ដោយៈ រ៉ាណេត
ភ្នំពេញៈ ទោះជាមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសាកលលោកនាពេលបច្ចុប្បន្ន ដែលកំពុងមានការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច ក៏គេសង្កេតឃើញមានការកកើតនូវក្រុមហ៊ុន ក៏ដូចជា ភ្នាក់ងារប្រឹក្សាជាបន្តបន្ទាប់ ដើម្បីអាចទទួលកម្រៃជើងសារនៅក្នុងទីផ្សារអចលនទ្រព្យ។

-->
ទោះជាបែបណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានអះអាងថា ភាពច្បាស់ការណ៍ អាចទទួលបានជោគជ័យ លើការផ្តល់សេវាកម្ម ឬបរាជ័យគឺអាស្រ័យ ទៅលើចំណេះដឹង និងភាពវៃឆ្លាតរបស់បុគ្គលដែលជាភ្នាក់ងារ។
អ្នកជំនាញបានលើកឡើងថា ដើម្បីអាចឈរជើង និងរកស៊ីបានយូរ នៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុត ក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យគឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។ ដូច្នេះ តើអ្នកគួរស្វែងយល់ដឹងអ្វីខ្លះនៅក្នុងវិស័យមួយនេះ?។
១- សិក្សាពីតម្លៃក្នុងស្រុក
នេះជាកិច្ចការដំបូង ដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យ ក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗ ក្នុងប្រទេសរបស់អ្នក ជាពិសេសតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍។ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យ ក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។
អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះ មានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?។
២- មើលទៅតំបន់ជាយក្រុង
ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថាបច្ចុប្បន្នតើការអភិវឌ្ឍន៍ នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា?។ នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ី នៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
៣- ត្រូវតាមដានព័ត៌មានឱ្យបានល្អិតល្អន់
ត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។
មួយទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នក៕