IMF នឹងតម្លើងការព្យាករណ៍សេដ្ឋកិច្ចពិភពលោកជាថ្មីនៅថ្ងៃទី ១៣ ខែតុលា ខាងមុខ

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចពិភពលោកហាក់មានស្ថានភាពប្រសើរឡើង ដែលនេះជាលទ្ធផលល្អផ្ទុយពីការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីខែមិថុនា។ នេះបើតាមឱ្យដឹងពីអ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីយប់ទី ២៤ ខែកញ្ញា។

អ្នកនាំពាក្យលោក Gerry Rice បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ទិន្នន័យថ្មីបង្ហាញពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកក្នុងផ្លូវវិជ្ជមាន ទោះបីកាលពីខែមិថុនាអាចមានលក្ខណៈមិនល្អប្រសើរនៅក្នុងវិស័យសេដ្ឋកិច្ចយ៉ាងណាក្តី។ IMF បានបង្ហើបថា ស្ថាប័នខ្លួននឹងដំឡើងការព្យាករណ៍សេដ្ឋកិច្ចនៅខែតុលាក្រោយ ឆ្នាំ ២០២០។

មេដឹកនាំ IMF លោកស្រី Kristalina Georgieva និងប្រធានសេដ្ឋវិទូ Gita Gopinath បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបន្តគាំទ្រដល់កម្មករ និងអាជីវកម្ម ព្រោះលក្ខណៈដែលមិនធ្លាប់មានពីមុនមកនៃវិបត្តិនេះអាចបង្កឱ្យមានភាពក្ស័យធននិងការបំផ្លាញការងារ។ ដើម្បីធានាថាការងើបឡើងវិញនៅតែបន្ត វាចាំបាច់ណាស់ដែលការរឹតបន្តឹងមិនត្រូវដកចេញភ្លាមៗទេ។

នៅពេលមេរោគឆ្លងត្រូវបានសាយភាយពាសពេញពិភពលោក សេដ្ឋវិទូត្រូវបានបង្ខំឱ្យធ្វើការពិនិត្យឡើងវិញនូវការព្យាករណ៍របស់ពួកគេចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងធ្វើបច្ចុប្បន្នភាពទស្សនវិស័យសកលនៅថ្ងៃទី ១៣ ខែតុលា ខណៈអ្នកនាំពាក្យប្រចាំស្ថាប័នមិនបានបង្ហាញព័ត៌មានលម្អិតអំពីការព្យាករណ៍ថ្មីនៅឡើយ។

កាលពីខែមិថុនា មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងធ្លាក់ចុះ ៤,៩ ភាគរយ ហើយវីរុសនេះនឹងបំផ្លាញប្រាក់ចំនួន ១២ ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ២ ឆ្នាំ។ ទោះយ៉ាងណាប្រទេសចិន និងប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយចំនួន កំពុងមានដំណើរការបានល្អប្រសើរជាងការរំពឹងទុកក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ។

អ្នកនាំពាក្យ Gerry Rice បាននិយាយថា យើងកំពុងមើលឃើញសញ្ញានៃពាណិជ្ជកម្មពិភពលោកចាប់ផ្តើមងើបឡើងវិញយឺតៗ។ លោកមិនទាន់ហ៊ានប្រាកដថា ពិភពលោកនឹងធូរស្បើយ១០០ភាគរយទេ ប៉ុន្តែស្ថានភាពនេះស្ថិតនៅក្នុងការប្រឈមខ្លះ ហើយទីផ្សារកំពុងរីកចម្រើនអាចប្រឈមនឹងគ្រោះថ្នាក់នៅពេលណាមួយ។

សេដ្ឋកិច្ចវិទូព្រួយបារម្ភពីរលកទីពីរនៃការឆ្លងអាចបំផ្លាញដល់កំណើនសេដ្ឋកិច្ចពិភបលោក។ អាជីវកម្មនៅសហរដ្ឋអាមេរិកបន្តប្រឈមមុខនឹងបញ្ហានានា ប៉ុន្តែមូលនិធិនៅតែបន្តគាំទ្ររសារពើពន្ធបន្ថែមទៀតសម្រាប់សេដ្ឋកិច្ច៕ Strait Time

សម្តេចតេជោនឹងអញ្ជើញបើករដ្ឋានស្ថាបនាផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ

ដោយវុត្ថា
សៀមរាប៖ បើសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប និង ត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ ។

នេះ គឺជាការលើកឡើងរបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ ដោយបានដកស្រង់ប្រសាសន៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប ។

លោកថ្លែងថា ម៉្យាងទៀតនៅ ពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ យើងក៏មិនបន្ធូរក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឡើយ ហើយពេលនេះក៏ជាឱកាស មួយដ៏ល្អសម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ក្នុងការ ស្តារឡើងវិញលើវិស័យទេសចរណ៍ នៅតំបន់អង្គរយើងនេះ ។

លោកទៀ សីហា បន្ថែមថា សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។ សម្តេចក៏បានអំពាវនាវ និងថ្លែងអំណរគុណទុកជាមុននូវស្មារតីចូលរួមរបស់ប្រជាពលរដ្ឋទាំងការុះរើសំណង់ ឬផលប៉ះពាល់នានាក្នុងពេលចាប់ដំណើរការអនុវត្តគម្រោង។

