កម្ពុជា-ថៃ បានសម្រេច​ក្នុង​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់​រួមគ្នា​ក្នុងពេលឆាប់ៗខាងមុខ

ដោយ ៖ វុត្ថា

ភ្នំពេញ៖ បើទោះបី​ភាគី​ថៃ និង​កម្ពុជា បាន​ឯកភាពគ្នា​ជាគោលការណ៍​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ជា​បណ្តោះអាសន្ន ដើម្បី​ជំរុញ​កំណើន​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំងពីរ តែ​រហូតមក​ដល់ពេលនេះ ភាគី​ទាំងពី​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ។

លោក វ៉ា​ស៊ីម សូ​រិ​យ៉ា  អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ ថា ភាគី​ទាំងពីរ កម្ពុជា និង​ថៃ បាន​យល់ព្រម​ជាមួយគ្នា​ទៅវិញទៅមក​ជាគោលការណ៍​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នេះ តែ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​នឹង​ការទប់ស្កាត់​ជំងឺ Covid-19 ។

លោក​ថ្លែងថា “ យើង​មិនទាន់បាន​ជួប​ភាគី​ថៃ​នៅឡើយ​ទេ តែ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នៅតែ​ខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ។ ភាគី​ទាំងពីរ​បានដឹង​រឿង​ហើយ និង​បង្ហាញ​ពី​បំណងរៀងៗខ្លួន​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នេះ​ខ្លាំងណាស់” ។

លោក​បន្តថា “ យើង​ទាមទារ​ឱ្យមាន​ការជួប​ជុំគ្នា ដែល​កន្លងមកនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់​ជួប រដ្ឋមន្ត្រីក្រសួង​សាធារណ​ថៃ​តាំងពី​ខែ មេសា  តែដោយសារ​តែ​បញ្ហា​ជំងឺ  Covid-19 យើង​មិនអាច​ជួបគ្នា​បាន” ។

លោក​បន្ថែមថា និយាយ​ជារួម ខាង​ភាគី​ថៃ ស្ទើរតែ​គ្រប់ផ្នែក​ដឹង​រឿងនេះ សូម្បីតែ គណ:កម្ម​ការ​ក្រុម​ធុរកិច្ច​ថៃ ខាង​ស្ថានទូត​ក៏បាន​ដឹង​ពី​បញ្ហា​នេះដែរ តែ​មិនទាន់បាន​ជួបគ្នា ហើយក៏​មិនដឹងថា ពេលណា​ដែល​នឹងត្រូវ​បើក​បណ្តោះអាសន្ន​ដែរ” ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា នៅពេលដែល​ភាគី​ទាំងពីរ (ថៃ និង​កម្ពុជា) មានការ​ឯកភាពគ្នា​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​បាន​កាន់តែ​លឿន​កាន់តែ​ល្អប្រសើរ​ក្នុងការ​ជំរុញ​ដល់​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ។

លោក​ថ្លែងថា “ការបើក​ច្រក​អន្តរជាតិ​ថ្មី​នេះ​ជាមួយ​ភាគី​ថៃ គឺជា​ចំណុច​ល្អ​ក្នុង​ការនាំ​ទំនិញ​ចេញ និង​ចូល និង​កំណើនសេដ្ឋកិច្ច​ទាំង​អំឡុងពេល និង​ក្រោយពេល​បញ្ចប់​ជំងឺ  Covid-19 តែ​អ្វីដែល​សំខាន់​នោះ យើង​មាន​ទំនិញ​ប៉ុន្មាន​ក្នុង​ការនាំ​ចេញទៅ​ថៃ ខណៈដែល​ភាគី​ថៃ​មាន​ទំហំ​ទំនិញ​នាំចូល​ច្រើន​មកកាន់​កម្ពុជា” ។

លោក​បន្តថា “ច្រក​អន្តរជាតិ​នេះ ជា​កន្លែង​ដែល​ត្រូវ​ដឹកទំនិញ​ឆ្លងកាត់​នៅក្នុង​តំបន់​អាស៊ាន​តែម្តង តែ​អ្វីដែល​យើង​ត្រូវ​គិត គឺ​ទំនិញ​របស់​កម្ពុជា​ប៉ុន្មាន​ភាគរយ​ដែល​ត្រូវ​ដឹក​ចេញ យើង​ត្រូវ​ថ្លឹងថ្លែង​ឱ្យមាន​សមតុល្យ​នឹង​គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​ផលចំណេញ​ទៅវិញទៅមក” ៕

