ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ទទួលបាន​គ​ម្រោ​ង​វិនិយោគ៣ និង​មាន​ទុនវិនិយោគ សរុប​ជិត១១០លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ ស្រុក​កៀនស្វាយ ដែលជា​ចំណុះ​ខេត្តកណ្តាល មាន​ព្រំប្រទល់​ជាប់​រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​វិនិយោគធំៗចំនួន៣ព្រម​គ្នា ដែលមាន​ទុន​សរុប​រហូតដល់​ជិត១១០លាន​ដុល្លារ លើ​ការសាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ រោងចក្រ​ផលិត​ជី​កសិកម្ម និង​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក។

តាមរយៈ​សេចក្ដីប្រកាស​ជា​ផ្លូវការ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ចុង​ស  ប្ដា​ហ៍​នេះ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​គាំទ្រ និង​អនុម័ត​ទាំង​ស្រុក​ទៅលើ​គម្រោង​វិនិយោគធំៗចំនួន៣ស្ថិតនៅក្នុង​ស្រុក​កៀន ជាមួយ​ទុន​សរុប​ជិត១១០លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត៨០០នាក់។

គម្រោង​ទាំង៣ ដែល​ទើបតែ​ទទួលបាន​ការអនុម័ត ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា រួមមាន​ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ១១,៧លាន​ដុល្លារ អាចបង្កើត​ការងារ​បាន​ចំនួន៥២កន្លែង។

ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម​មាន​ទីតាំង ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ២០,១លាន​ដុល្លារ បង្កើត​ការងារ​បាន​ចំនួន១៧៤កន្លែង។

ក្រុមហ៊ុន  INTER-MATTRID BEVERAGE (CAMBODIA) CO., LTD ជា​គម្រោង​ដែល​ធំជាងគេ គឺ​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន៧៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៥០កន្លែង។

ជាមួយនឹង​ការសម្រេច​គាំទ្រ ទៅលើ​គម្រោង​ទាំងអស់​ខាងលើនេះ រាជរដ្ឋាភិបាល​ក៏បាន​កំណត់ និង​តម្រូវឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​របាយការណ៍​ពី​ផលប៉ះពាល់​នានា​នៃ​គម្រោង ដល់​ប្រជាពលរដ្ឋ សង្គម និង​បរិស្ថាន ដើម្បី​អាចធ្វើឱ្យ​គម្រោង​មានដំណើរ​ដោយ​រលូន។

បច្ចុប្បន្ន​នៅក្នុង​ស្រុក​កៀនស្វាយ ជាពិសេស​នៅតាម​តំបន់​ផ្លូវជាតិ​លេខ​មួយ បាន និង​កំពុងមាន​ការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​វិស័យ​លំនៅដ្ឋាន បានបង្ហាញ​ពី​ភាពលេច​ធ្លោ ជាមួយនឹង​គម្រោង​បុរី​លំនៅដ្ឋាន​ជាច្រើន ដូចជា គម្រោង​បណ្ដុំ​កៀនស្វាយ​ផ្លា​ហ្សា បុរី​កៀនស្វាយ​ផាក ជាពិសេស​គម្រោង​អភិវឌ្ឍន៍​សួន​កម្សាន្ត ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ។ បន្ថែម​ពីនេះ នៅមាន​គម្រោង​ពង្រីក​កំពង់ផែ​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​បង្កើត​កំពង់ផែ​ទេសចរណ៍​ផងដែរ ដែល​ជំរុញ​ឱ្យ​តំបន់​កាន់​តែមាន​សក្ដានុពល៕

ខេត្តកំពត​នឹងមាន​រដ្ឋបាល​ប្រមូលផ្តុំ​នាពេល​ខាងមុខនេះ និង​លើក​ទី១សំរាប់បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ

ដោយៈ​វុត្ថា

ភ្នំពេញៈ ខេត្តកំពត នឹងមាន​រដ្ឋបាល​ប្រមូលផ្តុំ​នាពេល​ខាងមុខនេះ ស្របតាម​បំណង​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​នានា​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល។

លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ខេត្ត​រៀបចំ​រដ្ឋបាល ប្រមូលផ្តុំ​ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​បំរើសេវាសំខាន់ៗនានា​ជូន ខណៈដែល​រដ្ឋបាល​ប្រមូលផ្តុំ​នេះ បណ្តុំ​ទៅដោយ​មន្ទីរ​ស្ថាប័ន​គ្រប់​ជំនាញ។

