អភិបាលខេត្តកែបកំពុងជំរុញប្រែក្លាយតំបន់ភ្នំវល្លិ៍ឱ្យក្លាយជាតំបន់កសិទេសចរណ៍ និងឧស្សាហកម្ម

ដោយ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកែបបាននឹងកំពុងជំរុញប្រែក្លាយំបន់ភ្នំវល្លិ៍ ជាអតីតកន្លែងកាន់កាប់ដោយពួកខ្មែរក្រហមឱ្យក្លាយជាតំបន់ ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និងឧស្សាហកម្មប្រចាំខេត្ត ដោយបាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗឆ្ពោះទៅកាន់ទីនោះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា រដ្ឋបាលខេត្ត បានបើកការដ្ឋានសាងសង់ និងជួសជុលកំណាត់ផ្លូវខេត្ត ១៣៣៥ ចេញពីផ្លូវជាតិលេខ ៣៣ A ឆ្ពោះទៅតំបន់ភ្នំវល្លិ៍ ដែលមានប្រវែង ១៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ក្រាលដោយកៅស៊ូ DBST ដើម្បីប្រែក្លាយ តំបន់នៅជុំវិញនោះឱ្យទៅជាទីកន្លែង ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និងឧស្សាហកម្ម។

លោកថ្លែងថា “តំបន់ភ្នំវល្លិ៍នេះ គឺជាតំបន់ដែលខ្មែរក្រហមកាន់កាប់ដោយខ្មែរក្រហម ហើយជាទីតាំងបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ដោយក្រោមនយោបាយឈ្នះឈ្នះ និងការលះបង់របស់ សម្តេចតេជោ ហ៊ុន សែន តំបន់នេះបានទទួលនូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៤ និងបាននឹងកំពុងប្រែក្លាយជាតំបន់កសិទេសចរណ៍ និងឧស្សាហកម្ម ។

លោកបន្តថា “កន្លែងហ្នឹង (ភ្នំវល្លិ៍)ជាកន្លែងទេសចរណ៍សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ហើយ យើងបាននឹងកំពុងជំរុញឱ្យទៅជាតំបន់ឧស្សាហកម្ម មានផ្លូវ មានដំណាំប្រពៃណី ដំណាំម្រេច ដំណាំទុរ៉េន ដំណាំស្វាយ និងដំណាំផ្សេងៗ ទៀត ដើម្បីបំរើដល់វិស័យទេសចរណ៍ ដែលក្នុងន័យនេះ យើងប្រែក្លាយតំបន់សង្រ្គាមទៅជាតំបន់អភិវឌ្ឍន៍” ។

លោកបន្ថែមថា “ការស្ថាបនាផ្លូវមួយខ្សែនេះ និងធ្វើឱ្យតំបន់ភ្នំវល្លិ៍ ប្រែក្លាយពីទីតាំងដែលបង្ហូរឈាមគ្នាពីសម័យសង្រ្គាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងជាតំបន់កសិ-ឧស្សាហកម្ម ជាពិសេសដំណាំម្រេចតែម្តង”។

លោកបន្តថារដ្ឋបាលខេត្តបាននឹងកំពុងពង្រីកនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តទាំងមូលដែលជាខេត្តទេសចរណ៍ ដើម្បីធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងការមកលេងកម្សាន្តនៅខេត្តទេសចរណ៍មួយនេះ ជាពិសេសនាថ្ងៃឈប់សម្រាកនាពេលខាងមុខ៕

អាងហែលទឹកស្តង់ដាអន្តរជាតិតម្លៃជិត ៣លានដុល្លារ នឹងសម្ពោធនាល្ងាចនេះ

ដោយ វុទ្ធី

ភ្នំពេញ៖ អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដែលចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណកាលដឹកជញ្ជូន និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ។

លើសពីនេះ នៅមានការិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់ទៅដោយកៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបប្រមាណជិត ៣លានដុល្លារ។

ចំពោះពិធីសម្ពោធខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC ក៏ដូចជាតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងដែរថា ទន្ទឹមជាមួយ ក្រោយបញ្ចប់ការសម្ពោធអាងហែលទឹកស្ដង់ដារអន្ដរជាតិនាល្ងាចនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានដំណើរទស្សនកិច្ចពិនិត្យទីលាន និងសកម្មភាពហ្វឹកហាត់របស់សហព័ន្ធកីឡាជាតិជាង ២០ប្រភេទកីឡា ដែលមានមូលដ្ឋានក្នុងពហុកីឡដ្ឋានជាតិផងដែរ ដើម្បីវាយតម្លៃ កែលម្អ និងជំរុញការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០៣ នៅប្រទេសកម្ពុជា៕