ផ្លូវទំាង៣៨ខ្សែនៅក្នុងក្រុងសៀមរាបនឹងត្រូវធ្វើការស្ថាបនា និង កែលម្អឡើងវិញ ទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និង ទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង។ ផ្លូវទាំងអស់ត្រូវគិតគូរជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព មានជាអាទិ៍ ប្រព័ន្ធ លូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវ សម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូស ចរាចរណ៍ ប្រព័ន្ធកាមេរ៉ា សុវត្ថិភាព អាងចម្រោះទឹក កខ្វក់ និងការធ្វើសួន និងដាំដើមឈើ ។

លោកទៀ សីហា បន្ថែមថាសម្តេចពិជ័យសេនា បានជំរុញឱ្យតពន្លឿនការងាររៀបចំស្ថាបនាផ្លូវ៣៨ខ្សែដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារសម្រាប់ស្ថាបនានេះឲ្យបានលឿនជាទីបំផុត

លោកបន្ថែមថា ផ្លូវដែលបានកំណត់ហើយនោះ គឺមានបញ្ហាមួយចំនួនដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានលឿន ហើយប្រជាពលរដ្ឋទៅសង់សំណង់លើដីផ្លូវ ដែលត្រូវអាជ្ញាធរធ្វើការជូនដំណឹងទៅដល់ពួកគាត់ឲ្យធ្វើការរុះរើចេញ ឲ្យបានឆាប់ផងដែរ ។ រាល់ផលប៉ះពាល់ដីរបស់បងប្អូនក្នុងការស្ថាបនាផ្លូវនេះ គឺបងប្អូនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរហើយ ដែលមានភ្ជាប់ខ្លឹមសារនៅប័ណ្ណកម្មសិទ្ធិដីធ្លីដែលបងប្អូនបានកាន់កាប់នោះ ដែលជា ឯកសារមួយដ៏ត្រឹមត្រូវដែលរដ្ឋបានផ្តល់ជូន ។

គណៈកម្មការដែលមានសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅលើដីផ្លូវរបស់រដ្ឋ គឺត្រូវប្រញាប់រុះរើឲ្យបានលឿនយ៉ាងយូររយៈពេល១៥ថ្ងៃ ទៅតាមការព្រមព្រៀងក្នុងដំណាក់កាលនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធថា នៅពេលរដ្ឋត្រូវការធ្វើផ្លូវពួកគាត់ និងរុះរើចេញដោយខ្លួនឯង៕

ក្រុម​អ្នក​អភិវឌ្ឍន៍​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​តម្រូវការ​ទីផ្សារ​លំនៅដ្ឋានក្នុងស្ថានភាព​បច្ចុប្បន្ន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខុសប្លែក​ពី​ផ្នែក​ដទៃ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដែល​កំពុង​ទទួលរង​នូវ​ផល​ប៉ះទង្គិច ពី​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល​នោះ សម្រាប់តែ​ទីផ្សារ​លំនៅដ្ឋា​ន​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ និង​មាន​តម្រូវការ​ខ្ពស់ ខណៈដែល​ការអភិវឌ្ឍន៍​នៅតែ​បន្ត​មាន​យ៉ាង​មមាញឹក។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ាន។

លោក​ឧកញ៉ា​បញ្ជាក់ថា“និយាយ​ជារួម​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​មើលឃើញថា មានការ​ធ្លាក់​ជា​សាកល ដែល​បណ្តាលមកពី​វិបត្តិ​សេដ្ឋកិច្ច​សាកល ក្រោម​ឥទ្ធិពល​នៃ​ជំងឺ Covid-19  ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានគេច​ចេញពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ហើយ​បាន​ពង្រឹង​លើ​វិស័យសេដ្ឋកិច្ច​បាន​យ៉ាង​ប្រសើរ” ។

លោក​ឧកញ៉ា​បាន​បន្តថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដែរ ប៉ុន្តែ​ហាក់​មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​នោះទេ ជាក់ស្ដែង​ដូចជា​វិស័យ​ដីធ្លី និង​លំនៅដ្ឋាន គឺ​នៅតែមាន​ដំណើរការ​ធម្មតា មានការ​សាងសង់ មានការ​ទិញ-លក់ ដដែល ជាពិសេស​នៅតាម​តំបន់​ជាយក្រុង។

ស្រដៀង​នឹង​ការលើកឡើង​ខាងលើនេះ លោក ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន PREMIUM Group បាន​មានប្រសាសន៍ថា “តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់​ស្នាក់នៅ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅពេល​បច្ចុប្បន្ននេះ​នៅតែមាន ក្នុង​អត្រា​ខ្ពស់​នៅឡើយ បើទោះជា​ការអភិវឌ្ឍន៍ និង​ផ្គត់ផ្គង់​យ៉ាងច្រើន​ដូចដែល​បានឃើញ​នៅពេលនេះ ក៏​នៅតែ​មិនទាន់​គ្រប់​នោះទេ” ។

