ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងការធ្វើជំនួញ ឬប្រកបអាជីវកម្មអ្វីមួយចាំបាច់បំផុតគឺការចេះស្គាល់ពីទីផ្សារច្បាស់បន្ថែមពីលើជំនាញដែលខ្លួនមាន បើមិនដូច្នោះទេ ភាពបរាជ័យនឹងតម្រង់ទិសបាញ់មករកខ្លួនជាមិនខាន ជាពិសេសចំពោះអ្នកដែលចេញរកស៊ីទាំងប្រថុយប្រថានដែលធ្វើតាមគេ។ នេះបើតាមការអះអាងរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ។
ប្រធាន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រប់ការប្រកបអាជីវកម្មទាំងអស់គឺសុទ្ធតែមានគោលដៅយ៉ាងពិតប្រាកដ មានចំណេះដឹង និងជំនាញពាក់ព័ន្ធ ជាពិសេសត្រូវចេះមើល និងស្គាល់ពីទីផ្សារឱ្យបានច្បស់ទើបអាចជៀសផុតពីភាពបរាជ័យ។
លោកឧកញ៉ាបញ្ជាក់ថា “មិនថាជាការរកស៊ីនៅក្នុងទីផ្សារអចលនទ្រព្យ មិនថាចំណោះទីផ្សារបដិសណ្ឋារកិច្ច ឬអាជីវកម្មអ្វីផ្សេងនោះទេ សំខាន់បំផុតមុនពេលបោះទុនវិនិយោគចេញរកស៊ី ថាតើយើងបានស្គាល់ពីទីផ្សារច្បាស់លាស់ឬទេ ? មានគោលជំហរកម្រិតណា និងមានផែនការជាក់ច្បាស់គ្រប់គ្រាន់ហើយឬនៅ? អ្នកខ្លះថា អ្នកដែលអាចមានភាពជោគជ័យទៅលើអាជីវកម្មអ្វីមួយ ទាល់តែមានដើមទុនគ្រប់គ្រាន់ ជាពិសេសមានជំនាញច្បាស់។ ខ្ញុំថា ដើមទុនពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ខ្លាំងជាងនេះ គឺភាពវៃឆ្លាតចេះមើលពីតម្រូវការទីផ្សារ”។