កាណាដា​ចាប់ផ្តើម​ប្រជែង​ដំណែង​សាងសង់​អារ​ខ្ពស់​ជាមួយ​បណ្តា​ប្រទេស​នានានៅលើ​ពិភពលោក

ដោយ​វុត្ថា

តូ​រ៉ង់​តូៈ ក្រុមហ៊ុន Pinnacle International បានប្រកាស​សាងសង់​អគារ​ខុន​ដូ​ខ្ពស់បំផុត​នៅក្នុង​ទីក្រុង​តូ​រ៉ង់​តូ ប្រទេស​កាណាដា ក្នុង​គម្រោង​ជំហាន​ទី ២  (គម្រោង​អភិវឌ្ឍន៍ Pinnacle One Yonge) ដែល​នឹង​ក្លាយជា​អគារ​ខុន​ដូ លំនៅដ្ឋាន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

គម្រោង​អគារ​នេះ នឹងត្រូវ​សាងសង់​នៅក្នុង​កម្រិត​កំពស់៩៥ជាន់ ស្មើនឹង ៣១៣.៤ ម៉ែត្រ ដែល​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​ទី២ នៅក្នុង​ទីក្រុង​តូ​រ៉ង់​តូ បន្ទាប់ពី​អគារ​CN Tower ។  អគារ​ខុន​ដូ​នេះ ត្រូវបាន​រចនា​ឱ្យមាន​បន្ទប់៨០០ បន្ទប់​ដែលមាន​ប្លង់ផ្សេងៗគ្នា​ចាប់ពី៥២០ ដល់ ២,៣០០ ហ្វី​ត​ការ៉េ​ដោយមាន​តម្លៃ​ចាប់ពី​ជាង ៨០០.០០០ ដុល្លារ។

លោក Anson Kwok អនុប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Pinnacle International បាន​ថ្លែងថា គម្រោង​ថ្មី​របស់​យើង​នេះ ត្រូវបាន​សាងសង់​នៅ​ទីតាំង​ដែលមាន​សក្តានុពល រួមជាមួយ​នឹង​ស្ថាប​កម្ម​នៃ​សំណង់​ល្អ​បំផុត។

លោក​ថ្លែងថា  “វិធីសាស្ត្រ​របស់​យើង​ក្នុងដំណាក់កាល នៃ​ការអភិវឌ្ឍន៍​តាម​ផែនការ​មេនេះ ត្រូវបាន​ផ្តោតលើ​ការប្តេជ្ញាចិត្ត មិន​ត្រឹមតែ​គ្រាន់តែ​អភិវឌ្ឍន៍​អគារ​ខុន​ដូ នៅក្នុង​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ។ ផ្ទុយទៅវិញ​យើង​បានទទួល​ស្គាល់​ឯកសិទ្ធិ​ពិសេស ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទីក្រុង​តូ​រ៉ង់​តូ តាមរយៈ​ការអភិវឌ្ឍន​អគារខ្ពស់ៗ (Toronto Skyline)” ។

អគារ​នេះ មិន​ត្រឹម​ផ្តល់​ទេសភាព​ជុំវិញ​បឹង Lake Ontario  អគារ​ខុន​ដូ​នេះ ត្រូវបាន​រចនា​ប្លង់​ជាមួយនឹង​ការ​ស្រូបខ្យល់ អាកាស​ដ៏​បរិសុទ្ធ​ពី​ភ្នំ Tanner Hill  ដែល​នឹង​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់​តែមាន​ផាសុកភាព និង​រវើក។  ក្រៅពីនេះ​គំរោង​នេះ ក៏មាន​អាង​ហែល​ទឹក​ដ៏​ធំ បន្ទប់​ហាត់​យោ​គៈ កន្លែង​រៀបចំ​កម្មវិធី​ជប់លៀង និង​កន្លែង​សំរាកលំហែ​ផងដែរ៕

ក្រសួង​ដែនដី​ក្រើនរំលឹក​ដល់​ម្ចាស់​សំណង់​ដែល​គ្មាន​ច្បាប់​ត្រូវ​មក​ដាក់ពាក្យស្នើសុំ​វិញ្ញាបនបត្រ

ដោយ ​វុត្ថា

ភ្នំពេញៈ ជាថ្មី​ម្តងទៀត អគ្គនាយកដ្ឋាន​សណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រើនរំលឹក​ដល់​ម្ចាស់​សំណង់ បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី បុរី អគារ​ស្នាក់នៅ​រួម អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ រោងចក្រ ឧស្សាហកម្ម ឃ្លាំង ស្ថានីយ៍ សណ្ឋាគារ ផ្ទះសំណាក់ និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ទ​នៈ និង​ឧស្ម័ន ទាំង​ស់​ដែល​បាន​សាងសង់​រួច​មុន​ច្បាប់​ស្តីពី សំណង់​ចូល​ជា​ធរមាន ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​ពី​អាជ្ញាធរ​មា​នស​ត្ថ​កិច្ច។

