ក្រុមហ៊ុន SUNDOOR ពង្រីកទីផ្សារកាន់តែទូលាយនៅលើទីផ្សារកម្ពុជា

អត្ថបទ ៖ រ៉ាណេត

ភ្នំពេញ ៖ ទើបតែបានចាប់ដំណើរការក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនផ្គត់ផ្គង់ផលិត និងផ្គត់ផ្គង់ប្រភេទទ្វារ PVC និងពិដានបែបទាន់សម័យ SUNDOOR បានបំបែកទីផ្សារកាន់តែទូលាយ និងមានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសំណង់នៅកម្ពុជា។

បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ វត្តមានរបស់ SUNDOOR នៅលើទីផ្សារសំណង់កម្ពុជា មានរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមានជំនាញខ្ពស់ក្នុងការផលិតពិដាន និងទ្វារប្រភេទ PVCសម្រាប់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក កម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យប្រកបដោយគុណភាព សោភ័ណភាព ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងវិស័យសំណង់កម្ពុជានាពេលបច្ចុប្បន្ន។

អ្នកតំណាងក្រុមហ៊ុន SUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើរការផ្គត់ផ្គង់ផលិតផលក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅនៃភាពជោគជ័យយ៉ាងត្រចះត្រចង់។

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុន SUNDOOR មានគោលដៅយ៉ាងមុតមាំដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផ្គត់ផ្គង់ទ្វារ និងពិដាន ដែលមានលក្ខណៈទំនើប ទាន់សម័យ ប្រកបដោយគុណភាព ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន SUNDOOR បាន និងកំពុងរៀបចំគោលនយោបាយក្នុងការក្លាយខ្លួនជាស្ថាប័នដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស រួមជាមួយនឹងការដាក់គោលដៅចម្បងក្នុងការស្វែងរកផលចំណេញជូនអតិថិជន ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168

គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅទូទាំងក្រុងសៀមរាបមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងក្រុងសៀមរាបបានបង្ហាញរបាយការចុងក្រោយរបស់ខ្លួនថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែនេះមានប្រវែងសរុប ១០០ គីឡូម៉ែត្រដោយអនុលោមទៅតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅក្នុងគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា មន្ត្រីជំនាញបានសិក្សា និងការងារវាស់វែងឋានលេខា ប្រមូលទិន្ន័យបឋមសម្រាប់ការសិក្សា និងការអនុវត្តគម្រោងស្ថាបនាទ្រង់ទ្រាយធំហេដ្ឋារចនាសមន្ធ័ផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ស្របតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។

ផែនការមេ និងប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ ២០៣៥ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មការធិការរៀបចំដែនដី និងគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទំលាក់កញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការបំរើសេវាជូនប្រជាពលរដ្ឋទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ដោយនឹងត្រូវកែលម្អឡើងវិញទាំងអស់ឱ្យទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងខាងលើនេះបានបញ្ជាក់ថា ការស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ចំនួន៣៨ខែ្ស នឹងត្រូវបើករដ្ឋានជាផ្លូវការនៅចុងឆ្នាំ ២០២០នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ខាងមុខ៕

រុស្ស៊ី នឹងពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្ពុជា ដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយកម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យធនធានមនុស្ស ពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ។

នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជា ដែលទើបឡើងកាន់តំណែងថ្មីបានអះអាងថា តាមរយៈកិច្ចទំនាក់ទំនងដែលមានស្រាប់ជាមួយកម្ពុជា រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី នឹងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា “ទំនាក់ទំនងការទូតមានរយៈពេល៦៤ឆ្នាំមកហើយ ហើយឆ្នាំក្រោយនេះគឺជាខួប៤៥ ផងដែនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ លោកបានជម្រាបជូនសម្តេចតេជោថា លោក នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាធ្វើសកម្មភាពអោយបានច្រើនដើម្បីចូលរួមអបអរសាទរទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី”។