លោក​បន្តថា “ផែនការ​នេះ​បង្កើតឱ្យមាន​រដ្ឋបាល​ប្រមូលផ្តុំ​នេះ ត្រូវការ​ទាមទា​ឱ្យមាន​ការសិក្សា​លម្អិត និង​ពេលវេលា​បន្ថែមទៀត  ខណៈដែល​រដ្ឋបាល​ប្រមូលផ្តុំ​នេះ មាន​គ្រប់​សេវា​ទាំង​អស់ពី​អង្គភាព​គ្រប់​ស្ថាប័ន និង​មន្ទីរជំនាញ ដោយ​ប្រជាពលរដ្ឋ​មិនបាច់​ទៅរក​នៅ​ទី​ន្លែ​ង​ផ្សេង​នោះទេ” ។ លោក​ន្ថែ​ម​ថា “រឿង​បង្កើត​រដ្ឋបាល​ប្រមូលផ្តុំ​នេះ គឺជា​ការគិត​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ទៅមុខទៀត យើង​ត្រៀម​ធ្វើ​វា ខ្ញុំ​មិនទាន់​ឆ្លើយតបភ្លាមៗនោះទេ គឺ​ត្រូវ​ការគិតគូរ និង​ពេលវេលា​បន្ថែម” ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​កន្លងមកនេះ បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កំពត បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ សិក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​តំបន់​រដ្ឋបាល​ប្រមូលផ្តុំ និង​គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ថ្មី ប្រចាំ​នៅក្នុង​ខេត្តកំពត ដើម្បី​ចូលរួម​លើកកម្ពស់​សក្ដានុពល និង​សេដ្ឋកិច្ច​ខេត្ត​ឱ្យ​កាន់តែ​រីកចម្រើន។

រដ្ឋាភិបាល​បានកំណត់​យក​ទីក្រុង​កំពត ជា​ទិសដៅ​ទេសចរណ៍ សំខាន់បំផុត​មួយ និង​ជា​កន្លែង​ប្រមូល​ផលិតផល​កសិកម្ម សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុង​ទី​ក្រុប​ឆ្នេរសមុទ្រ​មួយ​នេះ កំពុង​ត្រូវបាន​កសាង និង​អភិវឌ្ឍន៍។

យោងតាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​កំពត​គឺ រដ្ឋាភិបាល​កំពុង​សំដៅ​រៀបចំ និង​អភិវឌ្ឍ ក្រុង​កំពត​ជា​ក្រុង​គុជ​បៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ​ម៍ និង​ពាណិជ្ជកម្ម តាមរយៈ​ការអភិវឌ្ឍន៍​ជាទី​ក្រុង រមណីយដ្ឋាន​គុជ​ទេសចរណ៍​ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ៌​ម ដែល​ស្អាត​បំផុត​លើ​សកលលោក។

តាមរយៈ​ចក្ខុវិស័យ​នគររូបនីយកម្ម​នេះ ទីក្រុង​កំពត​នឹង​អភិវឌ្ឍ​ទៅជា​មជ្ឈមណ្ឌល​កែច្នៃ​ផ​លិ​ផល កសិកម្ម ឧស្សាហកម្ម ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កសិកម្ម និង​ចែកចាយ​ទំនិញ និង​ជាទី​ក្រុង​ទំនើប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ទីក្រុង និង​គុណភាព​បរិស្ថាន​រស់នៅ​ប្រសើរ៕

ក្រុមហ៊ុន​ថៃធំៗចំនួន៤ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​ខ្នាត​យក្សនៅ​មី​យ៉ាន់​ម៉ា

ដោយៈ​សុខុម

អន្តរជាតិៈ​ក្រុមហ៊ុន​ថៃធំៗចំនួន៤ រួមមាន​ក្រុមហ៊ុន B.Grimm Group ក្រុមហ៊ុន Amata Corporation ក្រុមហ៊ុន PTT និង​ក្រុមហ៊ុន Global Power Synergy បាន​ចុះ​កិច្ចព្រមព្រៀង​លើ គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​ខ្នាត​យក្ស​មួយ លើ​ផ្ទៃដី​រហូតដល់​ទៅ ៨០០គីឡូ​ម៉ែត្រការ៉េ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា។

លោក​ហា​រ៉​ល លីង (Harald Link) ប្រធាន​ក្រុមហ៊ុន B.Grimm បាន​ថ្លែងថា តាម​ការរំពឹងទុក អនុស្សរណៈ​នៃ​ការយោគយល់ (MoU) មួយ​អាច​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ដើមឆ្នាំ២០២១ ដ៏​ខ្លី​ខាងមុខ។