អភិបាល​ខេត្តកណ្តាល​ស​ន្យា​នឹង​ដោះស្រាយ​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍ធំៗរបស់​រដ្ឋាភិបាល

ដោយ ៖ វុត្ថា

កណ្តាល៖ អភិបាលខេត្ត​កណ្តាល បាន​ប្តេជ្ញា​សហការ​ជាមួយ​អន្តរ​ជា​ក្រសួង​បន្ត​ដោះស្រាយ​រាល់​គម្រោង​អភិវឌ្ឍន៍ធំៗនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បីឱ្យ​សម្រេច​តាម​ផែន​ការដែល​បានគ្រោង​ទុក។

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ប្តេជ្ញា​យ៉ាង​ដូច្នេះ​នា​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល។

លោក​ថ្លែងថា រដ្ឋបាលខេត្ត​នឹង​បន្ត​សហការ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​គម្រោង​ផ្លូវ​ល្បឿន​លឿន គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង និង​គម្រោង​នានា​របស់​ថ្នាក់ជាតិ ដើម្បី​ឲ្យ​គម្រោង​អាច​ដំណើរការ និង​បញ្ចប់​ការងារ​តាម​ការគ្រោងទុក។

លោក​ន្ថែ​ម​ទៀ​ថា រដ្ឋបាលខេត្ត​នឹង​បន្ត​សហការ និង​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​ព្រលានយន្តហោះ​ថ្មី ខ្នាត​4F ស្ថិតនៅ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

លោក​បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត​នឹង​បន្ត​សហការ​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ាត លើ​ផ្ទៃដី ៤៣ ហិកតា ស្ថិតនៅ​ឃុំ​កោះ​រះ ស្រុក​ល្វាឯម  និង​ត្រៀមលក្ខណៈ​សហការ​អភិវឌ្ឍ​ន៍​រៀបចំ​រោងចក្រ​កែច្នៃ​សំរាម​កាកសំណល់​រឹង រាវ និង​កំណត់ រក​ទីតាំង​ដី​សម្រាប់​ចាក់សំរាម​នៅតាម​បណ្តា​ស្រុក​នៃ​ខេត្តកណ្តាល។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ និង​ក្រុមការងារ​រាជ​រដ្ឋបាល​ភិ​បាល​ចុះ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​បានការ​បេ​ជ្ញា​ចិត្ត​រួមគ្នា ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ រហូត​សម្រេចបាន​នូវ​លទ្ធផល​លើ​គ្រប់​វិស័យ។

លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ចុះ​ធ្វើ​សកម្មភាព​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដើម្បី​គាំទ្រ និង​ជម្រុញ​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ-ដំណាក់កាល​ទី៤ ហើយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន លើ​គ្រប់​វិស័យ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​រដ្ឋបាលខេត្ត​ត្រូវ​បន្ត​កិច្ចសហការ​ខិតខំ​សហការ​ខិតខំ​ជម្រុញ​ការដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ ឱ្យបាន​ចេញ​ជា​លទ្ធផល​ជាក់ស្តែង ដោយ​ផ្អែក​តាម​គោលការណ៍ និង​វិធានការ​នានា​ដែល​បានកំណត់៕

ចំណេះដឹង! តើ​អ្វី​ជា​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អគារ​លំនៅឋាន​សហកម្ម​សិទ្ធិ?

ដោយ៖ វុត្ថា

ភ្នំពេញ៖ វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) សំដៅលើ​ការកាន់កាប់​កម្មសិទ្ធិ​ប្រភេទ​លំនៅ​ដា្ឋ​ន​ខុន​ដូ​មួយ ដែល​ត្រូវបាន​បែង​ចែកគ្នាដាច់ដោយឡែកៗ ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​អគារ​ខុន​ដូ​តែមួយ។ ដូច្នេះ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) ត្រូវបាន​ធ្វើឡើង ដើម្បី​ធ្វើការ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ប្រភេទ​លំនៅឋាន​សហកម្មសិទ្ធិ ដែលមាន​ច្រើន​ជាន់ ជាមួយ​ម្ចាស់​សហកម្មសិទ្ធិ​នៃ​អគារ​នោះ។