លោក​បញ្ជាក់ថា តំបន់​ជាយក្រុង​នានា បាន​ក្លាយជា​គោលដៅ​វិនិយោគ និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​សាងសង់ ដោយសារតែ​តម្លៃ​ដី​នៅ​ធូរ​ថ្លៃ ដែល​អាចមាន​ឱកាស​ទ​ទួលបាន​ចំណេញ ពី​ការវិនិយោគ​ប្រភេទ​លំនៅដ្ឋាន​ប្រណីត តម្លៃ​សមរម្យ​ត្រឹម​ជាង៧ម៉ឺន​ចុះក្រោម។ ជាក់ស្ដែង​ដូចជា​នៅ​តំបន់​ទំនប់​កប់​ស្រូវ តំបន់​ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុង ក៏ដូចជា​តំបន់​ផ្លូវជាតិ​លេខ​៦A  និង​តំបន់​ក្បែរផ្លូវ​ជាតិ​លេខ១ជាដើម។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ធ្លាប់មាន​ប្រសាសន៍​កាល​ពី​ពេល​កន្លងទៅថ្មីៗថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា តម្រូវការ​លំនៅឋាន នៅតែ​បន្ត​មាន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ទាំង​តម្លៃ​វិញ​ក៏​មិន​ចុះថ្លៃ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​នេះ អ្នក​អភិវឌ្ឍន៍ បន្ត​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​ទាំង​តម្លៃ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់។

លោក​បន្តថា “តាម​ការមើលឃើញ​ជាក់ស្តែង នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត មាន​គម្រោង​អភិវឌ្ឍន៍​ទាំង​លំនៅឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ជាច្រើន​មានការ​កើនឡើង​ច្រើន និង​បន្ត​រីកចំរើន​បន្ថែមទៀត ក្រោយ​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​បញ្ចប់​ការសាងសង់” ៕

គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​បាននិងកំពុង​រីក​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ២

ដោយៈ វុត្ថា

ភ្នំពេញៈ បើ​ទោះ​គម្រោង​ស្ថាន​ប​នា និង​ការពង្រីក​ផ្លូវជាតិ​លេខ២ បាននិងកំពុង​តែ​ប្រព្រឹត្តិ​ទៅតាម​ផែនការ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មើលឃើញថា នៅតាម​ផ្លូវជាតិ​លេខ២នេះ​កំពុង​តែមាន​សក្តានុពល និង​ទាក់ទាញ​គម្រោង​វិនិយោគ​អចលនទ្រព្យ​ជាច្រើន ជា​ពិ​សេ​គម្រោង​វិនិយោគ​លើ​គម្រោង​លំនៅឋាន។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក​ថា សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ ២នេះ នៅតែ​ប្រព្រឹត្តិ​តាម​ផែនការ តែ​អ្វីដែល​គួរឱ្យកត់សម្គាល់ គឹ​មាន​គម្រោង​វិនិយោគ​លើ​វិស័យ លំនៅឋាន​ជាច្រើន​ចាប់ពីរ​វ​ង្វ​ល់​មូល​កួរស្រូវ​ទៅ។

លោក​បន្តថា “កាលពី​រដូវ​បុណ្យ​ភ្ជុំ​កន្លងមកនេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅតាម​ផ្លូវជាតិ​លេខ ២នេះ មានការ​លំបាក​បន្តិច ព្រោះ​វា​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការស្ថាបនា និង​រដូវ​ភ្លៀវ​ធ្លាក់ ដែល​ធ្វើ​ឲ្យ​កន្លែង​ខ្លះ មាន​ជ​ង្ហ​ក​ពិបាក​ក្នុងការ​ធ្វើដំណើរ តែ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង គឺ​ឃើញ​មាន​គម្រោង​លំនៅឋាន​ជាច្រើន​នៅតាម​ប​ណ្តោ​ផ្លូវ​នេះ ” ។

លោក​វ៉ា​ស៊ីម សូរិយា បញ្ជាក់ទៀតថា គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជាតិ​លេខ២នេះ ត្រូវបាន​ខាង​ក្រុមហ៊ុន​កូរ៉េ ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​សាងសង់ បានធ្វើ​មួយ​កំណាត់ម្តងៗ  ខ្ញុំ​ឃើញ​ធ្វើ​ច្រើន​នៅតាម​ផ្លូវ​លេខ២២ ជាប់​ពី​ផ្លូវជាតិ​លេខ២ ពី​រង្វង់​មូល​ខេត្ត​កែវ​ទៅកាន់​ត​ផ្សារ​អង្គតាសោម។

លោកស្រី​តាំង ហ៊ួ​រ នាយិការ​ក្រម​ហ៊ុន Amatak Property Service បានឱ្យដឹង​ដែរ​ថា  វា​ជា​រឿង​ធម្មតា​ទៅហើយ នៅពេល​ដែលមាន​ផ្លូវ នឹងធ្វើ​ឱ្យមាន​ការទាក់ទាញ​គម្រោង​អភិវឌ្ឍន៍ផ្សេងៗជាពិសេស​គម្រោង​លំនៅឋាន  និង​តម្លៃ​ដីធ្លី​វិញ ក៏​កាន់​តែមាន​កើនឡើង​ទៅតាម​ទីកន្លែង និង​តំបន់​នោះ​ផងដែរ។

លោកស្រី​ថា “ផ្លូវជាតិ​លេខ២ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ ទៅ​កាន់តែ​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​នៅ​ខេត្តកណ្តាល និង​តាកែវ ដែល​ជំរុញឱ្យមាន​ការទាក់ទាញ គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​លំនៅឋាន​ហ្នឹង’ ។ លោកស្រី​បន្តថា “មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្លូវ​នេះ​ជាតិ​លេខ២ ផ្តល់នៅ​សារសំខាន់​ក្នុងការ​ដឹកជញ្ជូន ឬ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត និង​កែប​ដែលជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍” ៕

តើ​អនាគត​ជប៉ុន​នឹង​ទៅជា​យ៉ាង​ណ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថ្មី​ចូលកាន់​ដំណែង​ជំនួស​លោក​ស៊ីន​ហ្សូ អា​បេ?