លោកបានអះអាងថា “រដ្ឋាភិបាលរុស្ស៊ី នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា នឹងពង្រឹងចំណងមិត្តភាពដែលមានស្រាប់នេះ និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសលើវិស័យការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ វិស័យការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ”។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ANATOLY BOROVIK ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា នាពេលនេះ។

សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនចំពោះសម្តេចផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយនឹងអ្វីដែលឯកឧត្តមបានមានប្រសាសន៍លើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សីដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមកជាពិសេសនៅក្នុងទសវត្សរ៍នៅក្នុងទសវត្សរ៍ទី ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិច្រើនបន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពត មក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តទៀតថា ជំនួយរបស់រុស្ស៊ីមកកម្ពុជា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់ជំនួយលើវិស័យអប់រំ ដែលបាននាំមកនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញឲ្យកម្ពុជារហូតមកដល់ពេលនេះ។ លើសពីនេះទៅទៀតសម្តេចតេជោក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវកន្លងមកនេះផងដែរ៕

ក្រុមហ៊ុនសឹង្ហបុរីដ៏ធំមួយសហការជាមួយក្រុមហ៊ុន KrisEnergy ដើម្បីជំរុញទាញយកប្រេងបានចុងឆ្នាំនេះ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រុមហ៊ុន KrisEnergy បានឈានដល់កិច្ចព្រមព្រៀងទទួលបានប្រាក់កម្ចីជាមួយក្រុមហ៊ុន Kepinvest Singapore ដែលអាចជួយក្រុមហ៊ុន ដើម្បីទាញយកដំណក់ប្រេងលើកដំបូងក្នុងតំបន់ប្រេងអប្សរាក្នុងប្លុក A បានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃការបាត់បង់អាជ្ញាប័ណ្ណ។

ក្រុមហ៊ុន KrisEnergy ធ្លាប់បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Kepinvest ក្នុងការផ្តល់ប្រាក់កម្ចីសរុប ៨៧ លានដុល្លារក្នុងគោលបំណងដើម្បីអភិវឌ្ឍដំណាក់កាលទី ១ នៃគម្រោងប្រេង និងឧស្ម័ននៅដែនសមុទ្រក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ OE Digital នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់កម្ចីត្រូនេះវបានបែងចែកជាពីរ ដោយគម្រោង Facility A មានទឹកប្រាក់រហូតដល់ ៣០ លានដុល្លារអាមេរិក និងគម្រោង Facility B រហូតដល់ ៥៧ លានដុល្លារអាមេរិក។ គម្រោង Facility B ត្រូវបានអ្នកផ្តល់កម្ចីអនុម័ត។

ក្រុមហ៊ុន KrisEnergy ដែលទើបនឹងប្រកាសពីការបញ្ចប់ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចប្រេងនៅដែនសមុទ្រ ប្រទេសកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Kepinvest បានយល់ព្រមប្រើប្រាស់ជាដំបូងនូវប្រាក់កម្ចី គម្រោង “Facility B”។

យោងតាមក្រុមហ៊ុន KrisEnergy រដ្ឋាភិបាលកម្ពុជាបានចង្អុលបង្ហាញថានឹងមានផលវិបាកធ្ងន់ធ្ងរ លើ “ហិរញ្ញវត្ថុ ឬបើមិនដូច្នេះទេ” ក្នុងករណីដែលពេលវេលាកំណត់ទាញយកប្រេងដំបូងមិនត្រូវបានឆ្លើយតប។ ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា “ផលវិបាកបែបនេះអាចរួមបញ្ចូលទាំងការបញ្ចប់សិទ្ធិសម្បទានសម្រាប់តំបន់ប្រេងអប្សរា ប្រសិនបើផលិតកម្មប្រេងដំបូងក្នុងតំបន់ប្រេងអប្សរា មិនត្រូវបានសម្រេចនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០”។