គោលការណ៍​នេះ ត្រូវបាន​ប្រើប្រាស់​ដំបូង​ឡើយ នៅក្នុង​រដ្ឋ​ញ៉ូ​សោត​វ៉ែល ប្រទេស​អូស្ត្រាលី ហើយ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើង នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី “សិទ្ធិ​លើ​ការកាន់កាប់​អចលនទ្រព្យ​របស់​ជន​បរទេស”  ដែល​បានចេញ​ជា​ផ្លូវការ​ក្នុង​ខែឧសភា​ឆ្នាំ២០១០ ។ ច្បាប់​មួយ​នេះ​ត្រូវបាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កំណើន​វិស័យសេដ្ឋកិច្ច ក៏ដូចជា​អនុញ្ញាត​ឲ្យ​ចំណែក​ទីផ្សារ​ក្នុង​តំបន់​កាន់តែ​មានការ​ប្រកួតប្រជែង​យ៉ាងច្រើន​ពី​សំណាក់​វិនិយោគិន​នានា។

ត្រលប់​ទៅ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ជនបរទេស មានការ​លំបាក​យ៉ាងច្រើន​ក្នុងការ​វិនិយោគ ប៉ុន្តែ​បន្ទាប់ពី​ចេញ​ច្បាប់​ថ្មី​នេះ​មក សំណង់​អគារខ្ពស់ៗជាច្រើន​ចាប់ផ្តើម​រីកដុះដាល​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ អ្នក​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​ចាត់ទុកថា នេះ​ជា​ឱកាស​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា តាមរយៈ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) ។

មុនពេល​មានការ​ចេញ​ច្បាប់​ថ្មី នៃ​ការគ្រប់គ្រង​កម្មសិទ្ធិ​អចលនទ្រព្យ​សម្រាប់​ជនបរទេស វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​បែងចែក​លក់​ទៅ​ឲ្យ​បុគ្គល​ឯកជន​ផ្សេងទៀត​ទេ ជាមួយនឹង​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង (Hard Title)។

រហូតដល់​ឆ្នាំ២០១០ ទើប​វិនិយោគិន​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង​អចលនទ្រព្យ​រហូតដល់៧០%ជាមួយ​សហកម្មសិទ្ធិ ហើយ​ជនបរទេស​អាចមាន​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​បានតែ​អចលនទ្រព្យ​ណាមួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ចាប់ពី​ជាន់​ទី១ឡើងទៅ។

ពីមួយ​ជំហាន​ទៅមួយ​ជំហាន​លើសពី​អគារ​លំនៅដ្ឋាន តម្រូវការ​កាន់តែ​ខ្ពស់​ឡើង​ពី​អន្តរជាតិ លើ​បន្ទប់​ការិយាល័យ​សម្រាប់​ជួល​ក្នុង​ក្រុងភ្នំពេញ ដែល​នឹង​ក្លាយជា​បណ្តុំ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​សមាគម​អាស៊ាន។ សម្រាប់​វិនិយោគិន​មួយចំនួន​គិតថា ខុន​ដូ​ហាក់បីដូចជា ត្រូវបានធ្វើ​ការផ្គត់ផ្គង់​លើស​ទីផ្សារ​មាន​ចំនួន​ច្រើនពេក ធ្វើ​ឲ្យ ការទិញ​បន្ទប់​ការិយាល័យ​វា​ហាក់បីដូចជា​ប្រឈមមុខ​នឹង​ហានិភ័យ ស្របពេល​ទៅនឹង​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​របស់​ប្រទេស​កម្ពុជា​ផងដែរ៕

IMF បង្ហាញជំហរត្រៀមជួយកម្ពុជាស្តារសេដ្ឋកិច្ចក្រោយវិបត្តិបញ្ចប់

ដោយ ហ្សូលី

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញជំហររបស់ខ្លួនក្នុងការត្រៀមជួយដល់កម្ពុជាសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលវិបត្តិជំងឺ Covid-19 បញ្ចប់ការរីករាលដាល។ នេះបើតាមឱ្យដឹងពីលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំប្រទេសកម្ពុជា។

មូលនិធិរូបិយវត្ថុកម្ពុជា IMF ត្រៀមខ្លួនរួចជាស្រេចចំពោះការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ស្របពេលពិភពលោករួមទាំងកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើតាមអនុសាសន៍របស់លោក Yasuhisa ក្នុងឱកាសជំនួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ។

IMF នឹងដើរតួនាទីសហការនិងផ្តល់អនុសាសន៍ សម្រាប់ដំណើរការស្តារសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងងើបឡើងវិញជាបណ្តើរៗ។