ដោយ ហ្សូ​លី

តូ​ក្យូៈ សភា​របស់​ប្រទេស​ជប៉ុន គ្រោង​នឹង​បញ្ជាក់​អំពី​ដំណែង​នាយករដ្ឋមន្ត្រី​ថ្មី​គឺ​លោក​យ៉ូ​ស៊ី​ហ៊ី ដេ​ស៊ូ​ហ្គា នៅ​សប្តាហ៍​នេះ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន។

លោក​នឹង​ចូលមក​ជំនួស​លោក ស៊ីន​ហ្សូ អា​បេ ដែល​បានប្រកាស​លាលែង​កាលពី​ខែ​មុន ដោយសារ​ហេតុផល​សុខភាព​បន្ទាប់ពី​បាន​កាន់តំណែង​ជិត៨ឆ្នាំ។

អ្នកសង្កេតការណ៍​ជប៉ុន និង​អន្តរជាតិ​កំពុង​សួរថា តើ​គោលការណ៍​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​អា​បេ (ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា “ Abenomics”) នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ឬ​នៅក្រោម​អំណាច លោក សូ​ហ្គា។

ចម្លើយ​គឺថា នឹងមាន​ផលប៉ះពាល់​ភូមិសាស្ត្រ​នយោបាយសំខាន់ៗ ព្រោះ​ប្រទេស​ជប៉ុន​នៅតែ​តស៊ូ ដើម្បី​ជំនះ​នូវ​ភាពអវិជ្ជមាន​ពី Covid-19 ហើយ​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ កំពុង​ក្លាយជា​ចំណុច​សំខាន់ នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា កាន់តែ​តានតឹង រវាង​សហរដ្ឋអាមេរិក​និង​ចិន។

មនុស្ស​ជាច្រើន​នៅ​ខាងក្រៅ​ប្រទេស​ជប៉ុន អាច​សន្ម​ត់​ថា លោក​ស៊ូ​ហ្គា នឹង​ផ្លាស់ប្តូរ​តិចតួច ហើយ​គាត់​បានបង្ហាញ​ខ្លួន ដល់​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុងកាន់​អំណាច​ថា​ជា “ ការបន្ត” ដើម្បី​ជំនួស​លោក​អា​បេ។  នោះ​គឺ​ល្អ​បំផុត ដែល​លោក​អាច​លេង​បាន ដោយបាន​បម្រើការ​ជា​លេខាធិការ​គណៈរដ្ឋមន្ត្រី ដែលជា​តំណែង​ដ៏​មាន​ឥទ្ធិពល​បំផុត​ទី​ពីរ នៅក្នុង​ប្រទេស​ជប៉ុន សម្រាប់​ការកាន់កាប់​រយៈពេល​ប្រាំបី​ឆ្នាំ របស់លោក​អា​បេ។

ប្រសិនបើ​ជប៉ុន​ចង់​រក្សា​ជំហរ​ជា​សកល​របស់ខ្លួន លោក ស៊ូ​ហ្គា ត្រូវតែ​ធ្វើឱ្យ​ដាច់ខាត ពី​អ្នក​កាន់តំណែង​មុន និង​ម្ចាស់​ឧបត្ថម្ភ​របស់គាត់ ហើយ​បន្ត​កំណែទម្រង់រ​ចនាសម្ព័​ន្ធ​យ៉ាង​ទូលំទូលាយ។

ជាការ​ពិត ការកែលម្អ​ផលិតភាព​ទីផ្សារការងារ និង​បទ​ប្បញ្ញត្តិ​ច្បាប់​គឺ​ពិតជា​មធ្យោបាយ​តែមួយគត់ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន។

នៅ​ចន្លោះ​ឆ្នាំ២០១៣ និង២០១៩ កំណើន​ទិន្នផល​សរុប​ប្រចាំឆ្នាំ ជា​មធ្យម​ត្រឹមតែ ១% និង​លើសពី២% ក្នុង​រយៈពេល​តែ ២ឆ្នាំ នៃ​រយៈពេល ៨ឆ្នាំ នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​អា​បេ។

ផ្ទុយ​ពី​ទស្សនៈ​ធម្មតា​ដែលថា សេដ្ឋកិច្ច​ជប៉ុន​ប្រឈម​នឹង​បញ្ហា បណ្តាលមកពី​ប្រជាជន​វ័យ​ចំណាស់ និង​ចំនួន​កម្លាំង​ការងារ​ថយចុះ ចំនួន​ប្រជាជន​ដែលមាន​ការងារ​ធ្វើបាន​បន្ត​កើនឡើង​ពេញ​មួយឆ្នាំ ពីព្រោះ​ស្ត្រី​កាន់តែច្រើន​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម។  ប៉ុន្តែ​ជាមួយ​អត្រា​ចូលរួម​កម្លាំង​ពលកម្ម​របស់​ស្ត្រី នៅ​ប្រទេស​ជប៉ុន នាពេល​បច្ចុប្បន្ន​ខ្ពស់ជាង​សហរដ្ឋអាមេរិក និន្នាការ​នេះ​អាច​នឹងមិន​បន្តទៀត​ទេ។

