បច្ចុប្បន្នភាពៈអ្នកវិនិយោគចិនធំៗនិងទេសចរណ៍ចិនចាប់ផ្តើមមកកម្ពុជាកាន់តែច្រើន នៅខែកុម្ភៈខាងមុខនេះ

        ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រភពព៌តមានគួរឲ្យទុកចិត្តបានបង្ហើបឲ្យដឹងថា អ្នកវិនិយោគចិនធំៗនឹងត្រលប់មកកម្ពុជាវិញ ពិសេសភ្ញៀវទេសចរណ៍ចិន នឹងមកទស្សនាកម្ពុជាច្រើននៅកំឡុងខែកុម្ភៈខាងមុខនេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនបញ្ចប់។

ប្រភពព៌តមានដែលធ្វើការជិតសិ្នទ្ឋជាមួយក្រុមហ៊ុនចិនធំៗ និងកម្រិតរដ្ឋាភិបាលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងវិនិយោគចិនធំៗនៅកម្ពុជា ពិសេ​សក្រុងព្រះសីហនុ នឹងមានសកម្មភាពរសរវើកឡើងវិញ បន្ទាប់ពីអ្នកវិនិយោគចិនធំៗត្រលប់មកជាថ្មី ព្រោះគំរោងតម្លៃរាប់ពាន់លានដុល្លារជាច្រើននឹងចាប់ផ្តើមនៅកម្ពុជា តាម​រយៈអ្នកវិនិយោគចិន។

លោកបន្តថា “អ្នកវិនិយោគចិនភាគច្រើន បានត្រៀមត្រលប់មកកម្ពុជារួចហើយ ប៉ុន្តែពួកគេបានផ្អាកវិញ ដោយសារបញ្ហាការរីករាលដាលមេរោគកូវីដ១៩ ដែលបានកើតឡើងម្តងទៀត”។លោកបន្តថា “អ្នកវិនិយោគចិនធំៗ ដែលបានសាងសង់អាគារមជ្ឈម​ណ្ឌលពាណិជ្ជកម្មធំៗ ពួកគេមិនបោះបង់គម្រោងពួកគេចោលនោះទេ ពួកគេមកវិញជាមួយនឹងផែនការសកម្មភាព និងវិនិយោគមានភាពស៊ីជម្រៅជាងមុន”។

ជាមួយគ្នានេះ កញ្ញាហ្សាង ហៅសារ៉ាយអ្នកសារព៌តមានតំណាងរដ្ឋាភិបាលចិនប្រចាំកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តាមពិតភ្ញៀវទេសចរណ៍ចិន បានត្រៀមមកទស្សនាកម្ពុជាច្រើនឡើងវិញរួចហើយ ប៉ុន្តែនៅពេលពួកគេត្រៀមមក ប្រទេសកម្ពុជាបានកើតមានព្រឹត្តិការណ៍៣វិច្ឆិកា ហើយពួកគេត្រៀមមកម្តងទៀត ស្រាប់​តែព្រឹត្តិការណ៍២៨វិច្ឆិកាបានកើតមានម្តងទៀត។

កញ្ញាបន្តថា “ខ្ញុំជាអ្នកសរសេររបាយការណ៍ទៅរដ្ឋាភិបាលចិន ដើម្បីជំរាបពីស្ថានភាពប្រទេសកម្ពុជា ប៉ុន្តែស្ថានភាពនេះខ្ញុំមិនដឹងសរសរបែបណាឡើយ ហេតុនេះមានតែស្ងៀមស្ងាត់សិន”។កញ្ញាបន្តថា “ខ្ញុំចូលចិត្តប្រទេសកម្ពុជា ខ្ញុំរស់នៅទីនេះ៨ឆ្នាំហើយ ខ្ញុំតែងតែសរសេររឿងរ៉ាវល្អៗពីកម្ពុជា”។

នៅពេលសួរថា អ្នកវិនិយោគចិនធំៗនឹងត្រលប់មកកម្ពុជាវិញឬទេ? កញ្ញាហ្សាង ហៅសារ៉ាយបានមានប្រសាសន៍ឲ្យដឹងថា តាមព៌តមានដែលកញ្ញាទទួលបាន ពួកគេនឹងត្រលប់មកកម្ពុជាវិញនៅពេលខាងមុខ ប៉ុន្តែលឿនកម្រិតណាវាអាស្រ័យលើស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅទីនេះថា តើរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវាបានដោយរបៀបណា។

ពាក់ព័ន្ឋព្រឹត្តិការណ៍៍២៨វិច្ឆិកា កញ្ញាហ្សាងបានឲ្យដឹងថា “នៅប្រទេសចិន អ្នកឆ្លងជំងឺកូវីដហើយចេញដើរបំពាន បំរ៉ាមរដ្ឋាភិបាលចំនួន២នាក់ ត្រូវបានចាប់ដាក់ពន្ឋធនាគារ ប៉ុន្តែនៅកម្ពុជាខ្ញុំមិនដឹងទេ”។

រដ្ឋាភិបាលកម្ពុជា ចិនបានដាក់ចេញយុទ្ឋសាស្រ្តភាពជាដៃគូ គ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០កន្លងមកនេះ ដែលចាប់តាំងពីពេលនោះមក អ្នកវិនិយោគចិន ភ្ញៀវទេសចរណ៍ចិន ពិសេសជំនួយឥតសំណង និងហិរញ្ញប្បទានមានការប្រាក់ទាបបានកើងឡើងយ៉ាងគំហុកនៅកម្ពុជា។

ក្នុងកំឡុងទស្សនកិច្ចនៅកម្ពុជាកំឡុងឆ្នាំ២០១៦ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានហៅកម្ពុជាជាមិត្តដែកថែប និងអាចទុកចិត្តបាន ហើយលោកបានអះអាងថា “ចិននឹងជំរុញការរីកចម្រើនដល់កម្ពុជា និងជួយការពារអធិបតេយ្យ និងបូរណៈភាពកម្ពុជា”៕

ចរន្តទីផ្សារ និងការអភិវឌ្ឍន៍សំណង់លំនៅដ្ឋានកម្ពុជានៅតែបន្តរឹងមាំ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនថាស្ថិតនៅក្នុងពេលបច្ចុប្បន្ន ឬបន្តទៅថ្ងៃខាងមុខនោះទេ ចរន្តនៃទីផ្សារអចលនទ្រពញយផ្នែកសំណង់លំនៅដ្ឋាន ដែលរួមមានទាំងសកម្មភាពសាងសង់ និងតម្រូវការ នៅតែបន្តរក្សាបាននូវភាពរឹងមាំ និងមិនទាន់មានសញ្ញាណាមួយបង្ហាញពីក្ដីព្រួយបារម្ភនៅឡើយ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា មិនថាចំពោះពេលនេះ ឬបន្តទៅថ្ងៃខាងមុខក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត តម្រូវការទីផ្សារលំនៅដ្ឋាននៅតែបន្តរក្សាបានលំនឹងដដែល។