លោក​បាន​បន្តថា “តួនាទី​សំខាន់​របស់​ក្រុមហ៊ុន B.Grimm នៅក្នុង​ការចាប់​ដៃ​សហការ​នេះ គឺ​ដំណើរការ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​មួយ នៅក្នុង​សួន​ឧស្សាហ​កម្មនេះ សម្រាប់​ផ្គត់ផ្គង់ ដល់​សួន​ឧស្សាហកម្ម​នេះ​ទាំងមូល ហើយ​សល់​ប៉ុន្មាន​លក់​ទៅឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា” ។

ទោះជា​យ៉ាងណា លោក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែមទៀត ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះឡើយ។

លោក​លើកឡើងថា អាជីវកម្ម​ផលិត​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន B.Grimm Group នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ស្វែងរក​ប្រាក់​ចំណូល ក្នុង​រយៈពេល៨ ឆ្នាំ​បន្ទាប់ ដោយ​កំណត់​គោលដៅ​ប្រាក់ចំណូល សរុប​រហូតដល់​ទៅ១៥០ពាន់​លាន​បាត (ប្រមាណ ៥ ពាន់​លាន​ដុល្លារ) នៅត្រឹម​ឆ្នាំ២០២៨ ។

នៅ​ឆ្នាំ​នេ​ចំនួន ៧០% នៃ​ប្រាក់ចំណូល​ប៉ាន់ស្មាន​សរុប​របស់​ក្រុមហ៊ុន​នេះ (៦០ ពាន់​លាន​បាត ឬ​ប្រមាណ២ពាន់​លាន​ដុល្លារ) បាន​ពី​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី B.Grimm Power Plc. ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន។

ក្រុមហ៊ុន B.Grimm ដំណើរការ​អាជីវកម្ម​ថាមពល​អគ្គិសនី ដែលមាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​សរុប ៣.០១៩ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ប្រទេស​ជាច្រើន រួមមាន ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ដែល​ចែកចាយ​បន្ត​មក​ប្រទេស​កម្ពុជា​យើង​ផងដែរ៕

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។

៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង។

ខេត្តព្រះសីហនុ ទទួលបានចំណូលជាង ២,២២លានដុល្លារ ពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន

ដោយ ៖ វត្ថា

ព្រះសីហនុ ៖ លទ្ធផលនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៨៩០០លានរៀល ស្មើនឹងជាង ២,២២លានដុល្លារនៅក្នុងឆ្នាំ២០២០ ជាមួយចំនួនយានយន្តសរុប ១៦,២៥០គ្រឿង។

ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ីផល បានឱ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹងជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក ដោយសាខាពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមានចំនួន ១៦,២៥០គ្រឿង និងប្រមូលថវិកាបានចំនួន ៨,៨៩៦,៥១០,០០០រៀល បើធ្វើការប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មានយានយន្តកើនឡើងចំនួន ៣,១៨១គ្រឿង និងប្រាក់ពន្ធកើនឡើង ១,៨២៦,៩៨០,០០០រៀល ស្មើនឹង២៥ភាគរយ។

លោកបានបន្តឱ្យដឹងបន្ថែមទៀតថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើងក្នុងឆ្នាំ២០២០នេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹកពីកាតព្វកិច្ចបង់ពន្ធចូលមកបង់ពន្ធ នៅតាមសាខាពន្ធដារ និងតាមធនាគារនានាបានទាន់ពេលវេលាមានការកើនឡើងជាបន្ត បន្ទាប់ជារៀងរាល់ឆ្នាំ ទោះបីកម្ពុជា និងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ យ៉ាងណាក៏ដោយ។

លោកប្រធានសាខាពន្ធដារបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបើកសិក្ខា សាលាផ្សព្វផ្សាយអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តនានាដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីកាតព្វកិច្ចបង់ពន្ធជូនដល់បងប្អូនប្រជាពលរដ្ឋ។

បច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋកាន់តែច្រើន ពួកគាត់បាននាំគ្នាចូលមកបង់ពន្ធជូនរដ្ឋនៅតាមស្នាក់ការសាខាពន្ធដារក្រុង ស្រុក និងតាមធនាគារដែលបានសហការចុះកិច្ចព្រមព្រៀង (MOU) ជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការប្រមូលពន្ធនៅតាមធនាគារ មានដូចជាធនាគារអេស៊ីលីដា ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជា សាធារណៈ និងធនាគារ ANZ រ៉ូយ៉ាល់ជាដើម៕