កាលពីខែសីហា ក្រុមហ៊ុន KrisEnergy បានប្រកាសថា ការសាងសង់ផ្លាតហ្វម ក្បាលអណ្ដូង ផលិតកម្ម (Mini-Platform) សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរាក្នុងប្លុក A ស្ថិតនៅដែនសមុទ្រកម្ពុជា ត្រូវបានបានបញ្ចប់ហើយ ខណៈនេះជាការជោគជ័យដ៏សំខាន់មួយរបស់ក្រុមហ៊ុន ដើម្បីឈានទៅដល់ការទាញយកប្រេងនាពេលខាងមុខ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅក្នុងសប្តាស៍នេះបានបញ្ជាក់ថា ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចនេះ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើង។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វម ខ្នាតតូចនេះបានបញ្ចាប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។

ការកសាងផ្លាតហ្វមខ្នាតតូចសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា បានចាប់ផ្ដើមកាលពីដើមខែធ្នូ ឆ្នាំ២០១៩ នៅឯរោងចក្រមួយនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្វែងយល់ពីឌីជីថល 5Gរបស់ក្រុមហ៊ុន Cellcard

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល 5Gដែលនឹងត្រៀមដាក់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

នៅក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ត្រូវបានរៀបចំឡើងដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីការចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ១៩៩៦មកម្ល៉េះ។

ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាននឹងកំពុងបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយនៅតែបន្តមានកម្មសិទ្ធិម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ១០០ ភាគរយ ហើយបានវិវត្តន៍ពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះ គឺឈានដល់បណ្តាញ 5G។

ដំណើរទស្សនកិច្ចនេះរួមមានការបង្ហាញយ៉ាងហ្មត់ចត់អំពីការត្រៀមខ្លួនរបស់ សែលកាត សម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់នៃការធ្វើតេស្ត 5G Standalone (SA) ដែលបានបង្ហាញតាំងពីខែតុលា ឆ្នាំ២០១៩ ហើយឥឡូវនេះឈានដល់ល្បឿនលឿនជាង ១,៨ជីហ្គាបីត ក្នុងមួយវិនាទីដែលជាល្បឿនខ្ពស់បំផុតដែលសម្រេចបាននៅកម្ពុជា។
បទបង្ហាញពិសេសមួយទៀតក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនវីង ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការធ្វើឌីជីថលនីយកម្ម និងវិវឌ្ឍកម្មនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងថា បណ្តាញ 5G នឹងក្លាយជាការឈានមុខគេមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែត្រៀមខ្លួន ទទួលយកបច្ចេកវិទ្យា និងធានាថាវានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនឧស្សាហកម្មក្នុងស្រុក និងការរស់នៅរបស់ប្រជាជន។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ពួកយើងចង់ឱ្យកម្ពុជា ក្លាយជាគោលដៅបច្ចេកវិទ្យា 5Gដ៏លេចធ្លោបំផុតមួយ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាជំរុញឱ្យក្រុមហ៊ុនខ្មែរទាំងតូចទាំងធំ ក្លាយជាក្រុមហ៊ុនដែលអាចប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះដំបូងគេ”។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប នឹងដឹកនាំឌីជីថលរបស់កម្ពុជាក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០។
ក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែក ICT ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជួយគាំទ្រ ដល់រាជរដ្ឋាភិបាល រួមទាំងផ្នែកសន្តិសុខ និងស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ៕

ពន្ធដារក្រើនរំលឹកនៅសល់តែ ៦ថ្ងៃទៀតការបង់ពន្ធអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនប្រើប្រាស់នឹងត្រូវផុតកំណត់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកពីការបង់ពន្ធអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ នឹងផុតកំណត់នៅក្នុងរយៈពេល ៦ ថ្ងៃទៀតតែប៉ុណ្ណោះ។ នេះ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០។

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក និងដែលស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោមម៖
ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២. ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ

សម្រាប់ពន្ធលើដីធ្លី មិនបានប្រើប្រាស់ ត្រូវបានកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។

កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ចត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធនីមួយៗត្រូវធ្វើលិខិតប្រកាស ០១ច្បាប់៕

ក្រុម​អ្នកជំនាញ​ថា ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែមាន​សក្តានុពល​នាពេល​អនាគត

