លោកហ៊ុន ម៉ានីៈ ការអភិវឌ្ឍផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនឹងជួយស្តារសេដ្ឋកិច្ចពលរដ្ឋ និងជាការត្រៀមទទួលភ្ញៀវទេសចរ

ដោយ ៖ ស៊ីវ ម៉េង

សៀមរាប ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធា​នគណៈកម្មការទី៧នៃរដ្ឋសភាបានថ្លែងថា ការអភិវឌ្ឍផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប គឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងជាការត្រៀមទទួលភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩។

លោក ហ៊ុន ម៉ានីបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោករួមជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីចុងសប្តាហ៍មុន ដោយលោកបានមានប្រសាសន៍ថា ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការណ៍នេះមិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩។

ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក និងថវិកាជាង៩លានដុល្លារអាមេរិកទៀ​តសម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

លោកហ៊ុន ម៉ានីបានមានប្រសាសន៍ថា ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើននៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាប្រមាណ១៥០ លានដុល្លារអាមេរិក កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ៕

 

ដំណឹងល្អ ៖ រដ្ឋាភិបាលបានជំរុញ និងចុះបញ្ជីផលិតផលចំនួន១២ជាទំនិញសំគាល់ភូមិសាស្រ្ត

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅលើកកំពស់អត្តសញ្ញាណផលិតផលខ្មែរ និងជម្រុញទីផ្សារដើម្បីនាំចេញក្រសួងពាណិជ្ជកម្មបានរៀបចំ និងចុះបញ្ជីរផលិតផលល្បីៗកម្ពុជាចំនួន១២មុខ ដើម្បីចុះបញ្ជីរ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ក្នុងពិធីសំណេះ​សំណាលជាមួយ មន្រ្តីពាណិជ្ជកម្មនៅខេត្តឧត្តរមានជ័យនៅពីថ្ងៃទី២៥ មករានេះថា ក្រសួងពាណិជ្ជកម្មបានរៀបចំការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់”។

ជំរុញការប្រើប្រាស់រូបសញ្ញាជាតិ នៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។

លោកបន្តថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ។ ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រ ប្រភពដើមទំនិញជាអេឡិចត្រូនិក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ(គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។

ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិក៏បាន កោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត។

លោកបន្តថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម៧ភាគរយជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចនេះ”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង៖ យុវជនមិនទាន់រៀបការគួរទិញដីឱ្យបានពីរឡូត៍

ដោយ ៖ លក្ខិណា

ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានផ្ដល់ជាយោបល់ដល់ពលរដ្ឋ ដែលមានជីវភាពសមរម្យ ជាពិសេសយុវជនដែលមិនទាន់រៀបការ គួរទិញដីឱ្យបានយ៉ាងហោ​ចណាស់ពីរឡូត៍ទុកសម្រាប់នៅពេលអនាគត។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹតតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា យុវជនដែលមិនទាន់រៀបការ គួរតែទិញដីទុកឱ្យបានពីរឡូត៍ ព្រោះថាដីអត់កើនទេ តែមនុស្សកើន ហើយតម្លៃដីនឹងឡើងជាប្រចាំពីរមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា នៅពេលយុវជនទិញដីបានពីរឡូត៍ នៅពេលអនាគត ពេលពួកគេត្រូវការរៀបការប្រពន្ធ គេអាចលក់មួយឡូត៍ ដើម្បីបានលុយរៀបការ ហើយទុកមួយឡូត៍ទៀតសម្រាប់សង់ផ្ទះពេលរៀបការរួច។

លោកបន្តថា “ខ្ញុំចេះទិញដីឡូត៍តាំងពី១៦ឆ្នាំមកម្ល៉េះ ហើយសកម្មភាពលក់ដីឡូត៍ក៏មិនទាន់មានសកម្ម​ភាពផុសផុសដូចពេលនេះដែរ។ សកម្មភាពអាជីវកម្មដីឡូត៍ ផុសផុលបែបនេះ គឺជាអ្វីដែលប្រទេសគេរីកចម្រើនបានធ្វើតាំងពីម្ភៃ សាមសិបឆ្នាំមុនម្ល៉េះ”។ លោកបន្តថា “អ្វីដែលគេកំពុងតែមាន គឺយើងនឹងមាននៅពេលក្រោយដូចគ្នា ដោយសា​រតែរីកចម្រើនមុនយើង ដូច្នេះគេត្រូវដើរមុនយើង១០-២០ឆ្នាំ”។