លោកស្រីបានបន្តថា “នៅក្នុងវិស័យអចលនទ្រព្យ ផ្នែកលំនៅដ្ឋានគឺជាគោលដៅឈានមុខគេ និងមានតម្រូវការទីផ្សារក្នុងរយៈពេលយូរ ព្រោះមនុស្សត្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅ ហើយតម្រូវការនេះនៅតែបន្តកើនឡើងជាលំដាប់ ហើយកំណើននៃចំនួនផ្គត់ផ្គង់ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ”។

លោកស្រីបានបន្តថា “បច្ចុប្បន្ន ស្របទៅនឹងសកម្មភាពនៃការសាងសង់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋាន ទាំងកម្រិតខ្ពស់ និងកម្រិតមធ្យម សម្រាប់តែក្រុមហ៊ុន CBRE Cambodia មានគម្រោងជាច្រើនដែលទទួលលក់ផ្តាច់មុខ ដែលនៅក្នុងនោះរួមមានទាំងគម្រោងលំនៅដ្ឋានបែបបុរី និងគម្រោងលំនៅដ្ឋានបែបសហកម្មសិទ្ធិ ឬហៅថាខុនដូ ខណៈដែលទីផ្សារលំនៅដ្ឋានទាំងពីរប្រភេទនេះ នៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរជាងគេនៅពេលបច្ចុប្បន្ននេះ”។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមនៅតាមតមបន់ជាយក្រុងបានមានប្រសាសន៍ថា “តម្រូវការបុរីលំនៅដ្ឋាននៅតែរក្សាបានដំណើរការល្អប្រសើរ ព្រោះម្ចាស់គម្រោងភាគច្រើនកំពុងទាក់ទាញអតិថិជនក្នុងស្រុក។ ចំណែកឯការអភិវឌ្ឍនៅតែរក្សាបានដំណើរការសាងសង់ និងមានបុរីខ្លះបានប្រគល់សោរជូនដល់អតិថិជនខ្លះទៅហើយ”។

លោកបានបញ្ជាក់ថា “នៅកម្ពុជាមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ថា ការផ្គត់ផ្គង់លើផ្នែកបុរីលំនៅដ្ឋាននេះ លើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងទៀតចំពោះម្ចាស់គម្រោងនីមួយៗ ក៏បានរិះរកយុទ្ធសាស្រ្តទីផ្សារសម្រាប់ផ្តល់លក្ខខណ្ឌក្នុងការលក់ទៅឱ្យអតិថិជនឱ្យមានភាពងាយស្រួលជាងពេលមុនៗ ហើយពេលនេះអតិថិជនដែលទិញបុរីលំនៅដ្ឋានភាគច្រើនគឺទិញសម្រាប់រស់នៅលក្ខណៈគ្រួសារមិនមែនទិញសម្រាប់ទុកវិនិយោគបន្តអ្វីនោះទេ”៕

កំណើនសេដ្ឋកិច្ចរបស់តៃវ៉ាន់ អាចនឹងវ៉ាឈ្នះចិនដីគោកជាលើកដំបូងក្នុងប្រវិត្តិសាស្ត្រ

ដោយ៖ សុខុម

ភ្នំពេញ៖ យោងតាមការប៉ាន់ប្រមាណជាផ្លូវការ និងការព្យាកររបស់ក្រុមសេដ្ឋវិទូបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ អាចនឹងវ៉ាឈ្នះកំណើនសេដ្ឋកិច្ចរបស់ចិនដីគោក ជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលជិត ៣០ឆ្នាំ។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១២ ធ្នូ។

រដ្ឋាភិបាលកោះតៃវ៉ាន់ បានកែសម្រួលការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនឡើងទៅដល់ ២,៥% កាលពីដំណាច់ខែមុន។ ទោះបីជារដ្ឋាភិបាលចិនដីគោក មិនទាន់ប្រកាសពីគោលដៅកំណើនសម្រាប់ឆ្នាំនេះក្ដី ក៏បណ្ដាសេដ្ឋវិទូព្យាករថា កំណើននោះអាចមានប្រមាណ ២% ដែលជាការងើបយ៉ាងឆាប់រហ័សពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ សម្រាប់ឆ្នាំនេះ។

ប្រសិនបើតួលេខនេះត្រូវបានបញ្ជាក់ជាការពិតមែនពេលចេញនៅដើមឆ្នាំក្រោយ នោះវាគឺជាលើកដំបូងហើយដែលកំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ វ៉ាឈ្នះកំណើនសេដ្ឋកិច្ចរបស់ចិនដីគោក ចាប់តាំងពីឆ្នាំ១៩៩១ មក។

ទាំងចិនដីគោក និងកោះតៃវ៉ាន់ សុទ្ធតែស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលធ្វើបានល្អបំផុតនៅក្នុងការទប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ថ្វីបើប្រើប្រាស់វិធីសាស្ត្រផ្សេងគ្នាយ៉ាងណាក្ដី។ ទន្ទឹមនេះ ប្រទេសចិន ក៏បានព្យាយាមទប់ការវិនិយោគបរទេសពីកោះតៃវ៉ាន់ ដែលបាននិងកំពុងធ្លាក់ចុះផងដែរ។

លោក លូអ៊ីស គូវីស (Louis Kuijs) ប្រធានផ្នែកសិក្សាសេដ្ឋកិច្ចអាស៊ីប្រចាំក្រុមហ៊ុន Oxford Economics ដែលជាក្រុមហ៊ុនផ្ដល់សេវាព្យាករណ៍សេដ្ឋកិច្ច និងការវិភាគបែបបរិមាណវិស័យទូទាំងពិភពលោកបានលើកឡើងថា “ហេតុផលចម្បងដែលកោះតៃវ៉ាន់ អាចនឹងទទួលបានកំណើនជាមធ្យមប្រហាក់ប្រហែលគ្នា ឬសូម្បីខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់ចិនដីគោល គឺដោយសារកោះតៃវ៉ាន់ អាចជៀសផុតការធ្លាក់ចុះទិន្នផលខ្លាំងកាលពីដើមឆ្នាំនេះ។ ដោយឡែកនៅចិនដីគោក មានបម្រាមហាមឃាត់មិនឱ្យប្រជាជនចេញពីផ្ទះ និងការបិទមួយផ្នែកធំនៃសេដ្ឋកិច្ចក្នុងត្រីមាសទី១។ កោះតៃវ៉ាន់ ប្រហែលជាគំរូល្អបំផុតដែលមិនបានជ្រើសរើសការបិទសេដ្ឋកិច្ចទ្រង់ទ្រាយធំបែបនេះ”។