ពិតណាស់​ការជួយ​សង្គ្រោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក របស់​ប្រទេស​ជប៉ុន​ចំនួន១២ ប្រទេស​បន្ទាប់ពី​ការដក​សហរដ្ឋអាមេរិក ដោយ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេលថ្មីៗនេះ ជាមួយ​សហភាព​អឺរ៉ុប​គឺជា​សមិទ្ធិផល​គួរឱ្យកត់សម្គាល់ និង​គួរឱ្យ​សរសើរ។

សុន្ទរកថា​ខ្លះ​របស់ Suga ក្នុងអំឡុង​យុទ្ធនា​ការឃោសនា ភាពជា​អ្នកដឹកនាំថ្មីៗនេះ​របស់លោក​សង្ឃឹមថា លោក​អាច​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី ដែល​ហ៊ាន និង​ក្លាហាន​ជាង​ការរំពឹងទុក។

ឧទាហរណ៍ Suga បាន​ស្វាគមន៍​យ៉ាងច្បាស់​នូវ​គំនិត នៃ​ការអនុញ្ញាតឱ្យ​អ្នកប្រកួតប្រជែង​ថ្មី​ចូល ក្នុង​វិស័យ​ដែលមាន​បទ​ប្បញ្ញត្តិ​យ៉ាងខ្លាំង ដូចជា ទូរគមនាគមន៍​ចល័ត និង​កសិកម្ម។

លោក​ក៏បាន​ប្រកាស​ពី​គោលបំណង​របស់លោក ក្នុង​ការបង្កើត​ទីភ្នាក់ងា​រ​ថ្មី​មួយ​ដែលមាន​ភារកិច្ច កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​រដ្ឋាភិបាល។

ឧបសគ្គ​ទី២របស់ Suga គឺ​ពង្រឹង​អំណាច​នៅក្នុង​គណបក្ស​របស់គាត់។  លោក​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស ជា​មេដឹកនាំ​ដោយមាន​ការគាំទ្រ ពី​បក្សពួក​សមាជិកសំខាន់ៗរបស់​បក្ស ប៉ុន្តែ​មិនមែនជា​សមាជិក​របស់​ពួកគេ​ទេ។  នៅពេលដែល​លោក​បានតែងតាំង​គណៈរ​ដ្ឋ​មន្ត្រី ការប្រកួតប្រជែង​ផ្ទៃក្នុង និង​ការ​ប្រេះឆារ​ទំនងជា​នឹង​លេចចេញ​ជាថ្មី។

យុទ្ធសាស្ត្រ​ល្អ​បំផុត​របស់ Suga អាច​នឹង​ទៅរក​ការ​ឈ្នះ​ការបោះឆ្នោត​ទូទៅ ជាជាង​ការប្រកួតប្រជែង​របស់​គណបក្ស​ផ្ទៃក្នុង នឹង​ផ្តល់ឱ្យ​គាត់​នូវ​អាណត្តិ ដ៏​មាន​ប្រជាប្រិយភាព ដើម្បី​រៀបចំ​ផែនការ​វគ្គ​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​រឹងមាំ៕ World Economic Forum៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មី​ចំនួន៣ខ្សែ​បន្ថែមទៀតនៅក្នុង​ខណ្ឌ​ជ្រោយចង្វារ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ភាព​រីកចម្រើន​នៃ​តំបន់​ជ្រោយចង្វារ និង​មាន​កំណើន​ប្រជាសាស្ត្រ​យ៉ាងច្រើន រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​ផែនការ​ក្នុងការ​សាងសង់​ផ្លូវ​ថ្មី​ចំនួន៣ខ្សែ​បន្ថែមទៀត ដែល​ត​ភ្ជាប់​ពី​តំបន់​គម្រោង ក្រុង​រណប​របស់​ក្រុមហ៊ុន OCIC ឆ្ពោះទៅកាន់​តំបន់​ក្រុង​រណប​របស់​ក្រុមហ៊ុន​លី​យ៉ុង​ផាត ខណៈដែល​ពេលនេះ​មន្ត្រី​ជំនាញ កំពុង​ស្ថិតនៅ​ក្នុងការ​សិក្សា​លម្អិត​ពី​ផលប៉ះពាល់​នៃ​គម្រោង។

អភិបាលខណ្ឌ​ជ្រោយចង្វារ លោក​ឃ្លាំង ហួត បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ​ផ្នែក​សាងសង់ រួម​ជាមួយនឹង​បុគ្គលិក​ជំនាញ​របស់​ក្រុមហ៊ុន​ប្រឹក្សា គម្រោង​កំពុងតែ​សិក្សា​លម្អិត​ពី​ផលប៉ះពាល់ រួម​ជាមួយនឹង​ការប៉ាន់ស្មាន​នៃ​ខ្ទង់ចំណាយ ដើម្បី​ដាក់ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ។

លោក​បាន​បញ្ជាក់ថា “មុនដំបូង​រដ្ឋបាល​ក្រុង បានលើកឡើង​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មី​ត្រឹមតែ២ខ្សែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពេល​សិក្សា​បឋម និង​តម្រូវការ​ប្រើប្រាស់​ផ្លូវ​ជាក់ស្ដែង ជាពិសេស​សម្រាប់​ត្រៀម​សម្រួល​ការធ្វើ​ចរាចរណ៍ ក្នុងឱកាស​ព្រឹត្តិការណ៍ធំៗជា​ប្រវត្តិសាស្ត្រ​ចាប់ពី​ឆ្នាំក្រោយ​ទៅ ក៏បាន​សិក្សា​ពី​ការសាងសង់​ផ្លូវ​ថ្មី​រហូតដល់៣ខ្សែ” ។