លោកបណ្ឌិតបានបន្ថែមថា ការអភិវឌ្ឍដីធ្លីមានផ្នែកជាច្រើនដែលដើរទន្ទឹមគ្នា ក្នុងនោះមានដីឡូត៍ ការសាងសង់បុរី និងការសាងសង់ខុនដូជាដើម ។ បច្ចុប្បន្ននេះ តម្រូវការលំនៅឋាន និងដីសម្រាប់សាងសង់លំនៅឋានកំពុងតែមានកំណើនខ្ពស់។ ជាក់ស្ដែងនៅភ្នំពេញ មានប្រជាពលរដ្ឋជាច្រើនពុំទាន់មានលំនៅឋាន សម្រាប់ស្នាក់នៅផ្ទាល់ខ្លួននៅឡើយ ដោយមួយចំនួនធំ គឺកំពុងជួលផ្ទះស្នាក់នៅ។ ដូច្នេះដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះ គឺត្រូវការពង្រីកដីសម្រាប់រាជធានី និងសង់ផ្ទះសម្រាប់ស្នាក់នៅ។

កន្លងមកបញ្ហាដីឡូត៍ ត្រូវបានរងការរិះគន់ពីអ្នកជំនាញមួយចំនួនផងដែរ ដោយសា​រសកម្មភាពពុះដីឡូត៍របស់អ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួន មិនបានគោរពតាមស្តង់ដាត្រឹមត្រូវ ដូចជា មិនមានបណ្តាញហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ទំហំដដីមិនមានស្តង់ដា ដែលអាចសាងសង់លំនៅដ្ឋានសមរម្យបានជាដើម៕

ពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានទំហំទឹកប្រាក់ជាង២០ពាន់លានដុល្លារក្នុងរយៈពេល៦ឆ្នាំចុងក្រោយ

ដោយ៖ ប៊ី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិក សម្រេចបានសរុបប្រមាណ២០,៩២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២០។ នេះបើយោងតាមទិន្ន័យ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលចេញផ្សាយកាលថ្មីៗនេះបានឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២ ៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ២២៨លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់២ ៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២ ១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២ ៤០៨លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣ ៤៣៨លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន៣ ០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញមានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤ ៧១៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ បាន៤ ៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញមានតែជាង៣១១លានដុល្លារប៉ុណ្ណោះ។

សម្រាប់រយៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានសរុបចំនួនជាង៥ ៥០៩លានដុល្លារអាមេរិក កើនឡើង១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៤ ៧១៣លានដុល្លារអាមេរិក។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

អ្នកជំនាញ៖ គម្រោងអភិវឌ្ឍក្រុងរណបផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អ្នកជំនាញអះអាងថា ការអភិវឌ្ឍទីក្រុងរណបគឺរឿងចាំបាច់មួយដើម្បីឆ្លើយតបនឹងតម្រូវការ និងកំណើនប្រជាជន ខណៈអ្នករកទទួលទានក្នុងវិស័យអចលនទ្រព្យអាចទាញយកប្រយោជន៍បានច្រើនពីគម្រោងអភិវឌ្ឍន៍ក្រុងរណបនានា។

លោកឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានប្រាប់គេហទំព័រ Propertyarea.asia កាលចុងសប្តាហ៍កន្លងមកនេះថា ការអភិវឌ្ឍទីក្រុងរណបគឺជាការអភិវឌ្ឍមួយចាំបាច់ ដោយសារនៅពេលមួយមានការអភិវឌ្ឍឆ្អែត ហើយចំនួនប្រជាជនកើនឡើងច្រើននៅកណ្តាលក្រុង វាទាមទារឱ្យមានការអភិវឌ្ឍន៍បែបនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។

លោកបានបន្តថា ចំនួនប្រជាជនកើនឡើងច្រើន ធ្វើឱ្យតំបន់នៅកណ្តាលក្រុងមានភាពចង្អៀត ដូច្នេះការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបគឺត្រូវការជាចាំបាច់ ហើយវាក៏ជាឱកាសសម្រាប់អ្នកវិនិយោគទីក្រុងរណបដើម្បីរកប្រាក់ចំណេញ។

លោកបញ្ជាក់ថា “តំបន់ណាមានការអភិវឌ្ឍ ប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ ដូចជាការជួយដល់អាជីវកម្មរបស់ពួកគាត់បង្កើតកំលាំងការងារ និងការរៀបហេដ្ឋរចនាសម្ព័ន្ធបានល្អ ហើយមួយវិញទៀតធ្វើឱ្យដីតំបន់នោះ មានការឡើងថ្លៃ”។

លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះនឹងមានតម្រូវការទីផ្សារខ្ពស់។

លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។ លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

