ចំណេះដឹង! តើ​ការដឹកជញ្ជូន​វាយណភ័ណ្ឌ​ចេញពី​រោងចក្រ​ទៅកាន់​ទីកន្លែង​បំពេញបែបបទ​គយ​នាំចេញ​មាន​និតិ​វិធី​ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញៈ នីតិវិធី​នៃ​ការដឹកជញ្ជូន​ផលិតផល​សម្រេច​របស់​វិនិយោគ​កាត់ដេរ ចេញពី​រោងចក្រ ទៅកាន់​ទីកន្លែង​បំពេញបែបបទ​គយ​នាំចេញ មាន​ដូចខាងក្រោម៖

  • ការដឹកជញ្ជូន​ផលិតផល​សម្រេច​ពី​រោងចក្រ​នានា មកកាន់​កន្លែង​បំពេញបែបបទ​គយ​នាំចេញ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ណាមួយ របស់​សាមី​រោងចក្រ (វិក្កយបត្រ ប័ណ្ណ​បញ្ចេញ​ពី​ឃ្លាំង លិខិត​ដឹកជញ្ជូន។ល) ដែលមាន​បញ្ជាក់​យ​ថា​ប្រភេទ និង​បរិមាណ​ទំនិញ តម្រាយ​ផ្លូវ​ចរាចរ កន្លែង​ចេញដំណើរ កន្លែង​ទៅដល់ និង​កាលបរិច្ឆេទ​ច្បាស់លាស់​សម្រាប់​បម្រើឱ្យ​ការផ្ទៀងផ្ទាត់​ជាយថាហេតុ ពី​មន្ត្រី​គយ​និង​រដ្ឋាករ មាន​សមត្ថកិច្ច។
  • សាមី​ក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ប្រសិនបើ​រកឃើញថា មានការ​ក្លែងបន្លំ​តាម​រូបភាព​នានា ដែល​អាច​បង្កប់​នូវ​បទល្មើស​គយ​ជាយថាហេតុ​នាពេល​ដឹកជញ្ជូន​ទំនិញ​ទាំងនេះ៕

គណៈកម្មការជំនាញកំពុងពន្លឿនការងារត្រៀមបើកការដ្ឋានស្ថាបនាផ្លូវចំនួន៣៨នៅក្នុងខេត្តសៀមរាប

ដោយ ៖ រ៉ាណេត

សៀមរាប ៖ គណៈកម្មការជំនាញអន្តរក្រសួងកំពុងពន្លឿនការសិក្សាលម្អិត និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅទូទាំងក្រុងសៀមរាបឱ្យបានរួចរាល់មុនខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីត្រៀមបើកបើកការដ្ឋានសាងសង់ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការអន្តរក្រសួងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានជំរុញដល់អន្តរក្រសួង ជាពិសេសក្រុមការងារជំនាញពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឱ្យបានរួចរាល់នៅមុនខែវិច្ឆិកាខាងមុខនេះ។

សម្ដេចបានបញ្ជាក់ថា “គណៈកម្មការអន្តរក្រសួងដែលទទួលខុសត្រូវលើការស្ថាបនាផ្លូវទាំង៣៨ខ្សែ ត្រូវពន្លឿនការសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមបើកការដ្ឋានក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងស្ថាបនាផ្លូវថ្នល់ទំាង៣៨ខ្សែ នៅក្នុងខេត្តសៀមរាបនេះ រំពឹងថានឹងរួចរាល់ជាស្ថាពរតាមការគ្រោងទុកនៅក្នុងឆ្នាំ២០២១ខាងមុខ ដើម្បីកែប្រែមុខមាត់ថ្មី របស់ខេត្តសៀមរាបឲ្យកាន់តែល្អ ក្នុងគោដៅទាក់ទាញភ្ញៀវទេសចរ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការអន្ដរក្រសួងបានបញ្ជាក់ថា ក្រុមការងារជំនាញ បានចុះពិនិត្យមើលស្ថានភាពផ្លូវជាច្រើនខ្សែនៅក្រុងសៀមរាបដើម្បីបានជ្រាបច្បាស់ពីស្ថានភាពជាក់ស្ដែង និងរៀបចំគម្រោងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

ផ្លូវដែលត្រូវបានគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យរួមមានដូចជា ផ្លូវហ្សាដឺហ្គោល ផ្លូវកូម៉ៃផ្លូវ ជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ផ្លូវអមមាត់ស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុងសៀមរាបឲ្យកាន់តែល្អងាយស្រួលធ្វើដំណើរ។

គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់សម្តេច ដោយបញ្ជាក់ថា ទោះបីពេលនេះប្រទេសជាតិយើង កំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ហើយការអភិវឌ្ឍនេះដើម្បីធានាឱ្យទីក្រុងទេសចរណ៍ដ៏ធំនេះកាន់តែមានភាពទាក់ទាញ ល្អប្រណិត និងងាយស្រួលដល់ការធ្វើចរាចរណ៍៕

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុប្រើប្រាស់បុគ្គលិកជនជាតិខ្មែរចំនួន ២៣០០នាក់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គម្រោងផ្លូវសាងសង់ល្បឿនលឿនភ្នំពេញ-ព្រះសីហនុបាននឹងកំពុងខិតខំប្រឹងប្រែងបណ្តុះបណ្តាលពង្រឹងការងារ និងជំនាញដល់បុគ្គលិកក្នុងស្រុកជាបន្តបន្ទាប់ ដែលបច្ចុបន្បន្នគម្រោងនេះមានបុគ្គលិកជនជាតិខ្មែរដែលកំពុងបំរើការងារសរុបទាំងអស់ជាង២៣០០នាក់ស្មើនឹងប្រមាណ ៧៥.៣ភាគរយ នៃបុគ្គលិកក្នុងគម្រោងទាំងមូល។

យោងតាមរបាយការណ៍របស់ក្រុមទទួលម៉ៅការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០នេះ បង្ហាញថាក្រុមហ៊ុនប្រកាន់ភ្ជាប់នូវគំនិត “ការបង្រៀនបុគ្គលិកអោយពឹងលើជំនាញខ្លួនឯង” នៅក្នុងការងារជាក់ស្តែង គ្រូបង្រៀនជនជាតិចិនដែលមានបទពិសោធន៍បានធ្វើការដឹកនាំបុគ្គលិកក្នុងស្រុកជាច្រើន ដោយជួយពង្រឹងសមត្ថភាពសាងសង់ដល់ពួកគាត់បន្ថែម នឹងផ្តល់នូវឱកាសការងារជាក់ស្តែងសម្រាប់បុគ្គលិកក្នុងស្រុកផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា កាលពីកន្លងមកនេះ បានមានប្រសាសន៍ថា គម្រោងសាងសង់វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅទូទាំងប្រទេសបានផុ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន កាត់បន្ថយចំណាកស្រុក និងបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បាននឹងកំពុងមមាញឹកក្នុងការស្ថាបនាដោយគ្រោងនឹងបើកឱ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ៕

ទីផ្សារលំនៅដ្ឋាននៅអាមេរិក ហក់ឡើងខ្លាំង ខណៈតម្រូវការអចលនទ្រព្យពាណិជ្ជកម្មដាំក្បាលចុះ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក មានកំណើនយ៉ាងខ្លាំង ដោយសារអត្រាប្រាក់កម្ចីមានទ្រព្យបញ្ចាំទាប ហើយអតិថិជនកំពុងសម្លឹងមើលការវិនិយោគនៅទីក្រុង និងជាយក្រុងផ្សេងៗ។ ប៉ុន្តែអគារការិយាល័យ ផ្សារទំនើប និងអចលនទ្រព្យពាណិជ្ជកម្មផ្សេងៗទៀតបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតឆ្លង។

ការកើនឡើងនៃកម្មវិធី Zoom (ZM), Slack (ការងារ) និងឧបករណ៍ផលិតភាពផ្សេងទៀត បានធ្វើឱ្យមានភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការរៀបចំការិយាល័យនៅផ្ទះ ហើយនៅតែអាចបំពេញការងារបាន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Amazon (AMZN) និងអ្នកលក់រាយឌីជីថលផ្សេងៗទៀតកំពុងរីកដុះដាល ក្នុងអំឡុងពេលការរីករាលដាលនៃ Covid-19។
លោក Derek Hamilton សេដ្ឋវិទូប្រចាំក្រុមហ៊ុន Ivy Investments បាននិយាយថា “វានឹងមានតម្រូវការអចលនទ្រព្យពាណិជ្ជកម្មតិចជាងមុន ដោយសារតែការកើនឡើងនៃប្រជាប្រិយភាពនៃការទិញទំនិញតាមអនឡាញ និងធ្វើការពីផ្ទះ”។