ក្នុងត្រីមាសទី៣ សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ បានកើនឡើង ៣,៩% ពីឆ្នាំ២០១៩ ហើយគេរំពឹងថាវានឹងកើនឡើង ៣,៣% នៅក្នុងត្រីមាសទី៤ នេះបើយោងតាមរដ្ឋាភិបាលកោះតៃវ៉ាន់។ សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ទទួលបានកំណើនដោយសារការវិនិយោគក្នុងស្រុករឹងមាំ ជាពិសេសឧស្សាហកម្មផលិតបន្ទះឈីប និងការនាំចេញផលិតផលគ្រឿងអេឡិចត្រូនិក។

លោក ហ្វ្រេដឺរីក នូមែន (Frederic Neumann) សហប្រធានផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីប្រចាំនៅក្រុមហ៊ុនអង់គ្លេស HSBC ជាក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍ និងផ្ដល់សេវាហិរញ្ញវត្ថុ បានលើកឡើងថា “តម្រូវការរបស់ពិភពលោកនៅឆ្នាំនេះបានងាកទៅរកទំនិញរបស់កោះតៃវ៉ាន់ ជាពិសេសគ្រឿងអេឡិចត្រូនិក។ បរិបទថ្មីនៃការធ្វើការងារពីផ្ទះដែលធ្វើឱ្យតម្រូវការកុំព្យូទ័រ Laptop និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតកើនឡើង បណ្ដាក្រុមហ៊ុននាំចេញរបស់តៃវ៉ាន់ ជាអ្នកទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់។ ហើយក៏មានការពាក់ព័ន្ធទៅនឹងការបន្តកើនឡើងនូវតម្រូវការបន្ទះឈីបដែលកោះតៃវ៉ាន់ កំពុងតែកាក់កបមួយរយៈពេលវែងគួរសមផងដែរ”។

សង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន និងការពង្រីកការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើការនាំចេញគ្រឿងបង្គុំបន្ទះឈីបទៅកាន់ប្រទេសចិន មួយអន្លើបានរួមចំណែកជួយជំរុញការនាំចេញរបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន ឱ្យកើនឡើងខ្ពស់មិនធ្លាប់មានក្នុងខែវិច្ឆិកា។

ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២០ ការនាំចេញរបស់កោះតៃវ៉ាន់ ទៅកាន់ចិនដីគោក បានកើនឡើង ១១% រហូតដល់ទំហំទឹកប្រាក់ ៩២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១ ភាគ ៣ នៃការនាំចេញសរុប ខណៈក្រុមហ៊ុនជាច្រើននៅចិនដីគោក បាននិងកំពុងទិញបន្ទះឈីបស្តុកទុកដើម្បីត្រៀមលក្ខណៈទប់ទល់នឹងបម្រាមនាំចេញរបស់សហរដ្ឋអាមេរិក។

លោក ឡយ ចាន់ (Lloyd Chan) សេដ្ឋវិទូប្រចាំក្រុមហ៊ុន Oxford Economics ដែលផ្ដោតលើបញ្ហាកោះតៃវ៉ាន់ និយាយថា “នៅតាមរោងចក្រផលិតបន្ទះឈីបជាច្រើននៅកោះតៃវ៉ាន់ ដំណើរការផលិតភាគច្រើនគឺស្វ័យប្រវត្តិទាំងស្រុង។ ទោះបីជាកោះតៃវ៉ាន់ រងផលប៉ះពាល់ដោយសារវីរុសកូវីដ យ៉ាងណាក្ដី ក៏បណ្ដារោងចក្រផលិតឈីបត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការផលិតក៏ព្រោះតែដំណើរការដោយស្វ័យប្រវត្តិ”។

សេដ្ឋវិទូដដែលបានបន្តថា ខណៈតម្រូវការគ្រឿងអេឡិចត្រូនិកដែលកើតមានឡើងដោយសារការឆ្លងរាតត្បាតអាចនឹងថមថយទៅវិញក្នុងឆ្នាំ២០២១ នៅពេលវីរុសកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងបានជាបន្តបន្ទាប់ទូទាំងសកលលោក បច្ចេកវិទ្យាថ្មីៗដូចជា 5G និងការផ្ទេរការផលិតពីប្រទេសចិន ទៅកោះតៃវ៉ាន់ នឹងរក្សាការដឹកជញ្ជូនពីកោះតៃវ៉ាន់ ទៅកាន់ពិភពលោក។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ចាប់តាំងឆ្នាំ២០១៩ ការវិនិយោគបរទេសពីកោះតៃវ៉ាន់ រួមទាំងការវិនិយោគដែលឆ្លងកាត់កំពង់ផែដោយសេរីដូចជាកោះកៃម៉ង់ (Cayman Islands) នៅតំបន់ការ៉ាអ៊ីព ដែលគ្រប់គ្រងដោយអង់គ្លេស ជាដើម បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ តួយ៉ាង ក្នុងឆមាសទី១ ដើមឆ្នាំនេះ វាបានធ្លាក់ចុះ ៤៦% ធៀបនឹងឆ្នាំ២០១៩។
លោក ឆាលស៍ អ៊ូ (Charles Wu) សាស្រ្តាចារ្យរងផ្នែកការទូតនៅសកលវិទ្យាល័យជាតិ ឈឹងឈី (Nationa

l Chengchi University) នៅកោះតៃវ៉ាន់ បានគូសបញ្ជាក់ថា ការនាំចេញដ៏រឹងមាំរបស់កោះតៃវ៉ាន់ ទៅកាន់ចិនដីគោក នៅឆ្នាំនេះជាភ័ស្តុតាងបង្ហាញថា កោះតៃវ៉ាន់ មិនអាចកាត់ផ្ដាច់ពីទីផ្សារចិនដីគោក បានឡើយ។