លោកបានថ្លែងទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការសាងសង់អាគារខ្ពស់ៗ បានកើតឡើងច្រើន ហើយទោះបីជាមានវិបត្តិកូវីដ១៩ ការសាងសង់អាគារខ្ពស់ៗ នៅតែកើតឡើង ប៉ុន្តែមិនច្រើនដូចមុនសម័យកូវីដនោះទេ៕

ក្រុងព្រះសីហនុនឹងសាងសង់ផ្លូវមួយខ្សែទៀតតភ្ជាប់ឆ្នេរសុខា និងឆ្នេរអូរឈើទាល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៣៤ខ្សែនៅទូទាំងក្រុងព្រះសីហនុ ដែលសម្រេចបានស្ទើរតែ១០០ភាគរយទៅហើយ ពេលនេះរដ្ឋបាលខេត្តបានបង្ហាញពីគម្រោងសាងសង់ផ្លូវថ្មីចំនួនមួួយខ្សែទៀតតភ្ជាប់ពីឆ្នេរសុខាមកកាន់ឆ្នេរអូរឈើទាល់ដើម្បីបង្កើនភាពទាក់ទាញ និងកាន់តែងាយស្រួលក្នុងដំណើរទេសចរណ៍នៅតំបន់ឆ្នេរ។

តាមរយៈមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំគម្រោងសាងសង់ផ្លូវថ្មីចំនួនមួយខ្សែទៀតដោយធ្វើការតភ្ជាប់ពីឆ្នេរសុខាទៅកាន់ឆ្នេរអូរឈើទាល់ ឆ្លងកាត់តំបន់ពយតាមួយនៃតំបន់កន្ទុយនាគ ដែលមានសរុប១០៣៤ម៉ែត្រ ហើយទទឹងមានទំហំ ១០.២៥ម៉ែត្រ។

ជាមួយនឹងគម្រោងនៃការសាងសង់ផ្លូវថ្មីចំនួនមួយខ្សែនេះវានឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលក្រៅពីបង្កើនសោភ័ណភាពនៅក្នុងក្រុងដែលជាតំបន់ទេសចរណ៍ឆ្នេរលំដាប់ខ្ពស់ប្រចាំប្រទេស ដែមទាំងបានបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងផ្លូវពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ទៀតនោះទេ ពោលគឺអាចធ្វើដំណើរតភ្ជាប់រវាងឆ្នេរទាំងពីរស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែម្ដង។

យ៉ាងណាក៏ដោយប្រភពដដែលមិនបានបង្ហើបពីខ្ទង់ថវិកាចំណាយលើការសាងសង់នៅឡើយ ហើយក៏មិនទាន់កំណត់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់ប្រាកដនោះដែរ គ្រាន់បញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលប្លង់នៃផែនការមេត្រូវបានបញ្ចប់ការសិក្សា និងកំណត់រួចរាល់៕

ការសិក្សា​ទីផ្សារ​ច្បាស់លាស់ និង​ប្លង់​ស្ថាបត្យកម្ម​បានធ្វើ​ឲ្យ​បុរី Krek City Garden លក់បាន​ជាង ២០ភាគរយ​ហើយ

ដោយ​ស៊ីវ ម៉េង

ត្បូងឃ្មុំៈ ជាមួយនឹង​ដំណើរ​ឆ្ពោះទៅមុខ លើ​វឌ្ឍនភាព​នៃ​ការសាងសង់ បុរី Krek City Garden បានទទួល​ការគាំទ្រ បន្ទាប់ពី​អ្នកវិនិយោគ​បាន​សិក្សា​ពី​ទីផ្សារ តម្រូវការ និង​រៀបចំ​ប្លង់​ស្ថាបត្យកម្ម​របស់​គំរោង ប្រកបដោយ​ការគិតគូរ​ពី​សុខមាលភាព ដល់​អ្នករស់នៅ។

លោក​បណ្ឌិត​តេង រិ​ទ្ឋី អ្នក​អភិវឌ្ឍន៍​បុរី Krek City Garden ដែល​បាន​បោះទុន​ជាង៣០លាន​ដុល្លារ​លើ​ផ្ទៃដី​ជិត២០ហិកតា លើ​គំរោង​នេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា មុនពេល​វិនិយោគ​លើ​បុរី​នៅ​ទីរួមស្រុក​ពញ្ញាក្រែក​នេះ ក្រុមហ៊ុន​បាន​សិក្សា​ពី​សក្តានុពល​របស់​តំបន់​នេះ ច្បាស់លាស់​រួចហើយ ទាក់ទង​នឹង​កម្រិតជីវភាព សក្តានុពល​សេដ្ឋកិច្ច និង​កត្តា​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ។