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​បាន​អះអាង​ស្រដៀង​គ្នា​ថា ទីផ្សារ​ដីធ្លី​នៅ​យំ​បន់​ជាយក្រុង​នៅតែមាន​ភាពល្អប្រសើរ និង​មាន​ចរន្ត​ទិញ​លក់​សកម្ម​ជាង​តាម​បណ្តា​ខេត្ត ទោះបី​ក្នុងស្ថានភាព​សេដ្ឋកិច្ច​កំពុងមាន​បញ្ហា​ក្តី។

លោកស្រី អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តម្លៃ​ដី​នៅ​ជាយក្រុង​ជា​ផ្នែក​មួយ ក្នុងចំណោម​ផ្នែកសំខាន់ៗចំនួន៣ នៃ​វិស័យ​អចលនទ្រព្យ ដែល​នឹងមាន​ភាពល្អប្រសើរ​នៅ​ឆ្នាំនេះ។ លោកស្រី​បន្តថា តម្លៃ​ដី​នៅ​ជាយក្រុង​កើនឡើង ដោយសារ​ការអភិវឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ការពង្រីក​ទីក្រុង និង​អ្នកវិនិយោគ​បាន​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​កាន់តែច្រើន ព្រោះ​ត​ម្ល​ដី​នៅក្នុង​ទីក្រុង​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​វិនិយោគ​សាងសង់​បុរី ឬ​លំនៅ​ដ្ឋា​នានា​បាន​ចំណេញ។

លោកស្រី​បន្តថា “កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​ជាយក្រុង ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ពិតជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​តំបន់​ជាយក្រុង​ភ្នំពេញ មានការ​អភិវឌ្ឍ​លឿន និង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង​ខ្ពស់” ។

អគ្គនាយក​ក្រុមហ៊ុន Premium Housing Development លោក​ម៉ាន់ ច័ន្ទ​ឌី បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៣កន្លងមក​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង នៅតែ​បន្ត​មាន​ភាពល្អប្រសើរ និង​បន្ត​កើនឡើង ដោយសារ​កត្តា​ជាច្រើន ដូចជា​ការរីកចម្រើន​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ កំនើន​ប្រជាសាស្ត្រ ការតភ្ជាប់​មកកាន់​ទី​ក្រុងមាន​ចម្ងាយ​ជិត និង​កត្តា​ជាច្រើន​ទៀត។

លោក​បន្តថា “ទោះបី​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​សាកល​ក្តី ប៉ុន្តែ​ទីផ្សារ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែមាន​សកម្មភាព និង​តម្លៃ​កើន​ឡើងជា​បន្តបន្ទាប់” ។

ជាមួយគ្នានេះ លោក​កាង សុ​ទ្ឋី​អគ្គនាយក​នៃ​ក្រុមហ៊ុន Century21 Land station Real estate បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​ពិតជា​កើនឡើង ប៉ុន្តែ​តម្លៃ​តំបន់​ខ្លះ​នៅមាន​ភាពសមរម្យ​អាច​ទទួលយកបាន តែ​តំបន់​ខ្លះ​បាន​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក ដែល​មិនអាច​ទិញ​វិនិយោគ​រក​ផលចំណេញ​បានឡើយ។លោក​បន្ត​ដោយ​ចង្អុល​បង្ហាញថា ត​ម្ល​ដី​នៅ​ជាយក្រុង​ភ្នំពេញ នៅ​តំបន់​កំបូល និង​នៅតាម​ណ្តោ​យ​ផ្លូវជាតិ​លេខ ៦អា ជា​តំបន់​ដែល​តម្លៃ​ដី​កើន​ខ្ពស់​ជាងគេ។

ជាមួយគ្នានេះ លោក​បណ្ឌិត​គីម ហ៊ាង​អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា តម្លៃ​ដីធ្លី​ដែល​ដាក់លក់​ភាគច្រើន មាន​តម្លៃលើស​ទីផ្សារ​ចន្លោះ​ពី៣០ទៅ៥០ភាគរយ ដែល​វា​មិនមែនជា​តម្លៃពិត​នៅលើ​ទីផ្សារ​នោះទេ ព្រោះ​អ្នកលក់​ចេះតែ​ចង់បាន​តម្លៃ​ខ្ពស់ ខណៈដី​តំបន់​នោះ​មិនទាន់​មានតម្លៃ ដល់​កម្រិត​ពួកគេ​ចង់បាន​នៅឡើយ។