ក្រុមហ៊ុនអចលនទ្រព្យសាជីវកម្ម Brookfield Property Partners (BPY) បានឱ្យដឹង ថា ខ្លួននឹងបញ្ឈប់បុគ្គលិក ២០ ភាគរយក្នុងចំណោមបុគ្គលិក ២០០០ នាក់ នៅក្នុងហាងលក់រាយរបស់ខ្លួនដែលជាម្ចាស់ផ្សារ និងមជ្ឈមណ្ឌលទិញទំនិញផ្សេងទៀត ដែលរួមមាន Tysons Galleria នៅរដ្ឋ Virginia និង Grand Canal Shoppes។

យោងតាមអ៊ីមែលផ្ទៃក្នុង ដែលទទួលបានដោយ CNN Business ក្រុមហ៊ុន Brookfield បានបញ្ជាក់ថា “អាជីវកម្មរបស់យើងមានការរំខាន និងរាំងស្ទះ ដោយសារតែជំងឺ Covid-19 ហើយបន្ទាប់ពីការពិចារណាយ៉ាងល្អិតល្អន់ យើងបានសម្រេចចិត្តយ៉ាងលំបាក ក្នុងការកាត់បន្ថយទំហំកម្លាំងពលកម្មរបស់យើង”។
ទោះយ៉ាងណា អ្នកជំនាញខ្លះសង្ឃឹមថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មមួយចំនួននឹងវិលត្រឡប់មកវិញនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញបន្តិចម្តង៕

វិស័យឯកជនកំពុងពួតដៃជាមួយរដ្ឋាភិបាលអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅតំបន់ជ្រោយចង្វារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាតំបន់ដែលស្ថិតនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ ខណ្ឌជ្រោយចង្វារនៅពេលបច្ចុប្បន្ននេះ បាន និងកំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនយ៉ាងខ្លាំងជាមួយនឹងកម្លាំងអភិវឌ្ឍន៍យ៉ាងសម្បូរបែបពីវិស័យឯកជន និងរដ្ឋាភិបាល។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានមានប្រសាសន៍នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា ខណ្ឌជ្រោយចង្វារពេលនេះមិនដូចកាលពី១០ឆ្នាំមុននោះទេ ដែលសូម្បីតែតំបន់ធ្លាប់តែលិចទឹកល្ហល្ហាចនោះ បានជំនួសដោយសំណង់អគារលំនៅដ្ឋានយ៉ាងស្អេកស្កះ។

លោកបានបន្តថា “បច្ចុប្បន្ននេះ សម្រាប់តែវិស័យសំណង់លំនៅដ្ឋានក្រោមការវិនិយោគពីវិស័យឯកជនបានបង្ហាញរូបរាងស្អេកស្កះ ដែលលំនៅដ្ឋានខ្លះមានតម្លៃរហូតដល់ជាង៥០ម៉ឺនដុល្លារក៏មាន។ ក្រៅពីនេះ នៅមានសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតមិនខ្ពស់ៗជាច្រើនគម្រោង ដែលគម្រោយខ្លះកំពុងសាងសង់ ហើយគម្រោងខ្លះទៀតបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ដំណើរការជាផ្លូវការ”។

លោក ឃ្លាំង ហួត បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងខណ្ឌនេះមានគម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃរាប់រយលានដុល្លារ ជាក់ស្ដែងក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ នៅមានគម្រោងក្រុងរណបធំៗចំនួន២ទៀត គឺគម្រោងរបស់ក្រុមហ៊ុន OCIC និងគម្រោងរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ដែលកំពុងដំណើរការសាងសង់ជាបណ្តើរ”។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “នេះជាមោទនភាពថ្មីមួយក្រោមការដើរតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា”។ លោកបានបន្តថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផ្នែកទន់ ដើម្បីគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍផ្នែករឹងដែលត្រូវនាំមុខដោយវិស័យឯកជន តាមរយៈការកសាងនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបម្រើដល់វិស័យមួយនេះ ដូចជាច្បាប់សំណង់ ការគ្រប់គ្រងបុរី ការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ អាជ្ញាបណ្ណផ្នែកសេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ រួមជាមួយនឹងសេចក្ដីប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុជាដើម”។

ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Sam Sn Realty Co,. Ltd បានមានប្រសាសន៍ថា “នៅតំបន់នេះភាគច្រើន ជាគម្រោងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានកម្រិតខ្ពស់ ជាក់ស្ដែងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចជិតគល់ស្ពានជ្រោយចង្វាររហូដល់ផ្លូវបំបែកលីយ៉ុងផាត់ គឺមានគម្រោងបុរីលំនៅដ្ឋានបែបទំនើបៗជាច្រើន។ ដោយឡែកសម្រាប់តំបន់ដែលនៅកៀកនឹងរាជធានីភ្នំពេញ ក៏មានគម្រោងអភិវឌ្ឍន៍សំណង់អាគារខ្ពស់ៗជាច្រើនគម្រោងផងដែរ ដែលភាគច្រើនជាគម្រោងខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិបែបទំនើប”។

លោក សំ សុខនឿន បានមានប្រសាសន៍បន្តទៀតថា “គម្រោងភាគច្រើនជាលំនៅដ្ឋានបែបទំនើប ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកច្រើនជាងគម្រោងអាគារពាណិជ្ជកម្ម។ មូលហេតុដែលជំរុញឱ្យវិនិយោគិនធំៗ ងាកមកអភិវឌ្ឍន៍តំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាពរីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប មានសណ្ឋានដីធំទូលាយអំណោយផលដល់ការវិនិយោគ”៕

ការសិក្សា៖ ទីផ្សារជួលឧបករណ៍សំណង់នៅទូទាំងពិភពលោកនឹងមានតម្លៃ ១៧៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៦

ដោយវុត្ថា

ភ្នំពេញ៖ របាយការណ៍សិក្សាមួយបង្ហាញថា ទីផ្សារជួលឧបករណ៍សំណង់នៅទូទាំងពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងដល់តម្លៃ ១៧៤,៥២ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២៦ខាងមុខនេះ ខណៈរបាយការណ៍នេះ ត្រូវបានសិក្សាគ្របដណ្ដប់លើក្រុមហ៊ុនផលិតធំៗជាច្រើននៅលើពិភពលោកដោយផ្អែកលើស្ថានភាពទីផ្សារ ផលិតកម្ម ការប្រើប្រាស់ និងព័ត៌មានផ្សេងៗ។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញា កត្តាសំខាន់ៗមួយចំនួនដែលជំរុញឱ្យមានកំណើនទីផ្សារមានកត្តាចំបងមួយគឺឧស្សាហកម្មសំណង់កំពុងមានការរីកចម្រើនជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងការរីកចម្រើនជាច្រើននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និង មិនមែនតំបន់លំនៅដ្ឋាន។

របាយការណ៍នេះពន្យល់ថា ការកើនឡើងនៃការសាងសង់ផ្ទះដែលមានគ្រួសារច្រើន និងការកើនឡើងនូវការវិនិយោគលើការសាងសង់ផ្លូវថ្នល់ផ្លូវហាយវេ ទីក្រុងឆ្លាតទីក្រុង មេត្រូ ស្ពាន និងផ្លូវល្បឿនលឿន កំណើនប្រជាជន និងនគរូបនីយកម្ម បានធ្វើឱ្យទីផ្សារជួលនៅក្នុងទីផ្សារសំណង់កើនឡើខ្ពស់។

វិសាលភាពនៃរបាយការណ៍ ក៏បាននេះសិក្សាពីទំហំទីផ្សារជួលឧបករណ៍សំណង់ទូទាំងពិភពលោក ស្ថានភាពឧស្សាហកម្ម និងការព្យាករណ៍លើទិដ្ឋភាពនការប្រកួតប្រជែងផងដែរ។

របាយការណ៍នេះឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ទីផ្សារចុងក្រោយនិងនិន្នាការលេចធ្លោរបស់ទីផ្សារ និងត្រូវបានស្រាជ្រាវវិភាគទៅលើខ្សែសង្វាក់តម្លៃ ការវិភាគឧស្សាហកម្ម ដោយថាមពលរបស់អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់។ម៉្យាងទៀតរបាយការណ៍នេះ ក៏រួមបញ្ចូលទាំងបច្ចេកវិទ្យាថ្មីនៃឧស្សាហកម្មជួលគ្រឿងសំណង់ដែលនឹងជួយដល់អតិថិជន៕