លោក​បន្តថា “ខ្ញុំ​បាន​សិក្សា​ពី​តំបន់​នេះ​កាលពី៣ឆ្នាំមុន លើ​កត្តាសេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដោយ​យើង​បាន​គិតពី​តម្លៃ​ដែល​យើង​បានដាក់​ចេញ គឺ​យើង​គិតថា​អាចធ្វើ​ទៅបាន ទើប​យើង​វិនិយោគ​គំរោង​នេះ​តែម្តង។ លោក​បន្ថែមថា “តាមពិត​ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​ថ្មី​មែនទែន ប៉ុន្តែ​ជា​ខេត្ត​មាន​សក្តានុពល ដោយមាន​មនុស្ស​រស់នៅ​ប្រមាណ៨០ទៅ៩០ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​លំនៅដ្ឋាន​ស្តង់ដា ប៉ុន្តែ​មិនទាន់មាន​អ្នកវិនិយោគ​ណា​ចាប់អារម្មណ៍ ទើប​ខ្ញុំ​សម្រេចចិត្ត​វិនិយោគ​នៅ​ទីនោះ” ។

លោក​បណ្ឌិត​តេង រិ​ទ្ឋី ដែលជា​ស្ថាបត្យករ​ល្បីឈ្មោះ​មួយរូប បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ស្រុក និង​ថ្នាក់​ខេត្ត​បាន​រីករាយ​សហការ​ជាមួយ​យើង បានធ្វើ​ឲ្យ​យើង​កាន់​តែមាន​ទឹកចិត្ត និង​មាន​ភាពងាយស្រួល​ធ្វើការ​សហការគ្នា ពិសេស​ប្រជាជន​មូលដ្ឋាន​បាន​រីករាយ​នឹង​គំរោង​នេះ ដោយសារ​ពួកគេ​ចង់​មាន​គេហដ្ឋាន​ល្អ មាន​ផ្សារ​ទំនើប ដែល​បើក​លក់​ពី​ព្រឹក​រហូតដល់​យប់​ជ្រៅ ដែល​វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​មានការ​រីកចម្រើន។

លោក​បន្តថា “អ្វីដែល​យើង​ធ្វើ គឺ​រៀបចំ​លំនៅដ្ឋាន ផ្លួ​វ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដទៃទៀត​មាន​ស្តង់ដា​លំដាប់​អន្តរជាតិ ដូច​បុរី​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ផងដែរ” ។ លោក​បន្តថា “យើង​សង្ឃឹម​ជឿជាក់ថា​គំរោង​នេះ​នឹង​ជោគជ័យ ដោយសារ​យើង​បាន​សិក្សា​ច្បាស់លាស់​ទាំង​ម៉ូត​ផ្ទះ តម្លៃ និង​តម្រូវការ​របស់​អតិថិជន ហើយ​រហូត​មកទល់ពេលនេះ យើង​មិនទាន់​បើក​លក់​ជា​ផ្លូវការ​ផង ប៉ុន្តែ​យើង​លក់​អស់​ជាង២០ភាគរយ​ហើយ” ។

លោក​បណ្ឌិត​តេង រិ​ទ្ឋី បាន​បន្តទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​យើង​កំពុង​រៀបចំ​បុកគ្រឹះ​សាងសង់ និង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ពិសេស​ទុនវិនិយោគ​យើង​មាន​គ្រប់គ្រាន់ ដែល​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ ឥលូវ​នេះ​សេដ្ឋកិច្ច​នៅតាម​បណ្តា​រាជធានី ខេត្ត​ទាំង២៥មានការ​រីកចម្រើន​ល្អ ជាពិសេស​តំបន់​ទីប្រជុំជន​ស្រុក​ពញ្ញាក្រែក ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ៣០,០០០នាក់ និង​កៀក​នឹង​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ដែលជា​ច្រកទ្វារ​អន្តរជាតិ​ធំ​ទី២ជាមួយ​ប្រទេស​វៀតណាម។

បុរី Krek City Garden ត្រូវបាន​គិតគូរ​យ៉ាង​ម៉ត់ចត់ ទៅលើ​ប្លង់​ស្ថាបត្យកម្ម ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដូចជា​ផ្លូវ សួនច្បារ ការដាំ​ដើមឈើ និង​ការ​បន្សល់ទុក​ដី​មុខផ្ទះ​ចន្លោះ​ពី១៥ទៅ៣៥ម៉ែត្រ ដែលមាន​ភាព​អំណោយផល​ដល់​ការរស់នៅ ផ្តល់​បរិយាកាស​ស្រស់ស្រាយ និង​ខ្យល់​ចេញចូល​ស្រួល ដែល​ផ្តល់​ផាសុខភាព​ដល់​អ្នករស់នៅ​ក្នុង​បុរី​នេះ៕