យោងតាម​សេចក្តីជូនដំណឹង ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​ឱ្យដឹងថា ម្ចាស់​សំណង់​ដែល​កំពុង​ប្រើប្រាស់​អាស្រ័យ​ផល លើ​សំណង់​ទាំងនោះ​ដោយ​មិនមាន​លិខិតអនុញ្ញាត​សាងសង់ ឬ​បាន​សាងសង់​ខុសពី​លិខិតអនុញ្ញាត​សាងសង់ និង​ម្ចាស់​សំណង់​ដែលមាន​សិទ្ធិ​អនុញ្ញាត​សាងសង់ ប៉ុន្តែ​មិនមាន​លិខិត​បើក​រដ្ឋា​ន ឬ​លិខិត​បិត​ការដ្ឋាន ដែល​បាន​សាងសង់​រួច​មុន​ថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០១៩ តម្រូវឱ្យមាន​លិខិត​អនុ​ញ្ញា​សាងសង់ និង​លិខិត​បើក-បិទ​ការដ្ឋាន។

សេចក្តីជូនដំណឹង​ដដែល​បាន​បន្តថា “ម្ចាស់​សំណង់​ត្រូវ​អញ្ជើញ មក​ដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ យ​ប្រើប្រាស់​សំណង់​ពី​អាជ្ញាធរ​មា​នស​ត្ថ​កិច្ច ស្របតាម​ព្រះរាជក្រម​លេខ នស/រកម១១១៩/០១៩ចុះ​ថ្ងៃទី៦ ខែធ្នូ​ឆ្នាំ ២០១៩ ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​សំណង់ ត្រង់​មាត្រ៤៤ និង​ស្របតាម​ប្រកា​សលេខ១៧៧ នស/ប្រកាស ចុះ​ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៩ ស្តីពី​បែបបទ និង​និតិ​វិធី​នៃ​ការផ្តល់​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់ ដែល​បាន​សាងសង់​រួច​មុន​ច្បាប់​ស្តីពី​សំណង់​ចូល​ជា​ធរមាន” ។

សេចក្តីជូនដំណឹង​បន្ថែមថា “ចំពោះ​សំណង់​ដែល​បាន​សាងសង់​រួច មុន​ថ្ងៃទី២០ ខែធ្នូ​ឆ្នាំ១៩៩៧ ម្ចាស់​សំណង់​ក៏​អាចដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ ប្រើប្រាស់​សំណង់​របស់ខ្លួន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន” ។

ក្រសួង​រៀបចំ​ដែនដី​ពន្យល់ថា ការផ្តល់​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​នេះ បានកំណត់ និង​ទុកពេល​ជូន​ម្ចាស់​សំណង់ ដាក់ពាក្យ​ស្នើសុំ​វិញ​អនុវត្ត​រយៈពេល២ឆ្នាំ​ក្រោយពេល​ច្បាប់​ស្តីពី សំណង់​ចូល​ជា​ធរមាន គឺ​ចាប់ពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២។ ម្ចាស់​សំណង់​ដែល​ពាក់ព័ន្ធ អាចមក​បំពេញបែបបទ ស្នើសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់ នៅ​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​សាលាស្រុក ក្រុង ខណ្ឌ រដ្ឋបាល​រាជធានី​ខេត្ត ឬ​នៅ​ច្រកចេញចូល តែមួយ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទៅតាម​សមត្ថកិច្ច នៃ​ការផ្តល់​លិខិតអនុញ្ញាត​សាងសង់។

ក្រសួង​រៀបចំ​ដែនដី​បញ្ជាក់ថា “ក្នុងករណី​ម្ចាស់​សំណង់​ខាងលើ មិន​អនុវត្ត​បញ្ញា​ត្តិ​ច្បាប់ និង​ផុត​រយៈពេល​នៃ​ការកំណត់​ដូចខាងលើ អជ្ញាធរ​មាន​សមត្ថកិច្ច នឹង​អនុវត្ត​ទោស​ប្បញ្ញត្តិ​តាមច្បាប់​ស្តីពី​សំណង់​ជា​ធរមាន” ៕