លោក Yasuhida កោតសរសើរចំពោះប្រសិទ្ធភាព នៃការបង្ការការឆ្លងជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជារបស់រាជរដ្ឋាភិបាល និងបង្ហាញការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ជា ចាន់តូ បានប្រាប់តំណាង IMF ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជាក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០នេះថា អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់។ ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង១០ខែនៃការនាំចូលទំនិញនិងសេវា។

លោកបន្តថា ចំពោះប្រព័ន្ធធនាគារវិញ គឺមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

សេដ្ឋរិទូជាច្រើន បង្ហាញក្តីបារម្ភខ្លាំងចំពោះការងើបឡើងវិញរបស់សេដ្ឋកិច្ចអាមេរិក

ដោយ៖ ប៊ី
អន្តរជាតិ៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងថយចុះជាងការភ័យខ្លាចក្នុងអំឡុងបីខែចុងក្រោយនៃឆ្នាំនេះ ដោយសារនឹងមិនផ្តល់ជំនួយបន្ថែមទៀតទេ។ នេះបើយោងតាមការលើកឡើងរបស់ធនាគារអាមេរិក Goldman Sachs។

ធនាគារ Wall Street បានទម្លាក់ការព្យាករណ៍កំណើនផលិតសរុបក្នុងស្រុកនៅត្រីមាសទី ៤ របស់ខ្លួននៅពាក់ មកនៅត្រឹម ៣ ភាគរយនៅលើមូលដ្ឋានប្រចាំឆ្នាំ ដោយសារបញ្ហាជាប់គាំងនៅវ៉ាស៊ីនតោន។
ការណ៍នេះនឹងសម្គាល់ការធ្លាក់ចុះយ៉ាងខ្លាំងពីកំណើនឡើងនៃសេដ្ឋកិច្ច ដែលសេដ្ឋវិទូកំពុងព្យាករណ៍សម្រាប់ត្រីមាសទី ៣ នៅពេលដែលធនាគារ Goldman រំពឹងថាផលិតផលក្នុងស្រុកសរុបរបស់អាមេរិកនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣៥ ភាគរយ។

សេដ្ឋវិទូរបស់ធនាគារ Goldman Sachs បានសរសេរនៅក្នុងកំណត់សម្គាល់មួយទៅកាន់អតិថិជនថា “នៅត្រង់ចំណុចនេះ យើងគិតថា វាច្បាស់ណាស់ថា សភានឹងមិនអនុម័ត កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមនៅក្នុងខែនេះទេ។ ឥឡូវនេះយើងគិតថា បញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមទៀតនឹងរង់ចាំរហូតដល់ដើមឆ្នាំ ២០២១”។

នោះជាបញ្ហាធំ ព្រោះសេដ្ឋកិច្ចបានស្រែករកជំនួយបន្ថែម។ ឧទាហរណ៍ ជនជាតិអាមេរិកចំនួន ៨៧០,០០០ នាក់ផ្សេងទៀតបានដាក់ពាក្យសុំអត្ថប្រយោជន៍គ្មានការងារធ្វើជាលើកដំបូងកាលពីសប្តាហ៍មុន ដែលជាកម្រិតមួយខ្ពស់ជាងមុន ៤ ដង មុនពេលមានជំងឺរាតត្បាតនេះ។

លោក Austan Goolsbee អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអូបាម៉ាបាននិយាយថា “វាជារឿងឆ្កួត ដែល យើង បន្ថែមមនុស្សថ្មីជាង ៨០០,០០០ នាក់ទៅក្នុងចំនួនអ្នកអត់ការងារធ្វើ ហើយយើងមិនបាននិយាយអំពីការស្វែងរកជំនួយ ឬការជួយសង្គ្រោះដល់ប្រជាជនទាំងនេះទេ”។

ដូចគ្នានឹង Wall Street ដែរ ក្រុមហ៊ុន Goldman Sachs បានសន្មត់ថា នឹងមានទឹកប្រាក់ ១ ទី្រលានដុល្លារនៃកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដើម្បីជំរុញការងើបឡើងវិញ។ ទោះយ៉ាងណាក៏ដោយ អ្នកតាក់តែងច្បាប់មិនអាចឈានដល់កិច្ចព្រមព្រៀងលើទំហំ និងសមាសភាពនៃកញ្ចប់ស្តារឡើងវិញទេ។