គម្រោងអភិវឌ្ឍន៍បុរី វិមានភ្នំពេញ ឌឹអេមផាយអឺ តំបន់ជ្រោយចង្វារចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ បុរី វិមានភ្នំពេញ ឌឹអេមផាយអឺ (The Empire) ដែលជាប្រភេទផ្ទះវីឡាប្រណីតតម្លៃខ្ពស់ ស្ថិតនៅក្នុងគម្រោងទី១១របស់ក្រមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក ស្ថិតនៅភូមិបាក់ខែង (ស្ពានទី៤) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសម្ពោធការដ្ឋានបុកគ្រឹះចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការ។

នៅក្នុងឱកាសនៃការសម្ពោធបើកការដ្ឋានបុកគ្រឹះដំណើរការសាងសង់លំនៅដ្ឋានកម្រិតខ្ពស់លើផ្ទៃដីទំហំជាង២០ហិកតា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១១រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានចាប់ដំណើរការអភិវឌ្ឍន៍នៅវិស័យអចលនទ្រព្យ ជាពិសេសវិស័យលំនៅដ្ឋានគ្រប់ប្រភេទបានរហូតដល់ចំនួន១១គម្រោង ដែលក្នុងនោះរួមមានដូចជា អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យម។

លោកឧកញ៉ាបានបន្តថា “កត្តាដែលធ្វើឱ្យក្រុមហ៊ុនអាចឈានជំហានបោះទុនវិនិយោគអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានបានរហូតដល់គម្រោងទី១១ រួមជាមួយនឹងផែនការអភិវឌ្ឍន៍គម្រោងថ្មីៗបន្ថែមទៀតនៅថ្ងៃខាងមុខនេះ ក៏ព្រោះតែក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពសំណង់ គុណភាពសេវាកម្ម ទីតាំងភូមិសាស្ត្រអភិវឌ្ឍន៍ និងផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ”។

លោកឧកញ៉ាបានបន្តថា “ភាពរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុនរហូតមកដល់ពេលនេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាព ការជំរុញលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសការគាំទ្រជឿទុកចិត្តពីសំណាក់អតិថិជន ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជនរបស់ បុរី វិមានភ្នំពេញ ដែលតែងតែគាំទ្រលើគុណភាពសំណង់របស់ក្រុមហ៊ុនមួយនេះតាំងពីដើមរៀងមក”។

តាមរយៈសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក បានចូលរួមចំណែកក្នុងការកែប្រែតំបន់មួយចំនួនដែលជាដីឡូតិ៍ទុកចោលមិនមានមនុស្សរស់នៅឱ្យក្លាយទៅជាបណ្តុំលំនៅដ្ឋានយ៉ាងស្រស់ស្អាត និងកៀងគរប្រជាពលរដ្ឋឱ្យចូលទៅរស់នៅប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មយ៉ាងផុសផុល រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។

អភិបាលរងរាជធានីភ្នំពេញ លោក ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផ្នែកទន់ ដើម្បីគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍផ្នែករឹងដែលត្រូវនាំមុខដោយវិស័យឯកជន តាមរយៈការកសាងនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបម្រើដល់វិស័យមួយនេះ ដូចជាច្បាប់សំណង់ ការគ្រប់គ្រងបុរី ការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ អាជ្ញាបណ្ណផ្នែកសេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ រួមជាមួយនឹងសេចក្ដីប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជាដើម”។

លោកអភិបាលបានបន្តទៀតថា “សម្រាប់វិស័យឯកជនដែលជាម្ចាស់គម្រោងសាងសង់នានា ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ សូមមេត្តាជួយថែរក្សា និងប្រើប្រាស់ឱ្យចំទិសដៅនូវរាល់សមិទ្ធផលទាំងឡាយរបស់រដ្ឋ ដើម្បីជាប្រយោជន៍រួមក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនផង និងដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធនាន សម្រាប់ជាមរតកដល់មនុស្សជំនាន់ក្រោយ”៕

អភិបាលខេត្តកែប អំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ អភិវឌ្ឍតំបន់កោះ

ដោយ៖ វុត្ថា

ភ្នំពេញ៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអំពាវនាវដល់បណ្តាដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ មកអភិវឌ្ឍតំបន់កោះនៅក្នុងមូលដ្ឋានខេត្ត ស្របពេលដែលខេត្តជាប់មាត់សមុទ្រមួយនេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សោម ពិសិដ្ឋ បានឱ្យដឹងកាលពីថ្មីៗនេះថា នៅក្នុងមូលដ្ឋានខេត្ត មានកោះចំនួន១២ ដែលសុទ្ធសឹងជាកោះមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតអ្នកវិនិយោគជាតិ និងអន្តរជាតិ បណ្តាក់ទុនបាន។