លោក​បន្តថា “តម្លៃ​ដី​ពិត​លើ​ទីផ្សារ មិនមែនជា​តម្លៃ​ដាក់លក់​របស់​អ្នកលក់​ទេ តែ​ជាត​ម្លៃ​ដែល​អ្នកទិញ​អាច​ទិញ​បាន” ៕

តើ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​ការវិនិយោគ​របស់​ចិន​នៅក្នុងខេត្ត​ព្រះសីហនុ?

ដោយ ហ្សូ​លី

ភ្នំពេញៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុងព្រះសីហនុ​បានក្លាយ​ទៅជា​ទីក្រុង និង​ខេត្ត​ដែល​ទទួលបាន​ការអភិវឌ្ឍ និង​វិនិយោគ​ច្រើនជាងគេ​ប្រចាំ​ប្រទេស​កម្ពុជា។ ទិដ្ឋភាព​នេះ គឺជា​រឿង​មិនគួរ​ឱ្យ​ជឿថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ខុស​ដាច់ ពី​កាលពី១០ ឆ្នាំមុន​ស្រឡះ។

សព្វថ្ងៃ​ក្រុងព្រះសីហនុ គឺជា​តំបន់​ដែល​ទទួល​បានការ​ស្គាល់​ច្រើន ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​ចិន​បាន​ចូលរួមចំណែក ដ៏​ធំធេង​ជាងគេ​ក្នុងការ​អភិវឌ្ឍ​និង​វិនិយោគ​ទៅលើ​វិស័យ​ជាច្រើន​នៅក្នុង​ខេត្ត។

សេដ្ឋកិច្ច​ចិន បាន​ជះឥទ្ធិពល​មួយផ្នែក​តូច កាលពី​អំឡុង​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ប៉ុន្តែ​នៅពេលដែល​សេដ្ឋកិច្ច​ចិន ត្រឡប់មក​សភាព​ដើម​វិញ ខេត្ត​ព្រះសីហនុ​ហាក់​មាន​ភាពជឿនលឿន​និង​រីកចម្រើន​ឡើងវិញ​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើកចំហ​សេដ្ឋកិច្ច ដោយ​ទទួលយក​ការវិនិយោគ​ពី​បរទេស​យ៉ាង​ពេញលេញ។ ហេតុនេះ​បណ្តា​ក្រុមហ៊ុន​មកពី​បរទេស​បាន​ចាប់អារម្មណ៍ ទៅលើ​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា និង​ជា​ឱកាស​មួយ ក្នុងការ​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យមាន​ជីវភាព​ធូរធារ។ លើសពីនេះ កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍ និង​មាន​ពេលវេលា​ពង្រឹង​បណ្តាញ ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​ឱ្យ​កាន់តែ​ប្រសើរឡើង។

ក្រៅពីនេះ តាមរយៈ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស អនុញ្ញាតឱ្យ​ការវិនិយោគ​ទៅលើ​វិស័យ​ឧស្សា​កម្ម​ហូរ​ចូលមក​កាន់តែច្រើន។ វឌ្ឍនភាព​នៃ​ខេត្ត​ព្រះសីហនុ​បាន​បង្កើន​នូវ​សក្តានុពល​គោលដៅ​ទេសចរណ៍ ដែលជា​ចំណូល​របស់​ជាតិ សម្រាប់​សេដ្ឋកិច្ច​ប្រទេស។

ក្រឡេកមើល​ទៅលើ​វិស័យ​អចលនទ្រព្យ ប្រភេទ​អចលនវត្ថុ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​គឺ អា​ផាត​ម៉ិ​ន​ជួល។ វិនិយោគិន​ចិន បាន​បោះទុន​សាងសង់​គម្រោង​អា​ផាត​ម៉ិ​ន​សម្រាប់​ជួល ដើម្បី​បម្រើ​ដល់​តម្រូវការ​របស់​ភ្ញៀវទេសចរ ស្នាក់នៅ​រយៈពេល​វែង និង​អ្នកវិនិយោគ​បរទេស ដែល​ចូលមក​រស់នៅ​បណ្តោះអាសន្ន​ក្នុងប្រទេស​កម្ពុជា។