ប្រសិនបើកោះតៃវ៉ាន់ ពិតជាអាចវ៉ាឈ្នះកំណើនសេដ្ឋកិច្ចរបស់ចិនដីគោក មែននោះ អ្នកវិភាគភាគច្រើនរំពឹងថា វានឹងមិនកើតឡើងជាលើកទី២ ឡើយ ព្រោះពួកគេបានព្យាករថា សេដ្ឋកិច្ចរបស់ចិនដីគោក នឹងទទួលបានកំណើនកាន់តែរឹងមាំនៅឆ្នាំក្រោយ។ ហើយរដ្ឋាភិបាលកោះតៃវ៉ាន់ ប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងដល់ ៣,៨៣% សម្រាប់ឆ្នាំក្រោយដែលនៅតែជាកំណើនដ៏រឹងមាំសម្រាប់ប្រទេសអភិវឌ្ឍន៍៕

កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង២៨លានដុល្លារក្នុងឆ្នាំ២០២០នេះ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញពីទិន្នន័យនៃប្រាក់ចំណូលនៅក្នុងឆ្នាំ២០២០ មានចំនួនត្រឹមជាង២៨លានដុល្លារ មានការធ្លាក់ចុះតិចតួចបើធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅនេះ។

ប្រតិបត្តិករកំពង់ផែទន្លេ ដែលគ្រប់គ្រងដោយរដ្ឋនេះ នៅក្នុងឯកសារផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្មីៗនេះ បានរាយការណ៍ប្រាក់ចំណូលដែលប៉ាន់ប្រមាណជាង ២៨,៨៦៣ លានដុល្លារ បើធៀបនឹងជាង ៣០,២៦០ លានដុល្លារ កាលពីឆ្នាំ ២០១៩ ធ្លាក់ចុះ ៤,៦ ភាគរយ។

ក្រុមហ៊ុន បានឱ្យដឹងថា កុងតឺន័រតាមរយៈកំពង់ផែមានកំណើន ២ភាគរយ ប៉ុន្តែសម្រាប់ការដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈឧស្ម័នបានធ្លាក់ចុះ ១,២ ភាគរយ បរិមាណនាវាដឹកទំនិញធ្លាក់ចុះ ៣,៤៩ ភាគរយ ចំនួនកាណូតដឹកអ្នកដំណើរធ្លាក់ចុះ ៦៨,២៦ ភាគរយ និងចំនួនអ្នកដំណើរ ថយចុះ ៦៩,៨៦ ភាគរយ។
ក្រុមហ៊ុននេះក៏បានកត់ត្រាប្រាក់ចំណេញសុទ្ធដែលប៉ាន់ប្រមាណចំនួន ៩,៦៨៩ លានដុល្លារ ធៀបនឹងចំនួន ១០,៥៤៧ លានដុល្លារធ្លាក់ចុះជាង ៨ ភាគរយ។

របាយការណ៍របស់ CSX បង្ហាញថា គិតត្រឹមខែតុលា CSX ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ក្នុងចំណោមនោះក្រុមហ៊ុនចំនួន ៧ ចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ៦ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៣ នេះបានប្រមូលមូលនិធិរួមចំនួន ២៥៣ លានដុល្លារ និងសន្ទស្សន៍ភាគហ៊ុនបានកើនជាង ៥៧ ភាគរយ កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៨។

ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ក្រុមហ៊ុន ២ បានចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ៣ ផ្សេងទៀតចុះបញ្ជីមូលបត្របំណុល។ ក្រុមហ៊ុនទាំង ៥ នេះប្រមូលមូលនិធិរួមចំនួន ៩២ លានដុល្លារ៕

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ប្រណី​តរបស់​អ៊ីតាលី​ប្រកាស​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

ដោយៈ វី​ធុ​ត

ភ្នំពេញៈ ក្រុមហ៊ុន Maserati ដែលជា​អ្នក​ផលិត​រថយន្តប្រណីតៗ និង​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីតាលី ប្រកាស​ឈាន​ជើង​ចូលមក​ទីផ្សារ​កម្ពុជា ហើយ​មាន​មហិច្ឆតា​ប្រែក្លាយជា​អ្នកផ្គត់ផ្គង់​រថយន្ត​ប្រណីត លំដាប់​ពិភពលោក​នៅ​ទីផ្សារ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន កាល​ចុង​សប្តាហ៍​កន្លងមកនេះ។

ក្រុមហ៊ុន Maserati ត្រូវបាន​តំណាង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន HGB Group ដែលជា​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​រថយន្ត​ដ៏​ល្បីល្បាញ​មួយ ហើយ​មាន​វត្តមាន​នៅលើ​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ២០១០ ។ ក្រុមហ៊ុន HGB Group នឹង​ចែកចាយ​រថយន្ត​ប្រណីត​របស់​អ៊ីតាលី ដែល​ត្រូវបាន​បាន​រចនា​ឡើង និង​ផលិត​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​យ៉ាង​ពេញលេញ។

ការតាំង​បង្ហាញ​រថយន្ត Maserati របស់​ក្រុមហ៊ុន HGB Group ត្រូវបាន​ធ្វើឡើង​នៅ​ទីតាំង​ដែលមាន​ភាពឆើតឆាយ និង​លេចធ្លោ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ស្វាគមន៍​អតិថិជន​របស់ Maserati នៅ​កម្ពុជា។

លោក Bernard Loire ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន Maserati បាន​និយាយថា “ការជ្រើសរើស​ដៃគូ​ត្រឹមត្រូវ និង​មាន​ផលិតផលល្អៗ គឺជា​គ្រឹះ​សម្រាប់​ភាពជោគជ័យ​របស់​យើង​នៅ​ទូទាំង​តំបន់” ។ លោក​បន្តថា “ក្រុមហ៊ុន​Maserati កំពុង​ឈានចូល​ក្នុងដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង ជាមួយនឹង​ការច្នៃប្រឌិត​និង​គម្រោងថ្មីៗ ហើយ​ឥឡូវនេះ យើង​ផ្តោតអារម្មណ៍​យ៉ាងខ្លាំង​លើ​អនាគត រួមទាំង​ម៉ូ​ដែល Hybrid និង​អគ្គិសនី។ សម្រាប់​ហេតុផល​ទាំងនេះ វា​ជា​ពេលវេលា​ល្អ ដើម្បី​ចូលរួម​ជាមួយ​យើង ក្នុងការ​ចាប់ផ្តើម​នៃ​សម័យ Maserati ថ្មី” ។

លោក Luca Delfino ប្រធាន​ក្រុមហ៊ុន Maserati ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា “ក្រុមហ៊ុន​Maserati បាន​នឹង​កំពុង​បង្កើត​វត្តមាន​របស់ខ្លួន យ៉ាងសកម្ម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ” ។