លោក បានថ្លែងថា “ខេត្តកែបមានកោះចំនួន១២ និងថ្មបំប្រះទឹក១។ អ្នកវិនិយោគជាតិ និងអន្តរជាតិអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្នុងការអភិវឌ្ឍទាំងនៅលើគោក និងលើទឹក ដែលអាចឱ្យមានចរន្តទៅវិញទៅមក”។

លោក បានបន្តថា “អ្នកទេសចរមកលេងកម្សាន្ត និងហូបបាយនៅតំបន់ឆ្នេរ ទៅវិញនោះទេ។ យើងនឹងព្យាយាមទាក់ទាញពួកគាត់មកស្នាក់នៅ និងកម្សាន្តនៅក្នុងខេត្តកែបឱ្យកាន់តែយូរ តាមរយៈការអភិវឌ្ឍផលិតថ្មីៗនេះក្នុងខេត្ត”។

លោក ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលមិនទាន់ការអភិវឌ្ឍ ដូចជានៅតាមបណ្តាកោះមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត។

លោក បានបន្តថា “នៅពេលដែលមានការអភិវឌ្ឍ និងប្រែក្លាយតំបន់កោះទៅជាតំបន់ទេសចរណ៍ វាធ្វើឱ្យភ្ញៀវទេសចរស្នាក់នៅបានយូរ។ កន្លងមក ភ្ញៀវទេសចរបរទេសមកលេងកម្សាន្តតែម្តងកន្លែង រួចហើយត្រឡប់ទៅវិញ ដែលធ្វើឱ្យមានការបាត់បង់ចំណូលពីទេចរណ៍”។

បច្ចុប្បន្ន រដ្ឋាភិបាលបាននិងកំពុងផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ ដែលនឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពលដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”៕

ADB៖ សេដ្ឋកិច្ចកម្ពុជានិងស្ទុះងើបឡើងវិញ 5.9 %សម្រាប់ឆ្នាំ2021ខាងមុខនេះ

ដោយ៖ ប៊ី
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុននៃផលិតកម្មវិស័យកសិកម្ម និងការកើនឡើងនៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជា កង់ និង គ្រឿងអេឡិចត្រូនិច។

សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល។ នេះបើយោងតាមការព្យាកររបស់ ADB ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
តែទោះជាយ៉ាងណាក៍ដោយ បច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីស្នាក់ការរបស់ ADB ប្រចាំកម្ពុជា ធនាគារនេះបានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង -៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា “ជំងឺរាតត្បាតបណ្ដាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ យើងរំពឹងថាកំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម”។

លោកស្រីបន្តថា វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែលចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និងអាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩។ ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាម៉េរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF) ប្រហែល ១ភាគ៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ ។ ប៉ុន្តែកំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឱ្យការនាំចេញ ផលិតផលក្រៅពីទំនិញកាត់ដេររបស់កម្ពុជាកើនឡើង ៣០.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០។

លោកស្រីបន្តថា កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើន ៥.១% ក្នុងឆ្នាំ ២០២០ ប្រសិនបើការនាំចេញនៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងបន្តងើបឡើង។ កូវីដ១៩ ជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា។ វាត្រូវបានរំពឹងថា នឹងមាន ការបើកដំណើរការជាបណ្ដើរៗឡើងវិញ នៅឆមាសទី២ នៃឆ្នាំ ២០២០ ប៉ុន្តែវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ ១៥.១% ក្នុងឆ្នាំ ២០២០ ។ ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ៩៨.១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥០០០ នាក់បាត់បង់ការងារ។ ហានិភ័យនៅតែមាន ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ និងសំណង់ និងការថយចុះ នៃកសិផល ដោយសារមានភ្លៀងធ្លាក់តិច ក្នុងខែមិថុនានិងខែកក្កដា។ តម្រូវការអ្នកប្រើប្រាស់ ក៏អាចបន្ត ធ្លាក់ចុះដោយសារជំងឺរាតត្បាតនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រដល់ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន២៥០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍ អាស៊ីនឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១.៤៥ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្ម និងធនធានធម្មជាតិ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅទីក្រុង និងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណង ពង្រីកវិសាលភាពនៃការទទួលបានសេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេស៕