យ៉ាងណាមិញ វិនិយោគិន​យល់ឃើញថា ការទាញយក​ផលប្រយោជន៍​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​ទៅ​គម្រោង​លំនៅដ្ឋាន បាន​ជម្រុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង និង​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម ដើម្បី​ទទួលបាន​ផលចំណេញ​ច្រើន។ ប៉ុន្តែ​ការតំឡើង​តម្លៃ​អចលនទ្រព្យ​អំឡុង​ពេលនេះ មិនបាន​ផ្តល់​ផលប្រយោជន៍​ដល់ ប្រជាជន​កម្ពុជា​នោះឡើយ ដោយសារ​ចំណូល​មាន​កម្រិត​ក្នុងការ​ផ្លាស់ប្តូរ​ការរស់នៅ​បែប​ថ្មី​និង​ទំនើប។

ជាការ​ពិត ខេត្ត​ព្រះសីហនុ នៅតែ​ជាទី​ក្រុង​ទទួលបាន​ប្រជាប្រិយភាព និង​ជោគជ័យ​ទៅលើ​លំហូរ​វិនិយោគ ពី​បរទេស​ពាក់ព័ន្ធ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​អចលនទ្រព្យ៕ Taiwan Times៕

លោក​ឧកញ៉ា​លី ហួរ៖ ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​កំពុង​សិក្សា​ពី​ភាពល្អប្រសើរ​នៃ​ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ភាពល្អប្រសើរ​នៃ​ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​បណ្តា​ប្រទេស​មួយចំនួន ស្ថិតនៅក្នុង​តំបន់​អាស៊ាន ចូលមក​សិក្សា​ស្វែងយល់ និង​យក​គំរូ​តាម​សម្រាប់​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​របស់ខ្លួន។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ននេះ យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន២ នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​ចូលមក​សិក្សា និង​ស្វែងយល់​ពី​កំណើន​នៃ​ការអភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន យ៉ាង​ផុលផុស​ក្នុងប្រទេស​កម្ពុជា ខណៈដែល​បណ្តា​ប្រទេស​ជាច្រើន កំពុងតែ​ប្រឈម​នឹង​ការធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ ក៏ដូចជា​សេដ្ឋកិច្ច។

លោក​ឧកញ៉ា​បញ្ជាក់ថា “ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​កំពុង តែ​ប្រឈម​ឱនភាព​សេដ្ឋកិច្ច ដែល​ក្នុងនោះ​វិស័យ​អចលនទ្រព្យ ក៏​ទទួលរង​នូវ​ផលប៉ះពាល់។ ដោយឡែក​សម្រាប់តែ​ប្រទេស​កម្ពុជា ដែល​ក្រៅពី​អាចមាន​លទ្ធភាព​ទប់ស្កាត់ ការ​រាលដាល​បាន​យ៉ាង​ល្អប្រសើរ ថែមទាំង​នៅ​បន្តដំណើរ​នៃ​ការអភិវឌ្ឍន៍ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ដដែល” ។ លោក​បន្តថា “ជាពិសេស​វិស័យ​លំនៅដ្ឋាន​ក្រោម​ការវិនិយោគ និង​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ក្នុងស្រុក” ។

លោក​ឧកញ៉ា​លី ហួរ បានបញ្ជាក់​ទៀតថា តាម​ខ្ញុំ​ដឹង គឺមាន​អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូ​ណ​ស៊ី និង​ម៉ាឡេស៊ី បាន​ចុះមក​សិក្សា​ពី​ភាពល្អប្រសើរ​នៃ​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នៅ​កម្ពុជា ដោយ​ពួកគេ​នឹង​យក​គំរូ​តាម ហើយ​អាច​យកទៅអនុវត្ត​នៅក្នុង​ប្រទេស​របស់​ពួកគេ​ក៏​អាច​ថា​បាន។