វិនិយោគិន​អចលនទ្រព្យថ្មីៗនៅតែ​បន្ត​ដាក់ទុន​វិនិយោគ​លើ​វិស័យ​ដីឡូត៍ជាមួយ​ក្ដី​រំពឹង​ខ្ពស់

ដោយៈ​លក្ខិណា

ភ្នំពេញៈ បើទោះបីជា​បច្ចុប្បន្ននេះ ទីផ្សារ​ដីឡូត៍​ត្រូវបាន​មើលឃើញថា ហាក់​មាន​សន្ទុះ​ស្ទើរតែ​ដល់​កំពូល​ហើយ​ក្ដី ក៏​វិនិយោគិន​អចលនទ្រព្យថ្មីៗ បន្ត​ដាក់ទុន​ជាមួយនឹង​គម្រោង​ដី​ឡូ​ត៏ ដោយ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​ក៏​ជំរុញ​ឱ្យ​យុវជន​គួរ​ទិញ​ដី​ទុក​សម្រាប់​អនាគត។

អ្នកស្រី ប៊ី ឧដ្ឋាន​វ​ត្តី អគ្គនាយិកា​ក្រុមហ៊ុន MT Property ជា​ម្ចាស់​គម្រោង​ដីឡូត៍​មួយកន្លែង​នៅ​ប៉ែក​ខាងលិច រាជធានី​ភ្នំពេញ​បានឱ្យដឹងថា អ្នកស្រី​បានចាប់ផ្ដើម​អភិវឌ្ឍន៍​គម្រោង​ដី​ឡូ​ត៏​នេះ នៅ​ចំ​ពេលដែល​ពិភពលោក​ជួបប្រទះ​នឹង​បញ្ហា ធ្ងន់ធ្ងរ​គឺ​កូ​វីដ១៩ ក៏ប៉ុន្តែ​អ្វីដែល​អ្នកស្រី ទទួលបាន​មកវិញ​គឺ​មិនគួរ​ជឿ ជាពិសេស​នៅ​អំឡុង​ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា​ក៏​ជួបប្រទះ​នឹង​គ្រោះ​ទឹក​ជំនាន់​ធ្ងន់ធ្ងរ តែ​ការលក់​គម្រោង​ដី​ឡូ​ត៏​នៅពេលនោះ ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន ដោយ​ក្នុង​រយៈពេល​ខ្លី​មួយ​សោះ លក់​អស់​ជា​ពាក់កណ្ដាលភ្លាមៗ ។

អ្នកស្រី​បន្តថា ការគាំទ្រ​បែបនេះ អ្នកស្រី​ក៏​បង្កើត​គម្រោង​ដីឡូត៍ ជា​បន្តបន្ទាប់​ទៀត ដើម្បី​បំពេញតម្រូវការ​ដល់​អ​តិ​ថិ​ជន ដែល​ត្រូវការ​ដី​ពិត និង​ទទួលបាន​ឯកសារពិតៗពី​ក្រុមហ៊ុន ។

អ្នកស្រី​និយាយថា “បច្ចុប្បន្ននេះ យើង​ទទួលស្គាល់ថា​អាជីវកម្ម​ដីឡូត៍ ពិត​ជាមាន​ច្រើន និង​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​និង​ទីតាំង ប៉ុន្តែ​ក៏មាន​ជន​មួយក្រុម​ធ្វើ​អាជីវកម្ម​មិន​ស្មោះត្រង់ ដោយ​ដី​ខ្យល់​ទៅ​អតិថិជន ទើប​អតិថិជន ត្រូវការ​អ្នក​អភិវឌ្ឍ​ដែលមាន​ភាពស្មោះត្រង់ មាន​ដី​ពិតប្រាកដ និង​មាន​ឯកសារ​ច្បាស់លាស់” ។

បើតាម​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​KW Cambodia បាន​មានប្រសាសន៍​ផងដែរ​ថា មនុស្ស​កើតជា​រៀងរាល់ថ្ងៃ រៀងរាល់ឆ្នាំ តែ​ដី​អត់​មាន​កើត​តទៅទៀត​ទេ ដូច្នេះ​ការទិញ​ដី​ទុក​សម្រាប់​អភិវឌ្ឍ​ជា​លំនៅឋាន នៅពេល​អនាគត​នឹងមិន​ខុស​បំណង​ឡើយ ហើយ​ជាម​នុស្ស​ឆ្លាត​ទៀតផង​ដែរ ។