គម្រោង​ខុន​ដូ​ប្រណីត AGILE SKY RESIDENCE កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រជាជន​ខ្មែរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ដែលជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គម្រោង​ខុន​ដូ​ប្រណីត AGILE SKY RESIDENCE ដែល​កំពុង​បន្តដំណើរ​ការសាងសង់​យ៉ាងសកម្ម បាននិងកំពុង​ទាក់ទាញ ចំណាប់អារម្មណ៍​ពី​សំណាក់​អតិថិជន​ជាច្រើន ដែល​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ច្រើនជាង​បរទេស។

មានប្រសាសន៍​នៅក្នុង​ពិធី​អបអរសាទរ ចំពោះ​ភាពជោគជ័យ​របស់​គម្រោង​ខុន​ដូ​ប្រណីត AGILE SKY RESIDENCE នា​រសៀល​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទៅ​ស្នាក់​ការលក់​គម្រោង លោកស្រី​កែវ សុចិ​ន្តា ដែលជា​អតិថិជន​មួយរូប​ក្នុងចំណោម​អតិថិជន​ជាច្រើន​នាក់​ទៀត​បាន​មានប្រសាសន៍​ប្រាប់ថា “ខ្ញុំ​ទិញ​គម្រោង​ខុន​ដូ​ប្រណីត​មួយចំនួន​ចំនួន១យូ​នី​ត​នៅ​ជាន់​ទី៣១ ដែល​នឹង​អាច​មើលឃើញ​ទេសភាព ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាងច្បាស់​នៅពេល​ស្នាក់នៅ ជាពិសេស​ទេសភាព​ដ៏​ស្រស់ស្អាត​នៅពេល​យប់។

អ្នកស្រី​បាន​បន្ត​ឲ្យ​ដឹងថា ដំបូង​ឡើយ​លោកស្រី មិនមាន​បំណង​ទិញ​ខុន​ដូ​នោះទេ ដោយសារតែ​ខុន​ដូ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ភាគច្រើន សុទ្ធតែ​មានតម្លៃ​ថ្លៃ ប៉ុន្តែ​វា​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល ចំពោះ​គម្រោង​ខុន​ដូ​ប្រណីត AGILE SKY RESIDENCE ដែល​ក្រៅពី​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ទីតាំង​ល្អ និង​លក់​ក្នុងតម្លៃ​សមរម្យ ថែមទាំង​ផ្តល់នូវ​លក្ខខណ្ឌ ក្នុងការ​បង់ប្រាក់​យ៉ាង​ងាយស្រួល ជាពិសេស​ប្រាក់​កក​ដំបូង​ត្រឹមតែ​ប្រមាណ១០ភាគរយ​តែប៉ុណ្ណោះ ក៏​អាច​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត​មួយ​នេះ​បានដែរ។

ចំណែក​លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service ដែលជា​អតិថិជន​របស់​គម្រោង​ខុន​ដូ​ប្រណីត AGILE SKY RESIDENCEម្នាក់​ផងដែរ​នោះ បាន​មានប្រសាសន៍​បង្ហាញ ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ផងដែរ​ថា “នេះ​ជា​គម្រោង​ដ៏​ល្អ​បំផុត និង​ស័​ក្ដ​សម​សម្រាប់​អ្នក ដែល​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការរស់នៅ​បែប​ទាន់សម័យ ខណៈដែល​តម្លៃ​លក់​នៅលើ​ទីផ្សារ នៃ​គម្រោង​មួយ​នេះ មាន​ភាពសមរម្យ បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ នៃ​គម្រោង​ខុន​ដូ​ផ្សេងទៀត​ដែល​ស្ថិតនៅ​ទីតាំង​រួមគ្នា។

លោកស្រី​បន្តទៀតថា “តាម​ការសង្កេត​ឃើញរ​បស់​ខ្ញុំ បច្ចុប្បន្ននេះ​ប្រជាជន​ខ្មែរ​មួយចំនួន​បាន​យល់ដឹង​ពី​ទីផ្សារ និង​សារសំខាន់​នៃ​ការ​ស្នាក់​នៅក្នុង​អគារ​សហកម្មសិទ្ធិ ឬ​ហៅថា​ខុន​ដូ​នេះ​ច្រើនជាង​មុន” ។ លោកស្រី​បន្តថា “ពីមុន​ភាគច្រើន​គេ​តែង​និយាយថា មានតែ​ជនជាតិ​បរទេស​តែប៉ុណ្ណោះ ដែល​ចូលចិត្ត និង​និយម​រស់នៅក្នុង​ខុន​ដូ ប៉ុន្តែ​ពេលនេះ ពួកគាត់​បានដឹង​ពី​សារប្រយោជន៍​នៃ​ការ​រស់នៅក្នុង​ខុន​ដូ” ។