ការព្យាករណ៍ៈប្រាក់ដុល្លារនឹងបន្តធ្លាក់ថ្លៃរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១

ដោយៈសាខុម

អន្តរជាតិៈ ការព្យាករណ៍ថ្មីមួយបានរកឃើញថា តម្លៃប្រាក់ដុល្លារទំនងជានឹងបន្តធ្លាក់ចុះរយៈពេលយ៉ាងតិច៦ខែទៀត ស្របពេលបណ្ដាវិនិយោគិន បន្តងាកទៅវិនិយោគលើទ្រព្យសកម្មមានហានិភ័យ (Risky asset) ដែលផ្ដល់ផលចំណេញខ្ពស់។ នេះបើយោងតាមលទ្ធផលស្ទង់មតិរបស់ទីភ្នាក់ព័ត៌មាន Reuters ដែលបានសាកសួរក្រុមអ្នកជំនាញខាងរូបិយប័ណ្ណ។

ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្រោយភាគហ៊ុនឡើងថ្លៃឡើងវិញ កាលពីខែវិច្ឆិកា រូបិយប័ណ្ណដុល្លារ បានធ្លាក់ថ្លៃប្រមាណ៣,០សេនកាលពីខែមុន ហើយបន្តធ្លាក់ថ្លៃជិត៦សេននៅឆ្នាំនេះ ធ្វើឱ្យរូបិយប័ណ្ណមួយនេះសំយ៉ុងក្បាលចុះ ឆ្ពោះទៅរកលទ្ធផលប្រចាំឆ្នាំដ៏អាក្រក់បំផុត របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧មក។

ថ្វីបើពលរដ្ឋអាមេរិករហូតដល់ទៅប្រមាណ១៤លាននាក់ បានឆ្លងវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏គេនៅតែមានក្ដីសង្ឃឹមថា ស្ថានភាពនឹងល្អប្រសើរឡើងក្នុងឆ្នាំសារពើពន្ធថ្មី ហើយវ៉ាក់សាំងកូវីដ-១៩ នឹងជួយជំរុញឱ្យភាគហ៊ុនពិភពលោកឡើងថ្លៃ ខណៈរូបិយប័ណ្ណដុល្លារ បន្តធ្លាក់ថ្លៃក្នុងរយៈពេលវែងគួរសម។

តាមការព្យាករណ៍ ធនាគារកណ្ដាលរបស់អាមេរិក ឬFederal Reserve នឹងផ្ដល់ការតម្រង់ទិសកាន់តែប្រសើរថា តើរយៈពេលយូរប៉ុណ្ណា ដែលខ្លួននឹងបន្តទិញប័ណ្ណបំណុ​ល ដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណដុល្លារ។

ជាង២ភាគ៣នៃក្រុមអ្នកវិភាគ ពោលគឺចំនួន៥១រូបក្នុងចំណោម៧២រូប ដែលបានឆ្លើយសំណួរដាច់ដោយឡែកពីគ្នា របស់ទីភ្នាក់ព័ត៌មាន Reuters ពួកគេបានរំពឹងថា ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណដុល្លារ ទំនងជានឹងបន្តយ៉ាងហោចណាស់ ដល់ពាក់កណ្ដាលឆ្នាំ២០២១។ ចំណែកឯអ្នកវិភាគចំនួន២១រូបទៀតនិយាយថា រូបិយប័ណ្ណដុល្លារនឹងឡើងថ្លៃវិញឆាប់ជាងនេះ៕

រមណីយដ្ឋានកំពតឋានសួគ៌កំពុងបង្កើនភាពទាក់ទាញជាមួយសួនផ្កាឈូករ័ត្ន ដ៏ធំល្វឹងល្វើយលើកដំបូងនៅក្នុងខេត្ត

ដោយៈ រ៉ាណេត

កំពតៈ គម្រោងអភិវឌ្ឍន៍តំបន់កម្សាន្ត និងលំហែរកម្រិតខ្ពស់ប្រចាំខេត្ត “កំពតឋានសួគ៌” ក្រោមទុនវិនិយោគជាច្រើនលានដុល្លារ ដែលគ្រោងបើកដំណើរជាផ្លូវការនៅត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ កាន់តែបង្កើនភាពទាក់ទាញយ៉ាងខ្លាំងជាមួ​យនឹងសួនចំការផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយ មិនធ្លាប់មានពីមុនមកបន្ថែមពីលើតំបន់កម្សាន្ត និងលំហែរជាច្រើនកន្លែងទៀត។