លោក​បន្តថា “គ្រាន់តែ​នៅ​ភ្នំពេញ​មួយ មាន​មនុស្ស​ចំណូល​ថ្មី​ចូលមក​រស់នៅ​រាប់ម៉ឺន​នាក់​ក្នុងមួយឆ្នាំៗ  ដូច្នេះ​រដ្ឋបាល​រាជធានី ត្រូវការ​ពង្រីក​ផ្ទៃដី​កាន់តែ​ធំ​ជាង​មុន ដោយ​កាត់​ផ្នែក​ខ្លះ​នៃ​ខេត្ត​ជាប់​ភ្នំពេញ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ហើយ​តំបន់​ដីធ្លី ដែល​កំពុងពុះ​ឡូត៍​នៅជាយៗរាជធានី ក៏​អាច​កាត់​ចូល​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រាជធានី​ផងដែរ “ ។

លោក​បន្ថែមថា យុវជន​ដែល​កំពុងធ្វើការ​នៅ​ភ្នំពេញ និង​នៅជិតៗភ្នំពេញ គួរ​ទិញ​ដី​ឡូ​ត៏​ឱ្យបាន​ពីរ​ឡូ​ត៏ សម្រាប់​អនាគត ជាពិសេស​យុវជន​មិនទាន់​រៀបការ ។ នៅពេល​ដីឡូត៍​នោះ​មានតម្លៃ​ខ្ពស់ ពួកគេ​អាច​លក់​មួយ​ឡូ​ត៏​ដើម្បី​បាន​លុយ​រៀបការ ហើយ​ទុក​មួយ​ឡូ​ត៏​ដើម្បី​សង់ផ្ទះ​រស់នៅ​ក្រោយ​រៀបការ ។

បើតាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ដទៃទៀត ក៏បាន​និយាយ​ផងដែរ​ថា សកម្មភាព​ពុះ​ដីឡូត៍ ត្រូវបាន​មើលឃើញថា កំពុងពុះ​ក​ញ្ច្រោ​ល​នៅ​តំបន់​ប៉ែក​ខាងលិច ហើយ​តំបន់​នេះ នឹង​កាន់​តែមាន​សក្ដានុពល​ប​ន្ថែ​ម​ទៀត ក្នុងពេល​ឧស្សាហកម្ម​រោងចក្រ ក៏ត្រូវ​បាន​កំពុង​រុះរើ ទៅ​ដាក់​ទីតាំង​ថ្មី​នៅ​តំបន់​នោះបណ្ដើរៗ ដូច្នេះ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​តំបន់ឧស្សាហកម្ម និង​លំនៅឋាន​ដ៏​មាន​សក្ដានុពល នៅពេល​អនាគត​ខាងមុខនេះ៕

សម្តេច​តេ​ជោ ហ៊ុន សែន៖ តំបន់​ផ្លូវ ៦០ម៉ែត្រ កំពុង​ក្លាយជា​ទីក្រុង​ថ្មី​ដ៏​ទាក់ទាញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានលើកឡើង​ថា តំបន់​ផ្លូវ៦០ម៉ែត្រ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ បាន​នឹង​កំពុង​ប្រែ​ក្លាយទៅជា​ទីក្រុង​ថ្មី​ស្របតាម​ផែនការអភិវឌ្ឍន៍​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​បាន​មានប្រសាសន៍ថា មនុស្ស​មួយចំនួន​បាន​រិះគន់ និង​មិនឱ្យ​មានការ​អភិវឌ្ឍន៍​តំបន់​ភាគខាងត្បូង​នេះ​នោះទេ ព្រោះ​ជា​តំបន់ដីសើម ប៉ុន្តែ​ជាក់ស្តែង​វា​បាន​នឹង​កំពុងមាន​ការី​ករ​ចំរើន និង​អភិវឌ្ឍន៍​ទៅជា​ទីក្រុង​ថ្មី​របស់​រាជធានី​ភ្នំពេញ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា “ឥឡូវ​ភាគខាងត្បូង​ផ្លូវ៦០ម៉ែត្រ កំពុង​ក្លាយជា​ទីក្រុង​មួយ​ថ្មី​ហើយ ភាគ​ខាងជើង​ក៏​រីក ភាគខាងត្បូង​ក៏​រីក ភាគ​ខាងលិច​ក៏​រីក ហើយ​បន្តិចទៀត​ទៅខាង​កើត​តំបន់​អរិយ​ក្សត្រ​ក៏​រីក​ដែរ” ។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា បន្តិចទៀត​ក្រោយពេល​មានការ​នាំយក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត កម្ពុជា​នឹង​បង្កើន​ភាព​ទាក់ទាញ​ដល់​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​បន្ថែមទៀត នៅពេលដែល​ពួកគេ​ដឹង​ច្បាស់​ថា កម្ពុជា​មិនមែនជា​តំបន់​ដែល​ប្រឈម​ខ្ពស់ ឬ​ជា​ប្រទេស​ងាយ​ឆ្លង​ជំងឺ​នោះទេ។សម្តេច​បន្តថា នៅពេលដែល​កម្ពុជា អាច​ទប់ស្កាត់​ស្ថានភាព​ប្រឈម​បាន មាន​ការចាក់​វ៉ាក់សាំង​ការពារ​បានល្អ វា​នឹង​បង្កើន​ទំនុកចិត្ត​ដល់​ពួក​វិនិយោគិន ដែល​នឹង​ចូលមក​កាន់​កម្ពុជា​បន្ថែ​ម​ទៀត។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹងថា ដូច​ទៅនឹង​ប្រសាសន៍​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា តំបន់​ផ្លូវ៦០ម៉ែត្រ បាននិងកំពុង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន​កម្រិត​ខ្ពស់ ដែល​អ្នកមាន​ធនធានល្មមៗ គឺ​មិនអាច​ទៅ​ទិញ​លំនៅដ្ឋាន​នៅទីនេះ​បាន​នោះទេ ហើយ​សម្រាប់​ការ​ភិ​វ​ឌ្ឍ​វិញ​គឺមាន​គម្រោងធំៗ និងទំនើប។

