែល​បាន​ដឹកនាំ​រៀបចំ​ផែនការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ប្លង់គោល​អភិវឌ្ឍន៍​នៅ​ទូទាំង​ក្រុង និង​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​ក ណ្តា​ល​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការរៀបចំ​ផែនការមេ​លើ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ប្លង់គោល​អភិវឌ្ឍន៍​នៅតាម​បណ្តា​ក្រុង ស្រុក​ទាំងអស់​បានបញ្ចប់ និង​អនុម័ត​ដោយ​អភិបាលខេត្ត​រួចហើយ។

លោក​បន្តថា “ការរៀបចំ​រួចហើយ បើសិនជា​ក្រសួង​ពាក់​ព័​ន្ឋ​យកមក​អនុវត្តន៍ និង​ប្រើប្រាស់​តាម​ប្លង់ ដែល​បានរៀបចំ​រួច វា​ចំណេញ​ថវិកាជាតិ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក” ។ លោក​បន្តថា “ផែនការ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ប្លង់គោល​អភិវឌ្ឍន៍ នឹង​ជួយ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត​អាច​រៀបចំ តំបន់​អភិវឌ្ឍន៍​បានច្បាស់លាស់ និង​ងាយស្រួល ដោយ​ដឹងថា​តំបន់​ណា​គួររៀបចំ​ជា​តំបន់​លំនៅដ្ឋាន តំបន់​ណា​គួររៀបចំ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម​ជាដើម” ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា តាម​ធម្មតា​នៅ​ប្រទេស​ណាក៏ដោយ តែងតែមាន​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់ ដើម្បី​បញ្ចៀស​បញ្ហា​ស្មុ​គ្រ​ស្មាញ​នាពេល​អនាគត ពិសេស​វា​នឹង​ជួយ​រដ្ឋាភិបាល​ប្រទេស​និមួយៗ មាន​ផែនទី​ចង្អុល​បង្ហាញផ្លូវ​ត្រឹមត្រូវ លើ​ការអភិវឌ្ឍន៍​តាម​មូលដ្ឋាន​ណាមួយ។

ជាមួយគ្នានេះ លោកស្រី​អាន សុ​ធីតា​អ្នកឯកទេស​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែងថា ការអភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន បានធ្វើ​ឡើង​ដោយ​គ្មាន​ផែនការ​ច្បាស់លាស់​ឡើយ ព្រោះ​មិនមាន​ការបែងចែក​ច្បាស់លាស់​ថា តំបន់​ណា​គួរ​សាងសង់​អាគារ​ខ្ពស់ តំបន់​ណា​គួរ​ជា​តំបន់​លំនៅដ្ឋាន និង​តំបន់​ណា​គួរ​ជា​តំបន់ឧស្សាហកម្ម។

លោកស្រី​បន្តថា “ដោយសារ​គ្មាន​ផែនការមេ​បែបនេះ បានធ្វើ​ឲ្យ​អាគារខ្ពស់ៗមួយចំនួន​សាងសង់​គ្មាន​ស្តង់ដា និង​គ្មាន​គម្លាត​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សុខមាលភាព​អ្នករស់នៅ​ផងដែរ” ៕     

 

LEAVE A REPLY

Please enter your comment!
Please enter your name here