លោក​បាន​ថ្លែង​ទៀតថា “យើង​មាន​ដៃគូ​រួចហើយ​នៅ​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី” ។ លោក​បន្តថា “ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដែលមាន​ស​ក្តា​នុព​ល​មួយ សម្រាប់​កំណើន Maseratiនៅ​អាស៊ីអាគ្នេយ៍ ហើយ​យើង​រីករាយ ដែលមាន​ក្រុមហ៊ុន HGB Group ជា​ដៃគូ ដើម្បី​ពង្រឹង​តួនាទី​របស់​យើង​ជា​ម៉ាក​រថយន្ត​ប្រណីត” ៕ ‘

ក្រុមហ៊ុន​ចិន និង​អា​ហ្ស​ង់​ទីន​ចុះ​កិច្ច​ព្រៀង​សាងសង់​ផ្លូវដែក​ក្នុង​ទំហំ​ទឺ​កប្រាក់ ៤,៧ពាន់​លាន​ដុល្លារ

ដោយ​ វុត្ថា

ប៉េកាំងៈ ក្រុមហ៊ុន​ចិន និង​ប្រួស​អា​ហ្ស​ង់​ទីន បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​សាងសង់​ផ្លូវដែក បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ចំនួន៤  ដើម្បី​ពង្រឹង​ការតភ្ជាប់ និង​សមត្ថភាព​នាំចេញ និង​បង្កើត​ការងារ​របស់​ប្រទេស​អហ្ស​ង់​ទីន។

លោក Mario Meoni រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​សុក្រ​ចុង​សប្តាហ៍​កន្ល​មង​ក​នេះ​ថា កិច្ចសន្យា​ដែលមាន​តម្លៃ​ប្រហែល៤,៧ពាន់​លាន​ដុល្លារ​ក្នុងការ​វិនិយោគ និង​ជាការ​ចាប់ផ្តើម​ការអភិវឌ្ឍ​ផ្លូវដែក នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន។

លោក​បន្តថា “ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង នូវ​បណ្តាញ​ផ្លូវដែក​របស់​ប្រទេស​អា​ហ្ស​ង់​ទីន រួមមាន សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន (CRCC) ក្រុមហ៊ុន​វិស្វកម្ម​ចិន  និង​សាជីវកម្ម CRRC” ។

លោក​បន្ថែមថា កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើការ​ស្តារឡើងវិញ នូវ​ផ្លូវដែក​របស់​ភាគ​ខាងជើង​ប្រទេស​អា​ហ្ស​ង់​ទីន ជាមួយនឹង​ការវិនិយោគ​ជាង៨១៦លាន​ដុល្លារ  និង​ភាគខាងត្បូង​វិនិយោគ​ជាង២,៦ពាន់​លាន​ដុល្លារ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​ត្រូវការ​ការវិនិយោគ៧៨៤លាន​ដុល្លារ។

លោក​បន្ថែមទៀតថា កិច្ចព្រមព្រៀង​ទី៤  នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បណ្តាញ​រថភ្លើង​ដឹក​អ្នកដំណើរ ដែល​បម្រើការ​ធ្វើដំណើរ​នៅក្នុង​តំបន់ Buenos Aires Metropolitan និង​ប្រព័ន្ធ​ដឹកជញ្ជូន​ខេត្ត​ចំនួន១៣ នៃ​ប្រទេស​អា​ហ្ស​ង់​ទីន ដោយ​ចំណាយ​ទឹកប្រាក់​សរុប ៥០០លាន​ដុល្លារ។

លោក Meoni បាន​បន្ថែមទៀតថា“ គម្រោង​ទាំងនេះ ពិតជា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការបង្កើតឱ្យមាន​ការងា​រ​ផ្ទាល់ ច្រើនជាង ៣៥០០កន្លែង” ។ លោក Meoni បាន​កត់សម្គាល់ថា “កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន បង្ហាញ​នូវ​ឱកាស​មួយ​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន ខណៈពេលដែល​ប្រទេស​នេះ ជំរុញ​ការប្រកួតប្រជែង​នៃ​ការនាំចេញ​កសិកម្ម” ៕

ខេត្តរតនៈគិរី​គ្រោង​បង្កើត​កោះ​សិប្បនិម្មិត​ទំហំ​ជាង៥ហិកតា​នៅ​កណ្តាល​បឹង​កន្សែង

ដោយៈ រ៉ា​ណេ​ត

រតនៈគីរីៈ កោះ​សិប្បនិម្មិត​ថ្មី​មួយ ដែលមាន​ទំហំ៥,៣១ហិកតា គ្រោង​នឹង​បង្កើតឡើង​នៅ​ចំ​កណ្តាល​ផ្ទៃ​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនៈគីរី ដោយមាន​ការរៀបចំ​ជា​តំបន់​ធម្មជាតិ ជាទី​ជម្រក​សត្វ​ស្លាប ក្នុងនាម​ជា​ផលិតផល​ថ្មី ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំខេត្ត។ នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ពី​រដ្ឋបាលខេត្ត​រតនៈគីរី កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ។

ស្ថិតនៅក្នុង​ផែនការអភិវឌ្ឍន៍ និង​លើកកម្ពស់​សោភ័ណភាព​ក្រុង ដើម្បី​បង្កើន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ រដ្ឋបាលខេត្ត​រតនៈគីរី បានបង្ហាញ​ពី​គម្រោង​រៀបចំ និង​ស្ថាបនា​ទីសាធារណៈ​នានា ជាពិសេស​តំបន់​គោលដៅ ទេសចរណ៍សំខាន់ៗប្រចាំខេត្ត ដែល​ក្នុងនោះ​ក៏មាន​ការកសាង​កោះ​សិប្បនិម្មិត​លើកដំបូង មិន​ធ្លាប់​មាននៅ​កណ្តាល​ផ្ទៃ​បឹង​កន្សែង ធ្វើជា​ទីជម្រក​សម្រាប់​ប​ណ្តា​សត្វ​ស្លាប បន្ថែម​ពីលើ​សំណង់​អគារ​នានា​ស្ថិតនៅ​ជុំវិញ​បឹង។

អភិបាលខេត្ត​រតនៈគីរី លោក ថង សាវុន បាន​មានប្រសាសន៍​ឱ្យដឹងថា “ការកែប្រែ​មុខមាត់​ថ្មី​របស់​បឹង​កន្សែង នៅក្នុង​ផែនការ​នៃ​ប្លង់​មេ នឹងមាន​ការសាងសង់​អគារ​រដ្ឋបាល អគារ​សារមន្ទីរ អគារ​សាល​តាំងពិព័រណ៍ ទីធ្លា​ចំណតរថយន្ត ផ្លូវ​សម្រាប់​ថ្មើរជើង​នៅ​ជុំវិញ​បឹង សួនច្បារ និង​កោះ​សប្ប​និម្មិត​ជាទី​ជម្រក​សត្វ​ស្លាប​នៅ​កណ្ដាល​បឹង​ផងដែរ” ។