នៅពេល​គាត់​រស់នៅក្នុង​ខុន​ដូ ក្រៅពី​បង្ហាញ​ពី​ភាព​រស់នៅ​បែប​ស៊ី​វិ​ល័យ គឺ​ពួកគាត់​មាន​ភាពងាយស្រួល​ជាច្រើន​ទៀត ដូចជា ស្ថិតនៅ​ជិត​កន្លែង​ដែល​គាត់​ធ្វើការ ប្រកប​អាជីវកម្មផ្សេងៗ ជាពិសេស​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ” ។

លោកស្រី តាំង ហួរ បាន​បញ្ជាក់ថា “ក្រៅពី​អត្ថប្រយោជន៍​ខាងលើនេះ នៅក្នុង​ខុន​ដូ​មាន​ប្រមូលផ្តុំ​ទៅដោយ​សេវា​ជាច្រើន​ទៀត ដូចជា សេវាកម្ម​ផ្នែក​ថែរក្សា​អនាម័យ អាហា​រដ្ឋា​ន ក្លឹប​ហាត់ប្រាណ កន្លែង​ស្ទី​ម សូ​ណា រួម​ជាមួយនឹង​សេវាកម្មផ្សេងៗទៀត ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​ទីកន្លែង​សុវត្ថិភាព ចំណត​យានយន្ត​ផងដែរ។ ក្រៅពីនេះ​ការទិញ​ខុន​ដូ​យើង​អាច​ស្នាក់នៅ ឬ​ជួល​ឱ្យគេ​បាន និង​ងាយស្រួល​រក​អ្នក​ជួល ដោយ​យើង​អាចឱ្យ​អ្នកគ្រប់គ្រង​សហគមន៍​រួម​របស់​យើង ដាក់​ជួល​បាន​លឿន ប្រសិនជា​យើង​ទិញ​នៅ​គំរោង​ដែលមាន​ទីតាំង​ល្អ។

ជាមួយគ្នានេះ ប្រាក់ចំណេញ​ពី​ការវិនិយោគ (Return on Investment) អ្នកទិញ​ខុន​ដូ​អាច​ជួល​ផ្ទះ​បាន​ចន្លោះ​ពី៨ទៅ១០ភាគរយ​ប្រចាំឆ្នាំ ផ្ទុយទៅវិញ​បើ​យើង​ទិញ​ផ្ទះ​ធម្មតា យើង​អាច​ទទួលបាន​ប្រាក់ចំណូល នៃ​ការវិនិយោគ​តែ៤ទៅ៥ភាគរយ នៃ​តម្លៃ​ផ្ទះ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ” ។

អ្នកស្រី លន់ ជូលីតា នាយិកា​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​CSA ដែល​ទទួល​សិទ្ធិ​ក្នុង​ការលក់​គម្រោង​ខុន​ដូ​ប្រណីត AGILE SKY RESIDENCEបាន​មានប្រសាសន៍ថា AGILE SKY RESIDENCE ជា​គម្រោង​ដ៏​ល្អ​បំផុត និង​ស័​ក្ដ​សម​សម្រាប់​អ្នក ដែល​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការរស់នៅ​បែប​ទាន់សម័យ ខណៈដែល​តម្លៃ​លក់​នៅលើ​ទីផ្សារ នៃ​គម្រោង​មួយ​នេះ​មាន​ភាពសមរម្យ បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​នៃ​គម្រោង​ខុន​ដូ​ផ្សេងទៀត ដែល​ស្ថិតនៅ​ទីតាំង​រួមគ្នា។

អ្នកស្រី​បន្តថា “នៅ​តំបន់​ដែល​គម្រោង AGILE SKY RESIDENCE កំពុង​សាងសង់​នៅពេលនេះ ស្ថិតនៅ​ចន្លោះ​បឹង​កេងកង១ បឹង​កេងកង៣ ដែលជា​តំបន់​មាន​សក្ដានុពល​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពិសេស​ប្រចាំ​កម្ពុជា។ ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ ដែល​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​ដែល​ភាគច្រើន ជា​ជនជាតិខ្មែរ​នោះ​គឺ​ត្រឹម ១៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ ហើយ​តម្លៃ​នេះ​នឹង​បន្ត​ឡើងថ្លៃ​បន្ថែមទៀត ដែល​កាន់តែ​ជា​ឱកាស​ចំណេញ​យ៉ាងច្រើន សម្រាប់​អតិថិជន​នៅពេល​បច្ចុប្បន្ន។ នៅក្នុង​រយៈពេល​ជាង២សប្ដាហ៍ ពួកយើង​លក់បាន​រហូតដល់​ទៅ​ជាង៨០យូ​នី​តទៅ​ហើយ” ។

