ដោយៈរ៉ាណេត
ភ្នំពេញៈ ខុសប្លែកពីទីផ្សារនៃវិស័យមួយចំនួន ដែលកំពុងមានការធ្លាក់ចុះទាំងតម្រូវការ និងតម្លៃគួរឱ្យព្រួយបារម្ភនោះ ប៉ុន្តែទីផ្សារលំនៅដ្ឋានជាប់ដីត្រូវបានប្រតិបត្តិករអះអាងថា មិនមានការធ្លាក់ចុះនោះទេ ដោយក្នុងនោះប្រភេទលំនៅដ្ឋានខ្លះ ត្រូវបានគេដាក់លក់ ក្នុងតម្លៃខ្ពស់រហូតដល់ជាង២លានដុល្លារ ជាពិសេសលំនៅដ្ឋាននៅតំបន់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT Appraisal លោកស្រីចេវ សុឃុន បានឱ្យដឹងតាមរយៈបណ្តាញទំនាក់ទំនង អេឡិចត្រូនិកនៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា ទីផ្សារអចលនទ្រព្យទូទៅ ពិតជាបានរងនូវសម្ពាធពីវិបត្តិ នៃជំងឺឆ្លងដែលកំពុងកើតមាននេះពិតមែន ប៉ុន្តែវាមិនធ្លាក់ចុះទាំងស្រុងនោះ ដែលក្នុងនោះទីផ្សារផ្នែកខ្លះក៏នៅតែបន្តមាន ហើយនៅតែផ្តល់ឱកាសល្អ សម្រាប់អ្នកវិនិយោគនៅក្នុងវិស័យមួយនេះដដែល ជាក់ស្ដែងដូចជាទីផ្សារលំនៅដ្ឋានជាប់ដី គឺនៅតែមានសកម្មភាពទិញលក់ដដែល ខណៈដែលអ្នកអភិវឌ្ឍន៍នៅតែបន្តការសាងសង់។
និយាយពីទីផ្សារលំនៅដ្ឋានជាប់ដីនាពេលបច្ចុប្បន្ននេះ បើទោះជាកំពុងជូបបញ្ហាប្រឈមនឹងវិបត្តិជំងឺកូវីដ១៩យ៉ាងណាក៏ដោយ គម្រោងសាងសង់ភាគច្រើននៅតែបន្តសកម្មភាព ជាពិសេសនៅតាមតំបន់ជាយក្រុង និងតាមតំបន់មួយចំនួនទៀតដែលស្ថិតនៅគៀកនឹងកណ្តាលក្រុងភ្នំពេញ ជាមួយនឹងតម្លៃលក់នៅលើទីផ្សារមិនក្រោម១០ម៉ឺនដុល្លារ ឬឡើងខ្ពស់រហូតដល់ជាង២លានដុល្លារក្នុងមួយខ្នង។
ពាក់ព័ន្ធទៅនឹងទីតាំង និងតំបន់ដែលកំពុងមានភាពលេចធ្លោ ក្នុងការសាងសង់លំនៅដ្ឋានជាប់ដីត្រូវបានលោកស្រីបញ្ជាក់ថា តំបន់ដែលកំពុងមានសកម្មភាពសាងសង់គឺមាននៅស្ទើរជុំវិញក្រុង ហើយតម្លៃដែលត្រូវបានដាក់លក់ នៅលើទីផ្សាររួមក៏មានភាពខុសគ្នាដែរ អាស្រ័យទៅលើទីតាំង ប្រភេទលំនៅដ្ឋាននីមួយ។
លោកស្រីចេវ សុឃុន បានបន្តថា “សម្រាប់តែតំបន់ផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាប់ដី ជាច្រើនគម្រោង ហើយតម្លៃក៏ខុសគ្នាច្រើនដែរ។ លោកស្រីបន្តថា “មានគម្រោងខ្លះតូច គម្រោងខ្លះធំ។ សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម សម្រាប់ស្នាក់នៅត្រូវបានគេដាក់លក់នៅលើទីផ្សារចាប់ជាង៧ម៉ឺនដុល្លារឡើងទៅ ប៉ុន្តែសម្រាប់ប្រភេទលំនៅដ្ឋាន បែបអាជីវកម្មអាចចាប់ពីជាង១២ម៉ឺនដុល្លារឡើង ទៅដែលវាអស្រ័យទៅតាមគម្រោងនីមួយៗ និងកត្តាភូមិសាស្ត្រផងដែរ” ។
លោកស្រីបញ្ជាក់ថា សម្រាប់តែលំនៅដ្ឋានអាជីវកម្ម ដែលស្ថិតនៅក្នុងគម្រោងរបស់បុរីប៉េងហួត បឹងស្នោរ អាចមានតម្លៃចាប់ពីជាង៣០ម៉ឺនដុល្លារឡើងទៅ ព្រោះវាស្ថិតនៅទីតាំងល្អ ម៉ូតផ្ទះស្អាត និងមានច្រើនជាន់ ជាទីបណ្តុំនៃមនុស្សរស់នៅមានជីវភាពធូរធារច្រើន។
ដោយឡែកសម្រាប់លំនៅដ្ឋានបែបប្រណីតខ្លះ មានតម្លៃខ្ពស់រហូតដល់ជាង២លានដុល្លារក្នុងមួយខ្នង ហើយតម្លៃនេះត្រូវបានដាក់លក់ស្ថិត នៅក្នុងបរិបទនេះប៉ុណ្ណោះ ក្រោយពេលបញ្ចប់វិបត្តិកូវីដ ឬនៅឆ្នាំក្រោយតម្លៃទាំងនេះអាចនឹងឡើងថ្លៃបន្តទៀត៕