ក្នុង​រយៈពេល​ខ្លី យើង​អាច​ផ្លាស់ប្ដូរ​ទិដ្ឋភាព​ពី​ដីស្រែ ដី​ស្មៅ ដី​លិច​ទឹក​រាប់រយ រាប់ពាន់​ហិកតា ឱ្យ​ក្លាយជា​បណ្តុំ​លំនៅដ្ឋាន​បែប​ប្រណីត សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព វា​គឺជា​រឿង​មួយ​ដែល​អស្ចារ្យ និង​ជាទី​មោទន​បំផុត។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា លី ហួរ​បាន​បញ្ជាក់ថា ក្នុងនាម​រូបលោក​ជា​អ្នក​អភិវឌ្ឍន៍ ក៏ដូចជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា បានបង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​បន្តដំណើរ​នៃ​កិច្ចអភិវឌ្ឍន៍ ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​វិស័យ​លំនៅដ្ឋាន ក្រោម​កិច្ច​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ន​ឌៃ​កម្ពុជា​ជា​ប្រមុខ ៕

អ្នកជំនាញ៖ ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ នឹង​ស្ទុះ​ងើបឡើង​វិញ​លឿន​ជាងគេ

ដោយៈ​ប៊ី

ភ្នំពេញៈ ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា នឹង​ផ្តើម​មើលឃើញ​សញ្ញា​ដំបូង​នៃ​ការ​ងើប​ឡើងវិញ​ក្នុងឆាប់ៗខាងមុខនេះ ពិសេស​វិស័យ​ខុន​ដូ បន្ទាប់​កាលពីថ្មីៗនេះ ជើងហោះហើរ​អន្តរជាតិ បានចាប់ផ្តើម​ដំណើរការបណ្តើរៗ ជាមួយ​ការវិល​ត្រឡប់មកវិញ​របស់​វិនិយោគិន​ចិន ហើយ​អាជីវកម្ម​ក្នុងស្រុក​បានចាប់ផ្តើម ដំណើរការ​ធម្មតា​ឡើងវិញ ក្រោម​គោលការណ៍​ណែនាំ​សុខភាព​ថ្មី​របស់​ក្រសួងសុខាភិបាល។

ភាព​ធ្ងន់ធ្ងរ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច ដែល​មកពី​ជំងឺ​កូ​វីដ-១៩ មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​អាច​សង្កេត​ឃើញថា​ទីផ្សារ​ពិភពលោក រួមទាំង​អចលនទ្រព្យ​នឹង​មិនដឹង​ច្បាស់លាស់​ដូចគ្នា​ទេ។ ដោយ​មើលឃើញ​ពី​ភាពមិន​ច្បាស់លាស់ អ្នកជំនាញ​បាននិងកំពុង​សំឡឹង​មើលថា តើ​ទីផ្សារ​អចលនទ្រព្យ​នឹង​ទៅជា​យ៉ាងណា​នាពេល​អនាគត។

លោក James Hodge នាយក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE កម្ពុជា ត្រូវបាន​ដកស្រង់​ចេញ​សម្តី​ចេញ​គេ​ទំព័រ Realestate.com.kh ឱ្យដឹងថា “ជំងឺ​រាតត្បាត​នេះ​បានបង្ហាញ​ពី​កង្វះ​នៃ​ភាព​ធន់ នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។ យើង​ឃើញថា​នេះ​គឺជា​ការពិត ជាពិសេស​នៅក្នុង​វិស័យ​លក់រាយ និង​បដិសណ្ឋារកិច្ច​រង​ផលប៉ះពាល់​ខ្លាំង” ។

លោក James Hodge យល់ស្រប​ថា ខុន​ដូ​ដែលមាន​តំលៃ​សមរម្យ ទំនងជា​នឹង​ងើប​ឡើងវិញ​មុនគេ។