លោក​បាន​បញ្ជាក់ថា បឹង​កន្សែង​មាន​ផ្ទៃ​ទឹក១៨,៨១ហិកតា ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង និង​មាន​ដើមឈើ​ដុះ​ស្អេកស្កះ​នៅ​ជុំវិញ​បឹង។ ចំពោះ​អគារ​រដ្ឋបាល អគារ​មហោស្រព​គ្របដណ្ដប់ លើ​ផ្ទៃដី​មាន​ទំហំ១,១៦ហិកតា និង​កោះអណ្តែត៥,៣១ហិត​តា។ លោក​បន្តថា ក្រោយ​ការសាងសង់ និង​រៀបចំ​រួចរាល់ អ្នកទេសចរ​អាច​ជួបជុំគ្នា​ជា​លក្ខណៈ​គ្រួសារ មិត្ត​ភ័ក្តិ អង្គុយ​ទទួលទាន​អាហារ​នៅក្បែរ​មាត់បឹង អម​ជាមួយ​បរិយាកាស​ដ៏​ស្រស់ស្រាយ​របស់​បឹង​កន្សែង។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន បានបង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​គម្រោង និង​ផែនការអភិវឌ្ឍន៍​ខាង​លើ​មួយ​នេះ ដោយ​លោកស្រី​បាន​មានប្រសាសន៍ថា “តាមរយៈ​ផែនការ​នេះ វា​គឺជា​ការបង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ខេត្ត​មួយ​នេះ” ។

លោកស្រី​បាន​បញ្ជាក់ថា ខេត្ត​រតនៈគីរី ត្រូវបាន​គេ​ស្គាល់​ថា ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីឈ្មោះ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ តំបន់​ទេសចរណ៍​ភាគច្រើន​នៅ​មិនទាន់មាន​ការអភិវឌ្ឍ កែច្នៃ​បន្ថែម​នោះទេ។ មិន​ថា​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​ណា​នោះទេ។ ប្រសិនបើ​មានតែ​រូបភាព និង​ទិដ្ឋភាពដដែលៗ វា​នឹង​ក្លាយជា​ភាពស៊ាំ​របស់​ទេសចរ ដែល​ទៅ​តែម្ដង​ឬ២ដង​គេ​ណាយចិត្ត​លែង​ចង់ទៅ​ទៀត។

លោកស្រី​ថា “បឹង​កន្លែង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ក្រុង ដែល​ខេត្ត​ដទៃ​មិនមាន​នោះទេ ប៉ុន្តែ​បច្ចុប្បន្ននេះ ភាព​ទាក់ទាញ​គឺ​នៅមានកម្រិត​បំផុត ដោយសារ​ខ្វះ​ការ​ថែ​រទាំ ខ្វះ​ការរៀបចំ​សណ្តាប់ធ្នាប់​បន្ថែម។ លោក​បន្តថា “ប្រសិនបើ​មានការ​រៀបចំ​ឱ្យបាន​ល្អ ដូច​ទៅនឹង​អ្វីដែល​បានលើកឡើង នៅក្នុង​គម្រោង​ផែនការអភិវឌ្ឍន៍​ខាង​លើ​នេះ ខ្ញុំ​ជឿថា​ភាព​ទាក់ទាញ នៅក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ក្រុង​បាន​លុង ក៏ដូចជា​ខេត្ត​រតនៈគីរី​នឹងមាន​ការចាប់អារម្មណ៍​បន្ថែមទៀត” ។

ជាមួយគ្នានេះ លោកស្រី​បាន​ស្ន​ឱ្យមាន​សកម្មភាព​នៃ​ការរៀបចំ​សណ្ដាប់​ធ្នាក់ រក្សា​អនាម័យ និង​ការកែច្នៃ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មី កើតមាន​ឱ្យបាន​ច្រើន​កន្លែង​បន្ថែមទៀត៕

អចលនទ្រព្យ​កម្ពុជា៖ ទិដ្ឋភាព​អ្វីខ្លះ​នឹង​ប្រែប្រួល និង​គួរ​វិនិយោគ​នៅ​ឆ្នាំ២០២១?

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ដែល​បាននិងកំពុង​ធ្វើ​ការងា​រ​យ៉ាងសកម្មជាមួយ​អ្នកវិនិយោគ​ចិន និង​អន្តរជាតិ​ដទៃទៀត​បាន​ប្រមើលមើល​លើ​ទិដ្ឋភាព​ប្រែប្រួល​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជាសំរាប់​ឆ្នាំ២០២១ខាងមុខ​ថា​តើ​មាន​ភាពប្រែប្រួល ​និង​បត់បែន​បែបណា។

លោក​ឡោ វិចិត្រ អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល​ប្រចាំរាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃចុង​សប្តាហ៍​កន្លងមក​ថា ឆ្នាំ២០២០នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ឈានចូល​ឆ្នាំ២០២១ បងប្អូន​ប្រាកដជា​ចង់ដឹងថា អចលនទ្រព្យ​កម្ពុជា​នឹងមាន​សភាព​បែបណា ក៏ដូចជាវិវឌ្ឍន៍​ដល់​កម្រិតណា​សំរាប់​ឆ្នាំ២០២១ ខាងក្រោម​នេះ???។

លោក​បន្តថា ជាមួយនឹង​ការវិភាគផ្អែក​លើ​ទិដ្ឋភាព​សេដ្ឋកិច្ចកម្ពុជា និង​ទិដ្ឋភាព​សាកល លោក​បា​នស​ង្ខែ​ប​បទ​បង្ហាញខ្លះៗ ដោយ​បែងចែក​អចលនទ្រព្យ​ជា​ប្រភេទសំខាន់ៗដូចជា ១ ដីធ្លី ២ ផ្ទះ​ជាប់​ដី​ ឬ​ផ្ទះ​អាជីវកម្ម និង៣ ខុន​ដូជា​លំនៅដ្ឋាន​សហកម្ម​សិទ្ធិ។

តើ​ការវិនិយោគ​ទៅលើ​ប្រភេទ​មួយណា​ល្អ​ជាង និង​ហានិភ័យ​នៃ​ការវិនិយោគ​លើ​ប្រភេទ​អចលនទ្រព្យនីមួយៗ លោក​សូម​ធ្វើការ​ចែករំលែក​លើ​ចំណុចសំខាន់ៗមួយចំនួន ៖