ក្រុមហ៊ុន Goldman Sachs បាននិយាយថា ការខកខានមិនទទួលបានកិច្ចព្រមព្រៀងកញ្ចប់ជំរុញសេដ្ឋកិច្ចនឹងបង្កឱ្យមានផលប៉ះពាល់ដល់ប្រាក់ចំណូល នៅត្រីមាសទីបួន ដែលបណ្តាលឱ្យវាធ្លាក់ចុះដល់កម្រិត មុនពេលជំងឺរាតត្បាត៕ CNN

ក្រុមហ៊ុនអាមេរិកធំៗចំនួន ៦ បង្ហាញបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៦របស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុនConoco Phillips ក្រុមហ៊ុនAmazon ក្រុមហ៊ុនFord ក្រុមហ៊ុនBell Textron ក្រុមហ៊ុនVisa និងក្រុមហ៊ុនPernod Ricard បានបង្ហាញពីបំណងក្នុងការពង្រីកវិសាលភាព នៃការវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យបានខ្លាំងក្លាថែមទៀតទាំងលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿង យន្ត និងសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនផលិតនូវផលិតផល ប្រើប្រាស់ប្រចាំថ្ងៃ។

នេះ បើយោងតាមកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះរវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះវត្តមាន និងការចង់ពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ដោយសម្ដេច បានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បាន និងកំពុងខិតខំប្រឹងប្រែងរៀបចំទាំងលើទិដ្ឋភាពគោលនយោ បាយច្បាប់ បទដ្ឋានគតិយុត្តិ ក៏ដូចជាការដាក់ចេញយន្តការអនុវត្តជាក់ស្ដែង ជាពិសេសយន្តការពង្រឹងការអនុវត្តច្បាប់ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវកត្តាសន្តិសុខដែលជាកត្តាគន្លឹះក្នុងការបង្កលក្ខណ្ឌអំណោយផលសម្រាប់ការទាក់ទាញការវិនិយោគមកពីក្រៅប្រទេស រួមទាំងសហរដ្ឋអាមេរិកឱ្យកាន់តែខ្លាំងក្លា រួមចំណែករក្សាលំនឹងសេដ្ឋកិច្ចនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការពង្រឹងការងារមួយចំនួន រួមមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយសម្ដេចបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះបន្ថែមទៀត ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ក្ដី ប៉ុន្តែវាពិតជាមាន ភាពចាំបាច់ណាស់ដែលកម្ពុជា អាមេរិក និងកម្ពុជា អាស៊ាន ត្រូវតែបន្តកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នា លើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម៕

រដ្ឋបាលខេត្តសៀមរាបទុកពេល ១០ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់រំលោភលើដីគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ

រូបតំណាង

ដោយ ៖ វុត្ថា

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចទុករយៈពេល ១០ ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និងសម្រេចតាមផែនការ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនបងប្អូនប្រជាពលរដ្ឋចាប់ពីពេលចេញសេចក្តីជូនដំណឹងនេះ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្តនឹងចាត់វិធានការរុះរើតាមនីតិវិធី និងច្បាប់ជាធរមានដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការអន្តរក្រសួងសូមថ្លែងអំណរគុណចំពោះរាល់ស្មារតីចូលរួម ដើម្បីអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅបានរលូនស្របតាមផែនការ និងទាន់ពេលវេលា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប បានចេញផែនការពន្លឿនការងាររៀបចំស្ថាបនាផ្លូវ៣៨ខ្សែដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារសម្រាប់ស្ថាបនានេះឲ្យបានលឿនជាទីបំផុត

សម្តេចថ្លែងថា “ផ្លូវដែលបានកំណត់ហើយនោះ គឺមានបញ្ហាមួយចំនួនដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានលឿន ហើយប្រជាពលរដ្ឋទៅសង់សំណង់លើដីផ្លូវ ដែលត្រូវអាជ្ញាធរធ្វើការជូនដំណឹងទៅដល់ពួកគាត់ឲ្យធ្វើការរុះរើចេញ ឲ្យបានឆាប់ផងដែរ ។

សម្តេចបន្ថែមថា “រាល់ផលប៉ះពាល់ដីរបស់បងប្អូនក្នុងការស្ថាបនាផ្លូវនេះ គឺបងប្អូនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរហើយ ដែលមានភ្ជាប់ខ្លឹមសារនៅប័ណ្ណកម្មសិទ្ធិដីធ្លីដែលបងប្អូនបានកាន់កាប់នោះ ដែលជា ឯកសារមួយដ៏ត្រឹមត្រូវដែលរដ្ឋបានផ្តល់ជូន” ។