អគារ​ខុន​ដូ​ដ៏​ទំនើប AGILE SKY RESIDENCE មាន​កម្ពស់៤៤ជាន់ ស្មើនឹង៩៦៣យូ​នី​ត ដោយ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន៣ឆ្នាំ និង​មាន​បំពាក់​ទៅដោយ​សម្ភារ​បរិក្ខារទំនើបៗ និង​ទី​កម្សាន្ត​នានា​ជាច្រើន ដើម្បី​ផ្តល់ជូន​នូវ​ផាសុកភាព​ដល់​ការរស់នៅ​បែប​ទាន់សម័យ រួម​ជា​ដូចជា សួនច្បារ Sky Garden ចំនួន៤ មាន​កន្លែង​ហាត់ប្រាណ មាន​ហាង​កាហ្វេ មាន​មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ បណ្ណាល័យ រួមជាមួយ​នឹង​ផ្សារ​ទំនើប​ផងដែរ៕

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចំណុច​រង្វង់​មូល​ចោមចៅ​ស្ថាបនា​សម្រេចបាន​ប្រមាណ ៥៥ភាគរយ​ហើយ

ដោយ​គង់ សូរិយា

ភ្នំពេញៈ រហូតមកដល់​ពេលនេះ ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ​សែន​ជ័យ គិត​មកដល់ពេលនេះ ការស្ថាបនា​ទាំងមូល សម្រេចបាន​ប្រមាណ ៥៥ភាគរយ​ហើយ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា សំណង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល សម្រេចបាន​ប្រមាណ ៥៥ភាគរយ​ហើយ ដោយ​ក្រុមការងារ​យើង​បាន និង​កំពុង​បង្ហើយ​ការងារ​ផ្លូវ​ក្រោម​ដី ខណៈដែល​ការដ្ឋាន​នៅ​ផ្លូវ​ក្រោម​ដី​នេះ បាន​ស្ថាបនា​ជិត​រួចរាល់ ១០០ភាគរយ​ហើយ​នោះ។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​ម៉ៅការ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​ការសាងសង់ ក្នុង​រយៈពេល៣០ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ២២លាន​ដុល្លា​អាមេរិក។

ស្ពាន​នឹងមាន​អាយុកាល ១០០ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​ផងដែរ។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ជា​ផ្លូវការ​កាល​ថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន៕

ចំណេះដឹង! អ្វី​ជា​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០?

ដោយ​វុត្ថា

ភ្នំពេញៈ ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​ម្ពុ​ជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

ម​ហិ​ច្ឆិ​តា ដើម្បី​សម្រេចបាន​តាម​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០បាន​កំណត់ថា នៅ​ដំណាច់ឆ្នាំ២០៥០ កម្ពុជា​នឹង​ក្តាប់​យកមក​វិញ​នូវ”មោទនភាព​ជាតិ”ដែល​ធ្លាប់​រុងរឿង​ពី​អតីតកាល ជាមួយនឹង​ការកសាង​ជាតិ​ទំនើប​មួយ​ដ៏​រស់​រវើក ជា​រដ្ឋ​រឹងមាំ ប្រជាធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ហើយ​មាន​កិត្យានុភាព​ខ្ពស់ត្រដែត ស្មើភាព​និង​ស្មើ​សិទ្ធិ​លើ​ឆាក​អន្តរជាតិ។

ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ មាន​សេដ្ឋកិច្ច​ធន់​មាំ ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន ជា​ប្រទេស​ដែល​ប្រជាជន​រស់នៅក្នុង​សុខសន្តិភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល មាន​កម្រិតជីវភាព​ខ្ពស់​សមរម្យ និង​មានចំណេះដឹង​ខ្ពស់​ប្រកប ដោយ​នវានុវត្តន៍ និង​សីលធម៌​ប្រពៃ ទទួលបាន​យុត្តិធម៌​សង្គម ស្មើ​សិទ្ធិ​និង​ស្មើ​ឱកាស​ក្នុង​សង្គមជាតិ ព្រមទាំង​មាន​អត្តសញ្ញាណ​ជាតិ​ដ៏​បវរ និង​ភាព​រីកចម្រើន​លូតលាស់​ក្នុងសង្គម រូបវ័ន្ត និង​ធម្មជាតិ ប្រកបដោយ​សុខដុម​រម្យ​នា វប្បធម៌​សម្បូរបែប និង​សង្គម​បរិ​យា​ប័ន្ន។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មើលឃើញថា ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ត្រូវ​រួមគ្នា​ខិតខំ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​ត្រូវ​ចាត់ទុកថា​ជា «យុទ្ធសាស្ត្រ​កំណើន​ថ្មី» ដែល​ជាម​គ្គុ​ទ្ទេសន៍​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង និង ការលើកកម្ពស់​ផលិតភាព ដើម្បី​ឈានឡើង​ទៅកាន់​ទួល​ថ្មី​មួយទៀត ក្នុង​ខ្សែចង្វាក់​នៃ​តម្លៃបន្ថែម​ក្នុង​តំបន់ និង​សកលលោក។