លោកឧកញ៉ានួន អក ម្ចាស់អភិវឌ្ឈន៍គំរោងនេះបានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍជាទីកម្សាន្តកម្រិតខ្ពស់ប្រចាំខេត្ត បច្ចុប្បន្នក្រុមការងារជំនាញបាន និងកំពុងរៀបចំនូវទីតាំងកម្សាន្តប្លែកៗជាច្រើន ដែលក្នុងនោះរួមមានដូចជាទីតាំងជិះទូកកម្សាន្តតាមមាត់ព្រែក កន្លែងថតរូបអនុស្សាវរីយ៍ តំបន់សួនផ្កាចំរុះ ជាពិសេសសួនផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយលើកដំបូងប្រចាំខេត្តកំពតដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង។

លោកឧកញ៉ាបានបន្តថា “តាមរយៈភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ ជាពិសេសភាពអំណោយផលពីធម្មជាតិ ទៅលើវិស័យទេសចរណ៍ ខ្ញុំជឿជាក់ថានៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ ខេត្តកំពតនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្ននេះមានអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនចំណាយដើមទុនជាច្រើនលានដុល្លារលើការវិនិយោគ និងកែច្នៃជាតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង” ។

គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតមួយនេះគឺមានទំហំធំធេង និងត្រូវបានបែងចែកជាតំបន់កម្សាន្តផ្សេងៗគ្នាជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់កម្សាន្តសួនផ្កាឈូករ័ត្ន តំបន់កម្សាន្ត និងលំហែរព្រៃកោងកាង ព្រៃអំពិលអំពែក ភោជនីយដ្ឋាន តំបន់ផ្ទះលំហែរ និងសណ្ឋាគារ ដែលនៅថ្ងៃអនាគត អាចសាងសង់រហូតដល់ប្រមាណ១០០០បន្ទប់។

លោកឧកញ៉ានួន អកបានបញ្ជាក់ថា “ជាគោលដៅនៃភាពជោគជ័យរបស់គម្រោងគឺការប្រមូលផ្តុំនូវមនុស្ស ឱ្យទៅរស់នៅក្នុងតំបន់ដ៏ស្រស់ស្អាតមួយនេះ ឱ្យបានកាន់តែច្រើន រួមជាមួយនឹងការបង្កើតជាទីប្រជុំជន ដែលក្រៅពីជាតំបន់កម្សាន្ត ថែមទាំងអាចអនុញ្ញាតឱ្យបងប្អូនប្រជាជនមានការងារធ្វើ កាត់បន្ថយការចំនាកស្រុក ហើយអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារ យ៉ាងហោចណាស់១០០០ដុល្លារក្នុងមួយខែ ក៏ដូចជាអាចផ្តល់ចំណូលដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ”។

 

នៅក្នុងគំរោងដ៏ធំទីនេះ ត្រូវបានហ៊ុព័ទ្ធ ទៅដោយខ្សែទឹកសមុទ្រទាំងរដូវប្រាំង ទាំងរដូវវស្សា មានហ្វូងសត្វស្លាបទឹក ជាពិសេសមានដើមរុក្ខជាតិ ព្រៃកោងកាងនៅជុំយ៉ាងស្រស់ស្អាត ដែលនៅពេលអនាគត កំពតឋាន អាចនឹងកា្លយជាតំបន់ទេសចរណ៍ឈានមុខគេ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាផ្តល់ការងារជូនដល់ប្រជាពលរដ្ឋទូទៅប្រមាណ១០០០នាក់ ខណៈដែលគម្រោងដ៏អស្ចារ្យប្រចាំ ខេត្តកំពតមួយនេះ នឹងបើកសម្ពោធដំណើរការជាផ្លូវការនៅត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

បុរីKC ផ្តល់ជូននូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែល្អប្រសើរសំរាប់អតិថិជន

ដោយគង់ សូរិយា

        ភ្នំពេញៈ ក្នុងគោលដៅលើទឹកចិត្ត និងផ្តល់លំនៅដ្ឋានតម្លៃសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា បុរីKCបាននិងកំពុងវិនិយោគ លើលំនៅដ្ឋានតម្លៃមធ្យមដល់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម។