លោក​អភិបាលខណ្ឌ​បាន​មានប្រសាសន៍​បន្តទៀតថា ផ្អែក​តាម​ភាពជាក់ស្ដែង​នៃ​ការអភិវឌ្ឍ និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​តំបន់​ជ្រោយចង្វារ ដែល​ធ្លាប់​តែមាន​ភាពស្ងប់ស្ងាត់ និង​ជា​តំបន់​លិច​ទឹក មកជា​បណ្តុំ​លំនៅដ្ឋាន​ទំនើប ប្រមូលផ្តុំ​ជាទី​តាំងធ្វើ​ពាណិជ្ជកម្ម​យ៉ាងសកម្ម ជាពិសេស​មាន​កំណើនប្រជាជន​ជា​បន្តបន្ទាប់ រហូតដល់​ជាង៧ម៉ឺន​នាក់​នោះ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​បន្ថែម។ កន្លងមក​យើង​បាន​ដោះស្រាយបញ្ហាសំខាន់ៗ ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​ប្រជាជន ដូចជា​បញ្ហា​បណ្តាញ​អគ្គិសនី បញ្ហា​កង្វះ​ទឹកស្អាត និង​បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ជាដើម ប៉ុន្តែ​ពេលនេះ​យើង​បាន​ដោះស្រាយ​រួចហើយ ហើយនឹង​បន្ត​ខិតខំ​អភិវឌ្ឍន៍​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល ដល់​ប្រជាជន​រស់នៅក្នុង​តំបន់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចរាចរណ៍​ឆ្លងកាត់​ផងដែរ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia ធ្លាប់បាន​មានប្រសាសន៍ បង្ហា​ពី​ក្ដី​សាទរ​ចំពោះ​ភាព​រីកចម្រើន និង​អភិវឌ្ឍ​វិស័យ​សំណង់​នៅក្នុង​ខណ្ឌ​ជ្រោយចង្វា​រថា “ជ្រោយចង្វារ ជា​ខណ្ឌ​ដែលមាន​សក្ដានុពល និង​អំណោយផល​ដល់​ការវិនិយោគ​ផ្នែក​សំណង់ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ​ចម្បង​នោះ គឺ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវ​ចេញ​ចេញ​ចូលទៅ​តំបន់ ដែលមាន​គម្រោង​អភិវឌ្ឍន៍​មាន​ភាព​ចង្អៀត។

លោកស្រី​បាន​បញ្ជាក់ថា “នៅ​តំបន់​នេះ​ភាគច្រើន ជាការ​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​បែប​ប្រណីត​ដែលមាន​តម្លៃ​មធ្យម និង​កម្រិត​ខ្ពស់ ប៉ុន្តែ​បើ​ស្ថិតនៅ​កៀក​នឹង​ក្រុង គឺមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម និង​អគារ​ខុន​ដូធំៗ និងខ្ពស់ៗច្រើន។លោកស្រី​បន្តថា “នៅទីនេះ​អំណោយផល​ល្អ​ពី​ធម្មជាតិ ដូច​ជាមាន​ទន្លេ​នៅ​អម​សងខាង ផ្តល់​ផាសុកភាព​ដល់​ការរស់នៅ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ គឺ​ផ្លូវចេញចូល​មាន​សភាព​តូចចង្អៀត​បន្តិច ប្រសិនបើ​ការពង្រីក និង​បង្កើត​ផ្លូវ​ថ្មី​បន្ថែម ភាព​ទាក់ទាញ​លើ​ការវិនិយោគ នឹង​កើន​ខ្លាំង​ជាងនេះទៅទៀត” ៕

ចំណេះដឹង! អ្វី​ជា​ពន្ធលើប្រាក់បៀវត្ស​រ៍?

ដោយ វុត្ថា

ភ្នំពេញៈ ពន្ធលើប្រាក់បៀវត្ស​រ៍ គឺជា​ពន្ធ​ប្រចាំខែ​កំណត់​លើ​ប្រាក់បៀវត្សរ៍ ដែល​រូបវ័ន្ត​បុគ្គល​បានទទួល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ បំពេញ​សកម្មភាព​បំរើកា​រងារ។

រូបវ័ន្ត​បុគ្គល​និវាស​ន​ជន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស ចំពោះ​ប្រាក់បៀវត្ស​ប្រភព​កម្ពុជា និង​ប្រាក់បៀវត្ស​ប្រភព​បរទេស។ រូបវន្ត​អ​និវាស​ន​ជន​ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស​ចំពោះ ប្រាក់បៀវត្ស​ប្រភព​កម្ពុជា។

សហគ្រាស​ដែលជា​និយោជក ត្រូវមាន​កាតព្វកិច្ច​កា​ត់​ទុក ពន្ធលើប្រាក់បៀវត្ស​រ៍​នៅ​មុនពេល បើកប្រាក់​បៀវត្ស​ឱ្យដល់​និយោជិត និង​បង់ប្រាក់​ពន្ធ​នេះ​ជូន​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី ២០នៃ​ខែ​បន្ទាប់ ពី​ខែ​ដែល​ប្រាក់បៀវត្ស​ត្រូវបាន​បើក។