លោក​បាន​ថ្លែងថា “ខ្ញុំ​រំពឹងថា​វិស័យ​មួយចំនួន​នឹង​ងើប​ឡើងវិញ យ៉ាង​ឆាប់រហ័ស ដូចជា​ទីផ្សារ​ខុន​ដូ ពិសេស​ខុន​ដូ​តម្លៃ​សមរម្យ និង​លំនៅដ្ឋាន ទំនងជា​នឹង​ក្នុងការ​ងើបឡើង​វិញ​មុខ​គេ” ។

វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ខុន​ដូ​លំដាប់​ប្រណីត និង​លំដាប់​មធ្យម​បាន​ធ្លាក់ចុះ។

យោងតាម​របាយការណ៍​ក្រុមហ៊ុន CBRE នៅ​ត្រីមាស​ទី២ តម្លៃ​លក់​ខុន​ដូ​លំដាប់​ប្រណីត បាន​ធ្លាក់ចុះ ៤,៦% ខណៈ​ខុន​ដូ​លំដាប់​មធ្យម​ធ្លាក់ចុះ ៤,០% ។ ម្យ៉ាងទៀត​ខុន​ដូ​ដែលមាន​តំលៃ​សមរម្យ មិនមាន​ប្រែប្រួល​គួរឱ្យកត់សម្គាល់​ទេ ចាប់តាំងពី​ខែមករា ឆ្នាំ២០២០ ។

លោក​ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia  បាន​ថ្លែងប្រាប់​គេ​ទំព័រ Propertyarea.asia កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា អ្នក​ដែលមាន​ហិរញ្ញវត្ថុ​ល្អ​នៅពេលនេះ នឹង​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ បើ​ធៀប​នឹង​រយៈពេល​កាលពី​រយៈពេល​មុន ដោយសារ​មូលហេតុ​ទី១ គឺ​តម្លៃ​ខុន​ដូ មិនទាន់មាន​ការកើនឡើង​ទេ ដូច្នេះ​តម្លៃ​ស្ថិតនៅ​សភា​ពនៅ​ទ្រឹង ហើយ​អនាគត​តម្លៃ​ខុន​ដូ​នឹង​កើនឡើង។

លោក​បាន​ថ្លែងបន្តថា “បច្ចុប្បន្ន យើង​សង្ក​ត​ឃើញ​មាន​មិន​ត្រឹមតែ យុវជន​នោះទេ ប៉ុន្តែ​ប្រជាជន​វ័យ​ចំណាស់ ក៏​បាននិង​កំពុង​ចាប់ផ្តើម​ផា្ល​ស់​ប្តូរ​ការរស់នៅ​នៅ​ខុន​ដូ ព្រោះ​ខុន​ដូ​មាន​សុ​វ​ត្តិ ឯកជន​ភាព និង​ភាព​ស៊ីវីល័យ” ។ លោក​បាន​ថ្លែងថា “លក្ខខណ្ឌ​ក្នុងការ​បង់ប្រាក់​នាពេល​បច្ចុប្បន្ន មាន​ភាពបត់បែន​ច្រើន ហើយ​អ្នក​អភិវឌ្ឍន៍​បច្ចុប្បន្នកំពុង​បំពេញចិត្ត​អ្នកវិនិយោគ ដូច្នេះ​ការ​លក្ខខណ្ឌ ក្នុងការ​បង់ប្រាក់​មាន​ភាពងាយស្រួល​ជាង​មុន” ។

ការវិនិយោគ​អចលនទ្រព្យ ពិសេស​ខុន​ដូ គឺ​សំខាន់ ទី១ ផ្តោតលើ​តម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌ​ក្នុងការ​បង់ប្រាក់។

លោក​ខន គង្គា​បានឱ្យដឹងថា ដូច្នេះ​ស្ថិតក្នុង​លក្ខខណ្ឌ​នេះ តម្លៃ​ល្អ ទីតាំង​ល្អ ហើយ​លក្ខខណ្ឌ​ក្នុងការ​បង់ប្រាក់​ល្អ​ទៀត ជាមួយ​ការបញ្ចុះ​តម្លៃផ្សេងៗ វា​ជា​ល្អ​ដ៏​បំផុត​សម្រាប់​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ៕