ទី១ ដីធ្លី​នៅ​ឆ្នាំ២០២១

ដី​ជា​ប្រភេទ​អចលនទ្រព្យ​ល្អ​បំផុតសំរាប់​បងប្អូន ដែលមាន​ការស្វែងយល់​ពី​ភូមិសាស្ត្រ​ច្បាស់លាស់ ហើយ​ទទួល​ជ្រាប​ព័​ត៍​មាន​ជាក់លាក់​ស្តីអំពីគំរោង​រដ្ឋាភិបាល​ទៅ​ផែនការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ សាលារៀន និង​ផ្សារ​ជាដើម។

ប៉ុន្តែ​ប្រភេទ​អចលនទ្រព្យ​នេះ សំរាប់​បងប្អូន​ដែលមាន​សាច់ប្រាក់​គ្រប់គ្រាន់ និង​ទុន​សំរាប់​វិនិយោគ​យ៉ាងតិច​ពី៣ឆ្នាំ ឬ​អាច​រហូតដល់១០ឆ្នាំ បើ​ទិញ​ខុសពី​តំបន់​ដែល​គេ​អភិវឌ្ឍ​ន៍ ឬ​រូ​បរាង​ដី​ខុសប៉ាន់។ បើ​បងប្អូន​ត្រូវការ​សាច់ប្រាក់​បង្វិល​សំរាប់​រកស៊ី សូមពិចារណា​អោយបាន​ច្បាស់​សិន​ថា លទ្ធភាព​យើង​អាច​ទិញ​ដី​ទំហំ​ណា? ហើយ​បើកប់​ទុន​យូរ តើ​យើង​ទប់ទល់​បាន​ ឬទេ?

ទី២ ផ្ទះ​ជាប់​ដី​ ឬ​ផ្ទះ​អាជីវកម្ម

លោក​ឡោ វិចិត្រ​បាន​បន្តថា បច្ចុប្បន្ននេះ បើ​លទ្ធភាព​បងប្អូន​នៅមាន​គ​ម្រិ​ត​គឺ​ពិបាក​ទិញ​ផ្ទះ​នៅក្នុង​ក្រុង​ខ្លាំងណាស់ ព្រោះ​តម្លៃ​សំរាប់​ផ្ទះ​ជាប់​ដីនៅ​កណ្តាល​ក្រុង​គឺ​ថ្លៃ​ខ្លាំងណាស់ ដូច្នេះ​ជម្រើស​គឺ​ផ្ទះ​ជាយក្រុង។

ផ្ទះ​ជាប់​ដី​ជាយក្រុង គឺជា​ជម្រើស​ល្អ​សំរាប់​បងប្អូន ដែល​ប្រកប​អាជីវកម្ម​ ឬ​ការងារ​នៅ​ជាយក្រុង ព្រោះ​ការធ្វើដំណើរ​បច្ចុប្បន្ន​គឺ​ស្ទះ​ចរាចរ​ខ្លាំង ហើយ​ប្រើពេល​យូ​រដូចដែល​បងប្អូន​បាន​ជ្រាប​ស្រាប់​ហើយ។

ទី៣ ខុន​ដូ សហកម្ម​សិទ្ធិ

ខុន​ដូ ជា​ប្រភេទ​អចលនទ្រព្យ​ថ្មី​មួយ សំរាប់​បងប្អូន​ដែល​ត្រូវការ​បែបបទ​រស់នៅ​សម័យថ្មី ហើយ​ជា​អ្នក​ប្រកប​អាជីវកម្ម ឬ​ការងារ​នៅ​កណ្តាល​ក្រុង តែ​លទ្ធភាព​នៅមានកម្រិត។

ខុន​ដូ​ផ្តល់​ភាពងាយស្រួលសំរាប់​ទំហំ​គ្រួសារ​តូច ឬ​មធ្យម​ដែល​ត្រូវការ​លំនៅដ្ឋាន​កណ្តាល​ក្រុង ដែល​នៅ​ជិត​កន្លែងធ្វើការ​ឬ​អាជីវកម្ម។

ប៉ុន្តែ​ខុន​ដូរ​មាន​ហានិភ័យ​ខ្ពស់ ជាង​ប្រភេទ​អចលនទ្រព្យ​ជា​ដី ឬ​ផ្ទះ​ជាប់​ដី ព្រោះ​គំរោង​ដែល​ត្រូវ​បានបញ្ចប់​ការសាងសង់ តាម​កិច្ចសន្យា​ទិញ លក់ ហើយ​ប្រគល់​សោ​ទៀងទាត់​ជូន​ភ្ញៀវ​គឺ​នៅមាន​តិច។

បើ​បងប្អូន​ជាវ​ប៉ះចំ​គំរោង​ស្អុយ គឺ​ស្មើនឹង​បោះ​លុយ​ចោល​ដូចគ្នា។

ការសន្និដ្ឋាន

ប្រភេទ​អចលនទ្រព្យ​ទាំងបី​ប្រភេទ សុទ្ធតែ​មានគុណ​វិបត្តិ និង​គុណសម្បត្តិ​ដូចគ្នា​ដូច្នេះ​បងប្អូន ត្រូវ​វិនិយោគ​ទៅតាម​លទ្ធភាព ដែលមាន​ជាក់ស្តែង និង​ជ្រើសរើស​ទីតាំង​ដែល​ស្រប និង​កន្លែង​ការងារ ឬ​អាជីវកម្ម ក៏ដូចជា​ទំហំ​គ្រួសារ៕

កម្ពុជា​កំពុង​អនុវត្ត​ផែនការ​ផលិត​អគ្គិសនី​ដោយ​ថាមពល​កកើត​ឡើងវិញ​ចំនួន ២៥ភាគរយ​នៅ​ឆ្នាំ២០៣០

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​ចក្ខុវិស័យ​ដែលជា​ផែនការមេ​របស់​រដ្ឋាភិបាល បានកំណត់​ដាក់បញ្ចូល​គោលដៅ​អនុវត្តន៍​ថ្មី នៃ​ការផលិត​អគ្គិសនី​ដើរ ដោយ​ថាមពល​កកើត​ឡើងវិញ​ប្រមាណ២៥ភាគរយ នៅក្នុង​ល្បាយ​ថាមពល​នៅត្រឹម​ឆ្នាំ២០៣០ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង និង​រួមចំណែក​ក្នុងការ​ដោះស្រាយ​នូវ​បម្រែបម្រួល​អាកាសធាតុ ដែលជា​កង្វល់​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គោលដៅ​ថ្មី​នេះ ក៏​រួមបញ្ចូល​ការផលិត​អគ្គិសនី ពី​ថាមពល​កកើត​ឡើងវិញ​ចំនួន២៥ភាគរយ នៅក្នុង​ល្បាយ​ថាមពល (Energy Mix)នៅ​ឆ្នាំ២០៣០ ។ ទន្ទឹមនេះដែរ ការប្រែប្រួល​អាកាសធាតុ​ជា​បាតុភូត​ប្រទាក់ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​ជា​កញ្ចប់​គ្រប់​ជ្រុងជ្រោយ ទាំង​លើ​ទិដ្ឋភាព​សង្គម​សេដ្ឋកិច្ច និង​បរិស្ថាន។