សម្តេចក៏បានស្នើឲ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅលើដីផ្លូវរបស់រដ្ឋ គឺត្រូវប្រញាប់រុះរើឲ្យបានលឿនយ៉ាងយូររយៈពេល១៥ថ្ងៃ ទៅតាមការព្រមព្រៀងក្នុងដំណាក់កាលនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធថា នៅពេលរដ្ឋត្រូវការធ្វើផ្លូវពួកគាត់ និងរុះរើចេញដោយខ្លួនឯង។

ទន្ទឹមនឹងនេះ សម្តេចក៏បានបញ្ជាក់ទៀតថា បើសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវទាំង៣៨ខ្សែនេះ និង ត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ៕

Wefinex ផ្សារហ៊ុនកំពុងផ្លាស់ប្ដូរពិភពលោកដោយ​​ប្រើប្រាស់​បច្ចេកវិទ្យា blockchain ត្រៀម​បង្ហាញវត្តមាន​នៅ​កម្ពុជាក្នុងពេល​ឆាប់ៗ

វាអាចត្រូវបានគេមើលឃើញថាការកកើតឡើងនៃបច្ចេកវិទ្យា blockchain ជាការសម្គាល់នូវការផ្លាស់ប្តូរ និងការកែប្រែពិភពលោក។ នេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃបច្ចេកវិទ្យានៃសង្គមនាពេលអនាគត ជាពិសេសនៅពេលអ៊ិនធឺណេតនិងបច្ចេកវិទ្យា 4.0 កាន់តែរីកចម្រើន។ ដោយគ្របដណ្តប់គ្រប់វិស័យពីហិរញ្ញវត្ថុ សុខភាព ប្រព័ន្ធផ្សព្វផ្សាយ ការគ្រប់គ្រង និងវិស័យផ្សេងៗជាច្រើនទៀត។ ហើយការអនុវត្តរបស់វាមានការប្រសើរឡើងជារៀងរាល់ថ្ងៃ។

ហើយផ្សារហ៊ុនឌីជីថលដោយប្រើបច្ចេកវិទ្យា Blockchain គឺជាសមិទ្ធិផលឆ្នើមក្នុងការជួយផ្លាស់ប្តូរពិភពលោក។

Blockchain កើតឡើងយ៉ាងដូចម្ដេច?

Blockchain ដំបូងត្រូវបានបង្កើតនិងរចនាដោយ Satoshi Nakamoto ក្នុងឆ្នាំ ២០០៨ ហើយបានក្លាយជាផលិតផលនៅឆ្នាំបន្ទាប់ដូចជាផ្នែកសំខាន់នៃ Bitcoin ព្រោះបច្ចេកវិទ្យា Blockchain ដើរតួជាសៀវភៅដឹកនាំសម្រាប់ការធ្វើប្រតិបត្តិការទាំងអស់។តាមរយៈការប្រើប្រាស់បណ្តាញកម្រិតដូចគ្នា និងប្រព័ន្ធទិន្នន័យបែងចែកកម្រិតថ្នាក់ Bitcoin Blockchain ត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិ។

ការបង្កើត Blockchain សម្រាប់ Bitcoin ធ្វើឱ្យវាក្លាយជារូបិយប័ណ្ណឌីជីថលដំបូងគេដែលដោះស្រាយបញ្ហានៃការចំណាយទ្វេដង(ក្លែងបន្លំការចំណាយ ដោយចំនួនប្រាក់ប្រើប្រាស់២ដង)។ បច្ចេកវិទ្យារបស់ Bitcoinនេះ បានក្លាយជាប្រភពបំផុសឱ្យមានការបង្កើតកម្មវិធីផ្សេងៗ។ ផ្សារហ៊ុនឌីជីថលគឺជាឧទាហរណ៍ជាក់ស្ដែង ក្នុងនោះមាន Wefinex គឺជាការបង្ហាញយ៉ាងច្បាស់។

តើផ្សារហ៊ុនBlockchain មានអត្ថប្រយោជន៍អ្វីខ្លះ?