សម្រាប់​និយោជិត​និវាស​ន​ជន ប្រាក់​ពន្ធ​ត្រូវ​បង់​ត្រូវ​កំណត់​លើ​ប្រាក់បៀវត្សរ៍ ជាប់ពន្ធ​ប្រចាំខែ​និង​ត្រូវ​កាត់​ទុក តាម​អត្រាកំណើន​តាម​ថ្នាក់​ដូចតទៅៈ

ភាគ​បៀវត្ស​ប្រចាំខែ​ត្រួវ​ជាប់ពន្ធ  អត្រាពន្ធ

ពី  ០ ៛  ដល់  ១.២០០.០០០ ៛  ០%

ពី  ១.២០០.០០១ ៛  ដល់  ២.០០០.០០០ ៛  ៥%

ពី  ២.០០០.០០១ ៛  ដល់  ៨.៥០០.០០០ ៛  ១០%

ពី  ៨.៥០០.០០១ ៛  ដល់  ១២.៥០០.០០០ ៛  ១៥%

លើសពី  ១២.៥០០.០០០ ៛  ២០%

សម្រាប់​និយោជិត​អ​និវាស​ន​ជន ពន្ធលើប្រាក់បៀវត្ស​រ៍ ត្រូវបាន​កាត់​ទុក​តាម​អត្រា ២០% នៃ​ទឹកប្រាក់​ត្រូវ​បើក​ឱ្យ​មុន ការ​កាត់​ទុក។ ពន្ធ​កាត់​ទុក​នេះ​គឺជា​ពន្ធ​ចុងក្រោយ នៃ​ប្រាក់បៀវត្សរ៍ សម្រាប់​អ​និវាស​ន​ជន​ជា​អ្នកទទួល​ប្រាក់បៀវត្សរ៍។

ចំពោះ​អត្ថប្រយោជន៍​បន្ថែម​ជា​រៀងរាល់ខែ សហគ្រាស ក្រុមហ៊ុន​ត្រូវ​កាត់​ទុក និង​បង់ប្រាក់​ពន្ធ​តាម​អត្រា២០% នៃ​តម្លៃ​សរុប​របស់​អត្ថប្រយោជន៍​បន្ថែម ដែល​បាន​ផ្តល់ឱ្យ​និយោជិត​ទាំងអស់។ តម្លៃ​នៃ​អត្ថប្រយោជន៍​បន្ថែម គឺជា​តម្លៃ​ទីផ្សារ រួមទាំង​ពន្ធអាករ​ទាំងអស់៕

កម្ពុជាស្ថិតក្នុងលំដាប់កំពូលទី១ ជាប្រទេសមានប្រជាជនរួសរាយរាក់ទាក់បំផុតលើលោក

ដោយ ហ្សូលី

សៀមរាប: ប្រទេសកម្ពុជាមានកិត្តិយសទទួលបានចំណាត់ថ្នាក់កំពូលលំដាប់ទី ១ ក្នុងចំណោមប្រទេសទាំង ១០លើពិភពលោក ដែលមានប្រជាពលរដ្ឋរួសរាយរាក់ទាក់បំផុត។ នេះបើតាមព័ត៌មានរបស់ស្ថាប័ន My International Movers ។

ស្ថាប័ន My International Movers បានអោយដឹងថា កម្ពុជាជាប់លំដាប់កំពូលទី១ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់បំផុតក្នុងពិភពលោក។ ភ្ញៀវទេសចរទាំងក្នុងស្រុក ទាំងបរទេសបានប្រមូលផ្ដុំគ្នាមើលថ្ងៃរះ នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ក្នុងពេលថ្មីៗនេះ គេហទំព័រដដែលបានឲ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុង ក្លាយជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរយ៉ាងសន្សឹមៗ។

ផ្អែកតាមទិន្នន័យដែលទទួលបានមាន ៩២ ទៅ៩៦ ភាគរយទៅហើយ នៃភ្ញៀវទេសចរបរទេស បានយល់ស្របទៅនឹងចំណាត់ថ្នាក់នេះដែលថា ប្រជាជនកម្ពុជាពិតជាមានភាពរួសរាយ រាក់ទាក់ ចំពោះអ្នកមកពីចម្ងាយ ឬជនបរទេស។ ប្រជាពលរដ្ឋកម្ពុជាតែងតែត្រៀមខ្លួនសម្រាប់ជួយដល់មនុស្សគ្រប់គ្នា ព្រមទាំងស្វាគមន៍ យ៉ាងកក់ក្ដៅ និងមានភាពអត់ធ្មត់។

ក្រៅតែពីការមកកម្សាន្ដនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រាជធានីភ្នំពេញ និងកន្លែងជាច្រើនផ្សេងទៀតហើយនោះ ភ្ញៀវទេសចរបរទេសក៏មិនអាចមើលរំលងបានឡើយនូវតំបន់រមណីយដ្ឋានអង្គរដែលជា គោលដៅទេសចរណ៍ទី១ ដែលភ្ញៀវទេសចរបរទេសចង់ទៅកម្សាន្ដបំផុត៕