លោកស្រី​បន្តថា សម្រាប់​ទីផ្សារ​ដីធ្លី​នៅ​តំបន់​នេះ​គឺមាន​ទំហំ​ធំ ហើយ​មានតម្លៃ​ខ្ពស់ ដែល​អ្នកទិញ​ភាគច្រើន ទិញ​យកទៅ​អភិវឌ្ឍន៍​សាងសង់​បណ្តុំ​លំនៅឋាន អគារ​ពាណិជ្ជកម្ម សាលារៀន និង​មន្ទីរពេទ្យ​កំរិត​ខ្ពស់ ពោលគឺ​គេ​មិនមែន​អភិវឌ្ឍន៍​លើ​គម្រោង​តូចតាច​នោះទេ។

លោកស្រី អាន សុ​ធិ​តា នាយិកា​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន CBRE Cambodia ឱ្យដឹង​ដែរ​ថា តំបន់​ផ្លូវ ៦០ ម៉ែត្រ​មានតម្លៃ​ដី​ខ្ពស់ មិនមែន​ទើបតែ​មាន​ពេលនេះ​ទេ ពោលគឺ​វា​បាន​ឡើង​ចាប់តាំងពី​សម្ពោធ​ផ្លូវ​នេះ​មក​ម្លេះ។ ដី​ដែលមាន​តម្លៃ​ល្អ គឺ​នៅជាប់​នឹង​ផ្លូវធំ និង​ក្បែរ​គម្រោង​អភិវឌ្ឍន៍ធំ។

លោកស្រី​បន្តថា ផ្លូវ៦០ម៉ែត្រ នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់ របស់​ទីក្រុង​ភ្នំពេញ​នាពេលខាងមុខ ខណៈ​តំបន់​នេះ​កំពុង​ទាក់ទាញ គម្រោង​វិនិយោគធំៗចូលទៅ​យ៉ាងច្រើន ដូចជា​គម្រោង​បុរី​លំនៅឋាន​កម្រិត​ខ្ពស់ អគារ​ការិយាល័យ និង​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប​ជាដើម ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ ទៅជា​តំបន់​អភិវឌ្ឍ៍​កម្រិត​ខ្ពស់​មួយ​ដ៏​សំខាន់ ហើយ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​សម្រាប់​ការរស់នៅ​បែប​ទំនើប និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ភ្នំពេញ៕

ប្រធាន CVEA ថា អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​ពូកែ ត្រូវ​ប្រើ​ធនធាន​អ្នកដទៃ​ដើម្បី​ទទួលបាន​ជោគជ័យ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការ​ធនធាន​អ្នកដទៃ ដើម្បី​អាច​ទទួលបាន​នូវ​ផលប្រយោជន៍ និង​ឈានទៅរក​ការសម្រេចបាន​នូវ​ភាពជោគជ័យ លើ​គម្រោង​របស់ខ្លួន ជា​សកម្មភាព​មួយ​ដែល​គួរតែ​ពិចារណា និង​យកមកអនុវត្ត​ប្រកបដោយ​ភាពត្រឹមត្រូវ និង​មាន​វិជ្ជាជីវៈ​ខ្ពស់បំផុត។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន CVEA កាលពីពេលថ្មីៗកន្លងទៅនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​កាលពី​ល្ងាច ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ការចេះ​ប្រើ​ធនធាន​អ្នកដទៃ ដើម្បី​អាច​សម្រេចបាន​ភាពជោគជ័យ ទៅលើ​គម្រោង​របស់ខ្លួន​គឺជា​វិធីសាស្ត្រ ដែល​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ យកមកប្រើ​ជា​ញឹកញាប់ ហើយ​ជាពិសេស​វិនិយោគិន​បរទេស​ដែលជា​នាយក​ក្រុមហ៊ុនធំ។