បច្ចេកវិទ្យា blockchain ជាមួយនឹងការកើនឡើងនៃ Bitcoin បានដាក់នូវការរំពឹងទុកជាច្រើនសម្រាប់ការទូទាត់និងប្រតិបត្តិការជាមួយនឹងរូបិយប័ណ្ណអេឡិចត្រូនិក។ វិធីសាស្ត្រប្រតិបត្តិការនេះនឹងសន្សំបានទាំងពេលវេលានិងថវិកា។ លើសពីនេះទៅទៀតការទូទាត់តាមអេឡិចត្រូនិកដោយបច្ចេកវិទ្យា blockchain បានបង្កើតធនាគារអេឡិចត្រូនិក ដែលក្នុងនោះភាគីទាំងពីរត្រូវបានផ្លាស់ប្តូរដោយផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់ភាគីទីបីណាមួយឡើយ។

សន្សំបានទាំងពេលវេលានិងការចំណាយ

ខុសប្លែកជាមួយនឹងផ្សារមូលប័ត្រ មាស ឬforex ដោយអ្នកប្រើប្រាស់ត្រូវដំណើរការព័ត៌មាននិងឯកសារពាក់ព័ន្ធជាច្រើនរាល់ពេលដែលពួកគេសម្រេចចិត្តធ្វើប្រតិបត្តិការ។ ជាមួយនឹងផ្សារហ៊ុនឌីជីថល បច្ចេកវិទ្យា Blockchain បង្ហា្ថញថា Wefinex​ នឹងដោះស្រាយរាល់នីតិវិធីទាំងអស់ដោយស្វ័យប្រវត្តិ ពន្លឿនប្រតិបត្តិការរបស់អ្នកប្រើប្រាស់។ នៅលើ Wefinex អ្នកប្រើប្រាស់មិនត្រឹមតែអាចធ្វើប្រតិបត្តិការជាច្រើនក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរកលុយបានយ៉ាងឆាប់រហ័សផងដែរ។

ផ្សារហ៊ុនគួរឱ្យទុកចិត្តនិងគុណភាព

ផ្សារហ៊ុនឌីជីថលដោយអនុវត្តបច្ចេកវិទ្យា blockchain មិនត្រឹមតែជួយសន្សំពេលវេលាអ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថ្មីរៀនពីប្រវត្តិប្រតិបត្តិការរបស់អ្នកប្រើប្រាស់ផ្សេងទៀតផងដែរ ដោយសារការចែករំលែកទិន្នន័យ។ Wefinex គឺជាផ្សារហ៊ុនបច្ចេកវិទ្យា blockchain ដំបូងបង្អស់ដែលចាប់ផ្តើមដំណើរការមុខងារនេះដើម្បីចម្លងប្រវត្តិប្រតិបត្តិការ។

លក្ខណៈពិសេសថ្មីរបស់ Wefinex ជួយអ្នកប្រើប្រាស់ថ្មីឱ្យរៀនពីរបៀបធ្វើប្រតិបត្តិការរបស់វិនិយោគិននៅលើផ្សារហ៊ុន តាមរយៈនេះពួកគេឆាប់យល់ដឹងពីបំរែបំរួលនៃទីផ្សារនិងអនុវត្តវិធីសាស្ត្រធ្វើប្រតិបត្តិការផ្ទាល់ខ្លួនដើម្បីបង្កើនភាគរយជោគជ័យដល់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ Wefinex ក៏បានបង្កើតកិច្ចសន្យាឆ្លាតវៃលើ Blockchain ដោយជួយឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេប្រកបដោយតម្លាភាព បង្កើតទំនុកចិត្តដាច់ខាតសម្រាប់អ្នកប្រើប្រាស់នៅពេលប្រតិបត្តិការនៅលើ Wefinex

ផ្សារហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកល្បងមុនការធ្វើប្រតិបត្តិការជាផ្លូវការដែលនេះមិនត្រឹមតែជួយឱ្យពួកគេស្គាល់ពីដំណើរការរបស់ផ្សារហ៊ុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយពួកគេឱ្យបង្កើនឱកាសឈ្នះនៅក្នុងការធ្វើប្រតិបត្តិការផ្លូវការរបស់ពួកគេផងដែរ។

នេះចាត់ទុកថាជាមធ្យោបាយបង្កើតទំនុកចិត្តរបស់ផ្សារហ៊ុនជាមួយអ្នកប្រើប្រាស់។ អនុវត្តវិធីនេះ Wefinex អនុញ្ញាតិឱ្យអ្នកប្រើប្រាស់ ធ្វើប្រតិបត្តិការសាកល្បងគ្មានដែនកំណត់។