បុរីដែលមានទីតាំងនៅក្បែរផ្សារព្រែកព្នៅថ្មីនេះ បាននិងងកំពុងសាងសង់លំនៅដ្ឋា​នតម្លៃមធ្យម និងខុនដូតម្លៃសមរមន្យផងដែរ។

បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។

បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕

ក្រុមហ៊ុន SUNDOOR កំពុងរួមចំណែកយ៉ាងសកម្មក្នុងវិស័យសំណង់នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន SUN DOOR ផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC នៅពេលបច្ចុប្បន្ន បាននិងកំពុងបំបែកទីផ្សារកាន់តែទូលាយ និងមានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសំណង់នៅកម្ពុជា។

វត្តមានរបស់ក្រុមហ៊ុនផលិតពិដាន និងទ្វារ PVC ម៉ាក SUNDOOR នៅលើទីផ្សារសំណង់កម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព សោភ័ណភាព និងភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ការបំពាក់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក អាចកម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យ។

អ្នកតំណាងក្រុមហ៊ុន SUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើរការផ្គត់ផ្គង់ផលិតផលក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅនៃភាពជោគជ័យយ៉ាងត្រចះត្រចង់។

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168

ចិនបានផ្តល់សម្បទានហិរញ្ញប្បទានជិត ៣០០០ លានដុល្លារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ប្រទេសចិនបានជួយអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចំរើន តាមរយៈការផ្តល់សម្បទានហិរញ្ញប្បទានប្រមាណជិត ៣០០០លានដុល្លារអាមេរិក ក្នុងការកសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លើកទី១១ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវនៃចិន រយៈពេលពីរថ្ងៃ២-៣ ខែធ្នូ ឆ្នាំ២០២០បញ្ជាក់ថា ក្រៅតែពីការផ្តល់ជំនួយសម្បទានហិរញ្ញប្បទាននេះ ក្រុមហ៊ុនចិនក៏បានចូលរួមស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ ដែលមានប្រវែងជាង ៣០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស និងស្ពានធំៗចំនួន ៨ ដែលមានប្រវែង ៨គីឡូម៉ែត្រសម្រាប់ប្រទេសកម្ពុជាផងដែរ។

លោកបន្តថា “បន្ថែមពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា ក៏កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge ដែលមានតម្លៃវិនិយោគប្រមាណ ២០០០លានដុល្លារអាមេរិក” ។

លោកបន្ថែមថា “ជាមួយគ្នានេះ ក្រុមហ៊ុននេះ បានសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងបាវិត នៃព្រំដែនកម្ពុជា-វៀតណាម ដោយតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ”។

បើតាមលោក ស៊ុន ចាន់ថុល ក្រៅពីការទទួលបានសម្បទានហិរញ្ញប្បទានពីប្រទេសចិន កម្ពុជាក៏ទទួលពីសប្បទានហិរញ្ញប្បទាន និង ជំនួយឥតសំណង ពីប្រទេសជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន និង ដៃគូអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែផងដែរ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា មូលនិធិទាំងអស់នេះទាំងពីវិស័យឯកជន និងសាធារណៈត្រូវបានយកមកស្តារ និងលើកកម្ពស់គុណភាពនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាដោយតភ្ជាប់ពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បីបង្កើនការដឹកជញ្ជូនៅក្នុងស្រុក និងធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការវិនិយោគ។

លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសគម្រោងផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ថៃក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរសម្រាប់ធ្វើការដឹកជញ្ជូន។ ជាមួយគ្នានេះ កំពង់ផែកទឹកជ្រៅនៅក្រុងព្រះសីហនុដែលអាចធ្វើពាណិជ្ជកម្មបានប្រមាណ៧០ ភាគរយក៏ត្រូវបានពង្រីក និងធ្វើទំនើបកម្ម។ ក្រៅពីនេះ កំពង់ផែស្វាយ័តភ្នំពេញថ្មីនៅតាមដងទន្លេមេគង្គ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងព្រលានយន្តហោះអន្តរជាតិក៏កំពុងត្រូវបានសាងសង់យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ ។

លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបានជួយឱ្យសេដ្ឋកិច្ចមានការរីកចំរើនក្នុងរង្វង់៧ភាគរយអស់រយៈពេលជាង២ទសវត្សកន្លងមកនេះ ហើយនឹងអាចជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