លោក​បាន​បញ្ជាក់ថា “ក្នុងន័យនេះ​ខ្ញុំ​ចង់​បញ្ជាក់ ទៅលើ​ការទទួល​ប្រើ​សេវា​របស់​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ ដែលមាន​ជំនាញ​ត្រឹមត្រូវ និង​ស្របច្បាប់” ។ លោក​បន្តថា “ខ្ញុំ​ឧទាហរណ៍​ថា ប្រសិនបើ​អ្នក​ចង់រក​ទិញ​ដី សម្រាប់​អភិវឌ្ឍន៍​អាជីវកម្ម​អ្វីមួយ ដែល​ប្រាកដថា​ជា​តំបន់​ដែលមាន​សក្ដានុពល អំណោយផល​ដល់​អាជីវកម្ម នោះ​គឺ​ត្រូវតែ​ពឹង​ទៅលើ​ក្រុមហ៊ុន​ភ្នាក់ងារ ដែល​ពួកគេ​មាន​ជំនាញ មាន​ព័ត៌មាន​ជាច្រើន​នៅក្នុង​ដៃ​ស្រាប់​ងាយស្រួល​ក្នុង​ណែនាំ” ។

លោក​បាន​បន្តថា ភ្នាក់ងារ​ជំនាញ​ដែលមាន​ក្រមសីលធម៌ មាន​វិជ្ជាជីវៈ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ត្រឹមត្រូវ នឹង​ផ្តល់​ប្រឹក្សា​ជាមួយ​អ្នកពាក់ព័ន្ធ ទៅនឹង​ការជ្រើសរើស​ដី​នៅ​ទីតាំង​ណាមួយ ដែល​អាច​ស្របទៅនឹង​ប្រភេទ​អាជីវកម្ម យល់ដឹង​ពី​តម្លៃ​ដីធ្លី​នៅលើ​ទីផ្សារ​ក្នុង​តំបន់​ច្បាស់លាស់ ហើយ​មាន​ភាពច្បាស់លាស់ ក្នុងការ​រៀបចំ​ឯកសា​រ​ច្បាប់ផ្សេងៗដែល​អាច​ជៀស​ផុតពី​ហានិភ័យ ឬ​ការខាតបង់​ក្រោយ​សម្រេចចិត្ត​ទិញ។ ផ្ទុយទៅវិញ​បើ​អ្នក មិន​ប្រើ​សេវា​ភ្នាក់ងារ​ស្របច្បាប់​នោះ អាច​នឹង​ប្រឈម​បញ្ហា​ច្រើន ដូចជា​ត្រូវ​ចំណាយពេល​ច្រើន​ក្នុងការ​ស្វែងរក​ទីតាំង​ល្អ ប្រឈម​នឹង​ការចាញ់បោក​ឈ្មួ្ញ​ញ​កណ្តាល ឬ​អ្នក​គួ​ក​ជេរ​ដី ឬ​អាច​ជ្រើសរើស​ទីតាំង​ខុសពី​ប្រភេទ​អាជីវកម្ម​របស់ខ្លួន​ក៏​អាច​ថា​បាន” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ថា អ្នកវិនិយោគ និង​អភិវឌ្ឍន៍​អន្តរជាតិ​ជាច្រើន ដែលមាន​ក្រុមហ៊ុនធំៗ មាន​គម្រោង​តម្លៃ​រាប់សិប​លាន​ដុល្លារ ពួកគេ​សុទ្ធតែ​ជ្រើសរើស​ការប្រើ​ក្រុមហ៊ុន​ភ្នាក់ងារ​ជា​ដៃគូ ពួកគេ​ជឿជាក់ថា ការប្រើ​សេវា​របស់​ក្រុមហ៊ុន​ភ្នាក់ងារ ដែលជា​ការប្រើប្រាស់​ធន​ធាន​របស់​អ្នកដទៃ សម្រាប់​សម្រេចបាន​ភាព​ជោគជ័យ ទៅលើ​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ គឺអាច​ទទួលបាន​អត្រា​ខ្ពស់ ទាំង​ការស្វែងរក​ទីតាំង​សម្រាប់​អភិវឌ្ឍន៍​គម្រោង ក៏ដូចជា​ការលក់​គម្រោង​ទាំង​មុនពេល និង​ក្រោយពេល​បញ្ចប់​ការសាងសង់​ផងដែរ៕