នៅក្នុង​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​ស្តីពី ការចូលរួមចំណែករ​បស់​ជាតិ ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ត្រៀម​ដាក់ជូនទៅ​លេខាធិការដ្ឋាន អនុសញ្ញា​សហប្រជាជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ (UNFCCC) នា​ដំណាច់​ឆ្នាំនេះ កម្ពុជា បាន​បញ្ចូល​នូវ​គោលដៅ​ថ្មី​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន ប្រមាណ៣៨,៩លាន​តោន​សមមូល​ឧស្ម័ន​កាបូ​និក រួមបញ្ចូល​ទាំង​ក្នុង​វិស័យ​ព្រៃឈើ វិស័យ​សំណល់ និង​កសិកម្ម ឬ​ស្មើនឹង១៨ភាគរយ ធៀប​នឹង​សេណា​រី​យ៉ូ​តាម​ទម្លាប់​ធម្មតា (Business As Usual) នៅត្រឹម​ឆ្នាំ២០៣០ ។

ស្ថិតនៅក្នុង​គោលដៅ​ខាងលើនេះ បច្ចុប្បន្ន​សម្រាប់​វិស័យ​ថាមពល កម្ពុជា​បាន​គាំទ្រ និង​អនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ជាច្រើន​គម្រោង​ជា​បន្តបន្ទាប់ ស្ថិតនៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​ដូចជា​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​មានជ័យ​ជាដើម។

ការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ គឺជា​គោលនយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ការ​ផ្តោតជាសំខាន់ ទៅលើ​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ ស្ថិតក្នុង​អាទិភាព​មួយ។ បណ្តាញ​ផ្គត់ផ្គង់​នៅ​កម្ពុជា ដែល​រួមមាន២៥ខេត្ត​ក្រុង ក្នុងនោះ១៥ខេត្ត ក្រុង​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្តាញ​បញ្ជូន​ជាតិ ហើយ​គោលដៅ​របស់​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ កម្ពុជា​នឹង​រំពឹងថា​សម្រេច​ឲ្យ​បាន នូវ​ផ្តល់​អគ្គិសនី​ឲ្យ​បាន​ទាំង២៥ខេត្ត​ក្រុង ដោយ​ថាមពល​អគ្គិសនី​ក្នុង​ប្រភេទ​តុង​ស្យ​ង់​ខ្ពស់។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​កម្ពុជា​បានធ្វើ​បច្ចុប្បន្នភាព ផែនការ​ថាមពល​រប​ស់​ខ្លួន សម្រាប់​ឆ្នាំ២០២០ ដល់​ឆ្នាំ២០៣០ បន្ថែម​ពីលើ​គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល ពី​វិស័យ​ឯកជន រដ្ឋាភិបាល​ក៏បាន​គ្រោង​ប្រើ​ឧស្ម័ន​ធម្មជាតិ (Natural Gas) សម្រាប់​ការផលិត​ថាមពល​អគ្គិសនី ក្នុង​ចំណែក​មួយ​ដ៏​ធំ ដែលមាន​អនុភាព​សរុប៣៦០០មេ​ហ្គា​វ៉ាត ដោយ​អាច​នឹង​ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ២០២៧ រហូតដល់​ឆ្នាំ២០៣០ ។

លោក​បន្តថា “សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ២០២១ បន្ទាប់ពី​ថយចុះ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជម្ងឺ​កូ​វីដ១៩” ។ លោក​បន្តថា “ដូច្នេះ​តម្រូវការ​ថាមពល​រប​ស់​ប្រទេស​កម្ពុជា​រំពឹងថា នឹងមាន​សន្ទុះ​ឡើងវិញ ក្នុងនេះ​ឧស្ម័ន​ធម្មជាតិ នឹង​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ល្បាយ​ប្រភព​ថាមពល​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និង​លំនៅដ្ឋាន”៕

ចំណេះដឹង! អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ?

ដោយ​វុត្ថា

ភ្នំពេញៈ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ គឺជា​ឯកសារ​ផ្លូវការ​មួយ ប្រើ​ដើម្បី​បញ្ជាក់ ពី​ប្រភពដើម​ទំនិញ ដែល​បាន​ផលិត​ឬ​បានទទួល​ទាំងស្រុង នៅក្នុង​ប្រទេសមួយ។

ជាទូទៅ​ឯកសារ​នេះ គឺជា​ផ្នែក​ស្នូល​នៃ​ឯកសារ​នាំចូល ដែល​ប្រទេស​នាំចូល​បាន​តម្រូវ។

នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ សម្រាប់​នាំចេញ​ទំនិញ ក្រោម​ប្រព្រឹត្តិកម្ម អនុគ្រោះ អ្នក​នាំចេញ​ឬ​តំណាង​ទទួល​សិទ្ធិ​របស់ខ្លួន ត្រូវដាក់​ពាក្យ​ជា​លាយលក្ខណ៍អក្សរ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម ទំនិញ​ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​គាំទ្រ ត្រឹមត្រូវ ដែល​បង្ហាញថា ទំនិញ​ដែល​ត្រូវ​នាំចេញ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចេញ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ មាន​ពីរ​ប្រភេទ​គឺ៖

  • មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​និង
  • ទទួលបាន​ភាពអនុគ្រោះ​ពន្ធ។

ប្រទេស​ដែល​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​កម្ពុជា​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ ទទួលបាន​អត្រាពន្ធ​អនុគ្រោះ​ក្នុង​ទម្រង់ផ្សេងៗដូចជា៖

  • អាស៊ាន-អូស្ត្រាលី-ញ៉ូ​វ​ហ្សី​លែ​ន៖ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ AANZ
  • ចិន: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AC
  • ឥណ្ឌា: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AI
  • កូរ៉េ: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AK
  • ជប៉ុន: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AJ
  • វៀតណាម: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ S
  • ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម (LDC និង​LLDC): វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ A ។
  • អត្រាពន្ធ​មិន​អនុគ្រោះ​អាច​ចេញ​បាន ដោយ​ប្រើ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់​N៕