សម្តេច​តេ​ជោ​បញ្ជាក់ទៀតថា “កម្ពុជា​ត្រូវធ្វើ​ទំនើបកម្ម នៃ​វិស័យ​ឧស្សាហកម្ម ដែលជា​កិច្ចការ​ដ៏​ចាំបាច់​មួយ ដោយសារ​វិស័យនេះ នឹង​ដើរតួនាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​ថ្មី ជា​កម្លាំងចលករ​ក្នុង​ការជួយ​ទ្រទ្រង់ ដល់​កំណើន​រយៈពេល​ម​ធ្យ​ម និង​រយៈពេល​វែង” ។

វា​ជា​វិស័យ​ដែលមាន​សក្តានុពល សម្រាប់​បង្កើត​ការងារ​ដល់​យុវជន និង​ជា​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច​ថ្មី ដែល​អាច​ឆក់​ស្រូបយក​ការវិនិយោគ​បន្ថែម ក្រៅពី​វិស័យ​កសិកម្ម និង​ទេសចរណ៍៕

រដ្ឋបាលខេត្តសៀមរាបគ្រោងដាក់ឱ្យដំណើរការផ្លូវមួយខ្សែនាពេលដ៏ខ្លីខាងមុខ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបគគ្រោងដាក់ឱ្យដំណើរការផ្លូវមួយខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅត្បូងរហូតដល់ផ្លូវ៧មករា នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីដោះស្រាយផលប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ។

រដ្ឋបាលខេត្តសៀមរាបឱ្យដឹងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ជាលទ្ធផលក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ត្រូវបានក្រុមការងាររដ្ឋបាលខេត្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋបានមួយចំនួនធំ ដោយនៅសល់តែសំណង់ចំនួន ០៣គ្រួសារទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានរុះរើ ហើយក្រុមការងារនឹងបន្តធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើសំណង់របស់ស្របតាមសេចក្តីជូនដំណឹង និងតាមគម្រោងផែនការដែលបានកំណត់។

រដ្ឋបាលខេត្តសៀមរាបបន្តថា ការចុះអនុវត្តការសាងសង់ផ្លូវនេះ គឺ បន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រួចមក ហើយក្រុមការងារចម្រុះដែលមានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ បានចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគម្រោងនឹងបើកផ្លូវទំហំ ១៥ម៉ែត្រ ប្រវែង ១០៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ៧មករា។

ផ្លូវ១ខ្សែនេះ គឺមានតាំងពីសម័យសង្គមរាស្ត្រនិយម តែក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ នៅពេលបងប្អូនបានវិលត្រឡប់ចូលមកកាន់ភូមិដ្ឋានវិញ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមករស់នៅធ្វើការសាងសង់លំនៅដ្ឋានពីលើទ្រូងផ្លូវទាំងមូល ដែលមានទទឹង ១៥ម៉ែត្រ បណ្តោយប្រវែង ១០៣០ម៉ែត្រ រដ្ឋបាលខេត្ត និងអាជ្ញារធរមូលដ្ឋានបាននឹងកំពុងរៀបចំសាងសង់ឡើងវិញ ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជៀសនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុង និងស្របតាមភាពរីកចម្រើនរបស់សង្គមជាតិ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះមានស្មារតីចូលរួមសហការក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគំរូក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ ក៏ដូចជាសង្គមជាតិរបស់យើង។ ម្យ៉ាងការចូលរួមដែលសម្រេចបានជាសមិទ្ធផលនេះ គឺជាការផ្តល់ភាពជាគំរូដល់បងប្អូនប្រជាពលរដ្ឋដែលត្រៀមនឹងចូលរួមអនុវត្តការបើកផ្លូវទាំង ៣៨ខ្សែខាងមុខ ដែលនឹងសម្រេចបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី

ដោយវុត្ថា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទ អេឡិចត្រូនិក គ្រឿងបង្គុំ កសិឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត សំដៅផ្ដល់ភាពងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកទីតាំងថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ ឱ្យដឹងថ រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការ គិតគូររៀបចំ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដោយសហការជាមួយក្រុមហ៊ុនឯកជនមួយរបស់ប្រទេសសឹង្ហបុរី។

លោកAlexander C. Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវិធានការទប់ស្កាត់ផលប៉ះពាល់មួយចំនួនពីជំងឺកូវីដ-១៩ និងទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។