កម្ពុជា-អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាររពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្ររបស់អាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ និងកិច្ចប្រតិបត្តិការវិនិយោគលើវិស័យប្រេងកាតជាច្រើនផ្សេងៗទៀតនៅកម្ពុជា។

ការប្តេជ្ញារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាងារកាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ ២០២០ម្សិលមិញនេះ រវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ASEAN Business Council) ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិកជាច្រើន។
យោងតាមរបាយការណ៍របស់កិច្ចប្រជុំបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកធំៗទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ជាដើមដែលបានពិភាក្សានេះ ផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖
១. ការពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្ររបស់អាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ
២. ឱកាសនៃការវិនិយោគប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុនអាមេរិក នៅកម្ពុជា
៣. ឱកាសពាណិជ្ជកម្មនៃការនាំចូលគ្រឿងបង្គំនិងគ្រឿងបរិក្ខារបស់ក្រុមហ៊ុនអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី នៅកម្ពុជា
៤. ការស្វែងយល់អំពីវឌ្ឍនភាពនិងផែនការអភិវឌ្ឍថាមពល នៅកម្ពុជា ក្រោយការរងផលប៉ះពាល់ជំងឺ Covid-19
៥. ជំនួយបច្ចេកទេស និងប្រឹក្សាយោបល់របស់អាមេរិក ដើម្បីបន្តអភិឌ្ឍន៍វិស័យក្រសួង

លោក ស៊ុយ សែន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញអំពីជំហគាំទ្រដល់ ក្រុមហ៊ុនអាមេរិកទាំងអស់មកវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន ដើម្បីបន្តលើកស្ទួយនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចំរើនបន្ថែមទៀត៕

ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ ដែលជាការសម្រេចបាននូវការងារទំនើបកម្ម និងស្វ័យប្រវត្តិកម្មថ្មីមួយទៀត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ ដែលជាការចែករំលែកទិន្នន័យចំណូលពន្ធដារ ទៅវិញទៅមករវាងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ (MEF) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

ប្រព័ន្ធនេះ មានមុខងារចំនួនពីរគឺ ៖ ១.ការបញ្ជូនទិន្នន័យចំណូលថវិកាចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារទៅប្រព័ន្ធ FMIS ជំនួសឱ្យការ ចេញក្រដាសសលាកបត្របង់ប្រាក់ចូលថវិកាជាតិ និងថ្នាក់ក្រោមជាតិ ដែលពីមុនត្រូវការពេលវេលា យូរ, ប្រើប្រាស់ក្រដាសស្នាម និងនីតិវិធីស្មុគ្រស្មាញជាច្រើន និងទី២.ការបញ្ជូនទិន្នន័យចំណូល ពន្ធដារដែលបានកាត់ទុកដោយអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត ចេញពី ប្រព័ន្ធ FMIS ទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារដោយបែងចែកយ៉ាងលម្អិតច្បាស់លាស់ទៅតាម ប្រភេទពន្ធ និងអាករនានា ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឱ្យដឹងថា រហូតមកដល់ពេល នេះអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវការងារទំនើបកម្មជាបន្តបន្ទាប់នានាក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារ និងអាករនានា និងជាពិសេសប្រព័ន្ធផ្ដល់សេវាផ្សេងៗជូនអ្នកជាប់ពន្ធជាមួយនឹងការខិតខំប្រឹងប្រែងធ្វើសន្ធានកម្មទៅកាន់ប្រព័ន្ធនានារបស់រាជរដ្ឋាភិបាលរួមមាន៖ ប្រព័ន្ធប្រមូលពន្ធគយនិងអាកររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ប្រព័ន្ធគ្រប់គ្រងមធ្យោបាយ យានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺដូចនឹងពេលនេះគឺសម្រេចបាននូវការតភ្ជាប់ជាមួយប្រព័ន្ធ FMIS ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគូសបញ្ជាក់ថា បើគិតមកដល់ពេល បច្ចុប្បន្ននេះ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការស្ទើរតែគ្រប់អង្គភាពស្នូលទទួលបន្ទុកហិរញ្ញវត្ថុ និង ថវិកានៅទូទាំងប្រទេស ដែលរួមមានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័នទាំងអស់, អង្គភាព ថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានី-ខេត្តទាំង ២៥។

លោក បានថ្លែងទៀតថា លើសពីនេះ ប្រព័ន្ធ FMIS ក៏បានតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀត ក្នុងនោះមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធអេឡិចត្រូនិកគយ,ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃ កម្ពុជា និងរបស់ធនាគារពាណិជ្ជដៃគូជាច្រើន, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និងប្រព័ន្ធគ្រប់ គ្រងចំណូលមិនមែនសារពើពន្ធ ។

លោកបន្តថា ការធ្វើសន្ធានកម្មប្រព័ន្ធទាំងពីរនេះគឺជាការសម្រេចបានដោយជោគជ័យ នូវផែនការគន្លឹះមួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលជាចក្ខុវិស័យដ៏មោះមុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិ, ការសន្សំសំចៃចំណាយថវិកាជាតិតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស និង នីតិវិធីស្មុគ្រស្មាញនានា, ចូលរួម បង្កើនផលិតភាពការងាររបស់មន្ត្រីពន្ធដារ និងរតនាគារ និងជាពិសេសគឺការផ្ដល់ព័ត៌មានស្ដីពីចំណូល ថវិកាជាតិបានកាន់តែឆាប់រហ័ស៕