ជាមួយនឹងគោលការណ៍នេះអ្នកប្រើអាចសាកល្បងឧបករណ៍ប្រតិបត្តិការជំនាញទាំងអស់នៅលើផ្សារហ៊ុនបច្ចេកវិទ្យា blockchain Wefinex ។ នៅពេលធ្វើប្រតិបត្តិការសាកល្បង អ្នកប្រើប្រាស់មិនត្រឹមតែបានអនុវត្តសមត្ថភាពវិភាគពីការបំរែបំរួលរបស់ទីផ្សារប៉ុននោះទេ ថែមទាំងបានរៀនពីវិធីសម្រេចចិត្តបានឆាប់រហ័ស ប៉ុន្តែត្រឹមត្រូវបំផុត។

ដើម្បីយល់កាន់តែច្បាស់ពីគោលការណ៍ និងចាប់ផ្ដើមអនុវត្តការធ្វើប្រតិបត្តិការលើ Wefinex អ្នកអាចចូលទៅកាន់គេហទំព័រ៖ https://wefinex.net/ Tel: 0712344457/ 016754133 Page Facebook WefinexCambodia

សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុទៅឆ្នាំក្រោយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ពិធីរៀបចំពិធីសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកពេលប្រារព្វទៅឆ្នាំក្រោយវិញ ដើម្បីបង្ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីជំងឺ Covid-19។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីផ្ញើជូនក្រសួងទេសចរណ៍ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុនាតំបន់អូរត្រេះនៅចុងឆ្នាំ២០២០នេះ នឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២១វិញ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះ ក្នុងអំលុងខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺ Covid-19 នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ។

ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ។

សេចក្ដីដូចបានជម្រាបខាងលើនេះ សូមប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបណ្តាក្រុមហ៊ុនភ្នាក់ងារសេវាអាជីវកម្មទេសចរណ៍សូមជ្រាបជាព័ត៌មាន។ សេចក្ដីលម្អិតមានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងដូចខាងក្រោមនេះ ៕

ក្រុមហ៊ុនបច្ចេកវិទ្យារបស់សឹង្ហបុរី vCargo គ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមមកកាន់កម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន vCargo Cloud Pte Ltd (VCC) របស់ប្រទេសសិង្ហបុរីកំពុងពិភាក្សាជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីដោយបង្កើតកម្មវិធី GUUD technology ក្នុងការពង្រីកអាជីវកម្មបច្ចេកវិទ្យាឌីជីថលមកកាន់កម្ពុជាបន្ថែម ដើម្បីជំរុញអាជីវកម្មខ្នាតតូចនឹងធម្យមកាន់តែប្រសើរឡើង។

តាមការចុះផ្សាយរបស់សាព័ត៌មានម៉ាឡេស៊ីកាលពីពេលថ្មីៗ ឱ្យដឹងថា កម្មវិធី GUUD បង្កើតឡើងនៅក្នុងគោលបំណង ដើម្បីសម្រួលដំណើរការពាណិជ្ជកម្មដែលមានភាពស្មុគស្មាញនៅទូទាំងពិភពលោក និងដើម្បីជំរុញឱ្យមានប្រសិទ្ធិភាពនិងការរួមបញ្ចូលកាន់តែប្រសើរឡើងនៅក្នុងពិភពឌីជីថលជាពិសេសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) ។

លោក Desmond Tay នាយកប្រតិបត្តិផ្នែករដ្ឋបាលនៃក្រុមហ៊ុន GUUD បានឱ្យដឹងថា ការពិភាក្សានេះផ្តោតលើការពង្រីកអាជីវកម្មបន្ថែមទៅកាន់ប្រទេសដែលមានសក្តានុពលពាណិជ្ជកម្មឌីជីថលដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងកម្ពុជា។

លោកថ្លែងថា “យើងបានពិភាក្សាជាមួយក្រុមហ៊ុនដៃគូវិនិយោគរបស់យើង ដើម្បីពិនិត្យមើលលើការពង្រីកពាណិជ្ជកម្មទាំងមូល។ ឱកាសជាច្រើនដែលយើងងអាចធ្វើសកម្មភាពពាណិជ្ជកម្មបាន នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ព្រោះតំបន់នេះកំពង់សកម្មភាពរស់រវើក។

លោកបន្ថែមថាក្រុមហ៊ុនបច្ចុប្បន្នមានវត្តមាននៅក្នុងប្រទេសចំនួន ១៦ រួមមានប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី កម្ពុជា ចិន និងកេនយ៉ា។ ក្រុមហ៊ុនគ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមានប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាមក៏ដូចជា ៧ ទៅ ៨ ប្រទេសនៅទ្វីបអាហ្វ្រិកផងដែរ៕