លោកបន្តថាក្រុមហ៊ុនទាំងអស់ដែលចូលរួម បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅព្រះរាជាណាចក្រម្ពុជា ព្រមទាំងបានសន្យាថានឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃ ទៀតឱ្យងាកមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

លោកបន្តថា ក្រុមហ៊ុនមួយចំនួន បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិកមួយចំនួនឲ្យកាន់តែ មានសភាពខ្លាំងក្លាឡើងថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Visa សហការជាមួយក្រសួង ក្នុងការផ្តល់សេវាទូទាត់តាមអនឡាញ និងជំរុញឱ្យក្រុមហ៊ុន Ford សិក្សាលទ្ធភាពរបស់ខ្លួនលើការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្ថែមលើមជ្ឈមណ្ឌលសេវាដែលខ្លួនមាននៅកម្ពុជា ដើម្បីបង្វិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ ដោយ ហេតុថាបច្ចុប្បន្ននេះក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានក្រុមហ៊ុនចំនួនតែពីរប៉ុណ្ណោះ៕

ខេត្ត​ព្រះសីហនុ​គ្រោង​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត​ជាង ៥០០០ នៅតាម​ដងផ្លូវ ៣៤ខ្សែ​នៅក្នុង​ខេត្ត

ដោយ ហ្សូ​លី

ភ្នំពេញ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ពិភាក្សា​លម្អិត​ទៅលើ​ការអនុម័ត​ដល់​ក្រុមហ៊ុន​ជប៉ុន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត សរុប​ជាង ៥០០០អំពូល ដាក់​នៅតាម​ដងផ្លូវ​ចំនួន ៣៤ខ្សែ​នៅក្នុង​ក្រុងព្រះសីហនុ។ នេះ​បើតាម​ឱ្យដឹងពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ។

យោងតាម​ការណែនាំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើឱ្យ​ក្រុមហ៊ុន​ផលិត​អំពូល​ភ្លើង​វៃឆ្លាត​រៀបចំ​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នៅលើ​ផ្លូវ៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ ចំនួន ៥,៣០០អំពូល។

លោក Kei Nishihara អនុប្រធាន​ក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូល​វៃឆ្លាត​វា​អាចជួយ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​រហូត ៦០ភាគរយ ក្នុងនោះ​ក៏មាន​ប្រតិបត្តិ​ការថែទាំ​ផងដែរ អំពូល LED វ័យឆ្លាត វា​អាច​ផ្តល់​ពន្លឺ​ច្បាស់​ល្អ​នៅតាម​ដងផ្លូវ។ ប្រសិន​រដ្ឋបាលខេត្ត​យល់ព្រម ក្រុមហ៊ុន​នឹងធ្វើ​ការ បំពាក់​អំពូល​វៃឆ្លាត​ចំនួន ៥,៣០០ អំពូល​នៅពេល​ខាងមុខ។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​លើកឡើងថា រយៈពេល​មួយឆ្នាំ​មកនេះ ខេត្ត​បានធ្វើ​ការពិភាក្សា​ចំនួន ៣លើក​រួចមកហើយ អំពី​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត។ ផ្តើមចេញពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ជប៉ុន រួមទាំង​ការគាំទ្រ​ពី​អ្នកវិនិយោគ​ជប៉ុន ផលិត​អំពូល​ឆ្លាត​វៃ​នៅ​រាជ​ធានា​ភ្នំពេញ បានផ្តល់​ការងារ​ជូន​យុវជន​កម្ពុជា ហើយ​រដ្ឋាភិបាល និង​រដ្ឋបាលខេត្ត សម្រេច​ប្រើប្រាស់ ផលិតផល​ក្នុងស្រុក​ប៉ុន្តែ​ការងារ​ជួសជុល និង​ថែទាំ​ជាការ​លំបាក។

លោក​អភិបាល​បន្តថា ខេត្ត​ព្រះសីហនុ​គ្រោង​នឹង​បំពាក់​អំពូល​វៃឆ្លាត​ប្រកបដោយ​និរន្តរភាព ក្រោយ​បំពាក់​រួច យើង​ត្រូវបញ្ជូន​មន្ត្រី ទៅ​សិក្សា​រៀនសូត្រ​បច្ចេកទេស ដើម្បី​ងាយស្រួល​ធ្វើការ​ជួសជុល ប្រើប្រាស់​នៅពេល ខាងមុខ។

ខេត្ត​ព្រះសីហនុ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ស្ថាប័ន​ជប៉ុន តាមរយៈ​អង្គការ JICA មានដូចជា គម្រោង​សាងសង់​ពង្រីក កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ និង​មាន​សមិទ្ធផល​ជាច្រើន​ទៀត៕