កម្ពុជា ត្រៀមចុះហត្ថលេខអនុសញ្ញាទីក្រុង Cape Town ដើម្បីឈានទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍នានានៅទីផ្សារអន្តរជាតិ

ដោយ៖ វុត្ថា

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ដើម្បីត្រៀមចុះហត្ថលេខអនុសញ្ញា Cape Town ស្តីពី ផលប្រយោជន៍អន្តរជាតិ ដែលអាចឱ្យកម្បូជាប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅលើទីផ្សារអន្តរជាតិតាមរយៈឱកាសទទួលបានហិរញ្ញប្បទានសមភាព។

ការពិភាក្សានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពី ផលប្រយោជន៍អន្តរជាតិនៅក្នុងចលនទ្រព្យ (ទ្រព្យសកម្ម)រវាង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ RoseWood-Phnom Penh។

អនុសញ្ញាអន្តរជាតិ Cape Town ត្រូវបានរៀបចំឡើងរួមគ្នាដោយវិទ្យាស្ថាន UNIDROIT និងអង្គការ ICAO ហើយបានអនុម័តនៅទីក្រុង ខេបថោន ប្រទេសអាហ្វ្រីកខាងត្បូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានគោលបំណងសម្របសម្រួលដល់ការផ្តល់ហិរញ្ញប្បទានជាទ្រព្យសកម្ម ឬការជួលអាកាសយាន និងសម្ភារៈបរិក្ខាអាកាសចរ។

១) អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីចុះហត្ថលេខារួមមានៈ

-ការកាត់បន្ថយថ្លៃចំណាយលើការខ្ចី និងការទទួលហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍និងកិច្ចប្រតិបត្តិការអាកាសយាន
-កាត់បន្ថយថ្លៃចំណាយលើការជួលឬការទិញអាកាសយាននិងគ្រឿងបរិក្ខា
-បង្កើនជម្រើសហិរញ្ញប្បទាន
-តម្លៃសំបុត្រមានតម្លៃទាបជាងមុន
-ជួយសម្រួលដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានលទ្ធភាពអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅលើទីផ្សារអន្តរជាតិតាមរយៈឱកាសទទួលបានហិរញ្ញប្បទានសមភាព។

២) ឧត្តមានុវត្តន៍ក្នុងការរៀបចំផ្តល់សច្ចាប័នលើអនុសញ្ញា។

ក្រៅពីកិច្ចប្រជុំពិភាក្សាអនុសញ្ញានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកឡើងផងដែរអំពីកិច្ចការទូទៅពាក់ព័ន្ធនឹងស្ថានការបច្ចុប្បន្ន ដូចជាជំងឺកូវីដ-១៩ ដែលឯកអគ្គរដ្ឋទូតអាមេរិកបានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានចាត់វិធានការបានទាន់ពេលវេលា ហើយឯកអគ្គរដ្ឋទូតក៏បានសន្យានឹងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀតលើវិស័យអាកាសចរតាមរយៈការជួយជាអ្នកជំនាញ និងជួយដល់ការកសាងនូវឯកសារចាំបាច់មួយចំនួន។

ថ្វីបើអនុសញ្ញាអន្តរជាតិនេះជាទូទៅត្រូវបានគេប្រើភាគច្រើននៅក្នុងវិស័យអាកាសចរស៊ីវិលក៏ដោយ ក៏អនុសញ្ញានេះអាចអនុវត្តបានផងដែរចំពោះវិស័យផ្សេងៗទៀតស្របតាមពិធីសារខុសៗគ្នានៃអនុសញ្ញា ដូចជា រថភ្លើង អាវកាស រ៉ែ កសិកម្ម និងបរិក្ខាសំណង់ជាដើម ហើយរហូតមកទល់ពេលនេះមានប្រទេសចំនួន៧៨ប្រទេសហើយដែលបានចុះ ផ្តល់សច្ចាប័នគិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ និងដោយឡែកមានប្រទេសចំនួន១៦ នៅអាស៊ីបានផ្តល់សច្ចាប័ន រួមមានៈ Afganistan, Australia, Bangladesh, China, Fiji, India, Indonesia, Kazakstan, New Zealand, Malaysia, Mongolia, Myanmar, Pakistan, Singapore, Tajikistan and Vietnam៕