អ្នកជំនាញ៖ ៤ ចំនុចគួរពិនិត្យ បើមិនចង់ទិញឬវិនិយោគចំគម្រោងខុនដូបោកប្រាស់

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ទីផ្សារខុនដូ គឺជានិន្នាការថ្មីស្រឡាងសម្រាប់ការរស់នៅទាន់សម័យ ដែលប្រជាជនកម្ពុជាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការរស់នៅបែបថ្មីនេះ។ អ្នកជំនាញបានបង្ហាញប្រាប់ពីចំនុចគួរប្រុងប្រយ័ត្ន និងត្រូវពិនិត្យឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តទិញឬវិនិយោគលើគម្រោងណាមួយ ជៀសវាងហានិភ័យទៅថ្ងៃមុខ។

អ្នកជំនាញលើផ្នែកខុនដូ និងជាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia ថា ដើម្បីចៀសវាងទិញចំគម្រោងបោកប្រាស់ និងបង្កើនការប្រុងប្រយ័ត្ន ទី ១ អ្នកទិញឬចង់វិនិយោគគប្បីពិនិត្យឱ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុនភ្នាក់ងារលក់។

លោកបន្តថា ព្រោះថាមិនគ្រប់គម្រោងលើទីផ្សារសុទ្ធតែល្អនោះទេ ហើយរបស់ថោកមិនប្រាកដថាល្អ ចំណែកឯរបស់ថ្លៃក៏មិនប្រាកដថាល្អដែរ អញ្ចឹងចាំបាច់ត្រូវមើលទៅលើក្រុមហ៊ុនភ្នាក់ងារលក់សិន ថាក្រុមហ៊ុននោះមានច្បាប់អនុញ្ញាត មានអាជ្ញាបណ្ណដែលហៅថា License មានបង់ពន្ធ ប៉ាតង់ ព្រោះភ្នាក់ងារលក់ខ្លះចេះតែលក់ទាំងគ្មានអាជ្ញាបណ្ណ។

អគ្គនាយករូបនេះបញ្ជាក់ថា ក្រៅពីនេះ អ្នកទិញត្រូវពិនិត្យមើលបន្ថែមទៅឯកសារ អាជ្ញាបណ្ណមួយចំនួនដែលបង្ហាញពីការអនុម័តរបស់រដ្ឋាភិបាល ជាពីសេសប្រវិត្តិនៃការអភិវឌ្ឍឱ្យបានច្បាស់លាស់ប្រាកដប្រជា។ ទី ៣ គឺនៅលើកត្តាទីតាំង និងសំណង់ ថាតើនៅតំបន់នោះមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មិនមានហានិភ័យទិញនៅក្នុងតំបន់អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ស៊ើបសួរលម្អិតពីគុណភាពសំណង់ និងគុណសម្បត្តិជាច្រើនទៀត។
ចុងក្រោយ ត្រូវសិក្សាពីតម្លៃរបស់គម្រោងថាតើល្អដែរឬយ៉ាងណា ជាពិសេសដំណើរការនៃការបង់ប្រាក់មានភាពងាយស្រួលឬស្មុគស្មាញដូចម្តេចខ្លះ។ ជាធម្មតាអ្នកមានបំណងចង់ទិញឬវិនិយោគ គប្បីប្រៀបធៀប និងសិក្សាពិនិត្យលើចំនុចទាំងអស់នេះ ជៀសវាងការទិញប៉ះចំគម្រោងមិនមានគុណភាព នាំឱ្យខកចិត្ត និងខាតបង់ថវិកា ព្រោះគម្រោងខុនដូនៅកម្ពុជាមានច្រើនខ្លាំងណាស់នៅក្នុងទីផ្សារក្រុងភ្នំពេញ។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅត្រីមាសទី៤ឆ្នាំនេះ នឹងឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here